លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្នក​អាន​សួរ​ថា . . .

តើ​បុណ្យ​ណូអែល​សម្រាប់​គ្រិស្ដ​សាសនិក​ឬ​ទេ?

តើ​បុណ្យ​ណូអែល​សម្រាប់​គ្រិស្ដ​សាសនិក​ឬ​ទេ?

មនុស្ស​រាប់​លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​ជឿ​ថា​បុណ្យ​ណូអែល​ជា​ពិធី​បុណ្យ​ខួប​កំណើត​របស់​លោក​យេស៊ូ​គ្រិស្ដ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី តើ​អ្នក​ធ្លាប់​គិត​ឬ​ទេ​ថា​គ្រិស្ដ​សាសនិក​នៅ​សតវត្សរ៍​ទី១​ដែល​ជិត​ស្និទ្ធ​បំផុត​នឹង​លោក​យេស៊ូ ធ្វើ​បុណ្យ​ណូអែល​ឬ​មិន​ធ្វើ? ម្យ៉ាង​ទៀត តើ​អ្នក​ដឹង​អ្វី​ដែល​គម្ពីរ​ចែង​អំពី​បុណ្យ​ខួប​កំណើត​ឬ​ទេ? ការ​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​អាច​ជួយ​យើង​ដឹង​ថា​បុណ្យ​ណូអែល​គឺ​សម្រាប់​គ្រិស្ដ​សាសនិក​ឬ​យ៉ាង​ណា។

ទី១ គម្ពីរ​មិន​បាន​រៀប​រាប់​អំពី​បុណ្យ​ខួប​កំណើត​របស់​លោក​យេស៊ូ ឬ​អ្នក​បម្រើ​ស្មោះ​ត្រង់​ឯ​ទៀត​របស់​ព្រះ​ឡើយ។ គម្ពីរ​រៀប​រាប់​តែ​បុគ្គល​ពី​នាក់​ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​បុណ្យ​ខួប​កំណើត។ ពួក​គេ​មិន​មែន​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទេ ហើយ​ក្នុង​អំឡុង​បុណ្យ​ខួប​កំណើត​របស់​ពួក​គេ​មាន​រឿង​អាក្រក់​កើត​ឡើង។ (​លោកុប្បត្ដិ ៤០:២០; ម៉ាកុស ៦:២១​) យោង​ទៅ​តាម​សព្វវចនាធិប្បាយ​មួយ​ពន្យល់​ថា គ្រិស្ដ​សាសនិក​នៅ​សម័យ​ដើម​មិន​ធ្វើ​«​បុណ្យ​ខួប​កំណើត​ដែល​ជា​ទំនៀម​ទម្លាប់​របស់​សាសនា​មិន​ពិត​ទេ​»​ (​Encyclopædia Britannica​)។

តើ​លោក​យេស៊ូ​បាន​កើត​នៅ​ពេល​ណា?

គម្ពីរ​មិន​បាន​រៀប​រាប់​ជាក់​លាក់​អំពី​ថ្ងៃ​ខែ​ដែល​លោក​យេស៊ូ​កើត​នោះ​ទេ។ សព្វវចនាធិប្បាយ​មួយ​ចែង​ថា​៖ ​«​ថ្ងៃ​កំណើត​របស់​គ្រិស្ដ​មិន​មាន​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី ឬ​ប្រភព​ឯ​ទៀត​ឡើយ​»​ (​McCl​in​tock and Strong’s Cyclopedia​)។ បើ​លោក​យេស៊ូ​ចង់​ឲ្យ​អ្នក​កាន់​តាម​លោក​ធ្វើ​បុណ្យ​ខួប​កំណើត​របស់​លោក លោក​ច្បាស់​ជា​ឲ្យ​ពួក​គេ​ដឹង​ថ្ងៃ​កំណើត​របស់​លោក។

ទី២ គម្ពីរ​មិន​បាន​ចែង​ថា​លោក​យេស៊ូ ឬ​អ្នក​កាន់​តាម​ណា​ម្នាក់​របស់​លោក​បាន​ធ្វើ​បុណ្យ​ណូអែល​ឡើយ។ យោង​ទៅ​តាម​សព្វវចនាធិប្បាយ​មួយ​ថា ការ​ធ្វើ​បុណ្យ​ណូអែល​បាន​ត្រូវ​រៀប​រាប់​ជា​លើក​ទី១​«​នៅ​ក្នុង​ប្រតិទិន​របស់​លោក​ហ្វីឡូខាឡឺស ពោល​គឺ​ប្រតិទិន​របស់​ជន​ជាតិ​រ៉ូម​ពី​ឆ្នាំ​៣៣៦ គ.ស.​»​ (​New Catholic Encyclope-​dia​)។ ដូច្នេះ បុណ្យ​នេះ​បាន​ធ្វើ​ក្រោយ​គម្ពីរ​បាន​ត្រូវ​សរសេរ​ចប់ ហើយ​រាប់​រយ​ឆ្នាំ​ក្រោយ​លោក​យេស៊ូ​ស្លាប់។ ហេតុ​នេះ សព្វវចនាធិប្បាយ​របស់​លោក​ម៉ាក់ឃ្លីនថុក​និង​លោក​ស្ដ្រង​រៀប​រាប់​ថា​៖ ​«​ព្រះ​មិន​បាន​បង្គាប់​ឲ្យ​ធ្វើ​បុណ្យ​ណូអែល​ទេ ហើយ​បុណ្យ​ណូអែល​ក៏​មិន​មាន​នៅ​ក្នុង​បទ​គម្ពីរ​សញ្ញា​ថ្មី​ដែរ​»។

តើ​លោក​យេស៊ូ​បាន​ណែនាំ​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​ពិធី​រំលឹក​អំពី​អ្វី?

លោក​យេស៊ូ​ដែល​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ​បាន​ឲ្យ​ការ​ណែនាំ​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​លោក​ចង់​ឲ្យ​អ្នក​កាន់​តាម​លោក​ធ្វើ ហើយ​ការ​ណែនាំ​ទាំង​នោះ​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ។ ប៉ុន្ដែ គ្មាន​ការ​ណែនាំ​អំពី​ការ​ធ្វើ​បុណ្យ​ណូអែល​ទេ។ ដូច​គ្រូ​នៅ​សាលា​មិន​ចង់​ឲ្យ​សិស្ស​របស់​គាត់​ធ្វើ​ហួស​ពី​ការ​ណែនាំ​ដែល​បាន​ឲ្យ​ពួក​គេ លោក​យេស៊ូ​ក៏​មិន​ចង់​ឲ្យ​អ្នក​កាន់​តាម​លោក​«​ធ្វើ​លើស​ពី​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ទុក​»​ក្នុង​គម្ពីរ​បរិសុទ្ធ។—កូរិនថូស​ទី១ ៤:៦

ម្យ៉ាង​វិញ​ទៀត មាន​ព្រឹត្ដិការណ៍​ដ៏​សំខាន់​មួយ​ដែល​គ្រិស្ដ​សាសនិក​នៅ​សម័យ​ដើម​បាន​ស្គាល់​យ៉ាង​ច្បាស់ នោះ​គឺ​ពិធី​រំលឹក​មរណភាព​របស់​លោក​យេស៊ូ។ លោក​យេស៊ូ​ផ្ទាល់​បាន​ប្រាប់​អ្នក​កាន់​លោក​អំពី​ពេល​ណា​ធ្វើ​ពិធី​នោះ ហើយ​បាន​បង្ហាញ​ពួក​គេ​អំពី​របៀប​ធ្វើ​ដូច្នោះ។ ការ​ណែនាំ​ចំ​ៗ​ទាំង​នេះ ព្រម​ទាំង​កាល​បរិច្ឆេទ​នៃ​មរណភាព​របស់​លោក បាន​ត្រូវ​ចែង​ទុក​ក្នុង​គម្ពីរ។—លូកា ២២:១៩; កូរិនថូស​ទី១ ១១:២៥

សរុប​មក បុណ្យ​ណូអែល​គឺ​ជា​បុណ្យ​ខួប​កំណើត ហើយ​គ្រិស្ដ​សាសនិក​នៅ​សម័យ​ដើម​មិន​ធ្វើ​តាម​ទំនៀម​ទម្លាប់​នោះ​ដែល​មក​ពី​សាសនា​មិន​ពិត​ឡើយ។ លើស​ពី​នេះ​ទៅ​ទៀត គម្ពីរ​មិន​បាន​រៀប​រាប់​ថា​លោក​យេស៊ូ ឬ​បុគ្គល​ឯ​ទៀត​បាន​ធ្វើ​បុណ្យ​ណូអែល​នោះ​ទេ។ តាម​ការ​រៀប​រាប់​ខាង​លើ​នេះ គ្រិស្ដ​សាសនិក​រាប់​លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​បាន​យល់​ឃើញ​ថា​បុណ្យ​ណូអែល​គឺ​មិន​មែន​សម្រាប់​ពួក​គេ​ឡើយ។