ចូរបំពេញភារកិច្ចរបស់អ្នកឲ្យអស់ពីចិត្ត!
តើអ្នកមានអារម្មណ៍យ៉ាងណា ពេលអ្នកទទួលសំបុត្រដ៏គួរឲ្យលើកទឹកចិត្តមួយពីមិត្តភក្ដិល្អ? ធីម៉ូថេដែលជាអ្នកកាន់តាមគ្រិស្តបានទទួលសំបុត្របែបនេះពីសាវ័កប៉ូល។ សព្វថ្ងៃនេះ យើងហៅសំបុត្រនោះថាធីម៉ូថេទី២។ ធីម៉ូថេច្បាស់ជាចង់រកកន្លែងស្ងាត់មួយ ដើម្បីអានអ្វីដែលមិត្តជាទីស្រឡាញ់របស់គាត់បានសរសេរ។ ធីម៉ូថេប្រហែលជាកំពុងគិតថា ‹តើប៉ូលសុខទុក្ខយ៉ាងណាដែរ? តើគាត់មានយោបល់អ្វីទេ ដើម្បីជួយខ្ញុំឲ្យបំពេញភារកិច្ចរបស់ខ្ញុំ? តើយោបល់របស់គាត់អាចជួយខ្ញុំឲ្យផ្សព្វផ្សាយនិងបង្រៀនអ្នកឯទៀតឲ្យបានប្រសើរជាងឬទេ?›។ យើងនឹងឃើញក្នុងអត្ថបទនេះថា ធីម៉ូថេបានទទួលចម្លើយចំពោះសំណួរទាំងនេះ និងអ្វីៗផ្សេងទៀតក្នុងសំបុត្រដ៏មានតម្លៃនេះ។ ឥឡូវសូមយើងពិចារណាយោបល់ខ្លះៗក្នុងសំបុត្រនេះ។
«ខ្ញុំបន្តស៊ូទ្រាំគ្រប់ការទាំងអស់»
ពេលធីម៉ូថេចាប់ផ្ដើមអានពាក្យផ្ដើមនៃសំបុត្រនោះ គាត់អាចយល់ភ្លាមៗថាប៉ូលពិតជាយកចិត្តទុកដាក់ចំពោះគាត់។ ប៉ូលបានហៅគាត់យ៉ាងកក់ក្ដៅថា៖ «កូនជាទីស្រឡាញ់»។ (២ធី. ១:២) ពេលធីម៉ូថេបានទទួលសំបុត្រនេះប្រហែលជានៅឆ្នាំ៦៥ គ.ស. គាត់ទំនងជាមានអាយុ៣០ឆ្នាំជាង ហើយជាអ្នកចាស់ទុំរួចហើយ។ គាត់ក៏បានរួមការងារជាមួយនឹងប៉ូលអស់ជាង១០ឆ្នាំ ហើយបានរៀនច្រើនពីប៉ូល។
ធីម៉ូថេច្បាស់ជាបានទទួលការលើកទឹកចិត្តយ៉ាងខ្លាំង ដោយដឹងថាប៉ូលកំពុងស៊ូទ្រាំយ៉ាងស្មោះត្រង់នឹងទុក្ខលំបាកដែលគាត់ជួបប្រទះ។ នៅពេលនោះ ប៉ូលជាប់ច្រវាក់នៅក្រុងរ៉ូម ហើយមិនយូរទៀតនឹងត្រូវគេសម្លាប់។ (២ធី. ១:១៥, ១៦; ៤:៦-៨) ធីម៉ូថេឃើញថាប៉ូលមានចិត្តក្លាហាន តាមរយៈពាក្យរបស់ប៉ូលដែលថា៖ «ខ្ញុំបន្តស៊ូទ្រាំគ្រប់ការទាំងអស់»។ (២ធី. ២:៨-១៣) ដូចធីម៉ូថេ ការស៊ូទ្រាំរបស់ប៉ូលអាចពង្រឹងកម្លាំងចិត្តយើង។
«ចូរធ្វើឲ្យអំណោយដែលអ្នកបានទទួល . . . មានសកម្មភាពជានិច្ច ដូចភ្លើងដែលឆេះសន្ធោសន្ធៅ»
ប៉ូលបានលើកទឹកចិត្តធីម៉ូថេឲ្យចាត់ទុកភារកិច្ចរបស់គាត់ក្នុងកិច្ចបម្រើព្រះជាអ្វីដ៏មានតម្លៃ។ ប៉ូលចង់ឲ្យធីម៉ូថេ‹ធ្វើឲ្យអំណោយដែលគាត់បានទទួលពីព្រះ មានសកម្មភាពជានិច្ច ដូចភ្លើងដែលឆេះសន្ធោសន្ធៅ›។ (២ធី. ១:៦) ក្នុងខនេះ ប៉ូលបានប្រើពាក្យមួយជាភាសាក្រិចថាខារិស្មា ដែលបានត្រូវបកប្រែថា«អំណោយ»។ ពាក្យភាសាក្រិចនេះ សំដៅលើអំណោយដែលយើងមិនសមនឹងទទួល ហើយដែលយើងបានទទួលដោយសារគុណដ៏វិសេសលើសលប់។ ធីម៉ូថេបានទទួលអំណោយនេះ ពេលគាត់បានត្រូវជ្រើសរើសឲ្យបម្រើក្រុមជំនុំតាមរបៀបដ៏ពិសេសមួយ។—១ធី. ៤:១៤
តើធីម៉ូថេគួរធ្វើអ្វីចំពោះអំណោយដែលគាត់បានទទួល? កាលដែលគាត់អានឃ្លាថា៖ «[ចូរ]មានសកម្មភាពជានិច្ច ដូចភ្លើងដែលឆេះសន្ធោសន្ធៅ» គាត់ប្រហែលជាគិតអំពីភ្លើងដែល
មនុស្សបង្កាត់នៅផ្ទះ ដែលជួនកាលចាប់ផ្ដើមរលត់ទៅជារងើកភ្លើង។ គេត្រូវកាយរងើកភ្លើងទាំងនោះ ដើម្បីឲ្យមានអណ្ដាតភ្លើងនិងឲ្យវាកាន់តែឆេះឡើង។ វចនានុក្រមមួយចែងថា កិរិយាស័ព្ទភាសាក្រិច(អាណាសូភីរីអូ)ដែលប៉ូលបានប្រើក្នុងខនោះមានន័យថា«បង្កាត់ភ្លើងឬបញ្ឆេះឡើងវិញ»។ ដូច្នេះនេះអាចមានអត្ថន័យថា«រំភើបចិត្តនិងខ្នះខ្នែងអំពីកិច្ចការណាមួយ»។ យ៉ាងនេះ ប៉ូលប្រាប់ធីម៉ូថេថា៖ ‹ចូរបំពេញភារកិច្ចរបស់អ្នកឲ្យអស់ពីចិត្ត!›។ សព្វថ្ងៃនេះ យើងក៏ត្រូវធ្វើដូចគ្នាដែរ គឺថាយើងត្រូវមានចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើរបស់យើង។«ចូររក្សាការពារបញ្ញើដ៏ល្អប្រសើរ»
ពេលធីម៉ូថេបន្តអានសំបុត្រនេះពីមិត្តជាទីស្រឡាញ់របស់គាត់ គាត់ឃើញឃ្លាមួយដែលអាចជួយគាត់ក្នុងកិច្ចបម្រើ។ ប៉ូលបានសរសេរថា៖ «ចូររក្សាការពារបញ្ញើដ៏ល្អប្រសើរនេះតាមរយៈសកម្មពលបរិសុទ្ធដែលស្ថិតនៅក្នុងយើង»។ (២ធី. ១:១៤) តើធីម៉ូថេបានទទួលបញ្ញើអ្វី? ក្នុងខមុននោះ ប៉ូលបានលើកឡើងអំពី«ពាក្យដែលមានប្រយោជន៍» ដែលជាសេចក្ដីពិតក្នុងបទគម្ពីរ។ (២ធី. ១:១៣) ដោយសារធីម៉ូថេជាអ្នកផ្សព្វផ្សាយ គាត់ត្រូវបង្រៀនសេចក្ដីពិតដល់បងប្អូនក្នុងក្រុមជំនុំនិងមនុស្សក្នុងតំបន់ផ្សាយ។ (២ធី. ៤:១-៥) ធីម៉ូថេថែមទាំងបានត្រូវតែងតាំងជាអ្នកចាស់ទុំ ដើម្បីឃ្វាលហ្វូងចៀមរបស់ព្រះ។ (១ពេ. ៥:២) ធីម៉ូថេអាចរក្សាការពារបញ្ញើដ៏មានតម្លៃដែលគាត់បានទទួល ពោលគឺសេចក្ដីពិតដែលគាត់បង្រៀន ដោយពឹងផ្អែកលើសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ានិងបណ្ដាំរបស់លោក។—២ធី. ៣:១៤-១៧
សព្វថ្ងៃនេះ យើងក៏បានទទួលបញ្ញើមួយ គឺសេចក្ដីពិតដែលយើងប្រកាសក្នុងកិច្ចបម្រើផ្សាយរបស់យើង។ (ម៉ាថ. ២៨:១៩, ២០) យើងចង់ចាំជានិច្ចថាសេចក្ដីពិតដែលយើងបង្រៀនគឺមានតម្លៃ ដូច្នេះយើងត្រូវបន្តអធិដ្ឋាននិងសិក្សាបណ្ដាំរបស់ព្រះជាទៀងទាត់។ (រ៉ូម ១២:១១, ១២; ១ធី. ៤:១៣, ១៥, ១៦) យើងក៏ប្រហែលជាមានភារកិច្ចជាអ្នកចាស់ទុំ ឬបម្រើក្នុងកិច្ចបម្រើពេញពេល។ បើយើងមានឯកសិទ្ធិនេះ យើងគួរមានចិត្តរាបទាប។ យើងក៏គួរពឹងផ្អែកលើជំនួយពីព្រះដើម្បីបំពេញភារកិច្ចរបស់យើង។ បើយើងធ្វើដូច្នេះ យើងនឹងបង្ហាញថាយើងពិតជាឲ្យតម្លៃចំពោះបញ្ញើដែលយើងបានទទួលពីព្រះ។
‹ចូរផ្ញើទុកអ្វីទាំងនេះនឹងបុរសស្មោះត្រង់›
ផ្នែកមួយនៃភារកិច្ចរបស់ធីម៉ូថេគឺបង្ហាត់បង្រៀនអ្នកឯទៀតឲ្យធ្វើកិច្ចការដែលគាត់កំពុងធ្វើ។ ហេតុនេះ ប៉ូលបានលើកទឹកចិត្តធីម៉ូថេថា៖ «សេចក្ដីដែលអ្នកបានឮពីខ្ញុំ . . . ចូរផ្ញើទុកនឹងបុរសស្មោះត្រង់ រួចពួកគាត់នឹងមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបង្រៀនសេចក្ដីនោះដល់អ្នកឯទៀត»។ (២ធី. ២:២) ប៉ូលរំលឹកធីម៉ូថេថា គាត់ត្រូវបង្រៀនអ្វីទាំងអស់ដែលគាត់ធ្លាប់រៀនដល់អ្នកឯទៀត។ នៅសព្វថ្ងៃនេះ គឺសំខាន់ដែលអ្នកត្រួតពិនិត្យទាំងអស់ក្នុងក្រុមជំនុំគ្រិស្តសាសនិកព្យាយាមធ្វើដូចនោះដែរ។ អ្នកត្រួតពិនិត្យល្អមិនលាក់ចំណេះរបស់គាត់អំពីកិច្ចការណាមួយទេ។ ផ្ទុយទៅវិញ គាត់បង្រៀនអ្នកឯទៀតដើម្បីឲ្យពួកគេអាចធ្វើកិច្ចការនោះបានដែរ។ គាត់មិនខ្លាចថា ពួកគេនឹងបំពេញភារកិច្ចនោះប្រសើរជាងគាត់ ដោយសារពួកគេមានចំណេះច្រើនជាង ឬមានសមត្ថភាពជាងគាត់នោះទេ។ ដូច្នេះ អ្នកត្រួតពិនិត្យមិនគ្រាន់តែបង្រៀនចំណុចបឋមៗអំពីកិច្ចការណាមួយទេ។ តែគាត់ចង់ជួយអ្នកដែលគាត់បង្រៀន បង្កើនសមត្ថភាពថ្លឹងថ្លែងនិងយល់ធ្លុះជ្រៅ ពោលគឺទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។ យ៉ាងនេះ បុរសស្មោះត្រង់ដែលគាត់បង្រៀននឹងជួយក្រុមជំនុំឲ្យបានច្រើនជាង។
ធីម៉ូថេទំនងជាចាត់ទុកថាសំបុត្រដ៏កក់ក្ដៅដែលគាត់ទទួលពីប៉ូលជាអ្វីដែលមានតម្លៃ។ យើងស្រួលស្រមៃឃើញថា គាត់អានយោបល់នោះម្ដងហើយម្ដងទៀត ហើយរំពឹងគិតអំពីរបៀបដែលគាត់អាចធ្វើតាមយោបល់នោះឲ្យបានល្អបំផុតក្នុងភារកិច្ចរបស់គាត់។
យើងក៏ចង់ធ្វើតាមយោបល់នេះផងដែរ។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? គឺដោយខំធ្វើឲ្យអំណោយដែលយើងបានទទួលមានសកម្មភាពជានិច្ច ដូចភ្លើងដែលឆេះសន្ធោសន្ធៅ ហើយរក្សាការពារបញ្ញើរបស់យើង និងបង្រៀនអ្នកឯទៀតដោយឥតលាក់លៀម។ យ៉ាងនេះ ដូចប៉ូលបានប្រាប់ធីម៉ូថេ យើងអាច«បំពេញកិច្ចបម្រើរបស់[យើង]គ្រប់ជំពូក»។—២ធី. ៤:៥