លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

mustafahacalaki/DigitalVision Vectors via Getty Images

ចូរ​ចាំ​យាម!

តើប្រាជ្ញាសិប្បនិម្មិតជួយយើងឬធ្វើបាបយើង? តើគម្ពីរចែងយ៉ាងណា?

តើប្រាជ្ញាសិប្បនិម្មិតជួយយើងឬធ្វើបាបយើង? តើគម្ពីរចែងយ៉ាងណា?

 ថ្មី​នេះ​ៗ អ្នក​ដឹក​នាំ​ពិភព​លោក អ្នក​វិទ្យា​សាស្ត្រ និង​អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា បាន​និយាយ​អំពី​ឥទ្ធិពល​របស់​ប្រាជ្ញា​សិប្បនិម្មិត​ឬ​បញ្ញា​សិប្បនិម្មិត(​AI​)។ ទោះ​ជា​មនុស្ស​ទទួល​ស្គាល់​ពី​តម្លៃ​នៃ​ប្រាជ្ញា​សិប្បនិម្មិត​ក្ដី ពួក​គេ​ក៏​បារម្ភ​អំពី​ផល​វិបាក​ដែល​អាច​មក​ពី​ការ​ប្រើ​ប្រាស់​មិន​ត្រឹម​ត្រូវ​ដែរ។

  •   កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២៣ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក​ស្រី​ខាមឹឡឹ​ ហ៊ែរីស​បាន​រៀប​រាប់​ថា​៖​«​ប្រាជ្ញា​សិប្បនិម្មិត​គឺ​ជា​បច្ចេកវិទ្យា​មួយ​ដ៏​មាន​ឥទ្ធិពល​បំផុត​នា​ពេល​បច្ចុប្បន្ន ដោយ​សារ​វា​ធ្វើ​ឲ្យ​ជីវិត​របស់​មនុស្ស​កាន់​តែ​មាន​ភាព​ងាយ​ស្រួល . . . ។ ប៉ុន្តែ​នៅ​ដំណាល​គ្នា​នោះ វា​ក៏​មាន​លទ្ធភាព​គំរាម​កំហែង​ដល់​សុវត្ថិភាព​និង​សេចក្ដី​សុខ​របស់​យើង ហើយ​ធ្វើ​ឲ្យ​យើង​លែង​មាន​សេរី​ភាព​និង​ភាព​ផ្ទាល់​ខ្លួន​ដែរ។ បន្ថែម​ទៅ​ទៀត វា​ធ្វើ​ឲ្យ​យើង​ពិបាក​ទុក​ចិត្ត​ថា រដ្ឋាភិបាល​មនុស្ស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ឬ​យ៉ាង​ណា​»។

  •   អត្ថបទ​មួយ​សរសេរ​ថា​៖​«​ទោះ​ជា​ប្រាជ្ញា​សិប្បនិម្មិត​ប្រហែល​ជា​អាច​ជួយ​ថែ​ទាំ​សុខភាព​តាម​របៀប​ខ្លះ​ក៏​ពិត​មែន តែ​វា​ក៏​ធ្វើ​ទុក្ខ​ដល់​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​របស់​យើង​តាម​របៀប​ផ្សេង​ទៀត​ដែរ​»​ សរសេរ​ដោយ​ក្រុម​វេជ្ជបណ្ឌិត​អន្តរជាតិ​និង​អ្នក​ជំនាញ​ខាង​មើល​ថែ​សុខភាព​ដែល​ដឹក​នាំ​ដោយ​សាស្ត្រាចារ្យ​ហ្វ្រីដឺរីក ហ្វីដឺស្ពីល(​BMJ Global Health​) a ចុះ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២៣។

  •   សារ​ព័ត៌មាន​មួយ​រៀប​រាប់​ថា​៖​«​មនុស្ស​អាច​ប្រើ​ប្រាជ្ញា​សិប្បនិម្មិត​ដើម្បី​ផ្សាយ​ព័ត៌មាន​មិន​ពិត។ មិន​យូរ​ទៀត វា​អាច​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាត់​បង់​ការ​ងារ។ រីឯ​អ្នក​ខ្លះ​ទៀត​ដែល​ធ្វើ​ការ​ខាង​បច្ចេកវិទ្យា ពួក​គេ​កំពុង​ព្រួយ​បារម្ភ​ជា​ខ្លាំង​ថា​នៅ​ថ្ងៃ​អនាគត​ប្រាជ្ញា​សិប្បនិម្មិត​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ផង​ដែរ។ ចុះ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២៣(​The New York Times​)។

 មាន​តែ​ពេល​វេលា​ប៉ុណ្ណោះ​ដែល​អាច​ប្រាប់​យើង​ថា​ប្រាជ្ញា​សិប្បនិម្មិត​នឹង​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​ឬ​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស។ តើ​គម្ពីរ​ចែង​យ៉ាង​ណា?

ហេតុ​អ្វី​ឧបករណ៍​ដែល​មនុស្ស​ព្យាយាម​បង្កើត​ធ្វើ​ឲ្យ​សង្គម​បារម្ភ​ទៅ​វិញ?

 គម្ពីរ​បង្ហាញ​អំពី​មូលហេតុ​ដែល​បច្ចេកវិទ្យា​ជឿន​លឿន​របស់​មនុស្ស មិន​អាច​ធានា​ថា​អ្នក​ដែល​យក​ទៅ​ប្រើ​ប្រាស់​តែង​តែ​ប្រើ​ក្នុង​ផ្លូវ​ល្អ​ទេ។

  1.  ១. ទោះ​ជា​មនុស្ស​មាន​បំណង​ល្អ​ក្ដី ពួក​គេ​ប្រហែល​ជា​មិន​អាច​ដឹង​មុន​នូវ​លទ្ធផល​អាក្រក់​ដែល​មក​ពី​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ឡើយ។

    •   ​«​មាន​ផ្លូវ​មួយ​ដែល​មនុស្ស​មើល​ទៅ​ហាក់​ដូច​ជា​ផ្លូវ​ត្រឹម​ត្រូវ តែ​នៅ​ទី​បំផុត ផ្លូវ​នោះ​នាំ​ទៅ​ដល់​សេចក្ដី​ស្លាប់​»។—សុភាសិត ១៤:១២

  2.  ២. បុគ្គល​ម្នាក់​មិន​អាច​គ្រប់​គ្រង​របៀប​ដែល​អ្នក​ឯ​ទៀត​នឹង​ប្រើ​ប្រាស់​អ្វី​ដែល​គាត់​បាន​បង្កើត​ទេ មិន​ថា​គេ​ប្រើ​តាម​របៀប​ត្រឹម​ត្រូវ​ឬ​មិន​ត្រឹម​ត្រូវ​ក្ដី។

    •   ​«​ខ្ញុំ​ត្រូវ​រក្សា​ទុក[​អ្វី​ដែល​ខ្ញុំ​បង្កើត​]ឲ្យ​អ្នក​ដែល​មក​ក្រោយ​ខ្ញុំ។ តើ​អ្នក​ណា​ដឹង​ថា​គាត់​នឹង​មាន​ប្រាជ្ញា​ឬ​ល្ងង់​ខ្លៅ? ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​នឹង​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​ព្យាយាម​រក​បាន​ដោយ​ប្រាជ្ញា​នៅ​ក្រោម​ថ្ងៃ​»។—អ្នក​ទូន្មាន ២:១៨, ១៩

 ដោយសារ​ភាព​មិន​ប្រាកដ​ប្រជា​បែប​នោះ​ហើយ បាន​ជា​យើង​ត្រូវ​ការ​ការ​ណែនាំ​ពី​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង។

តើ​យើង​អាច​ទុក​ចិត្ត​អ្នក​ណា​វិញ?

 ព្រះ​ដែល​ជា​អ្នក​បង្កើត​សន្យា​ថា​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ណា​ម្នាក់​ឬ​បច្ចេកវិទ្យា​ណា​មួយ​ដែល​មនុស្ស​បង្កើត បំផ្លាញ​ផែន​ដី​និង​មនុស្ស​យើង​ឡើយ។

 តាម​រយៈ​គម្ពីរ ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង លោក​ឲ្យ​ការ​ណែនាំ​ដែល​ជួយ​យើង​ឲ្យ​មាន​អនាគត​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​សុខ​សាន្ត​និង​សុវត្ថិភាព។ ដើម្បី​រៀន​ថែម​ទៀត​អំពី​អ្វី​ដែល​គម្ពីរ​ចែង សូម​អាន​អត្ថបទ​ចំណង​ជើង​ថា​«​តើ​មាន​ការ​ណែនាំ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ដើម្បី​មាន​អនាគត​ដ៏​ល្អ​ឬ​ទេ?​»​ និង​អត្ថបទ​ចំណង​ជើង​ថា​«​សេចក្ដី​សង្ឃឹម​ដ៏​ពិត​ប្រាកដ​កំពុង​រង់​ចាំ​អ្នក​»។

a ដក​ស្រង់​ពី​អត្ថបទ“Threats by Artificial Intelligence to Human Health and Human Existence” និពន្ធ​ដោយ​ហ្វ្រីដឺរីក ហ្វីដឺស្ពីល រូថ មីសែល អាស្សា អាសូខិន​ ខាលឡូស អ៊ូម៉ាណា និង​ដាវីឌ ម៉ាខយ។