លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៨

តើយោបល់របស់អ្នក«ធ្វើឲ្យចិត្តសប្បាយ»ឬទេ?

តើយោបល់របស់អ្នក«ធ្វើឲ្យចិត្តសប្បាយ»ឬទេ?

​«​មិត្ត​ដែល​ផ្ដល់​យោបល់​ស្មោះ​ពី​ចិត្ត ប្រៀប​ដូច​ជា​ប្រេង​និង​គ្រឿង​ក្រអូប ដែល​ធ្វើ​ឲ្យ​ចិត្ត​សប្បាយ​»។—សុភ. ២៧:៩

ចម្រៀង​លេខ​១០២ ​«​ជួយ​អ្នក​ដែល​ខ្សោយ​»​

សេចក្ដី​សង្ខេប *

១​-​២. តើ​បង​ប្រុស​ម្នាក់​បាន​រៀន​អ្វី​អំពី​ការ​ឲ្យ​យោបល់?

ច្រើន​ឆ្នាំ​មុន អ្នក​ចាស់​ទុំ​ពីរ​នាក់​បាន​ទៅ​សួរ​សុខ​ទុក្ខ​បង​ស្រី​ម្នាក់​ដែល​ខាន​មក​កិច្ច​ប្រជុំ​អស់​មួយ​រយៈ។ បង​ប្រុស​ដែល​នាំ​មុខ​ក្នុង​ការ​ទៅ​សួរ​សុខ​ទុក្ខ​នោះ បាន​បើក​ខ​គម្ពីរ​ខ្លះ​អំពី​ការ​ចូល​រួម​កិច្ច​ប្រជុំ។ គាត់​បាន​គិត​ថា​ការ​សួរ​សុខ​ទុក្ខ​របស់​ពួក​គាត់​ដំណើរ​ការ​យ៉ាង​រលូន​ហើយ។ ប៉ុន្តែ​ពេល​ពួក​គាត់​ហៀប​នឹង​ចេញ បង​ស្រី​នោះ​និយាយ​ថា​៖ ​«​ពួក​បង​មិន​យល់​អំពី​កាលៈទេសៈ​របស់​ខ្ញុំ​សោះ​»។ បង​ប្រុស​ទាំង​ពីរ​នាក់​នេះ​បាន​ឲ្យ​យោបល់​ទៅ​បង​ស្រី​ដោយ​មិន​បាន​សួរ​នាំ​អំពី​បញ្ហា​និង​កាលៈទេសៈ​របស់​គាត់​ទេ។ ជា​លទ្ធផល បង​ស្រី​នោះ​មាន​អារម្មណ៍​ថា​យោបល់​របស់​ពួក​គាត់​មិន​បាន​ជួយ​គាត់​ឡើយ។

អ្នក​ចាស់​ទុំ​ដែល​នាំ​មុខ​ក្នុង​ការ​សួរ​សុខ​ទុក្ខ​នោះ​និយាយ​ថា​៖ ​«​នៅ​ពេល​នោះ ខ្ញុំ​បាន​គិត​ថា​បង​ស្រី​នោះ​មិន​ចេះ​បង្ហាញ​ការ​គោរព​សោះ។ ប៉ុន្តែ​ពេល​ខ្ញុំ​គិត​អំពី​រឿង​នោះ​ឡើង​វិញ ខ្ញុំ​យល់​ថា ខ្ញុំ​មិន​គួរ​បង្ហាញ​បទ​គម្ពីរ​ដែល​ខ្ញុំ​គិត​ថា​សម​ត្រឹម​ត្រូវ​ប៉ុណ្ណោះ​ទេ តែ​ខ្ញុំ​គួរ​សួរ​សំណួរ​ដែល​សម​ត្រឹម​ត្រូវ​សិន ដូច​ជា​៖ ‹តើ​ស្ថានភាព​របស់​បង​ថ្មី​ៗ​នេះ​យ៉ាង​ម៉េច​ដែរ?› ‹តើ​ខ្ញុំ​អាច​ជួយ​អ្វី​បង​បាន​ខ្លះ?›​»។ អ្នក​ចាស់​ទុំ​នោះ​បាន​រៀន​មេ​រៀន​ដ៏​សំខាន់​ពី​បទ​ពិសោធន៍​នោះ។ សព្វ​ថ្ងៃ​នេះ គាត់​ជា​គង្វាល​ដែល​ជួយ​អ្នក​ឯ​ទៀត​និង​យល់​អារម្មណ៍​ពួក​គេ។

៣. តើ​យោបល់​អាច​មក​ពី​អ្នក​ណា​ខ្លះ​ក្នុង​ក្រុម​ជំនុំ?

  ក្នុង​នាម​ជា​គង្វាល អ្នក​ចាស់​ទុំ​មាន​ភារកិច្ច​ផ្ដល់​យោបល់​ពេល​ដែល​ចាំ​បាច់។ ប៉ុន្តែ ពេល​ខ្លះ​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ក៏​ត្រូវ​ផ្ដល់​យោបល់​ដែរ។ ជាឧទាហរណ៍ បង​ប្រុស​ឬ​បង​ស្រី​ម្នាក់​ឲ្យ​យោបល់​ពី​គម្ពីរ​ដល់​មិត្ត​ភក្ដិ​របស់​គាត់។ (​ចសព. ១៤១:​៥; សុភ. ២៥:១២​) បង​ស្រី​វ័យ​ចាស់​ប្រហែល​ជា​«​ផ្ដល់​ឱវាទ​ដល់​ស្ត្រី​វ័យ​ក្មេង​»​អំពី​រឿង​ផ្សេង​ៗ ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ទីតុស ២:៣​-​៥។ ម្យ៉ាង​ទៀត ឪពុក​ម្ដាយ​ច្រើន​តែ​ផ្ដល់​ដំបូន្មាន​និង​កែ​តម្រង់​កូន​ៗ។ ទោះ​ជា​អត្ថបទ​នេះ​បាន​ត្រូវ​សរសេរ​ជា​ពិសេស​សម្រាប់​ពួក​អ្នក​ចាស់​ទុំ​ក៏​ដោយ យើង​ទាំង​អស់​គ្នា​នៅ​តែ​អាច​ទទួល​ប្រយោជន៍ ដោយ​ពិចារណា​របៀប​ផ្ដល់​ឱវាទ​ដែល​មាន​ប្រយោជន៍​និង​ជំរុញ​ចិត្ត ព្រម​ទាំង​«​ធ្វើ​ឲ្យ​ចិត្ត​សប្បាយ​»។—សុភ. ២៧:៩

៤. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​សំណួរ​បួន​អំពី​ការ​ឲ្យ​យោបល់​គឺ​៖ (​១​) តើ​អ្វី​ជា​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​ឲ្យ​យោបល់? (​២​) តើ​ពិត​ជា​ចាំ​បាច់​ឲ្យ​យោបល់​ឬ​ទេ? (​៣​) តើ​អ្នក​ណា​ខ្លះ​គួរ​ឲ្យ​យោបល់? (​៤​) តើ​អ្នក​អាច​ឲ្យ​យោបល់​ដែល​មាន​ប្រសិទ្ធភាព​យ៉ាង​ដូច​ម្ដេច?

តើ​អ្វី​ជា​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​ឲ្យ​យោបល់?

៥. ហេតុ​អ្វី​បុគ្គល​ឯ​ទៀត​ស្រួល​ទទួល​យក​ជាង បើ​អ្នក​ចាស់​ទុំ​ឲ្យ​យោបល់​ដោយ​សេចក្ដី​ស្រឡាញ់? (​កូរិនថូស​ទី​១ ១៣:៤,​)

ពួក​អ្នក​ចាស់​ទុំ​ស្រឡាញ់​បង​ប្អូន។ ហេតុ​នេះ ជួន​កាល​ពួក​គេ​ឲ្យ​យោបល់​ដល់​បុគ្គល​ណា​ម្នាក់​ដែល​ហៀប​នឹង​ដើរ​ផ្លូវ​ខុស។ (​កាឡ. ៦:១​) ក៏​ប៉ុន្តែ មុន​អ្នក​ចាស់​ទុំ​ទៅ​និយាយ​ជា​មួយ​បុគ្គល​នោះ គាត់​អាច​គិត​អំពី​លក្ខណៈ​មួយ​ចំនួន​នៃ​សេចក្ដី​ស្រឡាញ់​ដែល​សាវ័ក​ប៉ូល​បាន​រៀប​រាប់ ដូច​ជា​៖ ​«​សេចក្ដី​ស្រឡាញ់​មាន​ចិត្ត​អត់​ធ្មត់ ហើយ​សប្បុរស។ . . . សេចក្ដី​ស្រឡាញ់​អត់​ធន់​នឹង​អ្វី​ៗ​ទាំង​អស់ ជឿ​អ្វី​ៗ​ទាំង​អស់ សង្ឃឹម​លើ​អ្វី​ៗ​ទាំង​អស់ ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ទាំង​អស់​»។ (​សូម​អាន កូរិនថូស​ទី​១ ១៣:៤, ) ការ​រំពឹង​គិត​អំពី​ខ​ទាំង​នេះ​នឹង​ជួយ​អ្នក​ចាស់​ទុំ​នោះ​ឲ្យ​ពិនិត្យ​មើល​បំណង​ចិត្ត​របស់​គាត់​ក្នុង​ការ​ឲ្យ​យោបល់ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា គាត់​ឲ្យ​យោបល់​តាម​របៀប​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ បើ​បុគ្គល​ដែល​ទទួល​យោបល់​មាន​អារម្មណ៍​ថា​អ្នក​ចាស់​ទុំ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់ នោះ​គាត់​ទំនង​ជា​នឹង​ស្រួល​ទទួល​យក​យោបល់​នោះ​ជាង។—រ៉ូម ១២:១០

៦. តើ​សាវ័ក​ប៉ូល​បាន​ទុក​គំរូ​ល្អ​អ្វី?

សាវ័ក​ប៉ូល​បាន​ទុក​គំរូ​ល្អ​ជា​អ្នក​ចាស់​ទុំ។ ជា​ឧទាហរណ៍ ពេល​បង​ប្អូន​នៅ​ក្រុង​ថែស្សាឡូនិច​ត្រូវ​ការ​យោបល់ ប៉ូល​មិន​ស្ទាក់​ស្ទើរ​ឲ្យ​យោបល់​ពួក​គេ​ឡើយ។ ប៉ុន្តែ ក្នុង​សំបុត្រ​របស់​គាត់​ទៅ​កាន់​ពួក​គេ ដំបូង​ប៉ូល​បាន​សរសើរ​ពួក​គេ​ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ធ្វើ​ដោយ​ជំនឿ ការ​ខំ​ព្យាយាម​ដែល​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់ និង​ការ​ស៊ូ​ទ្រាំ​របស់​ពួក​គេ។ គាត់​ក៏​បាន​គិត​អំពី​ស្ថានភាព​របស់​ពួក​គេ ហើយ​បាន​ប្រាប់​ពួក​គេ​ថា គាត់​ដឹង​ថា​ជីវិត​របស់​ពួក​គេ​គឺ​មិន​ស្រួល ហើយ​ថា​ពួក​គេ​កំពុង​ស៊ូ​ទ្រាំ​នឹង​ការ​បៀតបៀន​យ៉ាង​ស្មោះ​ត្រង់។ (​១ថែ. ១:៣; ២ថែ. ១:៤​) គាត់​ថែម​ទាំង​បាន​ប្រាប់​បង​ប្អូន​ទាំង​នោះ​ថា ពួក​គេ​ជា​គំរូ​ដល់​គ្រិស្ត​សាសនិក​ឯ​ទៀត។ (​១ថែ. ១:៨, ៩​) ពួក​គេ​ច្បាស់​ជា​សប្បាយ​ចិត្ត​ទទួល​ការ​សរសើរ​ដ៏​កក់​ក្ដៅ​ពី​ប៉ូល។ ច្បាស់​ណាស់ ប៉ូល​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​ខ្លាំង​ណាស់។ ហេតុ​នេះ​ហើយ គាត់​អាច​ឲ្យ​យោបល់​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​សំបុត្រ​ទាំង​ពីរ​របស់​គាត់​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​ថែស្សាឡូនិច។—១ថែ. ៤:១, ៣​-​៥, ១១; ២ថែ. ៣:១១, ១២

៧. ហេតុ​អ្វី​បុគ្គល​ខ្លះ​បដិសេធ​យោបល់?

តើ​អ្វី​អាច​កើត​ឡើង បើ​របៀប​ដែល​យើង​និយាយ​ពេល​ឲ្យ​យោបល់​គឺ​មិន​ត្រឹម​ត្រូវ? អ្នក​ចាស់​ទុំ​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​និយាយ​ថា​៖ ​«​បុគ្គល​ខ្លះ​បដិសេធ​យោបល់ មិន​មែន​ដោយ​សារ​យោបល់​នោះ​មិន​ល្អ​ទេ ប៉ុន្តែ​ដោយ​សារ​វា​មិន​មែន​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់​»។ តើ​ពាក្យ​សម្ដី​នេះ​បង្រៀន​មេ​រៀន​អ្វី? យោបល់​គឺ​ស្រួល​ទទួល​យក​ជាង បើ​វា​ចេញ​ពី​សេចក្ដី​ស្រឡាញ់ ជា​ជាង​ចេញ​ពី​ការ​ទើស​ចិត្ត​ឬ​ធុញ​ទ្រាន់។

តើ​ពិត​ជា​ចាំ​បាច់​ឲ្យ​យោបល់​ឬ​ទេ?

៨. តើ​អ្នក​ចាស់​ទុំ​គួរ​សួរ​ខ្លួន​ឯង​អ្វី​ខ្លះ​មុន​ឲ្យ​យោបល់​ដល់​អ្នក​ឯ​ទៀត?

អ្នក​ចាស់​ទុំ​មិន​គួរ​រហ័ស​ឲ្យ​យោបល់​ទេ។ មុន​ឲ្យ​យោបល់ អ្នក​ចាស់​ទុំ​គួរ​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​ពិត​ជា​ត្រូវ​និយាយ​ឬ​ទេ? តើ​ខ្ញុំ​ដឹង​ប្រាកដ​ឬ​ទេ​ថា​ការ​ប្រព្រឹត្ត​របស់​បុគ្គល​នោះ​គឺ​ខុស? តើ​គម្ពីរ​ចែង​ថា​អ្វី​ដែល​គាត់​កំពុង​ធ្វើ​គឺ​ខុស​ឬ​ទេ? ឬ​តើ​នោះ​គ្រាន់​តែ​ខុស​ពី​ទស្សនៈ​របស់​ខ្ញុំ?›។ អ្នក​ចាស់​ទុំ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ជៀស​វាង​ពី​ការ​«​និយាយ​ដោយ​ឥត​គិត​»។ (​សុភ. ២៩:២០​) បើ​អ្នក​ចាស់​ទុំ​ណា​ម្នាក់​មិន​ប្រាកដ​ថា​គាត់​ត្រូវ​ឲ្យ​យោបល់​ដល់​បុគ្គល​ណា​ម្នាក់​ឬ​យ៉ាង​ណា គាត់​អាច​សួរ​អ្នក​ចាស់​ទុំ​ម្នាក់​ទៀត​ថា តើ​គាត់​ក៏​គិត​ថា​បង​ប្អូន​នោះ​កំពុង​ធ្វើ​អ្វី​ដែល​ប្រឆាំង​នឹង​បទ​គម្ពីរ ហើយ​ត្រូវ​ការ​យោបល់​ឬ?—២ធី. ៣:១៦, ១៧

៩. តើ​យើង​រៀន​អ្វី​ពី​ប៉ូល​អំពី​របៀប​ឲ្យ​យោបល់​ស្ដី​អំពី​ការ​ស្លៀក​ពាក់​និង​សម្អិត​សម្អាង​ខ្លួន? (​ធីម៉ូថេ​ទី​១ ២:៩, ១០​)

សូម​គិត​អំពី​ឧទាហរណ៍​មួយ។ ឧបមា​ថា អ្នក​ចាស់​ទុំ​ម្នាក់​ព្រួយ​បារម្ភ​អំពី​របៀប​ស្លៀក​ពាក់​និង​សម្អិត​សម្អាង​ខ្លួន​របស់​គ្រិស្ត​សាសនិក​ម្នាក់។ អ្នក​ចាស់​ទុំ​នោះ​អាច​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​ឲ្យ​យោបល់​ដោយ​មាន​មូលដ្ឋាន​ពី​គម្ពីរ​ឬ​ទេ?›។ ដោយ​សារ​អ្នក​ចាស់​ទុំ​នោះ​មិន​ចង់​ឲ្យ​យោបល់​តាម​ទស្សនៈ​របស់​ខ្លួន គាត់​អាច​សួរ​យោបល់​អ្នក​ចាស់​ទុំ​ម្នាក់​ទៀត ឬ​បង​ប្អូន​ដែល​មាន​ភាព​ចាស់​ទុំ។ ក្រោយ​មក ពួក​គេ​ប្រហែល​ជា​នឹង​ពិចារណា​អំពី​យោបល់​របស់​ប៉ូល​ស្ដី​អំពី​របៀប​ស្លៀក​ពាក់​និង​សម្អិត​សម្អាង​ខ្លួន។ (​សូម​អាន ធីម៉ូថេ​ទី​១ ២:៩, ១០) ប៉ូល​បាន​លើក​ឡើង​អំពី​គោល​ការណ៍​ទូទៅ ពោល​គឺ​គ្រិស្ត​សាសនិក​គួរ​ស្លៀក​ពាក់​តាម​របៀប​សមរម្យ រមទម និង​ដោយ​មាន​គំនិត​សម​ហេតុ​សម​ផល។ ប៉ូល​មិន​បាន​ធ្វើ​បញ្ជី​មួយ​អំពី​អ្វី​ដែល​គួរ​និង​មិន​គួរ​ស្លៀក​ពាក់​នោះ​ទេ។ គាត់​ទទួល​ស្គាល់​ថា​គ្រិស្ត​សាសនិក​មាន​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​ជ្រើស​រើស​សម្លៀក​បំពាក់​និង​សម្អិត​សម្អាង​ខ្លួន ឲ្យ​តែ​នោះ​មិន​ប្រឆាំង​នឹង​បទ​គម្ពីរ។ ដូច្នេះ ពេល​អ្នក​ចាស់​ទុំ​ត្រូវ​សម្រេច​ចិត្ត​ថា​គួរ​ឲ្យ​យោបល់​ឬ​មិន​គួរ ជា​ការ​ល្អ​ឲ្យ​ពួក​គេ​ពិចារណា​ថា​តើ​បុគ្គល​នោះ​ស្លៀក​ពាក់​និង​សម្អិត​សម្អាង​ខ្លួន​ដោយ​រមទម និង​ដោយ​មាន​គំនិត​សម​ហេតុ​ផល​ឬ​យ៉ាង​ណា។

១០. តើ​យើង​ត្រូវ​ចាំ​អំពី​អ្វី​ស្ដី​អំពី​ការ​សម្រេច​ចិត្ត​របស់​អ្នក​ឯ​ទៀត?

១០ យើង​គួរ​ទទួល​ស្គាល់​ថា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​ពីរ​នាក់​ប្រហែល​ជា​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស​គ្នា តែ​នោះ​មិន​មាន​ន័យ​ថា​មួយ​ខុស​មួយ​ត្រូវ​ទេ។ យើង​មិន​គួរ​ព្យាយាម​បង្ខំ​បង​ប្អូន​រួម​ជំនឿ​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​យើង​គិត​ថា​ត្រឹម​ត្រូវ​ឡើយ។—រ៉ូម ១៤:១០

តើ​អ្នក​ណា​ខ្លះ​គួរ​ឲ្យ​យោបល់?

១១​-​១២. បើ​ត្រូវ​ឲ្យ​យោបល់ តើ​អ្នក​ចាស់​ទុំ​គួរ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​អ្វី​ខ្លះ ហើយ​ហេតុ​អ្វី?

១១ បើ​អ្នក​ចាស់​ទុំ​យល់​ច្បាស់​ថា​គួរ​ឲ្យ​យោបល់ គាត់​ត្រូវ​គិត​ពិចារណា​អំពី​សំណួរ​មួយ​ទៀត​ថា តើ​អ្នក​ណា​គួរ​ជា​អ្នក​ឲ្យ​យោបល់​នោះ? មុន​ឲ្យ​យោបល់​ដល់​បង​ស្រី​ដែល​រៀប​ការ​ហើយ​ឬ​កូន​ក្មេង អ្នក​ចាស់​ទុំ​គួរ​និយាយ​ជា​មួយ​ប្រមុខ​គ្រួសារ​ថា តើ​គាត់​ចង់​ឲ្យ​យោបល់​ដោយ​ខ្លួន​ឯង ឬ​គាត់​ចង់​នៅ​ជា​មួយ​ពេល​អ្នក​ចាស់​ទុំ​នោះ​ឲ្យ​យោបល់។ * ម្យ៉ាង​ទៀត ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​ វគ្គ​៣ ជួន​កាល​គឺ​ជា​ការ​ល្អ​ជាង ឲ្យ​បង​ប្អូន​ស្រី​ដែល​មាន​វ័យ​ចាស់​ផ្ដល់​យោបល់​ដល់​បង​ប្អូន​ស្រី​ដែល​មាន​វ័យ​ក្មេង​ជាង។

១២ មាន​អ្វី​មួយ​ទៀត​ដែល​អ្នក​ចាស់​ទុំ​គួរ​ពិចារណា។ គាត់​អាច​សួរ​ខ្លួន​ឯង​ថា ‹តើ​ជា​ការ​ល្អ​ដែល​ខ្ញុំ​ឲ្យ​យោបល់​នោះ ឬ​តើ​ជា​ការ​ល្អ​ជាង​បើ​ឲ្យ​អ្នក​ផ្សេង​និយាយ​ជា​មួយ​បុគ្គល​នោះ?›។ ជា​ឧទាហរណ៍ បុគ្គល​ម្នាក់​ដែល​ព្យាយាម​យក​ឈ្នះ​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ ប្រហែល​ជា​ស្រួល​ទទួល​យោបល់​ជាង​ពី​អ្នក​ចាស់​ទុំ​ដែល​ធ្លាប់​មាន​ការ​ពិបាក​នេះ។ អ្នក​ចាស់​ទុំ​ដែល​ធ្លាប់​មាន​អារម្មណ៍​ស្រដៀង​នឹង​គាត់ ទំនង​ជា​ចេះ​យល់​អារម្មណ៍​គាត់​ច្រើន​ជាង ហើយ​អ្វី​ដែល​អ្នក​ចាស់​ទុំ​នោះ​និយាយ​ប្រហែល​ជា​ស្រួល​ទទួល​យក​ជាង។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​ចាស់​ទុំ​ទាំង​អស់​មាន​ភារកិច្ច​លើក​ទឹក​ចិត្ត​និង​ជំរុញ​ចិត្ត​បង​ប្អូន​ឲ្យ​ធ្វើ​ការ​កែ​ប្រែ​តាម​តម្រូវ​ការ​ពី​គម្ពីរ។ ដូច្នេះ មិន​ថា​អ្នក​ចាស់​ទុំ​មាន​ឬ​គ្មាន​បទ​ពិសោធន៍​ដូច​បុគ្គល​ដែល​ទទួល​យោបល់​នោះ​ក្ដី ការ​ឲ្យ​យោបល់​គឺ​សំខាន់​ចាំ​បាច់។

តើ​អ្នក​អាច​ឲ្យ​យោបល់​ដែល​មាន​ប្រសិទ្ធភាព យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​ពួក​អ្នក​ចាស់​ទុំ​គ្រិស្ត​សាសនិក​គួរ​«​រហ័ស​ស្ដាប់​»​? (​សូម​មើល​វគ្គ​១៣​-​១៤​)

១៣​-​១៤. ហេតុ​អ្វី​អ្នក​ចាស់​ទុំ​គួរ​ស្ដាប់?

១៣ចូរ​ប្រុង​ប្រៀប​ស្ដាប់។ ពេល​អ្នក​ចាស់​ទុំ​ត្រៀម​ខ្លួន​ដើម្បី​ឲ្យ​យោបល់ គាត់​អាច​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​ដឹង​អ្វី​ខ្លះ​អំពី​កាលៈទេសៈ​របស់​បង​ប្អូន​នោះ? តើ​ថ្មី​ៗ​នេះ​ជីវិត​គាត់​យ៉ាង​ណា​ដែរ? តើ​គាត់​មាន​ការ​ពិបាក​ដែល​ខ្ញុំ​មិន​ដឹង​ឬ​ទេ? តើ​គាត់​ត្រូវ​ការ​អ្វី​ខ្លាំង​បំផុត​នៅ​ឥឡូវ​នេះ?›។

១៤ គោល​ការណ៍​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​យ៉ាកុប ១:១៩ ជាប់​ទាក់​ទង​នឹង​ពួក​អ្នក​ដែល​ឲ្យ​យោបល់។ យ៉ាកុប​បាន​សរសេរ​ថា​៖ ​«​មនុស្ស​ម្នាក់​ៗ​ត្រូវ​រហ័ស​ស្ដាប់ មិន​រហ័ស​និយាយ មិន​រហ័ស​ខឹង​»។ អ្នក​ចាស់​ទុំ​ណា​ម្នាក់​ប្រហែល​ជា​សន្និដ្ឋាន​ថា គាត់​ដឹង​ព័ត៌មាន​ទាំង​អស់​របស់​បុគ្គល​ណា​ម្នាក់។ ប៉ុន្តែ​តើ​គាត់​ពិត​ជា​ដឹង​មែន​ឬ? សុភាសិត ១៨:១៣​រំលឹក​យើង​ថា​៖ ​«​អ្នក​ណា​ដែល​តប​ឆ្លើយ​មុន​ដឹង​រឿង​ពិត អ្នក​នោះ​ជា​មនុស្ស​ល្ងង់​ខ្លៅ ហើយ​ធ្វើ​ឲ្យ​ខ្លួន​ឯង​អាម៉ាស់​មុខ​»។ គឺ​ជា​ការ​ល្អ​ឲ្យ​សុំ​បុគ្គល​នោះ​រៀប​រាប់​អំពី​ស្ថានភាព​របស់​គាត់ ហើយ​ស្ដាប់​មុន​និយាយ។ សូម​ចាំ​អំពី​មេ​រៀន​ដែល​អ្នក​ចាស់​ទុំ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ​បាន​រៀន។ គាត់​បាន​ទទួល​ស្គាល់​ថា ជា​ជាង​ចាប់​ផ្ដើម​និយាយ​តាម​អ្វី​ដែល​គាត់​បាន​រៀបចំ គាត់​គួរ​សួរ​បង​ស្រី​នោះ​ថា ​«​តើ​ស្ថានភាព​របស់​បង​ថ្មី​ៗ​នេះ​យ៉ាង​ម៉េច​ដែរ?​»​ ​«​តើ​ខ្ញុំ​អាច​ជួយ​អ្វី​បង​បាន​ខ្លះ?​»។ បើ​ពួក​អ្នក​ចាស់​ទុំ​លៃ​ទុក​ពេល​ស្វែង​យល់​អំពី​ស្ថានភាព​របស់​បង​ប្អូន ពួក​គេ​ទំនង​ជា​កាន់​តែ​អាច​ជួយ​និង​លើក​ទឹក​ចិត្ត​បង​ប្អូន​នោះ។

១៥. តើ​ពួក​អ្នក​ចាស់​ទុំ​អាច​ធ្វើ​តាម​គោល​ការណ៍​នៅ​សុភាសិត ២៧:២៣​យ៉ាង​ដូច​ម្ដេច?

១៥ចូរ​ស្គាល់​បង​ប្អូន។ ដូច​យើង​បាន​ឃើញ​នៅ​ដើម​អត្ថបទ​នេះ ការ​ឲ្យ​យោបល់​ដែល​មាន​ប្រសិទ្ធភាព​មិន​គ្រាន់​តែ​ជា​ការ​អាន​ខ​គម្ពីរ​ខ្លះ ឬ​ឲ្យ​យោបល់​មួយ​ពីរ​ប៉ុណ្ណោះ​ទេ។ បង​ប្អូន​ដែល​យើង​ឲ្យ​យោបល់​ត្រូវ​ទទួល​អារម្មណ៍​ថា​យើង​យក​ចិត្ត​ទុក​ដាក់ ចង់​ជួយ និង​យល់​អំពី​ពួក​គេ។ (​សូម​អាន សុភាសិត ២៧:២៣) អ្នក​ចាស់​ទុំ​គួរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​មាន​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​បង​ប្អូន។

តើ​អ្វី​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​ស្រួល​ឲ្យ​យោបល់​ជាង? (​សូម​មើល​វគ្គ​១៦​)

១៦. តើ​អ្វី​នឹង​ជួយ​ពួក​អ្នក​ចាស់​ទុំ​ចេះ​ឲ្យ​យោបល់​ដែល​មាន​ប្រសិទ្ធភាព?

១៦ ពួក​អ្នក​ចាស់​ទុំ​មិន​ចង់​ឲ្យ​បង​ប្អូន​គិត​ថា ពួក​គេ​និយាយ​ជា​មួយ​បង​ប្អូន​តែ​ពេល​ឲ្យ​យោបល់​ប៉ុណ្ណោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​អ្នក​ចាស់​ទុំ​និយាយ​ជា​មួយ​បង​ប្អូន​ជា​រឿយ​ៗ ដោយ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ កាល​ដែល​ពួក​គេ​ជួប​ការ​ពិបាក។ អ្នក​ចាស់​ទុំ​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​សង្កេត​ឃើញ​ថា​៖ ​«​បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ទៅ​ជា​មិត្ត​របស់​ពួក​គេ។ យ៉ាង​នេះ ពេល​ដែល​យើង​ត្រូវ​ឲ្យ​យោបល់ នោះ​គឺ​ស្រួល​ជាង​»។ អ្នក​ដែល​ទទួល​យោបល់​នេះ​ក៏​នឹង​ស្រួល​ទទួល​ជាង​ដែរ។

ហេតុ​អ្វី​អ្នក​ចាស់​ទុំ​គួរ​មាន​ចិត្ត​អត់​ធ្មត់​និង​សប្បុរស​ពេល​ឲ្យ​យោបល់? (​សូម​មើល​វគ្គ​១៧​)

១៧. តើ​អ្នក​ចាស់​ទុំ​ត្រូវ​ការ​ចិត្ត​អត់​ធ្មត់​និង​សប្បុរស​ជា​ពិសេស​នៅ​ពេល​ណា?

១៧ចូរ​មាន​ចិត្ត​អត់​ធ្មត់​និង​សប្បុរស។ គុណ​សម្បត្តិ​ទាំង​ពីរ​នេះ​គឺ​សំខាន់​ចាំ​បាច់ ជា​ពិសេស​នៅ​ពេល​បុគ្គល​ណា​ម្នាក់​មិន​ព្រម​ទទួល​យោបល់​ពី​គម្ពីរ​នៅ​ដើម​ដំបូង។ អ្នក​ចាស់​ទុំ​មិន​គួរ​ខឹង ពេល​បុគ្គល​ដែល​គាត់​ឲ្យ​យោបល់​មិន​ព្រម​ទទួល​ឬ​មិន​ធ្វើ​តាម​ភ្លាម​ៗ។ គម្ពីរ​ប្រកាស​ទុក​ជា​មុន​អំពី​លោក​យេស៊ូ​ថា​៖ ​«​គាត់​នឹង​មិន​ជាន់​ឈ្លី​ដើម​ត្រែង​ណា​ដែល​ទក់​ឡើយ ក៏​មិន​ពន្លត់​ប្រឆេះ​ណា​ដែល​ជិត​រលត់​ដែរ​»។ (​ម៉ាថ. ១២:​២០​) ដូច្នេះ ពេល​អ្នក​ចាស់​ទុំ​អធិដ្ឋាន​ម្នាក់​ឯង គាត់​អាច​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ដល់​បុគ្គល​ដែល​ត្រូវ​ការ​ឱវាទ​នោះ ហើយ​ជួយ​បុគ្គល​នោះ​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​គាត់​ទទួល​យោបល់​និង​ជួយ​គាត់​ឲ្យ​ធ្វើ​តាម​យោបល់​នោះ។ បុគ្គល​ដែល​ទទួល​យោបល់ ប្រហែល​ជា​ត្រូវ​ការ​ពេល​ដើម្បី​គិត​អំពី​យោបល់​ដែល​គាត់​បាន​ទទួល។ បើ​អ្នក​ចាស់​ទុំ​នោះ​និយាយ​ដោយ​បង្ហាញ​ចិត្ត​អត់​ធ្មត់​និង​សប្បុរស បុគ្គល​ដែល​គាត់​កំពុង​ព្យាយាម​ជួយ​នឹង​មិន​ផ្ដោត​អារម្មណ៍​ទៅ​លើ​របៀប​ដែល​អ្នក​ចាស់​ទុំ​ឲ្យ​យោបល់​គាត់ តែ​គាត់​នឹង​ផ្ដោត​អារម្មណ៍​ទៅ​លើ​យោបល់​វិញ។ ម្យ៉ាង​ទៀត យោបល់​គួរ​តែ​មាន​មូលដ្ឋាន​ពី​បណ្ដាំ​របស់​ព្រះ​ជា​និច្ច។

១៨. (​ក​) ពេល​ឲ្យ​យោបល់ តើ​យើង​គួរ​នឹក​ចាំ​អំពី​អ្វី? (​ខ​) ដូច​បាន​ត្រូវ​បង្ហាញ​នៅ​រូប​ភាព​និង​ប្រអប់ តើ​ឪពុក​ម្ដាយ​កំពុង​ពិភាក្សា​គ្នា​អំពី​អ្វី?

១៨ចូរ​រៀន​ពី​កំហុស​របស់​អ្នក។ ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ យើង​នឹង​មិន​អាច​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​អត្ថបទ​នេះ​យ៉ាង​ល្អ​ឥត​ខ្ចោះ​បាន​ទេ។ (​យ៉ា. ៣:២​) យើង​ប្រហែល​ជា​នឹង​ធ្វើ​មិន​បាន​ល្អ ប៉ុន្តែ​ពេល​ដែល​យើង​ធ្វើ​ខុស យើង​គួរ​ព្យាយាម​រៀន​ពី​កំហុស​នោះ។ បើ​បង​ប្អូន​ទទួល​អារម្មណ៍​ថា​យើង​ស្រឡាញ់​ពួក​គេ នោះ​ពួក​គេ​ទំនង​ជា​នឹង​ស្រួល​អភ័យ​ទោស​ឲ្យ​យើង​ជាង ពេល​ដែល​យើង​និយាយ​ឬ​ធ្វើ​អ្វី​ណា​មួយ​ដែល​នាំ​ឲ្យ​ពួក​គេ​ទើស​ចិត្ត (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ ជូន​ចំពោះ​ឪពុក​ម្ដាយ​»​)។

តើ​យើង​បាន​រៀន​អ្វី?

១៩. តើ​យើង​អាច​ធ្វើ​ឲ្យ​ចិត្ត​របស់​បង​ប្អូន​យើង​សប្បាយ​តាម​របៀប​ណា​ខ្លះ?

១៩ ដូច​ដែល​យើង​បាន​ឃើញ ការ​ឲ្យ​យោបល់​ដែល​មាន​ប្រសិទ្ធភាព​គឺ​មិន​ស្រួល​ទេ។ យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​បុគ្គល​ដែល​យើង​ឲ្យ​យោបល់​ក៏​ជា​មនុស្ស​មិន​ល្អឥត​ខ្ចោះ​ដែរ។ សូម​ចង​ចាំ​គោល​ការណ៍​ដែល​យើង​បាន​ពិចារណា​ក្នុង​អត្ថបទ​នេះ។ សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​ឲ្យ​យោបល់​ដោយ​មាន​មូលហេតុ​ត្រឹម​ត្រូវ។ សូម​ធ្វើ​ឲ្យ​ប្រាកដ​ដែរ​ថា​ពិត​ជា​ចាំ​បាច់​ឲ្យ​យោបល់​មែន ហើយ​ថា​អ្នក​ជា​បុគ្គល​ដែល​គួរ​ឲ្យ​យោបល់​នោះ។ មុន​ឲ្យ​យោបល់ សូម​សួរ​សំណួរ​និង​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​អ្នក​អាច​យល់​អំពី​អ្វី​ដែល​បង​ប្អូន​នោះ​កំពុង​តែ​ប្រឈម​មុខ។ សូម​ព្យាយាម​យល់​អំពី​ទស្សនៈ​របស់​គាត់។ សូម​បង្ហាញ​ចិត្ត​សប្បុរស​និង​មាន​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​បង​ប្អូន។ សូម​ចាំ​គោល​ដៅ​របស់​យើង​គឺ យើង​មិន​គ្រាន់​តែ​ចង់​ឲ្យ​យោបល់​ដែល​មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​«​ធ្វើ​ឲ្យ​ចិត្ត​សប្បាយ​»​ដែរ។—សុភ. ២៧:៩

ចម្រៀង​លេខ​១០៣ ពួក​គង្វាល​គឺ​អំណោយ​ជា​មនុស្ស

^ វគ្គ 5 គឺ​មិន​តែង​តែ​ស្រួល​ឲ្យ​យោបល់​ទេ។ ដូច្នេះ ពេល​យើង​ត្រូវ​ឲ្យ​យោបល់ តើ​យើង​អាច​ធ្វើ​តាម​របៀប​ដែល​នាំ​ឲ្យ​ទទួល​ប្រយោជន៍​និង​ដែល​លើក​ទឹក​ចិត្ត​យ៉ាង​ដូច​ម្ដេច? អត្ថបទ​នេះ​នឹង​ជួយ​យើង​ទាំង​អស់​គ្នា ជា​ពិសេស​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ផ្ដល់​យោបល់​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ចង់​ស្ដាប់​និង​ធ្វើ​តាម។

^ វគ្គ 11 សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ការ​យល់​អំពី​ប្រមុខភាព​ក្នុង​ក្រុម​ជំនុំ​»​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​កុម្ភៈ ឆ្នាំ​២០២១។