អត្ថបទសិក្សា ៣៦
តើអ្នកត្រៀមខ្លួនដើម្បីទៅជាអ្នកនេសាទមនុស្សឬទេ?
«កុំខ្លាចឡើយ។ ចាប់តាំងពីឥឡូវនេះទៅ អ្នកនឹងនេសាទមនុស្សវិញ»។—លូក. ៥:១០
ចម្រៀងលេខ៧៣ សូមជួយយើងឲ្យមានចិត្តក្លាហាន
សេចក្ដីសង្ខេប *
១. តើលោកយេស៊ូបានអញ្ជើញអ្នកនេសាទត្រីបួននាក់ឲ្យធ្វើអ្វី ហើយតើពួកគាត់មានប្រតិកម្មយ៉ាងណា?
ពេត្រុស អនទ្រេ យ៉ាកុប និងយ៉ូហានដែលជាអ្នកកាន់តាមលោកយេស៊ូជាអ្នកប្រកបមុខរបរនេសាទត្រី។ សូមស្រមៃគិតថា ពួកគាត់ភ្ញាក់ផ្អើលយ៉ាងណាពេលលោកយេស៊ូអញ្ជើញពួកគាត់ថា៖ «ចូរមកតាមខ្ញុំចុះ! ហើយខ្ញុំនឹងធ្វើឲ្យអ្នកទៅជាអ្នកនេសាទមនុស្សវិញ»។ * តើពួកគាត់មានប្រតិកម្មយ៉ាងណា? គម្ពីរចែងថា៖ «ពួកគាត់បានទុកសំណាញ់ចោលភ្លាម ហើយក៏ទៅតាមលោក»។ (ម៉ាថ. ៤:១៨-២២) ការសម្រេចចិត្តនោះបានធ្វើឲ្យជីវិតរបស់ពួកគាត់ផ្លាស់ប្ដូរទាំងស្រុង។ ជាជាងនេសាទត្រី ពួកគាត់«នេសាទមនុស្ស»វិញ។ (លូក. ៥:១០) នៅសព្វថ្ងៃនេះ លោកយេស៊ូក៏អញ្ជើញមនុស្សដែលមានចិត្តស្មោះនិងដែលស្រឡាញ់សេចក្ដីពិតឲ្យធ្វើដូច្នេះដែរ។ (ម៉ាថ. ២៨:១៩, ២០) តើអ្នកបានទទួលយកការអញ្ជើញរបស់លោកយេស៊ូឲ្យធ្វើជាអ្នកនេសាទមនុស្សឬទេ?
២. ហេតុអ្វីការសម្រេចចិត្តធ្វើជាអ្នកនេសាទមនុស្សគឺជាការសម្រេចចិត្តដ៏សំខាន់ ហើយតើអ្វីនឹងជួយយើងឲ្យធ្វើការសម្រេចចិត្តនោះ?
២ ប្រហែលជាអ្នកបានសិក្សាគម្ពីរអស់មួយរយៈពេល ហើយបានធ្វើការផ្លាស់ប្ដូរក្នុងជីវិត។ ឥឡូវអ្នកត្រូវសម្រេចចិត្តថា តើអ្នកចង់ទៅជាអ្នកផ្សព្វផ្សាយដំណឹងល្អឬយ៉ាងណា។ បើអ្នកស្ទាក់ស្ទើរទទួលយកការអញ្ជើញរបស់លោកយេស៊ូ សូមកុំធ្លាក់ទឹកចិត្តឡើយ។ ការស្ទាក់ស្ទើររបស់អ្នកទំនងជាមានន័យថាអ្នកដឹងថានេះជាការសម្រេចចិត្តដ៏សំខាន់ណាស់។ ពិតមែនថា គម្ពីរចែងថាពេត្រុសនិងមិត្តភក្ដិរបស់គាត់បានទុកសំណាញ់ចោល«ភ្លាម» ប៉ុន្តែពួកគាត់មិនមែនធ្វើការសម្រេចចិត្តនោះដោយយ៉ូន. ១:៣៥-៤២) ស្រដៀងគ្នាដែរ អ្នកទំនងជាបានរៀនច្រើនអំពីព្រះយេហូវ៉ានិងលោកយេស៊ូ ហើយចង់បន្តរីកចម្រើន។ ប៉ុន្តែមុនអ្នកសម្រេចចិត្តទៅជាអ្នកផ្សព្វផ្សាយ អ្នកត្រូវគិតពិចារណាឲ្យបានដិតដល់អំពីការសម្រេចចិត្តនោះ។ តើអ្វីបានជួយពេត្រុស អនទ្រេ និងអ្នកឯទៀតឲ្យធ្វើការសម្រេចចិត្តនោះ?
មិនបានគិតទុកជាមុនទេ។ ប្រាំមួយខែមុននោះ ពួកគាត់បានទទួលស្គាល់លោកយេស៊ូជាមេស្ស៊ី។ (៣. តើគុណសម្បត្តិអ្វីខ្លះនឹងជួយអ្នកឲ្យធ្វើជាអ្នកកាន់តាមលោកយេស៊ូដែលមានភាពប៉ិនប្រសប់?
៣ អ្នកកាន់តាមដំបូងរបស់លោកយេស៊ូជាមនុស្សដែលមានចំណេះ ចិត្តក្លាហាន ភាពស្វាហាប់ និងចេះអប់រំខ្លួន។ គុណសម្បត្តិទាំងនេះក៏ទំនងជាបានជួយពួកគេឲ្យមានភាពប៉ិនប្រសប់ក្នុងការនេសាទមនុស្សដែរ។ អត្ថបទនេះនឹងបង្ហាញអំពីរបៀបដែលអ្នកអាចមានគុណសម្បត្តិទាំងនេះឲ្យកាន់តែខ្លាំងឡើង ដើម្បីអ្នកអាចធ្វើជាអ្នកកាន់តាមគ្រិស្តដែលមានភាពប៉ិនប្រសប់។
ចូរមានចិត្តចង់ផ្សព្វផ្សាយកាន់តែខ្លាំងឡើង
៤. ហេតុអ្វីពេត្រុសនេសាទត្រី?
៤ ពេត្រុសមិនគ្រាន់តែនេសាទត្រីដើម្បីចិញ្ចឹមក្រុមគ្រួសាររបស់គាត់ប៉ុណ្ណោះទេ តែតាមមើលទៅ គាត់ស្រឡាញ់មុខរបរនោះ។ (យ៉ូន. ២១:៣, ៩-១៥) គាត់ក៏រៀនឲ្យស្រឡាញ់ការធ្វើជាអ្នកនេសាទមនុស្សដែរ ហើយដោយមានជំនួយពីព្រះយេហូវ៉ា ពេត្រុសបានទៅជាអ្នកធ្វើកិច្ចការនោះយ៉ាងប៉ិនប្រសប់។—សកម្ម. ២:១៤, ៤១
៥. យោងទៅតាមលូកា ៥:៨-១១ ហេតុអ្វីពេត្រុសភ័យខ្លាច ហើយតើអ្វីអាចជួយយើងឲ្យយកឈ្នះអារម្មណ៍ដែលស្រដៀងនឹងនេះ?
៥ យើងផ្សព្វផ្សាយដោយសារយើងស្រឡាញ់ព្រះយេហូវ៉ា ហើយនេះគឺជាមូលហេតុដ៏សំខាន់បំផុតដែលយើងធ្វើកិច្ចការផ្សព្វផ្សាយនេះ។ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាអាចជួយយើងឲ្យប្រាប់អ្នកឯទៀតអំពីលោក ទោះជាយើងមានអារម្មណ៍ថាខ្លួនខ្វះសមត្ថភាពក្ដី។ ពេលលោកយេស៊ូបានអញ្ជើញពេត្រុសឲ្យទៅជាអ្នកនេសាទមនុស្ស លោកបានប្រាប់គាត់ថា៖ «កុំខ្លាចឡើយ»។ (សូមអាន លូកា ៥:៨-១១) ពេត្រុស មិនខ្លាចអំពីអ្វីដែលប្រហែលជានឹងកើតឡើង បើគាត់ទៅជាអ្នកកាន់តាមលោកយេស៊ូទេ។ ផ្ទុយទៅវិញ គាត់បាននឹកអស្ចារ្យក្នុងចិត្តដែលលោកយេស៊ូទើបតែធ្វើអព្ភូតហេតុដោយផ្ដល់ត្រីជាច្រើនឲ្យពួកគេ ហើយពេត្រុសមានអារម្មណ៍ថាគាត់មិនមានគុណសម្បត្តិគ្រប់គ្រាន់ឲ្យរួមធ្វើការជាមួយលោកយេស៊ូទេ។ ចុះយ៉ាងណាអ្នកវិញ? អ្នកប្រហែលជាព្រួយបារម្ភពេលគិតអំពីអ្វីៗដែលអ្នកនឹងត្រូវធ្វើដើម្បីក្លាយទៅជាអ្នកកាន់តាមគ្រិស្ត។ បើអ្នកមានអារម្មណ៍បែបនេះ សូមបង្កើនសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ា លោកយេស៊ូ និងអ្នកជិតខាង។ យ៉ាងនេះ អ្នកនឹងចង់ទទួលយកការអញ្ជើញរបស់លោកយេស៊ូឲ្យទៅជាអ្នកនេសាទមនុស្ស។—ម៉ាថ. ២២:៣៧, ៣៩; យ៉ូន. ១៤:១៥
៦. តើមានមូលហេតុអ្វីទៀតដែលយើងចង់ផ្សព្វផ្សាយ?
៦ សូមគិតអំពីមូលហេតុផ្សេងទៀតដែលយើងចង់ផ្សព្វផ្សាយ។ យើងចង់ធ្វើតាមបង្គាប់របស់លោកយេស៊ូដែលថា៖ «ចូរទៅបង្រៀនមនុស្ស . . . ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»។ (ម៉ាថ. ២៨:១៩, ២០) ម្យ៉ាងទៀតយើងផ្សព្វផ្សាយ ដោយសារមនុស្សបាន«ត្រូវគេធ្វើទុក្ខ និងទុកចោលឲ្យនៅរាត់រាយដូចសត្វចៀមដែលគ្មានគង្វាល» ហើយត្រូវតែរៀនសេចក្ដីពិតអំពីរាជាណាចក្រព្រះ។ (ម៉ាថ. ៩:៣៦) ព្រះយេហូវ៉ាចង់ឲ្យមនុស្សគ្រប់ប្រភេទមានចំណេះត្រឹមត្រូវអំពីសេចក្ដីពិត ហើយទទួលសេចក្ដីសង្គ្រោះ។—១ធី. ២:៤
៧. តើរ៉ូម ១០:១៣-១៥បង្ហាញយ៉ាងណាថាកិច្ចបម្រើផ្សាយគឺសំខាន់?
៧ ពេលយើងគិតអំពីឥទ្ធិពលនៃកិច្ចបម្រើផ្សាយរបស់យើង នេះនឹងជំរុញចិត្តយើងឲ្យចូលរួមក្នុងកិច្ចការនេះ ដែលជាកិច្ចការសង្គ្រោះជីវិតមនុស្ស។ ខុសពីអ្នកនេសាទដែលលក់ឬបរិភោគត្រីដែលគាត់បានចាប់ យើង«ចាប់»មនុស្ស ក្នុងន័យថាយើងជួយពួកគេឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ ដើម្បីពួកគេអាចទទួលសេចក្ដីសង្គ្រោះ។—សូមអាន រ៉ូម ១០:១៣-១៥; ១ធី. ៤:១៦
ចូរមានចំណេះកាន់តែច្រើនឡើង
៨-៩. តើអ្នកនេសាទត្រីត្រូវដឹងអំពីអ្វីខ្លះ ហើយហេតុអ្វី?
៨ នៅសម័យលោកយេស៊ូ អ្នកនេសាទដែលជាជនជាតិអ៊ីស្រាអែល ត្រូវដឹងថាគាត់អាចចាប់ត្រីប្រភេទណា។ (លេវី. ១១:៩-១២) គាត់ក៏ត្រូវដឹងថាកន្លែងណាដែលអាចរកត្រីបាន។ តាមធម្មតា ត្រីនៅកន្លែងដែលវាចូលចិត្ត និងកន្លែងដែលមានអាហារជាបរិបូរ។ ពេលវេលាដែលអ្នកនេសាទត្រីចេញទៅនេសាទ ក៏សំខាន់ដែរ។ ស្ដីអំពីពេលល្អបំផុតដើម្បីចេញទៅចាប់ត្រី សូមគិតអំពីអ្វីដែលសាក្សីម្នាក់នៅកោះប៉ាស៊ីហ្វិកមួយនិយាយ ពេលគាត់អញ្ជើញសាសនទូតម្នាក់ឲ្យចេញទៅនេសាទត្រីជាមួយគាត់។ សាសនទូតនោះនិយាយថា៖ «ស្អែក យើងជួបគ្នាម៉ោង៩ព្រឹក»។ បងប្រុសដែលជាអ្នកនេសាទត្រីឆ្លើយថា៖ «មិនមែនទេ យើងទៅនៅពេលល្អសម្រាប់ចាប់ត្រី មិនមែនពេលដែលស្រួលសម្រាប់យើងទេ»។
៩ ដូចគ្នាដែរ អ្នកនេសាទមនុស្សនៅសតវត្សរ៍ទី១ ទៅកន្លែងដែលមានមនុស្ស ហើយទៅទីនោះនៅពេលដែលមនុស្សទំនងជានៅ។ ជាឧទាហរណ៍ អ្នកកាន់តាមលោកយេស៊ូបានផ្សព្វផ្សាយនៅវិហារ សាលាប្រជុំ ពីផ្ទះមួយទៅផ្ទះមួយ និងនៅផ្សារ។ (សកម្ម. ៥:៤២; ១៧:១៧; ១៨:៤) យើងក៏ត្រូវដឹងអំពីទម្លាប់មនុស្សដែលរស់នៅតំបន់ផ្សាយរបស់យើង។ យើងត្រូវសុខចិត្តផ្លាស់ប្ដូរគម្រោងរបស់យើង ដើម្បីយើងអាចទៅផ្សព្វផ្សាយនៅកន្លែងនិងពេលណាដែលយើងអាចជួបមនុស្សច្រើនបំផុត។—១កូ. ៩:១៩-២៣
១០. តើអង្គការរបស់ព្រះយេហូវ៉ាផ្ដល់ឧបករណ៍អ្វីខ្លះឲ្យយើង?
១០ អ្នកនេសាទត្រីត្រូវការឧបករណ៍ត្រឹមត្រូវ ហើយត្រូវស្គាល់របៀបប្រើវា។ យើងក៏ត្រូវមានឧបករណ៍ត្រឹមត្រូវសម្រាប់កិច្ចការផ្សព្វផ្សាយដែរ។ ម្យ៉ាងទៀត យើងត្រូវដឹងអំពីរបៀបប្រើឧបករណ៍ទាំងនោះ។ លោកយេស៊ូបានឲ្យការណែនាំយ៉ាងច្បាស់ដល់អ្នកកាន់តាមលោកអំពីរបៀបនេសាទមនុស្ស។ លោកបានប្រាប់ពួកគេអំពីអ្វីដែលមិនគួរយកទៅ កន្លែងដែលគួរផ្សព្វផ្សាយ និងអ្វីដែលគួរនិយាយ។ (ម៉ាថ. ១០:៥-៧; លូក. ១០:១-១១) នៅសព្វថ្ងៃនេះ អង្គការរបស់ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវឧបករណ៍ដើម្បីបង្រៀនគម្ពីរ ដែលអាចជួយយើងឲ្យមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយ។ * ម្យ៉ាង ទៀត យើងទទួលការបង្ហាត់បង្រៀនអំពីរបៀបប្រើឧបករណ៍ទាំងនោះ។ ការបង្ហាត់បង្រៀននោះ ជួយយើងឲ្យមានទំនុកចិត្តពេលយើងផ្សព្វផ្សាយ ហើយក៏ជួយយើងឲ្យរៀនអំពីរបៀបធ្វើជាអ្នកបង្រៀនដ៏ល្អ។—២ធី. ២:១៥
ចូរមានចិត្តក្លាហានឡើង
១១. ហេតុអ្វីអ្នកនេសាទមនុស្សត្រូវការចិត្តក្លាហាន?
១១ អ្នកនេសាទត្រីត្រូវមានចិត្តក្លាហាន ដោយសារពួកគេមិនតែងតែអាចដឹងទុកជាមុនអំពីអាកាសធាតុ និងព្យុះដែលអាចកើតឡើងភ្លាមៗទេ។ ពួកគេច្រើនតែនេសាទនៅពេលយប់។ អ្នកនេសាទមនុស្សក៏ត្រូវការចិត្តក្លាហានដែរ។ ពេលយើងចាប់ផ្ដើមផ្សព្វផ្សាយ ហើយប្រាប់គេថាយើងជាសាក្សីព្រះយេហូវ៉ា យើងប្រហែលជាជួបការពិបាកដែលប្រៀបដូចជាព្យុះ ដូចជាការប្រឆាំងពីក្រុមគ្រួសារ ការសើចចំអកពីមនុស្សឯទៀត និងការបដិសេធដំណឹងដែលយើងផ្សាយ។ ប៉ុន្តែនេះមិនធ្វើឲ្យយើងភ្ញាក់ផ្អើលទេ។ លោកយេស៊ូបានព្រមានថាលោកនឹងចាត់អ្នកកាន់តាមលោកឲ្យទៅផ្សព្វផ្សាយដល់មនុស្សដែលនឹងប្រឆាំងពួកគេ។—ម៉ាថ. ១០:១៦
១២. យោងទៅតាមយ៉ូស្វេ ១:៧-៩ តើអ្វីអាចជួយយើងឲ្យមានចិត្តក្លាហានឡើង?
១២ តើអ្នកអាចបណ្ដុះឲ្យមានចិត្តក្លាហានយ៉ាងដូចម្ដេច? ដំបូង សូមជឿជាក់ថាលោកយេស៊ូបន្តដឹកនាំកិច្ចការនេះពីស្ថានសួគ៌។ (យ៉ូន. ១៦:៣៣; បប. ១៤:១៤-១៦) បន្ទាប់មក សូមពង្រឹងជំនឿរបស់អ្នកទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថាលោកនឹងផ្គត់ផ្គង់នូវអ្វីដែលអ្នកត្រូវការ។ (ម៉ាថ. ៦:៣២-៣៤) កាលដែលជំនឿរបស់អ្នកកាន់តែមាំមួន អ្នកនឹងកាន់តែមានចិត្តក្លាហាន។ ពេត្រុសនិងដៃគូរបស់គាត់បានបង្ហាញជំនឿដ៏ខ្លាំងក្លា ពេលពួកគាត់បានលះចោលមុខរបរ របស់ពួកគាត់ជាអ្នកនេសាទត្រីដើម្បីកាន់តាមលោកយេស៊ូ។ ស្រដៀងគ្នាដែរ អ្នកបានបង្ហាញជំនឿដ៏មុតមាំ ពេលអ្នកប្រាប់អ្នកឯទៀតនិងក្រុមគ្រួសាររបស់អ្នកថាអ្នកចាប់ផ្ដើមរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា ហើយចូលរួមកិច្ចប្រជុំជាមួយពួកគេ។ អ្នកច្បាស់ជាបានធ្វើការផ្លាស់ប្ដូរដ៏ធំក្នុងរបៀបរស់នៅនិងការប្រព្រឹត្តរបស់អ្នក ដើម្បីរស់នៅសមស្របតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា។ នេះក៏តម្រូវឲ្យមានជំនឿនិងចិត្តក្លាហានដែរ។ កាលដែលអ្នកកាន់តែមានចិត្តក្លាហានឡើង អ្នកអាចមានទំនុកចិត្តថា«ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណាដែលឯងទៅផង»។—សូមអាន យ៉ូស្វេ ១:៧-៩
១៣. តើការរំពឹងគិតនិងការអធិដ្ឋានអាចជួយអ្នកឲ្យមានចិត្តក្លាហានយ៉ាងដូចម្ដេច?
១៣ តើអ្នកអាចមានចិត្តក្លាហានកាន់តែខ្លាំងឡើងតាមរបៀបណាទៀត? ចូរអធិដ្ឋានសុំឲ្យមានចិត្តក្លាហាន។ (សកម្ម. ៤:២៩, ៣១) ព្រះយេហូវ៉ានឹងតបឆ្លើយសេចក្ដីអធិដ្ឋានរបស់អ្នក ហើយលោកនឹងមិនបោះបង់ចោលអ្នកឡើយ។ លោកនឹងគាំទ្រអ្នកជានិច្ច។ ម្យ៉ាងទៀត អ្នកអាចរំពឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាបានសង្គ្រោះអ្នកឯទៀតនៅអតីតកាល។ សូមគិតផងដែរ អំពីរបៀបដែលលោកបានជួយអ្នកឲ្យយកឈ្នះការពិបាកផ្សេងៗ ហើយផ្ដល់កម្លាំងឲ្យអ្នកដើម្បីកែប្រែរបៀបរស់នៅរបស់អ្នក។ មែនហើយ បុគ្គលដែលនាំមុខរាស្ត្ររបស់លោកឆ្លងកាត់សមុទ្រក្រហម អាចជួយអ្នកឲ្យទៅជាអ្នកកាន់តាមគ្រិស្ត។ (និក្ខ. ១៤:១៣) អ្នកអាចមានជំនឿលើព្រះយេហូវ៉ាដូចអ្នកតែងទំនុកតម្កើងដែលបាននិយាយថា៖ «ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយ។ តើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន?»។—ទំនុក. ១១៨:៦
១៤. តើអ្នករៀនអ្វីពីបទពិសោធន៍របស់បងម៉ាសាអិ និងបងថូម៉ូយ៉ូ?
១៤ របៀបមួយទៀតដើម្បីកាន់តែមានចិត្តក្លាហាន គឺដោយរៀនអំពីរបៀបដែលព្រះយេហូវ៉ាបានជួយមនុស្សដែលអៀន តែដែលបានរៀនឲ្យចេះមានចិត្តអង់អាច។ សូមគិតអំពីបទពិសោធន៍របស់បងស្រីម្នាក់ឈ្មោះម៉ាសាអិ។ គាត់ជាមនុស្សអៀន ហើយគិតថាគាត់មិនអាចផ្សព្វផ្សាយបានទេ។ គាត់មានអារម្មណ៍ថាគាត់ពិបាកនិយាយទៅកាន់មនុស្សដែលមិនធ្លាប់ស្គាល់។ គឺហាក់ដូចជាព្យាយាមឡើងជញ្ជាំងដ៏ខ្ពស់មួយដែលគាត់គិតថាគាត់មិនអាចឡើងបានទេ។ ដូច្នេះ គាត់ខំប្រឹងយ៉ាងខ្លាំងដើម្បីបង្កើនសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះនិងចំពោះអ្នកជិតខាង។ គាត់បានគិតយ៉ាងដិតដល់អំពីគ្រាដែលយើងរស់នៅ ថាជាគ្រាបន្ទាន់ដើម្បីផ្សព្វផ្សាយ ហើយអធិដ្ឋានសុំកម្លាំងចិត្តដើម្បីជួយគាត់ឲ្យចង់ផ្សព្វផ្សាយ។ គាត់បានយកឈ្នះភាពភ័យខ្លាចរបស់គាត់ ហើយថែមទាំងបានបម្រើជាអ្នកត្រួសត្រាយពេញពេលទៀតផង។ ព្រះយេហូវ៉ាក៏អាចជួយអ្នកផ្សាយថ្មីឲ្យមាន«ចិត្តក្លាហាន»ដែរ។ សូមគិតអំពីបទពិសោធន៍របស់បងស្រីថូម៉ូយ៉ូ។ ពេលគាត់ចាប់ផ្ដើមផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ម្ចាស់ផ្ទះទី១ដែលគាត់ជួបបានស្រែកដាក់គាត់ថា៖ «ខ្ញុំមិនចង់ពាក់ព័ន្ធស្អីនឹងពួកសាក្សីព្រះយេហូវ៉ាទេ!» ហើយបានខ្ទប់ទ្វារយ៉ាងខ្លាំង។ ប៉ុន្តែ បងថូម៉ូយ៉ូមិនបានភ័យខ្លាចទេ។ គាត់បាននិយាយទៅកាន់ដៃគូផ្សព្វផ្សាយរបស់គាត់ថា៖ «បងឮទេ? ខ្ញុំមិនបាននិយាយអីសោះ តែគាត់ដឹងថាខ្ញុំជាសាក្សីព្រះយេហូវ៉ាម្នាក់។ ខ្ញុំសប្បាយចិត្តណាស់!»។ ឥឡូវបងថូម៉ូយ៉ូបម្រើជាអ្នកត្រួសត្រាយពេញពេល។
ចូរកាន់តែចេះអប់រំខ្លួន
១៥. ពេលយើងពិបាកផ្សព្វផ្សាយ តើយើងអាចធ្វើដូចអ្នកនេសាទត្រីយ៉ាងដូចម្ដេច ហើយហេតុអ្វីនេះគឺសំខាន់សម្រាប់គ្រិស្តសាសនិក?
១៥ អ្នកនេសាទត្រីដ៏ចំណានចេះអប់រំខ្លួន។ ជាឧទាហរណ៍ ពួកគេត្រូវលត់ដំខ្លួនឲ្យភ្ញាក់ពីព្រលឹម បន្តធ្វើកិច្ចការរហូតដល់រួចរាល់ និងតស៊ូទោះជាអាកាសធាតុមិនល្អក្ដី។ ដើម្បីស៊ូទ្រាំនិងបង្ហើយកិច្ចការរបស់យើង យើងក៏ត្រូវចេះអប់រំខ្លួនដែរ។—ម៉ាថ. ១០:២២
១៦. តើយើងអាចចេះអប់រំខ្លួនយ៉ាងដូចម្ដេច?
១៦ យើងមិនមែនចេះអប់រំខ្លួនដោយស្វ័យប្រវត្តិទេ។ តាមធម្មតា យើងចូលចិត្តធ្វើអ្វីដែលស្រួលបំផុត។ ប៉ុន្តែជួនកាលអ្វីដែលសំខាន់បំផុតគឺមិនងាយស្រួលធ្វើទេ។ ដូច្នេះ យើងត្រូវរៀនឲ្យចេះទប់ចិត្ត។ យ៉ាងនេះ យើងត្រូវការជំនួយដើម្បីចេះលត់ដំខ្លួនឲ្យធ្វើអ្វីដែលយើងប្រហែលជាពិបាកធ្វើ។ ព្រះយេហូវ៉ាផ្ដល់ជំនួយនោះតាមរយៈសកម្មពលបរិសុទ្ធរបស់លោក។—កាឡ. ៥:២២, ២៣
១៧. នៅកូរិនថូសទី១ ៩:២៥-២៧ តើសាវ័កប៉ូលបានរៀបរាប់យ៉ាងណាអំពីការខំព្យាយាមរបស់គាត់ដើម្បីចេះអប់រំខ្លួន?
កូរិនថូសទី១ ៩:២៥-២៧) គាត់បានដាស់តឿនអ្នកឯទៀតឲ្យអប់រំខ្លួន ហើយធ្វើអ្វីទាំងអស់«យ៉ាងត្រឹមត្រូវ និងដោយរបៀបរៀបរយ»។ (១កូ. ១៤:៤០) យើងត្រូវខំព្យាយាមបន្តគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយនេះរួមបញ្ចូលការផ្សព្វផ្សាយនិងការបង្រៀនដំណឹងល្អជាទៀងទាត់។—សកម្ម. ២:៤៦
១៧ សាវ័កប៉ូលបានអប់រំខ្លួន។ ប៉ុន្តែ គាត់បានសារភាពថា គាត់ត្រូវ«វាយដំ»រូបកាយរបស់គាត់ដើម្បីធ្វើអ្វីដែលត្រឹមត្រូវ។ (សូមអានចូរកុំបង្អែបង្អង់
១៨. តើព្រះយេហូវ៉ាចាត់ទុកថាយើងទទួលជោគជ័យអាស្រ័យទៅលើអ្វី?
១៨ ការធ្វើជាអ្នកនេសាទត្រីដែលចំណាន គឺអាស្រ័យទៅលើចំនួនត្រីដែលគាត់បានចាប់។ ប៉ុន្តែ ចំពោះកិច្ចការផ្សព្វផ្សាយគឺផ្សេងពីនេះ។ យើងទទួលជោគជ័យឬមិនទទួលជោគជ័យ មិនអាស្រ័យទៅលើចំនួនមនុស្សដែលយើងជួយឲ្យក្លាយទៅជាសាក្សីព្រះយេហូវ៉ាទេ។ (លូក. ៨:១១-១៥) ដរាបណាយើងស៊ូទ្រាំក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អនិងបង្រៀនអ្នកឯទៀត ដរាបនោះព្រះយេហូវ៉ានឹងចាត់ទុកថាយើងទទួលជោគជ័យ។ ហេតុអ្វី? ពីព្រោះយើងស្ដាប់បង្គាប់លោកនិងបុត្ររបស់លោក។—ម៉ាក. ១៣:១០; សកម្ម. ៥:២៨, ២៩
១៩-២០. តើមានមូលហេតុពិសេសអ្វីដែលយើងផ្សព្វផ្សាយនៅឥឡូវនេះ?
១៩ នៅប្រទេសខ្លះ ការនេសាទត្រីបានត្រូវអនុញ្ញាតឲ្យធ្វើតាមខែមួយចំនួនប៉ុណ្ណោះ។ នៅប្រទេសទាំងនោះ អ្នកនេសាទត្រីប្រហែលជាគិតថាគឺកាន់តែបន្ទាន់ឲ្យចាប់ត្រីនៅពេលដែលរដូវនេសាទត្រីជិតកន្លងផុតទៅ។ យើងដែលជាអ្នកនេសាទមនុស្ស កាន់តែមានមូលហេតុដើម្បីផ្សព្វផ្សាយនៅឥឡូវនេះ ដោយសារទីបញ្ចប់នៃរបៀបរបបពិភពលោកនេះកាន់តែខិតជិតចូលមកដល់។ នៅសល់ពេលតែបន្តិចបន្តួចដើម្បីផ្សព្វផ្សាយដំណឹងល្អដែលអាចសង្គ្រោះជីវិតមនុស្ស។ សូមកុំបង្អែបង្អង់ ឬមានអារម្មណ៍ថាអ្នកត្រូវរង់ចាំរហូតដល់មានកាលៈទេសៈល្អឥតខ្ចោះដើម្បីរួមចំណែកក្នុងកិច្ចការដ៏សំខាន់នេះ។—សាស្ត. ១១:៤
២០ ចូរចាត់វិធានការនៅឥឡូវនេះដើម្បីកាន់តែមានចិត្តចង់ផ្សព្វផ្សាយ រៀនថែមទៀតអំពីដំណឹងក្នុងគម្ពីរ មានចិត្តក្លាហានកាន់តែខ្លាំង និងកាន់តែចេះអប់រំខ្លួន។ ចូររួមការងារជាមួយអ្នកនេសាទមនុស្សជាង៨លាននាក់ ហើយអ្នកនឹងទទួលអំណរពីព្រះយេហូវ៉ា។ (នេហ. ៨:១០) ចូរតាំងចិត្តរួមចំណែកយ៉ាងពេញលេញក្នុងកិច្ចការនេះ ហើយបន្តធ្វើរហូតដល់ព្រះយេហូវ៉ាមានប្រសាសន៍ថា កិច្ចការនេះបានត្រូវបញ្ចប់។ ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណារបៀបបីយ៉ាង ដែលយើងជាអ្នកនេសាទមនុស្ស អាចពង្រឹងការតាំងចិត្តរបស់យើងឲ្យបន្តផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ។
ចម្រៀងលេខ៦៦ ចូរប្រកាសដំណឹងល្អ
^ វគ្គ 5 លោកយេស៊ូបានអញ្ជើញមនុស្សដែលមានចិត្តរាបទាបនិងខ្នះខ្នែងធ្វើការ ឲ្យធ្វើជាអ្នកកាន់តាមលោក។ នៅសព្វថ្ងៃនេះ លោកយេស៊ូបន្តអញ្ជើញមនុស្សដែលមានគុណសម្បត្តិទាំងនេះឲ្យទៅជាអ្នកនេសាទមនុស្ស។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាថា តើសិស្សគម្ពីរដែលស្ទាក់ស្ទើរទទួលការអញ្ជើញរបស់លោកយេស៊ូត្រូវធ្វើអ្វីខ្លះ?
^ វគ្គ 1 ការពន្យល់ពាក្យ: ពាក្យ«អ្នកនេសាទមនុស្ស»សំដៅទៅលើអស់អ្នកដែលផ្សព្វផ្សាយដំណឹងល្អនិងបង្រៀនអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូគ្រិស្ត។
^ វគ្គ 10 សូមមើលអត្ថបទដែលមានចំណងជើងថា «ចូរបង្រៀនសេចក្ដីពិត»ក្នុងទស្សនាវដ្ដីប៉មយាម ខែតុលា ឆ្នាំ២០១៨ ទំព័រ៩-១៥។