លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្នក​អាច​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​តយុទ្ធ​ដើម្បី​កាន់​កាប់​លើ​គំនិត​របស់​អ្នក

អ្នក​អាច​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​តយុទ្ធ​ដើម្បី​កាន់​កាប់​លើ​គំនិត​របស់​អ្នក

អ្នក​កំពុង​រង​ការ​វាយ​ប្រហារ! សត្រូវ​របស់​អ្នក​គឺ​សាថាន ហើយ​អាវុធ​ដែល​វា​កំពុង​ប្រើ​គឺ​ខ្លាំង​ក្លា​ណាស់។ អាវុធ​នោះ​បាន​ត្រូវ​បង្កើត​យ៉ាង​ពិសេស​ដើម្បី​វាយ​ប្រហារ​គំនិត​របស់​អ្នក មិន​មែន​វាយ​ប្រហារ​លើ​រូប​កាយ​របស់​អ្នក​ទេ។ តើ​អាវុធ​នោះ​ជា​អ្វី? គឺ​ការ​ឃោសនា!

សាវ័ក​ប៉ូល​បាន​ដឹង​ថា​ការ​ឃោសនា​របស់​សាថាន​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ ប៉ុន្ដែ មិន​មែន​គ្រិស្ដ​សាសនិក​ទាំង​អស់​ដែល​ដឹង​អំពី​គ្រោះ​ថ្នាក់​នេះ​ទេ។ ជា​ឧទាហរណ៍ តាម​មើល​ទៅ គ្រិស្ដ​សាសនិក​ខ្លះ​នៅ​ក្រុង​កូរិនថូស​បាន​គិត​ថា​ពួក​គេ​មាំ​មួន​យ៉ាង​ខ្លាំង​ក្នុង​សេចក្ដី​ពិត​រហូត​ដល់​ពួក​គេ​មិន​អាច​ត្រូវ​សាថាន​ចាប់​យក​បាន​ឡើយ។ (​កូរិនថូស​ទី១ ១០:១២​) នេះ​ជា​មូលហេតុ​ដែល​ប៉ូល​បាន​ផ្ដល់​ការ​ព្រមាន​ថា​៖ ​«​ដូច​សត្វ​ពស់​បាន​ល្បួង​លួង​លោម​អេវ៉ា​ដោយ​កលល្បិច​របស់​វា នោះ​ខ្ញុំ​ខ្លាច​ថា ចិត្ដ​គំនិត​របស់​អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​បង្ខូច​តាម​របៀប​ណា​មួយ​ដែរ ហើយ​អ្នក​រាល់​គ្នា​នឹង​បាត់​បង់​ចិត្ដ​ស្មោះ​និង​ភាព​បរិសុទ្ធ​ដែល​គ្រិស្ដ​គួរ​ទទួល​»។—កូរិនថូស​ទី២ ១១:៣

ពាក្យ​សម្ដី​របស់​ប៉ូល​បង្ហាញ​ថា​គឺ​សំខាន់​ណាស់​ដែល​យើង​មិន​មាន​ទំនុក​ចិត្ដ​លើ​ខ្លួន​ហួស​ហេតុ​ពេក។ ដើម្បី​យក​ឈ្នះ​ការ​ឃោសនា​របស់​សាថាន អ្នក​ត្រូវ​ដឹង​ថា​ការ​ឃោសនា​នោះ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​យ៉ាង​ណា ហើយ​អ្នក​ក៏​ត្រូវ​ការពារ​ខ្លួន​អ្នក​ពី​ការ​ឃោសនា​នោះ​ដែរ។

តើ​ការ​ឃោសនា​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​យ៉ាង​ណា?

នៅ​ក្នុង​អត្ថបទ​នេះ ការ​ឃោសនា​គឺ​ជា​ព័ត៌មាន​មិន​ពិត​ឬ​ព័ត៌មាន​ដែល​នាំ​ឲ្យ​យល់​ខុស ដែល​បាន​ត្រូវ​ប្រើ​ដើម្បី​បោក​បញ្ឆោត​មនុស្ស ឬ​ដើម្បី​គ្រប់​គ្រង​ទៅ​លើ​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ដ​របស់​ពួក​គេ។ យោង​ទៅ​តាម​សៀវភៅ​មួយ ការ​ឃោសនា​គឺ​«​មិន​ត្រឹម​ត្រូវ បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់ និង​ជា​អ្វី​ដែល​អយុត្ដិធម៌​»។ (​Propaganda and Persuasion​) មនុស្ស​រៀប​រាប់​អំពី​ការ​ឃោសនា​ដោយ​ប្រើ​ពាក្យ​ដូច​ជា​«​កុហក បោក​ប្រាស់ បោក​បញ្ឆោត [​និង​]ការ​កាន់​កាប់​លើ​គំនិត​»។

ការ​ឃោសនា​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ដោយ​សារ​នេះ​អាច​មាន​ឥទ្ធិពល​មក​លើ​របៀប​គិត​គូរ​របស់​យើង​បន្ដិច​ម្ដង​ៗ​ដោយ​មិន​ដឹង​ខ្លួន។ យើង​អាច​ប្រដូច​ការ​ឃោសនា​ទៅ​នឹង​ឧស្ម័ន​ម្យ៉ាង​ដែល​មាន​ជាតិ​ពុល​ដែល​យើង​មិន​អាច​មើល​ឃើញ​ឬ​ដឹង​ក្លិន​ឡើយ។ វ៉ែន ផាកឃើត​ដែល​ជា​បណ្ឌិត​ម្នាក់​ដែល​សិក្សា​អំពី​ការ​ប្រព្រឹត្ដ​របស់​មនុស្ស បាននិយាយ​ថា​ការ​ឃោសនា​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ប្រព្រឹត្ដ​របស់​យើង​«​ច្រើន​ជាង​អ្វី​ដែល​យើង​ដឹង​ទៅ​ទៀត​»។ បណ្ឌិត​ម្នាក់​ទៀត​បាន​រៀប​រាប់​ថា​ការ​ឃោសនា​បាន​បណ្ដាល​ឲ្យ​មនុស្ស​ប្រព្រឹត្ដ​ដោយ​មិន​សម​ហេតុ​ផល​និង​តាម​របៀប​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ហើយ​បាន​នាំ​ឲ្យ​មាន​ការ​ប្រល័យ​ពូជ​សាសន៍ (​ពោល​គឺ​ពេល​ដែល​ពូជ​សាសន៍​ទាំង​មូល​បាន​ត្រូវ​ផ្ដួល​រលំ​) សង្គ្រាម និង​ការ​បៀត​បៀន​ដោយ​សារ​ការ​ប្រកាន់​ពូជ​សាសន៍​ឬ​សាសនា (​Easily Led—A History of Propaganda​)។

បើ​មនុស្ស​អាច​បោក​បញ្ឆោត​យើង​ដោយ​ប្រើ​ការ​ឃោសនា ចុះ​សាថាន​វិញ តើ​វា​អាច​ធ្វើ​លើស​ជាង​នេះ​យ៉ាង​ណា​ទៅ? វា​បាន​ពិនិត្យ​ពិចារណា​អំពី​ការ​ប្រព្រឹត្ដ​របស់​មនុស្ស​តាំង​ពី​មនុស្ស​ដំបូង​បាន​ត្រូវ​បង្កើត​មក។ ម្យ៉ាង​ទៀត សព្វ​ថ្ងៃ​នេះ​វា​កំពុង​គ្រប់​គ្រង​«​ពិភព​លោក​ទាំង​មូល​»​ ដូច្នេះ​វា​អាច​ប្រើ​ផ្នែក​ណា​ក៏​ដោយ​នៃ​ពិភព​លោក​នេះ​ដើម្បី​ផ្សាយ​ពាក្យ​កុហក​របស់​វា។ (​យ៉ូហាន​ទី១ ៥:១៩; យ៉ូហាន ៨:៤៤​) សាថាន​«​បាន​ធ្វើ​ឲ្យ​គំនិត​»​របស់​មនុស្ស​ច្រើន​ណាស់​«​ទៅ​ជា​ងងឹត​»​តាម​រយៈ​ការ​ឃោសនា​របស់​វា រហូត​ដល់​វា​«​បំភាន់​ពិភព​លោក​ទាំង​មូល​»​នៅ​ឥឡូវ​នេះ។ (​កូរិនថូស​ទី២ ៤:៤; ការ​បើក​បង្ហាញ ១២:៩​) តើ​តាម​របៀប​ណា​អ្នក​អាច​ទប់​ទល់​នឹង​ការ​ឃោសនា​របស់​វា?

ចូរ​ពង្រឹង​ជំនឿ​របស់​អ្នក

លោក​យេស៊ូ​បាន​បង្រៀន​យើង​ថា​មាន​វិធី​ដ៏​សាមញ្ញ​មួយ​ដើម្បី​តយុទ្ធ​នឹង​ការ​ឃោសនា គឺ​ដោយ​«​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរី​ភាព​»។ (​យ៉ូហាន ៨:៣១, ៣២​) នៅ​ក្នុង​សង្គ្រាម ទាហាន​ម្នាក់​ត្រូវ​ដឹង​ថា​គាត់​អាច​ទទួល​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ដ​នៅ​កន្លែង​ណា ដោយ​សារ​សត្រូវ​នឹង​ឃោសនា​ពាក្យ​កុហក​ដើម្បី​បោក​បញ្ឆោត​គាត់។ ដូច្នេះ តើ​អ្នក​អាច​ទទួល​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ដ​នៅ​កន្លែង​ណា? ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ព័ត៌មាន​នេះ​នៅ​ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ នៅ​ក្នុង​គម្ពីរ​អ្នក​អាច​រក​ឃើញ​អ្វី​ៗ​ទាំង​អស់​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​តយុទ្ធ​នឹង​ការ​ឃោសនា​របស់​សាថាន។—ធីម៉ូថេ​ទី២ ៣:១៦, ១៧

សាថាន​ដឹង​អំពី​រឿង​នេះ។ ដូច្នេះ វា​ប្រើ​ពិភព​លោក​ដែល​នៅ​ក្រោម​អំណាច​របស់​វា​ដើម្បី​បំបែរ​អារម្មណ៍​យើង​និង​ធ្វើ​ឲ្យ​យើង​មិន​ចង់​អាន​និង​សិក្សា​គម្ពីរ។ សូម​កុំ​ចាញ់​បោក​កលល្បិច​ដ៏​អាក្រក់​របស់​«​មេ​កំណាច​»​ឡើយ! (​អេភេសូរ ៦:១១​) ការ​ស្គាល់​ចំណេះ​បឋម​ៗ​អំពី​សេចក្ដី​ពិត​ប៉ុណ្ណោះ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ យើង​ត្រូវ​ខំ​ធ្វើ​ឲ្យ​ចំណេះ​របស់​យើង​ចំពោះ​សេចក្ដី​ពិត​កាន់​តែ​ជ្រាល​ជ្រៅ។ (​អេភេសូរ ៣:១៨​) ណូអិម ឆាមស្គី​ដែល​ជា​អ្នក​និពន្ធ​ម្នាក់​បាន​និយាយ​ថា​៖ ​«​គ្មាន​អ្នក​ណា​ម្នាក់​នឹង​ផ្ទេរ​សេចក្ដី​ពិត​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​របស់​អ្នក​បាន​ទេ។ នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​តែ​ស្វែង​យល់​ដោយ​ខ្លួន​អ្នក​ផ្ទាល់​»។ ដូច្នេះ ចូរ​«​ស្វែង​យល់​ដោយ​ខ្លួន​អ្នក​ផ្ទាល់​»​ ដោយ​«​ពិនិត្យ​មើល​បទ​គម្ពីរ​រាល់​ថ្ងៃ​»។—សកម្មភាព ១៧:១១

ដើម្បី​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​តយុទ្ធ​ដើម្បី​កាន់​កាប់​លើ​គំនិត​របស់​អ្នក អ្នក​ត្រូវ​ដឹង​ថា​ការ​ឃោសនា​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​យ៉ាង​ណា ហើយ​អ្នក​ក៏​ត្រូវ​ការពារ​ខ្លួន​អ្នក​ពី​ការ​ឃោសនា​នោះ​ដែរ

សាថាន​មិន​ចង់​ឲ្យ​អ្នក​គិត​ពិចារណា​ឲ្យ​បាន​ដិត​ដល់ ហើយ​យល់​សេចក្ដី​ពិត​អំពី​អ្វី​ដែល​អ្នក​ឮ​នោះ​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​សៀវភៅ​មួយ​បាន​រៀប​រាប់​ថា​ការ​ឃោសនា​«​ទំនង​ជា​មាន​ប្រសិទ្ធភាព​ខ្លាំងបំផុត​»​បើ​មនុស្ស​«​មិន​បាន​ត្រូវ​លើក​ទឹក​ចិត្ដ​ឲ្យ​គិត​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​»។ (​Media and Society in the Twentieth Century​) សូម​កុំ​ឆាប់​ជឿ​អ្វី​ៗ​ទាំង​អស់​ដែល​អ្នក​បាន​ឮ​ដោយ​មិន​ពិចារណា​ឲ្យ​បាន​ដិត​ដល់​អំពី​រឿង​នោះ​ឡើយ។ (​សុភាសិត ១៤:១៥​) ព្រះ​បាន​ឲ្យ​អ្នក​នូវ​«​គំនិត​វាង​វៃ​»​និង​«​សមត្ថភាព​រិះ​គិត​»​ ដូច្នេះ​ចូរ​ប្រើ​អ្វី​ទាំង​នេះ​ដើម្បី​ពង្រឹង​ជំនឿ​របស់​អ្នក។—សុភាសិត ២:១០​-​១៥; រ៉ូម ១២:១, ២

ចូរ​រក្សា​សាមគ្គី​ភាព

ទាហាន​ដែល​ទទួល​ឥទ្ធិពល​ពី​ការ​ឃោសនា​ចាប់​ផ្ដើម​ភ័យ​ខ្លាច ហើយ​មិន​សូវ​ចង់​ប្រយុទ្ធ។ ការ​ឃោសនា​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ពួក​ទាហាន​ឈ្លោះ​គ្នា ឬ​ផ្ដាច់​ខ្លួន​ពី​កង​ទ័ព។ យោង​ទៅ​តាម​ពាក្យ​សម្ដី​របស់​ឧត្ដមសេនីយ៍​ជន​ជាតិ​អាល្លឺម៉ង់​ម្នាក់ ការ​ឃោសនា​គឺ​ជា​មូលហេតុ​មួយ​ដែល​ប្រទេស​អាល្លឺម៉ង់​បាន​បរាជ័យ​ក្នុង​សង្គ្រាម​លោក​លើក​ទី១។ គាត់​បាន​និយាយ​ថា​មនុស្ស​បាន​ទទួល​ឥទ្ធិពល​ខ្លាំង​ណាស់​ពី​ការ​ឃោសនា គឺ​ប្រៀប​ដូច​ជា​ពួក​គេ​បាន​ត្រូវ​សណ្ដំ។ សាថាន​ប្រើ​វិធីសាស្ដ្រ​ស្រដៀង​នឹង​នេះ​ដើម្បី​បំផ្លាញ​សាមគ្គី​ភាព​របស់​គ្រិស្ដ​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ។ ជា​ឧទាហរណ៍ សាថាន​ព្យាយាម​ធ្វើ​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​បង​ប្អូន​របស់​យើង ឬ​វា​ខំ​ព្យាយាម​ធ្វើ​ឲ្យ​ពួក​គេ​ចាក​ចេញ​ពី​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​ដោយ​ឲ្យ​ពួក​គេ​គិត​ថា​អង្គ​ការ​របស់​ព្រះ​បាន​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌ ឬ​ក៏​បាន​ធ្វើ​អ្វី​ដែល​មិន​ត្រឹម​ត្រូវ។

កុំ​ឲ្យ​សាថាន​បោក​បញ្ឆោត​អ្នក​ឡើយ! ចូរ​ធ្វើ​តាម​យោបល់​ដែល​មក​ពី​បណ្ដាំ​របស់​ព្រះ ហើយ​រក្សា​សាមគ្គី​ភាព​ជា​មួយ​នឹង​បង​ប្អូន​របស់​អ្នក។ ជា​ឧទាហរណ៍ គម្ពីរ​លើក​ទឹក​ចិត្ដ​យើង​ឲ្យ​បន្ដ​«​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​»​ ហើយ​ឆាប់​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​ណា​ក៏​ដោយ​ដែល​យើង​មាន។ (​កូឡុស ៣:១៣, ១៤; ម៉ាថាយ ៥:២៣, ២៤​) ម្យ៉ាង​ទៀត គម្ពីរ​ក៏​ព្រមាន​យើង​មិន​ឲ្យ​ផ្ដាច់​ខ្លួន​ពី​ក្រុម​ជំនុំ​ឡើយ។ (​សុភាសិត ១៨:១​) សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​បាន​ត្រៀម​ខ្លួន​ដើម្បី​តយុទ្ធ​នឹង​ការ​ឃោសនា​របស់​សាថាន។ សូម​សួរ​ខ្លួន​អ្នក​ថា ‹លើក​មុន​ពេល​ដែល​បង​ប្អូន​ណា​ម្នាក់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទើស​ចិត្ដ តើ​ប្រតិកម្ម​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ ឬ​ធ្វើ​ឲ្យ​សាថាន​ពេញ​ចិត្ដ?›។—កាឡាទី ៥:១៦​-​២៦; អេភេសូរ ២:២, ៣

កុំ​ឲ្យ​បាត់​បង់​ទំនុក​ចិត្ដ​របស់​អ្នក​ឡើយ

ទាហាន​ម្នាក់​ដែល​មិន​មាន​ភក្ដី​ភាព​ចំពោះ​អ្នក​ដឹក​នាំ​របស់​ខ្លួន​នឹង​មិន​ប្រយុទ្ធ​បាន​ល្អ​ទេ។ ដូច្នេះ សត្រូវ​ប្រើ​ការ​ឃោសនា​ដើម្បី​បំផ្លាញ​ទំនុក​ចិត្ដ​របស់​ទាហាន​ទៅ​លើ​អ្នក​ដឹក​នាំ​របស់​ពួក​គេ។ បើ​អ្នក​ដឹក​នាំ​ធ្វើ​ខុស សត្រូវ​នឹង​ព្យាយាម​ប្រើ​កំហុស​នោះ​ដោយ​និយាយ​ថា ​«​អ្នក​មិន​អាច​ទុក​ចិត្ដ​អ្នក​ដឹក​នាំ​របស់​អ្នក​បាន​ទេ!​»​ ហើយ​ថា ​«​កុំ​ឲ្យ​ពួក​គេ​នាំ​អ្នក​ឲ្យ​អន្ដរាយ​ឡើយ!​»។ សាថាន​ធ្វើ​ដូច​នេះ​ដែរ។ វា​ព្យាយាម​បំផ្លាញ​ទំនុក​ចិត្ដ​របស់​យើង​ទៅ​លើ​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​ប្រើ​ដើម្បី​នាំ​មុខ​រាស្ដ្រ​របស់​លោក។

តើ​អ្នក​អាច​ការពារ​ខ្លួន​យ៉ាង​ដូច​ម្ដេច? ចូរ​តាំង​ចិត្ដ​រក្សា​ខ្លួន​ឲ្យ​នៅ​ជាប់​នឹង​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា។ ចូរ​បន្ដ​គាំ​ទ្រ​និង​មាន​ភក្ដី​ភាព​ចំពោះ​ពួក​អ្នក​ដែល​កំពុង​នាំ​មុខ​រាស្ដ្រ​របស់​ព្រះ សូម្បី​តែ​បុរសទាំង​នេះ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី។ (​ថែស្សាឡូនិច​ទី១ ៥:១២, ១៣​) ពួក​អ្នក​ក្បត់​ជំនឿ​និង​ពួក​អ្នក​បោក​បញ្ឆោត​ប្រហែល​ជា​នឹង​វាយ​ប្រហារ​អង្គ​ការ​របស់​ព្រះ។ (​ទីតុស ១:១០​) ទោះ​ជា​អ្វី​ដែល​ពួក​គេ​និយាយ​មើល​ទៅ​ដូច​ជា​ការ​ពិត​ក៏​ដោយ សូម​កុំ​ឲ្យ​«​វិចារណញ្ញាណ​របស់​អ្នក​រាល់​គ្នា​ឆាប់​រង្គោះ​រង្គើ​»។ (​ថែស្សាឡូនិច​ទី២ ២:២​) សូម​ធ្វើ​តាម​ឱវាទ​ដែល​ប៉ូល​បាន​ឲ្យ​ដល់​ធីម៉ូថេ ដែល​ថា​៖ ​«​ចូរ​បន្ដ​ប្រព្រឹត្ដ​តាម​អ្វី​ៗ​ដែល​អ្នក​បាន​រៀន​»​ ហើយ​សូម​ចាំ​ថា ​«​អ្នក​បាន​រៀន​អ្វី​ៗ​ទាំង​នោះ​ពី​អ្នក​ណា​»។ (​ធីម៉ូថេ​ទី២ ៣:១៤, ១៥​) សូម​គិត​អំពី​ទី​សំអាង​ទាំង​អស់​ដែល​បង្ហាញ​ថា​អ្នក​អាច​ទុក​ចិត្ដ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រើ​ដើម្បី​បង្រៀន​យើង​នូវ​សេចក្ដី​ពិត​អស់​រយៈ​ពេល​ជិត​១០០​ឆ្នាំ​មក​ហើយ។—ម៉ាថាយ ២៤:៤៥​-​៤៧; ហេប្រឺ ១៣:៧, ១៧

កុំ​ខ្លាច​ឡើយ

សាថាន​ក៏​ព្យាយាម​មាន​ឥទ្ធិពល​លើ​យើង​ដោយ​ការ​វាយ​ប្រហារ​ចំ​ៗ។ ជួន​កាល វា​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ភ័យ​ខ្លាច។ សៀវភៅ​មួយ​បាន​រៀប​រាប់​ថា​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​គឺ​ជា​«​របៀប​ឃោសនា​ដែល​មាន​តាំង​ពី​យូរ​យារ​មក​ហើយ​»។ (​Easily Led—A History of Propaganda​) ហ្វ៊ីលីព ថេល័រ​ដែល​ជា​សាស្ត្រាចារ្យ​ជន​ជាតិ​អង់គ្លេស បាន​លើក​ឧទាហរណ៍​មួយ​អំពី​ជន​ជាតិ​អាសស៊ើរ​ដែល​បាន​ប្រើ​ការ​ឃោសនា​និង​ការ​ធ្វើ​ឲ្យ​ភ័យ​ខ្លាច​ដើម្បី​មាន​អំណាច​លើ​សត្រូវ។ សាថាន​នឹង​ប្រើ​ការ​ភ័យ​ខ្លាច ដូច​ជា​ការ​ខ្លាច​មនុស្ស ការ​ខ្លាច​ការ​បៀត​បៀន និង​ការ​ខ្លាច​ស្លាប់ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ឈប់​បម្រើ​ព្រះ​យេហូវ៉ា។—អេសាយ ៨:១២; យេរេមា ៤២:១១; ហេប្រឺ ២:១៥

កុំ​ឲ្យ​សាថាន​ធ្វើ​ដូច្នេះ​ចំពោះ​អ្នក​ឡើយ! លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​រូប​កាយ តែ​ពុំ​អាច​ធ្វើ​អ្វី​លើស​ពី​នោះ​ឡើយ​»។ (​លូកា ១២:៤​) សូម​ទុក​ចិត្ដ​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​ពាក្យ​សន្យា​របស់​លោក​ដែល​ថា​លោក​នឹង​ថែ​រក្សា​អ្នក ផ្ដល់​ឲ្យ​អ្នក​នូវ​«​ឫទ្ធា​នុភាព​ដែល​លើស​ពី​ធម្មតា​»​ និង​ជួយ​អ្នក​ឲ្យ​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​របស់​សាថាន។—កូរិនថូស​ទី២ ៤:៧​-​៩; ពេត្រុស​ទី១ ៣:១៤

មែន​ហើយ ប្រហែល​ជា​មាន​ពេល​ខ្លះ​ដែល​អ្នក​នឹង​ភ័យ​ខ្លាច​ឬ​មាន​អារម្មណ៍​ថា​ខ្លួន​ខ្សោយ។ ប៉ុន្ដែ សូម​ចាំ​អំពី​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រាកដ​ជា​បាន​លើក​ទឹក​ចិត្ដ​យ៉ូស្វេ ដែល​ថា​៖ ​«​ចូរ​ឲ្យ​មាន​កំឡាំង​នឹង​ចិត្ដ​ក្លាហាន​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ដ​ផង ដ្បិត​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជា​មួយ​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ​ផង​»។ (​យ៉ូស្វេ ១:៩​) បើ​អ្នក​ខ្វល់​ចិត្ដ សូម​អធិដ្ឋាន​ភ្លាម​ៗ​ទៅ​ព្រះ​យេហូវ៉ា​អំពី​ទុក្ខ​កង្វល់​ដែល​អ្នក​មាន។ អ្នក​អាច​ប្រាកដ​ថា​«​សេចក្ដី​សុខ​សាន្ដ​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការពារ​ចិត្ដ​និង​សមត្ថភាព​រិះ​គិត​របស់​អ្នក​»។ រួច​មក អ្នក​នឹង​មាន​កម្លាំង​ដើម្បី​ទប់​ទល់​នឹង​ការ​ឃោសនា​ទាំង​អស់​របស់​សាថាន។—ភីលីព ៤:៦, ៧, ១៣

តើ​អ្នក​ចាំ​អំពី​ការ​ឃោសនា​ដែល​រ៉ាបសាកេ​ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ជន​ជាតិ​អាសស៊ើរ​បាន​ប្រើ ដើម្បី​បំភ័យ​រាស្ដ្រ​របស់​ព្រះ​ឬ​ទេ? រ៉ាបសាកេ​ចង់​ធ្វើ​ឲ្យ​ពួក​គេ​ជឿ​ថា​គ្មាន​អ្នក​ណា​ម្នាក់​អាច​ការពារ​ពួក​គេ​ពី​កង​ទ័ព​អាសស៊ើរ​បាន​ឡើយ សូម្បី​តែ​ព្រះ​យេហូវ៉ា​ក្ដី។ ក្រោយ​មក គាត់​បាន​អះអាង​ថា​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ជន​ជាតិ​អាសស៊ើរ​ឲ្យ​មក​បំផ្លាញ​ក្រុង​យេរូសាឡិម។ តើ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​យ៉ាង​ណា? ​«​កុំ​ឲ្យ​ខ្លាច​ចំពោះ​ពាក្យ​សំ​ដី​ដែល​ឯង​បាន​ឮ​ជា​ពាក្យ​ដែល​ពួក​បំរើ​របស់​ស្ដេច​អា​ស៊ើរ​បាន​ប្រមាថ​ដល់​អញ​នោះ​ឡើយ​»។ (​ពង្សាវតារ​ក្សត្រ​ទី២ ១៨:២២​-​២៥; ១៩:៦​) រួច​មក ព្រះ​យេហូវ៉ា​បាន​ចាត់​ទេវតា​មួយ​រូប​ឲ្យ​បំផ្លាញ​កង​ទ័ព​ជន​ជាតិ​អាសស៊ើរ​អស់​១៨៥.០០០​នាក់​ក្នុង​រយៈ​ពេល​មួយ​យប់!—ពង្សាវតារ​ក្សត្រ​ទី២ ១៩:៣៥

ចូរ​មាន​ប្រាជ្ញា ហើយ​ស្តាប់​ព្រះ​យេហូវ៉ា​ជា​និច្ច

តើ​អ្នក​ធ្លាប់​មើល​ភាពយន្ដ​ដែល​មាន​បុគ្គល​ណា​ម្នាក់​ដែល​បាន​ត្រូវ​គេ​បោក​បញ្ឆោត​ដោយ​មិន​ដឹង​ខ្លួន​ឬ​ទេ? តើ​អ្នក​ចង់​ស្រែក​ប្រាប់​ថា ‹កុំ​ជឿ​ឲ្យ​សោះ! ពួក​គេ​កំពុង​កុហក​អ្នក​ទេ!›។ សូម​ស្រមៃ​គិត​ថា​ទេវតា​កំពុង​ប្រាប់​អ្នក​ថា ​«​កុំ​ចាញ់​បោក​ពាក្យ​កុហក​របស់​សាថាន​ឡើយ!​»។

ដូច្នេះ សូម​កុំ​ស្តាប់​ការ​ឃោសនា​របស់​សាថាន។ (​សុភាសិត ២៦:២៤, ២៥​) សូម​ស្តាប់​ព្រះ​យេហូវ៉ា ហើយ​ក្នុង​ការ​ទាំង​អស់​ដែល​អ្នក​ធ្វើ សូម​ទុក​ចិត្ដ​លើ​លោក។ (​សុភាសិត ៣:៥​-​៧​) លោក​ស្រឡាញ់​អ្នក ហើយ​លោក​ដាស់​តឿន​អ្នក​ថា​៖ ​«​កូន​អើយ ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ដ​អញ​បាន​រីក​រាយ​ចុះ​»។ (​សុភាសិត ២៧:១១​) បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​ឈ្នះ​ការ​តយុទ្ធ​ដើម្បី​កាន់​កាប់​លើ​គំនិត​របស់​អ្នក!