លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើការធ្វើជាមនុស្សល្អប៉ុណ្ណោះអាចធានាថាអ្នកនឹងមានអនាគតដ៏ល្អប្រសើរទេ?

តើការធ្វើជាមនុស្សល្អប៉ុណ្ណោះអាចធានាថាអ្នកនឹងមានអនាគតដ៏ល្អប្រសើរទេ?

អស់​ជា​ច្រើន​សតវត្សរ៍ មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា​ការ​ធ្វើ​ជា​មនុស្ស​ល្អ ហើយ​មាន​សីលធម៌​ល្អ អាច​ជួយ​ពួក​គេ​ឲ្យ​មាន​អនាគត​ល្អ។ ជា​ឧទាហរណ៍ មនុស្ស​ដែល​រស់​នៅ​តំបន់​អាស៊ី​យល់​ស្រប​នឹង​ទ្រឹស្ដី​របស់​ទស្សនវិទូ​ម្នាក់​ឈ្មោះ​ខុងជឺ (​ឆ្នាំ​៥៥១​-​៤៧៩​មុន​គ.ស.​) ដែល​បាន​និយាយ​ថា​៖ ​«​អ្វី​ដែល​អ្នក​មិន​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ធ្វើ​មក​លើ​ខ្លួន កុំ​ធ្វើ​ទៅ​លើ​អ្នក​ឯ​ទៀត​»។

មនុស្ស​ជា​ច្រើន​ព្យាយាម​ធ្វើ​ល្អ

មនុស្ស​ជា​ច្រើន​នៅ​តែ​ជឿ​ថា​ការ​ប្រព្រឹត្ត​ល្អ ជា​គន្លឹះ​ដែល​នាំ​ឲ្យ​ពួក​គេ​មាន​អនាគត​ល្អ​ប្រសើរ។ ពួក​គេ​ព្យាយាម​ប្រព្រឹត្ត​ដោយ​គោរព មាន​សុជីវធម៌ ស្គាល់​តួ​នាទី​របស់​ខ្លួន​ក្នុង​សង្គម ហើយ​រក្សា​មនសិការ​ស្អាត​ស្អំ។ ស្ត្រី​ម្នាក់​ឈ្មោះ​លីន​ដែល​រស់​នៅ​ប្រទេស​វៀតណាម​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​តែង​តែ​ជឿ​ថា បើ​ខ្ញុំ​ប្រព្រឹត្ត​ដោយ​ស្មោះ​ត្រង់ ទង្វើ​នោះ​នឹង​ឲ្យ​ផល​ល្អ​មក​ខ្ញុំ​វិញ​»។

អ្នក​ខ្លះ​ព្យាយាម​ធ្វើ​ល្អ​ដោយ​សារ​ជំនឿ​របស់​ពួក​គេ។ បុរស​ម្នាក់​ឈ្មោះ​ស៊ូយុន ដែល​រស់​នៅ​ប្រទេស​តៃវ៉ាន់​បាន​និយាយ​ថា​៖ ​«​តាំង​ពី​ក្មេង​គេ​បង្រៀន​ខ្ញុំ​ថា បើ​បុគ្គល​ម្នាក់​ធ្វើ​ល្អ គាត់​នឹង​សប្បាយ​ជា​រៀង​រហូត​ទោះ​ជា​គាត់​ស្លាប់​ក្ដី តែ​បើ​គាត់​ធ្វើ​អាក្រក់ គាត់​នឹង​រង​ទុក្ខ​វេទនា​វិញ​»។

តើ​មាន​លទ្ធផល​អ្វី?

ជា​ការ​ត្រឹម​ត្រូវ​ដែល​ការ​ធ្វើ​អំពើ​ល្អ​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​ជា​ច្រើន។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​ដែល​ព្យាយាម​ធ្វើ​អំពើ​ល្អ​ដោយ​ស្មោះ​ទៅ​កាន់​អ្នក​ឯ​ទៀត មិន​តែង​តែ​ទទួល​បាន​លទ្ធផល​ដូច​អ្វី​ដែល​ពួក​គេ​រំពឹង​ទុក​នោះ​ទេ។ ស្ត្រី​ម្នាក់​ឈ្មោះ​ស៊ូពីង​ដែល​រស់​នៅ​ទី​ក្រុង​ហុងកុង​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​រៀន​ពី​បទពិសោធន៍​របស់​ខ្លួន​ឯង​ថា ពួក​អ្នក​ដែល​ធ្វើ​អំពើ​ល្អ មិន​តែង​តែ​ទទួល​ផល​ល្អ​ត្រឡប់​មក​វិញ​នោះ​ទេ។ ខ្ញុំ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ថែ​រក្សា​ក្រុម​គ្រួសារ ហើយ​ធ្វើ​អំពើ​ល្អ។ ប៉ុន្តែ អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​បាន​បរាជ័យ ហើយ​ប្ដី​ខ្ញុំ​បាន​ចុះ​ចោល​ខ្ញុំ​និង​កូន​ប្រុស​របស់​ខ្ញុំ​»។

មនុស្ស​ជា​ច្រើន​ក៏​ឃើញ​ដែរ​ថា សាសនា​មិន​តែង​តែ​ធ្វើឲ្យ​មនុស្ស​ល្អ​នោះ​ទេ។ អេតស៊ូកូ​ដែល​ជា​ស្ត្រី​ម្នាក់​រស់​នៅ​ប្រទេស​ជប៉ុន​បាន​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​បាន​ចូល​អង្គការ​សាសនា​មួយ ហើយ​ក្លាយ​ជា​នាយក​គ្រប់​គ្រង​នៃ​សកម្មភាព​យុវជន។ ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល ដែល​ឃើញ​មនុស្ស​មាន​សីលធម៌​ធូរ​រលុង ដណ្ដើម​អំណាច​គ្នា ហើយ​ប្រើ​ថវិកា​របស់​សាសនា​ដោយ​មិន​ស្មោះ​ត្រង់​»។

​«​ខ្ញុំ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ថែ​រក្សា​ក្រុម​គ្រួសារ ហើយ​ធ្វើ​អំពើ​ល្អ។ ប៉ុន្តែ អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​បាន​បរាជ័យ ហើយ​ប្ដី​ខ្ញុំ​បាន​ចុះ​ចោល​ខ្ញុំ​និង​កូន​ប្រុស​របស់​ខ្ញុំ​»។—ស៊ូពីង​ពី​ទី​ក្រុង​ហុងកុង

មនុស្ស​ខ្លះ​ដែល​មាន​ជំនឿ​មុត​មាំ ហើយ​ព្យាយាម​ធ្វើ​ល្អ​បាន​ខក​ចិត្ត​ពេល​រឿង​អាក្រក់​កើត​ឡើង​ចំពោះ​ពួក​គេ។ នេះ​ជា​អារម្មណ៍​របស់​ស្ត្រី​ម្នាក់​ពី​ប្រទេស​វៀតណាម​ឈ្មោះ​វ៉ាន់។ គាត់​និយាយ​ថា​៖ ​«​ជា​រៀង​រាល់​ថ្ងៃ​ខ្ញុំ​បាន​ទិញ​ផ្លែ​ឈើ ផ្កា និង​ម្ហូប ហើយ​សែន​នៅ​លើ​អាសនៈ​របស់​ជីដូន​ជីតា​ខ្ញុំ​ដោយ​សង្ឃឹម​ថា ខ្ញុំ​នឹង​ទទួល​ពរ​នៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ ទោះ​ជា​ខ្ញុំ​បាន​ធ្វើ​ល្អ ហើយ​ធ្វើ​តាម​ទំនៀម​ទម្លាប់​សាសនា​អស់​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ ប្ដី​របស់​ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ឈឺ​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​កូន​ស្រី​របស់​ខ្ញុំ​ដែល​រៀន​នៅ​ក្រៅ​ប្រទេស​បាន​ស្លាប់​ទាំង​នៅ​វ័យ​ក្មេង​»។

បើ​ការ​ធ្វើ​ជា​មនុស្ស​ល្អ​មិន​អាច​ធានា​ថា​យើង​នឹង​មាន​អនាគត​ល្អ តើ​អ្វី​អាច​ធានា​បាន? ដើម្បី​ឆ្លើយ​សំណួរ​នេះ យើង​ត្រូវ​ការ​ការ​ណែនាំ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ដែល​អាច​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ដែល​យើង​មាន និង​ប្រាប់​យើង​អំពី​របៀប​ដែល​យើង​អាច​មាន​អនាគត​ដ៏​ល្អ​នោះ។ តើ​យើង​អាច​រក​ឃើញ​ការ​ណែនាំ​បែប​នេះ​នៅ​ឯ​ណា?