តើតាមរបៀបណាយើងអាចរស់នៅក្នុងពិភពលោកថ្មី?
អត្ថបទមុនៗបង្ហាញយើងថា មិនយូរទៀតព្រះនឹងបំបាត់ចោលរបៀបរបបដ៏ទុច្ចរិតរបស់មនុស្ស និងបញ្ហាទាំងអស់ដែលបណ្ដាលមកពីរបៀបរបបនោះ។ យើងអាចប្រាកដថានេះនឹងកើតឡើង។ ហេតុអ្វី? ដោយសារគម្ពីរដែលជាបណ្ដាំរបស់ព្រះបានសន្យាថា៖
«ពិភពលោកនេះ . . . កំពុងឈានទៅរកការសាបសូន្យ»។—យ៉ូហានទី១ ២:១៧
យើងអាចប្រាកដថានឹងមានអ្នកដែលរួចរស់ជីវិតដោយសារខខាងលើនេះក៏បានសន្យាដែរថា៖
«អ្នកណាដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះ អ្នកនោះនឹងនៅជាប់ជារៀងរហូតវិញ»។
ដូច្នេះ បើយើងចង់រួចរស់ជីវិត យើងត្រូវធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ ប៉ុន្តែ ដើម្បីដឹងអំពីបំណងប្រាថ្នារបស់លោក យើងត្រូវស្គាល់លោកឲ្យច្បាស់ជាមុនសិន។
ចូរទទួលសេចក្ដីសង្គ្រោះដោយ‹ស្គាល់ព្រះឲ្យបានច្បាស់›
លោកយេស៊ូមានប្រសាសន៍ថា៖ «អស់អ្នកដែលនឹងទទួលជីវិតដែលគ្មានទីបញ្ចប់ ត្រូវស្គាល់លោកដែលជាព្រះពិតតែមួយឲ្យបានច្បាស់»។ (យ៉ូហាន ១៧:៣) ដើម្បីទទួលសេចក្ដីសង្គ្រោះពេលទីបញ្ចប់មកដល់ ហើយរស់ជារៀងរហូត យើងត្រូវស្គាល់ព្រះឲ្យបានច្បាស់សិន។ នេះមិនមានន័យយើងគ្រាន់តែទទួលស្គាល់ថាមានព្រះ ឬដឹងព័ត៌មានខ្លះៗអំពីលោកប៉ុណ្ណោះទេ។ ប៉ុន្តែ យើងត្រូវតែមានចំណងមិត្តភាពជាមួយនឹងលោក។ បើយើងចង់មានចំណងមិត្តភាពជាមួយនឹងបុគ្គលណាម្នាក់ យើងត្រូវចំណាយពេលជាមួយពួកគេ។ ការមានចំណងមិត្តភាពជាមួយព្រះក៏ដូចគ្នាដែរ។ សូមពិចារណាសេចក្ដីពិតសំខាន់ខ្លះៗពីគម្ពីរដែលអាចជួយយើងបណ្ដុះ និងរក្សាចំណងមិត្តភាពជាមួយនឹងព្រះ។
អានគម្ពីរដែលជាបណ្ដាំរបស់ព្រះរាល់ថ្ងៃ
យើងបរិភោគអាហារជាទៀងទាត់ដើម្បីរស់។ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ថា៖ «មនុស្សមិនត្រូវរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ តែដោយសារគ្រប់ទាំងប្រសាសន៍ដែលចេញពីមាត់របស់ព្រះយេហូវ៉ា»។—ម៉ាថាយ ៤:៤
សព្វថ្ងៃនេះ យើងអាចអានបណ្ដាំរបស់ព្រះយេហូវ៉ានៅក្នុងគម្ពីរ។ ពេលដែលអ្នកសិក្សាសៀវភៅដ៏ពិសិដ្ឋនេះ អ្នកនឹងរៀនសេចក្ដីពិតសំខាន់ៗអំពីអ្វីដែលព្រះបានធ្វើនៅអតីតកាល អ្វីដែលលោកកំពុងធ្វើនៅឥឡូវនេះ ហើយអ្វីដែលលោកនឹងធ្វើនៅអនាគត។
អធិដ្ឋានទៅព្រះដើម្បីសុំជំនួយ
តើអ្នកអាចធ្វើអ្វីបើអ្នកចង់ស្ដាប់បង្គាប់ព្រះ ប៉ុន្តែពិបាកឈប់ធ្វើអ្វីដែលលោកមិនពេញចិត្ត? បើដូច្នេះ ការស្គាល់ព្រះឲ្យកាន់តែច្បាស់ពិតជាអាចជួយអ្នកមែន។
សូមពិចារណាអំពីស្ត្រីម្នាក់ឈ្មោះសាគូរ៉ា ដែលមានរបៀបរស់នៅប្រាសចាកសីលធម៌។ ពេលគាត់ចាប់ផ្ដើមសិក្សាគម្ពីរ គាត់បានរៀនអំពីបង្គាប់របស់ព្រះដែលថា៖ «ចូររត់ចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»។ (កូរិនថូសទី១ ៦:១៨) បងសាគូរ៉ាអធិដ្ឋានសុំកម្លាំងពីព្រះ ហើយបានឈប់មានរបៀបរស់នៅបែបនេះ។ ប៉ុន្តែ គាត់នៅតែត្រូវបន្តយកឈ្នះការល្បួងផ្សេងៗ។ គាត់រៀបរាប់ថា៖ «ពេលដែលខ្ញុំចាប់ផ្ដើមគិតអំពីរឿងប្រាសចាកសីលធម៌ ខ្ញុំប្រាប់ព្រះយេហូវ៉ាត្រង់ៗ ដោយសារខ្ញុំដឹងថាខ្ញុំមិនអាចយកឈ្នះនឹងការល្បួងនេះដោយខ្លួនឯងបានឡើយ។ សេចក្ដីអធិដ្ឋានបានជួយខ្ញុំឲ្យចូលទៅកាន់តែជិតព្រះយេហូវ៉ា»។ ដូចបងសាគូរ៉ា មនុស្សរាប់លាននាក់កំពុងតែរៀនអំពីព្រះ ដើម្បីស្គាល់លោកកាន់តែច្បាស់។ លោកកំពុងតែផ្ដល់កម្លាំងដែលពួកគេត្រូវការដើម្បីធ្វើការកែប្រែក្នុងជីវិតរបស់ពួកគេ ហើយរស់នៅតាមរបៀបដែលលោកពេញចិត្ត។—ភីលីព ៤:១៣
កាលដែលអ្នកស្គាល់ព្រះកាន់តែច្បាស់ នោះ‹ព្រះក៏ស្គាល់អ្នក›កាន់តែច្បាស់ដែរ ដោយចាត់ទុកអ្នកជាមិត្តសម្លាញ់របស់លោក។ (កាឡាទី ៤:៩; ចម្រៀងសរសើរព្រះ ២៥:១៤) ដូច្នេះ អ្នកនឹងអាចរួចរស់ជីវិត ហើយចូលទៅក្នុងពិភពលោកថ្មីរបស់ព្រះ។ ប៉ុន្តែ តើពិភពលោកថ្មីនោះនឹងមានស្ថានភាពបែបណា? អត្ថបទបន្ទាប់នឹងពន្យល់បន្ថែមទៀត។
a យេហូវ៉ាគឺជាឈ្មោះរបស់ព្រះដែលមាននៅក្នុងគម្ពីរ។