របៀបដែលវិភាគទានរបស់អ្នកបានត្រូវប្រើ
ការថែទាំសាលប្រជុំរបស់យើង
ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤
ប្អូនស្រីនីខូលដែលរស់នៅប្រទេសកូឡុំប៊ី បាននិយាយថា៖«ខ្ញុំស្រឡាញ់សាលប្រជុំខ្ញុំណាស់ នេះជាកន្លែងដែលខ្ញុំអាចនៅជាមួយបងប្អូនរួមជំនឿរបស់ខ្ញុំ»។ តើអ្នកមានអារម្មណ៍ដូចនីខូលទេ?
នៅទូទាំងពិភពលោក សាក្សីព្រះយេហូវ៉ាជួបជុំគ្នានៅសាលប្រជុំប្រមាណ៦៣.០០០ខ្នង។ សាលទាំងនេះជួយយើងឲ្យស្រួលគោរពប្រណិប័តន៍ព្រះ។ ប៉ុន្តែ សាលប្រជុំមិនគ្រាន់តែសម្រាប់គោរពប្រណិប័តន៍ប៉ុណ្ណោះទេ។ អ្នកត្រួសត្រាយម្នាក់ឈ្មោះដាវីឌដែលរស់នៅប្រទេសកូឡុំប៊ី បាននិយាយថា៖«សាលប្រជុំរបស់យើងធ្វើឲ្យដំណឹងដែលយើងផ្សាយកាន់តែមានភាពទាក់ទាញ។ ភ្ញៀវជាច្រើនបានភ្ញាក់ផ្អើលពេលឃើញយើងថែរក្សាសាលរបស់យើងបានល្អបែបនេះ»។ នេះមិនមែនកើតឡើងដោយឯកឯងទេ។ យើងធ្វើការនឿយហត់ដើម្បីសម្អាតនិងថែទាំសាលប្រជុំរបស់យើង។ តើតាមរបៀបណាយើងអាចធ្វើដូច្នេះ?
តើការថែទាំបានត្រូវចាត់ចែងយ៉ាងដូចម្ដេច?
មានក្រុមជំនុំពីរបីប្រើសាលប្រជុំមួយ។ ដូច្នេះ ក្រុមជំនុំទាំងនោះមានភារកិច្ចថែទាំសាលប្រជុំនោះ។ ដើម្បីធ្វើដូច្នោះ បងប្អូនយើងសម្អាតសាលប្រជុំជាទៀងទាត់។ ពួកគេក៏ធ្វើការថែទាំនិងជួសជុលខ្លះៗដែរ។
ដើម្បីជួយក្រុមជំនុំថែទាំសាលប្រជុំរបស់ពួកគេ ផ្នែករចនាប្លង់និងសាងសង់តាមតំបន់ចាត់បងប្រុសៗខ្លះឲ្យបម្រើជាអ្នកបង្ហាត់បង្រៀនខាងការថែទាំ។ អ្នកបង្រៀនម្នាក់ៗមើលខុសត្រូវសាលប្រជុំពី៦ទៅ១០ខ្នង។ គាត់ទៅលេងសាលប្រជុំទាំងនោះ ហើយបង្រៀនអ្នកផ្សាយឲ្យចេះរបៀបថែទាំសាលប្រជុំ។ រៀងរាល់បីឆ្នាំ គាត់វិភាគមើលសាលនីមួយៗ និងសម្រេចថាវាមានសុវត្ថិភាពឬត្រូវជួសជុលឬយ៉ាងណា។
បងប្អូនរបស់យើងពិតជាដឹងគុណចំពោះការរៀបចំឲ្យមានបងប្អូនមកបង្ហាត់បង្រៀន។ បងស្រីម្នាក់ឈ្មោះអ៊ីឌូម៉ាឌីដែលរស់នៅប្រទេសឥណ្ឌា បាននិយាយថា៖«ការបង្ហាត់បង្រៀននេះអស្ចារ្យណាស់។ ខ្ញុំសប្បាយរៀនអំពីរបៀបថែទាំសាលប្រជុំរបស់យើងឲ្យមានសភាពល្អ»។ បងប្រុសម្នាក់ឈ្មោះអេវិន ដែលរស់នៅប្រទេសកេនយ៉ា បានរៀបរាប់ថា៖«ខ្ញុំបានរៀនអំពីរបៀបកាត់បន្ថយការចំណាយ ដោយជួសជុលបញ្ហាតូចតាច មុននឹងវារាលដាលទៅជាធំជាង»។
ការបង់ថ្លៃចំណាយ
ការចំណាយប្រចាំឆ្នាំទៅលើការប្រើប្រាស់និងថែទាំសាលប្រជុំមួយ អាចចាប់ពីរាប់រយដុល្លារទៅដល់រាប់ពាន់ដុល្លារ a អាស្រ័យទៅលើទីតាំងសាលប្រជុំ អាយុកាលរបស់វា និងចំនួនក្រុមជំនុំដែលបានប្រើប្រាស់សាលនោះ។ តើយើងអាចបង់ទៅលើការចំណាយនេះយ៉ាងដូចម្ដេច?
ការថែទាំសាលប្រជុំគឺគាំទ្រដោយវិភាគទាន។ បងប្រុសអាឡិចសេនដឺ ដែលរស់នៅប្រទេសកាហ្សាក់ស្ថាន បានពន្យល់ថា៖«ថវិកាខ្លះបានត្រូវប្រើដើម្បីភ្ជាប់អ៊ីនធឺណិតនិងបង់ថ្លៃទឹកថ្លៃភ្លើង។ ថវិកាខ្លះទៀត បានត្រូវប្រើទៅលើគ្រឿងបរិក្ខារផ្សេងៗ ដូចជាក្រដាសអនាម័យ ស្រោមដៃ បរិក្ខារសម្អាត និងថ្នាំលាប»។ ថវិកាដែលនៅសល់គឺវិភាគទានសម្រាប់កិច្ចការពិភពលោកដើម្បីជួយក្នុងគម្រោងជួសជុលធំជាងនិងថ្លៃជាងនៅទូទាំងពិភពលោក។
គម្រោងជួសជុលដែលធំជាង
បើសាលប្រជុំមួយត្រូវជួសជុលនឹងត្រូវចំណាយប្រាក់ច្រើនជាងធម្មតាដែលបងប្អូនរបស់យើងចំណាយសម្រាប់សាលប្រជុំនោះពីរឬបីខែ នោះក្រុមអ្នកចាស់ទុំនឹងពិភាក្សាជាមួយបងប្អូនដែលជាអ្នកបង្ហាត់បង្រៀនខាងផ្នែករចនាប្លង់និងសាងសង់តាមតំបន់។ បើបងប្អូនក្នុងផ្នែករចនាប្លង់និងសាងសង់តាមតំបន់យល់ព្រមនឹងគម្រោងនោះ តាមធម្មតាការចំណាយនោះត្រូវយកពីវិភាគទានសម្រាប់កិច្ចការទូទាំងពិភពលោក។ ក្នុងអំឡុងឆ្នាំកិច្ចបម្រើ២០២៣ មាន៨.៧៩៣គម្រោងបានត្រូវធ្វើឡើង ដែលចំណាយអស់៧៦,៦លានដុល្លារ។ ឥឡូវសូមឲ្យយើងពិចារណាគម្រោងពីរនៃគម្រោងទាំងនោះ។
នៅប្រទេសអង់ហ្គោឡា សាលប្រជុំមួយខ្នងដែលមានចំណាស់១៥ឆ្នាំហើយ មានបញ្ហាមួយចំនួន។ ប្រព័ន្ធអគ្គិសនីត្រូវផ្លាស់ប្ដូរ ជញ្ជាំងប្រេះស្រាំ ហើយអ្នកជិតខាងបានប្រាប់ថាមានទឹកហូរចូលទៅក្នុងផ្ទះរបស់ពួកគេ។ ផ្នែករចនាប្លង់និងសាងសង់តាមតំបន់ បានរៀបចំគម្រោងមួយដើម្បីជួសជុលបញ្ហាទាំងនោះ។ គម្រោងនេះចំណាយអស់៩.២៨៥ដុល្លារ។ អ្នកជិតខាងសាលប្រជុំនោះពិតជាមានអំណរគុណណាស់ ហើយពួកគេនឹកអស្ចារ្យពេលឃើញបងប្អូនរបស់យើងធ្វើការ។
នៅប្រទេសប៉ូឡូញ ដំបូលសាលប្រជុំមួយបានលិចទឹក ហើយកម្រាលក៏ត្រូវការជួសជុលឡើងវិញដែរ។ ផ្នែករចនាប្លង់និងសាងសង់តាមតំបន់ បានយល់ព្រមឲ្យមានគម្រោងជួសជុលដំបូលនិងប្ដូរកម្រាលថ្មី។ គម្រោងនេះចំណាយអស់៩.៧៥៧ដុល្លារ។ ជាលទ្ធផល សាលប្រជុំនេះមិនត្រូវការកែលម្អធំ អស់បីទៅបួនឆ្នាំ។
ការជួសជុលថែទាំដែលលើកតម្កើងនាមព្រះយេហូវ៉ា
ការជួសជុលថែទាំមិនគ្រាន់តែសន្សំសំចៃប្រាក់វិភាគទានប៉ុណ្ណោះទេ តែក៏នាំឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើងដែរ។ បងប្រុសម្នាក់ឈ្មោះហ្សន ដែលរស់នៅប្រទេសតុងហ្គា បានរៀបរាប់ថា៖«ដោយសារមានកិច្ចការថែទាំសាលប្រជុំ នោះយើងអាចគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយមានរបៀបរៀបរយ ស្អាតស្អំ និងមានដំណើរការល្អ។ ហើយនោះបានធ្វើឲ្យមនុស្សក្នុងសហគមន៍របស់យើងគិតល្អអំពីព្រះយេហូវ៉ា។ យើងមានមោទនភាពអញ្ជើញមនុស្សមកចូលរួមកិច្ចប្រជុំនៅសាលប្រជុំរបស់យើង»។
តើអ្នកអាចជួយតាមរបៀបណា?
យើងទាំងអស់គ្នាអាចជួយសម្អាតនិងថែទាំកន្លែងគោរពប្រណិប័តន៍របស់យើង។ បងម៉ារីណូដែលជាអ្នកបង្ហាត់បង្រៀនខាងផ្នែកថែទាំនៅប្រទេសអូស្ត្រាលី បានរៀបរាប់ថា៖«យើងទាំងអស់គ្នាអាចរួមចំណែកក្នុងកិច្ចការដ៏សំខាន់នេះគឺការថែទាំសាលប្រជុំរបស់យើង។ ពេលយើងធ្វើដូច្នេះ យើងកំពុងជួយសន្សំសំចៃប្រាក់វិភាគទាន ដើម្បីយើងអាចប្រើនៅកន្លែងណាដែលពិតជាត្រូវការ»។
បងជោអែលដែលរស់នៅប្រទេសឥណ្ឌា សប្បាយរួមចំណែកក្នុងកិច្ចការថែទាំសាលប្រជុំរបស់គាត់ណាស់។ គាត់បានប្រាប់ថា៖«ការធ្វើការជាមួយបងប្អូនជួយខ្ញុំឲ្យស្រមៃគិតអំពីអ្វីដែលនឹងកើតឡើងនៅពិភពលោកថ្មី»។ បងនីខូលដែលរៀបរាប់នៅខាងដើម បាននិយាយថា៖«ថ្មីៗនេះ ខ្ញុំជួយជូតឥដ្ឋពេលដែលបងប្អូនជួសជុលបន្ទប់ទឹកដែលជ្រាបទឹក។ ទោះជាខ្ញុំមិនបានជួសជុលដោយផ្ទាល់ក្ដី តែខ្ញុំបានរួមចំណែកជួយការពារកុំឲ្យមានគ្រោះថ្នាក់»។
បើអ្នកចង់ស្ម័គ្រចិត្តជួយថែទាំសាលប្រជុំរបស់អ្នក សូមប្រាប់អ្នកចាស់ទុំក្នុងក្រុមជំនុំរបស់អ្នក។ បន្ថែមទៅទៀត អ្នកក៏អាចគាំទ្រដោយវិភាគទានដែរ។ វិភាគទានរបស់អ្នកមិនគ្រាន់តែសម្រាប់ថែទាំសាលប្រជុំរបស់អ្នកប៉ុណ្ណោះទេ តែក៏ជួយសាលប្រជុំឯទៀតនៅទូទាំងពិភពលោកដែរ។ វិភាគទានទាំងនេះអាចដាក់ក្នុងប្រអប់វិភាគទាននៅសាលប្រជុំរបស់អ្នក ឬអាចជូនតាមរយៈគេហទំព័រdonate.dan124.com។ យើងពិតជាដឹងគុណចំពោះចិត្តទូលាយរបស់អ្នក។
a ប្រាក់ដុល្លារទាំងអស់នៅក្នុងអត្ថបទនេះសំដៅទៅលើដុល្លារអាម៉េរិក។