ពិភពលោកថ្មីដែលជាសួនឧទ្យានគឺជិតដល់ហើយ!
ព្រះបានបង្កើតផែនដីដើម្បីឲ្យមនុស្សសុចរិតរស់នៅជារៀងរហូត។ (ចម្រៀងសរសើរព្រះ ៣៧:២៩) លោកបានឲ្យអាដាមនិងអេវ៉ាដែលប្ដីប្រពន្ធដំបូង រស់នៅក្នុងសួនដ៏ស្រស់ស្អាតមួយដែលហៅថាអេដែន ហើយឲ្យភារកិច្ចដល់ពួកគេនិងកូនចៅរបស់ពួកគេ ឲ្យដាំដុះនិងថែទាំសួននោះ។—ដើមកំណើត ១:២៨; ២:១៥
ពិភពលោកសព្វថ្ងៃនេះគឺខុសគ្នាឆ្ងាយពីសួនឧទ្យានដែលព្រះបានបង្កើត។ ប៉ុន្តែ ព្រះមិនបានផ្លាស់ប្ដូរគោលបំណងរបស់លោកឡើយ។ តើលោកនឹងសម្រេចគោលបំណងដើមរបស់លោកយ៉ាងដូចម្ដេច? ដូចអត្ថបទមុនៗបានបង្ហាញ ព្រះនឹងមិនបំផ្លាញផែនដីនោះទេ។ ប៉ុន្តែ លោកនឹងឲ្យមនុស្សស្មោះត្រង់រស់នៅលើផែនដីនេះ។ ពេលព្រះសម្រេចសេចក្ដីសន្យារបស់លោក តើស្ថានភាពនៅផែនដីនឹងទៅជាយ៉ាងណា?
រដ្ឋាភិបាលមួយដែលនឹងគ្រប់គ្រងលើផែនដីទាំងមូល
មិនយូរទៀត ពេលដែលរដ្ឋាភិបាលថ្មីរបស់ព្រះនៅស្ថានសួគ៌ គ្រប់គ្រងមកលើមនុស្សជាតិ ផែនដីនឹងក្លាយទៅជាកន្លែងដ៏សប្បាយមួយ ជាកន្លែងដែលមនុស្សរស់នៅដោយសាមគ្គីភាព ធ្វើល្អ និងមានការងារដែលស្កប់ចិត្ត។ ព្រះបានតែងតាំងលោកយេស៊ូគ្រិស្តឲ្យគ្រប់គ្រងមកលើផែនដី។ ខុសពីអ្នកគ្រប់គ្រងជាច្រើននៅសព្វថ្ងៃនេះ លោកយេស៊ូយកចិត្តទុកដាក់នឹងរាស្ត្ររបស់លោក។ ការគ្រប់គ្រងរបស់លោកមានមូលដ្ឋានទៅលើសេចក្ដីស្រឡាញ់ ហើយលោកនឹងធ្វើជាស្ដេចដែលសប្បុរស មានសេចក្ដីមេត្តាករុណា នឹងប្រព្រឹត្តដោយយុត្តិធម៌។—អេសាយ ១១:៤
មនុស្សទូទាំងពិភពលោកនឹងមានសាមគ្គីភាព
មនុស្សដែលរស់នៅផែនដីថ្មី នឹងមិនបែងចែកដោយជាតិសាសន៍នោះឡើយ។ មនុស្សជាតិនឹងរួបរួមគ្នាតែមួយ។ (ការបើកបង្ហាញ ៧:៩, ១០) មនុស្សទាំងអស់ដែលរស់នៅផែនដីនឹងស្រឡាញ់ព្រះ និងអ្នកជិតខាងរបស់ពួកគេ ហើយពួកគេនឹងសហការគ្នាដើម្បីសម្រេចគោលបំណងដើមរបស់ព្រះ ដោយថែរក្សាផែនដីដែលជាទីលំនៅរបស់ពួកគេ។—ចម្រៀងសរសើរព្រះ ១១៥:១៦
លែងមានគ្រោះមហន្តរាយធម្មជាតិទៀត
ពេលរាជាណាចក្រព្រះគ្រប់គ្រងផែនដី អ្នកបង្កើតនឹងលុបបំបាត់ចោលរាល់គ្រោះមហន្តរាយធម្មជាតិទាំងឡាយនៅលើផែនដី។ (ចម្រៀងសរសើរព្រះ ២៤:១, ២) ពេលលោកយេស៊ូនៅផែនដី លោកបានបង្ហាញឲ្យយើងឃើញទុកជាមុននូវឫទ្ធានុភាពរបស់ព្រះ ពេលលោកធ្វើឲ្យព្យុះសង្ឃរាដ៏ខ្លាំងមួយស្ងប់ស្ងាត់។ (ម៉ាកុស ៤:៣៩, ៤១) ក្រោមការគ្រប់គ្រងរបស់លោកយេស៊ូ គ្មាននរណាម្នាក់នឹងភ័យខ្លាចដោយសារគ្រោះមហន្តរាយធម្មជាតិទៀតទេ។ ពេលរាជាណាចក្ររបស់ព្រះគ្រប់គ្រង មនុស្សនឹងមានសន្តិភាពជាមួយសត្វ ហើយគ្មាននរណានឹងបង្ខូចផែនដីទៀតឡើយ។—ហូសេ ២:១៨
មានសុខភាពល្អឥតខ្ចោះនិងអាហារជាបរិបូរ
មនុស្សគ្រប់រូបនឹងមានសុខភាពល្អឥតខ្ចោះ។ គ្មានអ្នកណាម្នាក់នឹងឈឺ ចាស់ជរា ឬស្លាប់ឡើយ។ (អេសាយ ៣៥:៥, ៦) មនុស្សនឹងរីករាយរស់នៅក្នុងបរិស្ថានដ៏ស្រស់ស្អាត ដូចជាអ្វីដែលប្ដីប្រពន្ធមួយគូដំបូងធ្លាប់មាននៅសួនអេដែន។ ក្នុងពិភពលោកថ្មី ដូចសួនអេដែនដែរ ដីនឹងបង្កើតផលជាបរិបូរ ហើយគ្មានអ្នកណាម្នាក់ខ្វះអាហារឡើយ។ (ដើមកំណើត ២:៩) ដូចជនជាតិអ៊ីស្រាអែលដែលជារាស្ត្ររបស់ព្រះនៅសម័យបុរាណ មនុស្សគ្រប់រូបនៅក្នុងសួនឧទ្យាននឹង«មានអាហារបរិភោគយ៉ាងស្កប់ស្កល់»។—ច្បាប់លេវី ២៦:៤, ៥
សន្តិភាពនិងសន្តិសុខពិតប្រាកដ
ក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលរបស់ព្រះ មនុស្សទាំងអស់នឹងរីករាយជាមួយនឹងសន្តិភាព ហើយពួកគេនឹងប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកដោយសប្បុរសនិងយុត្តិធម៌។ នៅពេលនោះនឹងលែងមានសង្គ្រាម គ្មានអ្នកណាប្រើអំណាចក្នុងផ្លូវខុស ហើយមនុស្សនឹងមានអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការដើម្បីចិញ្ចឹមជីវិត។ គម្ពីរសន្យាថា៖ «ពួកគេនឹងអង្គុយនៅក្រោមដើមទំពាំងបាយជូរនិងដើមល្វារបស់ខ្លួន ហើយនឹងគ្មានអ្នកណាមកបំភ័យពួកគេឡើយ»។—មីកា ៤:៣, ៤
មានផ្ទះផ្ទាល់ខ្លួននិងការងារដែលស្កប់ចិត្ត
ក្រុមគ្រួសារទាំងអស់នឹងមានផ្ទះផ្ទាល់ខ្លួន ហើយមិនចាំបាច់ភ័យខ្លាចថានឹងបាត់បង់ទីលំនៅនោះទេ ហើយពួកគេនឹងស្កប់ចិត្តរាល់កិច្ចការដែលពួកគេធ្វើ។ ដូចអ្វីដែលគម្ពីរចែង មនុស្សទាំងអស់ដែលរស់នៅក្នុងពិភពលោកថ្មីរបស់ព្រះ«នឹងមិនខំប្រឹងធ្វើការនឿយហត់ដោយឥតប្រយោជន៍ទេ»។—អេសាយ ៦៥:២១-២៣
ការអប់រំដែលល្អបំផុត
គម្ពីរសន្យាថា៖ «ផែនដីនឹងពេញទៅដោយចំណេះរបស់ព្រះយេហូវ៉ា»។ (អេសាយ ១១:៩) សមាជិកនៃពិភពលោកថ្មីនឹងរៀនពីប្រាជ្ញាដែលគ្មានកម្រិតរបស់ព្រះយេហូវ៉ាដែលជាអ្នកបង្កើត និងអំពីអ្វីៗដែលស្រស់ស្អាតដែលលោកបានបង្កើត។ ពួកគេនឹងមិនប្រើចំណេះរបស់ខ្លួនដើម្បីបង្កើតអាវុធ ឬបំភ័យអ្នកឯទៀតនោះទេ។ (អេសាយ ២:៤) ផ្ទុយទៅវិញ ពួកគេនឹងរៀនអំពីរបៀបដែលរស់នៅដោយសន្តិភាពជាមួយអ្នកឯទៀត និងរបៀបថែរក្សាផែនដី។—ចម្រៀងសរសើរព្រះ ៣៧:១១
ជីវិតដែលគ្មានទីបញ្ចប់
ព្រះបានយកចិត្តទុកដាក់ក្នុងការរៀបចំផែនដី ដើម្បីឲ្យយើងអាចសប្បាយនឹងជីវិតរស់នៅជារៀងរាល់ថ្ងៃ។ លោកមានបំណងចង់ឲ្យមនុស្សជាតិរស់ជារៀងរហូតនៅលើផែនដី។ (ចម្រៀងសរសើរព្រះ ៣៧:២៩; អេសាយ ៤៥:១៨) ដើម្បីបំពេញគោលបំណងដើមរបស់លោក ព្រះ«នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសាបសូន្យជារៀងរហូត»។ (អេសាយ ២៥:៨) គម្ពីរសន្យាថា៖ «សេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ ក៏នឹងលែងមានទៀតដែរ»។ (ការបើកបង្ហាញ ២១:៤) ព្រះនឹងផ្ដល់ឲ្យមនុស្សជាតិទាំងអស់មានឱកាសរស់ជារៀងរហូត គឺអស់អ្នកដែលរួចរស់ជីវិតពីការបំផ្លាញរបៀបរបបពិភពលោកដ៏ទុច្ចរិតនេះ និងមនុស្សជាច្រើនរាប់មិនអស់ដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅក្នុងពិភពលោកថ្មី។—យ៉ូហាន ៥:២៨, ២៩; សកម្មភាព ២៤:១៥
សូមស្វែងយល់បន្ថែមអំពីរបៀបដែលលោកអ្នកអាចរួចរស់ជីវិតពីទីបញ្ចប់នៃពិភពលោកនេះ ហើយរស់នៅក្នុងពិភពលោកដ៏ល្អប្រសើរដែលជិតមកដល់។ សូមអញ្ជើញសិក្សាគម្ពីរជាមួយសាក្សីព្រះយេហូវ៉ាណាម្នាក់ដោយប្រើសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!