លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​កង្វះ​ធន​ធាន​ទឹក​នៅ​ទូ​ទាំង​ពិភព​លោក?

តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​កង្វះ​ធន​ធាន​ទឹក​នៅ​ទូ​ទាំង​ពិភព​លោក?

 យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​ទឹក​ស្អាត​ដើម្បី​រស់។ ប៉ុន្តែ អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ គុថេរិស បាន​ព្រមាន​ថា​៖​«​យើង​កំពុង​ប្រឈម​នឹង​កង្វះ​ធន​ធាន​ទឹក ដោយ​សារ​ពិភព​លោក​ទាំង​មូល​ត្រូវ​ការ​ទឹក​កាន់​តែ​ច្រើន​ឡើង​ៗ​»។ មនុស្ស​រាប់​ពាន់​លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក កំពុង​ខ្វះ​ទឹក​ស្អាត​សម្រាប់​ប្រើ​ប្រាស់។

Strdel/AFP via Getty Images

 តើ​យើង​នឹង​មាន​ធន​ធាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​ទាំង​អស់​ឬ​ទេ? តើ​យើង​ត្រូវ​តែ​ដោះ​ស្រាយ​កង្វះ​ធន​ធាន​ទឹក​រហូត​ឬ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

តើ​គម្ពីរ​សន្យា​យ៉ាង​ណា​អំពី​ធន​ធាន​ទឹក?

 គម្ពីរ​ចែង​ថា​នឹង​មាន​គ្រា​មួយ​ដែល​កង្វះ​ធន​ធាន​ទឹក​នឹង​លែង​មាន​ទៀត។ ផ្ទុយ​ទៅ​វិញ នឹង​មាន​ទឹក​ស្អាត​ជា​បរិបូរ។

 «​ឯ​តំបន់​ស្ងាត់​ជ្រងំ​នឹង​មាន​ទឹក​ផុស​ឡើង ហើយ​តំបន់​វាល​ទំនាប​នឹង​មាន​ផ្លូវ​ទឹក​ហូរ​ខ្វាត់​ខ្វែង។ ដី​ដែល​ហួត​ហែង​នឹង​ក្លាយ​ទៅ​ជា​បឹង ដី​ដែល​ប្រេះ​ក្រហែង​នឹង​ប្រែ​ទៅ​ជា​ប្រភព​ទឹក​»។—អេសាយ ៣៥:៦, ៧

 ហេតុ​អ្វី​យើង​អាច​ជឿ​សេចក្ដី​សន្យា​នេះ? សូម​ពិចារណា​អ្វី​ដែល​គម្ពីរ​ចែង​អំពី​លក្ខណៈ​ពិសេស​មួយ​នៃ​ផែន​ដី​ដែល​បាន​ត្រូវ​គ្រោង​បង្កើត។

តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ផែន​ដី​និង​វដ្ដ​ទឹក?

 «​[​ព្រះ​]មិន​បាន​បង្កើត​ផែន​ដី​ឲ្យ​នៅ​ទទេ​នោះ​ទេ តែ​បាន​បង្កើត​ផែន​ដី​ជា​ទី​អាស្រ័យ​នៅ​វិញ​»។—អេសាយ ៤៥:១៨

 ដោយ​សារ​ព្រះ​បាន​បង្កើត​ផែន​ដី​សម្រាប់​ទ្រ​ទ្រង់​ជីវិត នោះ​លោក​បាន​រៀប​ចំ​ដំណើរ​ការ​ក្នុង​ធម្មជាតិ​ដើម្បី​បង្កើត​ឲ្យ​មាន​ធន​ធាន​ទឹក​ជា​បរិបូរ។

 «​[​ព្រះ​]បង្ហួត​ទឹក​ឡើង​ទៅ​លើ ឲ្យ​កើត​ជា​ចំហាយ ហើយ​ក្លាយ​ទៅ​ជា​កំណក រួច​ទៅ​ជា​តំណក់​ទឹក។ រួច​ពពក​បង្អុរ​ភ្លៀង​ចុះ​មក​ស្រោច​ស្រព​លើ​មនុស្ស​គ្រប់​ប្រាណ​»។—យ៉ូប ៣៦:២៧, ២៨

 បើ​និយាយ​ឲ្យ​ស្រួល​យល់ ពាក្យ​នេះ​ពណ៌នា​អំពី​ការ​គ្រោង​បង្កើត​របស់​ព្រះ​សម្រាប់​ដំណើរ​ការ​ក្នុង​ធម្មជាតិ វដ្ដ​ទឹក និង​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក។ ទឹក​បាន​ហួត​ពី​ផ្ទៃ​ដី​និង​ពី​សមុទ្រ ប្រមូល​ផ្ដុំ​ជា​ពពក រួច​ធ្លាក់​ចុះ​ជា​ទឹក​ភ្លៀង។ នេះ​គឺ​ជា​ការ​ផ្គត់​ផ្គង់​ធន​ធាន​ទឹក​ស្អាត​ដល់​មនុស្ស​និង​សត្វ។—អ្នក​ទូន្មាន ១:៧; អេម៉ុស ៥:៨

 «​នោះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​តាម​រដូវ ហើយ​ដី​នឹង​បង្កើត​ផល​ជា​បរិបូរ ព្រម​ទាំង​ដើម​ឈើ​នៅ​ក្នុង​ស្រុក​នោះ​នឹង​មាន​ផ្លែ​យ៉ាង​ច្រើន​»។—ច្បាប់​លេវី ២៦:៤

 ព្រះ​បាន​សន្យា​ឲ្យ​ពរ​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ពី​បុរាណ​ក្នុង​ការ​ធ្វើ​កសិកម្ម។ លោក​ផ្គត់​ផ្គង់​ធន​ធាន​ទឹក​ជា​ទៀង​ទាត់​ដល់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ប្រមូល​បាន​ភោគ​ផល​ជា​ច្រើន។ លោក​ដឹង​ថា​ដើម្បី​ឲ្យ​ដំណាំ​លូត​លាស់​ល្អ គឺ​ត្រូវ​ការ​ទឹក​ភ្លៀង​គ្រប់​គ្រាន់​និង​នៅ​ពេល​ត្រឹម​ត្រូវ។

 អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ លោក​ក៏​នឹង​ធ្វើ​សម្រាប់​ផែន​ដី​ទាំង​មូល​នៅ​ថ្ងៃ​អនាគត​ឆាប់​ៗ​ខាង​មុខ​ដែរ។ (​អេសាយ ៣០:២៣​) ប៉ុន្តែ ដំណាល​គ្នា​នោះ នៅ​កន្លែង​ជា​ច្រើន​ក្នុង​ពិភព​លោក​កង្វះ​ធន​ធាន​ទឹក​មាន​កាន់​តែ​ច្រើន​ឡើង ហើយ​ក៏​មិន​សូវ​មាន​ភ្លៀង​ធ្លាក់​ដែរ។ តើ​គម្ពីរ​ចែង​យ៉ាង​ណា​ទៀត​អំពី​ដំណោះ​ស្រាយ​នៃ​កង្វះ​ធន​ធាន​ទឹក?

តើ​តាម​របៀប​ណា​កង្វះ​ធន​ធាន​ទឹក​នឹង​លែង​មាន​ទៀត?

 គម្ពីរ​ចែង​ថា ព្រះ​នឹង​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ​ដែល​ប៉ះ​ពាល់​ដល់​ផែន​ដី រួម​ទាំង​កង្វះ​ធន​ធាន​ទឹក​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ ហើយ​លោក​ធ្វើ​ដូច្នោះ​តាម​រយៈ​រាជាណាចក្រ​របស់​លោក។ (​ម៉ាថាយ ៦:៩, ១០​) រាជាណាចក្រ​ព្រះ​គឺ​ជា​រដ្ឋាភិបាល​មួយ​នៅ​ស្ថាន​សួគ៌ ហើយ​រាជាណាចក្រ​នេះ​នឹង​គ្រប់​គ្រង​ផែន​ដី​ទាំង​មូល។ (​ដានីយ៉ែល ២:៤៤; ការ​បើក​បង្ហាញ ១១:១៥​) បន្ថែម​ទៅ​ទៀត រាជាណាចក្រ​ព្រះ​នឹង​បំបាត់​ចោល​ដើម​ហេតុ​នៃ​កង្វះ​ធន​ធាន​ទឹក​ជា​បញ្ហា​ដែល​រដ្ឋាភិបាល​មនុស្ស​មិន​អាច​ធ្វើ​បាន។

 បញ្ហា​៖ បម្រែ​បម្រួល​អាកាសធាតុ​ក៏​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​វដ្ដ​ទឹក​ដំណើរ​ការ​ខុស​ប្រក្រតី​ដែរ ហើយ​វា​បង្ក​ឲ្យ​មាន​ផល​វិបាក​ផ្សេង​ៗ ដូច​ជា​ភាព​រាំង​ស្ងួត​ធ្ងន់​ធ្ងរ និង​ទឹក​ជំនន់​ធំ​ៗ ដែល​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ឬ​កម្ពស់​ទឹក​សមុទ្រ​កើន​ឡើង។

 ដំណោះ​ស្រាយ​៖ រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​ឲ្យ​បរិស្ថាន​ធម្មជាតិ​មាន​ស្ថេរ​ភាព​ឡើង​វិញ ដើម្បី​ឲ្យ​ផែន​ដី​អាច​ទ្រ​ទ្រង់​ជីវិត​បន្ត​ទៅ​ទៀត។ ព្រះ​បាន​សន្យា​ថា​៖​«​មើល! ខ្ញុំ​កំពុង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ថ្មី​»។ (​ការ​បើក​បង្ហាញ ២១:៥​) ដី​ដែល​ស្ងួត​ហួត​ហែង​នឹង​មាន​ទឹក​ស្អាត​ជា​បរិបូរ ហើយ​អ្វី​ៗ​ដែល​មាន​ជីវិត​នឹង​លូត​លាស់​ឡើង​នៅ​គ្រប់​ទី​កន្លែង សូម្បី​តែ​កន្លែង​ដែល​គ្មាន​មនុស្ស​រស់​នៅ​ក៏​ដោយ។ (​អេសាយ ៤១:១៧​-​២០​) បន្ថែម​ទៅ​ទៀត ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​ដែល​ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ លោក​នឹង​កាន់​កាប់​ទៅ​លើ​កម្លាំង​ធម្មជាតិ។

 ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់​ស្ងាត់ ហើយ​ការ​អស្ចារ្យ​នេះ​គ្រាន់​តែ​ជា​ភ័ស្តុតាង​មួយ​ដែល​បញ្ជាក់​ថា លោក​បាន​ទទួល​ឫទ្ធានុភាព​ពី​ព្រះ។ (​ម៉ាកុស ៤:៣៩, ៤១​) ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​គ្រិស្ត មហន្តរាយ​ធម្មជាតិ​នឹង​លែង​មាន​ទៀត។ មនុស្ស​នឹង​រស់​នៅ​ដោយ​សុខ​សាន្ត​និង​មាន​សុវត្ថិភាព ព្រោះ​ពួក​គេ​មិន​ភ័យ​ខ្លាច​ថា​មាន​គ្រោះ​មហន្តរាយ​ណា​ឡើយ។

 បញ្ហា​៖ មនុស្ស​ដែល​មាន​ចិត្ត​លោភ​លន់​និង​អ្នក​ដែល​មិន​ចេះ​គិត​វែង​ឆ្ងាយ បាន​បំពុល​បរិស្ថាន ហើយ​ធ្វើ​ឲ្យ​ប្រភព​ទឹក​កខ្វក់ រួម​ទាំង​ទឹក​ទន្លេ បឹង​បួ និង​អាង​ស្តុក​ទឹក​ផ្សេង​ៗ។ ជា​លទ្ធផល នាំ​ឲ្យ​មាន​កង្វះ​ធន​ធាន​ទឹក​ស្អាត​កាន់​តែ​ខ្លាំង។

 ដំណោះ​ស្រាយ​៖ ព្រះ​នឹង​សម្អាត​ផែន​ដី ហើយ​ធ្វើ​ឲ្យ​សមុទ្រ ទន្លេ បឹង​បួ និង​ដី​ស្អាត​ឡើង​វិញ។ ផែន​ដី​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន។ គម្ពីរ​រៀប​រាប់​ជា​លក្ខណៈ​កំណាព្យ​ថា​៖​«​តំបន់​ស្ងាត់​ជ្រងំ​និង​តំបន់​ហួត​ហែង​នឹង​អរ​សប្បាយ វាល​រហោស្ថាន​នឹង​ត្រេក​អរ ហើយ​មាន​ផ្កា​រីក​ស្គុស​ស្គាយ​»។—អេសាយ ៣៥:១

 ចុះ​អស់​អ្នក​ដែល​មិន​ខ្វល់​នឹង​បរិស្ថាន​ធម្មជាតិ​ឬ​មិន​ខ្វល់​មនុស្ស​ឯ​ទៀត តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ពួក​គេ? ព្រះ​បាន​សន្យា​ថា​៖​«​បំផ្លាញ​ពួក​អ្នក​ដែល​កំពុង​បង្ខូច​ផែន​ដី​»។—ការ​បើក​បង្ហាញ ១១:១៨; សុភាសិត ២:២១, ២២

 បញ្ហា​៖ មនុស្ស​កំពុង​ប្រើ​ប្រាស់​ធន​ធាន​ទឹក​តាម​របៀប​មិន​ត្រឹម​ត្រូវ គឺ​ដោយ​ខ្ជះ​ខ្ជាយ​ទឹក។ ពួក​គេ​ប្រើ​ទឹក​ច្រើន​ជាង​បរិមាណ​ដែល​ផែន​ដី​ផ្គត់​ផ្គង់​ឲ្យ។

 ដំណោះ​ស្រាយ​៖ រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​លោក​«​សម្រេច​នៅ​ផែន​ដី​»​ មិន​មែន​បំណង​ប្រាថ្នា​របស់​មនុស្ស​ដែល​គិត​តែ​ប្រយោជន៍​ខ្លួន​នោះ​ទេ។ (​ម៉ាថាយ ៦:៩, ១០​) រាជាណាចក្រ​ព្រះ​នឹង​ផ្ដល់​ការ​អប់រំ​ដ៏​ល្អ​បំផុត​ដល់​ពលរដ្ឋ​នៃ​រាជាណាចក្រ​នោះ។ អេសាយ ១១:៩ ចែង​ថា​៖​«​ផែន​ដី​នឹង​ពេញ​ទៅ​ដោយ​ចំណេះ​របស់​ព្រះ​យេហូវ៉ា​»។ a ពេល​ដែល​មនុស្ស​ទទួល​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់ និង​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ ព្រម​ទាំង​ចំពោះ​អ្វី​ៗ​ដែល​លោក​បាន​បង្កើត នោះ​ពួក​គេ​នឹង​ថែ​រក្សា​ផែន​ដី​និង​ធន​ធាន​ធម្មជាតិ​ឲ្យ​នៅ​ស្រស់​ស្អាត។

  •    ដើម្បី​ស្វែង​យល់​ថែម​ទៀត​អំពី​អ្វី​ដែល​រាជាណាចក្រ​ព្រះ​នឹង​សម្រេច សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​រាជាណាចក្រ​ព្រះ​នឹង​សម្រេច​អ្វី​ខ្លះ?»

  •    ដើម្បី​ដឹង​អំពី​របៀប​ដែល​ផែន​ដី​នឹង​ត្រូវ​ប្រែ​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន សូម​អាន​សៀវភៅ​អេសាយ ជំពូក​ទី៣៥

  •    ដើម្បី​រៀន​ថែម​ទៀត​អំពី​គោល​បំណង​របស់​ព្រះ​សម្រាប់​ផែន​ដី​និង​មនុស្សជាតិ សូម​មើល​វីដេអូ​ហេតុ​អ្វី​ព្រះ​បាន​បង្កើត​ផែន​ដី?

a យេហូវ៉ា​ជា​នាម​របស់​ព្រះ។ (​ចម្រៀង​សរសើរ​ព្រះ ៨៣:១៨​) សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា«តើ​ព្រះ​យេហូវ៉ា​ជា​នរណា?»។