អត្ថបទសិក្សា ៥
«សេចក្ដីស្រឡាញ់របស់គ្រិស្តជំរុញចិត្តយើង»
«សេចក្ដីស្រឡាញ់របស់គ្រិស្តជំរុញចិត្តយើង . . . ដើម្បីឲ្យអ្នកដែលរស់ . . . មិនមែនរស់ដើម្បីខ្លួនឯងទៀតទេ»។—២កូ. ៥:១៤, ១៥
ចម្រៀងលេខ១៣ គ្រិស្តជាគំរូរបស់យើង
សេចក្ដីសង្ខេប a
១-២. (ក) តើយើងប្រហែលជាមានអារម្មណ៍យ៉ាងណាពេលរំពឹងគិតអំពីជីវិតនិងកិច្ចបម្រើរបស់លោកយេស៊ូ? (ខ) តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
ពេលយើងបាត់បង់បុគ្គលជាទីស្រឡាញ់ដោយសារស្លាប់ យើងនឹកគាត់ខ្លាំងណាស់។ ដំបូង យើងប្រហែលជាឈឺចិត្តយ៉ាងខ្លាំងពេលយើងគិតអំពីមួយរយៈពេលមុនដែលគាត់ស្លាប់ ជាពិសេសបើបុគ្គលជាទីស្រឡាញ់របស់យើងស្លាប់ទាំងឈឺចាប់។ ប៉ុន្តែមួយរយៈពេលក្រោយមក យើងអាចចាប់ផ្ដើមសប្បាយចិត្តឡើងវិញ ពេលយើងគិតអំពីអ្វីដែលគាត់បានបង្រៀនយើង និងអ្វីដែលគាត់និយាយឬធ្វើដើម្បីលើកទឹកចិត្តយើង ឬធ្វើឲ្យយើងញញឹម។
២ ស្រដៀងគ្នាដែរ ការអានអំពីការរងទុក្ខនិងការស្លាប់របស់លោកយេស៊ូធ្វើឲ្យយើងពិបាកចិត្ត។ ក្នុងអំឡុងរដូវពិធីរំលឹក ជាពិសេសយើងលៃទុកពេលដើម្បីរំពឹងគិតអំពីសារៈសំខាន់នៃគ្រឿងបូជាលោះរបស់លោក។ (១កូ. ១១:២៤, ២៥) ប៉ុន្តែ យើងមានអំណរពេលរំពឹងគិតអំពីអ្វីៗទាំងអស់ដែលលោកយេស៊ូបានមានប្រសាសន៍និងបានធ្វើ កាលដែលលោកនៅផែនដី។ យើងក៏ទទួលការលើកទឹកចិត្ត ពេលគិតអំពីអ្វីដែលលោកកំពុងធ្វើនៅឥឡូវនេះ និងអ្វីដែលលោកនឹងធ្វើចំពោះយើងនៅថ្ងៃអនាគត។ ការរំពឹងគិតអំពីអ្វីទាំងនេះនិងសេចក្ដីស្រឡាញ់របស់លោកចំពោះយើង អាចជំរុញចិត្តយើងឲ្យបង្ហាញចិត្តកតញ្ញូរបស់យើងតាមរបៀបផ្សេងៗដូចដែលយើងនឹងឃើញក្នុងអត្ថបទនេះ។
ចិត្តកតញ្ញូជំរុញចិត្តយើងឲ្យកាន់តាមលោកយេស៊ូ
៣. ហេតុអ្វីយើងមានចិត្តកតញ្ញូចំពោះថ្លៃលោះ?
៣ យើងមានចិត្តកតញ្ញូពេលរំពឹងគិតអំពីជីវិតនិងការស្លាប់របស់លោកយេស៊ូ។ កាលដែលលោកនៅផែនដី លោកបានបង្រៀនអំពីអ្វីល្អជាច្រើនដែលរាជាណាចក្រព្រះនឹងធ្វើ។ យើងឲ្យតម្លៃយ៉ាងខ្លាំងចំពោះសេចក្ដីពិតទាំងនេះអំពីរាជាណាចក្រ។ យើងមានចិត្តកតញ្ញូចំពោះថ្លៃលោះ ដោយសារនោះបើកឱកាសឲ្យយើងមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ានិងលោកយេស៊ូ។ ពួកអ្នកដែល បង្ហាញជំនឿលើលោកយេស៊ូ ក៏នឹងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនិងសេចក្ដីសង្ឃឹមជួបបុគ្គលជាទីស្រឡាញ់ដែលបានស្លាប់។ (យ៉ូន. ៥:២៨, ២៩; រ៉ូម ៦:២៣) យើងមិនបានធ្វើអ្វីដែលសមនឹងទទួលពរទាំងនេះទេ ហើយយើងក៏មិនអាចសងគុណព្រះនិងគ្រិស្តចំពោះអ្វីដែលលោកទាំងពីរបានធ្វើសម្រាប់យើងដែរ។ (រ៉ូម ៥:៨, ២០, ២១) ប៉ុន្តែ យើងអាចបង្ហាញលោកទាំងពីរអំពីចិត្តកតញ្ញូដ៏ជ្រាលជ្រៅរបស់យើងបាន។ តើតាមរបៀបណា?
៤. តើម៉ារៀម៉ាក់ដាឡេនបានបង្ហាញចិត្តកតញ្ញូយ៉ាងដូចម្ដេចចំពោះអ្វីដែលលោកយេស៊ូបានធ្វើសម្រាប់គាត់? (សូមមើលរូបភាព)
៤ សូមគិតអំពីគំរូរបស់ស្ត្រីជនជាតិយូដាម្នាក់ឈ្មោះម៉ារៀម៉ាក់ដាឡេន។ គាត់បានរងទុក្ខជាខ្លាំងដោយសារវិញ្ញាណកំណាច៧ធ្វើទុក្ខដល់គាត់។ គាត់ច្បាស់ជាមានអារម្មណ៍ថាគ្មានអ្នកណាអាចជួយគាត់បានទេ។ ដូច្នេះ សូមស្រមៃគិតថាគាត់មានអំណរគុណយ៉ាងណាទៅ ពេលលោកយេស៊ូបានរំដោះគាត់ឲ្យរួចពីឥទ្ធិពលនៃពួកវិញ្ញាណកំណាចទាំងនោះ! ចិត្តកតញ្ញូរបស់គាត់ជំរុញចិត្តគាត់ឲ្យទៅជាអ្នកកាន់តាមលោក ហើយប្រើពេលវេលា កម្លាំង និងធនធានរបស់គាត់ដើម្បីគាំទ្រលោកក្នុងកិច្ចបម្រើរបស់លោក។ (លូក. ៨:១-៣) ទោះជាម៉ារៀមានចិត្តកតញ្ញូយ៉ាងជ្រាលជ្រៅចំពោះអ្វីដែលលោកយេស៊ូបានធ្វើចំពោះគាត់ផ្ទាល់ក្ដី គាត់ប្រហែលជាមិនបានយល់ថាលោកយេស៊ូនឹងធ្វើលើសពីនេះចំពោះគាត់នៅថ្ងៃអនាគតទេ។ លោកនឹងឲ្យជីវិតរបស់លោកជាប្រយោជន៍ដល់មនុស្សជាតិ ‹ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើលោក អាចមានជីវិតដែលគ្មានទីបញ្ចប់›។ (យ៉ូន. ៣:១៦) ម៉ារៀបានបង្ហាញចិត្តកតញ្ញូរបស់គាត់ចំពោះលោកយេស៊ូដោយចិត្តស្មោះភក្ដី។ កាលដែលលោកយេស៊ូរងទុក្ខនៅលើបង្គោលទារុណកម្ម ម៉ារៀបានឈរមិនឆ្ងាយពីលោក ដោយសារគាត់យកចិត្តទុកដាក់ចំពោះលោក ហើយចង់សម្រាលទុក្ខអ្នកឯទៀតដែលនៅទីនោះ។ (យ៉ូន. ១៩:២៥) ក្រោយពីលោកយេស៊ូស្លាប់ ម៉ារៀនិងស្ត្រីពីរនាក់ទៀតបានយកគ្រឿងក្រអូបទៅទីបញ្ចុះសពដើម្បីលាបសពរបស់លោក។ (ម៉ាក. ១៦:១, ២) ព្រះយេហូវ៉ាបានឲ្យរង្វាន់ដ៏ធំដល់ម៉ារៀ ដោយសារគាត់មានភក្ដីភាពចំពោះលោកយេស៊ូ។ រង្វាន់នោះគឺថាគាត់មានអំណរពីការជួបលោកយេស៊ូដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនិងពីការនិយាយជាមួយលោក។ នេះជាឯកសិទ្ធិមួយដែលពួកអ្នកកាន់តាមលោកភាគច្រើនមិនមាន។—យ៉ូន. ២០:១១-១៨
៥. តើយើងអាចបង្ហាញចិត្តកតញ្ញូរបស់យើងចំពោះអ្វីទាំងអស់ដែលព្រះយេហូវ៉ានិងលោកយេស៊ូបានធ្វើសម្រាប់យើងយ៉ាងដូចម្ដេច?
៥ យើងក៏អាចបង្ហាញចិត្តកតញ្ញូរបស់យើងចំពោះអ្វីទាំងអស់ដែលព្រះយេហូវ៉ានិងលោកយេស៊ូបានធ្វើសម្រាប់យើងដោយប្រើពេលវេលា កម្លាំង និងធនធានរបស់យើងដើម្បីកិច្ចការរាជាណាចក្រ។ ជាឧទាហរណ៍ យើងអាចជួយសាងសង់អគារដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ា ព្រមទាំងជួយជួសជុលនិងថែទាំអគារទាំងនោះ។
សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងលោកយេស៊ូជំរុញចិត្តយើងឲ្យស្រឡាញ់អ្នកឯទៀត
៦. ហេតុអ្វីយើងអាចនិយាយថាថ្លៃលោះគឺជាអំណោយសម្រាប់យើងម្នាក់ៗ?
៦ ពេលយើងគិតអំពីសេចក្ដីស្រឡាញ់ដ៏ធំធេងដែលព្រះយេហូវ៉ានិងលោកយេស៊ូមានចំពោះយើង នោះជំរុញចិត្តយើងឲ្យស្រឡាញ់លោកទាំងពីរវិញ។ (១យ៉ូន. ៤:១០, ១៩) សេចក្ដីស្រឡាញ់របស់យើងចំពោះលោកទាំងពីរកាន់តែខ្លាំងឡើង ពេលដែលយើងយល់ថាលោកយេស៊ូបានស្លាប់ដើម្បីយើងផ្ទាល់។ សាវ័កប៉ូលបានទទួលស្គាល់ចំណុចនេះ ហើយបានបង្ហាញចិត្តកតញ្ញូរបស់គាត់ពេលគាត់បានសរសេរទៅគ្រិស្តសាសនិកនៅខេត្តកាឡាទីថា៖ ‹បុត្ររបស់ព្រះបានស្រឡាញ់ខ្ញុំ និងបានបូជាជីវិតដើម្បីខ្ញុំ›។ (កាឡ. ២:២០) ដោយមានមូលដ្ឋានលើថ្លៃលោះ ព្រះយេហូវ៉ាបានទាញនាំអ្នកមកឯលោកដើម្បីអ្នកអាចធ្វើជាមិត្តសម្លាញ់របស់លោក។ (យ៉ូន. ៦:៤៤) តើអ្នកមានអារម្មណ៍កក់ក្ដៅឬទេ ដែលដឹងថាព្រះយេហូវ៉ាបានឃើញអ្វីល្អក្នុងចិត្តអ្នក ហើយថាលោកបានបង់តម្លៃខ្ពស់បំផុតដើម្បីអ្នកអាចរាប់ជាមិត្តសម្លាញ់របស់លោក? នេះធ្វើឲ្យអ្នកមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងចំពោះព្រះយេហូវ៉ានិងលោកយេស៊ូ មែនទេ? ដូច្នេះ យើងគួរសួរខ្លួនយើងថា ‹តើសេចក្ដីស្រឡាញ់នោះនឹងជំរុញចិត្តខ្ញុំឲ្យធ្វើអ្វី?›។
៧. ដូចបានឃើញក្នុងរូបភាព តើយើងទាំងអស់គ្នាអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងលោកយេស៊ូតាមរបៀបណា? (កូរិនថូសទី២ ៥:១៤, ១៥; ៦:១, ២)
៧ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះនិងគ្រិស្តជំរុញចិត្តយើងឲ្យបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀត។ (សូមអាន កូរិនថូសទី២ ៥:១៤, ១៥; ៦:១, ២) របៀបមួយដែលយើងបង្ហាញសេចក្ដីស្រឡាញ់ គឺដោយផ្សព្វផ្សាយ យ៉ាងខ្នះខ្នែង។ យើងនិយាយជាមួយមនុស្សទាំងអស់ដែលយើងជួប។ យើងមិនរើសមុខអ្នកណាម្នាក់ដោយសារគាត់មកពីជាតិសាសន៍ផ្សេងនោះទេ។ យើងផ្សព្វផ្សាយដល់មនុស្សទាំងអស់ មិនថាពួកគេជាអ្នកមានដែលបានទទួលការអប់រំខ្ពស់ ឬអ្នកក្រដែលមិនបានរៀនសូត្រក្ដី។ តាមរបៀបនេះ យើងកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាដែលឲ្យ«មនុស្សគ្រប់ប្រភេទទទួលសេចក្ដីសង្គ្រោះ និងមានចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»។—១ធី. ២:៤
៨. តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនយើងយ៉ាងដូចម្ដេច?
៨ យើងក៏បង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះនិងគ្រិស្តដោយបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនយើង។ (១យ៉ូន. ៤:២១) យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្វីដែលពួកគេត្រូវការ ហើយយើងជួយពួកគេក្នុងអំឡុងពេលពួកគេមានទុក្ខលំបាក។ យើងសម្រាលទុក្ខពួកគេពេលដែលពួកគេបានបាត់បង់បុគ្គលជាទីស្រឡាញ់ សួរសុខទុក្ខពួកគេពេលដែលពួកគេឈឺ ហើយខំអស់ពីសមត្ថភាពដើម្បីលើកទឹកចិត្តពួកគេពេលដែលពួកគេធ្លាក់ទឹកចិត្ត។ (២កូ. ១:៣-៧; ១ថែ. ៥:១១, ១៤) យើងបន្តអធិដ្ឋានឲ្យពួកគេដោយចាំថា«សេចក្ដីអធិដ្ឋានអង្វររបស់មនុស្សសុចរិតមានប្រសិទ្ធភាពខ្លាំងណាស់»។—យ៉ា. ៥:១៦
៩. តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនយើងតាមរបៀបណាទៀត?
៩ យើងក៏បង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនរបស់យើងដោយខំព្យាយាមរក្សាសន្តិភាពជាមួយពួកគេ។ យើងព្យាយាមធ្វើតាមគំរូរបស់ព្រះយេហូវ៉ាអំពីការអភ័យទោស។ បើព្រះយេហូវ៉ាសុខចិត្តឲ្យបុត្ររបស់លោកស្លាប់ដើម្បីការខុសឆ្គងរបស់យើង យើងក៏គួរសុខចិត្តអភ័យទោសឲ្យបងប្អូនយើងពេលដែលពួកគេធ្វើខុសនឹងយើងដែរ មែនទេ? យើងមិនចង់ធ្វើដូចខ្ញុំបម្រើទុច្ចរិតដែលនៅក្នុងឧទាហរណ៍មួយរបស់លោកយេស៊ូទេ។ សូម្បីតែក្រោយពីម្ចាស់របស់គាត់បានលុបបំណុលដ៏ច្រើនរបស់គាត់ ក៏គាត់មិនព្រមលុបបំណុលដែលតិចជាងរបស់ខ្ញុំបម្រើម្នាក់ទៀតឡើយ។ (ម៉ាថ. ១៨:២៣-៣៥) បើអ្នកមានការយល់ច្រឡំជាមួយនឹងបុគ្គលណាម្នាក់ក្នុងក្រុមជំនុំ តើអ្នកអាចចាត់វិធានការទៅរកជានឹងគាត់មុនចូលរួមពិធីរំលឹកឬទេ? (ម៉ាថ. ៥:២៣, ២៤) បើអ្នកធ្វើដូច្នេះ អ្នកបង្ហាញថាអ្នកមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះយេហូវ៉ានិងលោកយេស៊ូ។
១០-១១. តើពួកអ្នកចាស់ទុំអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងលោកយេស៊ូតាមរបៀបណា? (ពេត្រុសទី១ ៥:១, ២)
១០ តើពួកអ្នកចាស់ទុំអាចបង្ហាញយ៉ាងណាថាពួកគេស្រឡាញ់ព្រះយេហូវ៉ានិងលោកយេស៊ូ? របៀបដ៏សំខាន់មួយគឺដោយយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការរបស់ចៀមលោកយេស៊ូ។ (សូមអាន ពេត្រុសទី១ ៥:១, ២) លោកយេស៊ូបានលើកបញ្ជាក់យ៉ាងច្បាស់អំពីចំណុចនេះទៅកាន់សាវ័កពេត្រុស។ ក្រោយពីពេត្រុសបានបដិសេធលោកយេស៊ូបីដង គាត់ទំនងជាចង់បង្ហាញថាគាត់ស្រឡាញ់លោកយេស៊ូខ្លាំងប៉ុនណា។ បន្ទាប់ពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានសួរពេត្រុសថា៖ «ស៊ីម៉ូន កូនយ៉ូហាន តើអ្នកស្រឡាញ់ខ្ញុំទេ?»។ យើងអាចប្រាកដថាពេត្រុសសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះម្ចាស់របស់គាត់។ លោកយេស៊ូបានប្រាប់ពេត្រុសថា៖ «ចូរឃ្វាលចៀមតូចៗរបស់ខ្ញុំ»។ (យ៉ូន. ២១:១៥-១៧) ពេញមួយជីវិតរបស់ពេត្រុស គាត់បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះចៀមរបស់លោកម្ចាស់ ហើយនេះបង្ហាញថាគាត់ស្រឡាញ់លោកយេស៊ូ។
១១ ពួកអ្នកចាស់ទុំ ក្នុងអំឡុងរដូវពិធីរំលឹក តើអ្នកអាចបង្ហាញយ៉ាងណាថាប្រសាសន៍របស់លោកយេស៊ូទៅកាន់ពេត្រុសគឺសំខាន់ចំពោះអ្នក? អ្នកអាចបង្ហាញថាអ្នកស្រឡាញ់ព្រះយេហូវ៉ានិងលោកយេស៊ូខ្លាំងប៉ុនណា ដោយលៃទុកពេលជាទៀងទាត់ដើម្បីលើកទឹកចិត្តបងប្អូន និងដោយខំធ្វើកាន់តែច្រើនថែមទៀតដើម្បីជួយពួកអ្នកអសកម្មឲ្យត្រឡប់មកព្រះយេហូវ៉ាវិញ។ (អេគ. ៣៤:១១, ១២) អ្នកក៏អាចសួរសុខទុក្ខសិស្សគម្ពីរនិងអ្នកថ្មីដែលចូលរួមពិធីរំលឹកដែរ។ យើងចង់ធ្វើឲ្យពួកគេមានអារម្មណ៍ថាពួកគេបានត្រូវទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ដោយសារយើងសង្ឃឹមថានៅថ្ងៃខាងមុខ ពួកគេក៏នឹងក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូដែរ។
សេចក្ដីស្រឡាញ់ចំពោះគ្រិស្តជំរុញចិត្តយើងឲ្យមានចិត្តក្លាហាន
១២. ហេតុអ្វីការគិតអំពីប្រសាសន៍របស់លោកយេស៊ូនៅយប់មុនលោកស្លាប់ធ្វើឲ្យយើងមានចិត្តក្លាហាន? (យ៉ូហាន ១៦:៣២, ៣៣)
១២ នៅយប់មុនលោកយេស៊ូស្លាប់ លោកបានប្រាប់ពួកអ្នកកាន់តាមថា៖ «ក្នុងពិភពលោក អ្នករាល់គ្នានឹងមានសេចក្ដីវេទនា ប៉ុន្តែចូរមានចិត្តក្លាហានឡើង! ខ្ញុំបានឈ្នះពិភពលោកហើយ»។ (សូមអាន យ៉ូហាន ១៦:៣២, ៣៣) តើអ្វីបានជួយលោកយេស៊ូឲ្យប្រឈមមុខនឹងសត្រូវរបស់លោកដោយចិត្តក្លាហាន ហើយរក្សាចិត្តស្មោះត្រង់រហូតដល់ស្លាប់? គឺថាលោកបានពឹងផ្អែកព្រះយេហូវ៉ា។ ដោយសារលោកយេស៊ូដឹងថាពួកអ្នកកាន់តាមលោកនឹងប្រឈមមុខនឹងការល្បងលស្រដៀងគ្នា លោកបានសុំព្រះយេហូវ៉ាឲ្យការពារពួកគេ។ (យ៉ូន. ១៧:១១) ហេតុអ្វីនេះធ្វើឲ្យយើងមានចិត្តក្លាហាន? ពីព្រោះព្រះយេហូវ៉ាខ្លាំងជាងសត្រូវណាទាំងអស់របស់យើង។ (១យ៉ូន. ៤:៤) លោកឃើញអ្វីៗទាំងអស់។ យើងជឿជាក់ថាបើយើងពឹងផ្អែកព្រះយេហូវ៉ា យើងអាចយកឈ្នះការភ័យខ្លាចរបស់យើង ហើយបង្ហាញចិត្តក្លាហាន។
១៣. តើយ៉ូសែបពីក្រុងអារីម៉ាថេបានបង្ហាញចិត្តក្លាហានយ៉ាងដូចម្ដេច?
១៣ សូមគិតអំពីគំរូរបស់យ៉ូសែបពីក្រុងអារីម៉ាថេ។ គាត់បានទទួលការគោរពយ៉ាងជ្រាលជ្រៅពីបណ្ដាជនយូដា។ គាត់ជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ដែលជាតុលាជាន់ខ្ពស់នៃជនជាតិយូដា។ ប៉ុន្តែ ក្នុងអំឡុងពេលដែលលោកយេស៊ូផ្សព្វផ្សាយនៅផែនដី យ៉ូសែបមិនមានចិត្តក្លាហានទាល់តែសោះ។ យ៉ូហានប្រាប់ថា៖ «គាត់ជាអ្នកកាន់តាមម្នាក់របស់លោកយេស៊ូ ប៉ុន្តែគាត់កាន់តាមលោកដោយសម្ងាត់ ដោយសារខ្លាចជនជាតិយូដា»។ (យ៉ូន. ១៩:៣៨) ទោះជាយ៉ូសែបចាប់អារម្មណ៍នឹងដំណឹងអំពីរាជាណាចក្រព្រះក្ដី គាត់បានលាក់អ្នកឯទៀតថាគាត់មានជំនឿលើលោកយេស៊ូ។ គាត់ច្បាស់ជាខ្លាចថា បើបណ្ដាជនដឹងថាគាត់ជាអ្នកកាន់តាមម្នាក់របស់លោកយេស៊ូ ពួកគេនឹងលែងគោរពគាត់ទៀត។ ប៉ុន្តែ គម្ពីរប្រាប់យើងថាក្រោយពីលោកយេស៊ូបានស្លាប់ យ៉ូសែប«បានតាំងចិត្តក្លាហានទៅជួបពីឡាត ហើយសុំយកសពរបស់លោកយេស៊ូ»។ (ម៉ាក. ១៥:៤២, ៤៣) យ៉ូសែបលែងលាក់ទៀតថាគាត់ជាអ្នកកាន់តាមម្នាក់របស់លោកយេស៊ូ។
១៤. តើអ្នកគួរធ្វើអ្វីបើអ្នកខ្លាចមនុស្ស?
១៤ តើអ្នកធ្លាប់ខ្លាចមនុស្សដូចយ៉ូសែបឬទេ? នៅសាលាឬនៅកន្លែងធ្វើការ ជួនកាលតើអ្នកមានអារម្មណ៍អៀនខ្មាសក្នុងការប្រាប់អ្នកឯទៀតថាអ្នកជាសាក្សីព្រះយេហូវ៉ាឬ? តើអ្នកស្ទាក់ស្ទើរចាប់ផ្ដើមធ្វើជាអ្នកផ្សព្វផ្សាយឬទទួលការជ្រមុជទឹក ដោយសារអ្នកបារម្ភអំពីអ្វីដែលអ្នកឯទៀតនឹងគិតអំពីអ្នកឬទេ? សូមកុំឲ្យអារម្មណ៍បែបនេះបញ្ឈប់អ្នកពីការធ្វើអ្វីដែលអ្នកដឹងថាគឺត្រឹមត្រូវឡើយ។ សូមអធិដ្ឋានយ៉ាងស្មោះទៅព្រះយេហូវ៉ា។ សូមសុំលោកឲ្យផ្ដល់ចិត្តក្លាហានដល់អ្នកដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក។ កាលដែលអ្នកឃើញរបៀបដែលព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់អ្នក អ្នកនឹងកាន់តែមាំមួនឡើង ហើយមានចិត្តក្លាហានជាង។—អេ. ៤១:១០, ១៣
អំណរជំរុញចិត្តយើងឲ្យបម្រើព្រះយេហូវ៉ាឥតឈប់
១៥. ក្រោយពីលោកយេស៊ូបានលេចមកជួបពួកអ្នកកាន់តាមលោក តើអំណររបស់ពួកគេបានជំរុញចិត្តពួកគេឲ្យធ្វើអ្វី? (លូកា ២៤:៥២, ៥៣)
១៥ ពួកអ្នកកាន់តាមលោកយេស៊ូបានកើតទុក្ខជាខ្លាំងនៅពេលលោកស្លាប់។ សូមស្រមៃគិតថា ខ្លួនអ្នកស្ថិតក្នុងស្ថានភាពរបស់ពួកគេ។ ពួកគេមិនគ្រាន់តែបាត់បង់មិត្តសម្លាញ់របស់ពួកគេប៉ុណ្ណោះទេ តែពួកគេក៏មានអារម្មណ៍អស់សង្ឃឹមដែរ។ (លូក. ២៤:១៧-២១) ប៉ុន្តែ ពេលលោកយេស៊ូបានលេចមកជួបពួកគេ លោកបានលៃទុកពេលដើម្បីជួយពួកគេឲ្យយល់អំពីតួនាទីរបស់លោកក្នុងការសម្រេចទំនាយគម្ពីរ។ លោកក៏បានឲ្យពួកគេធ្វើកិច្ចការដ៏សំខាន់។ (លូក. ២៤:២៦, ២៧, ៤៥-៤៨) សែសិបថ្ងៃក្រោយពីលោកយេស៊ូបានឡើងទៅស្ថានសួគ៌ ទុក្ខសោករបស់ពួកអ្នកកាន់តាមបានទៅជាអំណរវិញ។ ហេតុអ្វី? ដោយសារពួកគេដឹងថាលោកយេស៊ូនៅរស់ ហើយលោកនឹងជួយពួកគេឲ្យបំពេញកិច្ចការដែលលោកបានផ្ដល់ឲ្យពួកគេ។ អំណររបស់ពួកគេបានជំរុញចិត្តពួកគេឲ្យសរសើរតម្កើងព្រះយេហូវ៉ាឥតឈប់។—សូមអាន លូកា ២៤:៥២, ៥៣; សកម្ម. ៥:៤២
១៦. តើយើងអាចយកតម្រាប់ពួកអ្នកកាន់តាមលោកយេស៊ូយ៉ាងដូចម្ដេច?
១៦ តើយើងអាចយកតម្រាប់ពួកអ្នកកាន់តាមលោកយេស៊ូយ៉ាងដូចម្ដេច? យើងអាចមានអំណរក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ាមិនគ្រាន់តែក្នុងអំឡុងរដូវពិធីរំលឹកប៉ុណ្ណោះទេ ប៉ុន្តែពេញមួយឆ្នាំ។ នេះតម្រូវឲ្យយើងចាត់ទុករាជាណាចក្រព្រះថាសំខាន់បំផុតក្នុងជីវិតយើង។ ជាឧទាហរណ៍ បងប្អូនជាច្រើនបានផ្លាស់ប្ដូរកាលវិភាគការងារ ដើម្បីពួកគេអាចរួមចំណែកក្នុងកិច្ចបម្រើផ្សាយ ចូលរួមកិច្ចប្រជុំ និងគោរពប្រណិប័តន៍ជាក្រុមគ្រួសារជាទៀងទាត់។ បងប្អូនខ្លះបានសម្រេចចិត្តមិនស្វែងរកទ្រព្យសម្បត្តិដែលអ្នកឯទៀតគិតថាសំខាន់ចាំបាច់ ដើម្បីពួកគេអាចបម្រើច្រើនជាងក្នុងក្រុមជំនុំ ឬដើម្បីពួកគេអាចបម្រើនៅកន្លែងដែលត្រូវការអ្នកផ្សព្វផ្សាយអំពីរាជាណាចក្រច្រើនជាង។ ទោះជាយើងត្រូវស៊ូទ្រាំដើម្បីបន្តបម្រើព្រះយេហូវ៉ាក្ដី លោកសន្យាថាលោកនឹងឲ្យពរជាច្រើនដល់យើង បើយើងចាត់ទុករាជាណាចក្រថាសំខាន់បំផុតក្នុងជីវិតយើង។—សុភ. ១០:២២; ម៉ាថ. ៦:៣២, ៣៣
១៧. តើអ្នកតាំងចិត្តធ្វើអ្វីក្នុងអំឡុងរដូវពិធីរំលឹកនេះ? (សូមមើលរូបភាព)
១៧ យើងទន្ទឹងរង់ចាំពិធីរំលឹកមរណភាពរបស់លោកយេស៊ូនៅថ្ងៃអង្គារទី៤ ខែមេសា។ ក៏ប៉ុន្តែ យើងមិនចាំបាច់រង់ចាំរហូតដល់ពេលនោះ ទើបគិតអំពីជីវិតនិងការស្លាប់របស់លោកយេស៊ូ ព្រមទាំងអំពីសេចក្ដីស្រឡាញ់ដែលលោកនិងព្រះយេហូវ៉ាបានបង្ហាញចំពោះយើងនោះទេ។ សូមឆ្លៀតគ្រប់ឱកាសដើម្បីគិតអំពីអ្វីទាំងនេះក្នុងអំឡុងរដូវពិធីរំលឹកទាំងមូល។ ជាឧទាហរណ៍ សូមលៃទុកពេលអាននិងរំពឹងគិតអំពីតារាងព្រឹត្តិការណ៍នៃ«សប្ដាហ៍ចុងក្រោយដែលលោកយេស៊ូនៅផែនដី»ក្នុងសេចក្ដីពន្យល់បន្ថែម ផ្នែកខ១២នៃសេចក្ដីបកប្រែពិភពលោកថ្មី។ កាលដែលអ្នកធ្វើដូច្នេះ សូមរកមើលព័ត៌មានក្នុងគម្ពីរដែលអាចបង្កើនចិត្តកតញ្ញូ សេចក្ដីស្រឡាញ់ ចិត្តក្លាហាន និងអំណររបស់អ្នក។ រួចមក សូមព្យាយាមគិតអំពីរបៀបផ្សេងៗដែលអ្នកអាចបង្ហាញចិត្តកតញ្ញូដ៏ស្មោះរបស់អ្នក។ អ្នកអាចប្រាកដថាលោកយេស៊ូនឹងឲ្យតម្លៃចំពោះការខំប្រឹងរបស់អ្នកដើម្បីនឹកចាំអំពីលោកក្នុងអំឡុងរដូវពិធីរំលឹកនេះ។—បប. ២:១៩
ចម្រៀងលេខ១៧ ចូរបង្ហាញចិត្តមេត្តាដូចគ្រិស្ត
a ក្នុងអំឡុងរដូវពិធីរំលឹក យើងបានត្រូវលើកទឹកចិត្តឲ្យរំពឹងគិតអំពីជីវិតនិងការស្លាប់របស់លោកយេស៊ូ ព្រមទាំងអំពីសេចក្ដីស្រឡាញ់ដែលលោកនិងបិតាលោកបានបង្ហាញចំពោះយើង។ ការធ្វើដូច្នេះ អាចជំរុញចិត្តយើងឲ្យមានការប្រព្រឹត្ត។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបផ្សេងៗដែលយើងអាចបង្ហាញចិត្តកតញ្ញូរបស់យើងចំពោះថ្លៃលោះ ហើយបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ានិងលោកយេស៊ូ។ យើងក៏នឹងរៀនអំពីរបៀបដែលនោះអាចជំរុញចិត្តយើងឲ្យស្រឡាញ់បងប្អូន បង្ហាញចិត្តក្លាហាន និងមានអំណរក្នុងកិច្ចបម្រើរបស់យើង។