លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤៩

មេរៀនពីច្បាប់លេវីអំពីរបៀបប្រព្រឹត្តចំពោះអ្នកឯទៀត

មេរៀនពីច្បាប់លេវីអំពីរបៀបប្រព្រឹត្តចំពោះអ្នកឯទៀត

​«​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​អ្នក​ឯ​ទៀត​ដូច​ខ្លួន​ឯង​»។—ចល. ១៩:១៨

ចម្រៀង​លេខ​១០៩ ចូរ​ស្រឡាញ់​គ្នា​ឲ្យ​ខ្លាំង​ដោយ​ស្មោះ​ពី​ចិត្ត

សេចក្ដី​សង្ខេប *

១​-​២. តើ​យើង​បាន​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​មុន ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

នៅ​ក្នុង​អត្ថបទ​មុន យើង​បាន​រៀន​មេ​រៀន​ជា​ច្រើន​ពី​ច្បាប់​លេវី ជំពូក⁠១៩។ ជា​ឧទាហរណ៍ នៅ​ខ​៣​ព្រះ​យេហូវ៉ា​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​គោរព​ឪពុក​ម្ដាយ។ យើង​បាន​រៀន​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​យោបល់​នោះ​នៅ​សព្វ​ថ្ងៃ​នេះ ដោយ​ផ្គត់​ផ្គង់​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ លើក​ទឹក​ចិត្ត និង​សម្រាល​ទុក្ខ​ពួក​គេ ព្រម​ទាំង​ជួយ​ពួក​គេ​ឲ្យ​រក្សា​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។ នៅ​ខ​ដដែល​នោះ ក៏​ប្រាប់​រាស្ត្រ​ព្រះ​អំពី​សារៈ​សំខាន់​នៃ​ការ​កាន់​តាម​ថ្ងៃ​ឈប់​សម្រាក។ យើង​បាន​រៀន​ថា ទោះ​ជា​យើង​មិន​កាន់​តាម​ច្បាប់​អំពី​ថ្ងៃ​ឈប់​សម្រាក​ក្ដី យើង​អាច​ធ្វើ​តាម​គោល​ការណ៍​នោះ​ដោយ​លៃ​ទុក​ពេល​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ។ ដោយ​ធ្វើ​ដូច្នេះ យើង​បង្ហាញ​ថា​យើង​ព្យាយាម​ទៅ​ជា​មនុស្ស​បរិសុទ្ធ ដូច​ច្បាប់​លេវី ១៩:២ និង​ពេត្រុស​ទី​១ ១:១៥​ប្រាប់​យើង​ឲ្យ​ធ្វើ។

ក្នុង​អត្ថបទ​នេះ យើង​នឹង​បន្ត​ពិចារណា​ច្បាប់​លេវី ជំពូក⁠១៩។ តើ​យើង​អាច​រៀន​អ្វី​ពី​ជំពូក​នេះ​អំពី​ការ​ចេះ​គិត​ដល់​ពួក​អ្នក​ដែល​មាន​បញ្ហា​សុខភាព ការ​ធ្វើ​ជា​មនុស្ស​ស្មោះ​ត្រង់​ពេល​រក​ស៊ី និង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត? យើង​ចង់​ធ្វើ​ជា​មនុស្ស​បរិសុទ្ធ​ដូច​ព្រះ​ដ៏​បរិសុទ្ធ​របស់​យើង ដូច្នេះ​សូម​ឲ្យ​យើង​គិត​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​រៀន។

ចូរ​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​ពួក​អ្នក​ដែល​មាន​បញ្ហា​សុខភាព

តើ​ច្បាប់​លេវី ១៩:១៤ លើក​ទឹក​ចិត្ត​យើង​ឲ្យ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​មនុស្ស​ថ្លង់​ឬ​មនុស្ស​ងងឹត​ភ្នែក? (​សូម​មើល​វគ្គ​៣​-​៥​) *

៣​-​៤. យោង​ទៅ​តាម​ច្បាប់​លេវី ១៩:១៤ តើ​អ្នក​បម្រើ​ព្រះ​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​មនុស្ស​ថ្លង់​និង​មនុស្ស​ងងឹត​ភ្នែក?

សូម​អាន ច្បាប់​លេវី ១៩:១៤ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​រាស្ត្រ​របស់​លោក​បង្ហាញ​សេចក្ដី​សប្បុរស​ដល់​មនុស្ស​ពិការ។ ជា​ឧទាហរណ៍ ជន​ជាតិ​អ៊ីស្រាអែល​មិន​ត្រូវ​ជេរ​ប្រមាថ​មនុស្ស​ថ្លង់​ទេ។ ការ​ជេរ​ប្រមាថ​រួម​បញ្ចូល​ការ​គំរាម​កំហែង​និង​ការ​និយាយ​មិន​ល្អ​អំពី​បុគ្គល​នោះ។ ការ​ធ្វើ​ដូច្នេះ​ចំពោះ​មនុស្ស​ថ្លង់​គឺ​អាក្រក់​មែន! មនុស្ស​ថ្លង់​មិន​អាច​ស្ដាប់​ឮ​អ្វី​ដែល​គេ​និយាយ​អំពី​គាត់ ដូច្នេះ​គាត់​មិន​អាច​និយាយ​ការ​ពារ​ខ្លួន​បាន​ទេ។

នៅ​ខ​១៤ ព្រះ​យេហូវ៉ា​ក៏​បាន​ប្រាប់​អ្នក​បម្រើ​របស់​លោក​មិន​ឲ្យ​«​ដាក់​អ្វី​មួយ​ឃាំង​ផ្លូវ​មនុស្ស​ងងឹត​ភ្នែក​ឡើយ​»។ សៀវ​ភៅ​មួយ​រៀប​រាប់​អំពី​មនុស្ស​ពិការ​ថា​៖ ​«​នៅ​មជ្ឈិមបូព៌ា​សម័យ​បុរាណ គេ​ច្រើន​តែ​ប្រព្រឹត្ត​ដោយ​អយុត្តិធម៌​និង​ឃោរ​ឃៅ​ទៅ​លើ​មនុស្ស​ពិការ​»។ មនុស្ស​ឃោរ​ឃៅ​ខ្លះ​ប្រហែល​ជា​ដាក់​អ្វី​មួយ​ឃាំង​ផ្លូវ​មនុស្ស​ងងឹត​ភ្នែក​ដើម្បី​ធ្វើ​បាប​គាត់ ឬ​ដោយ​សារ​ពួក​គេ​ចង់​សើច​ចំអក​គាត់។ ទង្វើ​បែប​នេះ​គឺ​មិន​សប្បុរស​សោះ! តាម​រយៈ​បញ្ញត្ដិ​នេះ ព្រះ​យេហូវ៉ា​បាន​ជួយ​រាស្ត្រ​លោក​ឲ្យ​យល់​ថា ពួក​គេ​គួរ​បង្ហាញ​ចិត្ត​អាណិត​មេត្តា​ចំពោះ​មនុស្ស​ពិការ។

៥. តើ​យើង​អាច​បង្ហាញ​ចិត្ត​អាណិត​មេត្តា​ចំពោះ​មនុស្ស​ដែល​មាន​បញ្ហា​សុខភាព​យ៉ាង​ដូច​ម្ដេច?

លោក​យេស៊ូ​បង្ហាញ​ចិត្ត​អាណិត​មេត្តា​ដល់​មនុស្ស​ដែល​មាន​បញ្ហា​សុខភាព។ សូម​នឹក​ចាំ​អំពី​អ្វី​ដែល​លោក​យេស៊ូ​បានមាន​ប្រសាសន៍​ផ្ដាំ​ទៅ​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ថា​៖ ​«​មនុស្ស​ងងឹត​ភ្នែក​កំពុង​មើល​ឃើញ មនុស្ស​ខ្វិន​កំពុង​ដើរ មនុស្ស​កើត​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​កំពុង​ស្ដាប់​ឮ [​និង​]​មនុស្ស​ស្លាប់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ ក្រោយ​ពី​មនុស្ស​បាន​ឃើញ​អព្ភូតហេតុ​របស់​លោក​យេស៊ូ ‹ពួក​គេ​បាន​សរសើរ​ព្រះ›។ (​លូក. ៧:២០​-​២២; ១៨:៤៣​) គ្រិស្ត​សាសនិក​ចង់​យក​តម្រាប់​លោក​យេស៊ូ ដោយ​បង្ហាញ​ចិត្ត​អាណិត​មេត្តា។ ដូច្នេះ ពួក​គេ​បង្ហាញ​ចិត្ត​សប្បុរស ការ​យក​ចិត្ត​ទុក​ដាក់ និង​ចិត្ត​អត់​ធ្មត់​ចំពោះ​បុគ្គល​ដែល​មាន​បញ្ហា​សុខភាព។ ព្រះ​យេហូវ៉ា​មិន​ផ្ដល់​សមត្ថភាព​ឲ្យ​យើង​ធ្វើ​អព្ភូតហេតុ​ដើម្បី​ជួយ​ពួក​គេ​ទេ។ ប៉ុន្តែ លោក​ឲ្យ​យើង​មាន​កិត្តិយស​ប្រាប់​ដំណឹង​ល្អ​ដល់​មនុស្ស​ងងឹត​ភ្នែក​មែន​ទែន និង​មនុស្ស​ងងឹត​ភ្នែក​ខាង​ជំនឿ អំពី​សួន​ឧទ្យាន​ជា​កន្លែង​ដែល​មនុស្ស​គ្រប់​គ្នា​នឹង​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ហើយ​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​ព្រះ។ (​លូក. ៤:១៨​) ដំណឹង​ល្អ​នេះ​កំពុង​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​សរសើរ​ព្រះ។

ចូរ​ធ្វើ​ជា​មនុស្ស​ស្មោះ​ត្រង់​ក្នុង​ការ​រក​ស៊ី

៦. តើ​ច្បាប់​លេវី ជំពូក⁠១៩​ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​បញ្ញត្តិ​១០​ប្រការ​តាម​របៀប​ណា?

ខ​ខ្លះ​ក្នុង​ច្បាប់​លេវី ជំពូក⁠១៩​រៀប​រាប់​អំពី​អ្វី​ដែល​បាន​ត្រូវ​ចែង​ក្នុង​បញ្ញត្តិ​១០​ប្រការ។ ជា​ឧទាហរណ៍ បញ្ញត្តិ​ទី​៨​ចែង​ចំ​ៗ​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​លួច​»។ (​ដច. ២០:១៥​) បុគ្គល​ម្នាក់​ប្រហែល​ជា​គិត​ថា ឲ្យ​តែ​គាត់​មិន​យក​របស់​គេ នោះ​គាត់​កំពុង​ធ្វើ​តាម​បញ្ញត្តិ​នេះ។ ប៉ុន្តែ​គាត់​ប្រហែល​ជា​លួច​តាម​របៀប​ផ្សេង​ទៀត។

៧. តើ​អ្នក​ជួញ​ដូរ​ម្នាក់​ប្រហែល​ជា​បំពាន​បញ្ញត្តិ​ទី​៨​អំពី​ការ​លួច​តាម​របៀប​ណា?

អ្នក​ជួញ​ដូរ​ម្នាក់​ប្រហែល​ជា​គិត​ថា បើ​គាត់​មិន​យក​របស់​គេ គាត់​មិន​បាន​លួច​ទេ។ ប៉ុន្តែ តើ​គាត់​តែង​តែ​ប្រព្រឹត្ត​ទៀង​ត្រង់​ក្នុង​ការ​រក​ស៊ី​របស់​គាត់​ឬ​ទេ? នៅ​ច្បាប់​លេវី ១៩:៣៥, ៣៦ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​មិន​ទៀង​ត្រង់ ពេល​ដែល​វាស់ វាល់ ឬ​ថ្លឹង​អ្វី​ឡើយ។ អ្នក​រាល់​គ្នា​ត្រូវ​ប្រើ​ជញ្ជីង​ត្រឹម​ត្រូវ និង​កូន​ជញ្ជីង​គ្រប់​ទម្ងន់ ព្រម​ទាំង​ប្រើ​រង្វាល់​វត្ថុ​រាវ​និង​រង្វាល់​វត្ថុ​ស្ងួត​ត្រឹម​ត្រូវ​ដែរ​»។ បើ​អ្នក​ជួញ​ដូរ​ប្រើ​ជញ្ជីង​និង​រង្វាល់​មិន​ត្រឹម​ត្រូវ​ក្នុង​ការ​រក​ស៊ី​របស់​គាត់​ដើម្បី​កេង​ប្រវ័ញ្ច​គេ នោះ​មាន​ន័យ​ថា​គាត់​កំពុង​លួច​ហើយ។ ខ​ផ្សេង​ទៀត​នៅ​ច្បាប់​លេវី ជំពូក⁠១៩ នឹង​ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​ចំណុច​នេះ។

យោង​ទៅ​តាម​ច្បាប់​លេវី ១៩:១១​-​១៣ តើ​គ្រិស្ត​សាសនិក​អាច​សួរ​ខ្លួន​ឯង​សំណួរ​អ្វី​អំពី​ការ​រក​ស៊ី? (​សូម​មើល​វគ្គ​៨​-​១០​) *

៨. តើ​ព័ត៌មាន​នៅ​ច្បាប់​លេវី ១៩:១១​-​១៣ បាន​ជួយ​ជនជាតិ​យូដា​ឲ្យ​ធ្វើ​តាម​គោល​ការណ៍​ដែល​ជាប់​ទាក់​ទង​នឹង​បញ្ញត្តិ​ទី​៨​យ៉ាង​ដូច​ម្ដេច ហើយ​តើ​យើង​អាច​ទទួល​ប្រយោជន៍​អ្វី?

សូម​អាន ច្បាប់​លេវី ១៩:១១​-​១៣ ពាក្យ​ផ្ដើម​នៃ​ច្បាប់​លេវី ១៩:១១ ចែង​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​លួច​»។ នៅ​ខ​១៣ ការ​លួច​ជាប់​ទាក់​ទង​នឹង​ការ​រក​ស៊ី​មិន​ទៀង​ត្រង់។ ខ​នោះ​ចែង​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឆបោក​អ្នក​ឯ​ទៀត​»។ ដូច្នេះ បើ​បុគ្គល​ណា​ម្នាក់​ប្រព្រឹត្ត​មិន​ទៀង​ត្រង់​ពេល​គាត់​រក​ស៊ី នោះ​គាត់​កំពុង​លួច​ហើយ។ បញ្ញត្តិ​ទី​៨​ចែង​ថា​ការ​លួច​គឺ​ខុស។ ប៉ុន្តែ ព័ត៌មាន​ក្នុង​ច្បាប់​លេវី​ជួយ​ជនជាតិ​យូដា​ឲ្យ​យល់​អំពី​របៀប​ដែល​ពួក​គេ​អាច​អនុវត្ត​គោល​ការណ៍​ដែល​ជាប់​ទាក់​ទង​នឹង​ច្បាប់​នោះ ពោល​គឺ​របៀប​ដែល​ពួក​គេ​អាច​ប្រព្រឹត្ត​ទៀង​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់។ គឺ​ជា​ការ​ល្អ​ដែល​យើង​គិត​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ភាព​មិន​ទៀង​ត្រង់​និង​ការ​លួច។ យើង​អាច​សួរ​ខ្លួន​យើង​ថា ‹ពេល​ខ្ញុំ​គិត​អំពី​ច្បាប់​លេវី ១៩:១១​-​១៣ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ណា​ខ្លះ​ក្នុង​ជីវិត ជា​ពិសេស​ក្នុង​ការ​ប្រកប​របរ​រក​ស៊ី​របស់​ខ្ញុំ?›។

៩. តើ​ច្បាប់​លេវី ១៩:១៣ បាន​ជួយ​ការ​ពារ​កម្មករ​យ៉ាង​ដូច​ម្ដេច?

គ្រិស្ត​សាសនិក​ដែល​ជួល​អ្នក​ឯ​ទៀត​ឲ្យ​មក​ធ្វើ​ការ​ឲ្យ គួរ​គិត​ពិចារណា​ថា​ភាព​ទៀង​ត្រង់​រួម​បញ្ចូល​អ្វី​ខ្លះ។ ច្បាប់​លេវី ១៩:១៣​ចែង​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ទុក​ប្រាក់​ឈ្នួល​កម្មករ​រហូត​ដល់​ព្រឹក​ស្អែក​ឡើយ​»។ នៅ​ស្រុក​អ៊ីស្រាអែល មនុស្ស​ភាគ​ច្រើន​ធ្វើ​ការ​ខាង​កសិកម្ម ហើយ​កម្មករ​ទទួល​ប្រាក់​ឈ្នួល​ក្រោយ​ចប់​ធ្វើ​ការ​មួយ​ថ្ងៃ​ៗ។ បើ​គាត់​មិន​ទទួល​ប្រាក់​ឈ្នួល​នោះ​ទេ គាត់​នឹង​មិន​មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​របស់​គាត់​នៅ​ថ្ងៃ​នោះ​ឡើយ។ ព្រះ​យេហូវ៉ា​បាន​ពន្យល់​ថា​៖ ​«​គាត់​ជា​ជន​ក្រី​ក្រ ហើយ​គាត់​ត្រូវ​ការ​ប្រាក់​ឈ្នួល​នោះ​ដើម្បី​រស់​»។—បច. ២៤:១៤, ១៥; ម៉ាថ. ២០:៨

១០. តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​ច្បាប់​លេវី ១៩:១៣?

១០ សព្វ​ថ្ងៃ​នេះ ថៅកែ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ប្រចាំ​ថ្ងៃ ឬ​មួយ​ដង​ឬ​ពីរ​ដង​ក្នុង​មួយ​ខែ។ មិន​ថា​ថៅកែ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​យ៉ាង​ណា​ក្ដី យើង​នៅ​តែ​អាច​រៀន​ពី​គោល​ការណ៍​នៅ​ច្បាប់​លេវី ១៩:១៣។ ថៅកែ​ខ្លះ​ប្រព្រឹត្ត​អយុត្តិធម៌​ទៅ​លើ​កម្មករ​របស់​ពួក​គេ ដោយ​បើក​ប្រាក់​ឈ្នួល​តិច​ពេក។ ពួក​គេ​ដឹង​ថា កម្មករ​ទាំង​នោះ​ប្រហែល​ជា​ពិបាក​រក​ការ​ងារ​ធ្វើ ហើយ​នឹង​នៅ​តែ​បន្ត​ធ្វើ​ការ​ឲ្យ​ពួក​គេ ទោះ​ជា​ទទួល​ប្រាក់​ឈ្នួល​តិច​តួច​ក្ដី។ ក្នុង​ន័យ​ម្យ៉ាង ថៅកែ​បែប​នេះ​‹កំពុង​ទុក​ប្រាក់​ឈ្នួល​កម្មករ›។ គ្រិស្ត​សាសនិក​ដែល​ជា​ថៅកែ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​គាត់​ប្រព្រឹត្ត​ដោយ​យុត្តិធម៌​ទៅ​លើ​កម្មករ​របស់​គាត់។ ឥឡូវ សូម​យើង​មើល​អ្វី​ផ្សេង​ទៀត​ដែល​យើង​អាច​រៀន​ពី​ច្បាប់​លេវី ជំពូក⁠១៩

ចូរ​ស្រឡាញ់​អ្នក​ឯ​ទៀត​ដូច​ខ្លួន​ឯង

១១​-​១២. តើ​លោក​យេស៊ូ​បាន​លើក​បញ្ជាក់​អំពី​អ្វី ពេល​លោក​ដក​ស្រង់​ពាក្យ​ពី​ច្បាប់​លេវី ១៩:១៧, ១៨?

១១ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​តម្រូវ​ឲ្យ​យើង​មិន​ធ្វើ​បាប​អ្នក​ឯ​ទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​តម្រូវ​ឲ្យ​យើង​ធ្វើ​ច្រើន​ជាង​នេះ។ នេះ​ស​ឲ្យ​ឃើញ​នៅ​ច្បាប់​លេវី ១៩:១៧, ១៨។ (​សូម​អាន​) ព្រះ​យេហូវ៉ា​បាន​បង្គាប់​យ៉ាង​ច្បាស់​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​អ្នក​ឯ​ទៀត​ដូច​ខ្លួន​ឯង​ដែរ​»។ គ្រិស្ត​សាសនិក​ត្រូវ​ធ្វើ​ដូច្នេះ បើ​គាត់​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។

១២ សូម​ពិចារណា​អំពី​របៀប​ដែល​លោក​យេស៊ូ​បាន​លើក​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​បញ្ញត្តិ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​ច្បាប់​លេវី ១៩:១៨។ នៅ​ពេល​មួយ ផារិស៊ី​ម្នាក់​បាន​សួរ​លោក​យេស៊ូ​ថា​៖ ​«​ក្នុង​ច្បាប់ តើ​បញ្ញត្ដិ​មួយ​ណា​សំខាន់​ជាង​គេ?​»។ លោក​យេស៊ូ​តប​ថា ​«​បញ្ញត្ដិ​ទី​១ ហើយ​ជា​បញ្ញត្ដិ​សំខាន់​ជាង​គេ​»​ គឺ​ថា​យើង​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា ជា​ព្រះ​របស់​យើង ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ជីវិត និង​អស់​ពី​សមត្ថភាព​រិះ​គិត។ បន្ទាប់​មក លោក​យេស៊ូ​បាន​ដក​ស្រង់​ពាក្យ​នៅ​ច្បាប់​លេវី ១៩:១៨ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​បញ្ញត្ដិ​សំខាន់​ទី​២​ក៏​ស្រដៀង​នឹង​នេះ​ដែរ គឺ​៖ ‹អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក›​»។ (​ម៉ាថ. ២២:៣៥​-​៤០​) មាន​របៀប​ជា​ច្រើន​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត។ យើង​អាច​រៀន​អំពី​របៀប​ខ្លះ​ពី​ច្បាប់​លេវី ជំពូក⁠១៩

១៣. តើ​កំណត់​ហេតុ​អំពី​យ៉ូសែប​អាច​ជួយ​យើង​ឲ្យ​យល់​ច្បាប់​លេវី ១៩:១៨​ច្បាស់​ជាង​យ៉ាង​ដូច​ម្ដេច?

១៣ របៀប​មួយ​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត គឺ​ដោយ​ធ្វើ​តាម​យោបល់​នៅ​ច្បាប់​លេវី ១៩:​១៨។ ខ​នោះ​ចែង​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​សង​សឹក ឬ​ចង​គំនុំ​នឹង​អ្នក​ឯ​ទៀត​ឡើយ​»។ យើង​ភាគ​ច្រើន​បាន​ឃើញ​គេ​ខឹង​ងំ​ចំពោះ​អ្នក​រួម​ការ​ងារ សិស្ស​រួម​ថ្នាក់ ឬ​សមាជិក​ក្រុម​គ្រួសារ ហើយ​ជួន​កាល​ពួក​គេ​ចង​គំនុំ​នឹង​អ្នក​នោះ​អស់​ជា​ច្រើន​ឆ្នាំ! សូម​គិត​អំពី​បង​ប្រុស​ៗ​១០​នាក់​របស់​យ៉ូសែប។ ពួក​គេ​បាន​ខឹង​យ៉ូសែប​ជា​ខ្លាំង​រហូត​ដល់​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​សាហាវ​មួយ​មក​លើ​គាត់។ (​ដក. ៣៧:២​-​៨, ២៥​-​២៨​) ប៉ុន្តែ យ៉ូសែប​មិន​បាន​ប្រព្រឹត្ត​អាក្រក់​តប​ទៅ​ពួក​គេ​វិញ​ទេ! ពេល​ដែល​យ៉ូសែប​មាន​ឱកាស​សង​សឹក គាត់​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ តែ​គាត់​បាន​បង្ហាញ​សេចក្ដី​អាណិត​មេត្តា​ចំពោះ​ពួក​គេ។ យ៉ូសែប​មិន​បាន​ចង​គំនុំ​នឹង​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ធ្វើ​ដូច​អ្វី​ដែល​បាន​ត្រូវ​ចែង​នៅ​ពេល​ក្រោយ​មក​ក្នុង​ច្បាប់​លេវី ១៩:១៨។—ដក. ៥០:១៩​-​២១

១៤. តើ​អ្វី​បង្ហាញ​ថា​យើង​នៅ​តែ​គួរ​ធ្វើ​តាម​គោល​ការណ៍​នៅ​ច្បាប់​លេវី ១៩:១៨?

១៤ គ្រិស្ត​សាសនិក​ដែល​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត គួរ​យក​តម្រាប់​យ៉ូសែប​ដែល​បាន​អភ័យ​ទោស​ឲ្យ​បង​ប្រុស​ៗ​របស់​គាត់ ជា​ជាង​សង​សឹក​ពួក​គេ។ នេះ​ក៏​សម​ស្រប​នឹង​សេចក្ដី​អធិដ្ឋាន​គំរូ​របស់​លោក​យេស៊ូ ពេល​លោក​បាន​មាន​ប្រសាសន៍​ថា យើង​គួរ​អភ័យ​ទោស​ឲ្យ​ពួក​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង។ (​ម៉ាថ. ៦:៩, ១២​) ស្រដៀង​គ្នា​ដែរ សាវ័ក​ប៉ូល​បាន​ប្រាប់​គ្រិស្ត​សាសនិក​ឯ​ទៀត​ថា​៖ ​«​បង​ប្អូន​ជា​ទី​ស្រឡាញ់ កុំ​សង​សឹក​ដោយ​ខ្លួន​អ្នក​ឡើយ​»។ (​រ៉ូម ១២:១៩​) គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ថា​៖ ​«​ទោះ​ជា​អ្នក​ណា​មាន​ហេតុ​ត្អូញត្អែរ​អំពី​អ្នក​ណា​ម្នាក់​ក៏​ដោយ ចូរ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​»។ (​កូឡ. ៣:១៣​) គោល​ការណ៍​របស់​ព្រះ​យេហូវ៉ា​មិន​ផ្លាស់​ប្ដូរ​ទេ។ យើង​នៅ​តែ​គួរ​ធ្វើ​តាម​គោល​ការណ៍​ដែល​ជាប់​ទាក់​ទង​នឹង​ច្បាប់​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​ច្បាប់​លេវី ១៩:១៨

ដូច​យើង​មិន​គួរ​បន្ត​ឆ្កឹះ​របួស​របស់​យើង គឺ​ជា​ការ​ល្អ​ដែល​យើង​មិន​បន្ត​គិត​អំពី​អ្វី​ដែល​អ្នក​ឯ​ទៀត​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត។ យើង​គួរ​ព្យាយាម​បំភ្លេច​រឿង​នោះ​ចោល (​សូម​មើល​វគ្គ​១៥​) *

១៥. តើ​ឧទាហរណ៍​អ្វី​ជួយ​យើង​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​យើង​គួរ​អភ័យ​ទោស​និង​បំភ្លេច​កំហុស​របស់​អ្នក​ឯ​ទៀត?

១៥ សូម​គិត​អំពី​ឧទាហរណ៍​មួយ។ ការ​ឈឺ​ចិត្ត​អាច​ប្រៀប​ដូច​ជា​របួស។ មាន​របួស​ខ្លះ​ស្រាល ខ្លះ​ធ្ងន់។ ជា​ឧទាហរណ៍ ពេល​យើង​បើក​ស្រោម​សំបុត្រ យើង​ប្រហែល​ជា​មុត​ដៃ​នឹង​ក្រដាស។ នោះ​គឺ​ឈឺ​ខ្លាំង​ណាស់ ប៉ុន្តែ​ឈឺ​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។ មួយ​ថ្ងៃ​ពីរ​ថ្ងៃ​ក្រោយ​មក យើង​ប្រហែល​ជា​ភ្លេច​ថា​យើង​មុត​នៅ​កន្លែង​ណា។ ស្រដៀង​គ្នា​ដែរ រឿង​ខ្លះ​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត គឺ​តូច​តាច​ទេ។ ជា​ឧទាហរណ៍ ពេល​មិត្ត​ភក្តិ​និយាយ​ឬ​ធ្វើ​អ្វី​ដោយ​មិន​បាន​គិត ដែល​នាំ​ឲ្យ​យើង​ឈឺ​ចិត្ត យើង​ងាយ​អភ័យ​ទោស​ឲ្យ​គាត់។ ប៉ុន្តែ​បើ​យើង​មាន​របួស​ជ្រៅ​ជាង គ្រូ​ពេទ្យ​ត្រូវ​ដេរ​និង​រុំ​របួស​នោះ។ បើ​យើង​ចេះ​តែ​ឆ្កឹះ​ឆ្កៀល​របួស​នោះ វា​ទំនង​ជា​នឹង​មិន​ជា ហើយ​ធ្វើ​ឲ្យ​យើង​កាន់​តែ​ឈឺ។ បុគ្គល​ម្នាក់​ប្រហែល​ជា​ធ្វើ​អ្វី​ស្រដៀង​នឹង​នេះ ពេល​គាត់​ទើស​ចិត្ត​នឹង​អ្នក​ណា​ម្នាក់​យ៉ាង​ខ្លាំង។ បើ​គាត់​តែង​តែ​គិត​អំពី​អារម្មណ៍​ឈឺ​ចិត្ត​របស់​គាត់​និង​អ្វី​ដែល​បុគ្គល​នោះ​ធ្វើ​ឲ្យ​គាត់​ឈឺ​ចិត្ត គាត់​ទំនង​ជា​នឹង​កាន់​តែ​ឈឺ​ចិត្ត​ទៅ ហើយ​មិន​អាច​បំភ្លេច​រឿង​នោះ​បាន​ទេ។ បុគ្គល​ដែល​ចង​គំនុំ​មាន​តែ​នាំ​ទុក្ខ​ដាក់​ខ្លួន។ គឺ​ជា​ការ​ល្អ​ជាង បើ​យើង​ធ្វើ​តាម​យោបល់​នៅ​ច្បាប់​លេវី ១៩:១៨!

១៦. យោង​ទៅ​តាម​ច្បាប់​លេវី ១៩:៣៣, ៣៤ តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​រឿង​នេះ?

១៦ ពេល​ព្រះ​យេហូវ៉ា​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត លោក​មិន​ចង់​មាន​ន័យ​ថា​ពួក​គេ​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​តែ​ពួក​អ្នក​ដែល​មាន​ពូជ​សាសន៍ ឬ​សញ្ជាតិ​ដូច​គ្នា​នោះ​ទេ។ លោក​បាន​ប្រាប់​ពួក​គេ​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ​ដែរ។ នេះ​គឺ​ស​ឲ្យ​ឃើញ​នៅ​ច្បាប់​លេវី ១៩:៣៣, ៣៤។ (​សូម​អាន​) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​ទៅ​លើ​ជន​បរទេស​«​ដូច​ជា​ជន​រួម​ជាតិ​របស់​ខ្លួន​»​ ហើយ​«​ស្រឡាញ់​ពួក​គេ​»​ដូច​ស្រឡាញ់​ខ្លួន​ឯង។ ជា​ឧទាហរណ៍ ច្បាប់​ព្រះ​ចែង​ថា​ជន​ជាតិ​អ៊ីស្រាអែល​គួរ​អនុញ្ញាត​ឲ្យ​ទាំង​ជន​បរទេស​ទាំង​ពួក​អ្នក​ក្រី​ក្រ រើស​ផល​ដំណាំ​ដែល​នៅ​សល់​ពី​ទី​វាល។ (​ចល. ១៩:៩, ១០​) គោល​ការណ៍​អំពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ជន​បរទេស​ជាប់​ទាក់​ទង​នឹង​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ។ (​លូក. ១០:៣០​-​៣៧​) តើ​នេះ​ជាប់​ទាក់​ទង​នឹង​យើង​យ៉ាង​ដូច​ម្ដេច? នៅ​ទូទាំង​ពិភព​លោក​មាន​មនុស្ស​រាប់​លាន​នាក់​បាន​រើ​ទៅ​ប្រទេស​ផ្សេង ហើយ​ពួក​គេ​ខ្លះ​ទំនង​ជា​រស់​នៅ​ជិត​អ្នក​ដែរ។ គឺ​សំខាន់​ដែល​យើង​ប្រព្រឹត្ត​ដោយ​ថ្លៃ​ថ្នូរ​និង​ដោយ​គោរព​ចំពោះ​បុរស ស្ត្រី និង​កូន​ក្មេង​ទាំង​នេះ។

កិច្ច​ការ​សំខាន់​ដែល​មិន​បាន​លើក​ឡើង​ក្នុង​ច្បាប់​លេវី ជំពូក⁠១៩

១៧​-​១៨. (​ក​) តើ​ច្បាប់​លេវី ១៩:២ និង​ពេត្រុស​ទី​១ ១:១៥​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី? (​ខ​) តើ​សាវ័ក​ពេត្រុស​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​កិច្ច​ការ​សំខាន់​អ្វី?

១៧ ទាំង​ច្បាប់​លេវី ១៩:២ ទាំង​ពេត្រុស​ទី​១ ១:១៥ លើក​ទឹក​ចិត្ត​រាស្ត្រ​របស់​ព្រះ​ឲ្យ​ធ្វើ​ជា​មនុស្ស​បរិសុទ្ធ។ ខ​ជា​ច្រើន​ឯ​ទៀត​នៅ​ច្បាប់​លេវី ជំពូក⁠១៩ អាច​ជួយ​យើង​ឲ្យ​ដឹង​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​នាំ​ឲ្យ​ព្រះ​ពេញ​ចិត្ត។ យើង​បាន​ពិចារណា​ខ​គម្ពីរ​ដែល​រៀប​រាប់​អំពី​អ្វី​ខ្លះ​ដែល​យើង​គួរ​ធ្វើ​និង​អ្វី​មិន​ល្អ​មួយ​ចំនួន​ដែល​យើង​មិន​គួរ​ធ្វើ។ * បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​បង្ហាញ​ថា ព្រះ​យេហូវ៉ា​នៅ​តែ​ចង់​ឲ្យ​យើង​យក​គោល​ការណ៍​ទាំង​នោះ​មក​អនុវត្ត​នៅ​ក្នុង​ជីវិត។ ប៉ុន្តែ មាន​ចំណុច​មួយ​ទៀត​ដែល​សាវ័ក​ពេត្រុស​លើក​ឡើង។

១៨ យើង​ប្រហែល​ជា​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ទៀង​ទាត់ ហើយ​ធ្វើ​ល្អ​ដាក់​អ្នក​ឯ​ទៀត។ ប៉ុន្តែ ពេត្រុស​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ឲ្យ​ធ្វើ​អ្វី​មួយ​ដ៏​សំខាន់​ណាស់។ មុន​គាត់​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ទៅ​ជា​មនុស្ស​បរិសុទ្ធ​ក្នុង​ការ​ប្រព្រឹត្ត​ទាំង​អស់ គាត់​ប្រាប់​យើង​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​គំនិត ដើម្បី​ធ្វើ​សកម្មភាព​»។ (​១ពេ. ១:១៣, ១៥​) តើ​សកម្មភាព​នោះ​ជា​អ្វី? ពេត្រុស​បាន​ប្រាប់​ថា បង​ប្អូន​របស់​គ្រិស្ត​ដែល​បាន​ត្រូវ​រើស​តាំង​នឹង​«​‹ប្រកាស​នៅ​ទី​ជិត​ឆ្ងាយ​អំពី​គុណ​សម្បត្តិ​ប្រសើរ​ថ្លៃ​ថ្លា›​របស់​ព្រះ ដែល​បាន​ហៅ​»​ពួក​គេ។ (​១ពេ. ២:៩​) គ្រិស្ត​សាសនិក​ទាំង​អស់​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​មាន​ឯកសិទ្ធិ​ធ្វើ​កិច្ច​ការ​ដ៏​សំខាន់​នេះ ជា​កិច្ច​ការ​ដែល​ជួយ​មនុស្ស​ច្រើន​ជាង​កិច្ច​ការ​ណា​ទាំង​អស់។ គឺ​ជា​ឯកសិទ្ធិ​ដែល​រាស្ត្រ​ដ៏​បរិសុទ្ធ​របស់​ព្រះ​បង្ហាញ​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​អ្នក​ឯ​ទៀត​ជា​ទៀង​ទាត់! (​ម៉ាក. ១៣:១០​) ពេល​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​គោល​ការណ៍​នៅ​ច្បាប់​លេវី ជំពូក⁠១៩ យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​របស់​យើង​និង​អ្នក​ឯ​ទៀត ហើយ​ថា​យើង​ចង់​«​ទៅ​ជា​មនុស្ស​បរិសុទ្ធ​»​ក្នុង​ការ​ប្រព្រឹត្ត​ទាំង​អស់។

ចម្រៀង​លេខ​១១១ មូលហេតុ​ដែល​យើង​មាន​អំណរ

^ វគ្គ 5 គ្រិស្ត​សាសនិក​មិន​នៅ​ក្រោម​ច្បាប់​ម៉ូសេ​ទេ ប៉ុន្តែ​ច្បាប់​នោះ​រៀប​រាប់​អំពី​អ្វី​ៗ​ជា​ច្រើន​ដែល​យើង​គួរ​ធ្វើ ឬ​មិន​គួរ​ធ្វើ។ ការ​រៀន​អំពី​ច្បាប់​នោះ​អាច​ជួយ​យើង​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត និង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ពី​មេ​រៀន​ខ្លះ​ក្នុង​ច្បាប់​លេវី ជំពូក⁠១៩

^ វគ្គ 17 នៅ​ក្នុង​អត្ថបទ​មុន​និង​អត្ថបទ​នេះ យើង​មិន​បាន​ពិចារណា​ខ​គម្ពីរ​ដែល​ចែង​អំពី​សេចក្ដី​លម្អៀង ការ​និយាយ​បង្កាច់​បង្ខូច​អ្នក​ឯ​ទៀត ការ​បរិភោគ​ឈាម ការ​ទាក់​ទង​ពួក​វិញ្ញាណ​អាក្រក់ ការ​ទាយ និង​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ទេ។—ចល. ១៩:១៥, ១៦, ២៦​-​២៩, ៣១—សូម​មើល​«​សំណួរ​ពី​អ្នក​អាន​»​ក្នុង​លេខ​នេះ

^ វគ្គ 52 ការ​ពណ៌នា​អំពី​រូប​ភាព: សាក្សី​ម្នាក់​ជួយ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​គ្រូ​ពេទ្យ​ឲ្យ​បង​ប្រុស​ដែល​ថ្លង់។

^ វគ្គ 54 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​ម្នាក់​ដែល​ជា​ជាង​លាប​ថ្នាំ​ផ្ទះ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​របស់​គាត់។

^ វគ្គ 56 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ស្រី​ម្នាក់​ងាយ​ភ្លេច​របួស​ស្រាល។ តើ​គាត់​នឹង​ងាយ​ភ្លេច​របួស​ធ្ងន់​ជាង​ដែរ​ឬ​ទេ?