លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤៩

ការប្រោសឲ្យរស់ឡើងវិញគឺជាសេចក្ដីសង្ឃឹមដ៏ពិតប្រាកដ!

ការប្រោសឲ្យរស់ឡើងវិញគឺជាសេចក្ដីសង្ឃឹមដ៏ពិតប្រាកដ!

​«​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះ . . . ថា មនុស្ស . . . នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។—សកម្ម. ២៤:១៥

ចម្រៀង​លេខ​១៥១ លោក​នឹង​ហៅ

សេចក្ដី​សង្ខេប *

១​-​២. តើ​អ្នក​គោរព​ប្រណិប័តន៍​ពិត​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​អ្វី?

មនុស្ស​គ្រប់​រូប​ត្រូវ​ការ​សេចក្ដី​សង្ឃឹម។ អ្នក​ខ្លះ​សង្ឃឹម​ថា​ពួក​គេ​នឹង​មាន​អាពាហ៍ពិពាហ៍​ដែល​មាន​សុភមង្គល និង​ចិញ្ចឹម​អប់រំ​កូន​ឲ្យ​មាន​សុខភាព​ល្អ ឬ​សង្ឃឹម​ថា​ខ្លួន​នឹង​ជា​សះ​ស្បើយ​ពី​ជំងឺ​ដ៏​ធ្ងន់​ធ្ងរ។ យើង​ដែល​ជា​គ្រិស្ត​សាសនិក​ប្រហែល​ជា​មាន​សេចក្ដី​សង្ឃឹម​ដូច​ពួក​គេ​ដែរ។ ប៉ុន្តែ​យើង​មិន​សង្ឃឹម​ទៅ​លើ​តែ​អ្វី​ទាំង​នេះ​ប៉ុណ្ណោះ​ទេ។ យើង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត ហើយ​សង្ឃឹម​ថា​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​បាន​ស្លាប់​នឹង​រស់​ឡើង​វិញ។

សាវ័ក​ប៉ូល​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះ . . . ថា មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ (​សកម្ម. ២៤:១៥​) ប៉ូល​មិន​មែន​ជា​បុគ្គល​ទី​១​ដែល​និយាយ​អំពី​សេចក្ដី​សង្ឃឹម​នៃ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទេ។ យ៉ូប​ក៏​បាន​និយាយ​អំពី​សេចក្ដី​សង្ឃឹម​នេះ​ដែរ។ គាត់​មាន​ទំនុក​ចិត្ត​ថា ព្រះ​នឹង​នឹក​ចាំ​គាត់ ហើយ​ប្រោស​គាត់​ឲ្យ​មាន​ជីវិត​ឡើង​វិញ។—យ៉ូប ១៤:៧​-​១០, ១២​-​១៥

៣. ហេតុ​អ្វី​យើង​អាច​ទទួល​ប្រយោជន៍​ពី​កូរិនថូស​ទី​១ ជំពូក​១៥?

៣ ​«​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​»​ គឺ​ជា​ផ្នែក​មួយ​នៃ​«​សេចក្ដី​បង្រៀន​ជា​មូលដ្ឋាន​»​ ឬ​ជា​«​គ្រឹះ​»​នៃ​សេចក្ដី​បង្រៀន​ទាំង​អស់​របស់​គ្រិស្ត​សាសនិក។ (​ហេ. ៦:១, ២​) ប៉ូល​ពណ៌នា​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​កូរិនថូស​ទី​១ ជំពូក​១៥។ អ្វី​ដែល​គាត់​បាន​សរសេរ​ច្បាស់​ជា​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១។ ជំពូក​នេះ​ក៏​អាច​លើក​ទឹក​ចិត្ត​និង​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ចំពោះ​សេចក្ដី​សង្ឃឹម​ដែល​យើង​មាន​ជា​យូរ​មក​ហើយ។

៤. ហេតុ​អ្វី​យើង​អាច​សង្ឃឹម​ថា​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​បាន​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

ការ​ប្រោស​លោក​យេស៊ូ​គ្រិស្ត​ឲ្យ​រស់​ឡើង​វិញ​ជា​មូលដ្ឋាន​នៃ​សេចក្ដី​សង្ឃឹម​របស់​យើង គឺ​សេចក្ដី​សង្ឃឹម​ថា ទោះ​ជា​ពួក​អ្នក​ដែល​យើង​ស្រឡាញ់​ស្លាប់​ក្ដី ពួក​គេ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ នោះ​គឺ​ជា​ផ្នែក​មួយ​នៃ​«​ដំណឹង​ល្អ​»​ដែល​ប៉ូល​បាន​ប្រកាស​ប្រាប់​ដល់​អ្នក​ក្រុង​កូរិនថូស។ (​១កូ. ១៥:១, ២​) តាម​ពិត គាត់​បាន​និយាយ​ថា បើ​គ្រិស្ត​សាសនិក​ណា​ម្នាក់​មិន​ជឿ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ ជំនឿ​របស់​គាត់​នឹង​ឥត​ប្រយោជន៍។ (​១កូ. ១៥:១៧​) ការ​ជឿ​ថា​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​គឺ​ជា​មូលហេតុ​ដែល​យើង​អាច​ជឿ​ថា​អ្នក​ឯ​ទៀត​ក៏​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ។

៥​-​៦. តើ​ពាក្យ​នៅ​កូរិនថូស​ទី​១ ១៥:៣, ៤​ផ្ដល់​ហេតុ​ឲ្យ​យើង​សង្ឃឹម​អំពី​អ្វី?

ពេល​ប៉ូល​ចាប់​ផ្ដើម​សរសេរ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ គាត់​បាន​លើក​ឡើង​ចំណុច​បី​យ៉ាង គឺ​៖ (​១​) ​«​គ្រិស្ត​បាន​ទទួល​មរណភាព​ដើម្បី​លោះ​យើង​ពី​ភាព​ខុស​ឆ្គង​»។ (​២​) លោក​បាន​«​ត្រូវ​គេ​បញ្ចុះ​»។ (​៣​) លោក​«​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ស្រប​ទៅ​តាម​បទ​គម្ពីរ​»។—សូម​អាន កូរិនថូស​ទី​១ ១៥:៣, ៤

ហេតុ​អ្វី​ការ​ដែល​លោក​យេស៊ូ​ទទួល​មរណភាព បាន​ត្រូវ​គេ​បញ្ចុះ និង​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​គឺ​សំខាន់​ចំពោះ​យើង? អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ប្រកាស​ទុក​ជា​មុន​ថា​មេស្ស៊ី​នឹង​ត្រូវ​«​កាត់​ចេញ​ពី​ស្ថាន​របស់​មនុស្ស​រស់​»​ ហើយ​ថា​«​គេ​ក៏​បញ្ចុះ​សព​ទ្រង់​នៅ​ជា​មួយ​នឹង​ពួក​អាក្រក់​»។ ប៉ុន្តែ មាន​អ្វី​ផ្សេង​ទៀត​នឹង​កើត​ឡើង​ដែរ។ អេសាយ​បន្ថែម​ថា មេស្ស៊ី​«​ទទួល​រង​ទោស​នៃ​អំពើ​បាប​របស់​មនុស្ស​ជា​ច្រើន​»។ នេះ​បាន​កើត​ឡើង​ពេល​លោក​ឲ្យ​ជីវិត​ជា​ថ្លៃ​លោះ។ (​អេ. ៥៣:៨, ៩, ១២; ម៉ាថ. ២០:២៨; រ៉ូម ៥:៨​) ដូច្នេះ ដោយ​សារ​លោក​យេស៊ូ​ទទួល​មរណភាព បាន​ត្រូវ​គេ​បញ្ចុះ និង​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ យើង​មាន​ហេតុ​សង្ឃឹម​ថា​យើង​អាច​រួច​ពី​ការ​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់ ហើយ​ជួប​ជុំ​ម្ដង​ទៀត​ជា​មួយ​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​បាន​ស្លាប់។

ការ​បញ្ជាក់​ពី​សាក្សី​ជា​ច្រើន

៧​-​៨. តើ​អ្វី​ជួយ​គ្រិស្ត​សាសនិក​ឲ្យ​ជឿ​ថា​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

សេចក្ដី​សង្ឃឹម​របស់​យើង​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ជាប់​ទាក់​ទង​នឹង​ការ​ដែល​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ដូច្នេះ យើង​ត្រូវ​ជឿ​ជាក់​ថា​លោក​យេស៊ូ​បាន​រស់​ឡើង​វិញ​មែន។ ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​លោក​យេស៊ូ​មាន​ជីវិត​ឡើង​វិញ?

មាន​សាក្សី​ជា​ច្រើន​នាក់​ដែល​បញ្ជាក់​ថា​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​១កូ. ១៥:៥​-​៧​) សាក្សី​ដំបូង​ដែល​ប៉ូល​លើក​ឡើង​គឺ​សាវ័ក​ពេត្រុស​(​ឬ​កេផាស​)។ អ្នក​កាន់​តាម​មួយ​ក្រុម​បាន​បញ្ជាក់​ថា​ពេត្រុស​បាន​ជួប​លោក​យេស៊ូ ក្រោយ​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​លូក. ២៤:៣៣, ៣៤​) បន្ថែម​ទៅ​ទៀត ​«​សាវ័ក​ទាំង​ដប់​ពីរ​នាក់​»​បាន​ជួប​លោក​យេស៊ូ​ក្រោយ​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ បន្ទាប់​មក គ្រិស្ត​បាន​«​លេច​មក​ជួប​បង​ប្អូន​ជាង​ប្រាំ​រយ​នាក់​នៅ​ពេល​តែ​មួយ​»​ ប្រហែល​ជា​នេះ​ជា​ការ​ជួប​ជុំ​ដ៏​សប្បាយ​មួយ​នា​ស្រុក​កាលីឡេ ដែល​បាន​រៀប​រាប់​នៅ​ម៉ាថាយ ២៨:១៦​-​២០។ លោក​យេស៊ូ​ក៏​បាន​«​លេច​មក​ជួប​យ៉ាកុប​»​ ដែល​ទំនង​ជា​ប្អូន​ប្រុស​របស់​លោក ហើយ​ដែល​ពី​មុន​មិន​មាន​ជំនឿ​លើ​លោក​យេស៊ូ​ជា​មេស្ស៊ី​ទេ។ (​យ៉ូន. ៧:៥​) ក្រោយ​ពី​ជួប​លោក​យេស៊ូ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ យ៉ាកុប​បាន​ជឿ។ គួរ​ឲ្យ​ចាប់​អារម្មណ៍ ពេល​ដែល​ប៉ូល​បាន​សរសេរ​សំបុត្រ​នេះ​ប្រហែល​ជា​នៅ​ឆ្នាំ​៥៥ គ.ស. សាក្សី​ជា​ច្រើន​នាក់​ដែល​បាន​ឃើញ​លោក​យេស៊ូ​ក្រោយ​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នៅ​តែ​នៅ​រស់។ ដូច្នេះ អ្នក​ណា​ដែល​សង្ស័យ​អំពី​រឿង​នោះ​អាច​សួរ​សាក្សី​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ទាំង​នោះ​បាន។

៩. ដូច​បាន​ចែង​នៅ​សកម្មភាព ៩:៣​-​៥ តើ​ប៉ូល​អាច​លើក​ឡើង​អំពី​ទី​សំអាង​អ្វី​ទៀត ស្ដី​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​របស់​លោក​យេស៊ូ?

ក្រោយ​មក​លោក​យេស៊ូ​បាន​លេច​មក​ជួប​ប៉ូល​ផ្ទាល់។ (​១កូ. ១៥:៨​) កាល​ដែល​ប៉ូល​(​ឬ​សុល​)​កំពុង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស់ គាត់​ឮ​សំឡេង​របស់​លោក​យេស៊ូ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​នៅ​ក្នុង​គំនិត គាត់​បាន​ឃើញ​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌​ទាំង​មាន​សិរី​រុង​រឿង។ (​សូម​អាន សកម្មភាព ៩:៣​-​៥) បទ​ពិសោធន៍​របស់​ប៉ូល​ជា​ភ័ស្តុតាង​មួយ​ទៀត​ដែល​បញ្ជាក់​ថា​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​មិន​មែន​ជា​រឿង​ប្រឌិត​ទេ។—សកម្ម. ២៦:១២​-​១៥

១០. តើ​ការ​ជឿ​ជាក់​របស់​ប៉ូល​ថា​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជំរុញ​ចិត្ត​គាត់​ឲ្យ​ធ្វើ​អ្វី?

១០ អ្នក​ខ្លះ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នឹង​អ្វី​ដែល​ប៉ូល​បាន​និយាយ ដោយ​សារ​មុន​លោក​យេស៊ូ​បាន​លេច​មក​ជួប​គាត់ ប៉ូល​បាន​បៀត​បៀន​គ្រិស្ត​សាសនិក។ ក្រោយ​ពី​គាត់​បាន​ជឿ​ជាក់​ថា​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ប៉ូល​ខិត​ខំ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ជឿ​ជាក់​លើ​សេចក្ដី​ពិត​នោះ​ដែរ។ នៅ​ពេល​ដែល​គាត់​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​ពិត​ថា​លោក​យេស៊ូ​បាន​ស្លាប់ តែ​បាន​រស់​ឡើង​វិញ គាត់​បាន​ត្រូវ​គេ​វាយ ជាប់​គុក និង​លិច​សំពៅ។ (​១កូ. ១៥:៩​-​១១; ២កូ. ១១:២៣​-​២៧​) ប៉ូល​ជឿ​ជាក់​ទាំង​ស្រុង​ថា លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ រហូត​ដល់​គាត់​សុខ​ចិត្ត​ស្លាប់​ដើម្បី​និយាយ​ការ​ពារ​ជំនឿ​របស់​គាត់។ ការ​បញ្ជាក់​ពី​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​ជួយ​យើង​ឲ្យ​ជឿ​ថា​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​ក៏​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត មែន​ទេ?

ការ​កែ​តម្រង់​ទស្សនៈ​មិន​ត្រឹម​ត្រូវ

១១. ហេតុ​អ្វី​អ្នក​ខ្លះ​នៅ​ក្រុង​កូរិនថូស​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

១១ គ្រិស្ត​សាសនិក​ខ្លះ​ដែល​នៅ​ក្រុង​កូរិនថូស​ជា​ក្រុង​របស់​ជន​ជាតិ​ក្រិច មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ចំពោះ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ថែម​ទាំង​និយាយ​ថា​៖ ​«​មនុស្ស​ស្លាប់​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»​ទេ។ (​១កូ. ១៥:១២​) ហេតុ​អ្វី? ទស្សនវិទូ​ខ្លះ​នៅ​ក្រុង​អាថែន ដែល​ជា​ក្រុង​ជន​ជាតិ​ក្រិច​មួយ​ទៀត បាន​ចំអក​មើល​ងាយ​សេចក្ដី​បង្រៀន​ដែល​ថា​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ទស្សនៈ​នេះ​ប្រហែល​ជា​ជះ​ឥទ្ធិពល​ទៅ​លើ​អ្នក​ខ្លះ​នៅ​ក្រុង​កូរិនថូស រួម​ទាំង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែរ។ (​សកម្ម. ១៧:១៨, ៣១, ៣២​) រីឯ​អ្នក​ខ្លះ​ទៀត​ប្រហែល​ជា​គិត​ថា ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​គឺ​ក្នុង​ន័យ​ធៀប គឺ​ថា​បុគ្គល​ដែល​ធ្លាប់​ស្លាប់​ក្នុង​ន័យ​ថា​គាត់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង បាន​រស់​ឡើង​វិញ​ពេល​គាត់​ទៅ​ជា​គ្រិស្ត​សាសនិក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​ពួក​គេ​មិន​ព្រម​ទទួល​យក​សេចក្ដី​បង្រៀន​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នោះ​ជំនឿ​របស់​ពួក​គេ​គឺ​ឥត​ប្រយោជន៍។ បើ​ព្រះ​មិន​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​ទេ នោះ​មាន​ន័យ​ថា​គ្មាន​ថ្លៃ​លោះ ហើយ​មនុស្ស​ទាំង​អស់​គ្នា​នៅ​តែ​មាន​ការ​ខុស​ឆ្គង។ ដូច្នេះ អ្នក​ដែល​មិន​ព្រម​ទទួល​សេចក្ដី​បង្រៀន​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មិន​មាន​សេចក្ដី​សង្ឃឹម​ពិត​ប្រាកដ​ឡើយ។—១កូ. ១៥:១៣​-​១៩; ហេ. ៩:១២, ១៤

១២. សម​ស្រប​តាម​ពេត្រុស​ទី​១ ៣:១៨, ២២ តើ​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​ខុស​គ្នា​យ៉ាង​ណា​ពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មុន​លោក?

១២ បទ​ពិសោធន៍​របស់​ប៉ូល​ធ្វើ​ឲ្យ​គាត់​ដឹង​ថា​«​គ្រិស្ត​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​»។ ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​របស់​លោក​យេស៊ូ គឺ​ប្រសើរ​ជាង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន ពី​ព្រោះ​មនុស្ស​ទាំង​នោះ​បាន​ស្លាប់​ម្ដង​ទៀត​នៅ​ពេល​ក្រោយ​មក។ ប៉ូល​បាន​និយាយ​ថា លោក​យេស៊ូ​«​ជា​ផល​ដំបូង​ពី​ចំណោម​ពួក​អ្នក​ដែល​បាន​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​»។ តើ​លោក​យេស៊ូ​ជា​ផល​ដំបូង​ក្នុង​ន័យ​អ្វី? ក្នុង​ន័យ​ថា​លោក​ជា​បុគ្គល​ដំបូង​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ ហើយ​ក៏​ជា​បុគ្គល​ដំបូង​ពី​ចំណោម​មនុស្សជាតិ​ដែល​បាន​ឡើង​ទៅ​ស្ថាន​សួគ៌​ដែរ។—១កូ. ១៥:២០; សកម្ម. ២៦:២៣; សូម​អាន ពេត្រុស​ទី១ ៣:១៨, ២២

ពួក​អ្នក​ដែល​«​នឹង​ត្រូវ​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ​»​

១៣. តើ​ប៉ូល​បញ្ជាក់​អំពី​ភាព​ខុស​គ្នា​អ្វី​រវាង​អាដាម​និង​លោក​យេស៊ូ?

១៣ តើ​ការ​ស្លាប់​របស់​បុរស​ម្នាក់​អាច​ផ្ដល់​ជីវិត​ដល់​មនុស្ស​រាប់​លាន​នាក់​យ៉ាង​ដូច​ម្ដេច? ប៉ូល​បាន​ផ្ដល់​ចម្លើយ​យ៉ាង​ច្បាស់​ចំពោះ​សំណួរ​នេះ។ គាត់​បាន​ពន្យល់​អំពី​ភាព​ខុស​គ្នា​រវាង​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​មនុស្សជាតិ​ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​អាដាម និង​អ្វី​ដែល​យើង​អាច​ទទួល​ដោយ​សារ​គ្រឿង​បូជា​របស់​គ្រិស្ត។ ស្ដី​អំពី​អាដាម ប៉ូល​បាន​សរសេរ​ថា​៖ ​«​សេចក្ដី​ស្លាប់​គឺ​តាម​រយៈ​បុរស​ម្នាក់​»។ ពេល​អាដាម​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង គាត់​បាន​នាំ​ឲ្យ​ខ្លួន​ឯង និង​កូន​ចៅ​របស់​គាត់​អន្តរាយ។ យើង​នៅ​តែ​រង​ទុក្ខ​ពី​លទ្ធផល​ដ៏​ខ្លោច​ផ្សា​ដែល​មក​ពី​ការ​មិន​ស្ដាប់​បង្គាប់​របស់​គាត់។ ប៉ុន្តែ ដោយ​សារ​ព្រះ​បាន​ប្រោស​បុត្រ​របស់​លោក​ឲ្យ​រស់​ឡើង​វិញ យើង​អាច​មាន​អនាគត​ដ៏​ត្រចះ​ត្រចង់! ប៉ូល​ពន្យល់​ថា​៖ ​«​ការ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ក៏​តាម​រយៈ​បុរស​ម្នាក់​ដែរ​»​ពោល​គឺ​លោក​យេស៊ូ ​«​ព្រោះ​ដូច​ទាំង​អស់​គ្នា​កំពុង​ស្លាប់​ក្នុង​អាដាម នោះ​ទាំង​អស់​គ្នា​នឹង​ត្រូវ​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ​ក្នុង​គ្រិស្ត​»។—១កូ. ១៥:២១, ២២

១៤. តើ​អាដាម​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឬ​ទេ? សូម​ពន្យល់។

១៤ ពេល​ប៉ូល​និយាយ​ថា​៖ ​«​ទាំង​អស់​គ្នា​កំពុង​ស្លាប់​ក្នុង​អាដាម​»​ តើ​គាត់​ចង់​មាន​ន័យ​យ៉ាង​ណា? ប៉ូល​កំពុង​និយាយ​អំពី​មនុស្សជាតិ​ទាំង​អស់​ដែល​ទទួល​ភាព​ខុស​ឆ្គង​និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ពី​អាដាម ហើយ​ហេតុ​នេះ​ត្រូវ​ស្លាប់។ (​រ៉ូម ៥:១២​) អាដាម​មិន​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​«​នឹង​ត្រូវ​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ​»​ឡើយ។ ថ្លៃ​លោះ​របស់​គ្រិស្ត​មិន​គ្រប​បាំង​ការ​ខុស​ឆ្គង​របស់​គាត់​ទេ ព្រោះ​គាត់​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ដែល​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​ដោយ​ចេតនា។ លទ្ធផល​ដែល​អាដាម​ទទួល គឺ​ដូច​គ្នា​នឹង​អ្វី​ដែល​ត្រូវ​កើត​ឡើង​ចំពោះ​ពួក​អ្នក​ដែល​«​កូន​មនុស្ស​»​នឹង​វិនិច្ឆ័យ​ថា​ជា​«​ពពែ​»​ ពោល​គឺ​«​សេចក្ដី​ស្លាប់​ជា​រៀង​រហូត​»។—ម៉ាថ. ២៥:៣១​-​៣៣, ៤៦; ហេ. ៥:៩

លោក​យេស៊ូ​ជា​បុគ្គល​ដំបូង​ក្នុង​ចំណោម​បុគ្គល​ជា​ច្រើន​ដែល​ព្រះ​ប្រោស​ឲ្យ​មាន​ជីវិត​នៅ​ស្ថាន​សួគ៌ (​សូម​មើល​វគ្គ​១៥​-​១៦​) *

១៥. តើ​«​ទាំង​អស់​គ្នា​»​ដែល​«​នឹង​ត្រូវ​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ​»​រួម​មាន​អ្នក​ណា?

១៥ សូម​កត់​សម្គាល់​ពាក្យ​របស់​ប៉ូល​ដែល​ថា​៖ ​«​ទាំង​អស់​គ្នា​នឹង​ត្រូវ​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ​ក្នុង​គ្រិស្ត​»។ (​១កូ. ១៥:២២​) សំបុត្រ​របស់​ប៉ូល​បាន​ត្រូវ​សរសេរ​ចំពោះ​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​ដែល​បាន​ត្រូវ​រើស​តាំង ហើយ​ដែល​នឹង​ទទួល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌។ គ្រិស្ត​សាសនិក​ទាំង​នោះ​«​បាន​ត្រូវ​ញែក​ចេញ​ជា​បរិសុទ្ធ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ ក៏​បាន​ត្រូវ​ហៅ ដើម្បី​ឲ្យ​ធ្វើ​ជា​អ្នក​បរិសុទ្ធ​»។ ប៉ូល​ក៏​បាន​សរសេរ​អំពី​«​ពួក​អ្នក​ដែល​បាន​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​ក្នុង​គ្រិស្ត​»។ (​១កូ. ១:២; ១៥:១៨; ២កូ. ៥:១៧​) ក្នុង​សំបុត្រ​មួយ​ទៀត​ដែល​ប៉ូល​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ គាត់​រៀប​រាប់​ថា ពួក​អ្នក​ដែល​«​ស្លាប់​ដូច​លោក​[​យេស៊ូ​] . . . នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដូច​លោក​ដែរ​»។ (​រ៉ូម ៦:៣​-​៥​) លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ ហើយ​ឡើង​ទៅ​ស្ថាន​សួគ៌។ ដូច្នេះ នេះ​ជា​អ្វី​ដែល​នឹង​កើត​ឡើង​ដល់​អស់​អ្នក​ដែល​«​រួប​រួម​ជា​មួយ​នឹង​គ្រិស្ត​»​ ពោល​គឺ​គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​បាន​ត្រូវ​រើស​តាំង។

១៦. ពេល​ប៉ូល​ហៅ​លោក​យេស៊ូ​ថា​«​ជា​ផល​ដំបូង​»​ តើ​គាត់​ចង់​មាន​ន័យ​យ៉ាង​ណា?

១៦ ប៉ូល​បាន​សរសេរ​ថា គ្រិស្ត​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​«​ជា​ផល​ដំបូង​ពី​ចំណោម​ពួក​អ្នក​ដែល​បាន​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​»។ សូម​ចាំ​ថា​អ្នក​ផ្សេង​ទៀត​ដូច​ជា​ឡាសា បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​លើ​ផែនដី។ ប៉ុន្តែ លោក​យេស៊ូ​ជា​បុគ្គល​ដំបូង​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ ហើយ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ លោក​អាច​ប្រៀប​ដូច​ជា​ផល​ដំបូង​ពី​ការ​ប្រមូល​ផល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ជូន​ទៅ​ព្រះ។ បន្ថែម​ទៅ​ទៀត ដោយ​ហៅ​លោក​យេស៊ូ​ថា​«​ជា​ផល​ដំបូង​»​ ប៉ូល​បង្ហាញ​ថា​មាន​មនុស្ស​ឯ​ទៀត​ក្រោយ​លោក​យេស៊ូ​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ទៅ​ស្ថាន​សួគ៌។ ពួក​សាវ័ក​និង​អ្នក​ឯ​ទៀត​ដែល​«​រួប​រួម​ជា​មួយ​នឹង​គ្រិស្ត​»​នឹង​ទៅ​តាម​លោក​យេស៊ូ។ នៅ​ពេល​កំណត់ ពួក​គេ​ទទួល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ស្រដៀង​នឹង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​របស់​លោក​យេស៊ូ។

១៧. តើ​ពួក​អ្នក​ដែល​«​រួប​រួម​ជា​មួយ​នឹង​គ្រិស្ត​»​ទទួល​រង្វាន់​របស់​ពួក​គេ​នៅ​ស្ថាន​សួគ៌​នៅ​ពេល​ណា?

១៧ ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​សម្រាប់​ពួក​អ្នក​ដែល​«​រួប​រួម​ជា​មួយ​នឹង​គ្រិស្ត​»​ មិន​ទាន់​ចាប់​ផ្ដើម​កើត​ឡើង​នៅ​ពេល​ដែល​ប៉ូល​បាន​សរសេរ​សំបុត្រ​ទៅ​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​ទេ។ ផ្ទុយ​ទៅ​វិញ ប៉ូល​បង្ហាញ​ថា​នោះ​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត ដោយ​និយាយ​ថា​៖ ​«​ម្នាក់​ៗ​ត្រូវ​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ តាម​លំដាប់​របស់​ខ្លួន​គឺ គ្រិស្ត​ជា​ផល​ដំបូង បន្ទាប់​មក ក្នុង​អំឡុង​វត្តមាន​របស់​គ្រិស្ត ពួក​អ្នក​ដែល​ជា​របស់​លោក​នឹង​ត្រូវ​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ​»។ (​១កូ. ១៥:២៣; ១ថែ. ៤:១៥, ១៦​) សព្វ​ថ្ងៃ​នេះ យើង​កំពុង​រស់​នៅ​ក្នុង​អំឡុង​គ្រា​«​វត្តមាន​របស់​គ្រិស្ត​»​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​នោះ។ ពួក​សាវ័ក​និង​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ឯ​ទៀត​ដែល​បាន​ស្លាប់ ត្រូវ​តែ​រង់​ចាំ​រហូត​ដល់​វត្តមាន​របស់​គ្រិស្ត ដើម្បី​ទទួល​រង្វាន់​របស់​ពួក​គេ​នៅ​ស្ថាន​សួគ៌ ព្រម​ទាំង​ទទួល​ការ​‹ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដូច​លោក​យេស៊ូ​ដែរ ហើយ​មាន​ឯកភាព​ជា​មួយ​នឹង​លោក›។

អ្នក​មាន​សេចក្ដី​សង្ឃឹម​ដ៏​ពិត​ប្រាកដ!

១៨. (​ក​) ហេតុ​អ្វី​យើង​អាច​សន្និដ្ឋាន​ថា​នឹង​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មួយ​ទៀត បន្ទាប់​ពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌? (​ខ​) តើ​កូរិនថូស​ទី​១ ១៥:២៤​-​២៦​បង្រៀន​យ៉ាង​ណា​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ស្ថាន​សួគ៌?

១៨ ប៉ុន្តែ តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​ទាំង​អស់​ដែល​មិន​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌​ជា​មួយ​នឹង​គ្រិស្ត? ពួក​គេ​ក៏​មាន​សេចក្ដី​សង្ឃឹម​ទទួល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ។ គម្ពីរ​ចែង​ថា ប៉ូល​និង​អ្នក​ឯ​ទៀត​ដែល​ឡើង​ទៅ​ស្ថាន​សួគ៌ ​«​នៅ​ក្នុង​ចំណោម​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​»។ (​ភី. ៣:១១​) នេះ​បង្ហាញ​ថា​នឹង​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បន្ទាប់​មក​ទៀត មែន​ទេ? នេះ​សម​ស្រប​នឹង​អ្វី​ដែល​យ៉ូប​បាន​និយាយ​អំពី​អនាគត​របស់​គាត់។ (​យ៉ូប ១៤:១៥​) ​«​ក្នុង​អំឡុង​វត្តមាន​របស់​គ្រិស្ត ពួក​អ្នក​ដែល​ជា​របស់​លោក​»​នឹង​នៅ​ស្ថាន​សួគ៌​ជា​មួយ​លោក​យេស៊ូ ពេល​ដែល​លោក​បំផ្លាញ​ការ​គ្រប់​គ្រង អំណាច និង​ឫទ្ធានុភាព​ទាំង​អស់​ឲ្យ​សាប​សូន្យ។ សូម្បី​តែ​‹សត្រូវ​ចុង​ក្រោយ គឺ​សេចក្ដី​ស្លាប់›​ក៏​នឹង​ត្រូវ​បំផ្លាញ​ឲ្យ​សាប​សូន្យ​ដែរ។ អស់​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​នឹង​មិន​ស្លាប់​ទៀត​ទេ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​អ្នក​ឯ​ទៀត​វិញ?—សូម​អាន កូរិនថូស​ទី​១ ១៥:២៤​-​២៦

១៩. តើ​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​នៅ​ផែនដី​អាច​ទន្ទឹង​រង់​ចាំ​អ្វី?

១៩ តើ​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​នៅ​ផែនដី​អាច​ទន្ទឹង​រង់​ចាំ​អ្វី? ពួក​គេ​អាច​មាន​សេចក្ដី​សង្ឃឹម​ដែល​មាន​មូលដ្ឋាន​លើ​ពាក្យ​របស់​ប៉ូល។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម . . . ថា មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ (​សកម្ម. ២៤:១៥​) មនុស្ស​មិន​សុចរិត​ប្រាកដ​ជា​មិន​អាច​ទៅ​ស្ថាន​សួគ៌​បាន​ទេ ដូច្នេះ​ពាក្យ​នោះ​សំដៅ​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែនដី​នា​ពេល​អនាគត។

បើ​យើង​ជឿ​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ យើង​អាច​ទន្ទឹង​រង់​ចាំ​អនាគត​ដ៏​សប្បាយ​រីករាយ (​សូម​មើល​វគ្គ​២០​) *

២០. តើ​អ្នក​បាន​ទទួល​កម្លាំង​ចិត្ត​យ៉ាង​ណា​ពី​ការ​ពិគ្រោះ​អំពី​សេចក្ដី​សង្ឃឹម​របស់​អ្នក?

២០ គឺ​ច្បាស់​ណាស់ ​«​មនុស្ស . . . នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»​! ពួក​អ្នក​ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ​នៅ​ផែនដី​នឹង​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ទី​នោះ​ជា​រៀង​រហូត។ អ្នក​អាច​ជឿ​ថា​សេចក្ដី​សន្យា​នេះ​នឹង​ក្លាយ​ជា​ការ​ពិត។ សេចក្ដី​សង្ឃឹម​នោះ​អាច​សម្រាល​ទុក្ខ​អ្នក ពេល​អ្នក​គិត​អំពី​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​អ្នក​ដែល​បាន​ស្លាប់។ ពួក​គេ​អាច​ទទួល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្នុង​អំឡុង​ពេល​ដែល​គ្រិស្ត​និង​បុគ្គល​ឯ​ទៀត​«​នឹង​គ្រប់​គ្រង​ជា​ស្ដេច . . . អស់​មួយ​ពាន់​ឆ្នាំ​»។ (​បប. ២០:៦​) អ្នក​ក៏​អាច​មាន​ទំនុក​ចិត្ត​ថា បើ​អ្នក​ស្លាប់​មុន​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត​ចាប់​ផ្ដើម អ្នក​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ​«​សេចក្ដី​សង្ឃឹម​នោះ​មិន​នាំ​ឲ្យ​ខក​ចិត្ត​ឡើយ​»។ (​រ៉ូម ៥:៥​) សេចក្ដី​សង្ឃឹម​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មាំ​មួន​ឡើង​នៅ​ឥឡូវ​នេះ និង​កាន់​តែ​មាន​អំណរ​ក្នុង​ការ​បម្រើ​ព្រះ។ ប៉ុន្តែ​មាន​អ្វី​ថែម​ទៀត​ដែល​យើង​អាច​រៀន​ពី​កូរិនថូស​ទី​១ ជំពូក​១៥។ អត្ថបទ​បន្ទាប់​នឹង​បង្ហាញ​អំពី​អ្វី​ទាំង​នេះ។

ចម្រៀង​លេខ​១៤៧ ពាក្យ​សន្យា​អំពី​ជីវិត​គ្មាន​ទី​បញ្ចប់

^ វគ្គ 5 សៀវភៅ​កូរិនថូស​ទី​១ ជំពូក​១៥​ផ្ដោត​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ហេតុ​អ្វី​សេចក្ដី​បង្រៀន​នេះ​សំខាន់​ចំពោះ​យើង ហើយ​ហេតុ​អ្វី​យើង​អាច​មាន​ទំនុក​ចិត្ត​ថា​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? អត្ថបទ​នេះ​នឹង​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ និង​សំណួរ​សំខាន់​ឯ​ទៀត​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។

^ វគ្គ 56 ការ​ពណ៌នា​អំពី​រូប​ភាព: លោក​យេស៊ូ​ជា​បុគ្គល​ដំបូង​ដែល​បាន​ត្រូវ​យក​ទៅ​ស្ថាន​សួគ៌។ (​សកម្ម. ១:៩​) អ្នក​កាន់​តាម​លោក​ខ្លះ​ដែល​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌​រួម​មាន​ថូម៉ាស់ យ៉ាកុប លីឌា យ៉ូហាន ម៉ារៀ និង​ប៉ូល។

^ វគ្គ 58 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​ម្នាក់​បាន​បាត់​បង់​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​គាត់​ដែល​ធ្លាប់​បម្រើ​ជា​មួយ​គ្នា​អស់​រយៈ​ពេល​ជា​យូរ។ គាត់​មាន​ទំនុក​ចិត្ត​ថា​ប្រពន្ធ​គាត់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​គាត់​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់។