អត្ថបទអំពីក្របទស្សនាវដ្ដី | តើគម្ពីរចែងយ៉ាងណាអំពីជីវិតនិងសេចក្ដីស្លាប់?
តើនៅតែមានជីវិតក្រោយពីស្លាប់ឬទេ?
មានទស្សនៈផ្សេងៗអំពីជីវិតនិងសេចក្ដីស្លាប់។ មនុស្សខ្លះមានទស្សនៈថាបន្ទាប់ពីពួកគេស្លាប់ នឹងមានអ្វីមួយបន្ដរស់នៅភពណាមួយទៀត។ មនុស្សខ្លះទៀតគិតថា ពួកគេនឹងចាប់ជាតិ។ មនុស្សឯទៀតនៅតែគិតថាសេចក្ដីស្លាប់គឺជាការបញ្ចប់អ្វីៗទាំងអស់។
អ្នកប្រហែលជាមានជំនឿផ្ទាល់ខ្លួនស្ដីអំពីរឿងនេះ អាស្រ័យទៅលើរបៀបចិញ្ចឹមអប់រំឬក៏ទំនៀមទម្លាប់។ ដោយសារមានទស្សនៈខុសៗគ្នាយ៉ាងខ្លាំងអំពីអ្វីដែលកើតឡើងពេលស្លាប់ តើយើងអាចទទួលចម្លើយចំពោះសំណួរនេះពីបុគ្គលណានិងកន្លែងណាដែលគួរឲ្យទុកចិត្ដនិងពិតត្រង់ឬទេ?
អស់ជាច្រើនសតវត្សរ៍ ពួកអ្នកដឹកនាំសាសនាបានបង្រៀនអំពីព្រលឹងអមតៈ។ មនុស្សភាគច្រើនដែលកាន់សាសនាធំៗដូចជា សាសនាគ្រិស្ដ ហិណ្ឌូ យូដា មូស្លីមនិងសាសនាផ្សេងៗទៀត ជឿទៅលើព្រលឹងអមតៈថាបន្ដរស់នៅពិភពនៃពួកវិញ្ញាណក្រោយពីរូបកាយស្លាប់។ ម្យ៉ាងវិញទៀត ពុទ្ធសាសនាជឿទៅលើការចាប់ជាតិម្ដងហើយម្ដងទៀតរហូតដល់បុគ្គលម្នាក់អាចឈានទៅដល់កន្លែងស្ងប់សុខដែលគេហៅថានិព្វាន។
ដោយសារសេចក្ដីបង្រៀនទាំងនេះ មនុស្សភាគច្រើនក្នុងពិភពលោកជឿថាសេចក្ដីស្លាប់បើកទ្វារទៅរកជីវិតនៅភពមួយផ្សេងទៀត ហើយថាសេចក្ដីស្លាប់គឺជាជំហានសំខាន់មួយនៃដំណើរកើតចាស់ឈឺស្លាប់ និងជាបំណងប្រាថ្នារបស់ព្រះ។ ប៉ុន្ដែ តើគម្ពីរចែងយ៉ាងណាអំពីរឿងនេះ? សូមអានអត្ថបទបន្ទាប់។ ចម្លើយអាចធ្វើឲ្យអ្នកភ្ញាក់ផ្អើល។