តើទីបញ្ចប់នៃពិភពលោកនេះនឹងកើតឡើងនៅពេលណា?
ដូចយើងបានរៀននៅអត្ថបទមុន ពេលគម្ពីររៀបរាប់អំពីទីបញ្ចប់នៃពិភពលោកនេះ នេះមិនមានន័យថា ជាទីបញ្ចប់នៃផែនដីឬក៏មនុស្សជាតិឡើយ។ ផ្ទុយទៅវិញ នេះមានន័យថា ជាទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏ពុករលួយ និងអស់អ្នកដែលគាំទ្ររបៀបរបបនោះ។ ប៉ុន្តែ តើគម្ពីរចែងថា ទីបញ្ចប់នៃរបៀបរបបដ៏ទុច្ចរិតនេះនឹងកើតឡើងនៅពេលណា?
សូមពិចារណាអ្វីពីរយ៉ាង ដែលលោកយេស៊ូបានមានប្រសាសន៍ ស្ដីអំពីទីបញ្ចប់នៃពិភពលោកនេះ៖
«ចូរចាំយាម ពីព្រោះអ្នករាល់គ្នាមិនដឹងថ្ងៃឬម៉ោងនោះឡើយ»។—ម៉ាថាយ ២៥:១៣
«ចូរឃ្លាំមើលជានិច្ច ចូរប្រុងប្រយ័ត្ន ព្រោះអ្នករាល់គ្នាមិនដឹងថាពេលណាជាពេលកំណត់ឡើយ»។—ម៉ាកុស ១៣:៣៣
គ្មាននរណាម្នាក់នៅលើផែនដីនេះដឹងច្បាស់ថា ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះនឹងមកដល់នៅពេលណាទេ។ ក៏ប៉ុន្តែ ព្រះបានរៀបចំពេលកំណត់ ពោលគឺ «ថ្ងៃនិងម៉ោង»នៃទីបញ្ចប់នៃរបៀបរបបពិភពលោកនេះរួចទៅហើយ។ (ម៉ាថាយ ២៤:៣៦) ប៉ុន្តែ តើនេះមានន័យថា គឺគ្មានវិធីដែលយើងអាចដឹងថា ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះគឺជិតដល់ឬ? មិនមែនដូច្នោះទេ។ លោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកអំពីព្រឹត្តិការណ៍មួយចំនួនដែលបញ្ជាក់ថា ទីបញ្ចប់គឺជិតដល់ហើយ។
សញ្ញាសម្គាល់នៃទីបញ្ចប់
ព្រឹត្តិការណ៍ទាំងនោះគឺជាសញ្ញាសម្គាល់នៃ«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»។ លោកយេស៊ូមានប្រសាសន៍ថា៖ «ប្រជាជាតិមួយនឹងលើកទ័ពទៅច្បាំងនឹងប្រជាជាតិមួយ ហើយរាជាណាចក្រមួយនឹងលើកទ័ពទៅច្បាំងនឹងរាជាណាចក្រមួយ ក៏នឹងមានការអត់ឃ្លាន ថែមទាំងមានរញ្ជួយដីពីកន្លែងមួយទៅកន្លែងមួយទៀតផង»។ (ម៉ាថាយ ២៤:៣, ៧) លោកក៏មានប្រសាសន៍ថា នឹងមាន«រោគរាតត្បាត»ផងដែរ។ (លូកា ២១:១១) តើអ្នកបានឃើញថា ព្រឹត្តិការណ៍ផ្សេងៗដែលលោកយេស៊ូបានមានប្រសាសន៍កំពុងកើតឡើងដែរឬទេ?
សង្គ្រាម គ្រោះទុរភិក្ស ការរញ្ជួយដី និងជំងឺផ្សេងៗ បានបំផ្លិចបំផ្លាញផែនដីនៅសម័យយើង។ ជាឧទាហរណ៍ ក្នុងឆ្នាំ២០០៤ មានការរញ្ជួយដីដ៏ខ្លាំងមួយបានកើតឡើងនៅមហាសមុទ្រឥណ្ឌា ដែលបង្កជារលកយក្សស៊ូណាមី ហើយបានសម្លាប់ជីវិតមនុស្សជាង២២៥.០០០នាក់។ ក្នុងរយៈពេលបីឆ្នាំ រោគរាតត្បាតកូវីដ-១៩ បានសម្លាប់មនុស្ស៦.៩លាននាក់ជាងនៅទូទាំងពិភពលោក។ លោកយេស៊ូបានមានប្រសាសន៍ថាព្រឹត្តិការណ៍ដូចនេះបញ្ជាក់ថា ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះគឺជិតដល់ហើយ។
«គ្រាចុងក្រោយបង្អស់»
គម្ពីររៀបរាប់ថាគ្រាមុនទីបញ្ចប់នៃរបៀបរបបពិភពលោនេះ គឺជា«គ្រាចុងក្រោយបង្អស់»។ (ពេត្រុសទី២ ៣:៣, ៤) ធីម៉ូថេទី២ ៣:១-៥ពន្យល់ថា នៅគ្រាចុងក្រោយបង្អស់មនុស្សនឹងបដិសេធការធ្វើតាមខ្នាតតម្រាស្អាតស្អំខាងសីសធម៌។ (សូមមើលប្រអប់ « គ្រាចុងបំផុតមុនទីបញ្ចប់នៃរបៀបរបបពិភពលោក») នៅសព្វថ្ងៃនេះ តើអ្នកឃើញមនុស្សមានលក្ខណៈគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន លោភលន់ កាចសាហាវ និងគ្មានសេចក្ដីស្រឡាញ់ដែរឬទេ? នេះក៏ជាភ័ស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា យើងកំពុងតែរស់នៅជិតទីបញ្ចប់នៃរបៀបរបបពិភពលោកនេះណាស់ហើយ។
តើគ្រាចុងក្រោយបង្អស់មានរយៈពេលប៉ុណ្ណា? យោងតាមបទគម្ពីរគឺសល់«ពេលតែបន្តិចបន្តួចទេ»។ បន្ទាប់មក ព្រះនឹងបំផ្លាញចោល«ពួកអ្នកដែលកំពុងបង្ខូចផែនដី»។—ការបើកបង្ហាញ ១១:១៥-១៨, ១២:១២
ផែនដីដែលជាសួនឧទ្យានគឺជិតមកដល់ហើយ!
ព្រះបានកំណត់ថ្ងៃនិងម៉ោងដែលលោកនឹងបំផ្លាញពិភពលោកដ៏ទុច្ចរិតនេះរួចទៅហើយ។ (ម៉ាថាយ ២៤:៣៦) ប៉ុន្តែ មានដំណឹងល្អថែមទៀត គឺព្រះ«មិនចង់ឲ្យអ្នកណាម្នាក់ត្រូវបំផ្លាញចោលឡើយ»។ (ពេត្រុសទី២ ៣:៩) ដូច្នេះ លោកបានផ្ដល់ឱកាសដល់មនុស្សជាតិធ្វើតាមខ្នាតតម្រារបស់លោក។ ហេតុអ្វី? ដោយសារលោកចង់ឲ្យពួកយើងរួចរស់ជីវិតនៅទីបញ្ចប់នៃពិភពលោកនេះ ហើយរស់នៅក្នុងពិភពលោកថ្មីរបស់លោក ពេលដែលផែនដីក្លាយទៅជាសួនឧទ្យាន។
ព្រះបានរៀបចំកម្មវិធីបង្រៀននៅទូទាំងពិភពលោក ដើម្បីជួយមនុស្សឲ្យដឹងរបៀបដែលពួកគេអាចរួមចំណែកក្នុងពិភពលោកថ្មីក្រោមរាជាណាចក្ររបស់លោក។ លោកយេស៊ូមានប្រសាសន៍ថា ដំណឹងល្អអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយ«នៅគ្រប់ទីអាស្រ័យនៅផែនដី»។ (ម៉ាថាយ ២៤:១៤) នៅឆ្នាំ២០១៩ សាក្សីព្រះយេហូវ៉ានៅទូទាំងពិភពលោក បានចំណាយពេលជាងរាប់ពាន់លានម៉ោងក្នុងការផ្សព្វផ្សាយនិងបង្រៀនមនុស្សអំពីសេចក្ដីសង្ឃឹមពីគម្ពីរ។ លោកយេស៊ូមានប្រសាសន៍ថាកិច្ចការផ្សព្វផ្សាយនេះ នឹងត្រូវធ្វើឡើងនៅទូទាំងផែនដីមុនទីបញ្ចប់មកដល់។
ការគ្រប់គ្រងរបស់មនុស្សគឺជិតចប់ហើយ។ ប៉ុន្តែដំណឹងល្អគឺ អ្នកអាចរួចជីវិតនៅទីបញ្ចប់នៃពិភពលោក ហើយរស់នៅផែនដីដែលជាសួនឧទ្យានដែលព្រះបានសន្យា។ អត្ថបទបន្ទាប់នឹងពិភាក្សាអំពីរបៀបដែលអ្នកអាចរស់នៅក្នុងពិភពលោកថ្មីនោះ។
ទំនាយរបស់លោកយេស៊ូស្ដីអំពី«គ្រាចុងក្រោយបង្អស់»នាំឲ្យយើងមានសេចក្ដីសង្ឃឹម