សេចក្ដីសង្ឃឹមដ៏ពិតប្រាកដកំពុងរង់ចាំអ្នក
តើអ្នកគិតថានៅថ្ងៃអនាគតស្ថានភាពនឹងល្អប្រសើរជាងឬទេ? មនុស្សជាច្រើនព្យាយាមមានទស្សនៈវិជ្ជមាន ទោះជាសព្វថ្ងៃនេះយើងកំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរក៏ដោយ។ ប៉ុន្តែ តើយើងអាចរំពឹងថាអ្វីៗនឹងល្អប្រសើរជាងទេ? ពិតជាអាច! គម្ពីរផ្ដល់សេចក្ដីសង្ឃឹមដ៏ពិតប្រាកដសម្រាប់យើងនៅថ្ងៃអនាគត។
តើគម្ពីរផ្ដល់នូវសេចក្ដីសង្ឃឹមអ្វីខ្លះ?
គម្ពីរទទួលស្គាល់ថាមនុស្សជាតិកំពុងប្រឈមមុខនឹងបញ្ហាធំៗជាច្រើន។ ប៉ុន្តែ គម្ពីរសន្យាថាបញ្ហាទាំងនេះនឹងមិនមានឥទ្ធិពលមកលើយើងរហូតទេ។ សូមពិចារណាឧទាហរណ៍ខ្លះៗ។
បញ្ហា៖ គ្មានទីជម្រក
គម្ពីររៀបរាប់ថា៖«ពួកគេនឹងសង់ផ្ទះ ហើយរស់នៅក្នុងនោះ»។—អេសាយ ៦៥:២១
នេះមានន័យថានៅថ្ងៃអនាគត៖ មនុស្សនឹងមានផ្ទះជារបស់ខ្លួនផ្ទាល់។
បញ្ហា៖ គ្មានការងារធ្វើនិងភាពក្រីក្រ
គម្ពីររៀបរាប់ថា៖«ពួកអ្នកដែលខ្ញុំជ្រើសរើស ពួកគេនឹងមានអំណរយ៉ាងពេញលេញ ចំពោះស្នាដៃរបស់ខ្លួន»។—អេសាយ ៦៥:២២
នេះមានន័យថានៅថ្ងៃអនាគត៖ មនុស្សទាំងអស់នឹងមានការងារដ៏គាប់ចិត្ត។ ពួកគេសប្បាយរីករាយ ព្រមទាំងពេញចិត្តនឹងការងាររបស់ខ្លួន។
បញ្ហា៖ ភាពអយុត្តិធម៌
គម្ពីររៀបរាប់ថា៖«ពួកអ្នកដឹកនាំនឹងគ្រប់គ្រងដោយយុត្តិធម៌»។—អេសាយ ៣២:១
នេះមានន័យថានៅថ្ងៃអនាគត៖ មនុស្សនឹងមិនរងភាពអយុត្តិធម៌ដែលមកពីជាតិសាសន៍ឬឋានៈក្នុងសង្គមទៀតទេ ហើយក៏នឹងគ្មានមនុស្សក្រីក្រទៀតដែរ។ មនុស្សគ្រប់រូបនឹងប្រព្រឹត្តចំពោះគ្នាដោយមិនលម្អៀង។
បញ្ហា៖ ការអត់ឃ្លាននិងការខ្វះជីវជាតិ
គម្ពីររៀបរាប់ថា៖«ផែនដីនឹងមានស្រូវជាបរិបូរ ចំណែកនៅតាមកំពូលភ្នំវិញនឹងមានស្រូវហៀរហូរ»។—ចម្រៀងសរសើរព្រះ ៧២:១៦
នេះមានន័យថានៅថ្ងៃអនាគត៖ មនុស្សគ្រប់រូបនឹងមានអាហារបរិបូរដែលមានជីវជាតិ។ នឹងគ្មាននរណាម្នាក់ស្រេកឃ្លាន ឬរងទុក្ខដោយសារខ្វះជីវជាតិនោះទេ។
បញ្ហា៖ ឧក្រិដ្ឋកម្មនិងអំពើឃោរឃៅ
គម្ពីររៀបរាប់ថា៖«ពួកគេនឹងអង្គុយនៅក្រោមដើមទំពាំងបាយជូរនិងដើមល្វារបស់ខ្លួន ហើយនឹងគ្មានអ្នកណាមកបំភ័យពួកគេឡើយ»។—មីកា ៤:៤
នេះមានន័យថានៅថ្ងៃអនាគត៖ មនុស្សគ្រប់រូបនឹងមានសុវត្ថិភាពនិងសន្តិសុខ ព្រោះមនុស្សអាក្រក់នឹងលែងមានទៀត ហើយ«មនុស្សសុចរិតនឹងបានផែនដីជាមត៌ក»។—ចម្រៀងសរសើរព្រះ ៣៧:១០, ២៩
បញ្ហា៖ សង្គ្រាម
គម្ពីររៀបរាប់ថា៖«ប្រជាជាតិមួយនឹងមិនលើកដាវច្បាំងនឹងប្រជាជាតិមួយទៀតឡើយ ហើយក៏មិនរៀនធ្វើសង្គ្រាមទៀតដែរ»។—អេសាយ ២:៤
នេះមានន័យថានៅថ្ងៃអនាគត៖ នឹងមានសន្តិភាពនៅទូទាំងផែនដី។ (ចម្រៀងសរសើរព្រះ ៧២:៧) នឹងគ្មានអ្នកណាកើតទុក្ខដោយសារមនុស្សជាទីស្រឡាញ់ស្លាប់ក្នុងសង្គ្រាមទៀតទេ ហើយក៏គ្មានជនភៀសខ្លួនដោយសារសង្គ្រាមដែរ។
បញ្ហា៖ ជំងឺនិងរោគរាតត្បាត
គម្ពីររៀបរាប់ថា៖«បណ្ដាជនដែលរស់នៅក្នុងស្រុក ពួកគេនឹងមិននិយាយថា៖‹ខ្ញុំឈឺ›ទៀតឡើយ»។—អេសាយ ៣៣:២៤
នេះមានន័យថានៅថ្ងៃអនាគត៖ មនុស្សនឹងលែងរងទុក្ខវេទនាដោយសារធ្លាក់ខ្លួនឈឺឬដោយសារពិការភាពទៀតហើយ។ (អេសាយ ៣៥:៥, ៦) គម្ពីរថែមទាំងសន្យាថា៖«សេចក្ដីស្លាប់នឹងលែងមានទៀត»។—ការបើកបង្ហាញ ២១:៤
បញ្ហា៖ ការបង្ខូចបរិស្ថាន
គម្ពីររៀបរាប់ថា៖«តំបន់ស្ងាត់ជ្រងំនិងតំបន់ហួតហែងនឹងអរសប្បាយ វាលរហោស្ថាននឹងត្រេកអរ ហើយមានផ្ការីកស្គុសស្គាយ»។—អេសាយ ៣៥:១
នេះមានន័យថានៅថ្ងៃអនាគត៖ ផែនដីនឹងក្លាយទៅជាសួនឧទ្យានសម្រាប់មនុស្សរស់នៅ ដូចដែលព្រះមានគោលបំណងតាំងពីដំបូង។—ដើមកំណើត ២:១៥; អេសាយ ៤៥:១៨
តើអ្វីដែលគម្ពីរសន្យាថានឹងកើតឡើងពិបាកជឿឬ?
គឺសមហេតុផលដែលអ្នកប្រហែលជាមានអារម្មណ៍ដូចនេះ។ ប៉ុន្តែ យើងលើកទឹកចិត្តអ្នកឲ្យពិនិត្យមើលថែមទៀតអំពីអ្វីដែលគម្ពីរចែងអំពីអនាគត។ ហេតុអ្វី? ព្រោះសេចក្ដីសន្យាក្នុងគម្ពីរគឺខុសពីសេចក្ដីសន្យាផ្សេងៗនិងការព្យាករណ៍របស់មនុស្ស។ សេចក្ដីសន្យាទាំងប៉ុន្មានដែលមានក្នុងគម្ពីរគឺមកពីព្រះ។ នេះជាមូលហេតុដែលធ្វើឲ្យខុសគ្នាឆ្ងាយណាស់៖
ព្រះគឺគួរឲ្យទុកចិត្ត។ គម្ពីរចែងថាព្រះ«មិនអាចកុហកឡើយ»។ (ទីតុស ១:២) បន្ថែមទៅទៀត មានតែព្រះប៉ុណ្ណោះដែលមានសមត្ថភាពប្រកាសទុកជាមុនអំពីអនាគត។ (អេសាយ ៤៦:១០) គម្ពីរមានឧទាហរណ៍ជាច្រើនដែលបង្ហាញថាអ្វីដែលព្រះប្រកាសទុកជាមុនតែងតែក្លាយជាការពិត។ ដើម្បីទទួលព័ត៌មានថែមទៀត សូមទស្សនាវីដេអូចំណងជើងថា ហេតុអ្វីយើងអាចប្រាកដថាគម្ពីរបរិសុទ្ធគឺមកពីព្រះ?
ព្រះមានឫទ្ធានុភាពដើម្បីដោះស្រាយបញ្ហារបស់យើង។ គម្ពីរចែងថាព្រះមានឫទ្ធានុភាពធ្វើ«អ្វីៗតាមដែលលោកពេញចិត្ត»។ (ចម្រៀងសរសើរព្រះ ១៣៥:៥, ៦) បើនិយាយឲ្យស្រួលយល់ គឺគ្មានអ្វីអាចបញ្ឈប់ព្រះពីការសម្រេចសេចក្ដីសន្យារបស់លោកបានឡើយ។ លើសពីនោះទៅទៀត លោកចង់ជួយយើងដោយសារលោកស្រឡាញ់យើង។—យ៉ូហាន ៣:១៦
ជាធម្មតា អ្នកប្រហែលជាឆ្ងល់ថា‹បើព្រះចង់ជួយយើង ហើយមានឫទ្ធានុភាពដើម្បីជួយយើងមែន ហេតុអ្វីយើងនៅតែមានបញ្ហាច្រើនម្ល៉េះ?›។ ដើម្បីឆ្លើយសំណួរនេះសូមទស្សនាវីដេអូចំណងជើងថា ហេតុអ្វីព្រះអនុញ្ញាតឲ្យមានទុក្ខវេទនា?
តើតាមរបៀបណាសេចក្ដីសង្ឃឹមនេះនឹងក្លាយជាការពិត?
ព្រះនឹងប្រើរាជាណាចក្ររបស់លោកដែលជារដ្ឋាភិបាលមួយនៅស្ថានសួគ៌ដើម្បីសម្រេចសេចក្ដីសន្យារបស់លោក។ ព្រះបានតែងតាំងលោកយេស៊ូគ្រិស្តឲ្យគ្រប់គ្រងរាជាណាចក្រនោះ ហើយផ្ដល់អំណាចឲ្យលោកថែរក្សាផែនដីនិងមនុស្សដែលរស់នៅលើផែនដី។ ពេលលោកយេស៊ូនៅផែនដី លោកបានធ្វើឲ្យមនុស្សឈឺជាសះស្បើយ ផ្ដល់អាហារដល់អស់អ្នកដែលស្រេកឃ្លាន លោកកាន់កាប់ទៅលើអាកាសធាតុ ហើយថែមទាំងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ (ម៉ាកុស ៤:៣៩; ៦:៤១-៤៤; លូកា ៤:៤០; យ៉ូហាន ១១:៤៣, ៤៤) ដូច្នេះ លោកបានបង្ហាញអំពីអ្វីដែលលោកនឹងធ្វើក្នុងនាមជាស្ដេចរាជាណាចក្រព្រះ។
សូមទស្សនាវីដេអូចំណងជើងថា តើរាជាណាចក្ររបស់ព្រះជាអ្វី? ដើម្បីរៀនថែមទៀតអំពីប្រយោជន៍ដែលអ្នកអាចទទួលពីរាជាណាចក្រព្រះ។
តើសេចក្ដីសង្ឃឹមនេះនឹងកើតឡើងនៅពេលណា?
នាពេលឆាប់ៗខាងមុខនេះ! ហេតុអ្វីយើងអាចប្រាកដអំពីនេះ? គម្ពីរបានប្រាប់ទុកជាមុនអំពីព្រឹត្តិការណ៍ផ្សេងៗដែលបញ្ជាក់ថារាជាណាចក្រព្រះហៀបនឹងចាប់ផ្ដើមគ្រប់គ្រងទៅលើផែនដី។ (លូកា ២១:១០, ១១) យើងឃើញព្រឹត្តិការណ៍ទាំងនេះកំពុងកើតឡើងនៅសព្វថ្ងៃនេះ។
ដើម្បីរៀនថែមទៀត សូមអានអត្ថបទចំណងជើងថា «តើរាជាណាចក្ររបស់ព្រះនឹងគ្រប់គ្រងលើផែនដីនៅពេលណា?»។
តើសេចក្ដីសង្ឃឹមក្នុងគម្ពីរអាចជួយអ្នកយ៉ាងណានៅសព្វថ្ងៃនេះ?
អ្នកសរសេរគម្ពីរម្នាក់បានប្រៀបប្រដូចសេចក្ដីសង្ឃឹមក្នុងគម្ពីរទៅនឹង«យុថ្កាសម្រាប់ជីវិត»។ (ហេប្រឺ ៦:១៩) ដូចយុថ្កាជួយឲ្យកប៉ាល់រក្សាលំនឹងនៅពេលមានខ្យល់ព្យុះ នោះសេចក្ដីសង្ឃឹមក្នុងគម្ពីរសម្រាប់ពេលអនាគត អាចជួយយើងឲ្យប្រឈមមុខនឹងបញ្ហាដែលយើងមាននៅសព្វថ្ងៃនេះ។ សេចក្ដីសង្ឃឹមរបស់យើងអាចជួយឲ្យមានចិត្តស្ងប់និងចិត្តសប្បាយ និងជួយឲ្យស្រឡះអារម្មណ៍ ថែមទាំងជួយឲ្យមានសុខភាពល្អទៀតផង។—ថែស្សាឡូនិចទី១ ៥:៨