ចូរចាំយាម!
ទំនិញឡើងថ្លៃនៅទូទាំងពិភពលោក តើគម្ពីរចែងយ៉ាងណា?
នៅខែមិថុនា ឆ្នាំ២០២២ ប្រធានធនាគារពិភពលោកបានព្រមានថា៖«សេដ្ឋកិច្ចពិភពលោកកំពុងជួបវិបត្តិម្ដងទៀត។ ទំនិញនិងសេវាកម្មផ្សេងៗចេះតែឡើងថ្លៃជាលំដាប់ ហើយនៅដំណាលគ្នានោះ ប្រជាជនមានលុយកាន់តែតិចទៅៗ»។
ស្ថាប័នហិរញ្ញវត្ថុ(IMF) បានរៀបរាប់ថា៖«តម្លៃប្រេងឥន្ធនៈនិងតម្លៃស្បៀងអាហារបានកើនឡើងយ៉ាងលឿន ដែលប៉ះពាល់យ៉ាងខ្លាំងទៅលើប្រជាជនដែលរស់នៅប្រទេសក្រីក្រ»។
គម្ពីរជួយយើងឲ្យយល់មូលហេតុដែលយើងកំពុងជួបវិបត្តិសេដ្ឋកិច្ចដូចនេះ ហើយជួយយើងឲ្យយល់អំពីរបៀបដែលយើងអាចប្រឈមមុខនឹងវិបត្តិនេះ។ គម្ពីរក៏ប្រាប់យើងអំពីមូលហេតុដែលយើងអាចជឿជាក់ថាវិបត្តិនេះនឹងត្រូវដោះស្រាយ ហើយលែងមានទៀត។
ទំនិញចេះតែឡើងថ្លៃនៅ«គ្រាចុងក្រោយបង្អស់»
គម្ពីរបានហៅគ្រាដែលយើងកំពុងរស់នៅថាជា«គ្រាចុងក្រោយបង្អស់»។—ធីម៉ូថេទី២ ៣:១
លោកយេស៊ូបានមានប្រសាសន៍ថា«អ្វីដែលគួរឲ្យខ្លាច»ឬព្រឹត្តិការណ៍ដ៏គួរឲ្យតក់ស្លុត នឹងកើតឡើងនៅគ្រានេះ។ (លូកា ២១:១១) ប្រជាជនមានការភ័យខ្លាចពេលដែលទំនិញចេះតែឡើងថ្លៃ។ ពួកគេបារម្ភអំពីអនាគតរបស់ខ្លួន ហើយព្រួយថាតើពួកគេអាចផ្គត់ផ្គង់ក្រុមគ្រួសាររបស់ពួកគេបានឬយ៉ាងណា។
នៅសៀវភៅការបើកបង្ហាញបានប្រកាសទុកជាមុនអំពីការឡើងថ្លៃទំនិញក្នុងអំឡុងគ្រានេះ។ សៀវភៅនោះចែងថា៖«ខ្ញុំឮសំឡេងមួយ . . . ថា៖‹ស្រូវសាលី[កន្លះគីឡូ] ឬស្រូវបាលី[មួយគីឡូកន្លះ]តម្លៃស្មើនឹងប្រាក់ឈ្នួលក្នុងមួយថ្ងៃ›»។—ការបើកបង្ហាញ ៦:៦, Easy-to-Read Version
ដើម្បីរៀនថែមទៀតអំពី«គ្រាចុងក្រោយបង្អស់»និងអំពីទំនាយដែលរៀបរាប់ក្នុងសៀវភៅការបើកបង្ហាញ សូមមើលវីដេអូពិភពលោកបានប្រែប្រួលតាំងពីឆ្នាំ១៩១៤ ហើយសូមអានអត្ថបទចំណងជើងថា«អ្នកជិះសេះទាំងបួន តើពួកគេជាអ្នកណា?»។
ដំណោះស្រាយចំពោះបញ្ហាសេដ្ឋកិច្ច
«ពួកគេនឹងសង់ផ្ទះ ហើយរស់នៅក្នុងនោះ ពួកគេនឹងដាំដំណាំទំពាំងបាយជូរ ហើយក៏បរិភោគផលផ្លែពីនោះដែរ។ ពួកគេនឹងមិនសង់ រួចមានអ្នកឯទៀតរស់នៅទេ ពួកគេនឹងមិនដាំ រួចមានអ្នកឯទៀតបរិភោគផលដំណាំនោះឡើយ»។—អេសាយ ៦៥:២១, ២២
«ផែនដីនឹងមានស្រូវជាបរិបូរ ចំណែកនៅតាមកំពូលភ្នំវិញនឹងមានស្រូវហៀរហូរ»។—ចម្រៀងសរសើរព្រះ ៧២:១៦
«ព្រះយេហូវ៉ាមានប្រសាសន៍ថា៖‹ដោយសារមនុស្សរងទុក្ខត្រូវគេសង្កត់សង្កិន និងដោយសារជនក្រីក្រដកដង្ហើមធំ នោះខ្ញុំនឹងក្រោកឡើងចាត់វិធានការ›»។—ចម្រៀងសរសើរព្រះ ១២:៥ a
ព្រះមិនគ្រាន់តែបំបាត់បញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសមួយប៉ុណ្ណោះទេ តែនៅទូទាំងពិភពលោក។ ដើម្បីដឹងថាតើលោកធ្វើដូច្នោះតាមរបៀបណា សូមអានអត្ថបទដែលមានចំណងជើងថា«តើអាចមានប្រព័ន្ធសេដ្ឋកិច្ចដែលនឹងប្រព្រឹត្តដោយមិនលម្អៀងឬទេ?»។
ប៉ុន្តែ ទោះជានៅសព្វថ្ងៃនេះយើងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចក្ដី គម្ពីរអាចជួយលោកអ្នកបាន។ តើតាមរបៀបណា? គម្ពីរមានយោបល់ល្អអំពីរបៀបចំណាយដោយឈ្លាសវៃ។ (សុភាសិត ២៣:៤, ៥; អ្នកទូន្មាន ៧:១២) ដើម្បីរៀនថែមទៀត សូមអានអត្ថបទដែលមានចំណងជើងថា«ការពាររបៀបចិញ្ចឹមជីវិតរបស់អ្នក»និងអត្ថបទ«របៀបកាត់បន្ថយចំណាយ»។
a យេហូវ៉ាជានាមរបស់ព្រះ។—ចម្រៀងសរសើរព្រះ ៨៣:១៨