លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៥

«ប្រមុខរបស់បុរសទាំងឡាយគឺគ្រិស្ត»

«ប្រមុខរបស់បុរសទាំងឡាយគឺគ្រិស្ត»

​«​ប្រមុខ​របស់​បុរស​ទាំង​ឡាយ​គឺ​គ្រិស្ត​»។—១កូ. ១១:៣

ចម្រៀង​លេខ​១២ ព្រះ​យេហូវ៉ា​ខ្លាំង​ក្លា​មហិមា

សេចក្ដី​សង្ខេប *

១. តើ​អ្វី​ខ្លះ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​ដែល​បុរស​ប្រព្រឹត្ត​ចំពោះ​ប្រពន្ធ​កូន?

ចំពោះ​អ្នក តើ​ពាក្យ​«​ប្រមុខភាព​»​មាន​អត្ថន័យ​យ៉ាង​ណា? បុរស​ខ្លះ​ឲ្យ​វប្បធម៌ ទំនៀម​ទម្លាប់ ឬ​ប្រវត្តិ​គ្រួសារ​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​ដែល​ពួក​គេ​ប្រព្រឹត្ត​ចំពោះ​ប្រពន្ធ​កូន។ បង​ស្រី​យ៉ានីតា​ដែល​រស់​នៅ​ទ្វីប​អឺរ៉ុប និយាយ​ថា​៖ ​«​នៅ​កន្លែង​ដែល​ខ្ញុំ​រស់​នៅ មនុស្ស​ជឿ​ជាក់​ថា​ស្ត្រី​អន់​ជាង​បុរស ហើយ​គួរ​ចាត់​ទុក​ស្ត្រី​ជា​អ្នក​បម្រើ​»។ បង​ប្រុស​ម្នាក់​ឈ្មោះ​លូក​ដែល​រស់​នៅ​សហរដ្ឋ​អាម៉េរិក និយាយ​ថា​៖ ​«​ឪពុក​ខ្លះ​បង្រៀន​កូន​ប្រុស​ពួក​គេ​ថា បុរស​មិន​ចាំ​បាច់​យក​មតិ​យោបល់​របស់​ស្ត្រី​ទេ ហើយ​ថា​ស្ត្រី​គួរ​នៅ​ស្ងៀម​ស្ងាត់​»។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​បុរស​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ប្រពន្ធ​ទេ។ (​សូម​ពិនិត្យ​បន្ថែម ម៉ាកុស ៧:១៣​) ដូច្នេះ តើ​បុរស​អាច​រៀន​ឲ្យ​ធ្វើ​ជា​ប្រមុខ​គ្រួសារ​ដ៏​ល្អ​យ៉ាង​ដូច​ម្ដេច?

២. តើ​ប្រមុខ​គ្រួសារ​ត្រូវ​ដឹង​អំពី​អ្វី​ខ្លះ ហើយ​ហេតុ​អ្វី?

ដើម្បី​ទៅ​ជា​ប្រមុខ​គ្រួសារ​ដ៏​ល្អ ដំបូង​បុរស​ម្នាក់​ត្រូវ​យល់​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​គាត់​ធ្វើ​អ្វី។ គាត់​ក៏​ត្រូវ​ដឹង​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​រៀបចំ​ឲ្យ​មាន​ប្រមុខភាព ហើយ​របៀប​ដែល​គាត់​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ ហេតុ​អ្វី​គឺ​សំខាន់​ដែល​បុរស​ដឹង​អំពី​អ្វី​ទាំង​នេះ? ពី​ព្រោះ​ព្រះ​យេហូវ៉ា​ឲ្យ​ប្រមុខ​គ្រួសារ​មាន​អំណាច​មួយ​កម្រិត ហើយ​លោក​តម្រូវ​ឲ្យ​ពួក​គេ​ចេះ​ប្រើ​អំណាច​នោះ​យ៉ាង​ល្អ។—លូក. ១២:៤៨​ខ

តើ​អ្វី​ជា​ប្រមុខភាព?

៣. តើ​យើង​រៀន​អ្វី​អំពី​ប្រមុខភាព​ពី​កូរិនថូស​ទី​១ ១១:៣?

សូម​អាន កូរិនថូស​ទី​១ ១១:៣ខ​គម្ពីរ​នេះ​រៀប​រាប់​អំពី​របៀប​រៀបចំ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ក្រុម​គ្រួសារ​របស់​លោក​នៅ​ទូទាំង​សកល​លោក។ ប្រមុខភាព​រួម​បញ្ចូល​អ្វី​ដ៏​សំខាន់​ពីរ​គឺ​អំណាច​និង​ការ​ទទួល​ខុស​ត្រូវ។ ព្រះ​យេហូវ៉ា​គឺ​ជា​«​ប្រមុខ​»​ឬ​ជា​បុគ្គល​ដែល​មាន​អំណាច​ខ្លាំង​បំផុត ហើយ​កូន​ៗ​ទាំង​អស់​របស់​លោក ទាំង​ទេវតា​ទាំង​មនុស្ស ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​លោក។ (​រ៉ូម ១៤:១០; អេភ. ៣:១៤, ១៥​) ព្រះ​យេហូវ៉ា​បាន​ឲ្យ​លោក​យេស៊ូ​មាន​អំណាច​លើ​ក្រុម​ជំនុំ ប៉ុន្តែ​លោក​យេស៊ូ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា​ស្ដី​អំពី​របៀប​ដែល​លោក​ប្រព្រឹត្ត​ទៅ​លើ​យើង។ (​១កូ. ១៥:២៧​) ព្រះ​យេហូវ៉ា​ក៏​បាន​ឲ្យ​ប្ដី​មាន​អំណាច​លើ​ប្រពន្ធ​កូន ប៉ុន្តែ​ប្ដី​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ ស្ដី​អំពី​របៀប​ដែល​គាត់​ប្រព្រឹត្ត​ទៅ​លើ​ក្រុម​គ្រួសារ។—១ពេ. ៣:៧

៤. តើ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​មាន​សិទ្ធិ​អ្វី?

ក្នុង​នាម​ជា​ប្រមុខ​នៃ​ក្រុម​គ្រួសារ​ទូទាំង​សកល​លោក ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​បង្កើត​ច្បាប់​អំពី​ការ​ប្រព្រឹត្ត​របស់​កូន​ៗ​លោក ហើយ​លោក​អាច​តម្រូវ​ឲ្យ​ពួក​គេ​ធ្វើ​តាម​ច្បាប់​ទាំង​នោះ។ (​អេ. ៣៣:២២​) ក្នុង​នាម​ជា​ប្រមុខ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក លោក​យេស៊ូ​ក៏​មាន​សិទ្ធិ​បង្កើត​ច្បាប់ ហើយ​អាច​តម្រូវ​ឲ្យ​អ្នក​ឯ​ទៀត​ធ្វើ​តាម​ច្បាប់​ទាំង​នោះ។—កាឡ. ៦:២; កូឡ. ១:១៨​-​២០

៥. តើ​ប្រមុខ​គ្រួសារ​ដែល​ជា​គ្រិស្ត​សាសនិក​មាន​សិទ្ធិ​អំណាច​អ្វី តែ​តើ​នោះ​ដល់​កម្រិត​ណា?

ដូច​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ ប្រមុខ​គ្រួសារ​ដែល​ជា​គ្រិស្ត​សាសនិក​មាន​សិទ្ធិ​បង្កើត​ច្បាប់​ចំពោះ​ក្រុម​គ្រួសារ​របស់​គាត់។ (​រ៉ូម ៧:២; អេភ. ៦:៤​) ប៉ុន្តែ សិទ្ធិ​អំណាច​របស់​គាត់​មាន​កម្រិត។ ជា​ឧទាហរណ៍ ច្បាប់​របស់​គាត់​គួរ​តែ​មាន​មូលដ្ឋាន​លើ​គោល​ការណ៍​ក្នុង​បណ្ដាំ​របស់​ព្រះ។ (​សុភ. ៣:៥, ៦​) ប្រមុខ​គ្រួសារ​មិន​មាន​សិទ្ធិ​បង្កើត​ច្បាប់​ចំពោះ​ពួក​អ្នក​ដែល​មិន​មែន​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​គាត់​ទេ។ (​រ៉ូម ១៤:៤​) ម្យ៉ាង​ទៀត ពេល​កូន​ប្រុស​កូន​ស្រី​របស់​គាត់​ធំ​ឡើង ហើយ​ចាក​ចេញ​ពី​ផ្ទះ ពួក​គេ​បន្ត​គោរព​គាត់ តែ​គាត់​លែង​ជា​ប្រមុខ​របស់​ពួក​គេ​ទៀត​ហើយ។—ម៉ាថ. ១៩:៥

ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​រៀបចំ​ឲ្យ​មាន​ប្រមុខភាព?

៦. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​រៀបចំ​ឲ្យ​មាន​ប្រមុខភាព?

ព្រះ​យេហូវ៉ា​បាន​រៀបចំ​ឲ្យ​មាន​ប្រមុខភាព ដោយ​សារ​លោក​ស្រឡាញ់​ក្រុម​គ្រួសារ​របស់​លោក។ នេះ​គឺ​ជា​អំណោយ​មួយ​ពី​លោក។ ប្រមុខភាព​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា​មាន​របៀប​រៀប​រយ​និង​សេចក្ដី​សុខ​សាន្ត។ (​១កូ. ១៤:៣៣, ៤០​) បើ​មិន​មាន​ការ​ណែនាំ​ច្បាស់​លាស់​ថា​អ្នក​ណា​ជា​ប្រមុខ នោះ​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា​នឹង​មិន​សប្បាយ ហើយ​ខ្វះ​សណ្ដាប់​ធ្នាប់។ ជា​ឧទាហរណ៍ យើង​នឹង​មិន​ដឹង​ថា​អ្នក​ណា​គួរ​ធ្វើ​ការ​សម្រេច​ចិត្ត និង​អ្នក​ណា​គួរ​នាំ​មុខ​ក្នុង​ការ​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​ទាំង​នោះ។

៧. តើ​អេភេសូរ ៥:២៥, ២៨ ចែង​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​បុរស​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​ប្រពន្ធ?

បើ​ការ​រៀបចំ​របស់​ព្រះ​អំពី​ប្រមុខភាព​គឺ​ជា​អ្វី​ដ៏​ល្អ ហេតុ​អ្វី​ស្ត្រី​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​មាន​អារម្មណ៍​ថា​ប្ដី​របស់​ពួក​គេ​ត្រួត​ត្រា​និង​ជិះ​ជាន់​ពួក​គេ? នេះ​គឺ​ដោយ​សារ​បុរស​ជា​ច្រើន​មិន​អើពើ​នឹង​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ក្រុម​គ្រួសារ តែ​ធ្វើ​តាម​ទំនៀម​ទម្លាប់​ឬ​វប្បធម៌​របស់​ពួក​គេ​ទៅ​វិញ។ ពួក​គេ​ក៏​ប្រហែល​ជា​ប្រព្រឹត្ត​អាក្រក់​ទៅ​លើ​ប្រពន្ធ​ដើម្បី​បំពេញ​ចិត្ត​ខ្លួន​ឯង។ ជា​ឧទាហរណ៍ ប្ដី​ប្រហែល​ជា​ត្រួត​ត្រា​លើ​ប្រពន្ធ​ដើម្បី​លើក​ខ្លួន​ថា​សំខាន់​ជាង ឬ​បង្ហាញ​អ្នក​ឯ​ទៀត​ថា​គាត់​ជា​បុរស​ពិត។ គាត់​ប្រហែល​ជា​គិត​ថា គាត់​មិន​អាច​បង្ខំ​ប្រពន្ធ​ឲ្យ​ស្រឡាញ់​គាត់​បាន​ទេ តែ​គាត់​អាច​ធ្វើ​ឲ្យ​ប្រពន្ធ​ខ្លាច​គាត់​បាន។ ដូច្នេះ គាត់​ប្រហែល​ជា​ធ្វើ​ឲ្យ​ប្រពន្ធ​ខ្លាច​គាត់​ដើម្បី​គាត់​អាច​គ្រប់​គ្រង​លើ​នាង។ * ការ​គិត​គូរ​និង​ការ​ប្រព្រឹត្ត​បែប​នេះ មិន​លើក​កិត្តិយស​និង​មិន​បង្ហាញ​ការ​គោរព​ចំពោះ​ស្ត្រី​ដូច​ដែល​ពួក​គេ​សម​នឹង​ទទួល​ទេ ហើយ​ក៏​ផ្ទុយ​ស្រឡះ​ពី​បំណង​ចិត្ត​របស់​ព្រះ​យេហូវ៉ា​ដែរ។—សូម​អាន អេភេសូរ ៥:២៥, ២៨

តើ​បុរស​អាច​រៀន​ធ្វើ​ជា​ប្រមុខ​គ្រួសារ​ដ៏​ល្អ​យ៉ាង​ដូច​ម្ដេច?

៨. តើ​បុរស​អាច​រៀន​ឲ្យ​ធ្វើ​ជា​ប្រមុខ​គ្រួសារ​ដ៏​ល្អ​យ៉ាង​ដូច​ម្ដេច?

បុរស​អាច​រៀន​ឲ្យ​ធ្វើ​ជា​ប្រមុខ​គ្រួសារ​ដ៏​ល្អ ដោយ​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​អំពី​ការ​ប្រើ​អំណាច។ សូម​គិត​អំពី​គុណ​សម្បត្តិ​ពីរ​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បង្ហាញ ហើយ​របៀប​ដែល​ប្រមុខ​គ្រួសារ​អាច​បង្ហាញ​គុណ​សម្បត្តិ​ទាំង​នេះ​ក្នុង​ការ​ប្រព្រឹត្ត​របស់​គាត់​ទៅ​លើ​ប្រពន្ធ​កូន។

៩. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​រាប​ទាប​តាម​របៀប​ណា?

ចិត្ត​រាប​ទាប។ ព្រះ​យេហូវ៉ា​គឺ​ជា​បុគ្គល​ដែល​មាន​ប្រាជ្ញា​លើស​ជាង​បុគ្គល​ណា​ទាំង​អស់ តែ​លោក​ស្ដាប់​មតិ​យោបល់​របស់​អ្នក​បម្រើ​លោក។ (​លោ. ១៨:២៣, ២៤, ៣២​) លោក​បាន​អនុញ្ញាត​ឲ្យ​ពួក​អ្នក​ដែល​នៅ​ក្រោម​អំណាច​របស់​លោក​បញ្ចេញ​យោបល់។ (​១ព. ២២:១៩​-​២២​) ព្រះ​យេហូវ៉ា​គឺ​ល្អ​ឥត​ខ្ចោះ តែ​លោក​មិន​តម្រូវ​ឲ្យ​យើង​ធ្វើ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ជួយ​អ្នក​បម្រើ​របស់​លោក​ដែល​មិន​ល្អ​ឥត​ខ្ចោះ​ឲ្យ​ទទួល​ជោគ​ជ័យ។ (​ទំនុក. ១១៣:៦, ៧​) តាម​ពិត គម្ពីរ​ថែម​ទាំង​ចែង​ថា​ព្រះ​យេហូវ៉ា​ជា​«​អ្នក​ជួយ​»។ (​ទំនុក. ២៧:៩; ហេ. ១៣:៦​) ស្ដេច​ដាវីឌ​ទទួល​ស្គាល់​ថា គាត់​អាច​សម្រេច​កិច្ច​ការ​ដ៏​ធំ​ដែល​គាត់​បាន​ទទួល ដោយ​សារ​តែ​ចិត្ត​ស្រទន់​ឬ​ចិត្ត​រាប​ទាប​របស់​ព្រះ​យេហូវ៉ា។—២សាំ. ២២:៣៦

១០. តើ​លោក​យេស៊ូ​បាន​បង្ហាញ​ចិត្ត​រាប​ទាប​យ៉ាង​ដូច​ម្ដេច?

១០ សូម​គិត​អំពី​គំរូ​របស់​លោក​យេស៊ូ។ ទោះ​ជា​លោក​ជា​លោក​ម្ចាស់​របស់​ពួក​អ្នក​កាន់​តាម​ក្ដី លោក​បាន​លាង​ជើង​ឲ្យ​ពួក​គេ។ ហេតុ​អ្វី​កំណត់​ហេតុ​នេះ​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ? មូលហេតុ​មួយ​គឺ​ដើម្បី​ទុក​ជា​គំរូ​ឲ្យ​ប្រមុខ​គ្រួសារ​និង​អ្នក​ឯ​ទៀត​ធ្វើ​តាម។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​គំរូ​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា​»។ (​យ៉ូន. ១៣:១២​-​១៧​) ទោះ​ជា​លោក​យេស៊ូ​មាន​អំណាច​ខ្លាំង​ក្លា​ក្ដី លោក​មិន​តម្រូវ​ឲ្យ​អ្នក​ឯ​ទៀត​បម្រើ​លោក​ទេ តែ​លោក​បាន​បម្រើ​គេ​វិញ។—ម៉ាថ. ២០:២៨

ប្រមុខ​គ្រួសារ​អាច​បង្ហាញ​ចិត្ត​រាប​ទាប​និង​សេចក្ដី​ស្រឡាញ់ ដោយ​ធ្វើ​កិច្ច​ការ​ផ្ទះ​និង​ដោយ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​គាត់​ខាង​ការ​គោរព​ប្រណិប័តន៍ (​សូម​មើល​វគ្គ​១១, ១៣​)

១១. តើ​ប្រមុខ​គ្រួសារ​អាច​រៀន​អ្វី​អំពី​ចិត្ត​រាប​ទាប​ពី​គំរូ​របស់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ?

១១ មេ​រៀន​សម្រាប់​យើង។ ប្រមុខ​គ្រួសារ​អាច​បង្ហាញ​ចិត្ត​រាប​ទាប​តាម​របៀប​ជា​ច្រើន។ ជា​ឧទាហរណ៍ គាត់​មិន​តម្រូវ​ឲ្យ​ប្រពន្ធ​កូន​របស់​គាត់​ធ្វើ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ។ គាត់​ស្ដាប់​មតិ​យោបល់​របស់​សមាជិក​ក្រុម​គ្រួសារ ទោះ​ជា​នោះ​មិន​សម​ស្រប​នឹង​ទស្សនៈ​របស់​គាត់​ក្ដី។ បង​ស្រី​ម៉ាលី​ដែល​រស់​នៅ​សហរដ្ឋ​អាម៉េរិក​និយាយ​ថា​៖ ​«​ជួន​កាល ខ្ញុំ​និង​ប្ដី​ខ្ញុំ​មាន​គំនិត​ផ្សេង​គ្នា។ ប៉ុន្តែ ខ្ញុំ​មាន​អារម្មណ៍​ថា​គាត់​ឲ្យ​តម្លៃ​ខ្ញុំ​និង​គោរព​ខ្ញុំ ដោយ​សារ​គាត់​សុំ​មតិ​យោបល់​ពី​ខ្ញុំ ហើយ​យក​មតិ​យោបល់​នោះ​មក​គិត​ពិចារណា មុន​គាត់​ធ្វើ​ការ​សម្រេច​ចិត្ត​»។ ម្យ៉ាង​ទៀត ប្ដី​ដែល​មាន​ចិត្ត​រាប​ទាប​សុខ​ចិត្ត​ធ្វើ​កិច្ច​ការ​ផ្ទះ ទោះ​ជា​នៅ​សហគមន៍​ដែល​គាត់​រស់​នៅ គេ​ចាត់​ទុក​ថា​កិច្ច​ការ​នោះ​ជា​កិច្ច​ការ​ស្ត្រី​ក៏​ដោយ។ នេះ​ប្រហែល​ជា​មិន​ស្រួល​ចំពោះ​គាត់​ទេ។ ហេតុ​អ្វី? បង​ស្រី​ម្នាក់​ឈ្មោះ​រេឆឺល​និយាយ​ថា​៖ ​«​នៅ​ស្រុក​ខ្ញុំ បើ​ប្ដី​ជួយ​ប្រពន្ធ​លាង​ចាន​ឬ​សម្អាត​ផ្ទះ អ្នក​ជិត​ខាង​និង​សាច់​ញាតិ​របស់​គាត់​នឹង​គិត​ថា គាត់​មិន​មែន​ជា​បុរស​ពិត​ទេ។ ពួក​គេ​ក៏​នឹង​គិត​ថា គាត់​មិន​អាច​គ្រប់​គ្រង​លើ​ប្រពន្ធ​កូន​ដែរ​»។ បើ​មនុស្ស​នៅ​តំបន់​អ្នក​មាន​ទស្សនៈ​បែប​នេះ សូម​ចាំ​ថា​លោក​យេស៊ូ​បាន​លាង​ជើង​អ្នក​កាន់​តាម​លោក ទោះ​ជា​នោះ​បាន​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​កិច្ច​ការ​របស់​ខ្ញុំ​បម្រើ​ក្ដី។ ប្រមុខ​គ្រួសារ​ល្អ​មិន​គិត​អំពី​ការ​លើក​ខ្លួន​ឯង​ទេ ប៉ុន្តែ​គិត​អំពី​ការ​ធ្វើ​ឲ្យ​ប្រពន្ធ​កូន​មាន​សេចក្ដី​សុខ។ ក្រៅ​ពី​ចិត្ត​រាប​ទាប តើ​ប្រមុខ​គ្រួសារ​ដ៏​ល្អ​ត្រូវ​មាន​គុណ​សម្បត្តិ​អ្វី​ទៀត?

១២. តើ​សេចក្ដី​ស្រឡាញ់​ជំរុញ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ឲ្យ​ធ្វើ​អ្វី?

១២ សេចក្ដី​ស្រឡាញ់។ អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​គឺ​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់។ (​១យ៉ូន. ៤:៧, ៨​) លោក​បង្ហាញ​ថា​លោក​ស្រឡាញ់​យើង ហើយ​ចង់​ឲ្យ​យើង​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​លោក ដោយ​ផ្ដល់​ឲ្យ​យើង​គម្ពីរ​និង​អង្គការ​របស់​លោក។ លោក​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​ខាង​ផ្លូវ​ចិត្ត​របស់​យើង ដោយ​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា​លោក​ស្រឡាញ់​យើង។ ចុះ​យ៉ាង​ណា​អំពី​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​យើង? ព្រះ​យេហូវ៉ា​«​ផ្គត់​ផ្គង់​អ្វី​ៗ​ទាំង​អស់​ដល់​យើង ដើម្បី​ឲ្យ​យើង​បាន​សប្បាយ​»។ (​១ធី. ៦:១៧​) ពេល​យើង​ធ្វើ​ខុស លោក​កែ​តម្រង់​យើង តែ​លោក​មិន​ឈប់​ស្រឡាញ់​យើង​ទេ។ ដោយ​សារ​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង លោក​បាន​ផ្ដល់​ថ្លៃ​លោះ​ឲ្យ​យើង។ លោក​យេស៊ូ​ក៏​ស្រឡាញ់​យើង​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​លោក​ឲ្យ​ជីវិត​របស់​លោក​ជា​គ្រឿង​បូជា​ដើម្បី​យើង។ (​យ៉ូន. ៣:១៦; ១៥:១៣​) គ្មាន​អ្វី​អាច​កាត់​ផ្ដាច់​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​មាន​ចំពោះ​ពួក​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​លោក​ឡើយ។—យ៉ូន. ១៣:១; រ៉ូម ៨:៣៥, ៣៨, ៣៩

១៣. ហេតុ​អ្វី​គឺ​សំខាន់​ដែល​ប្រមុខ​គ្រួសារ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ក្រុម​គ្រួសារ​គាត់? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ តើ​បុរស​ដែល​ទើប​តែ​បាន​រៀប​ការ​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ប្រពន្ធ​គោរព​គាត់?​»​)

១៣ មេ​រៀន​សម្រាប់​យើង។ អ្វី​ទាំង​អស់​ដែល​ប្រមុខ​គ្រួសារ​ធ្វើ​គួរ​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់។ ហេតុ​អ្វី​នេះ​គឺ​សំខាន់​ម្ល៉េះ? សាវ័ក​យ៉ូហាន​ឆ្លើយ​ថា​៖ ​«​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន​[​ឬ​ក្រុម​គ្រួសារ​]​ដែល​ខ្លួន​មើល​ឃើញ អ្នក​នោះ​មិន​អាច​ស្រឡាញ់​ព្រះ​ដែល​ខ្លួន​មើល​មិន​ឃើញ​ឡើយ​»។ (​១យ៉ូន. ៤:១១, ២០​) បុរស​ដែល​ស្រឡាញ់​ក្រុម​គ្រួសារ​របស់​គាត់ ហើយ​ដែល​ចង់​យក​តម្រាប់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​គាត់​ខាង​ការ​គោរព​ប្រណិប័តន៍ និង​ខាង​ផ្លូវ​ចិត្ត ព្រម​ទាំង​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ផង​ដែរ។ (​១ធី. ៥:៨​) គាត់​នឹង​បង្ហាត់​បង្រៀន​និង​ប្រៀន​ប្រដៅ​កូន។ គាត់​ក៏​នឹង​តែង​តែ​ព្យាយាម​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​លើក​តម្កើង​ព្រះ​យេហូវ៉ា​និង​ផ្ដល់​ប្រយោជន៍​ដល់​ក្រុម​គ្រួសារ។ សូម​យើង​គិត​អំពី​សេចក្ដី​ត្រូវ​ការ​នី​មួយ​ៗ​នេះ ហើយ​ឃើញ​របៀប​ដែល​ប្រមុខ​គ្រួសារ​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។

តើ​ប្រមុខ​គ្រួសារ​គួរ​ធ្វើ​អ្វី?

១៤. តើ​ប្រមុខ​គ្រួសារ​ជួយ​ក្រុម​គ្រួសារ​របស់​គាត់​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៤ ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​គាត់​ខាង​ការ​គោរព​ប្រណិប័តន៍។ ដូច​ព្រះ​យេហូវ៉ា លោក​យេស៊ូ​ចង់​ជួយ​អ្នក​កាន់​តាម​លោក​ឲ្យ​រក្សា​ជំនឿ​មាំ​មួន។ (​ម៉ាថ. ៥:៣, ៦; ម៉ាក. ៦:៣៤​) ស្រដៀង​គ្នា​ដែរ អ្វី​ដ៏​សំខាន់​បំផុត​ចំពោះ​ប្រមុខ​គ្រួសារ​គឺ​ជួយ​ក្រុម​គ្រួសារ​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ (​ចោ. ៦:៦​-​៩​) គាត់​ធ្វើ​ដូច្នេះ ដោយ​ប្រាកដ​ថា​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​អាន​និង​សិក្សា​បណ្ដាំ​របស់​ព្រះ ចូល​រួម​កិច្ច​ប្រជុំ ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ហើយ​រក្សា​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា។

១៥. តើ​ប្រមុខ​គ្រួសារ​អាច​ជួយ​ក្រុម​គ្រួសារ​ឲ្យ​ដឹង​ថា​គាត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

១៥ បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​គាត់​ខាង​ផ្លូវ​ចិត្ត។ ព្រះ​យេហូវ៉ា​ប្រាប់​លោក​យេស៊ូ​នៅ​មុខ​អ្នក​ឯ​ទៀត​ថា​លោក​ស្រឡាញ់​លោក​យេស៊ូ។ (​ម៉ាថ. ៣:១៧​) លោក​យេស៊ូ​ច្រើន​តែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​កាន់​តាម​លោក ដោយ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​លោក ហើយ​ពួក​គេ​ប្រាប់​លោក​ថា​ពួក​គេ​ក៏​ស្រឡាញ់​លោក​ផង​ដែរ។ (​យ៉ូន. ១៥:៩, ១២, ១៣; ២១:១៦​) ប្រមុខ​គ្រួសារ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ប្រពន្ធ​កូន​តាម​រយៈ​អ្វី​ដែល​គាត់​ធ្វើ ដូច​ជា​ដោយ​សិក្សា​គម្ពីរ​ជា​មួយ​ពួក​គេ​ជា​ដើម។ គាត់​ក៏​គួរ​ប្រាប់​ពួក​គេ​ថា​គាត់​ស្រឡាញ់​ពួក​គេ ហើយ​ថា​ពួក​គេ​មាន​តម្លៃ​ចំពោះ​គាត់។ ម្យ៉ាង​ទៀត​ពេល​សម​ត្រឹម​ត្រូវ គាត់​គួរ​សរសើរ​ពួក​គេ​នៅ​មុខ​អ្នក​ឯ​ទៀត​ផង​ដែរ។—សុភ. ៣១:២៨, ២៩

ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ប្រមុខ​គ្រួសារ​ត្រូវ​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ក្រុម​គ្រួសារ​គាត់ (​សូម​មើល​វគ្គ​១៦​)

១៦. តើ​ប្រមុខ​គ្រួសារ​ត្រូវ​ធ្វើ​អ្វី​ទៀត ហើយ​តើ​គាត់​អាច​រក្សា​ឲ្យ​មាន​តុល្យភាព​ក្នុង​រឿង​នេះ​តាម​របៀប​ណា?

១៦ ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ក្រុម​គ្រួសារ​គាត់។ សូម្បី​តែ​នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​ប្រៀន​ប្រដៅ​ជន​ជាតិ​អ៊ីស្រាអែល​ដោយ​សារ​ពួក​គេ​មិន​ស្ដាប់​បង្គាប់​លោក ក៏​លោក​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួក​គេ​មាន​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ។ (​ចោ. ២:៧; ២៩:៥​) នៅ​សព្វ​ថ្ងៃ​នេះ លោក​ក៏​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​ដ៏​សំខាន់​ចាំ​បាច់​របស់​យើង​ដែរ។ (​ម៉ាថ. ៦:៣១​-​៣៣; ៧:១១​) ស្រដៀង​គ្នា​ដែរ លោក​យេស៊ូ​បាន​ផ្ដល់​អាហារ​ដល់​ពួក​អ្នក​ដែល​ទៅ​តាម​លោក។ (​ម៉ាថ. ១៤:១៧​-​២០​) លោក​ក៏​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ដែល​ឈឺ​ជា​សះ​ស្បើយ​ដែរ។ (​ម៉ាថ. ៤:២៤​) ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ប្រមុខ​គ្រួសារ​ក៏​ត្រូវ​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ក្រុម​គ្រួសារ​គាត់។ ប៉ុន្តែ​គាត់​ត្រូវ​រក្សា​តុល្យភាព​ក្នុង​រឿង​នេះ។ គាត់​មិន​គួរ​ជាប់​រវល់​ខ្លាំង​ពេក​ក្នុង​ការ​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ក្រុម​គ្រួសារ​គាត់ រហូត​ដល់​គាត់​មិន​បាន​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ​និង​ខាង​ផ្លូវ​ចិត្ត​ឡើយ។

១៧. តើ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ទុក​គំរូ​អ្វី​ក្នុង​ការ​បង្ហាត់​បង្រៀន​និង​ប្រៀន​ប្រដៅ​យើង?

១៧ បង្ហាត់​បង្រៀន​ក្រុម​គ្រួសារ​របស់​គាត់។ ព្រះ​យេហូវ៉ា​បង្ហាត់​បង្រៀន​និង​ប្រៀន​ប្រដៅ​យើង ដោយ​សារ​លោក​ចង់​ជួយ​យើង។ (​ហេ. ១២:៧​-​៩​) ដូច​បិតា​លោក លោក​យេស៊ូ​បង្ហាត់​បង្រៀន​ពួក​អ្នក​ដែល​នៅ​ក្រោម​អំណាច​របស់​លោក ដោយ​សេចក្ដី​ស្រឡាញ់។ (​យ៉ូន. ១៥:១៤, ១៥​) លោក​ម៉ឺង​ម៉ាត់ តែ​សប្បុរស។ (​ម៉ាថ. ២០:២៤​-​២៨​) លោក​យល់​ថា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ថា​យើង​ច្រើន​តែ​ធ្វើ​ខុស។—ម៉ាថ. ២៦:៤១

១៨. តើ​ប្រមុខ​គ្រួសារ​ដ៏​ល្អ​នឹក​ចាំ​អំពី​អ្វី?

១៨ ប្រមុខ​គ្រួសារ​ដែល​យក​តម្រាប់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ចាំ​ថា ប្រពន្ធ​និង​កូន​របស់​គាត់​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ។ ហេតុ​នេះ គាត់​មិន​«​ក្រេវ​ក្រោធ​»​នឹង​ប្រពន្ធ​ឬ​កូន​ឡើយ។ (​កូឡ. ៣:១៩​) ផ្ទុយ​ទៅ​វិញ គាត់​ធ្វើ​តាម​គោល​ការណ៍​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​កាឡាទី ៦:១ ហើយ​ព្យាយាម​កែ​តម្រង់​ពួក​គេ​«​ដោយ​ចិត្ត​ស្លូត​បូត​»​ ទាំង​ចាំ​ថា​គាត់​ក៏​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ដែរ។ ដូច​លោក​យេស៊ូ គាត់​ទទួល​ស្គាល់​ថា​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត គឺ​តាម​រយៈ​គំរូ​របស់​គាត់។—១ពេ. ២:២១

១៩​-​២០. ពេល​ធ្វើ​ការ​សម្រេច​ចិត្ត តើ​ប្រមុខ​គ្រួសារ​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

១៩ ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​មិន​រក​ប្រយោជន៍​ខ្លួន។ ព្រះ​យេហូវ៉ា​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​មាន​ប្រយោជន៍​ចំពោះ​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ លោក​បាន​សម្រេច​ចិត្ត​បង្កើត​យើង មិន​មែន​ដើម្បី​ជា​ប្រយោជន៍​លោក​ទេ ប៉ុន្តែ​ដោយ​សារ​លោក​ចង់​ឲ្យ​យើង​មាន​អំណរ​ក្នុង​ការ​រស់​នៅ។ គ្មាន​អ្នក​ណា​បង្ខំ​លោក​ឲ្យ​ប្រគល់​បុត្រ​របស់​លោក​ដើម្បី​គ្រប​បាំង​ការ​ខុស​ឆ្គង​របស់​យើង​ទេ។ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ធ្វើ​ការ​លះបង់​នេះ​ដើម្បី​ជា​ប្រយោជន៍​យើង។ លោក​យេស៊ូ​ក៏​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​មាន​ប្រយោជន៍​ជា​ពិសេស​ចំពោះ​អ្នក​ឯ​ទៀត។ (​រ៉ូម ១៥:៣​) ជា​ឧទាហរណ៍ ទោះ​ជា​លោក​យេស៊ូ​ត្រូវ​ការ​សម្រាក​ក្ដី លោក​សម្រេច​ចិត្ត​បង្រៀន​បណ្ដា​ជន​វិញ។—ម៉ាក. ៦:៣១​-​៣៤

២០ ប្រមុខ​គ្រួសារ​ដ៏​ល្អ​ដឹង​ថា​អ្វី​ដ៏​ពិបាក​បំផុត​មួយ​ដែល​គាត់​ត្រូវ​ធ្វើ គឺ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ​ឲ្យ​ក្រុម​គ្រួសារ​គាត់ ហើយ​គាត់​ចាត់​ទុក​ភារកិច្ច​នោះ​ថា​សំខាន់​ណាស់។ គាត់​ព្យាយាម​ជៀស​វាង​ពី​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​ដែល​គ្មាន​មូលហេតុ​ល្អ​ត្រឹម​ត្រូវ ឬ​ដែល​គ្រាន់​តែ​តាម​អារម្មណ៍​របស់​គាត់​នៅ​ពេល​នោះ​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ គាត់​អនុញ្ញាត​ឲ្យ​ព្រះ​យេហូវ៉ា​បង្ហាត់​បង្រៀន​គាត់។ * (​សុភ. ២:៦, ៧​) យ៉ាង​នេះ គាត់​នឹង​គិត​អំពី​ការ​រក​ប្រយោជន៍​អ្នក​ឯ​ទៀត មិន​មែន​ប្រយោជន៍​ខ្លួន​ឯង​ទេ។—ភី. ២:៤

២១. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

២១ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ប្រមុខ​គ្រួសារ​នូវ​ភារកិច្ច​ដ៏​ពិបាក​មួយ ហើយ​លោក​តម្រូវ​ឲ្យ​ពួក​គេ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បំពេញ​ភារកិច្ច​នោះ។ ប៉ុន្តែ បើ​ប្ដី​ខំ​ព្យាយាម​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ គាត់​នឹង​ធ្វើ​ជា​ប្រមុខ​គ្រួសារ​ដ៏​ល្អ ហើយ​បើ​ប្រពន្ធ​បំពេញ​តួ​នាទី​របស់​គាត់ នោះ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​នឹង​មាន​សុភមង្គល។ តើ​ប្រពន្ធ​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ប្រមុខភាព ហើយ​តើ​គាត់​អាច​មាន​ការ​ពិបាក​អ្វី​ខ្លះ? សំណួរ​នេះ​នឹង​ត្រូវ​ឆ្លើយ​ក្នុង​អត្ថបទ​បន្ទាប់។

ចម្រៀង​លេខ​១៦ ចូរ​សរសើរ​ព្រះ​យេហូវ៉ា​ដែល​បាន​រើស​តាំង​បុត្រ​លោក

^ វគ្គ 5 ពេល​បុរស​ម្នាក់​រៀប​ការ គាត់​ទៅ​ជា​ប្រមុខ​របស់​ក្រុម​គ្រួសារ​ថ្មី​មួយ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អ្វី​ជា​ប្រមុខភាព មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​បាន​រៀបចំ​ឲ្យ​មាន​ប្រមុខភាព និង​អ្វី​ដែល​បុរស​អាច​រៀន​ពី​គំរូ​របស់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ ក្នុង​អត្ថបទ​ទី​២ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​ប្ដី​និង​ប្រពន្ធ​អាច​រៀន​ពី​លោក​យេស៊ូ​និង​គំរូ​ឯ​ទៀត​ក្នុង​គម្ពីរ។ ក្នុង​អត្ថបទ​ទី​៣ យើង​នឹង​ពិចារណា​អំពី​ប្រមុខភាព​ក្នុង​ក្រុម​ជំនុំ។

^ វគ្គ 7 ជួន​កាល​ភាពយន្ត រឿង​ល្ខោន និង​សៀវភៅ​តុក្កតា​ឆ្លុះ​បញ្ចាំង​អំពី​បុរស​ដែល​ធ្វើ​បាប​ប្រពន្ធ និង​ថែម​ទាំង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​គាត់។ នេះ​ធ្វើ​ឲ្យ​មើល​ទៅ​ទង្វើ​បែប​នេះ​គឺ​ជា​រឿង​ធម្មតា។ ដូច្នេះ បុគ្គល​ជា​ច្រើន​ប្រហែល​ជា​គិត​ថា​គឺ​មិន​ខុស​ទេ ដែល​បុរស​ត្រួត​ត្រា​លើ​ប្រពន្ធ។

^ វគ្គ 20 ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត​អំពី​របៀប​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ចូរ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​លើក​កិត្តិ​យស​ព្រះ​»​ ដែល​បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១១ ទំព័រ ១៤​-​១៨។