លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣៧

«ខ្ញុំនឹងអង្រួនប្រជាជាតិនានា»

«ខ្ញុំនឹងអង្រួនប្រជាជាតិនានា»

​«​ខ្ញុំ​នឹង​អង្រួន​ប្រជា​ជាតិ​នានា ហើយ​អ្វី​ៗ​ដែល​មាន​តម្លៃ​ពី​ប្រជា​ជាតិ​ទាំង​អស់​នឹងចូល​មក​ក្នុង​វិហារ​នេះ​»។—ហាក. ២:៧

ចម្រៀង​លេខ​២៤ ចូរ​ឡើង​ទៅ​ភ្នំ​របស់​ព្រះ​យេហូវ៉ា

សេចក្ដី​សង្ខេប *

១​-​២. តើ​ហាកាយ​បាន​ប្រកាស​ទុក​ជា​មុន​ថា​នឹង​មាន​ការ​អង្រួន​អ្វី​នៅ​សម័យ​យើង?

​«​ត្រឹម​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ហាង​និង​អគារ​ចាស់​ៗ​បាន​ចាប់​ផ្ដើម​ដួល​រលំ​ខ្ទេច​ខ្ទី​»។ ​«​មនុស្ស​គ្រប់​គ្នា​តក់​ស្លុត . . . មាន​មនុស្ស​ជា​ច្រើន​និយាយ​ថា​រញ្ជួយ​ដី​នោះ​ប្រហែល​ជា​ពីរ​នាទី។ ប៉ុន្តែ​សម្រាប់​ខ្ញុំ មើល​ទៅ​យូរ​ណាស់​»។ ពាក្យ​ទាំង​នេះ​គឺ​ជា​សម្ដី​របស់​អ្នក​ខ្លះ​ដែល​បាន​រួច​ជីវិត​ពី​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​នេប៉ាល់ នា​ឆ្នាំ​២០១៥។ បើ​អ្នក​ឆ្លង​កាត់​បទ​ពិសោធន៍​ដ៏​ខ្លោច​ផ្សា​បែប​នេះ អ្នក​នឹង​មិន​ងាយ​ភ្លេច​ទេ។

ប៉ុន្តែ​នៅ​ឥឡូវ​នេះ មាន​ការ​រញ្ជួយ​ឬ​ការ​អង្រួន​ប្រភេទ​ផ្សេង​ទៀត​ដែល​កំពុង​កើត​ឡើង ហើយ​នេះ​មិន​គ្រាន់​តែ​កើត​ឡើង​នៅ​ក្រុង​មួយ​ឬ​ប្រទេស​មួយ​ប៉ុណ្ណោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​អង្រួន​នេះ​កើត​ឡើង​នៅ​គ្រប់​ប្រជា​ជាតិ ហើយ​បាន​កើត​ឡើង​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ហាកាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ បាន​ប្រាប់​ទុក​ជា​មុន​អំពី​ការ​អង្រួន​នេះ។ គាត់​បាន​សរសេរ​ថា​៖ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖ ‹បន្តិច​ទៀត ខ្ញុំ​នឹង​អង្រួន​មេឃ​និង​ផែនដី សមុទ្រ​និង​ដី​គោក​ម្ដង​ទៀត›​»។—ហាក. ២:៦

៣. តើ​ការ​អង្រួន​ដែល​ហាកាយ​បាន​រៀប​រាប់​ខុស​គ្នា​យ៉ាង​ណា​ពី​ការ​រញ្ជួយ​ដី?

ការ​អង្រួន​ដែល​ហាកាយ​បាន​រៀប​រាប់​គឺ​មិន​ដូច​ការ​រញ្ជួយ​ដី​ដែល​នាំ​មក​នូវ​តែ​ការ​បំផ្លាញ​ប៉ុណ្ណោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​អង្រួន​នោះ​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ។ ព្រះ​យេហូវ៉ា​ផ្ទាល់​ប្រាប់​យើង​ថា​៖ ​«​ខ្ញុំ​នឹង​អង្រួន​ប្រជា​ជាតិ​នានា ហើយ​អ្វី​ៗ​ដែល​មាន​តម្លៃ​ពី​ប្រជា​ជាតិ​ទាំង​អស់​នឹង​ចូល​មក​ក្នុង​វិហារ​នេះ។ រួច​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​វិហារ​នេះ​ពេញ​ទៅ​ដោយ​សិរី​រុង​រឿង​»។ (​ហាក. ២:៧​) តើ​ទំនាយ​នេះ​មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​រស់​នៅ​សម័យ​ហាកាយ? ហើយ​តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង​នៅ​សព្វ​ថ្ងៃ​នេះ? យើង​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ ហើយ​រៀន​អំពី​របៀប​ដែល​យើង​អាច​រួម​ចំណែក​ក្នុង​ការ​អង្រួន​ប្រជា​ជាតិ​នានា​នៅ​សព្វ​ថ្ងៃ​នេះ។

ដំណឹង​ដែល​លើក​ទឹក​ចិត្ត​នៅ​សម័យ​ហាកាយ

៤. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​ចាត់​ហាកាយ​ឲ្យ​ជួយ​រាស្ត្រ​របស់​លោក?

ព្រះ​យេហូវ៉ា​បាន​ឲ្យ​កិច្ច​ការ​ដ៏​សំខាន់​ដល់​ហាកាយ​ជា​អ្នក​ប្រកាស​ទំនាយ។ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​មុន​នោះ។ ហាកាយ​ទំនង​ជា​បាន​នៅ​ក្នុង​ចំណោម​បណ្ដា​ជន​ដែល​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​ក្រោយ​ពី​ការ​និរទេស​នៅ​ស្រុក​បាប៊ីឡូន នា​ឆ្នាំ​៥៣៧​មុន គ.ស.។ មិន​យូរ​ក្រោយ​ពី​ពួក​គេ​ទៅ​ដល់​ក្រុង​យេរូសាឡិម ពួក​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​ទាំង​នោះ​បាន​ចាប់​ផ្ដើម​ដាក់​គ្រឹះ​វិហារ​នៃ​ព្រះ​យេហូវ៉ា។ (​អែស. ៣:៨, ១០​) ប៉ុន្តែ​មិន​យូរ​ក្រោយ​មក មាន​អ្វី​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​បាន​កើត​ឡើង។ បណ្ដា​ជន​បាន​ធ្លាក់​ទឹក​ចិត្ត ហើយ​ឈប់​សាង​សង់​វិហារ ដោយ​សារ​ពួក​គេ​ទទួល​ការ​ប្រឆាំង។ (​អែស. ៤:៤; ហាក. ១:១, ២​) ដូច្នេះ នៅ​ឆ្នាំ​៥២០​មុន គ.ស. ព្រះ​យេហូវ៉ា​បាន​ចាត់​ហាកាយ​ឲ្យ​ជួយ​បណ្ដា​ជន​មាន​ចិត្ត​ខ្នះ​ខ្នែង​ឡើង​វិញ ហើយ​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​បង្ហើយ​កិច្ច​ការ​សាង​សង់​វិហារ។ *អែស. ៦:១៤, ១៥

៥. ហេតុ​អ្វី​ដំណឹង​ដែល​ហាកាយ​ផ្សាយ​ច្បាស់​ជា​ពង្រឹង​ទំនុក​ចិត្ត​របស់​រាស្ត្រ​ព្រះ?

គោល​បំណង​នៃ​ដំណឹង​ដែល​ហាកាយ​ផ្សាយ​គឺ​ដើម្បី​ពង្រឹង​ជំនឿ​របស់​បណ្ដា​ជន​ទៅ​លើ​ព្រះ​យេហូវ៉ា។ អ្នក​ប្រកាស​ទំនាយ​នោះ​បាន​និយាយ​យ៉ាង​អង់អាច​ទៅ​ពួក​យូដា​ដែល​ធ្លាក់​ទឹក​ចិត្ត​ថា​៖ ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ឱ​បណ្ដា​ជន​ទាំង​អស់​ដែល​នៅ​ក្នុង​ស្រុក​អើយ! ចូរ​រឹង​មាំ​ឡើង ហើយ​ធ្វើ​ការ​ចុះ›។ ‹ព្រោះ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ហើយ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​»។ (​ហាក. ២:៤​) ពាក្យ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​»​ច្បាស់​ជា​បាន​ពង្រឹង​ទំនុក​ចិត្ត​បណ្ដា​ជន។ ព្រះ​យេហូវ៉ា​មាន​កង​ទ័ព​ស្ថាន​សួគ៌​ជា​ច្រើន​សន្ធឹក​នៅ​ក្រោម​បង្គាប់​លោក ដូច្នេះ​ជន​ជាតិ​យូដា​ត្រូវ​ពឹង​ផ្អែក​លើ​លោក​ដើម្បី​ទទួល​ជោគ​ជ័យ។

៦. តើ​អ្វី​កើត​ឡើង​ដោយ​សារ​ការ​អង្រួន​ដែល​ហាកាយ​បាន​ប្រកាស​ទុក​ជា​មុន?

ព្រះ​យេហូវ៉ា​បាន​ចាត់​ហាកាយ​ឲ្យ​ប្រាប់​ជន​ជាតិ​យូដា​ថា លោក​នឹង​អង្រួន​ប្រជា​ជាតិ​នានា។ ការ​បើក​បង្ហាញ​នេះ​បាន​ពង្រឹង​ទំនុក​ចិត្ត​អ្នក​សាង​សង់​វិហារ​ដែល​ធ្លាក់​ទឹក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​អង្រួន​ស្រុក​ពើស៊ី​ដែល​ជា​មហា​អំណាច​នៅសម័យ​នោះ។ តើ​ការ​អង្រួន​នោះ​មាន​លទ្ធផល​យ៉ាង​ណា? ដំបូង រាស្ត្រ​របស់​ព្រះ​នឹង​បង្ហើយ​ការ​សាង​សង់​វិហារ។ បន្ទាប់​មក សូម្បី​តែ​អ្នក​ដែល​មិន​មែន​ជា​ជន​ជាតិ​យូដា ក៏​នឹង​ចូល​រួម​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​ពួក​គេ​នៅ​វិហារ​ដែល​បាន​សង់​ឡើង​វិញ​នោះ។ ដំណឹង​នោះ​ច្បាស់​ជា​លើក​ទឹក​ចិត្ត​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា!—សាក. ៨:៩

កិច្ច​ការ​ដែល​អង្រួន​ពិភព​លោក​នៅ​សព្វ​ថ្ងៃ​នេះ

តើ​អ្នក​ចូល​រួម​យ៉ាង​ពេញ​លេញ​ក្នុង​កិច្ច​ការ​អង្រួន​ពិភព​លោក​ដែល​កំពុង​ធ្វើ​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? (​សូម​មើល​វគ្គ​៧​-​៨​) *

៧. តើ​យើង​ចូល​រួម​ក្នុង​កិច្ច​ការ​អ្វី​នៅ​សព្វ​ថ្ងៃ​នេះ​ដែល​អង្រួន​ពិភព​លោក? សូម​ពន្យល់។

តើ​ទំនាយ​របស់​ហាកាយ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង​សព្វ​ថ្ងៃ​នេះ? ព្រះ​យេហូវ៉ា​កំពុង​អង្រួន​ប្រជា​ជាតិ​នានា​ម្ដងទៀត ហើយ​លើក​នេះ​យើង​ក៏​មាន​ចំណែក​ដែរ។ សូម​គិត​អំពី​ចំណុច​នេះ​៖ នៅ​ឆ្នាំ​១៩១៤ ព្រះ​យេហូវ៉ា​បាន​តែង​តាំង​លោក​យេស៊ូ​គ្រិស្ត​ជា​ស្ដេច​នៃ​រាជាណាចក្រ​ស្ថាន​សួគ៌​របស់​លោក។ (​ចសព. ២:៦​) ការ​ស្ថាបនា​នៃ​រាជាណាចក្រ​នោះ គឺ​ជា​ដំណឹង​មិន​ល្អ​ចំពោះ​ពួក​អ្នក​ដឹក​នាំ​ពិភព​លោក។ ពីព្រោះ​នោះ​មាន​ន័យ​ថា​«​គ្រា​កំណត់​នៃ​ប្រជា​ជាតិ​នានា​»​បាន​ចប់​សព្វ​គ្រប់ គឺ​ថា​រយៈ​ពេល​ដែល​គ្មាន​អ្នក​គ្រប់​គ្រង​ជា​តំណាង​ព្រះ​យេហូវ៉ា​បាន​មក​ដល់​ទី​បញ្ចប់។ (​លូក. ២១:២៤​) ហេតុ​នេះ​ហើយ ជា​ពិសេស​តាំង​ពី​ឆ្នាំ​១៩១៩ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ប្រាប់​អ្នក​ឯ​ទៀត​ថា រាជាណាចក្រ​របស់​ព្រះ​គឺ​ជា​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​សម្រាប់​មនុស្សជាតិ។ ការ​ផ្សព្វ​ផ្សាយ​‹ដំណឹង​ល្អ​អំពី​រាជាណាចក្រ›​បាន​អង្រួន​ពិភព​លោក​ទាំង​មូល។—ម៉ាថ. ២៤:១៤

៨. យោង​ទៅ​តាម​ចម្រៀង​សរសើរ​ព្រះ ២:១​-​៣ តើ​ប្រជា​ជាតិ​ភាគ​ច្រើន​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ដំណឹង​ដែល​យើង​ផ្សាយ?

តើ​មនុស្ស​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ដំណឹង​នេះ​ដែល​យើង​ផ្សាយ? មនុស្ស​ភាគ​ច្រើន​មាន​ប្រតិកម្ម​មិន​ល្អ។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ២:១​-​៣) ប្រជា​ជាតិ​នានា​ជ្រួល​ច្របល់។ ពួក​គេ​មិន​ព្រម​ទទួល​អ្នក​គ្រប់​គ្រង​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ទេ។ ពួក​គេ​មិន​ចាត់​ទុក​ដំណឹង​ដែល​យើង​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ​ជា​«​ដំណឹង​ល្អ​»​ឡើយ។ តាម​ការ​ពិត រដ្ឋាភិបាល​ខ្លះ​ថែម​ទាំង​បាន​ដាក់​បម្រាម​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​ទៀត​ផង! ទោះ​ជា​អ្នក​គ្រប់​គ្រង​ជា​ច្រើន​នាក់​នៃ​ប្រជា​ជាតិ​ទាំង​នេះ​អះអាង​ថា​ពួក​គេ​បម្រើ​ព្រះ​ក្ដី ពួក​គេ​មិន​ចង់​បោះ​បង់​អំណាច​របស់​ពួក​គេ​ឡើយ។ ដូច្នេះ ដូច​អ្នក​គ្រប់​គ្រង​នៅ​សម័យ​លោក​យេស៊ូ​បាន​ធ្វើ អ្នក​គ្រប់​គ្រង​នៅ​សព្វ​ថ្ងៃ​នេះ​ប្រឆាំង​បុគ្គល​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង ដោយ​វាយ​ប្រហារ​ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​លោក។—សកម្ម. ៤:​២៥​-​២៨

៩. តើ​ព្រះ​យេហូវ៉ា​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ប្រតិកម្ម​មិន​ល្អ​របស់​ប្រជា​ជាតិ​នានា?

តើ​ព្រះ​យេហូវ៉ា​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ប្រតិកម្ម​មិន​ល្អ​របស់​ប្រជា​ជាតិ​នានា? ចម្រៀង​សរសើរ​ព្រះ ២:១០​-​១២ ឆ្លើយ​ថា​៖ ​«​ដូច្នេះ​ឥឡូវ ឱ​ស្ដេច​ទាំង​ឡាយ​អើយ ចូរ​បង្ហាញ​ការ​យល់​ធ្លុះ​ជ្រៅ ឱ​ពួក​អ្នក​សម្រេច​ក្ដី​នៅ​ផែនដី​អើយ ចូរ​ទទួល​យក​ការ​កែ​តម្រង់​ចុះ។ ចូរ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​កោត​ខ្លាច ហើយ​ចូរ​គោរព​លោក​យ៉ាង​ជ្រាល​ជ្រៅ​ដោយ​ត្រេក​អរ។ ចូរ​លើក​កិត្តិយស​បុត្រ​របស់​ព្រះ។ បើ​មិន​ដូច្នោះ​ទេ ព្រះ​នឹង​ខឹង ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស ព្រោះ​កំហឹង​របស់​លោក​នឹង​ផ្ទុះ​ឡើង​ភ្លាម​ៗ។ ប៉ុន្តែ អស់​អ្នក​ដែល​យក​លោក​ជា​ទី​ពឹង​ជ្រក នោះ​មាន​សុភមង្គល​ហើយ​»។ ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​សប្បុរស ដោយ​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ប្រឆាំង​ទាំង​នេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ។ ពួក​គេ​នៅ​តែ​អាច​ប្ដូរ​ចិត្ត និង​ទទួល​យក​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​បាន។ ប៉ុន្តែ នៅ​សល់​ពេល​តែ​បន្តិច​ទេ ដោយ​សារ​យើង​កំពុង​រស់​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​នៃ​របៀប​របប​ពិភព​លោក​នេះ។ (​២ធី. ៣:១; អេ. ៦១:២​) ឥឡូវ​នេះ​គឺ​ជា​គ្រា​បន្ទាន់​ជាង​គេ​ឲ្យ​មនុស្ស​ស្គាល់​សេចក្ដី​ពិត និង​សម្រេច​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា។

ប្រតិកម្ម​ល្អ​ចំពោះ​ការ​អង្រួន

១០. តើ​ហាកាយ ២:៧​-​៩ រៀប​រាប់​អំពី​ប្រតិកម្ម​ល្អ​អ្វី​ដែល​មក​ពី​ការ​អង្រួន?

១០ ការ​អង្រួន​ដែល​ហាកាយ​បាន​ប្រាប់​ទុក​ជា​មុន​មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​អ្នក​ខ្លះ។ គាត់​ប្រាប់​យើង​ថា លទ្ធផល​នៃ​ការ​អង្រួន​នោះ​គឺ​«​អ្វី​ៗ​ដែល​មាន​តម្លៃ​[​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​]​ពី​ប្រជា​ជាតិ​ទាំង​អស់​នឹង​ចូល​មក​»​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ * (​សូម​អាន ហាកាយ ២:៧​-​៩) អេសាយ​និង​មីកា​បាន​ប្រាប់​ទុក​ជា​មុន​អំពី​ព្រឹត្តិការណ៍​ស្រដៀង​គ្នា​ដែល​នឹង​កើត​ឡើង​«​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​»។—អេ. ២:២​-​៤; មីកា ៤:១, ២

១១. តើ​បង​ប្រុស​ម្នាក់​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ដំណឹង​អំពី​រាជាណាចក្រ​ពេល​គាត់​ឮ​នៅ​ដើម​ដំបូង?

១១ ដំណឹង​នេះ​ដែល​អង្រួន​ពិភព​លោក​បាន​មាន​ឥទ្ធិពល​ទៅ​លើ​បង​ប្រុស​ម្នាក់​ឈ្មោះ​ខេណ ដែល​បម្រើ​នៅ​មន្ទីរ​ចាត់​ការ​ពិភព​លោក។ គាត់​នៅ​តែ​ចាំ​ច្បាស់​អំពី​ពេល​ដែល​គាត់​ឮ​ដំណឹង​នៃ​រាជាណាចក្រ​ព្រះ​នៅ​ដើម​ដំបូង ប្រហែល​ជា​៤០​ឆ្នាំ​មុន។ បង​ខេណ​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​ឮ​សេចក្ដី​ពិត​ពី​បណ្ដាំ​របស់​ព្រះ​នៅ​ដើម​ដំបូង ខ្ញុំ​សប្បាយ​ចិត្ត​ដឹង​ថា​យើង​កំពុង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ពិភព​លោក​នេះ។ ខ្ញុំ​យល់​ថា​ដើម្បី​ឲ្យ​ព្រះ​ពេញ​ចិត្ត ហើយ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ខ្ញុំ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ខ្ញុំ​កាន់​ជំហរ​មាំ​មួន​ខាង​ព្រះ​យេហូវ៉ា ហើយ​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ដែល​មិន​ស្ថិត​ស្ថេរ​នេះ។ ភ្លាម​ៗ​ខ្ញុំ​បាន​តាំង​ចិត្ត​ធ្វើ​ដូច្នេះ ហើយ​អធិដ្ឋាន​ទៅព្រះ​យេហូវ៉ា​អំពី​រឿង​នេះ។ ខ្ញុំ​ឈប់​រួម​ចំណែក​ក្នុង​ពិភព​លោក​នេះ ហើយ​ទទួល​ការ​ការ​ពារ​ពី​រាជាណាចក្រ​របស់​ព្រះ​ដែល​នឹង​មិន​ត្រូវ​អង្រួន​»។

១២. ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ តើ​ការ​រៀបចំ​របស់​ព្រះ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត បាន​ពោរ​ពេញ​ទៅ​ដោយ​សិរី​រុង​រឿង​យ៉ាង​ដូច​ម្ដេច?

១២ ព្រះ​យេហូវ៉ា​ច្បាស់​ជា​បាន​ឲ្យ​ពរ​លើ​រាស្ត្រ​របស់​លោក។ ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ យើង​ឃើញ​ការ​កើន​ឡើង​នៃ​ចំនួន​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក។ នៅ​ឆ្នាំ​១៩១៤ យើង​មាន​គ្នា​តែ​ប៉ុន្មាន​ពាន់​នាក់​ប៉ុណ្ណោះ។ ឥឡូវ យើង​មាន​គ្នា​ជាង​៨​លាន​នាក់​ដែល​កំពុង​គោរព​ប្រណិប័តន៍​ព្រះ​យ៉ាង​សកម្ម ហើយ​ជា​រៀង​រាល់​ឆ្នាំ​មាន​មនុស្ស​រាប់​លាន​នាក់​ទៀត​ចូល​រួម​ពិធី​រំលឹក​ជា​មួយ​យើង។ យ៉ាង​នេះ ទី​ធ្លា​នៅ​ផែនដី​នៃ​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ​យេហូវ៉ា ពោល​គឺ​របៀប​រៀបចំ​របស់​លោក​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត ពេញ​ទៅ​ដោយ​«​អ្វី​ៗ​ដែល​មាន​តម្លៃ​ពី​ប្រជា​ជាតិ​ទាំង​អស់​»។ នាម​របស់​ព្រះ​យេហូវ៉ា​ក៏​បាន​ទទួល​ការ​សរសើរ​តម្កើង ដោយ​ព្រោះ​ការ​កែ​ប្រែ​របស់​បុគ្គល​ទាំង​នេះ​កាល​ដែល​ពួក​គេ​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី។—អេភ. ៤:​២២​-​២៤

រាស្ត្រ​របស់​ព្រះ​នៅ​ទូទាំង​ផែនដី សប្បាយ​ចិត្ត​ដែល​ពួក​គេ​បាន​រួម​ចំណែក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ​ដល់​អ្នក​ឯ​ទៀត (​សូម​មើល​វគ្គ​១៣​)

១៣. តើ​ការ​កើន​ឡើង​នៃ​ចំនួន​ពួក​អ្នក​គោរព​ប្រណិប័តន៍​ព្រះ បាន​ធ្វើ​ឲ្យ​ទំនាយ​អ្វី​ខ្លះ​ទៀត​បាន​សម្រេច? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

១៣ ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​គោរព​ប្រណិប័តន៍​ព្រះ បាន​ធ្វើ​ឲ្យ​ទំនាយ​ឯ​ទៀត​បាន​សម្រេច​ដូច​ជា ទំនាយ​មួយ​នៅ​អេសាយ ជំពូក​៦០។ នៅ​ខ​២២​ចែង​ថា​៖ ​«​មនុស្ស​មួយ​ចំនួន​តូច​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​១.០០០​នាក់ ហើយ​ពួក​អ្នក​ដែល​មាន​គ្នា​តិច​នឹង​ក្លាយ​ទៅ​ជា​ប្រជា​ជាតិ​ដ៏​ធំ​និង​ខ្លាំង​ពូកែ។ ខ្ញុំ​គឺ​យេហូវ៉ា ខ្ញុំ​នឹង​បញ្ជឿន​ការ​នេះ​ឲ្យ​មក​ដល់​តាម​ពេល​កំណត់​»។ ដោយ​សារ​មនុស្ស​កាន់​តែ​ច្រើន​ចាប់​ផ្ដើម​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា មាន​អ្វី​ដ៏​អស្ចារ្យ​កើត​ឡើង​គឺ បុគ្គល​ដែល​បាន​ត្រូវ​ហៅ​ថា​«​អ្វី​ៗ​ដែល​មាន​តម្លៃ​»​បាន​ចូល​មក​ក្នុង​អង្គការ​របស់​ព្រះ​ដោយ​មាន​សមត្ថភាព​និង​ជំនាញ​ផ្សេង​ៗ ព្រម​ទាំង​មាន​បំណង​ចិត្ត​ផ្សព្វ​ផ្សាយ​‹ដំណឹង​ល្អ​អំពី​រាជាណាចក្រ›។ យ៉ាង​នេះ ដូច​អេសាយ​បាន​និយាយ ​«​ប្រជា​ជាតិ​នានា . . . នឹង​ផ្គត់​ផ្គង់​អ្វី​ៗ​»​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​ការ ក្នុង​ន័យ​ថា​រាស្ត្រ​លោក​អាច​ប្រើ​ជំនាញ​និង​សមត្ថភាព​របស់​ពួក​អ្នក​ទាំង​នោះ។ (​អេ. ៦០:៥, ១៦​) ដោយ​មាន​ជំនួយ​ពី​បុរស​ស្ត្រី​ដ៏​មាន​តម្លៃ​ទាំង​នេះ កិច្ច​ការ​ផ្សព្វ​ផ្សាយ​កំពុង​ធ្វើ​ឡើង​នៅ​២៤០​ប្រទេស ហើយ​សៀវភៅ​ផ្សេង​ៗ​របស់​យើង​បាន​ត្រូវ​បោះ​ពុម្ព​ជាង​១.០០០​ភាសា។

ពេល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត

១៤. តើ​មនុស្ស​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​នៅ​ឥឡូវ​នេះ?

១៤ នៅ​គ្រា​ចុង​បញ្ចប់​នេះ ការ​អង្រួន​ប្រជា​ជាតិ​នានា​តម្រូវ​ឲ្យ​មនុស្ស​ធ្វើ​ការ​សម្រេច​ចិត្ត​ថា តើ​ពួក​គេ​នឹង​គាំទ្រ​រាជាណាចក្រ​របស់​ព្រះ ឬ​តើ​ពួក​គេ​នឹង​ទុក​ចិត្ត​រដ្ឋាភិបាល​របស់​ពិភព​លោក​នេះ? មនុស្ស​គ្រប់​រូប​នឹង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​នេះ។ ទោះ​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ធ្វើ​តាម​ច្បាប់​រដ្ឋាភិបាល​នៅ​ប្រទេស​ដែល​ពួក​គេ​រស់​នៅ​ក្ដី ពួក​គេ​រក្សា​អព្យាក្រឹតភាព​ទាំង​ស្រុង​ក្នុង​រឿង​នយោបាយ។ (​រ៉ូម ១៣:១​-​៧​) ពួក​គេ​ដឹង​ថា​រាជាណាចក្រ​របស់​ព្រះ​គឺ​ជា​ដំណោះ​ស្រាយ​ដ៏​ពិត​ប្រាកដ​តែ​មួយ​គត់​ចំពោះ​បញ្ហា​មនុស្សជាតិ។ រាជាណាចក្រ​នោះ​មិន​មែន​ជា​របស់​ពិភព​លោក​នេះ​ទេ។—យ៉ូន. ១៨:៣៦, ៣៧

១៥. តើ​សៀវភៅ​ការ​បើក​បង្ហាញ​រៀប​រាប់​យ៉ាង​ណា​អំពី​ការ​សាក​ល្បង​នៃ​ភក្ដី​ភាព​របស់​រាស្ត្រ​ព្រះ?

១៥ សៀវភៅ​ការ​បើក​បង្ហាញ​ប្រាប់​អំពី​ការ​សាក​ល្បង​ភក្ដី​ភាព​របស់​រាស្ត្រ​ព្រះ​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។ ការ​សាក​ល្បងនេះ​នឹង​នាំ​ឲ្យ​មាន​ការ​គាប​សង្កត់​យ៉ាង​ខ្លាំង​មក​លើ​យើង​តទៅ​ទៀត។ រដ្ឋាភិបាល​នានា​នៃ​ពិភព​លោក​នេះ​នឹង​ទាម​ទារ​ឲ្យ​យើង​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​អ្វី​ដែល​ជា​របស់​ព្រះ ហើយ​ពួក​គេ​នឹង​បៀត​បៀន​ពួក​អ្នក​ដែល​មិន​ព្រម​គាំទ្រ​ពួក​គេ។ (​បប. ១៣:១២, ១៥​) ពួក​គេ​នឹង​«​បង្ខំ​មនុស្ស​ទាំង​អស់ ទាំង​អ្នក​តូច​និង​អ្នក​ធំ ទាំង​អ្នក​មាន​និង​អ្នក​ក្រ ទាំង​អ្នក​មាន​សេរី​ភាព​និង​ពួក​ខ្ញុំ​បម្រើ ដើម្បី​ឲ្យ​ទទួល​សញ្ញា​មួយ​នៅ​លើ​ដៃ​ស្ដាំ​ឬ​នៅ​លើ​ថ្ងាស​»។ (​បប. ១៣:១៦​) ខ្ញុំ​បម្រើ​នៅ​សម័យ​បុរាណ​បាន​ត្រូវ​គេ​រលាក​ស្បែក​ដោយ​ដែក​ដុត ដើម្បី​បង្ហាញ​ថា​អ្នក​ណា​ជា​ម្ចាស់​របស់​ពួក​គេ។ ស្រដៀង​គ្នា​ដែរ នៅ​សម័យ​យើង​គេ​នឹង​តម្រូវ​ឲ្យ​មនុស្ស​ទាំង​អស់​មាន​សញ្ញា​នៅ​លើ​ដៃ ឬ​ថ្ងាស​របស់​ពួក​គេ។ គំនិត​និង​ការ​ប្រព្រឹត្ត​របស់​មនុស្ស​នឹង​បង្ហាញ​ថា ពួក​គេ​ជា​អ្នក​គាំទ្រ​និង​ជា​កម្មសិទ្ធិ​របស់​រដ្ឋាភិបាល​មនុស្ស។

១៦. ហេតុ​អ្វី​គឺ​ជា​ពេល​បន្ទាន់​ឲ្យ​យើង​ពង្រឹង​ភក្ដី​ភាព​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​នេះ?

១៦ តើ​យើង​នឹង​ព្រម​ទទួល​សញ្ញា​នេះ ហើយ​គាំទ្រ​រដ្ឋាភិបាល​របស់​មនុស្ស​ឬ​ទេ? សៀវភៅ​ការ​បើក​បង្ហាញ​ចែង​ត​ទៅ​ទៀត​ថា​៖ ​«​[​គ្មាន​]​អ្នក​ណា​អាច​ទិញ​ឬ​លក់​អ្វី​បាន​ឡើយ ក្រៅ​ពី​អ្នក​ដែល​មាន​សញ្ញា​»។ (​បប. ១៣:១៧​) ដូច្នេះ ពួក​អ្នក​ដែល​បដិសេធ​មិន​ព្រម​ទទួល​សញ្ញា​នេះ​នឹង​ជួប​ការ​ពិបាក ហើយ​មាន​គ្រោះ​ថ្នាក់។ ប៉ុន្តែ​រាស្ត្រ​របស់​ព្រះ​ដឹង​ថា លោក​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​មាន​សញ្ញា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ការ​បើក​បង្ហាញ ១៤:៩, ១០។ ជា​ជាង​ទទួល​សញ្ញា​នោះ គឺ​ហាក់​ដូច​ជា​ពួក​គេ​នឹង​សរសេរ​នៅ​លើ​ដៃ​ថា​៖ ​«​ខ្ញុំ​ជា​កម្មសិទ្ធិ​របស់​ព្រះ​យេហូវ៉ា​»។ (​អេ. ៤៤:៥​) ឥឡូវ គឺ​ជា​ពេល​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ភក្ដី​ភាព​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​មាំ​មួន។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​នឹង​សប្បាយ​ចិត្ត​ចាត់​ទុក​យើង​ថា​ជា​កម្មសិទ្ធិ​របស់​លោក!

ការ​អង្រួន​ចុង​ក្រោយ

១៧. តើ​យើង​ត្រូវ​ចាំ​អ្វី​អំពី​ចិត្ត​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា?

១៧ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ចិត្ត​អត់​ធ្មត់​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។ លោក​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ត្រូវ​បំផ្លាញ​ចោល​ឡើយ។ (​២ពេ. ៣:៩​) លោក​ផ្ដល់​ឱកាស​ឲ្យ​បុគ្គល​គ្រប់​រូប​ប្រែ​ចិត្ត​និង​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ។ ប៉ុន្តែ លោក​នឹង​មិន​បង្ហាញ​ចិត្ត​អត់​ធ្មត់​រហូត​ទេ។ ពួក​អ្នក​ដែល​មិន​ព្រម​ឆក់​យក​ឱកាស​នេះ​នឹង​ស្ថិត​ក្នុង​ស្ថានភាព​ស្រដៀង​នឹង​ផារ៉ូ​នៅ​សម័យ​ម៉ូសេ។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ផារ៉ូ​ថា​៖ ​«​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​អាច​លើក​ដៃ​ប្រហារ​អ្នក​និង​រាស្ត្រ​របស់​អ្នក​ដោយ​រោគ​រាត​ត្បាត ហើយ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​វិនាស​សាប​សូន្យ​ពី​ផែនដី​បាន​ដែរ។ ប៉ុន្តែ ខ្ញុំ​បាន​ទុក​អ្នក​ឲ្យ​នៅ​រស់ គឺ​ដោយ​សារ​តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ឃើញ​ឫទ្ធានុភាព​របស់​ខ្ញុំ ហើយ​ដើម្បី​ឲ្យ​នាម​របស់​ខ្ញុំ​ត្រូវ​ប្រកាស​នៅ​ទូទាំង​ផែនដី​»។ (​ដច. ៩:១៥, ១៦​) នៅ​ទី​បំផុត ប្រជា​ជាតិ​ទាំង​ឡាយ​ត្រូវ​ដឹង​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ពិត​តែ​មួយ។ (​អេគ. ៣៨:២៣​) តើ​នេះ​នឹង​កើត​ឡើង​តាម​របៀប​ណា?

១៨. (​ក​) តើ​ហាកាយ ២:៦, ២០​-​២២ បាន​រៀប​រាប់​អំពី​ការ​អង្រួន​បែប​ណា? (​ខ​) ហេតុ​អ្វី​យើង​ដឹង​ថា​ពាក្យ​របស់​ហាកាយ​នឹង​ត្រូវ​សម្រេច​នៅ​ថ្ងៃ​អនាគត?

១៨ រាប់​រយ​ឆ្នាំ​ក្រោយ​ពី​សម័យ​របស់​ហាកាយ សាវ័ក​ប៉ូល​បាន​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ​ថា​ពាក្យ​នៅ​ហាកាយ ២:៦, ២០​-​២២ នឹង​ត្រូវ​សម្រេច​នៅ​ថ្ងៃ​អនាគត។ (​សូម​អាន​) ប៉ូល​សរសេរ​ថា​៖ ​«​ឥឡូវ​លោក​បាន​សន្យា​ថា​៖ ‹ខ្ញុំ​នឹង​អង្រួន​មេឃ​និង​ផែនដី​ម្ដង​ទៀត›។ ពាក្យ​ថា​‹ម្ដង​ទៀត› បញ្ជាក់​អំពី​ការ​ដក​ចេញ​នូវ​អ្វី​ដែល​នឹង​ត្រូវ​ធ្វើ​ឲ្យ​រញ្ជួយ ជា​អ្វី​ដែល​បាន​ត្រូវ​បង្កើត ដើម្បី​ឲ្យ​អ្វី​ដែល​នឹង​មិន​ត្រូវ​ធ្វើ​ឲ្យ​រញ្ជួយ​នៅ​ស្ថិត​ស្ថេរ​»។ (​ហេ. ១២:២៦, ២៧​) ខុស​ពី​ការ​អង្រួន​ដែល​បាន​រៀប​រាប់​នៅ​ហាកាយ ២:៧ ការ​រញ្ជួយ​នេះ​នឹង​បណ្ដាល​ឲ្យ​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​ស្គាល់​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ដូច​ផារ៉ូ ទទួល​ការ​បំផ្លាញ​ជា​រៀង​រហូត។

១៩. តើ​អ្វី​នឹង​មិន​ត្រូវ​រញ្ជួយ ហើយ​ហេតុ​អ្វី​យើង​ដឹង?

១៩ តើ​អ្វី​នឹង​មិន​ត្រូវ​រញ្ជួយ​ឬ​ដក​ចេញ? ប៉ូល​បាន​បន្ត​ថា​៖ ​«​យើង​ឃើញ​ថា​យើង​នឹង​ទទួល​រាជាណាចក្រ​ដែល​មិន​អាច​ត្រូវ​ធ្វើ​ឲ្យ​រញ្ជួយ​ឡើយ។ ហេតុ​នេះ ចូរ​យើង​បន្ត​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​ជា​និច្ច ហើយ​តាម​រយៈ​គុណ​ដ៏​វិសេស​លើស​លប់​នោះ យើង​អាច​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​ព្រះ​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត។ យើង​ធ្វើ​ដូច្នេះ​ដោយ​កោត​ខ្លាច​និង​ស្ញប់​ស្ញែង​»។ (​ហេ. ១២:២៨​) ក្រោយ​ពី​ការ​អង្រួន​ចុង​ក្រោយ​នេះ​បាន​ត្រូវ​កើត​ឡើង​រួច​រាល់ នឹង​នៅ​សល់​តែ​រាជាណាចក្រ​របស់​ព្រះ​ប៉ុណ្ណោះ។ រាជាណាចក្រ​នេះ​នឹង​នៅ​ជាប់​យ៉ាង​មាំ​មួន!—ចសព. ១១០:៥, ៦; ដាន. ២:៤៤

២០. តើ​មនុស្ស​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី ហើយ​តើ​យើង​អាច​ជួយ​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

២០ ឥឡូវ​នេះ​មិន​មែន​ជា​ពេល​បង្អែ​បង្អង់​ឡើយ! មនុស្ស​ត្រូវ​ជ្រើស​រើស​ថា តើ​ពួក​គេ​នឹង​បន្ត​គាំទ្រ​របៀប​រស់​នៅ​ដែល​ពិភព​លោក​នេះ​លើក​ស្ទួយ​ដែល​នាំ​ទៅ​ដល់​ការ​បំផ្លាញ ឬ​តើ​ពួក​គេ​នឹង​ខំ​កែ​ប្រែ​របៀប​រស់​នៅ​របស់​ពួក​គេ​ឲ្យ​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ដែល​នាំ​ទៅ​ដល់​ជីវិត​ជា​រៀង​រហូត? (​ហេ. ១២:​២៥​) តាម​រយៈ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង យើង​អាច​ជួយ​មនុស្ស​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​នេះ។ សូម​យើង​ជួយ​បុគ្គល​ជា​ច្រើន​ថែម​ទៀត​ឲ្យ​សម្រេច​ចិត្ត​គាំទ្រ​រាជាណាចក្រ​របស់​ព្រះ។ ម្យ៉ាង​ទៀត សូម​យើង​ចាំ​អំពី​ប្រសាសន៍​របស់​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង​ថា​៖ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។—ម៉ាថ. ២៤:១៤

ចម្រៀង​លេខ​៤០ តើ​អ្នក​ណា​ជា​ម្ចាស់​យើង?

^ វគ្គ 5 នៅ​ក្នុង​អត្ថបទ​នេះ មាន​ការ​យល់ដឹង​ថ្មី​ស្ដី​អំពី​ទំនាយ​នៅ​ហាកាយ ២:៧។ ម្យ៉ាង​ទៀត យើង​នឹង​រៀន​អំពី​របៀប​ដែល​យើង​អាច​ចូល​រួម​ក្នុង​កិច្ច​ការ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​មួយ​ដែល​កំពុង​អង្រួន​ប្រជា​ជាតិ​ទាំង​ឡាយ។ យើង​ក៏​នឹង​រៀន​ថា​កិច្ច​ការ​អង្រួន​នេះ​នឹង​នាំ​មក​នូវ​ប្រតិកម្ម​ល្អ​និង​ប្រតិកម្ម​មិន​ល្អ។

^ វគ្គ 4 យើង​ដឹង​ថា​ហាកាយ​បាន​ធ្វើ​តាម​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់​ឲ្យ​ធ្វើ ដោយ​សារ​វិហារ​បាន​ត្រូវ​សាង​សង់​រួច​រាល់​នៅ​ឆ្នាំ​៥១៥​មុន គ.ស។

^ វគ្គ 10 នេះ​គឺ​ជា​ការ​កែ​តម្រូវ​នៃ​ការ​យល់​ដឹង​របស់​យើង។ យើង​ធ្លាប់​និយាយ​ថា មូលហេតុ​ដែល​បុគ្គល​ដែល​មាន​ចិត្ត​ស្មោះ​បាន​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា គឺ​មិន​មែន​ដោយ​សារ​ការ​អង្រួន​នៃ​ប្រជា​ជាតិ​នានា​ទេ។

^ វគ្គ 63 ការ​ពណ៌នា​អំពី​រូប​ភាព: ហាកាយ​បាន​លើក​ទឹកចិត្តរាស្ត្រ​របស់​ព្រះ​ឲ្យ​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​ការ​សង់​វិហារ​ឡើង​វិញ។ រាស្ត្រ​របស់​ព្រះ​នៅ​សម័យ​យើង​បាន​បង្ហាញ​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​ការ​ប្រកាស​ដំណឹង​ពី​ព្រះ។ ប្ដី​ប្រពន្ធ​មួយ​គូ​ចូល​រួម​ក្នុង​ការ​ប្រកាស​ផ្សាយ​ដំណឹង​អំពី​ការ​អង្រួន​ចុង​ក្រោយ។