លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុ​អ្វី​យើង​ត្រូវ​«​ចាំ​យាម​»​?

ហេតុ​អ្វី​យើង​ត្រូវ​«​ចាំ​យាម​»​?

​«​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ម្ចាស់​របស់​អ្នក​នឹង​មក​វិញ​នៅ​ថ្ងៃ​ណា​ឡើយ​»។—ម៉ាថាយ ២៤:៤២

ចម្រៀង​លេខ: ១៣៦, ៥៤

១​. សូម​លើក​ឧទាហរណ៍​មួយ​អំពី​សារៈសំខាន់​នៃ​ការ​ដឹង​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ជុំ​វិញ​យើង​និង​ការ​មិន​ភ្លេច​ខ្លួន​ថា​នេះ​ជា​ពេល​វេលា​ណា។ (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

មហា​សន្និបាត​ហៀបនឹង​ចាប់​ផ្ដើម។ អធិការី​បាន​ដើរ​លើ​វេទិកា ហើយ​ស្វាគមន៍​អ្នក​ចូល​រួម​ទាំង​អស់។ បទ​ភ្លេង​ជិត​ចាប់​ផ្ដើម​លេង។ អ្នក​ស្តាប់​ដឹង​ថា​នេះ​ជា​ពេល​ដែល​ត្រូវ​អង្គុយ​ចុះ។ ពួក​គេ​ចង់​ស្តាប់​បទ​ភ្លេង​ដ៏​ពីរោះ ហើយ​ទន្ទឹង​រង់​ចាំ​ស្តាប់​សុន្ទរកថា។ ប៉ុន្ដែ ប្រហែល​ជា​មាន​អ្នក​ខ្លះ​ដែល​មិន​បាន​យក​ចិត្ដ​ទុក​ដាក់​ស្តាប់​អធិការី ឬ​មិន​ចាប់​អារម្មណ៍​ថា​បទ​ភ្លេង​កំពុង​លេង​ទេ។ ដូច្នេះ ពួក​គេ​មិន​ដឹង​ថា​មហា​សន្និបាត​កំពុង​ចាប់​ផ្ដើម ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​នៅ​តែ​ដើរ​ទៅ​ដើរ​មក ឬ​និយាយ​ជា​មួយ​នឹង​មិត្ដ​ភក្ដិ​របស់​ពួក​គេ។ ស្ថានភាព​នេះ​បង្ហាញ​អំពី​អ្វី​ដែល​អាច​កើត​ឡើង បើ​យើង​ភ្លេច​ខ្លួន​ថា​នេះ​ជា​ពេល​វេលា​ណា ឬ​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ជុំ​វិញ​យើង។ នេះ​ជា​មេ​រៀន​ដ៏​សំខាន់​មួយ​សម្រាប់​យើង ពី​ព្រោះ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​ជាង​នេះ​ឆ្ងាយ​ណាស់​នឹង​ចាប់​ផ្ដើម ហើយ​យើង​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្ដិការណ៍​នោះ។ តើ​ព្រឹត្ដិការណ៍​នោះ​គឺ​ជា​អ្វី?

២​. ហេតុ​អ្វី​លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ឲ្យ​«​ចាំ​យាម​»​?

លោក​យេស៊ូ​គ្រិស្ដ​បាន​ព្រមាន​អ្នក​កាន់​តាម​លោក​អំពី​សារៈសំខាន់​នៃ​ការ​ភ្ញាក់​ដឹង​ខ្លួន​ជា​និច្ច និង​ការ​ត្រៀម​ខ្លួន​សម្រាប់​«​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»។ លោក​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​ឃ្លាំ​មើល​ជា​និច្ច ចូរ​ប្រុង​ប្រយ័ត្ន ព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ពេល​ណា​ជា​ពេល​កំណត់​ឡើយ​»។ បន្ទាប់​មក លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ប៉ុន្មាន​ដងថា​៖ ​«​ចូរ​ចាំ​យាម​»។ (​ម៉ាថាយ ២៤:៣; សូម​អាន ម៉ាកុស ១៣:៣២​-​៣៧) សៀវភៅ​ម៉ាថាយ​ក៏​បង្ហាញ​ដែរ​ថា​លោក​យេស៊ូ​បាន​ព្រមាន​អ្នក​កាន់​តាម​លោក​អំពី​រឿង​នេះ។ លោក​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​ចាំ​យាម ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ម្ចាស់​របស់​អ្នក​នឹង​មក​វិញ​នៅ​ថ្ងៃ​ណា​ឡើយ​»។ លោក​បាន​ព្រមាន​ពួក​គេ​ម្ដង​ទៀត​ថា​៖ ‹អ្នក​រាល់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច ពី​ព្រោះ​កូន​មនុស្ស​នឹង​មក​នៅ​ម៉ោង​ដែល​អ្នក​រាល់​គ្នា​មិន​នឹក​ស្មាន›។ បន្ទាប់​មក លោក​បាន​មាន​ប្រសាសន៍​ម្ដង​ទៀត​ថា​៖ ​«​ចូរ​ចាំ​យាម ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថ្ងៃ​ឬ​ម៉ោង​នោះ​ឡើយ​»។—ម៉ាថាយ ២៤:៤២​-​៤៤; ២៥:១៣

៣​. ហេតុ​អ្វី​យើង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ការ​ព្រមាន​របស់​លោក​យេស៊ូ?

សាក្សី​ព្រះ​យេហូវ៉ា​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ការ​ព្រមាន​ដែល​លោក​យេស៊ូ​បាន​ផ្ដល់​ឲ្យ។ យើង​ដឹង​ថា​យើង​កំពុង​រស់​នៅ​ក្នុង​«​គ្រា​ចុង​បំផុត​»​ ហើយ​ថា‹គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង›នឹង​ចាប់​ផ្ដើម​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ! (​ដានីយ៉ែល ១២:៤; ម៉ាថាយ ២៤:២១​) ដូច​លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​នៅ​ទូ​ទាំង​ផែន​ដី។ នៅ​ពេល​ដំណាល​គ្នា​នោះ យើង​ឃើញ​មាន​សង្គ្រាម ជំងឺ ការ​រញ្ជួយ​ដី និង​ការ​អត់​ឃ្លាន​នៅ​កន្លែង​ផ្សេង​ៗ។ បន្ថែម​ទៅ​ទៀត មនុស្ស​បាន​ត្រូវ​បំភាន់​ដោយ​សាសនា ហើយ​មាន​ឧក្រិដ្ឋកម្ម និង​អំពើ​ហិង្សា​ច្រើន​ជាង​គ្រា​មុន​ៗ​ទៅ​ទៀត។ (​ម៉ាថាយ ២៤:៧, ១១, ១២, ១៤; លូកា ២១:១១​) ឥឡូវ​នេះ យើង​ទន្ទឹង​រង់​ចាំ​ពេល​ដែល​លោក​យេស៊ូ​នឹង​មក ហើយ​សម្រេច​គោល​បំណង​របស់​បិតា​លោក។—ម៉ាកុស ១៣:២៦, ២៧

ថ្ងៃ​នោះ​កាន់​តែ​ជិត​មក​ដល់!

៤​. (​ក​) ហេតុ​អ្វី​យើង​អាច​ជឿ​ថា​នៅ​ឥឡូវ​នេះ លោក​យេស៊ូ​ដឹង​អំពី​ពេល​ដែល​នឹង​មាន​សង្គ្រាម​ហាម៉ាគេដូន? (​ខ​) ទោះ​ជា​យើង​មិន​ដឹង​អំពី​ពេល​ដែល​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​នឹង​ចាប់​ផ្ដើម​ក៏​ដោយ តើ​យើង​អាច​ជឿ​ជាក់​អំពី​អ្វី?

ពេល​យើង​ចូល​រួម​មហា​សន្និបាត យើង​ដឹង​ថា​កម្ម​វិធី​នីមួយ​ៗ​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា។ ក៏​ប៉ុន្ដែ យើង​មិន​អាច​ដឹង​ច្បាស់​ថា​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា​ទេ។ ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​គ្មាន​អ្នក​ណា​ដឹង​ថ្ងៃ​និង​ម៉ោង​នោះ​ឡើយ។ សូម្បី​តែ​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌ និង​បុត្រ​របស់​ព្រះ​ក៏​មិន​ជ្រាប​ដែរ។ មាន​តែ​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ​ដែល​ជ្រាប​»។ (​ម៉ាថាយ ២៤:៣៦​) ឥឡូវ​នេះ​លោក​យេស៊ូ​ទំនង​ជា​ដឹង​អំពី​ពេល​ណា​ដែល​នឹង​មាន​សង្គ្រាម​ហាម៉ាគេដូន ពី​ព្រោះ​លោក​គឺ​ជា​អ្នក​នាំ​មុខ​ក្នុង​សង្គ្រាម​នោះ។ (​ការ​បើក​បង្ហាញ ១៩:១១​-​១៦​) ប៉ុន្ដែ យើង​នៅ​តែ​មិន​ដឹង​ថា​ទី​បញ្ចប់​នឹង​មក​ដល់​នៅ​ថ្ងៃ​ណា ឬ​ម៉ោង​ណា​ទេ។ នេះ​ជា​មូលហេតុ​ដែល​ការ​ចាំ​យាម​គឺ​សំខាន់​ណាស់​សម្រាប់​យើង។ ព្រះ​យេហូវ៉ា​បាន​កំណត់​ពេល​ដែល​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​នឹង​ចាប់​ផ្ដើម ហើយ​ជា​រៀង​រាល់​ថ្ងៃ ថ្ងៃ​នោះ​កាន់​តែ​ជិត​មក​ដល់​ណាស់​ហើយ។ ថ្ងៃ​នោះ​នឹង​មក​«​ឥត​រា​រង់​ឡើយ​»​! (​សូម​អាន ហាបាគុក ២:១​-​៣) ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ដូច្នេះ?

ព្រះ​យេហូវ៉ា​បាន​កំណត់ ពេល​ដែល​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង នឹង​ចាប់​ផ្ដើម

៥​. សូម​លើក​ឧទាហរណ៍​មួយ​ដើម្បី​បង្ហាញ​ថា​ទំនាយ​របស់​ព្រះ​យេហូវ៉ា​តែង​តែ​បាន​សម្រេច​តាម​ពេល​កំណត់។

ទំនាយ​របស់​ព្រះ​យេហូវ៉ា​តែង​តែ​បាន​សម្រេច​តាម​ពេល​កំណត់! ជា​ឧទាហរណ៍ សូម​គិត​អំពី​ថ្ងៃ​ដែល​លោក​បាន​រំដោះ​រាស្ដ្រ​របស់​លោក​ចេញ​ពី​ស្រុក​អេស៊ីប។ ថ្ងៃ​នោះ​គឺ​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​១៥១៣ មុន​គ.ស.។ ក្រោយ​មក ម៉ូសេ​បាន​សរសេរ​អំពី​ថ្ងៃ​នោះ​ថា​៖ ​«​ដល់​ផុត​ពី​៤៣០​ឆ្នាំ​នោះ​ទៅ នៅ​ថ្ងៃ​ដដែល​នោះ​ឯង ពួក​កក​កុញ​របស់​ព្រះ​យេហូវ៉ា​គេ​ក៏​នាំ​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ​»។ (​និក្ខមនំ ១២:៤០​-​៤២​) បួន​រយ​សាមសិប​ឆ្នាំ​នោះ​បាន​ចាប់​ផ្ដើម​នៅ​ពេល​ដែល​កិច្ច​ព្រម​ព្រៀងរបស់​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​អាប្រាហាំ​ដែល​ថា​លោក​នឹង​ផ្ដល់​ពរ​ទៅ​លើ​កូន​ចៅ​របស់​គាត់ មាន​សុពលភាព​នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​១៩៤៣ មុន​គ.ស.។ បួន​រយ​សាមសិប​ឆ្នាំ​ក្រោយ​មក​នៅ​ថ្ងៃ​ដដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​រំដោះ​ចេញ​ពី​ស្រុក​អេស៊ីប។ (​កាឡាទី ៣:១៧, ១៨​) នៅ​ពេល​មួយ​ទៀត ព្រះ​យេហូវ៉ា​បាន​ប្រាប់​អាប្រាហាំ​ថា​៖ ​«​ចូរ​ដឹង​ជា​ប្រាកដ​ថា ពូជ​ឯង​នឹង​ត្រូវ​ទៅ​ជា​អ្នក​ដទៃ​នៅ​ស្រុក​១​ដែល​មិន​មែន​ជា​ស្រុក​របស់​ផង​ខ្លួន ហើយ​ត្រូវ​បំរើ​ពួក​ស្រុក​នោះ ដែល​គេ​នឹង​សង្កត់​សង្កិន​ឯង​អស់​រវាង​៤០០​ឆ្នាំ​»។ (​លោកុប្បត្ដិ ១៥:១៣; សកម្មភាព ៧:៦​) បួន​រយ​ឆ្នាំ​នោះ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៣ មុន​គ.ស. ពេល​ដែល​អ៊ីសម៉ាអែល​បាន​ចាប់​ផ្ដើម​ប្រព្រឹត្ដ​យ៉ាង​អាក្រក់​ចំពោះ​អ៊ីសាក។ បួន​រយ​ឆ្នាំ​នោះ​បាន​ចប់​នៅ​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​បាន​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប។ (​លោកុប្បត្ដិ ២១:៨​-​១០; កាឡាទី ៤:២២​-​២៩​) មែន​ហើយ រាប់​រយ​ឆ្នាំ​មុន ព្រះ​យេហូវ៉ា​បាន​កំណត់​ថ្ងៃ​ពិត​ប្រាកដ​ដែល​លោក​នឹង​រំដោះ​រាស្ដ្រ​របស់​លោក!

៦​. ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​រាស្ដ្រ​របស់​លោក?

យ៉ូស្វេ​នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ដែល​បាន​ត្រូវ​រំដោះ​ចេញ​ពី​ស្រុក​អេស៊ីប។ ច្រើន​ឆ្នាំ​ក្រោយ​មក​គាត់​បាន​រំលឹក​បណ្ដា​ជន​ថា​៖ ​«​ឯ​នៅ​ក្នុង​ចិត្ដ ហើយ​ក្នុង​វិញ្ញាណ​របស់​ឯង នោះ​ក៏​ដឹង​ទាំង​អស់​គ្នា​ថា ឯ​អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​មាន​បន្ទូល​សន្យា​ហើយ នោះ​គ្មាន​ខ្វះ​ណា​មួយ​សោះ។ ទាំង​អស់​បាន​សំ​រេច​គ្រប់​ជំពូក ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ​»។ (​យ៉ូស្វេ ២៣:២, ១៤​) ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​លោក​នឹង​សង្គ្រោះ​រាស្ដ្រ​របស់​លោក​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ហើយ​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​ពួក​គេ​ក្នុង​ពិភព​លោក​ថ្មី។ ម្យ៉ាង​ទៀត យើង​អាច​ប្រាកដ​ថា​សេចក្ដី​សន្យា​របស់​លោក​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត។ ដូច្នេះ បើ​យើង​ចង់​ចូល​ក្នុង​ពិភព​លោក​ថ្មី​នោះ យើង​ត្រូវ​ចាំ​យាម។

ចូរ​ចាំ​យាម​ដើម្បី​រួច​ជីវិត

៧, ៨​. (​ក​) តើ​អ្នក​យាម​នៅ​សម័យ​បុរាណ​មាន​តួនាទី​អ្វី ហើយ​តើ​នេះ​បង្រៀន​យើង​យ៉ាង​ណា? (​ខ​) សូម​លើក​ឧទាហរណ៍​មួយ​អំពី​អ្វី​ដែល​អាច​កើត​ឡើង​ពេល​ដែល​អ្នក​យាម​ដេក​លក់​នៅ​ម៉ោង​ធ្វើ​ការ។

យើង​អាច​ទាញ​មេ​រៀន​ពី​គំរូ​របស់​អ្នក​យាម​នៅ​ក្រុង​ផ្សេង​ៗ​នា​សម័យ​បុរាណ។ ក្រុង​ជា​ច្រើន​ទាំង​នោះ​បាន​ត្រូវ​ហ៊ុម​ព័ទ្ធ​ដោយ​កំពែង​ខ្ពស់​ដើម្បី​មិន​ឲ្យ​សត្រូវ​ចូល​ខាង​ក្នុង​បាន នេះ​រួម​បញ្ចូល​ក្រុង​យេរូសាឡិម​ជា​ដើម។ អ្នក​យាម​បាន​ឈរ​លើ​កំពែង​នោះ ហើយ​ពី​កំពែង​នោះ​ពួក​គេ​អាច​មើល​ឃើញ​ទឹក​ដី​ដែល​នៅ​ជុំ​វិញ​ក្រុង​នោះ។ អ្នក​យាម​ឯ​ទៀត​បាន​ឈរ​នៅ​ឯ​ខ្លោង​ទ្វារ​ក្រុង។ បុរស​ទាំង​នោះ​ត្រូវ​ចាំ​យាម​នៅ​ពេល​យប់​និង​ពេល​ថ្ងៃ ហើយ​បើ​ពួក​គេ​ឃើញ​សត្រូវ​មក ពួក​គេ​ត្រូវ​ព្រមាន​បណ្ដា​ជន​ដែល​នៅ​ក្នុង​ក្រុង។ (​អេសាយ ៦២:៦​) ពួក​គេ​បាន​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ដឹង​ខ្លួន​ជា​និច្ច ហើយ​ពួក​គេ​មើល​យ៉ាង​យក​ចិត្ដ​ទុក​ដាក់​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង។ បើ​ពួក​គេ​មិន​ធ្វើ​ដូច្នេះ​ទេ មនុស្ស​ជា​ច្រើន​នាក់​អាច​ស្លាប់។—អេសេគាល ៣៣:៦

យ៉ូសេហ្វឺស​ដែល​បាន​សរសេរ​អំពី​ប្រវត្ដិសាស្ដ្រ​នៃ​ជន​ជាតិ​យូដា បាន​ពន្យល់​អំពី​របៀប​ដែល​កង​ទ័ព​រ៉ូម​អាច​ចូល​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៧០ គ.ស.។ អ្នក​យាម​នៅ​ផ្នែក​មួយ​នៃ​ក្រុង​នោះ​បាន​ដេក​លក់។ ជា​លទ្ធផល កង​ទ័ព​រ៉ូម​អាច​ចូល​ក្រុង​នោះ​បាន។ កង​ទ័ព​រ៉ូម​នោះ​បាន​ចូល​ទៅ​វិហារ ដុត​វិហារ​នោះ ហើយ​បំផ្លាញ​ក្រុង​យេរូសាឡិម​ទាំង​មូល។ នោះ​គឺ​ជា​ផ្នែក​ចុង​ក្រោយ​នៃ​គ្រា​ទុក្ខ​វេទនា​ខ្លាំង​បំផុត​ដែល​ប្រជា​ជាតិ​យូដា​មិន​ធ្លាប់​មាន​ពី​មុន​មក។

៩​. សព្វ​ថ្ងៃ​នេះ តើ​មនុស្ស​ភាគ​ច្រើន​មិន​ទទួល​ស្គាល់​អ្វី?

រដ្ឋាភិបាល​ភាគ​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ យាម​ព្រំ​ដែន​របស់​ពួក​គេ​ដោយ​ដាក់​ទាហាន និង​ប្រព័ន្ធ​សុវត្ថិភាព​ដែល​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ថ្មី​បំផុត។ រដ្ឋាភិបាល​ទាំង​នោះ​ពិនិត្យ​មើល​អ្នក​ណា​ឬ​អ្វី​ណា​ដែល​អាច​ប៉ះ​ពាល់​ដល់​សន្ដិ​សុខ​នៃ​ប្រទេស​របស់​ពួក​គេ។ ប៉ុន្ដែ ពួក​គេ​មិន​ទទួល​ស្គាល់​ថា​នៅ​ស្ថាន​សួគ៌​មាន​រដ្ឋាភិបាល​មួយ​ដែល​មាន​អំណាច​ខ្លាំង​ក្លា​ជាង ដែល​គ្រប់គ្រង​ដោយ​លោក​យេស៊ូ​គ្រិស្ដ។ មិន​យូរ​ទៀត រដ្ឋាភិបាល​នេះ​នឹង​ធ្វើ​សង្គ្រាម​ប្រឆាំង​រដ្ឋាភិបាល​ទាំង​អស់​នៅ​ផែន​ដី។ (​អេសាយ ៩:៦, ៧; ៥៦:១០; ដានីយ៉ែល ២:៤៤​) យើង​ទន្ទឹង​រង់​ចាំ​ថ្ងៃ​នោះ​មក​ដល់ ហើយ​ចង់​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​នោះ។ ដូច្នេះ យើង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ទំនាយ​ក្នុង​គម្ពីរ ហើយ​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​ត្រង់។—ទំនុក​តម្កើង ១៣០:៦

ចូរ​កុំ​ឲ្យ​អ្វី​មក​បំបែរ​អារម្មណ៍

១០, ១១​. (​ក​) តើ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​អំពី​អ្វី ហើយ​ហេតុ​អ្វី? (​ខ​) តើ​អ្វី​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​ថា​ឥទ្ធិពល​ពី​មេ​កំណាច​នាំ​ឲ្យ​មនុស្ស​ព្រងើយ​កន្ដើយ​នឹង​ទំនាយ​ក្នុង​គម្ពីរ?

១០ សូម​ស្រមៃ​គិត​អំពី​អ្នក​យាម​ម្នាក់​ដែល​មិន​បាន​ដេក​ពេញ​មួយ​យប់។ ក្នុង​អំឡុង​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​ដែល​គាត់​ចាំ​យាម គឺ​ពិបាក​ណាស់​ឲ្យ​គាត់​មិន​ដេក​លក់ ដោយ​សារ​គាត់​ងងុយ​ខ្លាំង។ ស្រដៀង​គ្នា​ដែរ យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​ពិភព​លោក​នេះ។ ម្យ៉ាង​ទៀត កាល​ដែល​យើង​កាន់​តែ​ជិត​ចូល​ដល់​ទី​បញ្ចប់ នោះ​យើង​នឹង​កាន់​តែ​ពិបាក​ឲ្យ​នៅ​ដឹង​ខ្លួន។ បើ​យើង​មិន​បាន​ចាំ​យាម នោះ​គួរ​ឲ្យ​ស្តាយ​ណាស់! សូម​យើង​ពិចារណា​អ្វី​បី​យ៉ាង​ដែល​អាច​បញ្ឈប់​យើង​ពី​ការ​ដឹង​ខ្លួន​ជា​និច្ច។

១១ មេ​កំណាច​បោក​បញ្ឆោត​មនុស្ស។ វា​គឺ​ជា​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​»។ មិន​យូរ​ប៉ុន្មាន​មុន​លោក​យេស៊ូ​ស្លាប់ លោក​បាន​រំលឹក​ពួក​អ្នក​កាន់​តាម​លោក​អស់​បី​ដង​អំពី​ហេតុ​ការណ៍​ពិត​នេះ។ (​យ៉ូហាន ១២:៣១; ១៤:៣០; ១៦:១១​) មេ​កំណាច​ប្រើ​សាសនា​មិន​ពិត​ដើម្បី​បោក​បញ្ឆោត​មនុស្ស។ នេះ​គឺ​ជា​មូលហេតុ​ដែល​មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ ព្រងើយ​កន្ដើយ​នឹង​ទំនាយ​ក្នុង​គម្ពីរ​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា​ទី​បញ្ចប់​នៃ​ពិភព​លោក​នេះ​គឺ​ជិត​មក​ដល់​ណាស់​ហើយ។ (​សេផានា ១:១៤​) យើង​ឃើញ​ច្បាស់​ថា សាថាន​បាន​«​ធ្វើ​ឲ្យ​គំនិត​របស់​ពួក​អ្នក​មិន​ជឿ​ទៅ​ជា​ងងឹត​»។ (​កូរិនថូស​ទី២ ៤:៣​-​៦​) ជា​លទ្ធផល ពេល​យើង​ព្យាយាម​ប្រាប់​មនុស្ស​ថា​ទី​បញ្ចប់​នៃ​ពិភព​លោក​នេះ​គឺ​ជិត​មក​ដល់ ហើយ​ថា​គ្រិស្ដ​កំពុង​គ្រប់​គ្រង នោះ​ពួក​គេ​ជា​ច្រើន​នាក់​មិន​ចង់​ស្តាប់​ទេ។ ពួក​គេ​ច្រើន​តែ​និយាយ​ថា​៖ ​«​ខ្ញុំ​អត់​ចាប់​អារម្មណ៍​»។

១២​. ហេតុ​អ្វី​យើង​មិន​ត្រូវ​ឲ្យ​មេ​កំណាច​បោក​បញ្ឆោត​យើង?

១២ ទោះ​បី​ជា​មនុស្ស​ជា​ច្រើន​មិន​ចាប់​អារម្មណ៍​ទំនាយ​គម្ពីរ​ក៏​ដោយ យើង​មិន​ត្រូវ​ឲ្យ​ចិត្ដ​គំនិត​របស់​ពួក​គេ​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ដ​ឡើយ។ យើង​ដឹង​អំពី​មូលហេតុ​ដែល​ការ​ចាំ​យាម​គឺ​សំខាន់។ ប៉ូល​បាន​និយាយ​ទៅ​កាន់​បង​ប្អូន​រួម​ជំនឿ​របស់​គាត់​ថា​៖ ​«​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​»។ គាត់​បាន​និយាយ​បន្ថែម​ទៀត​ថា ថ្ងៃ​នោះ​នឹង​មក​«​ដូច​ជា​ចោរ​មក​នៅ​ពេល​យប់​»។ (​សូម​អាន ថែស្សាឡូនិច​ទី១ ៥:១​-​៦) លោក​យេស៊ូ​បាន​ព្រមាន​យើង​ថា​៖ ‹ត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច ពី​ព្រោះ​កូន​មនុស្ស​នឹង​មក​នៅ​ម៉ោង​ដែល​អ្នក​រាល់​គ្នា​មិន​នឹក​ស្មាន›។ (​លូកា ១២:៣៩, ៤០​) មិន​យូរ​ទៀត សាថាន​នឹង​បោក​បញ្ឆោត​មនុស្ស​ដោយ​ធ្វើ​ឲ្យ​ពួក​គេ​គិត​ថា​ពិភព​លោក​មាន​«​សន្ដិ​ភាព​និង​សន្ដិ​សុខ​»។ បន្ទាប់​មក​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ដល់​ភ្លាម​ៗ ហើយ​ពួក​គេ​នឹង​ភ្ញាក់​ផ្អើល។ ចុះ​យ៉ាង​ណា​យើង​វិញ? បើ​យើង​ចង់​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​នោះ ហើយ​មិន​ចាញ់​បោក​ដូច​អ្នក​ឯ​ទៀត យើង​ត្រូវ​«​ភ្ញាក់​ហើយ​ដឹង​ខ្លួន​ជា​និច្ច​»។ នេះ​គឺ​ជា​មូលហេតុ​ដែល​យើង​ត្រូវ​អាន​បណ្ដាំ​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ ហើយ​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ប្រាប់​យើង។

១៣​. តើ​ចិត្ដ​គំនិត​របស់​ពិភព​លោក​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​មនុស្សជាតិ ហើយ​តើ​តាម​របៀប​ណា​យើង​អាច​ជៀស​វាង​ឥទ្ធិពល​នេះ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់?

១៣ ចិត្ដ​គំនិត​របស់​ពិភព​លោក​នេះ​មាន​ឥទ្ធិពល​លើ​របៀប​គិត​គូរ​របស់​មនុស្ស។ មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​គិត​ថា​ពួក​គេ​មិន​ចាំ​បាច់​ស្គាល់​ព្រះ​ទេ។ (​ម៉ាថាយ ៥:៣​) ផ្ទុយ​ទៅ​វិញ ពួក​គេ​ប្រើ​ពេល​វេលា​និង​កម្លាំង​ភាគ​ច្រើន​របស់​ពួក​គេ​ដើម្បី​បាន​អ្វី​ៗ​ដែល​ពិភព​លោក​នេះ​ផ្ដល់​ឲ្យ។ (​យ៉ូហាន​ទី១ ២:១៦​) ម្យ៉ាង​ទៀត ជាង​គ្រា​មុន​ៗ មាន​ការ​កម្សាន្ដ​ជា​ច្រើន​ប្រភេទ​ដែល​ទាក់​ទាញ​មនុស្ស និង​លើក​ទឹក​ចិត្ដ​ពួក​គេ​ឲ្យ​ស្រឡាញ់​ការ​សប្បាយ ហើយ​បំពេញ​បំណង​ចិត្ដ​ណា​ដែល​ពួក​គេ​មាន។ (​ធីម៉ូថេ​ទី២ ៣:៤​) អ្វី​ៗ​ទាំង​នេះ​បំបែរ​អារម្មណ៍​មនុស្ស​ពី​អ្វី​ដែល​សំខាន់​ជាង ហើយ​ពួក​គេ​មិន​គិត​អំពី​ចំណង​មិត្ដភាព​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ​ទេ។ នេះ​គឺ​ជា​មូលហេតុ​ដែល​ប៉ូល​បាន​រំលឹក​គ្រិស្ដ​សាសនិក​ថា​ពួក​គេ​គួរ​«​ភ្ញាក់​ពី​ការ​ដេក​លក់​»​ដោយ​មិន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បំពេញ​បំណង​ចិត្ដ​របស់​ពួក​គេ​ឡើយ។—រ៉ូម ១៣:១១​-​១៤

យើង​ចង់​ឲ្យ​សកម្មពល​របស់​ព្រះ​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​គិត​គូរ​របស់​យើង មិន​មែន​ឲ្យ​ចិត្ដ​គំនិត​របស់​ពិភព​លោក​នេះ​ទេ

១៤​. តើ​មាន​ការ​ព្រមាន​អ្វី​នៅ​លូកា ២១:៣៤, ៣៥?

១៤ យើង​ចង់​ឲ្យ​សកម្មពល​របស់​ព្រះ​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​គិត​គូរ​របស់​យើង មិន​មែន​ឲ្យ​ចិត្ដ​គំនិត​របស់​ពិភព​លោក​នេះ​ទេ។ តាម​រយៈ​សកម្មពល​របស់​លោក ព្រះ​យេហូវ៉ា​បាន​ជួយ​យើង​ឲ្យ​យល់​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង។ (​កូរិនថូស​ទី១ ២:១២​) [១] (​សូម​មើល​កំណត់​នៅ​ចុង​អត្ថបទ​) ប៉ុន្ដែ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន សូម្បី​តែ​អ្វី​ធម្មតា​ក្នុង​ជីវិត​អាច​បំបែរ​អារម្មណ៍​យើង​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា។ (​សូម​អាន លូកា ២១:៣៤, ៣៥) អ្នក​ឯ​ទៀត​ប្រហែល​ជា​ប្រាប់​យើង​ថា យើង​ជា​មនុស្ស​ល្ងង់​ខ្លៅ​ដោយ​ជឿ​ថា​យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​ពិភព​លោក​នេះ។ (​ពេត្រុស​ទី២ ៣:៣​-​៧​) ប៉ុន្ដែ យើង​មិន​ត្រូវ​ឲ្យ​ពួក​គេ​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ដ​ឡើយ។ យើង​មាន​ភ័ស្ដុតាង​ច្បាស់​លាស់​ថា​ទី​បញ្ចប់​នឹង​មក​ដល់​ឆាប់​ៗ​ខាង​មុខ​នេះ។ បើ​យើង​ចង់​ឲ្យ​សកម្មពល​របស់​ព្រះ​មាន​ឥទ្ធិពល​លើ​យើង យើង​ត្រូវ​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង។

តើ​អ្នក​កំពុង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​«​ចាំ​យាម​»​ឬ​ទេ? (​សូម​មើល​វគ្គ​១១​-​១៦​)

១៥​. តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​ពេត្រុស យ៉ាកុប និង​យ៉ូហាន ហើយ​តើ​នេះ​អាច​កើត​ឡើង​ចំពោះ​យើង​យ៉ាង​ដូច​ម្ដេច?

១៥ ភាព​ទន់​ខ្សោយ​របស់​យើង​ធ្វើ​ឲ្យ​យើង​កាន់​តែ​ពិបាក​នៅ​ដឹង​ខ្លួន​ជា​និច្ច។ លោក​យេស៊ូ​បាន​យល់​ថា​មនុស្សជាតិ​គឺ​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ​និង​មាន​ភាព​ទន់​ខ្សោយ។ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​យប់​មុន​លោក​ស្លាប់។ ទោះ​បី​លោក​យេស៊ូ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ក្ដី លោក​ដឹង​ថា​ដើម្បី​រក្សា​ភាព​ស្មោះ​ត្រង់ លោក​ត្រូវ​តែ​អធិដ្ឋាន​សុំ​បិតា​របស់​លោក​ឲ្យ​ជួយ​លោក។ លោក​យេស៊ូ​បាន​ប្រាប់​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ដែល​ជា​សាវ័ក​របស់​លោក​ឲ្យ​នៅ​ដឹង​ខ្លួន​កាល​ដែល​លោក​អធិដ្ឋាន។ ប៉ុន្ដែ ពួក​សាវ័ក​មិន​បាន​យល់​អំពី​សារៈសំខាន់​នៃ​ការភ្ញាក់​ដឹង​ខ្លួន​ទេ។ ពួក​គេ​អស់​កម្លាំង ហើយ​បាន​ដេក​លក់។ លោក​យេស៊ូ​ក៏​អស់​កម្លាំង​ដែរ តែ​លោក​នៅ​ភ្ញាក់​ដឹង​ខ្លួន ហើយ​បាន​អធិដ្ឋាន​ទៅ​បិតា​របស់​លោក។ ពួក​សាវ័ក​គួរ​តែ​អធិដ្ឋាន​នៅ​ពេល​នោះ​ផង​ដែរ។—ម៉ាកុស ១៤:៣២​-​៤១

១៦​. យោង​ទៅ​តាម​លូកា ២១:៣៦ តើ​លោក​យេស៊ូ​បាន​ណែនាំ​យើង​ឲ្យ​«​ចាំ​យាម​»​យ៉ាង​ដូច​ម្ដេច?

១៦ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​«​ចាំ​យាម​»​និង​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា? យើង​ត្រូវ​មាន​បំណង​ចិត្ដ​យ៉ាង​ខ្លាំង​ដើម្បី​បន្ដ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ ប៉ុន្ដែ នេះ​មិន​គ្រប់​គ្រាន់​ទេ។ ប៉ុន្មាន​ថ្ងៃ​មុន​លោក​យេស៊ូ​ស្លាប់ លោក​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​ពួក​គេ​ត្រូវ​បន្ដ​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ (​សូម​អាន លូកា ២១:៣៦) ដើម្បី​ដឹង​ខ្លួន​ជា​និច្ច​នៅ​គ្រា​ចុង​បញ្ចប់​នេះ យើង​ក៏​ត្រូវ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​គ្រប់​ពេល​វេលា​ដែរ។—ពេត្រុស​ទី១ ៤:៧

ចូរ​ចាំ​យាម

១៧​. តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​ប្រុង​ប្រៀប​ជា​ស្រេច​សម្រាប់​អ្វី​ដែល​នឹង​មក​ដល់​នៅ​ពេល​អនាគត​ខាង​មុខ​នេះ?

១៧ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​ទី​បញ្ចប់​នឹង​មក​«​នៅ​ម៉ោង​ដែល​អ្នក​រាល់​គ្នា​មិន​នឹក​ស្មាន​»។ (​ម៉ាថាយ ២៤:៤៤​) ដូច្នេះ យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​នៅ​គ្រប់​ពេល​វេលា។ ឥឡូវ​នេះ​មិន​មែន​ជា​ពេល​ដើម្បី​ព្យាយាម​មាន​របៀប​រស់​នៅ​ដែល​ពិភព​លោក​របស់​សាថាន​និយាយ​ថា​នឹង​នាំ​ឲ្យ​មាន​សុភមង្គល​ទេ។ នេះ​គឺ​គ្រាន់​តែ​ជា​សុបិន​មួយ​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ តាម​រយៈ​គម្ពីរ ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​ប្រាប់​យើង​អំពី​របៀប​ដែល​យើង​អាច​ចាំ​យាម។ ដូច្នេះ សូម​យើង​យក​ចិត្ដ​ទុក​ដាក់​នឹង​ទំនាយ​ក្នុង​គម្ពីរ និង​របៀប​ដែល​ទំនាយ​ទាំង​នេះ​កំពុង​ក្លាយ​ទៅ​ជា​ការ​ពិត។ ម្យ៉ាង​ទៀត សូម​យើង​ចូល​ទៅ​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា ហើយ​ចាត់​ទុក​រាជាណាចក្រ​របស់​លោក​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ យ៉ាង​នេះ យើង​នឹង​ប្រុង​ប្រៀប​ជា​ស្រេច​ពេល​ដែល​ទី​បញ្ចប់​មក​ដល់។ (​ការ​បើក​បង្ហាញ ២២:២០​) យើង​ត្រូវ​ធ្វើ​ដូច្នេះ​ដើម្បី​រួច​ជីវិត!

^ [​១​] (​វគ្គ​១៤​) សូម​មើលជំពូក​ទី​២១ក្នុង​សៀវភៅ​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​ហើយ!