ការធ្វើតាមសំឡេងត្រែនៅសព្វថ្ងៃនេះ
យើងទាំងអស់គ្នាជឿថាព្រះយេហូវ៉ាកំពុងដឹកនាំរាស្ត្ររបស់លោក និងផ្ដល់អ្វីដែលពួកគេត្រូវការដើម្បីនៅជិតស្និទ្ធនឹងលោកក្នុងអំឡុង«គ្រាចុងក្រោយបង្អស់»នេះ។ (២ធី. ៣:១) ប៉ុន្តែយើងម្នាក់ៗត្រូវស្ដាប់បង្គាប់ព្រះយេហូវ៉ា។ យើងអាចប្រដូចស្ថានភាពរបស់យើងទៅនឹងស្ថានភាពរបស់ជនជាតិអ៊ីស្រាអែលនៅតំបន់ស្ងាត់ជ្រងំ។ ពេលពួកគេឮសំឡេងត្រែ ពួកគេត្រូវធ្វើតាម។
ព្រះយេហូវ៉ាបានបង្គាប់ម៉ូសេឲ្យយកប្រាក់មកដំធ្វើត្រែពីរដើម្បី«ផ្លុំហៅពួកជំនុំឲ្យមូលគ្នា ហើយនឹងសំរាប់ឲ្យបណ្ដាជនធ្វើដំណើរទៅ»។ (ជន. ១០:២) ពួកសង្ឃត្រូវផ្លុំត្រែតាមរបៀបខុសៗគ្នាដើម្បីជាសញ្ញាដល់បណ្ដាជនអំពីអ្វីដែលពួកគេគួរធ្វើ។ (ជន. ១០:៣-៨) សព្វថ្ងៃនេះ រាស្ត្ររបស់ព្រះទទួលការណែនាំតាមរបៀបផ្សេងៗ។ សូមពិចារណាអំពីរបៀបបីយ៉ាង ដែលរំលឹកយើងអំពីសំឡេងត្រែនៅសម័យបុរាណ។ របៀបបីយ៉ាងនោះគឺ ពេលយើងបានត្រូវអញ្ជើញឲ្យចូលរួមប្រជុំធំៗ ពេលពួកអ្នកចាស់ទុំទទួលការបង្ហាត់បង្រៀន និងពេលការណែនាំសម្រាប់ក្រុមជំនុំទាំងអស់បានត្រូវកែសម្រួលឬផ្លាស់ប្ដូរ។
ពេលយើងបានត្រូវអញ្ជើញឲ្យចូលរួមប្រជុំធំៗ
ពេលព្រះយេហូវ៉ាចង់ឲ្យ«ពួកជំនុំទាំងអស់»មកជុំគ្នានៅច្រកចូលនៅភាគខាងកើតនៃត្រសាល ពួកសង្ឃផ្លុំត្រែទាំងពីរ។ (ជន. ១០:៣) កុលសម្ព័ន្ធទាំងអស់ដែលបានត្រូវបែងចែកជាបួនក្រុម បានឮសំឡេងនោះ។ នៅក្នុងជំរំ ពួកអ្នកដែលរស់នៅជិតច្រកចូលត្រសាល ទំនងជាអាចមកលឿនបាន។ អ្នកផ្សេងទៀតដែលនៅឆ្ងាយជាង ប្រហែលជាត្រូវការពេលយូរជាង ហើយត្រូវខំប្រឹងខ្លាំងជាងដើម្បីមកដល់ទីនោះ។ មិនថាពួកគេនៅជិតឬឆ្ងាយក្ដី ព្រះយេហូវ៉ាចង់ឲ្យទាំងអស់គ្នាមកជុំគ្នាដើម្បីស្ដាប់ការណែនាំរបស់លោក។
សព្វថ្ងៃនេះ យើងមិនជួបជុំគ្នានៅត្រសាលរបស់ព្រះទេ តែយើងបានត្រូវអញ្ជើញឲ្យចូលរួមប្រជុំរបស់រាស្ត្រព្រះ។ នេះរួមបញ្ចូលមហាសន្និបាតតាមភូមិភាគ និងកម្មវិធីពិសេសឯទៀត។ នៅទីនោះ យើងទទួលព័ត៌មានសំខាន់ៗនិងការណែនាំផ្សេងៗ។ ទូទាំងពិភពលោក រាស្ត្ររបស់ព្រះយេហូវ៉ាមានកម្មវិធីដូចគ្នា។ ហេតុនេះ ពួកអ្នកដែលចូលរួមក្នុងប្រជុំទាំងនេះ នៅក្នុងចំណោមក្រុមមួយដ៏ធំនិងសប្បាយរីករាយ។ អ្នកខ្លះត្រូវធ្វើដំណើរឆ្ងាយជាងអ្នកផ្សេងទៀត។ ទោះជាយ៉ាងនេះក៏ដោយ អស់អ្នកដែលចូលរួមយល់ស្របថាការខំប្រឹងរបស់ពួកគេគឺមានប្រយោជន៍។
ចុះយ៉ាងណាពួកអ្នកដែលនៅក្រុមដាច់ស្រយាល ដែលមិនអាចមកចូលរួមប្រជុំធំដោយផ្ទាល់? ដោយមានបច្ចេកវិទ្យាទំនើប បងប្អូនជាច្រើនទាំងនេះអាចទទួលប្រយោជន៍ពីកម្មវិធីដូចគ្នា ហើយថែមទាំងមានអារម្មណ៍ថាពួកគេក៏នៅក្នុងប្រជុំដ៏ធំនោះដែរ។ ជាឧទាហរណ៍ ក្នុងអំឡុងទស្សនកិច្ចរបស់តំណាងមន្ទីរចាត់ការពិភពលោក ការិយាល័យសាខាបេណាំងបានបញ្ជូនកម្មវិធីទៅភូមិអាលីត ប្រទេសនីហ្សេ នៅវាលខ្សាច់សាហារ៉ា។ នៅទីនោះ មានអ្នកចូលរួម២១នាក់ ដែលរួមមានបងប្អូនរបស់យើង និងពួកអ្នកចាប់អារម្មណ៍។ ទោះជាពួកគេនៅឆ្ងាយក្ដី ពួកគេមានសាមគ្គីភាពជាមួយនឹងអ្នកចូលរួម៤៤.១៣១នាក់។ បងប្រុសម្នាក់សរសេរថា៖ «ខ្ញុំអរគុណអស់ពីដួងចិត្តចំពោះការផ្ញើកម្មវិធីនេះ។ លើកនេះទៀត យើងអាចឃើញថាបងប្អូនស្រឡាញ់យើងខ្លាំងណាស់»។
ពេលអ្នកចាស់ទុំបានត្រូវអញ្ជើញឲ្យទទួលការបង្ហាត់បង្រៀនថែមទៀត
ពេលសង្ឃជនជាតិអ៊ីស្រាអែលផ្លុំត្រែតែមួយ «ពួកដែលជាកំពូល គឺជាពួកមេលើ»មួយពាន់នាក់ ត្រូវមកត្រសាលជំនុំ។ (ជន. ១០:៤) នៅទីនោះ ពួកគេអាចទទួលព័ត៌មាននិងការបង្ហាត់បង្រៀនពីម៉ូសេ។ នោះអាចជួយពួកគេឲ្យបំពេញភារកិច្ចដែលពួកគេមានក្នុងកុលសម្ព័ន្ធរបស់ពួកគេ។ បើអ្នកជាមេម្នាក់នៅសម័យនោះ អ្នកច្បាស់ជាខំអស់ពីសមត្ថភាពដើម្បីមានវត្តមាននិងទទួលប្រយោជន៍ពីការបង្ហាត់បង្រៀននោះ មែនទេ?
សព្វថ្ងៃនេះ អ្នកចាស់ទុំក្នុងក្រុមជំនុំមិនមែនជា«ពួកដែលជាកំពូល»ឬមេទេ ពួកគេក៏មិនមែនជាចៅហ្វាយលើហ្វូងចៀមរបស់ព្រះដែលនៅក្រោមការថែរក្សារបស់ពួកគេដែរ។ (១ពេ. ៥:១-៣) ប៉ុន្តែ ពួកគេពិតជាខំអស់ពីសមត្ថភាពក្នុងការថែរក្សាហ្វូងចៀម។ ហេតុនេះ ពួកគេឆាប់យល់ព្រមពេលដែលពួកគេបានត្រូវអញ្ជើញឲ្យទទួលការបង្ហាត់បង្រៀនថែមទៀត ដូចជានៅសាលាកិច្ចបម្រើរាជាណាចក្រជាដើម។ ក្នុងសាលានោះ អ្នកចាស់ទុំរៀនអំពីរបៀបមានប្រសិទ្ធភាពកាន់តែច្រើនក្នុងការថែរក្សាក្រុមជំនុំ។ ដោយសារការបង្ហាត់បង្រៀននេះ ទាំងពួកអ្នកចាស់ទុំទាំងពួកអ្នកនៅក្នុងក្រុមជំនុំ អាចចូលកាន់តែជិតព្រះយេហូវ៉ា។ ទោះជាអ្នកមិនបានចូលសាលានោះក្ដី អ្នកនៅតែទទួលប្រយោជន៍ ដោយសារបងប្អូនដែលចូលរួមធ្វើតាមអ្វីដែលពួកគេបានរៀន ដើម្បីជួយក្រុមជំនុំ។
ពេលយើងបានត្រូវសុំឲ្យធ្វើការផ្លាស់ប្ដូរ
ពេលខ្លះ សង្ឃជនជាតិអ៊ីស្រាអែលផ្លុំត្រែដោយសំឡេងញាប់រន្ថាន់។ សំឡេងនេះបញ្ជាក់ថាព្រះយេហូវ៉ាចង់ឲ្យបណ្ដាជនរើជំរំរបស់ពួកគេ។ (ជន. ១០:៥, ៦) ការរើជំរំ តម្រូវឲ្យមានរបៀបរៀបរយ ហើយប្រើកម្លាំងច្រើន។ ជួនកាល ជនជាតិអ៊ីស្រាអែលខ្លះប្រហែលជាស្ទាក់ស្ទើរផ្លាស់ប្ដូរទីតាំងជំរំរបស់ពួកគេ។ ហេតុអ្វី?
អ្នកខ្លះប្រហែលជាមានអារម្មណ៍ថាពួកគេរើច្រើនដងនិងត្រូវធ្វើភ្លាមៗពេក។ គម្ពីរចែងថា៖ «ពពកនៅជាប់លើរោងឧបោសថឥតរើទៅឯណា នោះពួកកូនចៅអ៊ីស្រាអែលក៏ចេះតែនៅទីនោះជាដរាប ឥតធ្វើដំណើរទៅឯណាឡើយ»។ តែ‹ជួនកាលពពកគ្រាន់តែនៅពីល្ងាចដល់ព្រឹក› រួចព្រឹកឡើងពួកគេត្រូវរើទៅ។ នៅពេលផ្សេងទៀត ពួកគេរើក្រោយពី«២ថ្ងៃ ឬ១ខែ ឬ១ឆ្នាំ»។ (ជន. ៩:២១, ២២) តើពួកគេបានរើជំរំអស់ប៉ុន្មានដង? សៀវភៅជនគណនា ជំពូក៣៣ រៀបរាប់អំពីប្រហែលជា៤០កន្លែងដែលអ៊ីស្រាអែលបានបោះជំរំ។
ជួនកាល អ្នកខ្លះប្រហែលជាបានដំឡើងត្រសាលរបស់ខ្លួននៅកន្លែងដែលមានម្លប់។ កន្លែងបែបនេះជាទីគាប់ចិត្តណាស់នៅក្នុង«ទីរហោស្ថានសំបើម គួរស្ញែងខ្លាច»។ (ចោ. ១:១៩) ហេតុនេះហើយ ពួកគេអាចគិតថាបើរើ ប្រហែលជាកន្លែងថ្មីមិនសូវល្អដូចមុនទេ។
កាលដែលចាប់ផ្ដើមរើជំរំ អ្នកខ្លះប្រហែលជាត្រូវចាំដោយអត់ធ្មត់រហូតដល់វេនរបស់ពួកគេ។ ទាំងអស់គ្នាឮសំឡេងត្រែញាប់រន្ថាន់នោះ ប៉ុន្តែមិនមែនគ្រប់គ្នាអាចរើទៅដំណាលគ្នាទេ។ សំឡេងត្រែញាប់រន្ថាន់នោះផ្ដល់សញ្ញាថាកុលសម្ព័ន្ធដែលនៅជំរំភាគខាងកើត គឺកុលសម្ព័ន្ធយូដា អ៊ីសាខារ និងសេប៊ូឡូន គួររើទៅ។ (ជន. ២:៣-៧; ១០:៥, ៦) ក្រោយពីពួកគេបានចេញទៅហើយ ពួកសង្ឃផ្លុំត្រែដោយសំឡេងញាប់រន្ថាន់ជាលើកទី២ ដើម្បីផ្ដល់សញ្ញាដល់កុលសម្ព័ន្ធបីដែលដំឡើងត្រសាលនៅភាគខាងត្បូង។ ពួកសង្ឃបន្តធ្វើដូច្នេះរហូតដល់ជំរំបានរើចេញអស់។
អ្នកប្រហែលជាមានអារម្មណ៍ថាការកែប្រែផ្សេងៗគឺមិនសូវស្រួលធ្វើតាមទេ។ ហេតុអ្វី? អ្នកប្រហែលជាគិតថាមានការផ្លាស់ប្ដូរច្រើនពេក។ ឬអ្នកប្រហែលជាចូលចិត្តរបៀបពីមុន ហើយមិនចង់ឲ្យវាផ្លាស់ប្ដូរទេ។ មិនថាមានមូលហេតុណាក្ដី អ្នកប្រហែលជាត្រូវមានចិត្តអត់ធ្មត់រហូតដល់ស៊ាំនឹងការផ្លាស់ប្ដូរនោះ ហើយអ្នកត្រូវការពេលដើម្បីទទួលយកវា។ ទោះជាយ៉ាងនោះក៏ដោយ បើយើងព្យាយាមធ្វើតាម យើងទំនងជានឹងឃើញថាការផ្លាស់ប្ដូរនោះគឺល្អសម្រាប់យើង ហើយថាព្រះយេហូវ៉ាពេញចិត្តនឹងយើង។
នៅសម័យម៉ូសេ ព្រះយេហូវ៉ាបានដឹកនាំបុរសស្ត្រីនិងកូនក្មេងរាប់លាននាក់ឆ្លងកាត់តំបន់ស្ងាត់ជ្រងំ។ បើគ្មានការថែរក្សានិងការណែនាំពីលោកទេ ពួកគេមិនអាចរួចជីវិតបានឡើយ។ សព្វថ្ងៃនេះ ព្រះយេហូវ៉ាណែនាំយើងក្នុងអំឡុងគ្រាចុងក្រោយបង្អស់ដ៏មានគ្រោះថ្នាក់នេះ។ លោកជួយយើងឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងលោក ហើយរក្សាជំនឿរបស់យើងឲ្យមាំមួន។ យ៉ាងនេះ សូមយើងទាំងអស់គ្នាតាំងចិត្តធ្វើដូចដែលជនជាតិអ៊ីស្រាអែលដ៏ស្មោះត្រង់បានធ្វើ ពេលឮសំឡេងត្រែ!