លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

រូប​ថត​វេទិកា​និង​ស្លាក​សញ្ញា​នៅ​ពី​លើ​វេទិកា​នោះ​ដែល​ថត​ពី​កន្លែង​ជិត

១៩២២ មួយរយឆ្នាំបានកន្លងផុតទៅ

១៩២២ មួយរយឆ្នាំបានកន្លងផុតទៅ

​«​ព្រះ . . . ផ្ដល់​ជ័យ​ជម្នះ​ឲ្យ​យើង​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​»។ (​១កូ. ១៥:៥៧​) ពាក្យ​ទាំង​នេះ​ដែល​បាន​ត្រូវ​ជ្រើស​រើស​ជា​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ​១.៩២២​បាន​ពង្រឹង​ទំនុក​ចិត្ត​និស្សិត​គម្ពីរ​ថា ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ចំពោះ​ភាព​ស្មោះ​ត្រង់​របស់​ពួក​គេ។ ក្នុង​អំឡុង​ឆ្នាំ​នោះ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​ពួក​អ្នក​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង​ទាំង​នេះ​មែន។ លោក​បាន​ឲ្យ​ពរ​ពួក​គេ ពេល​ពួក​គេ​បាន​ចាប់​ផ្ដើម​បោះ​ពុម្ព​និង​ចង​ក្រង​សៀវភៅ​ដោយ​ខ្លួន​ឯង ហើយ​ចាប់​ផ្ដើម​ប្រើ​វិទ្យុ​ដើម្បី​ផ្សាយ​សេចក្ដី​ពិត​អំពី​រាជាណាចក្រ។ ក្រោយ​មក​នៅ​ឆ្នាំ​នោះ គឺ​ស​ឲ្យ​ឃើញ​ច្បាស់​ម្ដង​ទៀត​ថា​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​រាស្ត្រ​លោក។ និស្សិត​គម្ពីរ​បាន​ជួ​ប​ជុំ​គ្នា​នៅ​មហា​សន្និបាត​សំខាន់​ដែល​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ស៊ីដឺផូញ រដ្ឋ​អូហៃយ៉ូ សហរដ្ឋ​អាម៉េរិក។ មហា​សន្និបាត​នោះ​មាន​ឥទ្ធិពល​លើ​កិច្ច​ការ​របស់​អង្គការ​ព្រះ​យេហូវ៉ា​តាំង​ពី​ពេល​នោះ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

​«​គំនិត​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​មួយ​»​

កាល​ដែល​មាន​អ្នក​ផ្សព្វ​ផ្សាយ​កាន់​តែ​ច្រើន សៀវភៅ​ក៏​ត្រូវ​ការ​កាន់​តែ​ច្រើន​ដែរ។ បង​ប្អូន​នៅ​បេតអែល​ប៊្រុគ្លីន​បាន​ផលិត​ទស្សនាវដ្ដី ប៉ុន្តែ​ពួក​គេ​នៅ​តែ​ប្រើ​ក្រុម​ហ៊ុន​ផ្សេង​ៗ​ដើម្បី​បោះ​ពុម្ព​សៀវភៅ។ ក្រោយ​មក សម្រាប់​រយៈ​ពេល​ប៉ុន្មាន​ខែ ក្រុម​ហ៊ុន​នោះ​មិន​អាច​បោះ​ពុម្ព​សៀវភៅ​គ្រប់​គ្រាន់​ដើម្បី​ប្រើ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ឡើយ។ ដូច្នេះ បង​រ៉ូធើហ្វឺត​បាន​សួរ​បង​រ៉ូបឺត ម៉ាធិន​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​កន្លែង​បោះ​ពុម្ព​ថា តើ​គាត់​គិត​ថា​ពួក​គេ​អាច​បោះ​ពុម្ព​សៀវភៅ​ដោយ​ខ្លួន​ឯង​បាន​ទេ?

រោង​ពុម្ព​នៅ​ផ្លូវ​ខុនខត តំបន់​ប៊្រុគ្លីន ក្រុង​ញូវយ៉ក

បង​ម៉ាធិន​នឹក​ចាំ​ថា​៖ ​«​នោះ​ជា​គំនិត​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​មួយ ដោយ​សារ​នោះ​មាន​ន័យ​ថា​យើង​ត្រូវ​បើក​រោង​ពុម្ព​ដើម្បី​អាច​ផលិត​សៀវភៅ​»។ បង​ប្អូន​បាន​ជួល​អគារ​លេខ​១៨​នៅ​ផ្លូវ​ខុនខត តំបន់​ប៊្រុគ្លីន ហើយ​បាន​ទិញ​ឧបករណ៍​ផ្សេង​ៗ​ដែល​យើង​ត្រូវ​ការ។

មិន​មែន​មនុស្ស​ទាំង​អស់​សប្បាយ​ដែល​បង​ប្អូន​បោះ​ពុម្ព​សៀវភៅ​ដោយ​ខ្លួន​ឯង​ទេ។ ប្រធាន​ក្រុម​ហ៊ុន​ដែល​ធ្លាប់​ផលិត​សៀវភៅ​របស់​យើង​បាន​មក​លេង​រោង​ពុម្ព​ថ្មី​នោះ។ គាត់​និយាយ​ថា​៖ ​«​អ្នក​មាន​ឧបករណ៍​ល្អ​ៗ​ដើម្បី​បោះ​ពុម្ព​សៀវភៅ ប៉ុន្តែ​គ្មាន​អ្នក​ណា​ចេះ​ប្រើ។ មិន​ដល់​៦​ខែ​ទេ ឧបករណ៍​ទាំង​អស់​នោះ​នឹង​ខូច​អស់​តែ​ម្ដង​»។

បង​ម៉ាធិន​និយាយ​ថា​៖ ​«​នោះ​ស្ដាប់​ទៅ​សម​ហេតុ​ផល តែ​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង ហើយ​លោក​តែង​តែ​ជួយ​យើង​»។ បង​ម៉ាធិន​និយាយ​ត្រឹម​ត្រូវ។ មិន​យូរ​ក្រោយ​មក រោង​ពុម្ព​ថ្មី​នោះ​បាន​ផលិត​សៀវភៅ​២.០០០​ក្បាល​ក្នុង​មួយ​ថ្ងៃ។

បង​ប្អូន​អ្នក​បោះ​ពុម្ព ឈរ​ក្បែរ​ម៉ាស៊ីន​បោះ​ពុម្ព​របស់​ពួក​គេ​នៅ​រោង​បោះ​ពុម្ព

ការ​ផ្សាយ​ដល់​មនុស្ស​រាប់​លាន​នាក់​តាម​វិទ្យុ

ក្រៅ​ពី​បោះ​ពុម្ព​សៀវភៅ​ខ្លះ​ដោយ​ខ្លួន​ឯង រាស្ត្រ​ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​ប្រើ​វិធី​ថ្មី​ដើម្បី​ផ្សាយ​ដំណឹង​ល្អ គឺ​ការ​ផ្សាយ​តាម​វិទ្យុ។ នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩២២ បង​រ៉ូធើហ្វឺត​បាន​ថ្លែង​សុន្ទរកថា​តាម​វិទ្យុ​ជា​លើក​ដំបូង។ សុន្ទរកថា​នោះ​មាន​ប្រធាន​ថា​«​មនុស្ស​រាប់​លាន​នាក់​ដែល​រស់​ឥឡូវ​នេះ​នឹង​មិន​ស្លាប់​ទេ​»​តាម​ប៉ុស្តិ៍​វិទ្យុ​មួយ​នៅ​ក្រុង​ឡូស អេនជីឡេស រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាម៉េរិក។

មនុស្ស​ប្រមាណ​២៥.០០០​នាក់​បាន​ស្ដាប់​កម្ម​វិធី​នោះ។ អ្នក​ខ្លះ​បាន​ផ្ញើ​សំបុត្រ​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ផ្សាយ​នោះ។ សំបុត្រ​មួយ​ក្នុង​ចំណោម​សំបុត្រ​ទាំង​នោះ​គឺ​មក​ពី​បង​ប្រុស​វីលអាត អាហ្វុត ដែល​រស់​នៅ​ក្រុង​សានថា អាណា រដ្ឋ​កាលីហ្វ័រញ៉ា។ គាត់​បាន​អរគុណ​បង​រ៉ូធើហ្វឺត​ចំពោះ​សុន្ទរកថា​«​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​និង​ជក់​ចិត្ត​ស្ដាប់​»។ បន្ទាប់​មក គាត់​បាន​បន្ថែម​ថា​៖ ​«​ក្នុង​ផ្ទះ​ខ្ញុំ មាន​អ្នក​ឈឺ​បី​នាក់ ដូច្នេះ​ទោះ​ជា​បង​មក​ថ្លែង​សុន្ទរកថា​នៅ​ម្ដុំ​ផ្ទះ​យើង​ក្ដី ក៏​យើង​មិន​អាច​ទៅ​ស្ដាប់​បង​បាន​ដែរ​»។

មាន​ការ​ផ្សាយ​ថែម​ទៀត​ក្នុង​សប្ដាហ៍​បន្ត​បន្ទាប់​ពី​នោះ។ នៅ​ចុង​ឆ្នាំ​១៩២២ ទស្សនាវដ្ដី​ប៉ម​យាម​បាន​ប៉ាន់ស្មាន​ថា​៖ ​«​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣០០.០០០​នាក់​បាន​ទទួល​ដំណឹង​តាម​វិទ្យុ​»។

ដោយ​សារ​មាន​ប្រតិកម្ម​ល្អ និស្សិត​គម្ពីរ​បាន​សម្រេច​ចិត្ត​សាង​សង់​អគារ​ស្ថានីយ​វិទ្យុ​មួយ​នៅ​លើ​ដី​មួយ​កន្លែង​នា​តំបន់​ស្ថាធិនអៃឡេន ដែល​មាន​ចម្ងាយ​មិន​ឆ្ងាយ​ពី​បេតអែល​ប៊្រុគ្លីន។ នៅ​ឆ្នាំ​បន្ត​បន្ទាប់ និស្សិត​គម្ពីរ​ប្រើ​ប៉ុស្តិ៍​នោះ​ដែល​ហៅ​ថា​WBBR ដើម្បី​ផ្សាយ​ដំណឹង​រាជាណាចក្រ​ឲ្យ​ឮ​សុសសាយ​ដល់​កន្លែង​ជា​ច្រើន។

​«​ADV​»​

ទស្សនាវដ្ដី​ប៉ម​យាម​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩២២ បាន​ប្រកាស​ថា មហា​សន្និបាត​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ស៊ីដឺផូញ រដ្ឋ​អូហៃយ៉ូ ចាប់​ពី​ថ្ងៃ​ទី​៥​-​១៣ ខែ​កញ្ញា ឆ្នាំ​១៩២២។ និស្សិត​គម្ពីរ​រំភើប​ចិត្ត​ជា​ខ្លាំង​ពេល​ពួក​គេ​មក​ដល់​ស៊ីដឺផូញ។

ក្នុង​សុន្ទរកថា​ដំបូង​របស់​បង​រ៉ូធើហ្វឺត គាត់​បាន​ប្រាប់​អ្នក​ស្ដាប់​ថា​៖ ​«​ខ្ញុំ​ជឿ​ជាក់​ទាំង​ស្រុង​ថា​លោក​ម្ចាស់​នឹង . . . ឲ្យ​ពរ​លើ​មហា​សន្និបាត​នេះ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នឹង​ត្រូវ​ធ្វើ​ឡើង​ធំ​ជាង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដែល​ធ្លាប់​មាន​នៅ​ផែនដី​»។ អ្នក​ថ្លែង​សុន្ទរកថា​នៅ​មហា​សន្និបាត​នោះ​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​ឲ្យ​ផ្សព្វ​ផ្សាយ។

អ្នក​ចូល​រួម​មហា​សន្និបាត​នៅ​ស៊ីដឺផូញ រដ្ឋ​អូហៃយ៉ូ ឆ្នាំ​១៩២២

បន្ទាប់​មក នៅ​ថ្ងៃ​សុក្រ ទី​៨ ខែ​កញ្ញា អ្នក​ចូល​រួម​ប្រហែល​៨.០០០​នាក់​បាន​ចូល​ក្នុង​សាល ហើយ​រំភើប​ចិត្ត​ស្ដាប់​បង​រ៉ូធើហ្វឺត​ថ្លែង​សុន្ទរកថា។ ពួក​គេ​សង្ឃឹម​ថា​គាត់​នឹង​ពន្យល់​អត្ថន័យ​នៃ​តួ​អក្សរ​«​ADV​»​ ដែល​មាន​លើ​លិខិត​អញ្ជើញ​របស់​ពួក​គេ។ ពេល​ដែល​ពួក​គេ​បាន​អង្គុយ​ចុះ ពួក​គេ​ជា​ច្រើន​នាក់​បាន​សង្កេត​ឃើញ​ក្រណាត់​មួយ​ដុំ​ធំ​ពី​លើ​វេទិកា។ បង​ប្រុស​អាថឺ ខ្លោស​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​មហា​សន្និបាត​នោះ​ពី​ក្រុង​ថាល់សា រដ្ឋ​អូក្លាហូម៉ា សហរដ្ឋ​អាម៉េរិក បាន​រក​ឃើញ​កន្លែង​អង្គុយ​មួយ ដែល​គាត់​អាច​ស្ដាប់​ឮ​សុន្ទរកថា​បាន​ច្បាស់។ នៅ​សម័យ​នោះ​គឺ​ពិបាក​ណាស់ ដោយ​សារ​គ្មាន​មេក្រូ​ឬ​ឧបករណ៍​បំពង​សំឡេង​ទេ។

​«​យើង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​គ្រប់​ម៉ាត់​»​

ដើម្បី​ប្រាកដ​ថា​គ្មាន​អ្នក​រំខាន អធិការី​បាន​ប្រកាស​ថា​ក្នុង​អំឡុង​សុន្ទរកថា​របស់​បង​រ៉ូធើហ្វឺត មិន​អនុញ្ញាត​ឲ្យ​អ្នក​ដែល​មក​យឺត​ចូល​សាល​ឡើយ។ នៅ​ម៉ោង​៩:៣០​នាទី​ព្រឹក បង​រ៉ូធើហ្វឺត​បាន​ចាប់​ផ្ដើម​និយាយ ដោយ​ដក​ស្រង់​ពាក្យ​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ៤:១៧ ដែល​ថា​៖ ​«​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ជិត​ដល់​ហើយ​»។ ពេល​គាត់​និយាយ​អំពី​របៀប​ដែល​មនុស្ស​នឹង​ឮ​អំពី​រាជាណាចក្រ​នោះ គាត់​បាន​ប្រាប់​ថា​៖ ​«​លោក​យេស៊ូ​ផ្ទាល់​បាន​ប្រកាស​ថា​ក្នុង​វត្តមាន​របស់​លោក លោក​នឹង​ធ្វើ​កិច្ច​ការ​ប្រមូល​រាស្ត្រ​លោក។ ក្នុង​អំឡុង​ពេល​នោះ​លោក​នឹង​ប្រមូល​ពួក​អ្នក​ពិត​ត្រង់​និង​មាន​ភក្ដី​ភាព​មក​ឯ​លោក​»។

បង​អាថឺ ខ្លោស​ដែល​អង្គុយ​នៅ​ក្នុង​សាល​ធំ​បាន​ចាំ​ថា​៖ ​«​យើង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​គ្រប់​ម៉ាត់​»។ ប៉ុន្តែ បង​អាថឺ​ស្រាប់​តែ​មិន​ស្រួល​ខ្លួន ហើយ​ត្រូវ​ចេញ​ពី​សាល​នោះ។ គាត់​បាន​ចេញ​ទៅ​ទាំង​ស្ទាក់​ស្ទើរ ព្រោះ​គាត់​ដឹង​ថា​បើ​ចេញ​ពី​សាល​នោះ​ហើយ មិន​អាច​ចូល​វិញ​បាន​ទេ​នៅ​ក្នុង​អំឡុង​សុន្ទរកថា​របស់​បង​រ៉ូធើហ្វឺត។

ប៉ុន្មាន​នាទី​ក្រោយ​មក គាត់​ចាប់​ផ្ដើម​ធូរ​ស្រាល។ គាត់​រៀប​រាប់​ថា កាល​ដែល​គាត់​ដើរ​ត្រឡប់​ទៅ​សាល​វិញ គាត់​បាន​ឮ​សំឡេង​ទះ​ដៃ​លាន់​រំពង។ នេះ​ធ្វើ​ឲ្យ​គាត់​រំភើប​ចិត្ត​ណាស់! គាត់​បាន​សម្រេច​ចិត្ត​ថា គាត់​នឹង​បន្ត​ស្ដាប់​សុន្ទរកថា​ដ៏​អស្ចារ្យ​នេះ ទោះ​ជា​គាត់​ត្រូវ​ឡើង​លើ​ដំបូល​ក្ដី។ នៅ​ពេល​នោះ បង​អាថឺ​ដែល​មាន​អាយុ​២៣​ឆ្នាំ បាន​រក​ឃើញ​វិធី​មួយ​ដើម្បី​ឡើង​លើ​ដំបូល។ បង្អួច​នៅ​លើ​ដំបូល​បាន​ត្រូវ​បើក​ចំហ ហើយ​ពេល​ដែល​គាត់​ទៅ​ជិត​ដល់​បង្អួច​ទាំង​នោះ គាត់​កត់​សម្គាល់​ថា​«​សំឡេង​ឮ​ច្បាស់​ល្អ​»។

ប៉ុន្តែ​បង​អាថឺ​មិន​មែន​នៅ​លើ​ដំបូល​ម្នាក់​ឯង​ទេ។ មិត្ត​ភក្ដិ​ខ្លះ​របស់​គាត់​ក៏​នៅ​ទី​នោះ​ដែរ។ មិត្ត​ម្នាក់​ក្នុង​ចំណោម​នោះ​គឺ​បង​ប្រុស​ហ្វ្រេង ចនសុន បាន​រត់​មក ហើយ​សួរ​គាត់​ថា​៖ ​«​បង​មាន​កាំបិត​ស្នៀត​ទេ?​»។

បង​អាថឺ​បាន​និយាយ​ថា​៖ ​«​បាទ ខ្ញុំ​មាន​»។

បង​ហ្វ្រេង​បាន​តប​ថា​៖ ​«​បង​ជា​ចម្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​យើង។ ឥឡូវ តើ​បង​ឃើញ​ក្រណាត់​មួយ​ដុំ​ធំ​នេះ​ទេ? នេះ​គឺ​ជា​ស្លាក​សញ្ញា​មួយ​ដែល​ចង​ភ្ជាប់​នឹង​ដែក​គោល​ទាំង​នេះ។ សូម​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ចៅ​ក្រម។ * ពេល​គាត់​និយាយ​ថា​៖ ‹ហើយ​អ្នក​ត្រូវ​ផ្សព្វ​ផ្សាយ ផ្សព្វ​ផ្សាយ› សូម​កាត់​ខ្សែ​ទាំង​បួន​នេះ​»។

ដូច្នេះ បង​អាថឺ​បាន​កាន់​កាំបិត​ស្នៀត​រង់​ចាំ​ជា​មួយ​អ្នក​ឯ​ទៀត​ដើម្បី​ស្ដាប់​ពាក្យ​របស់​បង​រ៉ូធើហ្វឺត​ពេល​ដល់​កន្លែង​ដែល​ត្រូវ​កាត់​ទម្លាក់​ស្លាក​សញ្ញា​នោះ។ មិន​យូរ​ក្រោយ​មក បង​រ៉ូធើហ្វឺត​មក​ដល់​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​សុន្ទរកថា​របស់​គាត់។ គាត់​ខ្នះ​ខ្នែង​និង​រំភើប​ចិត្ត​ជា​ខ្លាំង ហើយ​ទំនង​ជា​បាន​ស្រែក​ថា​៖ ​«​ចូរ​ធ្វើ​ជា​សាក្សី​ពិត​ប្រាកដ ហើយ​ស្មោះ​ត្រង់​ចំពោះ​លោក​ម្ចាស់។ ចូរ​បន្ត​សម្រុក​ទៅ​មុខ​ក្នុង​ការ​ត​ស៊ូ​រហូត​ដល់​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ត្រូវ​បំផ្លាញ​ចោល​ទាំង​ស្រុង។ ចូរ​ប្រកាស​ដំណឹង​នេះ​ឲ្យ​បាន​ឮ​សុសសាយ។ ពិភព​លោក​នេះ​ត្រូវ​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ ហើយ​ថា​លោក​យេស៊ូ​គ្រិស្ត​ជា​ស្ដេច​លើ​ស្ដេច​ទាំង​អស់​និង​ជា​ម្ចាស់​លើ​ម្ចាស់​ទាំង​អស់។ នេះ​ជា​ថ្ងៃ​លើ​អស់​ទាំង​ថ្ងៃ។ មើល! ស្ដេច​គ្រប់​គ្រង​ហើយ! អ្នក​រាល់​គ្នា​ជា​អ្នក​ផ្សព្វ​ផ្សាយ​អំពី​លោក។ ដូច្នេះ ចូរ​ផ្សាយ ចូរ​ផ្សាយ ចូរ​ផ្សាយ​អំពី​ស្ដេច​និង​រាជាណាចក្រ​របស់​លោក!​»។

បង​អាថឺ​រៀប​រាប់​ថា​គាត់​និង​បង​ប្រុស​ឯ​ទៀត​បាន​កាត់​ខ្សែ​នោះ ហើយ​ស្លាក​បាន​លា​ធ្លាក់​ចុះ​យ៉ាង​រលូន។ អក្សរ​«​ADV​»​ជា​អក្សរ​កាត់​នៃ​ពាក្យ​ភាសា​អង់គ្លេស​ដែល​សំដៅ​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ។ ដូច្នេះ​ស្លាក​នោះ​សរសេរ​ថា​៖ ​«​ចូរ​ផ្សាយ​អំពី​ស្ដេច​និង​រាជាណាចក្រ​របស់​លោក​»។

កិច្ច​ការ​ដ៏​សំខាន់​មួយ

មហា​សន្និបាត​នៅ​ស៊ីដឺផូញ​បាន​ជួយ​បង​ប្អូន​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ដែល​ជា​កិច្ច​ការ​ដ៏​សំខាន់ ហើយ​ពួក​អ្នក​ដែល​ព្រម​ចូល​រួម​ធ្វើ​កិច្ច​ការ​នេះ​សប្បាយ​មាន​ចំណែក។ អ្នក​ត្រួស​ត្រាយ​ម្នាក់​ពី​រដ្ឋ​អូក្លាហូម៉ា សហរដ្ឋ​អាម៉េរិក​បាន​សរសេរ​ថា​៖ ​«​យើង​ផ្សព្វ​ផ្សាយ​នៅ​តំបន់​មួយ​ដែល​មនុស្ស​ជា​ច្រើន​ធ្វើ​ការ​នៅ​កន្លែង​ជីក​ធ្យូង​ថ្ម ហើយ​ជា​អ្នក​ក្រី​ក្រ​»។ គាត់​និយាយ​ថា​ជា​រឿយ​ៗ ពេល​មនុស្ស​ឮ​ដំណឹង​ក្នុង​ទស្សនាវដ្ដី​សម័យ​រុង​រឿង​(​Golden Age​) ​«​ពួក​គេ​រំភើប​ចិត្ត​ដល់​ស្រក់​ទឹក​ភ្នែក​»។ គាត់​និយាយ​ទៀត​ថា​៖ ​«​យើង​សប្បាយ​ដែល​យើង​អាច​សម្រាល​ទុក្ខ​ពួក​គេ​»។

និស្សិត​គម្ពីរ​ទាំង​នោះ​បាន​ដឹង​ថា​ពាក្យ​របស់​លោក​យេស៊ូ​នៅ​លូកា ១០:២ គឺ​សំខាន់​ណាស់ ដែល​ថា​៖ ​«​ផល​ដំណាំ​ដែល​ត្រូវ​ប្រមូល​មាន​ច្រើន​មែន តែ​កម្មករ​មាន​តិច​ទេ​»។ នៅ​ចុង​ឆ្នាំ​នោះ ពួក​គេ​បាន​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​នៅ​ទី​ជិត​ឆ្ងាយ។

^ ជួន​កាល បង​រ៉ូធើហ្វឺត​បាន​ត្រូវ​គេ​ហៅ​ថា​«​ចៅ​ក្រម​»​ ដោយ​សារ​ម្ដង​ម្កាល​គាត់​បាន​ធ្វើ​ជា​ចៅ​ក្រម​នៅ​រដ្ឋ​មីហ្សូរី សហរដ្ឋ​អាម៉េរិក។