អ្វីៗដ៏ល្អដែលមកពីស្នាមញញឹមមួយ!
ស្ត្រីវ័យក្មេងពីរនាក់ដើរជាមួយគ្នានៅតំបន់ពាណិជ្ជកម្មមួយ នាក្រុងបាគីអូ ប្រទេសហ្វីលីពីន។ ពួកគេបានឃើញរទេះរុញដាក់តាំងសៀវភៅសម្រាប់ផ្សព្វផ្សាយសាធារណៈ ប៉ុន្តែមិនបានចូលទៅជិតទេ។ បងស្រីហិឡឺនដែលឈរនៅក្បែររទេះរុញនោះបានញញឹមពព្រាយដាក់ពួកគេ។ ស្ត្រីទាំងនោះបន្តដើរទៅទៀត ប៉ុន្តែពួកគេបានកោតស្ងើចចំពោះស្នាមញញឹមដ៏កក់ក្ដៅរបស់បងហិឡឺន។
ក្រោយមក ពេលស្ត្រីទាំងពីរនាក់នោះជិះឡានក្រុងទៅផ្ទះវិញ ពួកគេបានឃើញស្លាកដ៏ធំមួយនៅសាលប្រជុំដែលមានអក្សរjw.org។ ពួកគេចាំថានោះគឺដូចគ្នានឹងអក្សរដែលពួកគេបានឃើញនៅរទេះរុញដាក់តាំងសៀវភៅ។ ដូច្នេះ ពួកគេបានចុះពីឡានក្រុង ហើយមើលកាលបរិច្ឆេទនៃកិច្ចប្រជុំសម្រាប់ក្រុមជំនុំផ្សេង ដែលបានត្រូវបិទនៅលើរបងសាលប្រជុំ។
ក្រោយមក ស្ត្រីទាំងពីរនាក់នោះបានទៅកិច្ចប្រជុំមួយនៅសាលប្រជុំនោះ។ តើពួកគេបានឃើញអ្នកណាពេលពួកគេដើរចូលសាលប្រជុំ? គឺបងស្រីហិឡឺន! ពួកគេបាននឹកចាំភ្លាមៗថា គាត់ជាអ្នកដែលធ្លាប់ញញឹមដាក់ពួកគេ។ បងហិឡឺននិយាយថា៖ «ពេលពួកគេដើរមកខ្ញុំ ខ្ញុំភ័យបន្តិច ដោយសារខ្ញុំមិនដឹងអំពីមូលហេតុដែលពួកគេមកជួបខ្ញុំទេ»។ ប៉ុន្តែក្រោយមក ស្ត្រីទាំងពីរនាក់នោះបានពន្យល់បងហិឡឺនអំពីអ្វីដែលបានកើតឡើង។
ស្ត្រីវ័យក្មេងទាំងពីរនាក់នេះចូលចិត្តកម្មវិធីប្រជុំនិងមានអារម្មណ៍ស្រួលជាមួយបងប្អូន។ ពេលពួកគេឃើញបងប្អូនសម្អាតសាលប្រជុំក្រោយពីប្រជុំចប់ ពួកគេក៏សុំជួយដែរ។ ក្រោយពីពេលនោះ ស្ត្រីម្នាក់បានរើទៅប្រទេសក្រៅ ប៉ុន្តែស្ត្រីម្នាក់ទៀតចាប់ផ្ដើមមកកិច្ចប្រជុំនិងរៀនគម្ពីរ។ អ្វីៗដ៏ល្អទាំងអស់នេះបានកើតឡើងដោយសារស្នាមញញឹមមួយ។