ចូរចាំយាម!
ផែនដីយើងកំពុងត្រូវបង្ខូច តើគម្ពីរចែងយ៉ាងណា?
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្ដីពីការប្រែប្រួលអាកាសធាតុបានចេញរបាយការណ៍មួយ។ លោកអង់តូនីញ៉ូ គុថេរិស ដែលជាអគ្គលេខាធិការអង្គការសហប្រជាជាតិបានរៀបរាប់អំពីរបាយការណ៍នោះថា៖«មនុស្សកំពុងធ្វើអ្វីជាច្រើនដែលនឹងបណ្ដាលឲ្យមានគ្រោះមហន្តរាយដែលមកពីកម្ដៅកើនឡើង។ ទីក្រុងធំៗជាច្រើននឹងត្រូវជន់លិច។ មានព្យុះសង្ឃរានិងការឡើងកម្ដៅយ៉ាងខ្លាំង ហើយក៏នឹងមានកង្វះធនធានទឹកកាន់តែខ្លាំងឡើងដែរ។ រុក្ខជាតិនិងសត្វមួយលានប្រភេទនឹងត្រូវស្លាប់ផុតពូជ។ ការរៀបរាប់នេះមិនមែនជាការពន្លើសនោះទេ ព្រោះនេះជាអ្វីដែលអ្នកវិទ្យាសាស្ត្របានប្រាប់ថានឹងកើតឡើង បើរដ្ឋាភិបាលផ្សេងៗមិនផ្លាស់ប្ដូរគោលនយោបាយថាមពលទេ»។
សារព័ត៌មានមួយ(The New York Times) ដែលចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានរៀបរាប់ថា៖«ពួកអ្នកវិទ្យាសាស្ត្រព្រមានកាន់តែខ្លាំងឡើងថា មិនយូរទៀត ឧទ្យានជាតិស្ទើរតែទាំងអស់ដែលមានចំនួន៤២៣កន្លែងនៅសហរដ្ឋអាម៉េរិក នឹងរងការគំរាមកំហែងជាខ្លាំងពីបម្រែបម្រួលអាកាសធាតុ ជាពិសេសឧទ្យានទាំងនេះអាចត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារកម្ដៅចេះតែកើនឡើង។ ការគំរាមកំហែងទាំងនេះដែលអាចកើតឡើង ស្ដាប់ទៅដូចជាគ្រោះមហន្តរាយដែលយើងប្រហែលជាបានអាននៅក្នុងគម្ពីរ គឺភ្លើងឆេះ ទឹកជំនន់ ការរលាយផ្ទាំងទឹកកក ការកើនឡើងកម្ពស់ទឹកសមុទ្រនិងកំណើនកម្ដៅខុសពីប្រក្រតី»។ (ដកស្រង់ចេញពីអត្ថបទដែលមានចំណងជើងថា«ទឹកជំនន់ដ៏ធំនៅឧទ្យានជាតិយេឡូស្តូន ជាសញ្ញាសម្គាល់នៃវិបត្តិផ្សេងៗដែលនឹងមកដល់»)។
តើបញ្ហាបរិស្ថាននៅផែនដីអាចត្រូវដោះស្រាយបានឬទេ? បើបាន តើអ្នកណានឹងដោះស្រាយ? សូមពិចារណាអំពីអ្វីដែលគម្ពីរបានចែង។
ការបង្ខូចបរិស្ថានបានត្រូវប្រកាសទុកជាមុន
គម្ពីរចែងថាព្រះនឹង«បំផ្លាញពួកអ្នកដែលកំពុងបង្ខូចផែនដី»។ (ការបើកបង្ហាញ ១១:១៨) ខគម្ពីរនេះបង្រៀនយើងនូវចំណុចបីយ៉ាង៖
១. ទង្វើរបស់មនុស្សនឹងបង្ខូចផែនដីយ៉ាងធ្ងន់ធ្ងរ។
២. ការបង្ខូចផែនដីនឹងលែងមានទៀត។
៣. ព្រះនឹងដោះស្រាយបញ្ហាបរិស្ថានផែនដី មិនមែនមនុស្សណាម្នាក់ឡើយ។
នាពេលខាងមុខផែនដីនឹងមានបរិស្ថានស្រស់ស្អាត
គម្ពីរចែងថា៖«ផែនដីនៅស្ថិតស្ថេរជារៀងរហូត»។ (អ្នកទូន្មាន ១:៤) ផែនដីនឹងតែងតែជាទីអាស្រ័យនៅរបស់មនុស្ស។
«មនុស្សសុចរិតនឹងបានផែនដីជាមត៌ក ហើយពួកគេនឹងរស់នៅផែនដីជារៀងរហូត»។—ចម្រៀងសរសើរព្រះ ៣៧:២៩
បរិស្ថានផែនដីនឹងត្រូវរៀបចំឲ្យល្អឡើងវិញទាំងស្រុង។
«តំបន់ស្ងាត់ជ្រងំនិងតំបន់ហួតហែងនឹងអរសប្បាយ វាលរហោស្ថាននឹងត្រេកអរ ហើយមានផ្ការីកស្គុសស្គាយ»។—អេសាយ ៣៥:១