តើពិភពលោកនេះកំពុងឈានទៅរកទីបញ្ចប់ឬ?
លោកអ្នកប្រហែលជាធ្លាប់ឮគម្ពីររៀបរាប់អំពីទីបញ្ចប់នៃពិភពលោក។ (យ៉ូហានទី១ ២:១៧) តើនេះសំដៅទៅលើទីបញ្ចប់នៃមនុស្សជាតិឬ? តើភពផែនដីនឹងក្លាយទៅជាកន្លែងដែលគេបោះបង់ចោល ឬត្រូវបំផ្លាញចោលទាំងស្រុងឬ?
ចម្លើយពីគម្ពីរចំពោះសំណួរទាំងពីរនេះគឺ អត់ទេ!
តើអ្វីដែលនឹងមិនត្រូវបញ្ចប់?
មនុស្សជាតិ
អ្វីដែលគម្ពីរចែង: ព្រះ«មិនបានបង្កើតផែនដីឲ្យនៅទទេនោះទេ តែបានបង្កើតផែនដីជាទីអាស្រ័យនៅវិញ»។—អេសាយ ៤៥:១៨
ភពផែនដី
អ្វីដែលគម្ពីរចែង: «ជំនាន់មួយកន្លងទៅ ជំនាន់មួយទៀតក៏ចូលមកដល់ ប៉ុន្តែ ផែនដីនៅស្ថិតស្ថេរជារៀងរហូត»។—អ្នកទូន្មាន ១:៤
នេះមានន័យថា: យោងទៅតាមគម្ពីរផែនដីនឹងមិនត្រូវបំផ្លាញឡើយ ហើយនឹងតែងតែមានមនុស្សរស់នៅ។ ដូច្នេះ តើទីបញ្ចប់នៃពិភពលោកមានន័យយ៉ាងណា?
សូមពិចារណា: គម្ពីរប្រៀបធៀបទីបញ្ចប់នៃពិភពលោកនេះទៅនឹងអ្វីដែលបានកើតឡើងនៅសម័យណូអេ។ នៅពេលនោះផែនដី«ពោរពេញទៅដោយអំពីឃោរឃៅ»។ (ដើមកំណើត ៦:១៣) ប៉ុន្តែ ណូអេគឺជាមនុស្សសុចរិត។ ដូច្នេះ ព្រះសង្គ្រោះណូអេនឹងក្រុមគ្រួសាររបស់គាត់ តែលោកបានបំផ្លាញចោលមនុស្សទុច្ចរិតដោយទឹកជំនន់។ គម្ពីរបានសំដៅទៅនឹងអ្វីដែលបានកើតឡើងនៅគ្រានោះដោយចែងថា៖ «ពិភពលោកបានលិចលង់នៅគ្រាទឹកជំនន់ធំ»។ (ពេត្រុសទី២ ៣:៦, ខ.ស.) នេះជាទីបញ្ចប់នៃពិភពលោកនៅសម័យនោះ។ ប៉ុន្តែ តើអ្វីបានត្រូវបំផ្លាញចោល? មិនមែនផែនដីនោះទេ តែគឺមនុស្សទុច្ចរិតដែលរស់នៅលើផែនដី។ ដូច្នេះ ពេលគម្ពីរនិយាយអំពីទីបញ្ចប់នៃពិភពលោក នេះមិនសំដៅទៅលើការបំផ្លាញផែនដីនោះឡើយ។ ប៉ុន្តែ នេះសំដៅទៅលើទីបញ្ចប់នៃមនុស្សទុច្ចរិតនៅលើផែនដី និងរបៀបរបបរបស់ពួកគេ។
តើអ្វីដែលនឹងត្រូវបញ្ចប់?
បញ្ហាផ្សេងៗនិងអំពើទុច្ចរិត
អ្វីដែលគម្ពីរចែង: «បន្តិចទៀត នឹងលែងមានមនុស្សអាក្រក់ទៀត អ្នកនឹងមើលកន្លែងដែលពួកគេធ្លាប់នៅ តែអ្នកនឹងមិនឃើញពួកគេទេ។ ប៉ុន្តែ មនុស្សដែលមានចិត្តសុភាពនឹងបានផែនដីជាមត៌ក ពួកគេនឹងសប្បាយរីករាយយ៉ាងខ្លាំង ដោយសារមានសេចក្ដីសុខសាន្តជាបរិបូរ»។—ចម្រៀងសរសើរព្រះ ៣៧:១០, ១១
នេះមានន័យថា: ទឹកជំនន់នៅសម័យណូអេ មិនបានបំផ្លាញអំពើទុច្ចរិតមួយដងជាការស្រេចនោះទេ។ ក្រោយពីទឹកជំនន់ ចាប់ផ្ដើមមានមនុស្សអាក្រក់ដែលនាំឲ្យមនុស្សទាំងអស់មានទុក្ខវេទនាម្ដងទៀត។ ប៉ុន្តែ មិនយូរទៀត ព្រះនឹងបំបាត់ចោលអំពើទុច្ចរិតទាំងឡាយ។ ដូចអ្នកតែងចម្រៀងសរសើរព្រះបានរៀបរាប់ថា៖ «នឹងលែងមានមនុស្សអាក្រក់ទៀត»។ ព្រះនឹងបំផ្លាញអំពើទុច្ចរិតទាំងអស់តាមរយៈរាជាណាចក្ររបស់លោកពោលគឺ រដ្ឋាភិបាលមួយដែលគ្រប់គ្រងពីស្ថានសួគ៌មកលើមនុស្សសុចរិត។
សូមពិចារណា: តើពួកអ្នកដែលគ្រប់គ្រងនៅផែនដីសព្វថ្ងៃនេះ នឹងទទួលយកការគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះឬទេ? គម្ពីរចែងថា ពួកគេនឹងមិនទទួលយកទេ។ ដោយល្ងង់ខ្លៅពួកគេនឹងប្រឆាំងរាជាណាចក្ររបស់ព្រះ។ (ចម្រៀងសរសើរព្រះ ២:២) តើនឹងមានលទ្ធផលអ្វី? រាជាណាចក្ររបស់ព្រះនឹងជំនួសរដ្ឋាភិបាលទាំងអស់របស់មនុស្ស ហើយ«មានតែរាជាណាចក្រនេះប៉ុណ្ណោះនឹងស្ថិតស្ថេរជារៀងរហូត»។ (ដានីយ៉ែល ២:៤៤) ប៉ុន្តែ ហេតុអ្វីការគ្រប់គ្រងរបស់មនុស្សត្រូវតែបញ្ចប់?
ការគ្រប់គ្រងរបស់មនុស្សត្រូវតែបញ្ចប់
អ្វីដែលគម្ពីរចែង: «មនុស្ស . . . គ្មានសមត្ថភាពតម្រង់ជំហានរបស់ខ្លួន»។—យេរេមា ១០:២៣
នេះមានន័យថា: មនុស្សមិនបានត្រូវបង្កើតមកឲ្យមានសមត្ថភាពគ្រប់គ្រងខ្លួនឯងទេ។ ហើយពួកគេក៏គ្មានសមត្ថភាពអាចដឹកនាំអ្នកឯទៀត និងដោះស្រាយបញ្ហាទាំងអស់បានដែរ។
សូមពិចារណា: តាមសព្វវចនាធិប្បាយមួយបានបញ្ជាក់ថា គ្មានរដ្ឋាភិបាលណាមួយមានសមត្ថភាពអាចបំបាត់ចោលបញ្ហាផ្សេងៗដូចជា៖ «ភាពក្រីក្រ ការអត់ឃ្លាន ជំងឺ គ្រោះមហន្តរាយធម្មជាតិ សង្គ្រាម និងអំពើហិង្សាផ្សេងៗបានឡើយ»។ សព្វវចនាធិប្បាយនោះបានបន្តទៀតថា៖ «មនុស្សខ្លះ . . . ជឿថា លុះត្រាតែរដ្ឋាភិបាលទាំងឡាយក្នុងពិភពលោកនេះរួបរួមគ្នាតែមួយ ទើបពួកគេមានសមត្ថភាពអាចដោះស្រាយបញ្ហាទាំងអស់នោះបាន»។ (Britannica Academic) ក៏ប៉ុន្តែ ទោះបីជាមានការរួបរួមគ្នាតែមួយក៏ដោយ ក៏ពិភពលោកនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្សមិនល្អឥតខ្ចោះដដែល ជាអ្នកដែលគ្មានសមត្ថភាពយកឈ្នះការពិបាកផ្សេងៗ និងដោះស្រាយរាល់បញ្ហាទាំងអស់នោះបានទេ។ មានតែរាជាណាចក្ររបស់ព្រះដែលជារដ្ឋាភិបាលតែមួយគត់ដែលមានសមត្ថភាពដោះស្រាយ ហើយលុបបំបាត់ចោលរាល់បញ្ហាទាំងអស់នៅលើផែនដីជារៀងរហូត។
ដូច្នេះ យោងទៅតាមគម្ពីរទីបញ្ចប់នៃពិភពលោកពោលគឺ របៀបរបបពិភពលោកដ៏ទុច្ចរិតនេះ មិនមែនជាអ្វីដែលមនុស្សល្អគួរភ័យខ្លាចនោះទេ។ ផ្ទុយទៅវិញនេះគឺជាអ្វីដែលយើងកំពុងទន្ទឹងរង់ចាំ ពីព្រោះពិភពលោកដ៏ខូចអាក្រក់នេះ នឹងជំនួសវិញដោយពិភពលោកថ្មីដ៏អស្ចារ្យរបស់ព្រះ។
តើអ្វីទាំងអស់នេះនឹងកើតឡើងនៅពេលណា? នៅក្នុងអត្ថបទបន្ទាប់ នឹងពន្យល់ចម្លើយពីគម្ពីរ។