ចូរចាំយាម!
សាសនានិងសង្គ្រាមនៅអ៊ុយក្រែន តើគម្ពីរចែងយ៉ាងណា?
ស្ដីអំពីសង្គ្រាមនៅអ៊ុយក្រែននិងអ្នកដឹកនាំសាសនាដែលមានមុខមាត់ សូមពិចារណាព័ត៌មានដូចតទៅ៖
នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ សារព័ត៌មាន(EUobserver) សរសេរថា៖ «បូជាចារ្យឃីរីល ដែលជាមេនិកាយគ្រិស្តសាសនាអូធូដុក្សនៃប្រទេសរុស្ស៊ី មិនបាននិយាយអ្វីសោះដើម្បីប្រឆាំងការវាយប្រហាររបស់រុស្ស៊ី . . . និកាយសាសនារបស់គាត់បន្តផ្សាយព័ត៌មានមិនពិតអំពីអ៊ុយក្រែន ហើយលោកពូទីនបានប្រើព័ត៌មានទាំងនេះជាលេសធ្វើសង្គ្រាម»។
នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ សារព័ត៌មាន(AP News) សរសេរថា៖ «បូជាចារ្យឃីរីល . . . បានបញ្ជាក់យ៉ាងខ្លាំងថារុស្ស៊ីមានមូលហេតុត្រឹមត្រូវក្នុងការវាយលុកអ៊ុយក្រែន ដោយប្រាប់ថាសង្គ្រាមនេះមានបំណងបំបាត់ចោលអំពើបាប»។
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ សារព័ត៌មាន(Jerusalem Post) សរសេរថា៖ «កាលពីថ្ងៃច័ន្ទ លោកអេភីហ្វេននៀសទី១នៃក្រុងឃីយីវ ដែលជាមេនិកាយគ្រិស្តសាសនាអូធូដុក្សប្រទេសអ៊ុយក្រែន បានឲ្យពរនិងលើកទឹកចិត្តប្រជាជន‹ឲ្យទៅប្រយុទ្ធនឹងទាហានរុស្ស៊ី› . . . [គាត់]ក៏ប្រាប់ដែរថាការសម្លាប់ទាហានរុស្ស៊ីគឺមិនមែនជាអំពើបាបទេ»។
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមប្រឹក្សាមួយនៃសាសនានៅប្រទេសអ៊ុយក្រែន [Ukrainian Council of Churches and Religious Organizations (UCCRO)] a សរសេរថា៖ «យើងគាំទ្រកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងអស់អ្នកដែលការពារប្រទេសយើងពីពួកអ្នកដែលចូលវាយលុក។ យើងអធិដ្ឋាននិងឲ្យពរដល់ទាហានយើង»។
តើអ្នកគិតថាសាសនាដែលអះអាងថាជាអ្នកកាន់តាមលោកយេស៊ូគ្រិស្ត គួរលើកទឹកចិត្តសមាជិកពួកគេឲ្យចូលរួមធ្វើសង្គ្រាមឬទេ? តើគម្ពីរចែងយ៉ាងណា?
ប្រវត្តិសាសនាក្នុងការធ្វើសង្គ្រាម
ប្រវត្តិសាស្ត្របង្ហាញថាសាសនាច្រើនតែយល់ស្រប រកមូលហេតុ ឬរហូតដល់លើកស្ទួយឲ្យធ្វើសង្គ្រាមទៀតផង។ ប៉ុន្តែដំណាលគ្នានោះ ពួកគេធ្វើពុតជាអ្នកធ្វើឲ្យមានសន្តិភាពវិញ។ អស់ជាច្រើនឆ្នាំ សាក្សីព្រះយេហូវ៉ាបានបកអាក្រាតភាពពុតត្បុតរបស់សាសនាក្នុងរឿងនេះ។ សូមពិចារណាអំពីអ្វីដែលសៀវភៅរបស់យើងធ្លាប់សរសេរអំពីរឿងនេះ។
អត្ថបទ«សង្គ្រាមសាសនាគ្រិស្ត ‹បង្កឲ្យមានរឿងខ្លោចផ្សា›»បានពន្យល់ថា សាសនាកាតូលិករ៉ូមបានបណ្ដាលឲ្យមានការសម្លាប់មនុស្សយ៉ាងរង្គាល ក្នុងនាមរបស់ព្រះនិងគ្រិស្ត។
អត្ថបទ«សាសនាកាតូលិកនៅទ្វីបអាហ្វ្រិក»ពន្យល់ថា សាសនាមិនបានជួយទប់ស្កាត់កុំឲ្យមានសង្គ្រាមរវាងកុលសម្ព័ន្ធផ្សេងៗ ឬការប្រល័យពូជសាសន៍ទេ។
អត្ថបទ«តើគួរបន្ទោសសាសនាឬទេ?» អត្ថបទ«តួនាទីសាសនាក្នុងសង្គ្រាមមនុស្ស» និងអត្ថបទ«សាសនាគាំទ្រសង្គ្រាម»ពន្យល់ថា បព្វជិតសាសនាកាតូលិក អូធូដុក្ស និងប្រូតេស្តង់ ច្រើនតែលើកទឹកចិត្តទាហានឲ្យសម្លាប់គ្នា ទោះជាពួកគេកាន់សាសនាដូចគ្នាក៏ដោយ។
តើគ្រិស្តសាសនាគួរគាំទ្រសង្គ្រាមឬទេ?
លោកយេស៊ូបង្រៀនថា៖«អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»។ (ម៉ាថាយ ២២:៣៩) «ចូរបន្តស្រឡាញ់សត្រូវរបស់អ្នក»។—ម៉ាថាយ ៥:៤៤-៤៧
សូមគិត៖ បើសាសនានិយាយថាពួកគេធ្វើតាមបង្គាប់លោកយេស៊ូដោយបង្ហាញសេចក្ដីស្រឡាញ់ តែបែរជាលើកទឹកចិត្តសមាជិកខ្លួនឲ្យធ្វើសង្គ្រាម តើនេះសមហេតុសមផលឬទេ? ដើម្បីដឹងចម្លើយ សូមអានអត្ថបទ«គ្រិស្តសាសនិកពិតនិងសង្គ្រាម» និងអត្ថបទ«តើពិតជាអាចស្រឡាញ់សត្រូវបានឬទេ?»។
លោកយេស៊ូបានមានប្រសាសន៍ថា៖‹រាជាណាចក្រខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ។ ប្រសិនបើរាជាណាចក្រខ្ញុំជារបស់ពិភពលោកនេះ ពួកអ្នកបម្រើរបស់ខ្ញុំមុខជាបានតយុទ្ធដើម្បីកុំឲ្យខ្ញុំត្រូវប្រគល់ឲ្យគេ›។ (យ៉ូហាន ១៨:៣៦) «អស់អ្នកដែលប្រើដាវ ក៏នឹងស្លាប់ដោយដាវដែរ»។—ម៉ាថាយ ២៦:៤៧-៥២
សូមគិត៖ លោកយេស៊ូមិនអនុញ្ញាតឲ្យគ្រិស្តសាសនិកប្រយុទ្ធដើម្បីការពារលោកទេ ដូច្នេះគ្មានមូលហេតុត្រឹមត្រូវដែលគ្រិស្តសាសនិកគួរធ្វើសង្គ្រាមឡើយ។ ដើម្បីដឹងអំពីរបៀបដែលគ្រិស្តសាសនិកសម័យដើមបានធ្វើតាមគំរូនិងសេចក្ដីបង្រៀនរបស់លោកយេស៊ូយ៉ាងស្មោះត្រង់ សូមអានអត្ថបទ«តើគ្រិស្តសាសនិកគួរធ្វើសង្គ្រាមទេ?»។
តើនឹងមានអ្វីកើតឡើងចំពោះសាសនាដែលគាំទ្រសង្គ្រាម?
គម្ពីរបង្រៀនថាព្រះមិនពេញចិត្តសាសនាដែលអះអាងថាជាតំណាងលោកយេស៊ូ តែមិនធ្វើតាមសេចក្ដីបង្រៀនរបស់លោក។—ម៉ាថាយ ៧:២១-២៣; ទីតុស ១:១៦
សៀវភៅការបើកបង្ហាញបញ្ជាក់ថា ព្រះឲ្យសាសនាបែបនេះទទួលខុសត្រូវចំពោះការស្លាប់របស់«អស់អ្នកដែលបានត្រូវសម្លាប់នៅផែនដី»។ (ការបើកបង្ហាញ ១៨:២១, ២៤) ដើម្បីដឹងមូលហេតុ សូមអានអត្ថបទ«តើបាប៊ីឡូនដ៏ខ្លាំងក្លាជាអ្វី?»។
លោកយេស៊ូបង្រៀនថាសាសនាណាដែលព្រះមិនពេញចិត្តនឹងត្រូវបំផ្លាញចោលដោយសារអំពើអាក្រក់របស់ពួកគេ ដូចដើមឈើមិនល្អដែលបង្កើតផលមិនល្អ«ត្រូវកាប់ចោល ហើយបោះទៅក្នុងភ្លើង»។ (ម៉ាថាយ ៧:១៥-២០) ដើម្បីដឹងថារឿងនេះនឹងកើតឡើងយ៉ាងណា សូមអានខិត្តប័ណ្ណ«សាសនាមិនពិតជិតត្រូវបំផ្លាញហើយ!»។
អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាព(ពីឆ្វេងទៅស្ដាំ)៖ Photo by Sefa Karacan/Anadolu Agency/Getty Images; Maxym Marusenko/NurPhoto via Getty Images
a ក្រុមប្រឹក្សាUCCRO ដែលភាសាអង់គ្លេសហៅថា Ukrainian Council of Churches and Religious Organizations រួមបញ្ចូល១៥និកាយសាសនា ដែលតំណាងសាសនាអូធូដុក្ស កាតូលិកក្រិច កាតូលិករ៉ូម ប្រូតេស្តង់ សាសនាយូដា មូស្លីម ព្រមទាំងសាសនាឯទៀត។