ចូរបង្ហាញសេចក្ដីសប្បុរសនិងយកចិត្ដទុកដាក់ចំពោះអ្នកឯទៀតដូចព្រះយេហូវ៉ា
«មានពរហើយ អ្នកណាដែលមានអធ្យាស្រ័យ[ឬ«យកចិត្ដទុកដាក់»]ដល់ពួកមនុស្សក្រីក្រ»។—ទំនុកតម្កើង ៤១:១; ៤១:២, ខ.ស.
១. តើពួកអ្នកដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ាបង្ហាញយ៉ាងណាថាពួកគេស្រឡាញ់គ្នា?
អ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ានៅទូទាំងពិភពលោកជាក្រុមគ្រួសារតែមួយ។ ពួកគេជាបងប្អូនរួមជំនឿដែលស្រឡាញ់គ្នាទៅវិញទៅមក។ (យ៉ូហានទី១ ៤:១៦, ២១) ជួនកាលពួកគេធ្វើការលះបង់ដ៏ធំសម្រាប់បងប្អូន ប៉ុន្ដែភាគច្រើនពួកគេបង្ហាញសេចក្ដីស្រឡាញ់តាមរយៈទង្វើតិចតួចជាច្រើន។ ជាឧទាហរណ៍ ពួកគេប្រហែលជានិយាយអ្វីល្អៗឬប្រព្រឹត្ដដោយសប្បុរសចំពោះគ្នា។ ពេលយើងបង្ហាញការយកចិត្ដទុកដាក់ចំពោះអ្នកឯទៀត នោះយើងយកតម្រាប់បិតារបស់យើងនៅស្ថានសួគ៌។—អេភេសូរ ៥:១
២. តើលោកយេស៊ូមានសេចក្ដីស្រឡាញ់ដូចបិតាលោកយ៉ាងដូចម្ដេច?
២ លោកយេស៊ូបានយកតម្រាប់បិតារបស់លោកយ៉ាងល្អឥតខ្ចោះ។ លោកតែងតែប្រព្រឹត្ដដោយសប្បុរសចំពោះអ្នកឯទៀត។ លោកបានមានប្រសាសន៍ថា៖ «អស់អ្នកដែលធ្វើការនឿយហត់ហើយមានបន្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំចុះ ហើយខ្ញុំនឹងធ្វើឲ្យអ្នកមានកម្លាំងចិត្ដឡើងវិញ»។ (ម៉ាថាយ ១១:២៨, ២៩) ពេលយើងយកតម្រាប់លោកយេស៊ូដោយ«អធ្យាស្រ័យ[ឬ«យកចិត្ដទុកដាក់»]ដល់ពួកមនុស្សក្រីក្រ»ឬមនុស្សទន់ទាប យើងនឹងធ្វើឲ្យព្រះ យេហូវ៉ាសប្បាយចិត្ដ ហើយយើងក៏នឹងសប្បាយចិត្ដដែរ។ (ទំនុកតម្កើង ៤១:១; ៤១:២, ខ.ស.) ក្នុងអត្ថបទនេះ យើងនឹងស្វែងយល់អំពីរបៀបដែលយើងអាចបង្ហាញការយកចិត្ដទុកដាក់ចំពោះក្រុមគ្រួសារ បងប្អូនរួមជំនឿ និងមនុស្សដែលយើងជួបក្នុងកិច្ចបម្រើផ្សាយ។
ចូរបង្ហាញការយកចិត្ដទុកដាក់ក្នុងក្រុមគ្រួសារ
៣. តើប្ដីអាចបង្ហាញយ៉ាងណាថាគាត់យកចិត្ដទុកដាក់ចំពោះប្រពន្ធ? (សូមមើលរូបភាពនៅដើមអត្ថបទ)
៣ ប្ដីត្រូវទុកគំរូល្អ ហើយបង្ហាញថាគាត់យកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះក្រុមគ្រួសារ។ (អេភេសូរ ៥:២៥; ៦:៤) គម្ពីរបង្គាប់ប្ដីឲ្យបង្ហាញការយកចិត្ដទុកដាក់ចំពោះប្រពន្ធនិងយល់អំពីអារម្មណ៍របស់នាង។ (ពេត្រុសទី១ ៣:៧) ប្ដីដែលមានការយល់ដឹង ដឹងថាទោះជាគាត់និងប្រពន្ធរបស់គាត់មានអ្វីជាច្រើនដែលខុសគ្នាក្ដី គាត់មិនមែនល្អប្រសើរជាងនាងទេ។ (លោកុប្បត្ដិ ២:១៨) គាត់យកចិត្ដទុកដាក់ចំពោះអារម្មណ៍របស់នាង ហើយប្រព្រឹត្ដដោយថ្លៃថ្នូរនិងដោយលើកកិត្ដិយសនាង។ ប្រពន្ធម្នាក់នៅប្រទេសកាណាដានិយាយអំពីប្ដីរបស់នាងថា៖ «គាត់មិនដែលមើលស្រាលចំពោះអារម្មណ៍របស់ខ្ញុំទេ ឬនិយាយថា ‹អូនឯងមិនគួរមានអារម្មណ៍បែបនេះឡើយ›។ គាត់តែងតែយកចិត្ដទុកដាក់ស្តាប់ខ្ញុំ ហើយគាត់ក៏បង្ហាញសេចក្ដីសប្បុរស នៅពេលគាត់ជួយខ្ញុំឲ្យកែប្រែទស្សនៈរបស់ខ្ញុំចំពោះបញ្ហាណាមួយ»។
ប្ដីរក្សាភាពស្មោះត្រង់ចំពោះប្រពន្ធរបស់គាត់ ដោយសារគាត់ស្រឡាញ់នាង ហើយស្អប់អ្វីដែលអាក្រក់
៤. តាមរយៈការប្រព្រឹត្ដរបស់ប្ដីចំពោះស្ដ្រីឯទៀត តើគាត់អាចបង្ហាញយ៉ាងណាថាគាត់យកចិត្ដទុកដាក់ចំពោះអារម្មណ៍របស់ប្រពន្ធ?
៤ ប្ដីដែលយកចិត្ដទុកដាក់ចំពោះអារម្មណ៍របស់ប្រពន្ធ មិនចែចង់ស្ដ្រីឯទៀត ឬក៏បង្ហាញការយកចិត្ដទុកដាក់តាមរបៀបដែលមិនសមរម្យចំពោះស្ដ្រីឯទៀតនោះទេ ទោះជាគាត់ជួបគេដោយផ្ទាល់ តាមបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នា ឬតាមប្រព័ន្ធអ៊ីនធឺណិតក្ដី។ (យ៉ូប ៣១:១) គាត់មិនប្រើបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នាដើម្បីចែចង់អ្នកឯទៀត ហើយក៏មិនមើលគេហទំព័រមិនសមរម្យដែរ។ គាត់រក្សាភាពស្មោះត្រង់ចំពោះប្រពន្ធរបស់គាត់ ដោយសារគាត់ស្រឡាញ់នាងនិងស្រឡាញ់ព្រះយេហូវ៉ា ហើយគាត់ក៏ស្អប់អ្វីដែលអាក្រក់។—សូមអាន ទំនុកតម្កើង ១៩:១៤; ៩៧:១០
៥. តើប្រពន្ធអាចបង្ហាញការយកចិត្ដទុកដាក់ចំពោះប្ដីរបស់គាត់យ៉ាងដូចម្ដេច?
៥ ពេលដែលប្ដីធ្វើតាមគំរូរបស់លោកយេស៊ូគ្រិស្ដដែលជាប្រមុខរបស់គាត់ នោះស្រួលជាងឲ្យប្រពន្ធ‹គោរពគាត់យ៉ាងជ្រាលជ្រៅ›។ (អេភេសូរ ៥:២២-២៥, ៣៣) ម្យ៉ាងទៀត ពេលនាងគោរពគាត់ នាងនឹងព្យាយាមយល់អារម្មណ៍របស់គាត់ ហើយប្រព្រឹត្ដដោយសប្បុរសចំពោះគាត់ពេលគាត់ជាប់រវល់ធ្វើកិច្ចការក្រុមជំនុំ ឬពេលគាត់ប្រឈមមុខនឹងបញ្ហា។ ប្ដីម្នាក់នៅប្រទេសអង់គ្លេសនិយាយថា៖ «ពេលខ្លះ ដោយសារអាកប្បកិរិយារបស់ខ្ញុំខុសពីធម្មតា ប្រពន្ធខ្ញុំកត់សម្គាល់ថាមានអ្វីមួយកំពុងរំខានចិត្ដខ្ញុំ ហើយបើនេះជារឿងដែលខ្ញុំអាចនិយាយជាមួយគាត់បាន គាត់ធ្វើតាមគោលការណ៍នៅសុភាសិត ២០:៥។ គាត់សុខចិត្ដធ្វើដូច្នេះ ទោះជាគាត់ត្រូវរង់ចាំរហូតដល់ពេលត្រឹមត្រូវដើម្បី‹ដងឡើង›នូវគំនិតរបស់ខ្ញុំក្ដី»។
៦. តើយើងទាំងអស់គ្នាអាចលើកទឹកចិត្ដកូនក្មេងយ៉ាងដូចម្ដេចឲ្យបង្ហាញសេចក្ដីសប្បុរសនិងចេះគិតអំពីអ្នកឯទៀត ហើយតើក្មេងៗនឹងទទួលប្រយោជន៍យ៉ាងណា?
៦ ពេលឪពុកម្ដាយបង្ហាញការយកចិត្ដទុកដាក់ចំពោះគ្នាទៅវិញទៅមក ពួកគេទុកគំរូល្អឲ្យកូនៗ។ ពួកគេក៏ត្រូវបង្រៀនកូនឲ្យបង្ហាញសេចក្ដីសប្បុរសនិងចេះគិតអំពីអ្នកឯទៀតដែរ។ សកម្មភាព ២០:៣៥
ជាឧទាហរណ៍ ឪពុកម្ដាយអាចបង្រៀនកូនមិនឲ្យរត់ក្នុងសាលប្រជុំ។ មួយវិញទៀត ពេលពួកគេចូលរួមពិធីជប់លៀង ពួកគេអាចប្រាប់កូនឲ្យរង់ចាំមនុស្សដែលមានវ័យចាស់ជាងយកម្ហូបមុនសិន។ បងប្អូនទាំងអស់នៅក្នុងក្រុមជំនុំអាចជួយគាំទ្រពួកអ្នកដែលជាឪពុកម្ដាយ។ ដូច្នេះ យើងគួរសរសើរកូនក្មេងពេលគាត់ធ្វើអ្វីមួយដែលបង្ហាញថាគាត់គិតអំពីអ្នកឯទៀត ដូចជាពេលគាត់បើកទ្វារឲ្យយើងជាដើម។ ពេលដែលយើងធ្វើដូច្នេះ នេះនឹងមានឥទ្ធិពលល្អលើកូនក្មេងនោះ ហើយនឹងជួយគាត់ឲ្យរៀនថា«ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល»។—ចូរបង្ហាញការយកចិត្ដទុកដាក់ក្នុងក្រុមជំនុំ
៧. តើលោកយេស៊ូបានបង្ហាញការយកចិត្ដទុកដាក់ចំពោះបុរសថ្លង់ម្នាក់តាមរបៀបណា ហើយតើយើងអាចរៀនអ្វីពីគំរូរបស់លោក?
៧ នៅថ្ងៃមួយ ពេលលោកយេស៊ូនៅតំបន់ដេកាប៉ូល មនុស្ស«បាននាំបុរសម្នាក់មករកលោក។ បុរសនោះថ្លង់និងមានពិការភាពដែលធ្វើឲ្យគាត់ពិបាកនិយាយ»។ (ម៉ាកុស ៧:៣១-៣៥) លោកយេស៊ូបានធ្វើឲ្យបុរសនោះជាសះស្បើយ ប៉ុន្ដែមិនមែននៅមុខអ្នកឯទៀតទេ។ ហេតុអ្វី? ដោយសារបុរសនោះថ្លង់ គាត់ទំនងជាមានអារម្មណ៍មិនស្រួលពេលនៅក្នុងចំណោមមនុស្សមួយក្រុមធំ។ លោកយេស៊ូយល់អំពីអារម្មណ៍របស់គាត់ ដូច្នេះលោក«នាំបុរសនោះទៅឆ្ងាយ»នៅកន្លែងដែលគ្មានមនុស្ស ហើយបានធ្វើឲ្យគាត់ជាសះស្បើយនៅទីនោះ។ ពិតមែន យើងមិនអាចធ្វើអព្ភូតហេតុបានឡើយ តែយើងគួរគិតអំពីសេចក្ដីត្រូវការនិងអារម្មណ៍របស់បងប្អូនយើង ហើយបង្ហាញសេចក្ដីសប្បុរសចំពោះពួកគេ។ សាវ័កប៉ូលបានសរសេរថា៖ «ចូរយើងគិតអំពីគ្នាទៅវិញទៅមក ដើម្បីបំផុសទឹកចិត្ដឲ្យមានសេចក្ដីស្រឡាញ់និងការប្រព្រឹត្ដដែលល្អប្រសើរ»។ (ហេប្រឺ ១០:២៤) លោកយេស៊ូយល់អំពីអារម្មណ៍របស់បុរសដែលថ្លង់នោះ ហើយបានប្រព្រឹត្ដចំពោះគាត់ដោយសប្បុរស។ លោកពិតជាគំរូដ៏ល្អសម្រាប់យើង!
សេចក្ដីស្រឡាញ់ជំរុញចិត្ដយើងឲ្យខំអស់ពីសមត្ថភាព ដើម្បីជួយបងប្អូនវ័យចាស់ឬពិការ
៨, ៩. តើយើងអាចបង្ហាញយ៉ាងណាថាយើងយកចិត្ដទុកដាក់ចំពោះបងប្អូនវ័យចាស់និងពិការ? សូមលើកឧទាហរណ៍។
៨ ចូរបង្ហាញការយកចិត្ដទុកដាក់ចំពោះបងប្អូនវ័យចាស់និងពិការ។ លក្ខណៈដ៏សំខាន់បំផុតនៃក្រុមជំនុំគ្រិស្ដសាសនិកពិតគឺជាសេចក្ដីស្រឡាញ់ មិនមែនការសម្រេចកិច្ចការឲ្យបានច្រើនបំផុតទេ។ (យ៉ូហាន ១៣:៣៤, ៣៥) សេចក្ដីស្រឡាញ់ជំរុញចិត្ដយើងឲ្យខំអស់ពីសមត្ថភាព ដើម្បីជួយបងប្អូនវ័យចាស់ឬពិការឲ្យចូលរួមកិច្ចប្រជុំនិងកិច្ចការផ្សព្វផ្សាយ។ យើងជួយពួកគេទោះជាពួកគេអាចធ្វើតែតិចតួចក៏ដោយ ឬទោះជានៅពេលដែលមិនសូវស្រួលសម្រាប់យើងក្ដី។ (ម៉ាថាយ ១៣:២៣) បងប្រុសម៉ៃឃឺលត្រូវប្រើរទេះរុញសម្រាប់ជនពិការ។ គាត់មានចិត្ដកតញ្ញូជាខ្លាំងចំពោះជំនួយដែលគាត់ទទួលពីក្រុមគ្រួសារនិងពីបងប្អូនក្នុងក្រុមជំនុំរបស់គាត់។ គាត់និយាយថា៖ «ដោយសារមានជំនួយពីពួកគេ ខ្ញុំអាចចូលរួមកិច្ចប្រជុំភាគច្រើន និងចូលរួមក្នុងកិច្ចបម្រើផ្សាយជាទៀងទាត់។ ជាពិសេស ខ្ញុំចូលចិត្ដការផ្សព្វផ្សាយសាធារណៈ»។
៩ នៅបេតអែលជាច្រើនមានបងប្អូនស្មោះត្រង់ដែលមានវ័យចាស់ឬមានពិការភាព។ អ្នកត្រួតពិនិត្យនៅបេតអែលបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកគេ ដោយរៀបចំឲ្យពួកគេផ្សព្វផ្សាយតាមរយៈការសរសេរសំបុត្រនិងតាមទូរស័ព្ទ។ បងប្រុសបៀលដែលមានអាយុ៨៦ឆ្នាំ ច្រើនតែសរសេរសំបុត្រទៅមនុស្សដែលនៅតំបន់ឆ្ងាយ។ គាត់និយាយថា៖ «យើងឲ្យតម្លៃចំពោះឯកសិទ្ធិដែលយើងមានក្នុងការសរសេរសំបុត្រដើម្បីផ្សព្វផ្សាយ»។ បងស្រីនែនស៊ីដែលមានអាយុជិត៩០ឆ្នាំ និយាយថា៖ «ខ្ញុំមិនចាត់ទុកការផ្សព្វផ្សាយដោយសរសេរសំបុត្រថាសុភាសិត ២៧:១១
គ្រាន់តែជាការបត់សំបុត្រដាក់ចូលក្នុងស្រោមដោយមិនគិតពិចារណានោះទេ។ នេះជាកិច្ចបម្រើផ្សាយ។ គឺសំខាន់ចាំបាច់ដែលមនុស្សស្គាល់សេចក្ដីពិត!»។ បងស្រីអេតអែលដែលបានកើតនៅឆ្នាំ១៩២១ និយាយថា៖ «រាល់ថ្ងៃខ្ញុំតែងតែមានការឈឺចាប់។ ថ្ងៃខ្លះគ្រាន់តែស្លៀកពាក់ដោយខ្លួនឯងក៏ពិបាកដែរ»។ ទោះជាយ៉ាងនោះក៏ដោយ គាត់ចូលចិត្ដផ្សព្វផ្សាយតាមទូរស័ព្ទ ហើយក៏មានការត្រឡប់ទៅជួបល្អខ្លះដែរ។ បងស្រីបាប្រឺដែលមានអាយុ៨៥ឆ្នាំពន្យល់ថា៖ «ដោយសារសុខភាពរបស់ខ្ញុំទ្រុឌទ្រោម ខ្ញុំពិបាកផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយខ្លាំងណាស់។ ប៉ុន្ដែ ដោយចូលរួមក្នុងកិច្ចបម្រើផ្សាយតាមទូរស័ព្ទ ខ្ញុំអាចផ្សព្វផ្សាយដល់អ្នកឯទៀតបាន។ ខ្ញុំអរគុណព្រះយេហូវ៉ា!»។ មិនដល់មួយឆ្នាំផង បងប្អូនវ័យចាស់ដ៏មានតម្លៃវិសេសមួយក្រុមបានផ្សព្វផ្សាយអស់១.២២៨ម៉ោង បានសរសេរសំបុត្រ៦.២៦៥ច្បាប់ បានផ្សព្វផ្សាយតាមទូរស័ព្ទដល់មនុស្សជាង២.០០០នាក់ និងបានស្នើផ្ដល់សៀវភៅផ្សេងៗរបស់យើងអស់៦.៣១៥ច្បាប់! យើងអាចប្រាកដថាការខំប្រឹងរបស់ពួកគេបាននាំឲ្យព្រះយេហូវ៉ាសប្បាយចិត្ដខ្លាំងណាស់!—១០. តើយើងអាចជួយបងប្អូនឲ្យទទួលប្រយោជន៍ច្រើនបំផុតពីកិច្ចប្រជុំតាមរបៀបណា?
១០ ចូរបង្ហាញការយកចិត្ដទុកដាក់ចំពោះអ្នកឯទៀតនៅកិច្ចប្រជុំ។ ពេលយើងបង្ហាញការយកចិត្ដទុកដាក់ យើងជួយបងប្អូនរបស់យើងឲ្យទទួលប្រយោជន៍ច្រើនបំផុតពីកិច្ចប្រជុំ។ តើតាមរបៀបណា? របៀបមួយគឺដោយមកឲ្យទាន់ពេលដើម្បីមិនបំបែរអារម្មណ៍ពួកគេ។ ជួនកាល មានអ្វីកើតឡើងដែលយើងមិនបានរំពឹងទុក ដែលធ្វើឲ្យយើងមកយឺត។ ប៉ុន្ដែ បើយើងច្រើនតែមកយឺត យើងគួរគិតថា តើនេះមានឥទ្ធិពលយ៉ាងណាមកលើបងប្អូន ហើយយើងក៏គួរគិតអំពីអ្វីដែលយើងអាចកែប្រែដើម្បីបង្ហាញថាយើងយកចិត្ដទុកដាក់ចំពោះពួកគេ។ សូមចាំដែរថាគឺព្រះយេហូវ៉ានិងបុត្ររបស់លោកដែលបានអញ្ជើញយើងឲ្យមកកិច្ចប្រជុំ។ (ម៉ាថាយ ១៨:២០) យើងច្បាស់ជាគួរបង្ហាញការគោរពចំពោះលោកទាំងពីរដោយមកឲ្យទាន់ពេល!
១១. ហេតុអ្វីបងប្រុសដែលមានផ្នែកនៅកិច្ចប្រជុំគួរធ្វើតាមការណែនាំនៅកូរិនថូសទី១ ១៤:៤០?
១១ បើយើងយកចិត្ដទុកដាក់ចំពោះបងប្អូនរបស់យើង យើងនឹងធ្វើតាមការណែនាំក្នុងគម្ពីរដែលថា៖ «ចូរឲ្យអ្វីៗទាំងអស់កូរិនថូសទី១ ១៤:៤០) បងប្រុសៗដែលមានផ្នែកនៅកិច្ចប្រជុំបង្ហាញថាពួកគេធ្វើតាមការណែនាំនេះ ពេលពួកគេបញ្ចប់ផ្នែករបស់ពួកគេទាន់ពេល។ តាមរបៀបនេះ ពួកគេមិនគ្រាន់តែបង្ហាញការយកចិត្ដទុកដាក់ចំពោះអ្នកថ្លែងបន្ទាប់ប៉ុណ្ណោះទេ តែចំពោះក្រុមជំនុំទាំងមូលដែរ។ សូមគិតអំពីឥទ្ធិពលដែលការបញ្ចប់កិច្ចប្រជុំលើសម៉ោងអាចមានទៅលើអ្នកឯទៀត។ បងប្អូនខ្លះត្រូវធ្វើដំណើរឆ្ងាយដើម្បីត្រឡប់ទៅផ្ទះវិញ។ បងប្អូនខ្លះទៀតត្រូវទៅឲ្យទាន់ពេលសម្រាប់ជិះឡានក្រុងឬរថភ្លើង។ រីឯបងប្អូនខ្លះទៀត មានគូដែលមិនមែនជាអ្នកជឿដែលតម្រូវឲ្យពួកគេមកផ្ទះវិញទាន់ពេលដែលបានត្រូវកំណត់។
ប្រព្រឹត្ដទៅយ៉ាងត្រឹមត្រូវ និងដោយរបៀបរៀបរយ»។ (១២. ហេតុអ្វីពួកអ្នកចាស់ទុំសមនឹងទទួលសេចក្ដីស្រឡាញ់និងការគោរពពីយើង? (សូមមើលប្រអប់ដែលមានចំណងជើងថា « ចូរបង្ហាញការយកចិត្ដទុកដាក់ចំពោះពួកអ្នកដែលនាំមុខ»)
១២ ពួកអ្នកចាស់ទុំធ្វើការយ៉ាងនឿយហត់ក្នុងក្រុមជំនុំនិងក្នុងកិច្ចបម្រើផ្សាយ ដូច្នេះពួកគេសមនឹងទទួលការគោរពនិងសេចក្ដីស្រឡាញ់ពីយើង។ (សូមអាន ថែស្សាឡូនិចទី១ ៥:១២, ១៣) អ្នកប្រាកដជាមានចិត្ដកតញ្ញូជាខ្លាំងចំពោះអ្វីៗទាំងអស់ដែលពួកគេធ្វើសម្រាប់អ្នក។ អ្នកអាចបង្ហាញថាអ្នកមានចិត្ដកតញ្ញូដោយសុខចិត្ដស្តាប់បង្គាប់និងគាំទ្រពួកគេ ដោយសារ«ពួកគេកំពុងថែរក្សាអ្នករាល់គ្នា ហើយទទួលខុសត្រូវអំពីរបៀបដែលពួកគេបានធ្វើការនោះ»។—ហេប្រឺ ១៣:៧, ១៧
ចូរបង្ហាញការយកចិត្ដទុកដាក់ចំពោះអ្នកឯទៀតក្នុងកិច្ចបម្រើផ្សាយ
១៣. តើយើងអាចរៀនអ្វីពីរបៀបដែលលោកយេស៊ូប្រព្រឹត្ដចំពោះអ្នកឯទៀត?
១៣ ក្នុងទំនាយមួយអំពីលោកយេស៊ូ អេសាយបាននិយាយថា៖ «ទ្រង់នឹងមិនផ្ដាច់ដើមត្រែងដែលបាក់ទេ ក៏មិនលត់ប្រឆេះដែលនៅហុយដែរ»។ (អេសាយ ៤២:៣) សេចក្ដីស្រឡាញ់ដែលលោកយេស៊ូមានចំពោះមនុស្សបានជំរុញចិត្ដលោកឲ្យមានសេចក្ដីអាណិតមេត្ដា។ លោកយល់អំពីអារម្មណ៍របស់ពួកអ្នកដែលធ្លាក់ទឹកចិត្ដនិងទន់ខ្សោយ។ ពួកគេប្រៀបដូចជា«ដើមត្រែងដែលបាក់» ឬដូចជា«ប្រឆេះ»ដែលជិតរលត់ ដូច្នេះលោកមានចិត្ដអត់ធ្មត់និងប្រព្រឹត្ដដោយសប្បុរសចំពោះពួកគេ។ សូម្បីតែកូនក្មេងក៏ចង់ចូលមកជិតលោកយេស៊ូដែរ។ (ម៉ាកុស ១០:១៤) ពិតមែនថា យើងមិនអាចយល់អំពីអារម្មណ៍របស់មនុស្ស ឬចេះបង្រៀនពួកគេដូចលោកយេស៊ូទេ។ ប៉ុន្ដែ យើងអាចបង្ហាញថាយើងយកចិត្ដទុកដាក់ចំពោះមនុស្សនៅក្នុងតំបន់ផ្សាយ តាមរបៀបដែលយើងនិយាយជាមួយនឹងពួកគេ នៅពេលណាដែលយើងនិយាយជាមួយនឹងពួកគេ និងរយៈពេលដែលយើងនិយាយជាមួយនឹងពួកគេ។
ពាក្យសម្ដីនិងទំហំសំឡេងរបស់យើងត្រូវបង្ហាញអំពីសេចក្ដីសប្បុរសនិងការយកចិត្ដទុកដាក់របស់យើងចំពោះអ្នកឯទៀត
១៤. ហេតុអ្វីយើងគួរគិតអំពីរបៀបដែលយើងនិយាយជាមួយនឹងអ្នកឯទៀត?
១៤ តើយើងគួរនិយាយជាមួយនឹងមនុស្សតាមរបៀបណា? មនុស្សរាប់លាននាក់នៅសព្វថ្ងៃនេះ បានត្រូវពួកអ្នកដឹកនាំសាសនា ពាណិជ្ជកម្ម និងនយោបាយដ៏ពុករលួយនិងឥតមេត្ដា«ធ្វើទុក្ខ និងទុកចោលឲ្យនៅរាត់រាយ»។ (ម៉ាថាយ ៩:៣៦) ជាលទ្ធផល មនុស្សជាច្រើនមិនទុកចិត្ដអ្នកឯទៀត ហើយអស់សង្ឃឹម។ ហេតុនេះ ពាក្យសម្ដីនិងទំហំសំឡេងរបស់យើងត្រូវបង្ហាញអំពីសេចក្ដីសប្បុរសនិងការយកចិត្ដទុកដាក់របស់យើងចំពោះពួកគេ! មនុស្សជាច្រើនចង់ស្តាប់ដំណឹងដែលយើងផ្សាយ មិនគ្រាន់តែដោយសារយើងប្រើគម្ពីរយ៉ាងប៉ិនប្រសប់ប៉ុណ្ណោះទេ ប៉ុន្ដែដោយសារយើងយកចិត្ដទុកដាក់ចំពោះពួកគេយ៉ាងស្មោះ និងបង្ហាញការគោរពចំពោះពួកគេ។
១៥. តើយើងអាចយកចិត្ដទុកដាក់ចំពោះមនុស្សក្នុងតំបន់ផ្សាយរបស់យើងតាមរបៀបណាខ្លះ?
១៥ មានវិធីជាច្រើនដែលយើងអាចបង្ហាញការយកចិត្ដទុកដាក់ចំពោះមនុស្សក្នុងតំបន់ផ្សាយរបស់យើង។ យើងត្រូវសួរសំណួរតាមរបៀបដែលបង្ហាញការគោរពនិងសេចក្ដីសប្បុរស។ អ្នកត្រួសត្រាយម្នាក់បានបម្រើនៅតំបន់ផ្សាយដែលមានមនុស្សជាច្រើនអៀនខ្មាស ដូច្នេះគាត់បានជៀសវាងពីការសួរសំណួរដែលធ្វើឲ្យពួកគេខ្មាសដោយសារពួកគេមិនដឹងចម្លើយ។ ដូច្នេះគាត់មិនសួរសំណួរដូចជា «តើអ្នកស្គាល់នាមរបស់ព្រះឬទេ?» ឬ«តើអ្នកដឹងថារាជាណាចក្ររបស់ព្រះជាអ្វីទេ?»។ តែគាត់និយាយអ្វីដូចជា «ខ្ញុំបានរៀនពីគម្ពីរថាព្រះមាននាម។ តើខ្ញុំអាចបង្ហាញអ្នកបានទេ?»។ យើងមិនអាចប្រើវិធីនេះនៅគ្រប់កន្លែងទេ ពីព្រោះមនុស្សនិងវប្បធម៌គឺខុសៗគ្នា។ ប៉ុន្ដែ យើងគួរប្រព្រឹត្ដដោយសប្បុរសនិងដោយបង្ហាញការគោរពជានិច្ចចំពោះមនុស្សក្នុងតំបន់ផ្សាយរបស់យើង។ ដើម្បីធ្វើដូច្នេះ យើងត្រូវស្គាល់ពួកគេច្បាស់។
១៦, ១៧. តើយើងអាចបង្ហាញសេចក្ដីសប្បុរសយ៉ាងដូចម្ដេចពេលយើងធ្វើការសម្រេចចិត្ដ (ក) អំពីពេលណាដែលយើងទៅជួបមនុស្សដើម្បីផ្សព្វផ្សាយ? (ខ) អំពីរយៈពេលដែលយើងនិយាយជាមួយនឹងមនុស្សក្នុងតំបន់ផ្សាយ?
១៦ តើយើងគួរជួបមនុស្សនៅពេលណា? ពេលយើងផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ មនុស្សមិនគិតថាយើងនឹងទៅផ្ទះរបស់ពួកគេទេ ដោយសារពួកគេមិនបានអញ្ជើញយើង។ ដូច្នេះ គឺសំខាន់ណាស់ដែលយើងទៅផ្ទះរបស់ពួកគេនៅពេលដែលពួកគេស្រួលនិយាយជាមួយនឹងយើងជាង។ (ម៉ាថាយ ៧:១២) ជាឧទាហរណ៍ តើមនុស្សក្នុងតំបន់ផ្សាយរបស់អ្នកចូលចិត្ដគេងយូរជាងនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យឬទេ? បើដូច្នេះ ប្រហែលជាអ្នកអាចចាប់ផ្ដើមផ្សព្វផ្សាយតាមផ្លូវ ឬផ្សព្វផ្សាយសាធារណៈ ឬក៏ត្រឡប់ទៅជួបពួកអ្នកដែលអ្នកដឹងថាមានពេលនិយាយជាមួយនឹងអ្នក។
១៧ តើយើងគួរនិយាយយូរយ៉ាងណា? មនុស្សជាច្រើនជាប់រវល់ ដូច្នេះប្រហែលជាការល្អឲ្យយើងនិយាយជាមួយនឹងពួកគេសម្រាប់រយៈពេលខ្លី ជាពិសេសនៅប៉ុន្មានដងដំបូង។ ជាជាងនិយាយយូរពេក គឺល្អឲ្យយើងសន្ទនាខ្លី។ (កូរិនថូសទី១ ៩:២០-២៣) ពេលមនុស្សឃើញថាយើងយល់អំពីកាលៈទេសៈរបស់ពួកគេ នោះពួកគេប្រហែលជាសប្បាយនិយាយជាមួយនឹងយើងនៅលើកក្រោយ។ បើយើងបង្ហាញគុណសម្បត្ដិដែលមកពីសកម្មពលរបស់ព្រះ យើងពិតជានឹងធ្វើជា«អ្នករួមការងារជាមួយនឹងព្រះ»។ ព្រះយេហូវ៉ាប្រហែលជាថែមទាំងនឹងប្រើយើងដើម្បីជួយបុគ្គលណាម្នាក់ឲ្យរៀនសេចក្ដីពិតទៀតផង!—កូរិនថូសទី១ ៣:៦, ៧, ៩
១៨. តើយើងអាចសង្ឃឹមថាយើងនឹងទទួលពរអ្វីពេលយើងបង្ហាញការយកចិត្ដទុកដាក់ចំពោះអ្នកឯទៀត?
១៨ ដូច្នេះ សូមយើងខំអស់ពីសមត្ថភាពដើម្បីបង្ហាញការយកចិត្ដទុកដាក់ចំពោះក្រុមគ្រួសារ បងប្អូនរួមជំនឿ និងមនុស្សដែលយើងជួបក្នុងកិច្ចបម្រើផ្សាយ។ យ៉ាងនេះ យើងនឹងទទួលពរជាច្រើននៅឥឡូវនេះនិងនៅពេលអនាគត។ ទំនុកតម្កើង ៤១:១, ២ចែងថា៖ «មានពរហើយ អ្នកណាដែលមានអធ្យាស្រ័យ[ឬ«យកចិត្ដទុកដាក់»]ដល់ពួកមនុស្សក្រីក្រ ព្រះយេហូវ៉ាទ្រង់នឹងជួយអ្នកនោះឲ្យរួចក្នុងថ្ងៃអាក្រក់។ ព្រះយេហូវ៉ាទ្រង់នឹងជួយទំនុកបំរុង ហើយថែរក្សាជីវិតអ្នកនោះ គេនឹងបានពរនៅផែនដីនេះ»។