របៀបដែលវិភាគទានរបស់អ្នកបានត្រូវប្រើ
រទេះរុញដាក់តាំងសៀវភៅ«ដើម្បីផ្សព្វផ្សាយដល់ប្រជាជាតិទាំងឡាយ»
ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣
អស់រយៈពេលជាង១០ឆ្នាំមកហើយ រទេះសម្រាប់ដាក់តាំងសៀវភៅគឺជាផ្នែកមួយនៃកិច្ចផ្សព្វផ្សាយរបស់យើង ហើយរទេះនោះពិតជាទាក់ទាញចំណាប់អារម្មណ៍របស់មនុស្ស។ នៅទូទាំងពិភពលោក ពេលដែលមនុស្សឃើញរទេះនោះ គេដឹងភ្លាមថាជារបស់សាក្សីព្រះយេហូវ៉ា។ រទេះនោះមិនគ្រាន់តែទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សប៉ុណ្ណោះទេ តែក៏ស្រួលប្រើដែរ។ អ្នកប្រហែលជាយល់ស្របនឹងពាក្យសម្ដីរបស់បងស្រីម្នាក់នៅប្រទេសប៉ូឡូញ ឈ្មោះអាសឺណាតា ដែលបានរៀបរាប់ថា៖«រទេះនោះមើលទៅសាមញ្ញមែន តែទាក់ទាញចិត្តមនុស្ស។ រទេះនោះស្រួលដំឡើង ហើយក៏ស្រួលយកទៅកន្លែងផ្សេងៗដែរ»។
តើអ្នកធ្លាប់ឆ្ងល់ទេថារទេះនោះបានត្រូវរចនាឡើងនិងផលិតយ៉ាងដូចម្ដេច?
ការរចនារទេះកាន់តែប្រសើរឡើង
នៅឆ្នាំ២០០១ គណៈអភិបាលបានអនុញ្ញាតឲ្យបងប្អូននៅប្រទេសបារាំងសាកល្បងផ្សព្វផ្សាយសាធារណៈដោយប្រើវិធីផ្សេងៗ ហើយក្នុងនោះក៏មានការប្រើរទេះរុញផងដែរ។ ដូច្នេះ បងប្អូនទាំងនោះបានសាកល្បងវិធីមួយចំនួន។ ជាឧទាហរណ៍ ពួកគាត់បានកែច្នៃវ៉ាលីនិងរទេះដាក់ទំនិញ ដើម្បីដាក់តាំងបង្ហាញសៀវភៅរបស់យើង។ នៅទីបំផុត ការិយាល័យសាខាបារាំងបានសម្រេចជ្រើសរើសទម្រង់រទេះមួយ ហើយក្រោយមកអ្នកផ្សាយបានប្រើរទេះនោះអស់ជាច្រើនឆ្នាំ។
បងប្អូននៅប្រទេសបារាំងពិតជាសប្បាយចិត្តនឹងលទ្ធផលពីការសាកល្បងផ្សព្វផ្សាយសាធារណៈនេះ។ ដូច្នេះហើយ នៅឆ្នាំ២០១១ គណៈអភិបាលបានសម្រេចឲ្យមានកម្មវិធីថ្មីក្នុងការផ្សព្វផ្សាយសាធារណៈនៅក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ដោយប្រើរទេះរុញនិងតុដាក់តាំងបង្ហាញសៀវភៅផ្សេងៗ។ មិនយូរក្រោយមក អ្នកត្រួសត្រាយដែលចូលរួមកម្មវិធីនេះ បានទទួលស្គាល់ថារទេះនោះមានប្រយោជន៍ជាច្រើន ហើយក៏ស្រួលយកទៅកន្លែងផ្សេងៗដែរ។ អ្នកត្រួសត្រាយបានឲ្យយោបល់ខ្លះៗអំពីរបៀបកែលម្អរទេះរុញនោះឲ្យកាន់តែល្អថែមទៀត។ ព្រោះដំបូងរទេះនោះធ្វើពីឈើ ដូច្នេះរាងធ្ងន់បន្តិច ហើយពិបាកយកចុះឡើងជណ្ដើរ។ ម្ល៉ោះហើយបានជាមានការកែលម្អរទេះនោះឲ្យស្រាលជាងមុន តែមិនមែនស្រាលពេករហូតដល់ងាយប៉ីងតាមខ្យល់ទេ។ លក្ខណៈរទេះនោះក៏មានសណ្ឋានធំជាង កង់រឹងមាំជាងដែលអាចរុញនៅលើផ្លូវរដិបរដុបបាន។ មិនត្រឹមតែប៉ុណ្ណោះ រទេះថ្មីនេះក៏មានប្រអប់មួយសម្រាប់ទុកដាក់សៀវភៅបន្ថែមទៀតដែរ។
ដោយសារការផ្សព្វផ្សាយដោយប្រើរទេះបានទទួលលទ្ធផលល្អ នោះនៅឆ្នាំ២០១២ គណៈអភិបាលបានអនុញ្ញាតឲ្យមានការផ្សព្វផ្សាយដោយប្រើរទេះរុញនៅទូទាំងពិភពលោក។ បងប្អូនបានកែលម្អរទេះនោះ ឲ្យមានលក្ខណៈស្រាលជាងមុន ដាក់បានសៀវភៅច្រើនជាង ហើយអាចប្រើបានយូរជាង។
ប៉ុន្មានឆ្នាំក្រោយមក មានការកែលម្អខ្លះៗទៀត។ ជាឧទាហរណ៍ នៅឆ្នាំ២០១៥ រទេះរុញនោះមានប្លាស្ទិកគ្របពីលើដើម្បីការពារពេលមានភ្លៀង។ បងស្រីម្នាក់ឈ្មោះឌីណា ដែលរស់នៅប្រទេសហ្សកហ្ស៊ី ចូលចិត្តការរៀបចំនេះណាស់ គាត់បាននិយាយថា៖«រទេះនេះឡូយណាស់មានអាវភ្លៀងការពារសៀវភៅផ្សេងៗរបស់យើងបានទៀត»។ នៅឆ្នាំ២០១៧ អង្គការយើងបានរៀបចំឲ្យមានស្លាកផ្សព្វផ្សាយដែលអាចឆក់ជាប់នឹងរទេះតែម្ដង ហើយស្លាកនោះមានជាភាសាផ្សេងៗ។ បងថូម៉ាសដែលរស់នៅប្រទេសប៉ូឡូញ បានរៀបរាប់ថា៖«ពីមុនយើងប្រើស្លាកដែលបិទស្កុត ហើយពេលដូរម្ដងៗរាងពិបាកបន្តិច។ ដូច្នេះ ស្លាកដែលឆក់ជាប់រទេះគឺជាដំណោះស្រាយដ៏ល្អណាស់»។ នៅឆ្នាំ២០១៩ មានការកែលម្អថែមទៀត គឺកែលម្អទាំងវត្ថុធាតុដើម ទាំងការផលិត ដើម្បីឲ្យរទេះនោះប្រើប្រាស់បានយូរជាង។
ការផលិតរទេះផ្សព្វផ្សាយ
អង្គការយើងបានផលិតរទេះនោះ ហើយបានចែកចាយទៅក្រុមជំនុំនៅទូទាំងពិភពលោក។ ដើម្បីផលិតរទេះមួយត្រូវចំណាយថវិកាអស់៤៣ដុល្លារអាម៉េរិក ហើយនេះមិនរួមបញ្ចូលតម្លៃផ្ញើនិងតម្លៃផ្សេងទៀតទេ។ រហូតមកដល់ឥឡូវ អង្គការរបស់យើងបានចំណាយជាង១៦លានដុល្លារអាម៉េរិក ក្នុងការផលិតរទេះផ្សព្វផ្សាយនោះ ហើយរទេះផ្សព្វផ្សាយនោះបានត្រូវផ្ញើទៅក្រុមជំនុំផ្សេងៗនៅទូទាំងពិភពលោកជាង៤២០.០០០គ្រឿង។
ដើម្បីប្រើប្រាក់វិភាគទានឲ្យកើតប្រយោជន៍ច្រើនបំផុត អង្គការរបស់យើងបានផលិតរទេះនោះក្នុងបរិមាណច្រើន។ បន្ថែមទៅទៀត ឥឡូវជាជាងកុម្ម៉ង់រទេះថ្មីតែម្ដង ក្រុមជំនុំក៏អាចកុម្ម៉ង់គ្រឿងបន្លាស់សម្រាប់ផ្លាស់ប្ដូរពេលផ្នែកខ្លះខូចដែរ។
រទេះផ្សព្វផ្សាយជាសាក្សីបញ្ជាក់យ៉ាងល្អ
អ្នកផ្សាយទូទាំងពិភពលោកចូលចិត្តប្រើរទេះនេះ។ បងស្រីម៉ាទីណាដែលរស់នៅប្រទេសហ្គាណា បានរៀបរាប់ថា៖«តាមធម្មតា ក្នុងកិច្ចបម្រើផ្សាយយើងច្រើនតែទៅជួបមនុស្ស តែអ្វីមួយដែលខ្ញុំចូលចិត្តអំពីការផ្សព្វផ្សាយដោយប្រើរទេះនេះ គឺមនុស្សមកជួបយើង ហើយសូម្បីតែអ្នកដែលដើរកាត់រទេះនេះ ក៏អាចទទួលដំណឹងល្អដែរ»។
នៅប្រទេសមួយទៀតក្នុងទ្វីបអាហ្វ្រិក បុរសម្នាក់បានដើរមកឯរទេះផ្សព្វផ្សាយរបស់យើង ហើយយកសៀវភៅខ្លះៗជាភាសារបស់គាត់។ មួយសប្តាហ៍ក្រោយមក គាត់បានត្រឡប់មកវិញ ហើយបាននិយាយថា៖«សៀវភៅដែលខ្ញុំបានយកទៅ ខ្ញុំបានអានទាំងអស់ហើយ។ ព័ត៌មាននៅក្នុងនោះពិតជាសំខាន់ណាស់។ ពេលខ្ញុំទៅលេងភូមិខ្ញុំ ខ្ញុំនឹងប្រាប់ក្រុមគ្រួសារខ្ញុំដែរ»។ ភូមិនោះមានចម្ងាយប្រមាណ៥០០គីឡូម៉ែត្រពីកន្លែងដែលគាត់រស់នៅ។ ពីរខែក្រោយមក គាត់បានត្រឡប់មកវិញ ហើយប្រាប់ថា៖«អ្នកភូមិរបស់ខ្ញុំបានអានសៀវភៅទាំងអស់ ហើយពួកគេចូលចិត្តព័ត៌មាននៅក្នុងនោះណាស់។ ពួកគេចង់ក្លាយជាសាក្សីព្រះយេហូវ៉ា តែពួកគេក៏មានចម្ងល់ខ្លះៗដែរ។ ជាឧទាហរណ៍ ពួកគេយល់ថាដើម្បីជ្រមុជទឹក ពួកគេត្រូវពន្លិចខ្លួនទៅក្នុងទឹក។ ប៉ុន្តែ នៅក្បែរភូមិយើងអត់មានទន្លេទេ។ តើយើងត្រូវមកទីនេះដើម្បីទទួលការជ្រមុជទឹកទេ?»។ ឮដូច្នោះ អ្នកផ្សាយបានរៀបចំឲ្យបុរសនោះជួបជាមួយអ្នកត្រួសត្រាយម្នាក់ដែលចេះនិយាយភាសារបស់គាត់។ ចាប់ពីពេលនោះមក ពួកគេទាំងពីរនាក់បានពិភាក្សាអំពីគម្ពីរជាទៀងទាត់។
ពិតជារំភើបចិត្តណាស់ ដែលឃើញរទេះនេះបានត្រូវប្រើដើម្បីផ្សព្វផ្សាយ«នៅគ្រប់ទីអាស្រ័យនៅផែនដីដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ»។ (ម៉ាថាយ ២៤:១៤) តើការចំណាយក្នុងការផលិតរទេះទាំងនេះបានមកពីណា? គឺបានមកពីវិភាគទានសម្រាប់កិច្ចការទូទាំងពិភពលោក ហើយវិភាគទានជាច្រើនបានទទួលតាមរយៈគេហទំព័រdonate.dan124.com។ សូមអរគុណចំពោះវិភាគទានដែលលោកអ្នកបានជូនដោយចិត្តទូលាយ។