លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣១

ចូរឲ្យតម្លៃចំពោះឯកសិទ្ធិអធិដ្ឋាន

ចូរឲ្យតម្លៃចំពោះឯកសិទ្ធិអធិដ្ឋាន

​«​សូម​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​គ្រឿង​ក្រអូប​ដែល​បាន​ត្រៀម​ទុក​នៅ​ចំពោះ​មុខ​លោក​»។—ចសព. ១៤១:២

ចម្រៀង​លេខ​៤៧ អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​រាល់​ថ្ងៃ

សេចក្ដី​សង្ខេប a

១. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា?

 យើង​បាន​ទទួល​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មួយ​ពី​អ្នក​បង្កើត​មេឃ​និង​ផែនដី ពោល​គឺ​ការ​អធិដ្ឋាន។ សូម​គិត​៖ យើង​អាច​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អ្វី​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ចិត្ត​យើង​នៅ​ពេល​ណា​ក៏​បាន និង​ជា​ភាសា​ណា​ក៏​បាន ដោយ​មិន​ចាំ​បាច់​ណាត់​ទុក​ជា​មុន។ យើង​អាច​អធិដ្ឋាន​ទៅ​លោក​ពី​លើ​គ្រែ​នៅ​មន្ទីរ​ពេទ្យ ឬ​ពី​ពន្ធនាគារ​ដោយ​មាន​ទំនុក​ចិត្ត​ថា បិតា​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​ស្ដាប់​យើង។ យើង​មាន​អំណរ​គុណ​ខ្លាំង​ណាស់​ចំពោះ​ឯកសិទ្ធិ​នេះ។

២. តើ​ស្ដេច​ដាវីឌ​បាន​បង្ហាញ​យ៉ាង​ណា​ថា​គាត់​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​អធិដ្ឋាន?

ស្ដេច​ដាវីឌ​បាន​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​អធិដ្ឋាន។ គាត់​បាន​ច្រៀង​ចម្រៀង​ជូន​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​គ្រឿង​ក្រអូប​ដែល​បាន​ត្រៀម​ទុក​នៅ​ចំពោះ​មុខ​លោក​»។ (​ចសព. ១៤១:១, ២​) នៅ​សម័យ​របស់​ដាវីឌ ពួក​សង្ឃ​បាន​ប្រើ​គ្រឿង​ក្រអូប​ដ៏​ពិសិដ្ឋ​ដែល​បាន​ត្រូវ​រៀបចំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត។ (​ដច. ៣០:៣៤, ៣៥​) ពាក្យ​របស់​ដាវីឌ​អំពី​គ្រឿង​ក្រអូប​បង្ហាញ​ថា​គាត់​ចង់​គិត​យ៉ាង​ដិត​ដល់​អំពី​អ្វី​ដែល​គាត់​បម្រុង​នឹង​និយាយ ពេល​គាត់​អធិដ្ឋាន​ទៅ​បិតា​របស់​គាត់​នៅ​ស្ថាន​សួគ៌។ យើង​ក៏​ចង់​ធ្វើ​ដូច​នេះ​ដែរ។ យើង​ចង់​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។

៣. តើ​យើង​គួរ​មាន​ចិត្ត​គំនិត​បែប​ណា​ពេល​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​ហេតុ​អ្វី?

ពេល​យើង​អធិដ្ឋាន យើង​គួរ​បង្ហាញ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ។ សូម​គិត​អំពី​អ្វី​ៗ​ដ៏​អស្ចារ្យ​ដែល​អេសាយ អេសេគាល ដានីយ៉ែល និង​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត។ អ្វី​ដែល​ពួក​គាត់​បាន​ឃើញ​គឺ​ខុស​ៗ​គ្នា ប៉ុន្តែ​មាន​អ្វី​មួយ​ដែល​ដូច​គ្នា ពោល​គឺ​ពួក​គាត់​ទាំង​អស់​គ្នា​បាន​ឃើញ​ថា​ព្រះ​យេហូវ៉ា​ជា​ស្ដេច​ដ៏​រុង​រឿង។ អេសាយ​«​បាន​ឃើញ​ព្រះ​យេហូវ៉ា​អង្គុយ​លើ​បល្ល័ង្ក​ដ៏​ខ្ពង់​ខ្ពស់​ឧត្ដម​»។ (​អេ. ៦:១​-​៣​) អេសេគាល​បាន​ឃើញ​ព្រះ​យេហូវ៉ា​អង្គុយ​លើ​រទេះ​របស់​លោក​នៅ​ស្ថាន​សួគ៌ ហើយ​នៅ​ជុំ​វិញ​«​មាន​រស្មី​ភ្លឺ​ចិញ្ចាច​ចិញ្ចែង ដូច​ជា​ឥន្ទធនូ​»។ (​អេគ. ១:២៦​-​២៨​) ដានីយ៉ែល​បាន​ឃើញ​«​ព្រះ​ដែល​មាន​ជីវិត​តាំង​ពី​បុរាណ​»​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ស​ស្គុស ហើយ​មាន​អណ្ដាត​ភ្លើង​ចេញ​ពី​បល្ល័ង្ក​លោក។ (​ដាន. ៧:៩, ១០​) ម្យ៉ាង​ទៀត យ៉ូហាន​បាន​ឃើញ​ព្រះ​យេហូវ៉ា​អង្គុយ​លើ​បល្ល័ង្ក ហើយ​នៅ​ជុំ​វិញ​មាន​ឥន្ទធនូដែល​មាន​លក្ខណៈ​ដូច​ត្បូង​មរកត​ដ៏​ស្រស់​ស្អាត។ (​បប. ៤:២​-​៤​) កាល​ដែល​យើង​រំពឹង​គិត​អំពី​សិរី​រុង​រឿង​ដែល​ប្រៀប​ផ្ទឹម​ពុំ​បាន​របស់​ព្រះ​យេហូវ៉ា នេះ​រំលឹក​យើង​អំពី​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​នៃ​សេចក្ដី​អធិដ្ឋាន និង​អំពី​សារៈ​សំខាន់​នៃ​ការ​អធិដ្ឋាន​ដោយ​បង្ហាញ​ការ​គោរព។ ប៉ុន្តែ តើ​យើង​គួរ​អធិដ្ឋាន​អំពី​អ្វី​ខ្លះ?

​«​អ្នក​រាល់​គ្នា​ត្រូវ​អធិដ្ឋាន​តាម​របៀប​នេះ​»​

៤. តើ​យើង​រៀន​អ្វី​ពី​ពាក្យ​ផ្ដើម​នៃ​សេចក្ដី​អធិដ្ឋាន​គំរូ​នៅ​ម៉ាថាយ ៦:៩, ១០?

សូម​អាន ម៉ាថាយ ៦:៩, ១០ ក្នុង​សុន្ទរកថា​នៅ​លើ​ភ្នំ លោក​យេស៊ូ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​អំពី​របៀប​អធិដ្ឋាន​ដែល​ព្រះ​ពេញ​ចិត្ត។ ក្រោយ​ពី​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​អធិដ្ឋាន​តាម​របៀប​នេះ​»​ លោក​បាន​លើក​ឡើង​អំពី​រឿង​ដ៏​សំខាន់​បំផុត​ក្នុង​សេចក្ដី​អធិដ្ឋាន​មុន​គេ​គឺ​៖ ការ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ ការ​មក​ដល់​នៃ​រាជាណាចក្រ​ព្រះ​ដែល​នឹង​បំផ្លាញ​ពួក​អ្នក​ប្រឆាំង​ទាំង​អស់​របស់​ព្រះ ព្រម​ទាំង​ពរ​ដែល​ព្រះ​នឹង​ផ្ដល់​ឲ្យ​មនុស្សជាតិ និង​អ្វី​ល្អ​ៗ​ដែល​លោក​នឹង​ធ្វើ​ចំពោះ​ផែនដី​នៅ​ពេល​អនាគត។ ដោយ​អធិដ្ឋាន​អំពី​រឿង​បែប​នេះ យើង​បង្ហាញ​ថា​បំណង​ប្រាថ្នា​របស់​ព្រះ​គឺ​សំខាន់​ចំពោះ​យើង។

៥. តើ​គឺ​ជា​ការ​សម​ត្រឹម​ត្រូវ​ឬ​ទេ​ឲ្យ​យើង​អធិដ្ឋាន​អំពី​រឿង​ផ្ទាល់​ខ្លួន?

បន្ទាប់​មក ក្នុង​សេចក្ដី​អធិដ្ឋាន​នោះ លោក​យេស៊ូ​បាន​បង្ហាញ​ថា គឺ​ជា​ការ​សម​ត្រឹម​ត្រូវ​ដែល​យើង​អធិដ្ឋាន​អំពី​រឿង​ផ្ទាល់​ខ្លួន។ យើង​អាច​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​សុំ​អាហារ​សម្រាប់​មួយ​ថ្ងៃ​ៗ សុំ​លោក​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​យើង ការ​ពារ​យើង​ពី​ការ​ល្បួង និង​សង្គ្រោះ​យើង​ពី​មេ​កំណាច។ (​ម៉ាថ. ៦:១១​-​១៣​) ពេល​យើង​អធិដ្ឋាន​អំពី​អ្វី​ទាំង​នេះ យើង​កំពុង​បង្ហាញ​ថា​យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា និង​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។

តើ​ប្ដី​អាច​អធិដ្ឋាន​ជា​មួយ​ប្រពន្ធ​អំពី​រឿង​ណា​ខ្លះ? (​សូម​មើល​វគ្គ​៦​) b

៦. តើ​យើង​គួរ​អធិដ្ឋាន​តែ​អំពី​រឿង​ក្នុង​សេចក្ដី​អធិដ្ឋាន​គំរូ​ប៉ុណ្ណោះ​ឬ​ទេ? សូម​ពន្យល់។

លោក​យេស៊ូ​មិន​ចង់​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​អធិដ្ឋាន​ដោយ​សូត្រ​តាម​ពាក្យ​នៃ​សេចក្ដី​អធិដ្ឋាន​គំរូ​ឡើយ។ ក្នុង​សេចក្ដី​អធិដ្ឋាន​ឯ​ទៀត​របស់​លោក​យេស៊ូ លោក​បាន​លើក​ឡើង​អំពី​រឿង​ផ្សេង​ដែល​សំខាន់​ចំពោះ​លោក​នៅ​ពេល​នោះ។ (​ម៉ាថ. ២៦:៣៩, ៤២; យ៉ូន. ១៧:១​-​២៦​) ស្រដៀង​គ្នា​ដែរ យើង​អាច​អធិដ្ឋាន​អំពី​រឿង​ណា​ក៏​ដោយ​ដែល​យើង​ព្រួយ​បារម្ភ។ ពេល​ដែល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត យើង​អាច​អធិដ្ឋាន​សុំ​ប្រាជ្ញា​និង​ការ​យល់​ដឹង។ (​ចសព. ១១៩:៣៣, ៣៤​) ពេល​ដែល​យើង​ហៀប​នឹង​ចាប់​ផ្ដើម​បំពេញ​ភារកិច្ច​ពិបាក​ណា​មួយ យើង​អាច​អធិដ្ឋាន​សុំ​ឲ្យ​មាន​ការ​យល់​ធ្លុះ​ជ្រៅ​និង​មាន​សមត្ថភាព​វែក​ញែក។ (​សុភ. ២:៦​) ឪពុក​ម្ដាយ​អាច​អធិដ្ឋាន​ឲ្យ​កូន​ៗ​របស់​ពួក​គេ កូន​ៗ​អាច​អធិដ្ឋាន​ឲ្យ​ឪពុក​ម្ដាយ ហើយ​យើង​ទាំង​អស់​គ្នា​អាច​និង​គួរ​អធិដ្ឋាន​ឲ្យ​សិស្ស​គម្ពីរ​របស់​យើង និង​អធិដ្ឋាន​អំពី​ពួក​អ្នក​ដែល​យើង​ជួប​ពេល​ផ្សព្វ​ផ្សាយ។ ប៉ុន្តែ យើង​មិន​គ្រាន់​តែ​គួរ​អធិដ្ឋាន​សុំ​ជំនួយ​ប៉ុណ្ណោះ​ទេ។

តើ​យើង​អាច​សរសើរ​និង​អរគុណ​ព្រះ​យេហូវ៉ា​អំពី​អ្វី​ខ្លះ​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​យើង? (​សូម​មើល​វគ្គ​៧​-​៩​) c

៧. ហេតុ​អ្វី​យើង​គួរ​សរសើរ​ព្រះ​យេហូវ៉ា​ក្នុង​សេចក្ដី​អធិដ្ឋាន?

យើង​គួរ​សរសើរ​ព្រះ​យេហូវ៉ា​ពេល​យើង​អធិដ្ឋាន។ គ្មាន​អ្នក​ណា​សម​នឹង​ទទួល​ការ​សរសើរ​ជាង​ព្រះ​របស់​យើង​ទេ។ លោក​«​ល្អ​ពិត​មែន ហើយ​លោក​បម្រុង​តែ​នឹង​អភ័យ​ទោស​»។ លោក​ក៏​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​មេត្តា​ករុណា និង​មាន​ចិត្ត​អាណិត​អាសូរ លោក​មិន​រហ័ស​ខឹង លោក​មាន​សេចក្ដី​ស្រឡាញ់ និង​សេចក្តី​ស្មោះ​ត្រង់​ជា​បរិបូរ​»។ (​ចសព. ៨៦:៥, ១៥​) យើង​ពិត​ជា​មាន​ហេតុ​ល្អ​ឲ្យ​សរសើរ​ព្រះ​យេហូវ៉ា​ចំពោះ​បុគ្គលិក​លក្ខណៈ​និង​គុណ​សម្បត្តិ​របស់​លោក ព្រម​ទាំង​ចំពោះ​អ្វី​ដែល​លោក​ធ្វើ។

៨. តើ​យើង​អាច​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ខ្លះ? (​ចម្រៀង​សរសើរ​ព្រះ ១០៤:១២​-​១៥, ២៤​)

ក្រៅ​ពី​ការ​សរសើរ​ព្រះ​យេហូវ៉ា​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​យើង យើង​ក៏​ចង់​អរគុណ​លោក​ចំពោះ​អ្វី​ៗ​ដ៏​អស្ចារ្យ​ដែល​លោក​ផ្ដល់​ឲ្យ។ ជា​ឧទាហរណ៍ យើង​អាច​អរគុណ​លោក​ចំពោះ​ពណ៌​ចម្រុះ​ដ៏​ស្រស់​ស្អាត​របស់​ផ្កា អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជា​ច្រើន​មុខ និង​អំណរ​ពី​ការ​មាន​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ។ បិតា​ដែល​ស្រឡាញ់​យើង​ឲ្យ​យើង​អ្វី​ទាំង​នេះ និង​អ្វី​ជា​ច្រើន​ទៀត​ដើម្បី​ធ្វើ​ឲ្យ​យើង​សប្បាយ​រីករាយ។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ១០៤:១២​-​១៥, ២៤) សំខាន់​ជាង​នេះ​ទៅ​ទៀត យើង​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​សេចក្ដី​បង្រៀន​ជា​បរិបូរ​ដែល​ប្រៀប​ដូច​ជា​អាហារ​ដែល​លោក​ផ្ដល់​ឲ្យ និង​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ដែល​យើង​មាន​សម្រាប់​ថ្ងៃ​អនាគត។

៩. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ចេះ​អរគុណ​ព្រះ​យេហូវ៉ា? (​ថែស្សាឡូនិច​ទី​១ ៥:១៧, ១៨​)

យើង​ប្រហែល​ជា​ងាយ​ភ្លេច​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ទាំង​អស់​ដែល​លោក​ធ្វើ​សម្រាប់​យើង។ តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​មិន​ភ្លេច​អរគុណ​លោក? អ្នក​អាច​ធ្វើ​បញ្ជី​មួយ​អំពី​សំណូម​ពរ​របស់​អ្នក ហើយ​ក្រោយ​មក​មើល​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​ទាំង​នោះ។ រួច​មក សូម​អធិដ្ឋាន​អរគុណ​ព្រះ​យេហូវ៉ា​ដែល​លោក​បាន​ជួយ​អ្នក។ (​សូម​អាន ថែស្សាឡូនិច​ទី​១ ៥:១៧, ១៨) សូម​គិត​ទៅ​មើល​៖ ពេល​អ្នក​ឯ​ទៀត​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​យើង យើង​សប្បាយ​ចិត្ត​និង​មាន​អារម្មណ៍​ថា​ខ្លួន​មាន​តម្លៃ។ ស្រដៀង​គ្នា​ដែរ ពេល​យើង​ចេះ​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​ការ​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង នោះ​ធ្វើ​ឲ្យ​លោក​រីករាយ។ (​កូឡ. ៣:១៥​) ប៉ុន្តែ មាន​មូលហេតុ​សំខាន់​មួយ​ទៀត​ដើម្បី​អរគុណ​ព្រះ។

ចូរ​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក

១០. យោង​ទៅ​តាម​ពេត្រុស​ទី​១ ២:២១ ហេតុ​អ្វី​យើង​គួរ​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​ការ​ចាត់​លោក​យេស៊ូ​ឲ្យ​មក​ផែនដី?

១០ សូម​អាន ពេត្រុស​ទី​១ ២:២១ យើង​គួរ​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​ការ​ចាត់​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​ឲ្យ​មក​បង្រៀន​យើង។ យើង​រៀន​ច្រើន​អំពី​ព្រះ​យេហូវ៉ា និង​អំពី​របៀប​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត ដោយ​សិក្សា​អំពី​ជីវិត​របស់​លោក​យេស៊ូ។ បើ​យើង​បង្ហាញ​ជំនឿ​លើ​គ្រឿង​បូជា​របស់​គ្រិស្ត យើង​អាច​ទៅ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ព្រះ​យេហូវ៉ា និង​មាន​សេចក្ដី​សុខ​សាន្ត​ជា​មួយ​លោក។—រ៉ូម ៥:១

១១. ហេតុ​អ្វី​យើង​អធិដ្ឋាន​ដោយ​នូវ​នាម​របស់​លោក​យេស៊ូ?

១១ យើង​អរគុណ​ព្រះ​យេហូវ៉ា​ដែល​យើង​អាច​អធិដ្ឋាន​ទៅ​លោក​ដោយ​នូវ​នាម​របស់​បុត្រ​លោក។ ព្រះ​យេហូវ៉ា​ប្រើ​លោក​យេស៊ូ​ឲ្យ​ផ្ដល់​អ្វី​ដែល​យើង​បាន​សុំ។ ព្រះ​យេហូវ៉ា​ស្ដាប់​និង​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​ដែល​បាន​ត្រូវ​សុំ​តាម​រយៈ​នាម​លោក​យេស៊ូ។ លោក​យេស៊ូ​បាន​ពន្យល់​ថា​៖ ​«​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​សុំ​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ​តាម​សំណូម​ពរ ដើម្បី​ឲ្យ​បិតា​នៅ​ស្ថាន​សួគ៌​ទទួល​ការ​លើក​តម្កើង​តាម​រយៈ​បុត្រ​របស់​លោក​»។—យ៉ូន. ១៤:១៣, ១៤

១២. តើ​មាន​មូលហេតុ​អ្វី​ទៀត​ឲ្យ​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​បុត្រ​របស់​លោក?

១២ ព្រះ​យេហូវ៉ា​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​យើង ដោយ​មាន​មូលដ្ឋាន​លើ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ។ គម្ពីរ​រៀប​រាប់​អំពី​លោក​យេស៊ូ​ថា លោក​ជា​«​សម្ដេច​សង្ឃ​[​របស់​យើង​] . . . ដែល​បាន​អង្គុយ​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​នៃ​ព្រះ​ដ៏​ឧត្ដុង្គ​ឧត្ដម​នៅ​ស្ថាន​សួគ៌​»។ (​ហេ. ៨:១​) លោក​យេស៊ូ​‹ដែល​នៅ​ជា​មួយ​នឹង​បិតា​ជា​អ្នក​ជួយ​យើង›។ (​១យ៉ូន. ២:១​) យើង​មាន​អំណរ​គុណ​ជា​ខ្លាំង​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​នូវ​សម្ដេច​សង្ឃ ដែល​យល់​ភាព​ទន់​ខ្សោយ​របស់​យើង និង​ជា​«​អ្នក​ដែល​អង្វរ​ឲ្យ​យើង​»​! (​រ៉ូម ៨:៣៤; ហេ. ៤:១៥​) យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ដូច្នេះ​បើ​គ្មាន​គ្រឿង​បូជា​របស់​លោក​យេស៊ូ​ទេ យើង​មិន​អាច​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​តាម​រយៈ​សេចក្ដី​អធិដ្ឋាន​បាន​ឡើយ។ អ្នក​ច្បាស់​ជា​យល់​ស្រប​ថា យើង​មិន​អាច​អរគុណ​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ចំពោះ​អំណោយ​ដ៏​ពិសេស​ដែល​លោក​បាន​ផ្ដល់​ឲ្យ​យើង ពោល​គឺ​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក។

ចូរ​អធិដ្ឋាន​ឲ្យ​បង​ប្អូន

១៣. នៅ​យប់​មុន​លោក​យេស៊ូ​ស្លាប់ តើ​លោក​បាន​បង្ហាញ​យ៉ាង​ណា​ថា​លោក​ស្រឡាញ់​ពួក​អ្នក​កាន់​តាម​លោក?

១៣ នៅ​យប់​មុន​លោក​យេស៊ូ​ស្លាប់ លោក​បាន​អធិដ្ឋាន​យ៉ាង​យូរ​អំពី​ពួក​អ្នក​កាន់​តាម​លោក​ដោយ​សុំ​បិតា​លោក​«​ការ​ពារ​ពួក​គាត់ ឲ្យ​រួច​ពី​មេ​កំណាច​»។ (​យ៉ូន. ១៧:១៥​) នេះ​បង្ហាញ​ថា​លោក​យេស៊ូ​ស្រឡាញ់​ពួក​គេ​ខ្លាំង​ណាស់! ទោះ​ជា​លោក​ដឹង​ថា បន្តិច​ទៀត​លោក​នឹង​ត្រូវ​រង​ទុក្ខ​យ៉ាង​ខ្លាំង​ក្ដី លោក​នៅ​តែ​បារម្ភ​អំពី​ពួក​សាវ័ក​លោក។

តើ​យើង​អាច​អធិដ្ឋាន​ឲ្យ​បង​ប្អូន​របស់​យើង អំពី​រឿង​ណា​ខ្លះ? (​សូម​មើល​វគ្គ​១៤​-​១៦​) d

១៤. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ស្រឡាញ់​បង​ប្អូន​របស់​យើង?

១៤ ដូច​លោក​យេស៊ូ យើង​មិន​គ្រាន់​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ។ តែ​យើង​ក៏​អធិដ្ឋាន​ជា​ទៀង​ទាត់​ឲ្យ​បង​ប្អូន​របស់​យើង។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​កំពុង​ធ្វើ​តាម​បញ្ញត្តិ​របស់​លោក​យេស៊ូ​ដែល​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​យើង​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​យ៉ាង​ខ្លាំង។ (​យ៉ូន. ១៣:៣៤​) ការ​អធិដ្ឋាន​ឲ្យ​បង​ប្អូន​របស់​យើង​មិន​មែន​អសារ​ឥត​ការ​នោះ​ទេ។ បណ្ដាំ​របស់​ព្រះ​ប្រាប់​យើង​ថា​៖ ​«​សេចក្ដី​អធិដ្ឋាន​អង្វរ​របស់​មនុស្ស​សុចរិត​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់​»។—យ៉ា. ៥:១៦

១៥. ហេតុ​អ្វី​បង​ប្អូន​របស់​យើង​ត្រូវ​ការ​ឲ្យ​យើង​អធិដ្ឋាន​អំពី​ពួក​គេ?

១៥ បង​ប្អូន​របស់​យើង​ត្រូវ​ការ​សេចក្ដី​អធិដ្ឋាន​ពី​យើង ដោយ​សារ​ពួក​គេ​ជួប​ការ​ពិបាក​ជា​ច្រើន។ យើង​អាច​សុំ​ព្រះ​យេហូវ៉ា​ជួយ​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ជំងឺ មហន្តរាយ​ធម្មជាតិ សង្គ្រាម​ស៊ី​វិល ការ​បៀតបៀន ឬ​ការ​ពិបាក​ផ្សេង​ទៀត។ យើង​ក៏​អាច​អធិដ្ឋាន​ឲ្យ​បង​ប្អូន​ដែល​ខំ​ព្យាយាម​ជួយ​ពួក​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ដែរ។ អ្នក​ប្រហែល​ជា​ស្គាល់​បង​ប្អូន​ខ្លះ​ដែល​ជួប​បញ្ហា​ណា​មួយ​បែប​នេះ។ ដូច្នេះ អ្នក​អាច​លើក​ឈ្មោះ​ពួក​គេ​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​អ្នក។ យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ជា​បង​ប្អូន ដោយ​សុំ​ព្រះ​យេហូវ៉ា​ជួយ​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ។

១៦. ហេតុ​អ្វី​យើង​គួរ​អធិដ្ឋាន​ឲ្យ​ពួក​អ្នក​ដែល​នាំ​មុខ​យើង?

១៦ ពួក​អ្នក​ដែល​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ​មាន​អំណរ​គុណ​ជា​ខ្លាំង​ដែល​យើង​អធិដ្ឋាន​ឲ្យ​ពួក​គេ ហើយ​សេចក្ដី​អធិដ្ឋាន​ទាំង​នោះ​ជួយ​ពួក​គេ។ សាវ័ក​ប៉ូល​ដឹង​ថា គាត់​ត្រូវ​ការ​ឲ្យ​បង​ប្អូន​អធិដ្ឋាន​អំពី​គាត់។ គាត់​បាន​សរសេរ​ថា​៖ ​«​ចូរ​អធិដ្ឋាន​ឲ្យ​ខ្ញុំ​ផង ដើម្បី​ខ្ញុំ​អាច​ផ្សព្វ​ផ្សាយ​ដោយ​ក្លាហាន​អំពី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​នៃ​ដំណឹង​ល្អ​»។ (​អេភ. ៦:១៩​) នៅ​សព្វ​ថ្ងៃ​នេះ យើង​ក៏​មាន​បង​ប្អូន​ប្រុស​ជា​ច្រើន​ដែល​កំពុង​នាំ​មុខ​យើង​យ៉ាង​នឿយ​ហត់។ យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​គេ​ដោយ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ទៅ​លើ​កិច្ច​ការ​របស់​ពួក​គេ។

ពេល​អធិដ្ឋាន​តំណាង​អ្នក​ឯ​ទៀត

១៧​-​១៨. តើ​នៅ​ពេល​ណា​ខ្លះ​យើង​ប្រហែល​ជា​បាន​ត្រូវ​សុំ​ឲ្យ​អធិដ្ឋាន​តំណាង​អ្នក​ឯ​ទៀត ហើយ​តើ​យើង​គួរ​ចាំ​អំពី​អ្វី?

១៧ ជួន​កាល យើង​បាន​ត្រូវ​សុំ​ឲ្យ​អធិដ្ឋាន​តំណាង​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ បង​ស្រី​ម្នាក់​ដែល​ដឹក​នាំ​ការ​សិក្សា​គម្ពីរ ប្រហែល​ជា​សុំ​បង​ស្រី​ដែល​ចូល​រួម​ការ​សិក្សា​ជា​មួយ​គាត់​ឲ្យ​អធិដ្ឋាន។ បង​ស្រី​ដែល​ចូល​រួម​នោះ ប្រហែល​ជា​មិន​សូវ​ស្គាល់​សិស្ស​គម្ពីរ​នោះ​ទេ។ ដូច្នេះ គាត់​ប្រហែល​ជា​មាន​អារម្មណ៍​ស្រួល​ជាង បើ​អធិដ្ឋាន​នៅ​ចុង​បញ្ចប់​ការ​សិក្សា។ យ៉ាង​នេះ គាត់​នឹង​ដឹង​ច្បាស់​ជាង​អំពី​អ្វី​ដែល​គាត់​ត្រូវ​និយាយ​ពេល​ដែល​គាត់​អធិដ្ឋាន​អំពី​សិស្ស​នោះ។

១៨ បង​ប្អូន​ប្រុស​ប្រហែល​ជា​បាន​ត្រូវ​សុំ​ឲ្យ​អធិដ្ឋាន​នៅ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ ឬ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ បង​ប្អូន​ប្រុស​ដែល​ទទួល​ឯកសិទ្ធិ​នេះ​គួរ​ចាំ​អំពី​គោល​បំណង​នៃ​កិច្ច​ប្រជុំ​ទាំង​នេះ។ ការ​អធិដ្ឋាន​មិន​មែន​ជា​ពេល​ដើម្បី​ឲ្យ​ឱវាទ​ដល់​ក្រុម​ជំនុំ ឬ​ប្រាប់​សេចក្ដី​ជូន​ដំណឹង​ទេ។ នៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ភាគ​ច្រើន មាន​តែ​រយៈ​ពេល​ប្រាំ​នាទី​ដើម្បី​ច្រៀង​ចម្រៀង​និង​អធិដ្ឋាន ដូច្នេះ​បង​ប្រុស​ដែល​ជា​អ្នក​អធិដ្ឋាន​មិន​ចាំ​បាច់​«​ពោល​ពាក្យ​ជា​ច្រើន​»​ ជា​ពិសេស​បើ​គាត់​អធិដ្ឋាន​ចាប់​ផ្ដើម​កិច្ច​ប្រជុំ។—ម៉ាថ. ៦:៧

ចូរ​ចាត់​ទុក​ការ​អធិដ្ឋាន​ជា​អាទិភាព​ក្នុង​ជីវិត

១៩. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា?

១៩ ការ​អធិដ្ឋាន​គួរ​តែ​សំខាន់​ទៅ​ៗ​ក្នុង​ជីវិត​របស់​យើង កាល​ដែល​ថ្ងៃ​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា​ខិត​ចូល​មក​ដល់។ ស្ដី​អំពី​រឿង​នេះ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ចាំ​យាម​ជា​និច្ច ព្រម​ទាំង​អធិដ្ឋាន​អង្វរ​សុំ​គ្រប់​ពេល​វេលា ដើម្បី​ឲ្យ​រួច​ផុត​ពី​ការ​ទាំង​អស់​នេះ​ដែល​ត្រូវ​កើត​ឡើង​»។ (​លូក. ២១:៣៦​) មែន​ហើយ បើ​យើង​អធិដ្ឋាន​ជា​ទៀង​ទាត់ ជំនឿ​របស់​យើង​នឹង​រឹង​មាំ ហើយ​យើង​នឹង​ត្រៀម​ខ្លួន​ជា​ស្រេច​ពេល​ថ្ងៃ​វិនិច្ឆ័យ​របស់​ព្រះ​មក​ដល់។

២០. តើ​សេចក្ដី​អធិដ្ឋាន​របស់​យើង​អាច​ប្រៀប​ដូច​ជា​គ្រឿង​ក្រអូប​យ៉ាង​ដូច​ម្ដេច?

២០ តើ​យើង​បាន​ពិចារណា​អ្វី​ខ្លះ? យើង​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​ឯកសិទ្ធិ​អធិដ្ឋាន។ អ្វី​សំខាន់​បំផុត​ដែល​យើង​គួរ​អធិដ្ឋាន គឺ​អំពី​រឿង​ដែល​ជាប់​ទាក់​ទង​នឹង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត យើង​អធិដ្ឋាន​អរគុណ​ចំពោះ​បុត្រ​លោក​និង​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​លោក ហើយ​យើង​ក៏​អធិដ្ឋាន​ឲ្យ​បង​ប្អូន​រួម​ជំនឿ​ផង​ដែរ។ មួយ​វិញ​ទៀត យើង​អាច​អធិដ្ឋាន​អំពី​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​យើង និង​សុំ​ជំនួយ​ដើម្បី​ជួយ​យើង​ឲ្យ​រក្សា​ជំនឿ​មាំ​មួន។ ពេល​យើង​គិត​យ៉ាង​ដិត​ដល់​អំពី​អ្វី​ដែល​យើង​និយាយ​ពេល​អធិដ្ឋាន យើង​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​នេះ។ ពាក្យ​សម្ដី​របស់​យើង​នឹង​ប្រៀប​ដូច​ជា​គ្រឿង​ក្រអូប​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​«​លោក​ពេញ​ចិត្ត​»។—សុភ. ១៥:៨

ចម្រៀង​លេខ​៤៥ ការ​រំពឹង​គិត​ក្នុង​ចិត្ត

a យើង​មាន​ចិត្ត​កតញ្ញូ​ជា​ខ្លាំង​ចំពោះ​ឯកសិទ្ធិ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ យើង​ចង់​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ប្រៀប​ដូច​ជា​គ្រឿង​ក្រអូប​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​រឿង​ខ្លះ​ដែល​សម​ត្រឹម​ត្រូវ​ឲ្យ​លើក​ឡើង​ក្នុង​ការ​អធិដ្ឋាន។ យើង​ក៏​នឹង​ពិចារណា​អំពី​ចំណុច​មួយ​ចំនួន​ដែល​យើង​គួរ​ចង​ចាំ ពេល​យើង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​អធិដ្ឋាន​តំណាង​អ្នក​ឯ​ទៀត។

b ការ​ពណ៌នា​អំពី​រូប​ភាព: ប្ដី​ម្នាក់​អធិដ្ឋាន​ជា​មួយ​ប្រពន្ធ​គាត់​អំពី​សុវត្ថិភាព​របស់​កូន​នៅ​សាលា សុខភាព​ឪពុក​ក្មេក​វ័យ​ចាស់ និង​ការ​រីក​ចម្រើន​របស់​សិស្ស​គម្ពីរ។

c ការ​ពណ៌នា​អំពី​រូប​ភាព: ប្អូន​ប្រុស​វ័យ​ក្មេង​ម្នាក់​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ ផែនដី​ដ៏​ស្រស់​ស្អាត​ដែល​ជា​ទី​លំនៅ​របស់​យើង និង​អាហារ​ដែល​មាន​ជីវជាតិ។

d ការ​ពណ៌នា​អំពី​រូប​ភាព: បង​ស្រី​ម្នាក់​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​ឫទ្ធានុភាព​របស់​លោក​ទៅ​លើ​គណៈ​អភិបាល ព្រម​ទាំង​ជួយ​ពួក​អ្នក​ដែល​រង​ទុក្ខ​ពី​មហន្តរាយ​ធម្មជាតិ​និង​ការ​បៀតបៀន។