២ ជួយដោះស្រាយបញ្ហាផ្សេងៗ
បញ្ហាខ្លះចេះតែបន្ដមានយូរក្នុងជីវិត ជួនកាលអស់រយៈពេលជាច្រើនឆ្នាំ បញ្ហាទាំងនោះទំនងជាចាក់ឫសជ្រៅមុនយើងដឹងខ្លួន ហើយអាចនាំឲ្យយើងធ្លាក់ទឹកចិត្ដ។ តើគម្ពីរផ្ដល់ឲ្យយើងនូវគោលការណ៍ល្អដើម្បីដោះស្រាយបញ្ហាបែបនោះឬទេ? សូមពិចារណាឧទាហរណ៍ខ្លះៗ។
ការខ្វល់ខ្វាយហួសហេតុ
រ៉ូស៊ីនិយាយថា៖ «ខ្ញុំតែងតែបារម្ភអំពីបញ្ហាផ្សេងៗ ហើយស្រមៃឃើញថាបញ្ហាទាំងនោះទៅជាអាក្រក់ខ្លាំងជាង»។ តើខគម្ពីរអ្វីបានជួយនាង? ខគម្ពីរមួយគឺនៅម៉ាថាយ ៦:៣៤ ដែលថា៖ «កុំខ្វល់ខ្វាយអំពីថ្ងៃស្អែកឲ្យសោះ ពីព្រោះថ្ងៃស្អែកនឹងមានកង្វល់សម្រាប់ថ្ងៃស្អែក។ សេចក្ដីអាក្រក់នៅថ្ងៃនីមួយៗ គឺល្មមសម្រាប់ថ្ងៃនោះហើយ»។ ឥឡូវរ៉ូស៊ីនិយាយថា ប្រសាសន៍ទាំងនេះរបស់លោកយេស៊ូបានជួយនាងឲ្យឈប់ខ្វល់ខ្វាយអំពីអ្វីដែលអាចកើតឡើងនៅថ្ងៃស្អែក។ នាងនិយាយបន្ដទៀតថា៖ «ខ្ញុំមានបញ្ហាច្រើនល្មមហើយ ដូច្នេះមិនចាំបាច់ខ្វល់ខ្វាយចំពោះអ្វីដែលមិនទាន់កើតឡើង ឬអ្វីដែលប្រហែលជាមិនកើតឡើងនោះទេ»។
យ៉ាស្មីនក៏ខ្វល់ខ្វាយហួសហេតុដែរ។ នាងនិយាយថា៖ «ខ្ញុំយំអស់ប៉ុន្មានថ្ងៃ ហើយយប់ខ្លះខ្ញុំគេងមិនលក់សោះ។ ខ្ញុំមានអារម្មណ៍ថាទស្សនៈមិនត្រឹមត្រូវគឺកំពុងធ្វើទុក្ខខ្ញុំ»។ តើបទគម្ពីរអ្វីបានជួយនាង? នាងប្រាប់ថាគឺនៅពេត្រុសទី១ ៥:៧ ដែលថា៖ «កាលដែលអ្នករាល់គ្នាផ្ទេរកង្វល់ទាំងអស់ទៅព្រះ ពីព្រោះលោករមែងគិតអំពីអ្នករាល់គ្នា»។ យ៉ាស្មីននិយាយថា៖ «កាលដែលពេលវេលាកន្លងទៅ ខ្ញុំបន្ដអធិដ្ឋានទៅព្រះយេហូវ៉ាហើយលោកបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាបន្ទុកធ្ងន់បានដកចេញពីស្មារបស់ខ្ញុំ។ ខ្ញុំនៅតែមានទស្សនៈមិនត្រឹមត្រូវម្ដងម្កាល ប៉ុន្ដែឥឡូវខ្ញុំដឹងរបៀបយកឈ្នះវា»។
ការបង្អែរបង្អង់
ស្ដ្រីវ័យក្មេងម្នាក់ឈ្មោះអ៊ីសាបេឡានិយាយថា៖ «ខ្ញុំគិតថា ខ្ញុំជាមនុស្សបង្អែរបង្អង់ ដោយសារឪពុកខ្ញុំមានលក្ខណៈនោះដែរ។ ខ្ញុំទុកកិច្ចការសំខាន់ៗធ្វើពេលក្រោយ ហើយធ្វើអ្វីផ្សេងដូចជាសម្រាក ឬមើលទូរទស្សន៍ជាដើម។ ទម្លាប់នោះគឺមិនល្អទេ ដោយសារនោះធ្វើឲ្យកាន់តែមានការតានតឹងចិត្ដ ហើយសម្រេចកិច្ចការមិនបានល្អ»។ គោលការណ៍គម្ពីរដែលបានជួយនាងគឺនៅធីម៉ូថេទី២ ២:១៥ ដែលថា៖ «ចូរខំប្រឹងអស់ពីសមត្ថភាពដើម្បីបង្ហាញខ្លួនអ្នកនៅចំពោះមុខព្រះ ជាមនុស្សដែលលោកពេញចិត្ដ ជាអ្នកធ្វើការដែលគ្មានហេតុអៀនខ្មាស»។ អ៊ីសាបេឡានិយាយថា៖ «ខ្ញុំមិនចង់ឲ្យព្រះយេហូវ៉ាខ្មាសគេ ដោយសារខ្ញុំបង្អែរបង្អង់នោះទេ»។ នាងបានកែប្រែទៅជាល្អប្រសើរជាង។
ស្រដៀងគ្នាដែរ ខេលស៊ីរៀបរាប់ថា៖ «ខ្ញុំទុកកិច្ចការរបស់ខ្ញុំរហូតដល់វិនាទីចុងក្រោយ ទើបខ្ញុំធ្វើ។ នោះធ្វើឲ្យខ្ញុំយំ គេងមិនលក់ ហើយព្រួយបារម្ភ។ នោះមិនល្អសម្រាប់ខ្ញុំសោះ»។ ខេលស៊ីបានរកឃើញជំនួយនៅសុភាសិត ១៣:១៦ ថា៖ «គ្រប់ទាំងមនុស្សដែលមានគំនិតឆ្លៀវឆ្លាត រមែងប្រព្រឹត្ដដោយដំរិះ តែមនុស្សល្ងីល្ងើគេបង្អួតសេចក្ដីចំកួតរបស់ខ្លួនវិញ»។ នាងពន្យល់ថាការរំពឹងគិតអំពីបទគម្ពីរនេះបានបង្រៀននាងថា៖ «គឺជាការឈ្លាសវៃដែលគិតពិចារណានិងរៀបគម្រោងទុកជាមុន។ ឥឡូវខ្ញុំមានកំណត់នៅលើតុដើម្បីដឹងអំពីកិច្ចការនៅខាងមុខ ហើយនេះជួយខ្ញុំឲ្យធ្វើកិច្ចការទាន់ពេល មិនទុកចោលរហូតដល់នាទីចុងក្រោយទេ»។
ភាពឯកោ
ឃីស្ទេនរៀបរាប់ថា៖ «ប្ដីរបស់ខ្ញុំបានចុះចោលខ្ញុំ និងកូនតូចៗបួននាក់»។ តើគោលការណ៍ណាបានជួយនាង? សុភាសិត ១៧:១៧ ចែងថា៖ «មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសំរាប់គ្រាលំបាកដែរ»។ ឃីស្ទេនបានស្វែងរកជំនួយពីអ្នកដែលស្រឡាញ់ព្រះយេហូវ៉ាដូចនាងដែរ។ តើនាងបានទទួលលទ្ធផលយ៉ាងណា? នាងប្រាប់ថា៖ «មិត្ដភក្ដិរបស់ខ្ញុំបានជួយគាំទ្រខ្ញុំតាមរបៀបជាច្រើន! អ្នកខ្លះទុកអាហារ និងផ្កានៅមាត់ទ្វារផ្ទះខ្ញុំ។ មិត្ដភក្ដិរបស់ខ្ញុំជាច្រើននាក់នាំគ្នាមកជួយខ្ញុំនិងកូនដើម្បីរើផ្ទះអស់បីដង។ មិត្ដភក្ដិម្នាក់បានជួយស្វែងរកការងារឲ្យខ្ញុំ។ មិត្ដភក្ដិរបស់ខ្ញុំតែងតែចាំជួយខ្ញុំ»។
ដេហ្វីនដែលបានរៀបរាប់ពីមុន ទំនងជាមានអារម្មណ៍ឯកោដែរ។ ក្រោយបាត់បង់អ្វីៗទាំងអស់ នាងនឹកចាំថា៖ «ខ្ញុំឃើញអ្នកឯទៀតគេរស់នៅជុំគ្នា តែខ្ញុំវិញក្រៀមក្រំចិត្ដតែម្នាក់ឯង។ ខ្ញុំមានអារម្មណ៍ឯកោណាស់»។ បទគម្ពីរដែលបានជួយនាងគឺនៅទំនុកតម្កើង ៦៨:៧ ក្នុងព្រះគម្ពីរខ្មែរសម្រាយ ចែងថា៖ «ព្រះជាម្ចាស់ប្រទានគ្រួសារអោយមនុស្សឯកោ»។ នាងពន្យល់ថា៖ «ខ្ញុំដឹងថាបទគម្ពីរនោះមិនគ្រាន់តែសំដៅលើក្រុមគ្រួសារន័យត្រង់ទេ។ តែខ្ញុំបានយល់ថាព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវស្ថានភាពដែលប្រៀបដូចជាក្រុមគ្រួសារមួយ ដែលឲ្យយើងមានមិត្ដភាពពិតប្រាកដ និងអារម្មណ៍ជិតស្និទ្ធជាមួយនឹងអ្នកឯទៀតដែលស្រឡាញ់លោក។ ប៉ុន្ដែខ្ញុំដឹងថាមុនជិតស្និទ្ធនឹងអ្នកឯទៀត ខ្ញុំត្រូវជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាសិន។ ដូចនៅទំនុកតម្កើង ៣៧:៤ ចែងថា៖ ‹ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នក នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ដ›»។
នាងបញ្ចប់ដោយនិយាយថា៖ «ខ្ញុំទទួលស្គាល់ថា ខ្ញុំត្រូវនៅជិតស្និទ្ធនឹងព្រះយេហូវ៉ាឲ្យកាន់តែខ្លាំង។ លោកគឺជាមិត្ដជិតស្និទ្ធបំផុត។ ខ្ញុំបានសរសេរអំពីសកម្មភាពផ្សេងៗដែលខ្ញុំអាចធ្វើជាមួយពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា ដើម្បីខ្ញុំអាចធ្វើជាមិត្ដភក្ដិរបស់ពួកគេ។ ខ្ញុំរៀនមើលចំណុចល្អរបស់អ្នកឯទៀត ហើយមិនផ្ដោតអារម្មណ៍ទៅលើភាពមិនល្អឥតខ្ចោះរបស់ពួកគេទេ»។
ពិតមែន មិត្ដភក្ដិដែលបម្រើព្រះនៅតែជាមនុស្សមិនល្អឥតខ្ចោះ។ សាក្សីព្រះយេហូវ៉ាក៏មានបញ្ហាដូចអ្នកឯទៀតដែរ។ ប៉ុន្ដែ ការបង្ហាត់បង្រៀនពីគម្ពីរជំរុញចិត្ដមនុស្សឲ្យជួយអ្នកឯទៀតពេលណាដែលអាចធ្វើបាន។ គឺជាការឈ្លាសវៃដែលមានមិត្ដភក្ដិបែបនេះ។ ប៉ុន្ដែ តើគោលការណ៍គម្ពីរអាចជួយយើងចំពោះបញ្ហាដែលមិនអាចដោះស្រាយបាននៅសព្វថ្ងៃនេះ ដូចជាបញ្ហាសុខភាពធ្ងន់ធ្ងរនិងរឿងខ្លោចផ្សារផ្សេងៗឬទេ?
ការធ្វើតាមឱវាទក្នុងគម្ពីរអាចជួយលោកអ្នកឲ្យមានមិត្ដភក្ដិពិតប្រាកដ