អត្ថបទសិក្សា ៣៧
‹ចូរកុំឲ្យទប់ដៃឯងឡើយ›
«នៅពេលព្រឹក ចូរសាបព្រោះពូជរបស់ឯងចុះ ហើយនៅពេលល្ងាចកុំឲ្យទប់ដៃឯងឡើយ»។—សាស្ត. ១១:៦
ចម្រៀងលេខ៦៨ ចូរសាបព្រោះគ្រាប់ពូជរាជាណាចក្រ
សេចក្ដីសង្ខេប *
១-២. តើសាស្ដា ១១:៦ និងកិច្ចការផ្សព្វផ្សាយជាប់ទាក់ទងគ្នាយ៉ាងណា?
នៅប្រទេសខ្លះ មនុស្សចង់រៀនថែមទៀតពេលដែលពួកគេឮដំណឹងល្អ ពីព្រោះនេះជាអ្វីដែលពួកគេកំពុងស្វែងរក។ នៅប្រទេសផ្សេងទៀត មនុស្សមិនសូវចាប់អារម្មណ៍ទៅលើព្រះឬគម្ពីរទេ។ តើមនុស្សទូទៅនៅតំបន់ដែលអ្នករស់នៅមានប្រតិកម្មយ៉ាងណាពេលឮដំណឹងល្អ? ទោះជាមនុស្សមានប្រតិកម្មយ៉ាងណាក៏ដោយ ព្រះយេហូវ៉ាចង់ឲ្យយើងបន្តផ្សព្វផ្សាយរហូតដល់លោកមានប្រសាសន៍ថា កិច្ចការនេះបានចប់ហើយ។
២ ព្រះយេហូវ៉ាបានកំណត់រួចហើយថា ពេលណាកិច្ចការផ្សព្វផ្សាយនឹងត្រូវចប់ បន្ទាប់មក«ទីបញ្ចប់នឹងមកដល់»។ (ម៉ាថ. ២៤:១៤, ៣៦) មុនពេលនោះ តើយើងអាចធ្វើតាមពាក្យដែលថា «កុំឲ្យទប់ដៃឯងឡើយ» *យ៉ាងដូចម្ដេច?—សូមអាន សាស្ដា ១១:៦
៣. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៣ ក្នុងអត្ថបទមុន យើងបានពិចារណាអំពីអ្វីបួនយ៉ាងដែលយើងត្រូវធ្វើ ដើម្បីក្លាយទៅជា«អ្នកនេសាទមនុស្ស»ដ៏មានប្រសិទ្ធភាព។ (ម៉ាថ. ៤:១៩) ក្នុងអត្ថបទនេះ យើងនឹងពិចារណារបៀបបីយ៉ាងដែលយើងអាចពង្រឹងការតាំងចិត្តរបស់យើងឲ្យផ្សព្វផ្សាយ មិនថាយើងជួបស្ថានភាពណាក៏ដោយ។ យើងនឹងរៀនអំពីមូលហេតុសំខាន់ដែលយើងគួរ (១) បន្តផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើផ្សាយ (២) មានចិត្តអត់ធ្មត់ និង(៣) រក្សាជំនឿឲ្យមាំមួន។
ចូរបន្តផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើផ្សាយ
៤. ហេតុអ្វីយើងត្រូវផ្ដោតអារម្មណ៍ទៅលើកិច្ចការដែលព្រះយេហូវ៉ាបានឲ្យយើង?
៤ លោកយេស៊ូបានប្រាប់ទុកជាមុនអំពីព្រឹត្តិការណ៍និងស្ថានភាពដែលនឹងកើតឡើងក្នុងអំឡុងគ្រាចុងក្រោយបង្អស់ ហើយដែលអាចបង្វែរអារម្មណ៍អ្នកកាន់តាមលោកពីកិច្ចការផ្សព្វផ្សាយ។ លោកបានដាស់តឿនអ្នកកាន់តាមលោកឲ្យ«ចាំយាម»។ (ម៉ាថ. ២៤:៤២) នៅសម័យណូអេ មានអ្វីជាច្រើនដែលធ្វើឲ្យមនុស្សមិនអើពើនឹងការព្រមានរបស់គាត់។ អ្វីដូចនេះក៏អាចបំបែរអារម្មណ៍យើងនៅសព្វថ្ងៃនេះដែរ។ (ម៉ាថ. ២៤:៣៧-៣៩; ២ពេ. ២:៥) ហេតុនេះ យើងចង់ផ្ដោតអារម្មណ៍ទៅលើកិច្ចការដែលព្រះយេហូវ៉ាបានឲ្យយើង។
៥. តើសកម្មភាព ១:៦-៨ រៀបរាប់យ៉ាងណាអំពីទំហំនៃកិច្ចការផ្សព្វផ្សាយ?
៥ សព្វថ្ងៃនេះ យើងពិតជាត្រូវផ្ដោតអារម្មណ៍ទៅលើកិច្ចការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រ។ លោកយេស៊ូបានប្រាប់ទុកជាមុនថា អ្នកកាន់តាមលោកនឹងបន្តផ្សព្វផ្សាយក្រោយពីលោកបានស្លាប់ ហើយផ្សព្វផ្សាយនៅកន្លែងច្រើនជាងលោក។ (យ៉ូន. ១៤:១២) ក្រោយពីលោកយេស៊ូបានស្លាប់ ពួកអ្នកកាន់តាមខ្លះបានត្រឡប់ទៅនេសាទត្រីវិញ។ បន្ទាប់ពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានធ្វើអព្ភូតហេតុមួយ ហើយបានជួយពួកអ្នកកាន់តាមលោកខ្លះឲ្យចាប់ត្រីបានយ៉ាងច្រើន។ លោកបានប្រើឱកាសនោះដើម្បីលើកបញ្ជាក់ថា ភារកិច្ចរបស់ពួកគេជាអ្នកនេសាទមនុស្សគឺសំខាន់ជាងកិច្ចការឯទៀត។ (យ៉ូន. ២១:១៥-១៧) បន្តិចមុនលោកយេស៊ូឡើងទៅស្ថានសួគ៌ លោកបានប្រាប់អ្នកកាន់តាមលោកថា កិច្ចការផ្សព្វផ្សាយដែលលោកបានចាប់ផ្ដើម នឹងត្រូវធ្វើឡើងមិនគ្រាន់តែនៅស្រុកអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែក៏នៅកន្លែងឆ្ងាយៗផងដែរ។ (សូមអាន សកម្មភាព ១:៦-៨) ច្រើនឆ្នាំក្រោយមក លោកយេស៊ូបានបើកបង្ហាញឲ្យសាវ័កយ៉ូហានឃើញក្នុងគំនិតអំពីអ្វីដែលនឹងកើតឡើង«នៅថ្ងៃរបស់លោកម្ចាស់»។ * ក្នុងចំណោមអ្វីផ្សេងៗដែលគាត់បានឃើញក្នុងគំនិត យ៉ូហានបានឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺថាក្រោមការណែនាំរបស់ទេវតា «ដំណឹងល្អដែលស្ថិតស្ថេរជា និរន្តរ៍»បានត្រូវផ្សព្វផ្សាយដល់«អស់អ្នកដែលអាស្រ័យនៅផែនដី និងដល់គ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ជាតិសាសន៍»។ (បប. ១:១០; ១៤:៦) ពិតណាស់ គោលបំណងរបស់ព្រះយេហូវ៉ាសម្រាប់យើងនៅសព្វថ្ងៃនេះ គឺឲ្យចូលរួមក្នុងកិច្ចការផ្សព្វផ្សាយនៅទូទាំងពិភពលោករហូតដល់កិច្ចការនេះបានត្រូវបញ្ចប់។
៦. តើយើងអាចបន្តចាត់ទុកកិច្ចការផ្សព្វផ្សាយថាសំខាន់បំផុតក្នុងជីវិតរបស់យើងយ៉ាងដូចម្ដេច?
៦ យើងអាចបន្តផ្ដោតអារម្មណ៍ទៅលើកិច្ចការផ្សព្វផ្សាយ បើយើងរំពឹងគិតអំពីអ្វីទាំងអស់ដែលព្រះយេហូវ៉ាកំពុងធ្វើដើម្បីជួយយើង។ ជាឧទាហរណ៍ លោកកំពុងផ្ដល់ឲ្យយើងនូវសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារយ៉ាងបរិបូរ។ នេះរួមបញ្ចូលសៀវភៅដែលបានត្រូវបោះពុម្ពនិងចេញផ្សាយតាមគ្រឿងអេឡិចត្រូនិក ឯកសារជាសំឡេងនិងវីដេអូ ព្រមទាំងការផ្សាយរបស់យើងតាមប្រព័ន្ធអ៊ីនធឺណិត។ សូមគិតទៅមើល! នៅគេហទំព័រផ្លូវការរបស់យើងមានព័ត៌មានជាង១.០០០ភាសា។ (ម៉ាថ. ២៤:៤៥-៤៧) ក្នុងពិភពលោកដែលបែកបាក់គ្នា ដោយសារនយោបាយ សាសនា និងវណ្ណៈ អ្នកបម្រើរបស់ព្រះជាង៨លាននាក់ពិតជាមានសាមគ្គីភាពជាបងប្អូនរួមជំនឿនៅទូទាំងពិភពលោក។ ជាឧទាហរណ៍ នៅថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩ សាក្សីនៅទូទាំងពិភពលោកបានពិចារណាសុន្ទរកថាអំពីបទគម្ពីរប្រចាំថ្ងៃដូចគ្នា។ នៅល្ងាចនោះ មនុស្ស២០.៩១៩.០៤១នាក់បានជួបជុំគ្នាដើម្បីចូលរួមពិធីរំលឹកមរណភាពរបស់លោកយេស៊ូ។ ពេលយើងគិតអំពីឯកសិទ្ធិដែលយើងមានដើម្បីឃើញនិងចូលរួមក្នុងអ្វីដ៏អស្ចារ្យនេះ នោះយើងចង់បន្តជាប់រវល់ផ្សព្វផ្សាយអំពីរាជាណាចក្រ។
៧. តើគំរូរបស់លោកយេស៊ូជួយយើងយ៉ាងណាឲ្យបន្តផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើផ្សាយ?
៧ របៀបមួយទៀតដែលយើងអាចបន្តផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើផ្សាយ គឺដោយធ្វើតាមគំរូរបស់លោកយេស៊ូ។ លោកមិនបានអនុញ្ញាតឲ្យអ្វីណាក៏ដោយបំបែរអារម្មណ៍លោកពីការធ្វើជាសាក្សីបញ្ជាក់អំពីសេចក្ដីពិតឡើយ។ (យ៉ូន. ១៨:៣៧) លោកមិនបានចុះចាញ់នឹងការល្បួងពេលសាថានចង់ឲ្យលោកនូវ«រាជាណាចក្រទាំងឡាយក្នុងពិភពលោកនិងភាពរុងរឿងរបស់រាជាណាចក្រទាំងនោះ» ហើយលោកមិនយល់ព្រមពេលអ្នកឯទៀតចង់លើកលោកធ្វើជាស្ដេចទេ។ (ម៉ាថ. ៤:៨, ៩; យ៉ូន. ៦:១៥) លោកមិនចង់ធ្វើជាអ្នកមាន ហើយលោកក៏មិនភ័យខ្លាចចំពោះការប្រឆាំងដ៏ខ្លាំងដែរ។ (លូក. ៩:៥៨; យ៉ូន. ៨:៥៩) ពេលជំនឿរបស់យើងបានត្រូវសាកល្បង យើងអាចបន្តផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើផ្សាយ បើយើងនឹកចាំអំពីយោបល់របស់សាវ័កប៉ូល។ គាត់បានលើកទឹកចិត្តគ្រិស្តសាសនិកឲ្យធ្វើតាមគំរូរបស់លោកយេស៊ូ ដើម្បីពួកគេនឹង«មិនល្វើយនិងអស់កម្លាំងចិត្ត»ឡើយ!—ហេ. ១២:៣
ចូរមានចិត្តអត់ធ្មត់
៨. តើចិត្តអត់ធ្មត់គឺជាអ្វី ហើយហេតុអ្វីនេះគឺសំខាន់ជាពិសេសនៅសព្វថ្ងៃនេះ?
៨ ចិត្តអត់ធ្មត់គឺជាសមត្ថភាពរង់ចាំដោយចិត្តស្ងប់ឲ្យស្ថានភាពណាមួយផ្លាស់ប្ដូរ។ យើងត្រូវមានចិត្តអត់ធ្មត់ក្នុងស្ថានភាពផ្សេងៗ។ យើងប្រហែលជាចង់ឲ្យស្ថានភាពអាក្រក់ណាមួយលែងមានទៀត ឬយើងប្រហែលជារង់ចាំអ្វីល្អណាមួយអស់រយៈពេលជាយូរ។ ហាបាគុកដែលជាអ្នកប្រកាសទំនាយចង់ឲ្យការប្រព្រឹត្តដ៏ឃោរឃៅនៅស្រុកយូដាលែងមានទៀត។ (ហាប. ១:២) អ្នកកាន់តាមលោកយេស៊ូបានសង្ឃឹមថារាជាណាចក្រព្រះនឹង«លេចមកភ្លាមមួយរំពេច» ហើយរំដោះពួកគេពីការគ្រប់គ្រងរបស់រ៉ូម។ (លូក. ១៩:១១) យើងចង់ឲ្យរាជាណាចក្ររបស់ព្រះបំបាត់ចោលអំពើទុច្ចរិត ហើយនាំមកនូវពិភពលោកថ្មីដែលពោរពេញទៅដោយមនុស្សដែលស្ដាប់បង្គាប់ព្រះ។ (២ពេ. ៣:១៣) ទោះជាយ៉ាងនេះក្ដី យើងត្រូវមានចិត្តអត់ធ្មត់ ហើយរង់ចាំពេលកំណត់របស់ព្រះយេហូវ៉ា។ សូមពិចារណារបៀបមួយចំនួនដែលព្រះយេហូវ៉ាបង្រៀនយើងឲ្យមានចិត្តអត់ធ្មត់។
៩. តើមានគំរូអ្វីខ្លះដែលបង្ហាញថាព្រះយេហូវ៉ាមានចិត្តអត់ធ្មត់?
៩ ព្រះយេហូវ៉ាគឺជាគំរូដ៏ល្អឥតខ្ចោះស្ដីអំពីចិត្តអត់ធ្មត់។ លោកបានទុកពេលល្មមឲ្យណូអេសង់ទូកធំ និងធ្វើជា«អ្នកផ្សព្វផ្សាយអំពីសេចក្ដីសុចរិត»។ (២ពេ. ២:៥; ១ពេ. ៣:២០) ព្រះយេហូវ៉ាបានស្ដាប់ កាលដែលអាប្រាហាំសួរលោកម្ដងហើយម្ដងទៀតអំពីការសម្រេចចិត្តរបស់លោកក្នុងការបំផ្លាញមនុស្ស ទុច្ចរិតដែលរស់នៅក្រុងសូដុមនិងកូម៉ូរ៉ា។ (លោ. ១៨:២០-៣៣) អស់រាប់រយឆ្នាំ ព្រះយេហូវ៉ាបានបង្ហាញចិត្តអត់ធ្មត់យ៉ាងខ្លាំងចំពោះប្រជាជាតិអ៊ីស្រាអែលដែលមានចិត្តវៀចវេរ។ (នេហ. ៩:៣០, ៣១) យើងឃើញភ័ស្តុតាងអំពីចិត្តអត់ធ្មត់របស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ កាលដែលលោកទុកពេលឲ្យអស់អ្នកដែលលោកទាញនាំ«មានឱកាសប្រែចិត្ត»។ (២ពេ. ៣:៩; យ៉ូន. ៦:៤៤; ១ធី. ២:៣, ៤) គំរូរបស់ព្រះយេហូវ៉ាផ្ដល់មូលហេតុឲ្យយើងបង្ហាញចិត្តអត់ធ្មត់ កាលដែលយើងបន្តផ្សព្វផ្សាយនិងបង្រៀន។ លោកក៏បង្រៀនយើងឲ្យមានចិត្តអត់ធ្មត់ តាមរយៈឧទាហរណ៍មួយដែលមាននៅក្នុងបណ្ដាំរបស់លោក។
១០. តើឧទាហរណ៍អំពីកសិករនៅយ៉ាកុប ៥:៧, ៨ បង្រៀនយើងអ្វី?
១០ សូមអាន យ៉ាកុប ៥:៧, ៨។ ឧទាហរណ៍អំពីកសិករដំណាំបង្រៀនយើងអំពីរបៀបមានចិត្តអត់ធ្មត់។ ពិតមែន ដំណាំខ្លះលូតលាស់លឿន។ ក៏ប៉ុន្តែដំណាំភាគច្រើន ជាពិសេសដំណាំដែលបង្កើតផល ត្រូវការពេលយូរជាងរហូតដល់រដូវប្រមូលផល។ នៅស្រុកអ៊ីស្រាអែល តាំងពីរដូវដាំដុះរហូតដល់រដូវប្រមូលផលគឺប្រហែលជា៦ខែ។ កសិករសាបព្រោះគ្រាប់ពូជក្រោយពីរដូវភ្លៀងដើមឆ្នាំដែលចាប់ផ្ដើមពាក់កណ្ដាលខែតុលា ហើយប្រមូលផលក្រោយរដូវភ្លៀងចុងឆ្នាំដែលចាប់ផ្ដើមពាក់កណ្ដាលខែមេសា។ (ម៉ាក. ៤:២៨) គឺជាការឈ្លាសវៃ បើយើងមានចិត្តអត់ធ្មត់ដូចកសិករ។ ប៉ុន្តែការធ្វើដូច្នេះ ប្រហែលជាមិនស្រួលទេ។
១១. តើចិត្តអត់ធ្មត់នឹងជួយយើងយ៉ាងណាក្នុងកិច្ចបម្រើផ្សាយ?
១១ ធម្មតាមនុស្សមិនល្អឥតខ្ចោះចង់ឃើញលទ្ធផលភ្លាមៗពីកិច្ចការរបស់ពួកគេ។ ប៉ុន្តែ បើយើងចង់ឲ្យដំណាំលូតលាស់និងបង្កើតផល យើងត្រូវថែរក្សាវាគ្រប់ពេលវេលា ដោយជ្រួយដី ដាំ ដកស្មៅ និងស្រោចទឹក។ កិច្ចការជួយមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ ក៏តម្រូវឲ្យខំប្រឹងយ៉ាងយូរដែរ។ ការជួយសិស្សគម្ពីររបស់យើងឲ្យមិនរើសមុខនិងមានសេចក្ដីស្រឡាញ់ គឺត្រូវការពេល។ ចិត្តអត់ធ្មត់នឹងជួយយើងមិនឲ្យធ្លាក់ទឹកចិត្ត ពេលអ្នកឯទៀតមិនស្ដាប់យើង។ ប៉ុន្តែ ទោះជាមនុស្សសុខចិត្តស្ដាប់និងរៀនពីយើងក្ដី យើងនៅតែត្រូវមានចិត្តអត់ធ្មត់ ដោយសារយើងមិនអាចបង្ខំសិស្សគម្ពីរឲ្យមានជំនឿទេ។ នៅពេលខ្លះ សូម្បីតែអ្នកកាន់តាមលោកយេស៊ូ ក៏ក្រនឹងយល់អត្ថន័យនៃអ្វីដែលលោកបានបង្រៀន។ (យ៉ូន. ១៤:៩) សូមយើងចាំថាយើងជាអ្នកដាំនិងអ្នកស្រោច ប៉ុន្តែព្រះជាអ្នកធ្វើឲ្យដុះលូតលាស់។—១កូ. ៣:៦
១២. តើយើងអាចបង្ហាញចិត្តអត់ធ្មត់យ៉ាងដូចម្ដេច ពេលផ្សព្វផ្សាយដល់សាច់ញាតិដែលមិនមែនជាអ្នកជឿ?
១២ យើងប្រហែលជាពិបាកមានចិត្តអត់ធ្មត់ ពេលយើងផ្សព្វផ្សាយដល់សមាជិកក្រុមគ្រួសាររបស់យើងដែលមិនមែនជាសាក្សី។ គោលការណ៍នៅសាស្ដា ៣:៧ អាចជួយយើង។ បទគម្ពីរនោះចែងថា៖ «មានពេលដែលគួរនៅស្ងៀម ហើយពេលសំរាប់និយាយ»។ យើងអាចឲ្យការប្រព្រឹត្តល្អរបស់យើងធ្វើជាសាក្សីដោយមិនបញ្ចេញពាក្យសម្ដីមួយម៉ាត់ ប៉ុន្តែយើងតែងតែរកឱកាសដើម្បីនិយាយអំពីសេចក្ដីពិត។ (១ពេ. ៣:១, ២) យើងមានចិត្តអត់ធ្មត់ចំពោះមនុស្សទាំងអស់ រួមទាំងសមាជិកក្រុមគ្រួសាររបស់យើង កាលដែលយើងផ្សព្វផ្សាយនិងបង្រៀនដោយខ្នះខ្នែង។
១៣-១៤. តើមានគំរូអ្វីខ្លះអំពីចិត្តអត់ធ្មត់ដែលយើងអាចធ្វើតាម?
១៣ យើងអាចរៀនឲ្យចេះមានចិត្តអត់ធ្មត់ពីគំរូរបស់ពួកអ្នកស្មោះត្រង់ក្នុងគម្ពីរ ព្រមទាំងពួកអ្នកស្មោះត្រង់នៅសម័យរបស់យើង។ ហាបាគុកចង់ឲ្យអំពើអាក្រក់លែងមានទៀត ប៉ុន្តែគាត់បានបង្ហាញចិត្តអត់ធ្មត់ ពេលគាត់និយាយថា៖ «ខ្ញុំនឹងនៅត្រង់ទីចាំយាម»។ (ហាប. ២:១) ស្រដៀងគ្នាដែរ សាវ័កប៉ូលបាននិយាយថាគាត់ចង់«បង្ហើយ»កិច្ចបម្រើរបស់គាត់។ ប៉ុន្តែដោយចិត្តអត់ធ្មត់ គាត់បានបន្ត«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ពីដំណឹងល្អ»។—សកម្ម. ២០:២៤
១៤ សូមគិតអំពីគំរូរបស់ប្ដីប្រពន្ធមួយគូដែលរៀនចប់ពីសាលាគីលាត។ ពួកគេបានត្រូវចាត់ឲ្យទៅបម្រើនៅប្រទេសដែលមិនសូវមានសាក្សី ហើយដែលមនុស្សភាគច្រើនមិនកាន់គ្រិស្តសាសនាទេ។ នៅទីនោះ មិនសូវមានមនុស្សចង់រៀនគម្ពីរឡើយ។ ខុសពីនេះ អ្នករៀននៅសាលាគីលាតជំនាន់ប្ដីប្រពន្ធនោះ ដែលបម្រើនៅប្រទេសផ្សេង ប្រាប់ថាពួកគេមានសិស្សគម្ពីរជាច្រើនដែលរីកចម្រើន។ ទោះជានៅតំបន់ផ្សាយរបស់ប្ដីប្រពន្ធនោះមិនសូវមានលទ្ធផលក្ដី ពួកគេបន្តបំពេញកិច្ចបម្រើផ្សាយរបស់ពួកគេដោយអត់ធ្មត់។ នៅទីបំផុត ក្រោយពីផ្សព្វផ្សាយអស់៨ឆ្នាំនៅតំបន់ដែលមិនសូវមានអ្នកស្ដាប់ ពួកគេមានអំណរពេលឃើញសិស្សគម្ពីរម្នាក់ទទួលការជ្រមុជទឹក។ តើគំរូទាំងនេះពីសម័យមុននិងសព្វថ្ងៃនេះបង្រៀនយើងអ្វី? អ្នកបម្រើស្មោះត្រង់ទាំងនេះមិនឈប់ព្យាយាម ឬមិនទប់ដៃរបស់ពួកគេឡើយ ហើយព្រះយេហូវ៉ាបានឲ្យរង្វាន់ពួកគេចំពោះចិត្តអត់ធ្មត់របស់ពួកគេ។ សូមយើង«យកតម្រាប់តាមពួកអ្នកដែលបានទទួលសេចក្ដីសន្យាជាមត៌កដោយសារជំនឿនិងចិត្តអត់ធ្មត់»។—ហេ. ៦:១០-១២
ចូររក្សាជំនឿឲ្យមាំមួន
១៥. តើជំនឿពង្រឹងការតាំងចិត្តរបស់យើងឲ្យផ្សព្វផ្សាយយ៉ាងដូចម្ដេច?
១៥ យើងជឿទៅលើដំណឹងដែលយើងផ្សាយ ដូច្នេះយើងចង់ប្រាប់មនុស្សឲ្យបានច្រើនបំផុតអំពីដំណឹងនេះ។ យើងទុកចិត្តសេចក្ដីសន្យានៅក្នុងបណ្ដាំរបស់ព្រះ។ (ទំនុក. ១១៩:៤២; អេ. ៤០:៨) យើងបានឃើញទំនាយគម្ពីរសម្រេចនៅសម័យយើង។ យើងក៏បានឃើញថា ពេលមនុស្សចាប់ផ្ដើមធ្វើតាមយោបល់ពីគម្ពីរ ជីវិតរបស់ពួកគេប្រសើរជាង។ ភ័ស្តុតាងទាំងនេះធ្វើឲ្យយើងកាន់តែជឿជាក់ថា ដំណឹងល្អអំពីរាជាណាចក្រគឺជាដំណឹងដែលមនុស្សគ្រប់រូបត្រូវឮ។
១៦. យោងទៅតាមទំនុកតម្កើង ៤៦:១-៣ តើជំនឿទៅលើព្រះយេហូវ៉ាពង្រឹងការតាំងចិត្តរបស់យើងឲ្យផ្សព្វផ្សាយយ៉ាងដូចម្ដេច? តើជំនឿលើលោកយេស៊ូក៏ជួយយើងតាមរបៀបណា?
១៦ យើងក៏មានជំនឿលើព្រះយេហូវ៉ាដែលជាប្រភពនៃដំណឹងដែលយើងផ្សាយ ព្រមទាំងលើលោកយេស៊ូដែលព្រះបានតែងតាំងឲ្យគ្រប់គ្រងជាស្ដេចក្នុងរាជាណាចក្រ។ (យ៉ូន. ១៤:១) មិនថាមានរឿងអ្វីកើតឡើងចំពោះយើងក៏ដោយ ព្រះយេហូវ៉ាជាទីពឹងជ្រកនិងកម្លាំងសម្រាប់យើងជានិច្ច។ (សូមអាន ទំនុកតម្កើង ៤៦:១-៣) បន្ថែមទៅទៀត យើងមានទំនុកចិត្តថាលោកយេស៊ូកំពុងដឹកនាំកិច្ចការផ្សព្វផ្សាយពីស្ថានសួគ៌ ដោយប្រើឫទ្ធានុភាពនិងអំណាចដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យលោក។—ម៉ាថ. ២៨:១៨-២០
១៧. សូមលើកឧទាហរណ៍មួយអំពីមូលហេតុដែលយើងគួរបន្តផ្សព្វផ្សាយ។
១៧ ជំនឿពង្រឹងទំនុកចិត្តរបស់យើងថា ព្រះយេហូវ៉ានឹងឲ្យពរចំពោះការខំប្រឹងរបស់យើង។ ពេលខ្លះលោកធ្វើដូច្នេះ តាមរបៀបដែលយើងមិនបានរំពឹងទុក។ (សាស្ដ. ១១:៦) ជា ឧទាហរណ៍ ជារៀងរាល់ថ្ងៃមនុស្សរាប់ពាន់នាក់ឃើញសៀវភៅរបស់យើងដែលដាក់តាំងបង្ហាញនៅលើតុនិងរទេះរុញ។ តើវិធីផ្សព្វផ្សាយនេះមានប្រសិទ្ធភាពឬទេ? ពិតជាមាន! កិច្ចបម្រើព្រះ ខែវិច្ឆិកា ឆ្នាំ២០១៤ ជាភាសាអង់គ្លេស បានរៀបរាប់អំពីនិស្សិតវ័យក្មេងម្នាក់ដែលចង់សរសេរតែងសេចក្ដីអំពីសាក្សីព្រះយេហូវ៉ា។ នាងមិនអាចរកឃើញសាលប្រជុំ ប៉ុន្តែនាងបានឃើញតុដែលដាក់តាំងសៀវភៅរបស់យើងនៅសកលវិទ្យាល័យរបស់នាង ហើយនាងក៏បានរកឃើញព័ត៌មានសម្រាប់តែងសេចក្ដីរបស់នាង។ ក្រោយមក នាងបានទទួលការជ្រមុជទឹកជាសាក្សី ហើយឥឡូវបម្រើជាអ្នកត្រួសត្រាយពេញពេល។ បទពិសោធន៍បែបនេះជំរុញចិត្តយើងឲ្យបន្តផ្សព្វផ្សាយ ដោយសារនៅតែមានមនុស្សដែលត្រូវការស្ដាប់ដំណឹងអំពីរាជាណាចក្រ។
ចូរតាំងចិត្តមិនទប់ដៃរបស់អ្នកឡើយ
១៨. ហេតុអ្វីយើងប្រាកដថាកិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្រនឹងចប់សព្វគ្រប់ ដូចបំណងចិត្តរបស់ព្រះយេហូវ៉ា?
១៨ យើងអាចប្រាកដថាកិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្រនឹងចប់សព្វគ្រប់នៅពេលត្រឹមត្រូវ។ សូមពិចារណាអំពីអ្វីដែលបានកើតឡើងនៅសម័យណូអេ។ ព្រះយេហូវ៉ាបង្ហាញថាអ្វីដែលលោកធ្វើគឺតែងតែនៅពេលដ៏ល្អបំផុត។ ប្រហែលជា១២០ឆ្នាំមុនទឹកជំនន់ ព្រះយេហូវ៉ាបានកំណត់ពេលដែលលោកនឹងធ្វើឲ្យនេះកើតឡើង។ ច្រើនឆ្នាំក្រោយមក ព្រះយេហូវ៉ាបានប្រាប់ណូអេឲ្យសង់ទូកធំ។ អស់ប្រហែលជា៤០ឬ៥០ឆ្នាំមុនទឹកជំនន់ចាប់ផ្ដើម ណូអេបានបន្តខំប្រឹងធ្វើកិច្ចការនោះ។ ទោះជាមនុស្សមិនស្ដាប់គាត់ក៏ដោយ គាត់បន្តផ្សព្វផ្សាយអំពីការព្រមាន រហូតដល់ព្រះយេហូវ៉ាមានប្រសាសន៍ថា គឺដល់ពេលដែលសត្វត្រូវចូលក្នុងទូក។ បន្ទាប់មក នៅពេលត្រឹមត្រូវ«ព្រះយេហូវ៉ាទ្រង់បិទទ្វារទូកជិត»។—លោ. ៦:៣; ៧:១, ២, ១៦
១៩. បើយើងមិនទប់ដៃរបស់យើង តើយើងអាចទន្ទឹងរង់ចាំអ្វី?
១៩ មិនយូរទៀត ព្រះយេហូវ៉ានឹងប្រាប់ថាយើងបានបញ្ចប់កិច្ចការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រ។ បន្ទាប់មក លោកនឹងបំផ្លាញរបៀបរបបរបស់សាថាន ហើយនឹងនាំមកនូវពិភពលោកថ្មីដែលពោរពេញទៅដោយមនុស្សដែលស្ដាប់បង្គាប់លោក។ រហូតដល់ពេលនោះ សូមយើងយកតម្រាប់ណូអេ ហាបាគុក និងអ្នកឯទៀតដែលមិនបានទប់ដៃរបស់ពួកគេ។ សូមយើងបន្តផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើផ្សាយ មានចិត្តអត់ធ្មត់ និងរក្សាជំនឿរឹងមាំទៅលើព្រះយេហូវ៉ានិងសេចក្ដីសន្យារបស់លោក។
ចម្រៀងលេខ៧៥ ‹ខ្ញុំនៅនេះហើយ! សូមលោកចាត់ខ្ញុំ!›
^ វគ្គ 5 អត្ថបទមុនបានលើកទឹកចិត្តសិស្សគម្ពីរដែលរីកចម្រើនឲ្យទទួលយកការអញ្ជើញរបស់លោកយេស៊ូដើម្បីទៅជាអ្នកនេសាទមនុស្ស។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបបីយ៉ាងដែលអ្នកផ្សាយទាំងអស់ ទាំងអ្នកថ្មីទាំងអ្នកដែលមានបទពិសោធន៍ អាចពង្រឹងការតាំងចិត្តរបស់ពួកគេឲ្យបន្តផ្សព្វផ្សាយអំពីរាជាណាចក្រ រហូតដល់ព្រះយេហូវ៉ាមានប្រសាសន៍ថាកិច្ចការនោះបានត្រូវបញ្ចប់។
^ វគ្គ 2 ការពន្យល់ពាក្យ: ក្នុងអត្ថបទនេះពាក្យថា «កុំឲ្យទប់ដៃឯងឡើយ» មានន័យថាយើងត្រូវតាំងចិត្តបន្តផ្សព្វផ្សាយដំណឹងល្អ រហូតដល់ព្រះយេហូវ៉ាមានប្រសាសន៍ថាកិច្ចការនោះបានត្រូវបញ្ចប់ហើយ។
^ វគ្គ 5 «ថ្ងៃរបស់លោកម្ចាស់»បានចាប់ផ្ដើមនៅពេលដែលលោកយេស៊ូបានទៅជាស្ដេចនៅឆ្នាំ១៩១៤ ហើយនឹងបន្តរហូតដល់ទីបញ្ចប់នៃការគ្រប់គ្រងមួយពាន់ឆ្នាំរបស់លោក។