លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

Surasak Suwanmake/Moment via Getty Images

ចូរ​ចាំ​យាម!

រដូវក្ដៅឆ្នាំ២០២៣កាន់តែក្ដៅឡើងនៅជុំវិញពិភពលោក តើគម្ពីរចែងយ៉ាងណា?

រដូវក្ដៅឆ្នាំ២០២៣កាន់តែក្ដៅឡើងនៅជុំវិញពិភពលោក តើគម្ពីរចែងយ៉ាងណា?

 មនុស្ស​នៅ​ជុំ​វិញ​ពិភព​លោក​កំពុង​ប្រឈម​នឹង​អាកាសធាតុ​ដ៏​ក្ដៅ​បំផុត និង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​បណ្ដាល​មក​ពី​បម្រែ​បម្រួល​អាកាសធាតុ។ សូម​មើល​របាយការណ៍​ខាង​ក្រោម​៖

  •   កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៣ រដ្ឋបាល​មហា​សមុទ្រ​និង​បរិយាកាស​ជាតិ​នៅ​អាម៉េរិក(​NOAA​) បាន​រាយ​ការណ៍​ថា​៖​«​ខែ​មិថុនា​ឆ្នាំ​នេះ គឺ​ជា​ខែ​ដ៏​ក្ដៅ​បំផុត​ក្នុង​កំណត់​ត្រា​ពិភព​លោក​តាំង​ពី​១៧៤​ឆ្នាំ​មុន​»។

  •   កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៣ ភ្នាក់ងារ​អវកាស​អឺរ៉ុប បាន​រាយ​ការណ៍​ថា​៖​«​ប្រទេស​អ៊ីតាលី អេស្ប៉ាញ បារាំង អាល្លឺម៉ង់ និង​ប៉ូឡូញ​កំពុង​ប្រឈម​នឹង​រលក​កម្ដៅ ដែល​គេ​រំពឹង​ថា​សីតុណ្ហភាព​នឹង​កើន​ទៅ​ដល់​៤៨​អង្សា​សេ​នៅ​កោះ​ស៊ីស៊ីលី​និង​សាឌីនា។ នេះ​ប្រហែល​ជា​សីតុណ្ហភាព​ក្ដៅ​បំផុត​ដែល​មិន​ធ្លាប់​មាន​នៅ​ទ្វីប​អឺរ៉ុប​»។

  •   កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ លោក​ស្ទីហ្វាន អ៊ូលឹនប៊្រុក ដែល​ជា​ប្រធាន​ក្រសួង​ធន​ធាន​ទឹក​នៃ​អង្គការ​ឧត្តុនិយម​ពិភព​លោក(​WMO​) បាន​រៀប​រាប់​ថា​៖​«​ពេល​ផែន​ដី​កាន់​តែ​ក្ដៅ​ឡើង​ៗ នោះ​នឹង​មាន​ភ្លៀង​ធ្លាក់​កាន់​តែ​ញឹក​ញាប់​និង​ខ្លាំង​ឡើង​ៗ ហើយ​នេះ​នឹង​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​ធំ​ៗ​កាន់​តែ​ច្រើន​ដែរ​»។

 តើ​របាយការណ៍​ទាំង​នេះ​ធ្វើ​ឲ្យ​អ្នក​ព្រួយ​បារម្ភ​ឬ​ទេ? សូម​ពិចារណា​អ្វី​ដែល​គម្ពីរ​ចែង​អំពី​រឿង​បន្ទាន់​នេះ។

តើ​បម្រែ​បម្រួល​អាកាសធាតុ​នេះ​កំពុង​កើត​ឡើង​ដូច​គម្ពីរ​ចែង​ឬ?

 មែន​ហើយ។ រលក​កម្ដៅ​នៅ​ទូ​ទាំង​ពិភព​លោក​និង​អាកាសធាតុ​ក្ដៅ​ខ្លាំង គឺ​ស្រប​នឹង​អ្វី​ដែល​គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​អំពី​សម័យ​យើង។ ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន​ថា យើង​នឹង​ឃើញ​«​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​»។ (​លូកា ២១:១១​) ការ​កើន​ឡើង​សីតុណ្ហភាព​នៅ​ទូ​ទាំង​ពិភព​លោក បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ័យ​ខ្លាច​ថា​មនុស្ស​យើង​នឹង​បំផ្លាញ​ផែន​ដី។

តើ​ផែន​ដី​នឹង​មិន​អាច​រស់​នៅ​បាន​ទៀត​ឬ?

 មិន​មែន​ទេ។ ព្រះ​បាន​បង្កើត​ផែន​ដី​ជា​លំនៅ​ដ៏​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​សម្រាប់​យើង។ លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​បំផ្លាញ​វា​ឡើយ។ (​ចម្រៀង​សរសើរ​ព្រះ ១១៥:១៦; អ្នក​ទូន្មាន ១:៤​) តាម​ពិត លោក​បាន​សន្យា​ថា​លោក​នឹង​«​បំផ្លាញ​ពួក​អ្នក​ដែល​កំពុង​បង្ខូច​ផែន​ដី​»។—ការ​បើក​បង្ហាញ ១១:១៨

 គម្ពីរ​បង្ហាញ​ថា​ព្រះ​អាច​ការ​ពារ​ផែន​ដី​ពី​មហន្តរាយ​ធម្មជាតិ ហើយ​លោក​នឹង​ធ្វើ​ដូច្នោះ​មែន។

  •   ​«​[​ព្រះ​]ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់​រម្ងាប់ រលក​សមុទ្រ​បាន​ស្ងាត់​ស្ងៀម​ទៅ​»។ (​ចម្រៀង​សរសើរ​ព្រះ ១០៧:២៩​) ព្រះ​មាន​ឫទ្ធានុភាព​កាន់​កាប់​ទៅ​លើ​កម្លាំង​ធម្មជាតិ។ លោក​មាន​សមត្ថភាព​ដោះ​ស្រាយ​បញ្ហា​បរិស្ថាន​និង​បម្រែ​បម្រួល​អាកាសធាតុ​ដែល​កំពុង​ធ្វើ​ឲ្យ​មនុស្ស​រង​ទុក្ខ។

  •   ​«​លោក​ថែ​រក្សា​ផែន​ដី លោក​ធ្វើ​ឲ្យ​ផែន​ដី​បង្កើត​ភោគ​ផល​ល្អ​ៗ​យ៉ាង​បរិបូរ​»។ (​ចម្រៀង​សរសើរ​ព្រះ ៦៥:៩​) ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ផែន​ដី​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន។

 ដើម្បី​រៀន​ថែម​ទៀត​អំពី​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​ស្ដី​អំពី​ការ​ធ្វើ​ឲ្យ​បរិស្ថាន​ល្អ​ឡើង​វិញ សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​អ្នក​ណា​នឹង​ស្រោច​ស្រង់​ផែន​ដី?​»។