លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣៥

ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​អ្នក​បម្រើ​លោក​ដែល​មាន​ចិត្ត​រាប​ទាប

ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​អ្នក​បម្រើ​លោក​ដែល​មាន​ចិត្ត​រាប​ទាប

​«​ព្រះ . . . ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​ដល់​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​»។—១ពេ. ៥:៥

ចម្រៀង​លេខ​៤៨ ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​រាល់​ថ្ងៃ

សេចក្ដី​សង្ខេប *

១. តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប? សូម​ពន្យល់។

ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប។ មាន​តែ​ពួក​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប​ពិត​ប្រាកដ​ប៉ុណ្ណោះ អាច​មាន​ចំណង​មិត្តភាព​កក់​ក្ដៅ​និង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។ ផ្ទុយ​ទៅ​វិញ ​«​ព្រះ​ប្រឆាំង​មនុស្ស​ក្រអឺត​ក្រទម​»។ (​១ពេ. ៥:៥​) យើង​ទាំង​អស់​គ្នា​ចង់​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា និង​សេចក្ដី​ស្រឡាញ់​ដ៏​កក់​ក្ដៅ​ពី​លោក ដូច្នេះ​យើង​មាន​មូលហេតុ​ល្អ​ដើម្បី​បណ្ដុះ​ឲ្យ​មាន​ចិត្ត​រាប​ទាប។

២. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ​យើង​នឹង​ពិចារណា​អំពី​ចម្លើយ​ចំពោះ​សំណួរ​បី​គឺ​៖ (​១​) តើ​ចិត្ត​រាប​ទាប​គឺ​ជា​អ្វី? (​២​) ហេតុ​អ្វី​យើង​គួរ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​នេះ? (​៣​) តើ​ស្ថានភាព​អ្វី​ខ្លះ​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​បង្ហាញ​ចិត្ត​រាប​ទាប? យើង​ក៏​នឹង​ឃើញ​ថា ពេល​យើង​បណ្ដុះ​ឲ្យ​មាន​ចិត្ត​រាប​ទាប យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​រីក​រាយ ហើយ​ខ្លួន​យើង​ក៏​ទទួល​ប្រយោជន៍​ដែរ។—សុភ. ២៧:១១; អេ. ៤៨:១៧

តើ​ចិត្ត​រាប​ទាប​គឺ​ជា​អ្វី?

៣. តើ​ចិត្ត​រាប​ទាប​គឺ​ជា​អ្វី?

បុគ្គល​ដែល​មាន​ចិត្ត​រាប​ទាប​មិន​គិត​ថា​ខ្លួន​សំខាន់​ជាង​អ្នក​ឯ​ទៀត​ទេ។ គាត់​ក៏​មិន​មាន​អំណួត​ដែរ។ គម្ពីរ​បង្ហាញ​ថា​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​ឯង​បើ​ប្រៀប​ធៀប​នឹង​ព្រះ​យេហូវ៉ា​និង​អ្នក​ឯ​ទៀត។ មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​ទទួល​ស្គាល់​ថា​មនុស្ស​ទាំង​អស់​គឺ​ប្រសើរ​ជាង​គាត់​តាម​របៀប​ណា​មួយ។—ភី. ២:៣, ៤

៤​-​៥. ហេតុ​អ្វី​មនុស្ស​ខ្លះ​ដែល​មើល​ទៅ​មាន​ចិត្ត​រាប​ទាប ប្រហែល​ជា​មិន​មាន​ចិត្ត​រាប​ទាប​ពិត​ប្រាកដ?

មនុស្ស​ខ្លះ​មាន​ចិត្ត​រាប​ទាប​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ។ ពួក​គេ​ប្រហែល​ជា​មនុស្ស​អៀន ឬ​ចេះ​បង្ហាញ​ការ​គោរព​និង​ចេះ​គួរ​សម ដោយ​សារ​ឪ​ពុក​ម្ដាយ​របស់​ពួក​គេ​បាន​បង្រៀន​ពួក​គេ​ឲ្យ​ធ្វើ​ដូច្នេះ។ ប៉ុន្តែ​តាម​ពិត​នៅ​ក្នុង​ចិត្ត ពួក​គេ​ប្រហែល​ជា​មាន​អំណួត។ មិន​យូរ​មិន​ឆាប់ ពួក​គេ​នឹង​បង្ហាញ​អំពី​ធាតុ​ពិត​របស់​ពួក​គេ។—លូក. ៦:៤៥

រីឯ​មនុស្ស​ខ្លះ​ទៀត​រួស​រាយ មើល​ទៅ​មាន​ទំនុក​ចិត្ត ហើយ​និយាយ​ត្រង់​ៗ តែ​នេះ​មិន​មាន​ន័យ​ថា​ពួក​គេ​មាន​អំណួត​ទេ។ (​យ៉ូន. ១:៤៦, ៤៧​) ក៏​ប៉ុន្តែ មនុស្ស​បែប​នេះ​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ពឹង​ផ្អែក​លើ​សមត្ថភាព​របស់​ខ្លួន ដើម្បី​មិន​ទៅ​ជា​មនុស្ស​ដែល​មាន​អំណួត​ឡើយ។ ទោះ​ជា​យើង​ជា​មនុស្ស​រួស​រាយ​ឬ​មិន​មែន​ក៏​ដោយ យើង​ទាំង​អស់​គ្នា​ត្រូវ​ខំ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​រាប​ទាប​ពិត​ប្រាកដ។

សាវ័ក​ប៉ូល​មាន​ចិត្ត​រាប​ទាប ហើយ​មិន​គិត​ថា​គាត់​ជា​មនុស្ស​សំខាន់​ទេ (​សូម​មើល​វគ្គ​៦​) *

៦. តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​គំរូ​របស់​សាវ័ក​ប៉ូល​នៅ​កូរិនថូស​ទី១ ១៥:១០?

សូម​ពិចារណា​អំពី​គំរូ​របស់​សាវ័ក​ប៉ូល។ ព្រះ​យេហូវ៉ា​បាន​ប្រើ​គាត់​ដើម្បី​បង្កើត​ក្រុម​ជំនុំ​ថ្មី​នៅ​ក្រុង​ផ្សេង​ៗ។ គាត់​ប្រហែល​ជា​បាន​សម្រេច​កិច្ច​ការ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ច្រើន​ជាង​សាវ័ក​ឯ​ទៀត​របស់​លោក​យេស៊ូ​គ្រិស្ត។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ប៉ូល​មិន​បាន​គិត​ថា​គាត់​ប្រសើរ​ជាង​បង​ប្អូន​របស់​គាត់​ទេ។ ដោយ​ចិត្ត​រាប​ទាប គាត់​សារភាព​ថា​៖ ​«​ក្នុង​ចំណោម​ពួក​សាវ័ក ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ ក៏​មិន​សម​នឹង​ហៅ​ថា​សាវ័ក​ដែរ ពី​ព្រោះ​ខ្ញុំ​បាន​បៀត​បៀន​ក្រុម​ជំនុំ​របស់​ព្រះ​»។ (​១កូ. ១៥:៩​) ម្ល៉ោះ​ហើយ ប៉ូល​បាន​យល់​យ៉ាង​ត្រឹម​ត្រូវ​ថា​គាត់​អាច​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ដោយ​សារ​តែ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​ចំពោះ​គាត់ មិន​មែន​ដោយ​សារ​គាត់​ជា​មនុស្ស​ពិសេស ឬ​បាន​សម្រេច​កិច្ច​ការ​ជា​ច្រើន​នោះ​ទេ។ (​សូម​អាន កូរិនថូស​ទី១ ១៥:១០) ប៉ូល​ជា​គំរូ​ដ៏​ល្អ​ស្តី​អំពី​បុគ្គល​ដែល​មាន​ចិត្ត​រាប​ទាប។ ពេល​គាត់​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស គាត់​មិន​បាន​អួត​ខ្លួន​ទេ ទោះ​ជា​បង​ប្អូន​ខ្លះ​នៅ​ក្រុម​ជំនុំ​នោះ​បាន​រិះ​គន់​គាត់​ក្ដី។—២កូ. ១០:១០

បង​ប្រុស​ខាល ខ្លា​ញ​ដែល​បាន បម្រើ​ជា​សមាជិក​គណៈ​អភិបាល មាន​ចិត្ត​រាប​ទាប (​សូម​មើល​វគ្គ​៧​)

៧. តើ​បង​ប្រុស​ម្នាក់​ដែល​បង​ប្អូន​ជា​ច្រើន​ស្គាល់​បាន​បង្ហាញ​ចិត្ត​រាប​ទាប​យ៉ាង​ដូច​ម្ដេច?

បង​ប្រុស​ខាល ខ្លា​ញ​ដែល​បាន​បម្រើ​ជា​សមាជិក​គណៈ​អភិបាល គឺ​ជា​គំរូ​ដ៏​ល្អ​ស្តី​អំពី​ចិត្ត​រាប​ទាប។ គាត់​បាន​សរសេរ​ជីវប្រវត្ដិ​របស់​គាត់​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ក្នុង​សៀវភៅ​មួយ​របស់​យើង។ ក្នុង​ជីវប្រវត្ដិនោះ គាត់​បាន​បង្ហាញ​ចិត្ត​រាប​ទាប​ដោយ​រៀប​រាប់​អំពី​ការ​ពិបាក​មួយ​ចំនួន​ដែល​គាត់​ព្យាយាម​យក​ឈ្នះ​ក្នុង​ជីវិត។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៩២២ គាត់​បាន​សាកល្បង​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ជា​លើក​ដំបូង នោះ​គឺ​ពិបាក​ខ្លាំង​ដល់​ម្ល៉េះ​ចំពោះ​គាត់​បាន​ជា​គាត់​មិន​បាន​ធ្វើ​ម្ដង​ទៀត​អស់​រយៈ​ពេល​ប្រហែល​ជា​២​ឆ្នាំ។ ក្រោយ​មក ពេល​ដែល​គាត់​បម្រើ​នៅ​បេតអែល មាន​បង​ប្រុស​ម្នាក់​បាន​ឲ្យ​ឱវាទ​គាត់ ហើយ​គាត់​បាន​ខឹង​បង​ប្រុស​នោះ​អស់​មួយ​រយៈ​ពេល។ ម្យ៉ាង​ទៀត គាត់​ធ្លាប់​មាន​ជំងឺ​សតិ​អារម្មណ៍​ដែល​ក្រោយ​មក​គាត់​បាន​ជា​សះ​ស្បើយ។ ប៉ុន្តែ គាត់​ក៏​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ផ្សេង​ៗ​ដែរ។ សូម​គិត​ទៅ​មើល ពេល​បង​ប្រុស​ដែល​បង​ប្អូន​ជា​ច្រើន​ស្គាល់ បាន​សារភាព​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្លួន នោះ​ពិត​ជា​បង្ហាញ​ចិត្ត​រាប​ទាប​មែន! បង​ប្អូន​ជា​ច្រើន​ចូល​ចិត្ត​ជីវប្រវត្ដិ​របស់​បង​ខ្លា​ញ ពី​ព្រោះ​នោះ​គួរ​ឲ្យ​ទាក់​ទាញ​ចិត្ត​និង​បង្ហាញ​អំពី​ភាព​ពិត​ត្រង់​របស់​គាត់។

ហេតុ​អ្វី​យើង​គួរ​បណ្ដុះ​ឲ្យ​មាន ចិត្ត​រាប​ទាប?

៨. តើ​ពេត្រុស​ទី១ ៥:៦ ជួយ​យើង​យ៉ាង​ណា​ឲ្យ​យល់​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​បុគ្គល​ដែល​មាន​ចិត្ត​រាប​ទាប?

មូលហេតុ​ដ៏​សំខាន់​បំផុត​ដែល​យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​រាប​ទាប គឺ​ដោយ​សារ​ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ សាវ័ក​ពេត្រុស​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ចំណុច​នេះ។ (​សូម​អាន ពេត្រុស​ទី១ ៥:៦) ស្តី​អំពី​ពាក្យ​សម្ដី​របស់​ពេត្រុស សៀវភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា ​«​ចូរ​មក​តាម​ខ្ញុំ​ចុះ​»​ជា​ភាសា​អង់គ្លេស រៀប​រាប់​ថា​៖ ​«​អំណួត​គឺ​ប្រៀប​ដូច​ជា​ជាតិ​ពុល។ វា​មាន​គ្រោះ​ថ្នាក់។ គុណ​វិបត្ដិ​នេះ​អាច​ធ្វើ​ឲ្យ​បុគ្គល​ដែល​មាន​សមត្ថភាព​អស្ចារ្យ ទៅ​ជា​បុគ្គល​ដែល​គ្មាន​ប្រយោជន៍​ចំពោះ​ព្រះ។ ក៏​ប៉ុន្តែ ចិត្ត​រាប​ទាប​អាច​ធ្វើ​ឲ្យ​បុគ្គល​ដែល​មិន​សូវ​មាន​សមត្ថភាព មាន​ប្រយោជន៍​ច្រើន​ចំពោះ​ព្រះ​យេហូវ៉ា។ . . . [​លោក​]ពេញ​ចិត្ត​ឲ្យ​ពរ​ដល់​អ្នក បើ​អ្នក​មាន​ចិត្ត​រាប​ទាប​»។ ពិត​មែន​ហើយ តើ​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មាន​អំណរ​ជាង​ការ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​រីក​រាយ​ឬ​ទេ?—សុភ. ២៣:១៥

៩. ហេតុ​អ្វី​អ្នក​ឯ​ទៀត​ចូល​ចិត្ត​យើង បើ​យើង​មាន​ចិត្ត​រាប​ទាប?

ពេល​យើង​បណ្ដុះ​ឲ្យ​មាន​ចិត្ត​រាប​ទាប យើង​មិន​ត្រឹម​តែ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ទទួល​ប្រយោជន៍​ជា​ច្រើន​ដែរ។ ចិត្ត​រាប​ទាប​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ចង់​រាប់​អាន​យើង។ ដើម្បី​យល់​ចំណុច​នេះ សូម​គិត​អំពី​បុគ្គល​បែប​ណា​ដែល​អ្នក​ចូល​ចិត្ត​សេពគប់។ (​ម៉ាថ. ៧:១២​) តាម​ធម្មតា យើង​មិន​ចូល​ចិត្ត​សេពគប់​ជា​មួយ​នឹង​បុគ្គល​ដែល​តែង​តែ​ចង់​ឲ្យ​គេ​ធ្វើ​តាម​ចិត្ត​គាត់ និង​មិន​ស្ដាប់​យោបល់​ពី​អ្នក​ឯ​ទៀត​ឡើយ។ ផ្ទុយ​ទៅ​វិញ ពេល​ដែល​បង​ប្អូន​រួម​ជំនឿ​មាន​សេចក្ដី​«​ស្រឡាញ់​រាប់​អាន​គ្នា​ជា​បង​ប្អូន មាន​ចិត្ត​អាណិត​មេត្ដា [​និង​]មាន​ចិត្ត​រាប​ទាប​»​ យើង​ចូល​ចិត្ត​នៅ​ជា​មួយ​នឹង​ពួក​គេ។ (​១ពេ. ៣:៨​) បើ​យើង​ចូល​ចិត្ត​មនុស្ស​បែប​នេះ នោះ​ពួក​គេ​នឹង​ទំនង​ជា​ចូល​ចិត្ត​យើង​ដែរ ដរាប​ណា​យើង​មាន​ចិត្ត​រាប​ទាប។

១០. តើ​ចិត្ត​រាប​ទាប​ជួយ​យើង​ឲ្យ​សប្បាយ​ជាង​នឹង​ជីវិត​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១០ ចិត្ត​រាប​ទាប​ក៏​ជួយ​យើង​ឲ្យ​សប្បាយ​ជាង​នឹង​ជីវិត​របស់​យើងដែរ។ ជួន​កាល យើង​នឹង​ឃើញ​ឬ​ជួប​ប្រទះ​នឹង​រឿង​ដែល​យើង​គិត​ថា​អយុត្ដិធម៌។ ស្តេច​សាឡូម៉ូន​ដែល​ជា​អ្នក​មាន​ប្រាជ្ញា បាន​និយាយ​ថា​៖ ​«​យើង​បាន​ឃើញ​បាវ​បំរើ​កំពុង​តែ​ជិះ​សេះ ហើយ​កូន​ស្តេច​កំពុង​តែ​ដើរ​នៅ​ដី​ដូច​ជា​បាវ​វិញ​»។ (​សាស្ដ. ១០:៧​) យើង​អាច​ឃើញ​ថា ពួក​អ្នក​ដែល​មាន​សមត្ថភាព​អស្ចារ្យ មិន​តែង​តែ​ទទួល​កិត្ដិយស​ទេ។ ក៏​ប៉ុន្តែ ជួន​កាល​មនុស្ស​ដែល​មិន​សូវ​មាន​សមត្ថភាព ទទួល​កិត្ដិយស​ច្រើន​ជាង។ សាឡូម៉ូន​បាន​សរសេរ​ថា​៖ ​«​អ្វី​ៗ​ដែល​យើង​មើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក នោះ​ប្រសើរ​ជាង​ចិត្ត​ស្រមើ​ស្រមៃ​»។ (​ស​ស. [​សាស្ត.​] ៦:៩, ខ.ស.​) សាឡូម៉ូន​ដឹង​ថា​គឺ​ជា​ការ​ឈ្លាស​វៃ​ដែល​យើង​ទទួល​ស្គាល់​ការ​ពិត ជា​ជាង​ខ្វល់​ខ្វាយ​អំពី​ស្ថានភាព​មិន​ល្អ​ដែល​កើត​ឡើង​ក្នុង​ជីវិត។ បើ​យើង​មាន​ចិត្ត​រាប​ទាប នេះ​នឹង​ជួយ​យើង​ឲ្យ​ទទួល​យក​អ្វី​មិន​ល្អ​ដែល​យើង​មិន​ចង់​ឲ្យ​កើត​ឡើង​ក្នុង​ជីវិត។

តើ​ស្ថានភាព​អ្វី​ខ្លះ​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​មាន​ចិត្ត​រាប​ទាប?

ហេតុ​អ្វី​ពិបាក​រក្សា​ចិត្ត​រាប​ទាប​ក្នុង​ស្ថានភាព​នេះ? (​សូម​មើល​វគ្គ​១១​-​១២​) *

១១. ហេតុ​អ្វី​យើង​ត្រូវ​មាន​ចិត្ត​រាប​ទាប​ពេល​យើង​ទទួល​ឱវាទ?

១១ ជា​រៀង​រាល់​ថ្ងៃ យើង​មាន​ឱកាស​ជា​ច្រើន​ដើម្បី​បង្ហាញ​ចិត្ត​រាប​ទាប។ សូម​ពិចារណា​អំពី​ស្ថានភាព​មួយ​ចំនួន។ ពេល​យើង​ទទួល​ឱវាទ។ ជា​ការ​ល្អ​ដែល​យើង​ចាំ​ថា បើ​បុគ្គល​ណា​ម្នាក់​ព្យាយាម​ឲ្យ​ឱវាទ​យើង យើង​ទំនង​ជា​បាន​ធ្វើ​ខុស​ធ្ងន់ ជាង​យើង​គិត​ស្មាន​ទៅ​ទៀត។ ភ្លាម​ៗ​នោះ យើង​ប្រហែល​ជា​មិន​ចង់​ទទួល​យក​ឱវាទ​នោះ​ទេ។ យើង​ប្រហែល​ជា​ចង់​រិះ​គន់​បុគ្គល​នោះ ឬ​របៀប​ដែល​គាត់​ឲ្យ​ឱវាទ​យើង។ ប៉ុន្តែ បើ​យើង​មាន​ចិត្ត​រាប​ទាប យើង​នឹង​ព្យាយាម​បង្ហាញ​ចិត្ត​គំនិត​ត្រឹម​ត្រូវ។

១២. យោង​ទៅ​តាម​សុភាសិត ២៧:៥, ៦ ហេតុ​អ្វី​យើង​គួរ​ឲ្យ​តម្លៃ​ចំពោះ​បុគ្គល​ដែល​ឲ្យ​ឱវាទ​យើង? សូម​លើក​ឧទាហរណ៍។

១២ បុគ្គល​ដែល​មាន​ចិត្ត​រាប​ទាប​ឲ្យ​តម្លៃ​ចំពោះ​ឱវាទ។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ? សូម​គិត​អំពី​ឧទាហរណ៍​មួយ។ ឧបមា​ថា​អ្នក​នៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ ក្រោយ​ពី​អ្នក​បាន​និយាយ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​ខ្លះ​ៗ មាន​បង​ប្អូន​ម្នាក់​បាន​នាំ​អ្នក​ទៅ​ដាច់​ដោយ​ឡែក​ពី​គេ ហើយ​ប្រាប់​អ្នក​ថា​អ្នក​មាន​ម្ហូប​ជាប់​ធ្មេញ។ អ្នក​ច្បាស់​ជា​មាន​អារម្មណ៍​ខ្មាស។ ប៉ុន្តែ អ្នក​ក៏​ច្បាស់​ជា​សប្បាយ​ចិត្ត​ដែល​បុគ្គល​នោះ​បាន​ប្រាប់​អ្នក​ឲ្យ​ដឹង មែន​ទេ? តាម​ពិត អ្នក​ប្រហែល​ជា​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ប្រាប់​អ្នក​លឿន​ជាង​នេះ! ស្រដៀង​គ្នា​ដែរ យើង​គួរ​មាន​ចិត្ត​រាប​ទាប ហើយ​ឲ្យ​តម្លៃ​ចំពោះ​បង​ប្អូន​ដែល​ឲ្យ​ឱវាទ​យើង​ពេល​យើង​ត្រូវ​ការ។ យើង​ចាត់​ទុក​ថា​បុគ្គល​នោះ​ជា​មិត្ត​របស់​យើង មិន​មែន​ជា​សត្រូវ​ឡើយ។—សូម​អាន សុភាសិត ២៧:៥, ៦; កាឡ. ៤:១៦

ហេតុ​អ្វី​យើង​ត្រូវ​មាន​ចិត្ត​រាប​ទាប​ពេល​អ្នក​ឯ​ទៀត​ទទួល​ឯកសិទ្ធិ​ក្នុង​កិច្ច​បម្រើ? (​សូម​មើល​វគ្គ​១៣​-​១៤​) *

១៣. តើ​យើង​អាច​បង្ហាញ​ចិត្ត​រាប​ទាប​យ៉ាង​ដូច​ម្ដេច ពេល​អ្នក​ឯ​ទៀត​ទទួល​ឯកសិទ្ធិ​ផ្សេង​ៗ​ក្នុង​កិច្ច​បម្រើ​ព្រះ?

១៣ ពេល​អ្នក​ឯ​ទៀត​ទទួល​ឯកសិទ្ធិ​ក្នុង​កិច្ច​បម្រើ​ព្រះ។ អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​ចេសិន បាន​សារភាព​ថា​៖ ​«​ពេល​ខ្ញុំ​ឃើញ​អ្នក​ឯ​ទៀត​ទទួល​ឯកសិទ្ធិ ជួន​កាល​ខ្ញុំ​ឆ្ងល់​ថា​ហេតុ​អ្វី​មិន​មែន​ជា​ខ្ញុំ​»។ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​ឬ​ទេ? គឺ​មិន​ខុស​ទេ បើ​យើង​«​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​»​ ដើម្បី​ធ្វើ​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ព្រះ។ (​១ធី. ៣:១​) ប៉ុន្តែ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្វី​ដែល​យើង​គិត។ បើ​យើង​មិន​ធ្វើ​ដូច្នេះ​ទេ យើង​អាច​ចាប់​ផ្ដើម​មាន​អំណួត​នៅ​ក្នុង​ចិត្ត។ ជា​ឧទាហរណ៍ បង​ប្រុស​ដែល​ជា​គ្រិស្ត​សាសនិក​ម្នាក់​អាច​ចាប់​ផ្ដើម​គិត​ថា​គាត់​គឺ​ជា​អ្នក​ដែល​មាន​គុណ​សម្បត្ដិ​ល្អ​ជាង​គេ ដើម្បី​បំពេញ​ភារកិច្ច​ណា​មួយ​ក្នុង​ក្រុម​ជំនុំ។ ឬ​ក៏​ប្រពន្ធ​ដែល​ជា​គ្រិស្ត​សាសនិក​ម្នាក់​ប្រហែល​ជា​គិត​ថា ‹ប្ដី​ខ្ញុំ​នឹង​បំពេញ​ភារកិច្ច​នេះ​ប្រសើរ​ជាង​បង​ប្រុស​នោះ!›។ ប៉ុន្តែ បើ​យើង​មាន​ចិត្ត​រាប​ទាប​ពិត​ប្រាកដ យើង​នឹង​មិន​គិត​ដូច្នេះ​ទេ។

១៤. តើ​យើង​អាច​រៀន​អ្វី​ពី​ប្រតិកម្ម​របស់​ម៉ូសេ ពេល​អ្នក​ឯ​ទៀត​បាន​ទទួល​ឯកសិទ្ធិ?

១៤ យើង​អាច​រៀន​ពី​ប្រតិកម្ម​របស់​ម៉ូសេ ពេល​អ្នក​ឯ​ទៀត​បាន​ទទួល​ឯកសិទ្ធិ។ ម៉ូសេ​បាន​ឲ្យ​តម្លៃ​ចំពោះ​ភារកិច្ច​របស់​គាត់​ជា​អ្នក​នាំ​មុខ​ប្រជា​ជាតិ​អ៊ីស្រាអែល។ ពេល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​អ្នក​ឯ​ទៀត​ធ្វើ​កិច្ច​ការ​ខ្លះ​ជា​មួយ​នឹង​ម៉ូសេ តើ​គាត់​មាន​ប្រតិកម្ម​យ៉ាង​ណា? គាត់​មិន​បាន​ច្រណែន​ទេ។ (​ជន. ១១:២៤​-​២៩​) ដោយ​ចិត្ត​រាប​ទាប គាត់​បាន​អនុញ្ញាត​ឲ្យ​អ្នក​ឯ​ទៀត​វិនិច្ឆ័យ​បណ្ដា​ជន​ជា​មួយ​នឹង​គាត់។ (​និក្ខ. ១៨:១៣​-​២៤​) យ៉ាង​នេះ មាន​បុរស​ថែម​ទៀត​ដែល​អាច​ជួយ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​បណ្ដា​ជន​មិន​ចាំ​បាច់​រង់​ចាំ​យូរ​ដើម្បី​ទទួល​ការ​វិនិច្ឆ័យ​ក្ដី។ នេះ​បង្ហាញ​យើង​ថា ម៉ូសេ​មិន​បាន​ចាត់​ទុក​ឯកសិទ្ធិ​របស់​គាត់​ថា​សំខាន់​ជាង​ប្រយោជន៍​របស់​អ្នក​ឯ​ទៀត​ឡើយ។ នេះ​ពិត​ជា​គំរូ​ល្អ​សម្រាប់​យើង​មែន! សូម​ចាំ​ថា បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ប្រើ​យើង ការ​មាន​ចិត្ត​រាប​ទាប​គឺ​សំខាន់​ជាង​សមត្ថភាព​របស់​យើង។ ទោះ​ជា​ព្រះ​យេហូវ៉ា​ខ្ពង់​ខ្ពស់​ក្ដី ​«​លោក​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​ដល់​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​»។—១ពេ. ៥:៥; ទំនុក. ១៣៨:៦

១៥. តើ​បង​ប្អូន​ជា​ច្រើន​ជួប​ប្រទះ​នឹង​កាលៈទេសៈ​ថ្មី​អ្វី​ខ្លះ?

១៥ ពេល​យើង​ជួប​ប្រទះ​នឹង​កាលៈទេសៈ​ថ្មី។ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ បង​ប្អូន​ជា​ច្រើន​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ បាន​ផ្លាស់​ប្ដូរ​ឯកសិទ្ធិ។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​២០១៤ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​តំបន់​និង​ប្រពន្ធ​របស់​គាត់​បាន​ត្រូវ​ចាត់​ឲ្យ​បំពេញ​កិច្ច​បម្រើ​ពេញ​ពេល​ផ្សេង​ទៀត។ ចាប់​ពី​ឆ្នាំ​នោះ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នឹង​ឈប់​ពី​ភារកិច្ច​របស់​ពួក​គេ ពេល​ដែល​ពួក​គេ​ឈាន​ចូល​ដល់​អាយុ​៧០​ឆ្នាំ។ ម្យ៉ាង​ទៀត បង​ប្រុស​ៗ​ដែល​មាន​អាយុ​៨០​ឆ្នាំ​ឬ​លើស​ពី​នេះ នឹង​លែង​បម្រើ​ជា​អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ។ បន្ថែម​ទៅ​ទៀត កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន បង​ប្អូន​ជា​ច្រើន​ដែល​ជា​ក្រុម​គ្រួសារ​បេតអែល​បាន​ត្រូវ​ចាត់​ឲ្យ​បម្រើ​ជា​អ្នកត្រួស​ត្រាយ។ បង​ប្អូន​ឯ​ទៀត​ត្រូវ​ឈប់​ពី​កិច្ច​បម្រើ​ពេញ​ពេល​ពិសេស ដោយ​សារ​មាន​បញ្ហា​សុខភាព ត្រូវ​ថែ​រក្សា​ក្រុម​គ្រួសារ ឬ​មាន​មូលហេតុ​ឯ​ទៀត។

១៦. តើ​បង​ប្អូន​របស់​យើង​បាន​បង្ហាញ​ចិត្ត​រាប​ទាប​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​ភារកិច្ច​ថ្មី​យ៉ាង​ដូច​ម្ដេច?

១៦ បង​ប្អូន​ជា​ច្រើន​នោះ​ពិបាក​សម្រប​ខ្លួន​ទៅ​តាម​ការ​ផ្លាស់​ប្ដូរ​បែប​នេះ។ ពួក​គេ​ច្បាស់​ជា​នៅ​តែ​ស្រឡាញ់​ភារកិច្ច​ពី​មុន​របស់​ពួក​គេ នេះ​ដោយ​សារ​តែ​ពួក​គេ​ធ្លាប់​ធ្វើ​អស់​ជា​ច្រើន​ឆ្នាំ។ បង​ប្អូន​ខ្លះ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង​ពេល​ដែល​ភារកិច្ច​របស់​ពួក​គេ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។ ប៉ុន្តែ​យូរ​ៗ​ទៅ ពួក​គេ​អាច​សម្រប​ខ្លួន​បាន។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​គេ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ពួក​គេ​ដឹង​ថា​ពួក​គេ​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ មិន​មែន​ដើម្បី​កិច្ច​ការ មុខ​ងារ ឬ​ឯកសិទ្ធិ​ណា​មួយ​ទេ។ (​កូឡ. ៣:២៣​) ពួក​គេ​សប្បាយ​ចិត្ត​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​រាប​ទាប មិន​ថា​ពួក​គេ​ទទួល​ភារកិច្ច​ណា​ក៏​ដោយ។ ពួក​គេ​«​ផ្ទេរ​កង្វល់​ទាំង​អស់[​របស់​ពួក​គេ​]ទៅ​ព្រះ​»​ ដោយ​ដឹង​ថា​លោក​រមែង​គិត​អំពី​ពួក​គេ។—១ពេ. ៥:៦, ៧

១៧. ហេតុ​អ្វី​យើង​សប្បាយ​ចិត្ត​ដែល​បណ្ដាំ​របស់​ព្រះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​ចិត្ត​រាប​ទាប?

១៧ យើង​សប្បាយ​ចិត្ត​ដែល​បណ្ដាំ​របស់​ព្រះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​ចិត្ត​រាប​ទាប មែន​ទេ? ពេល​យើង​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​ដែល​គួរ​ឲ្យ​ទាក់​ទាញ​ចិត្ត​នេះ ទាំង​យើង​ទាំង​អ្នក​ឯ​ទៀត​ទទួល​ប្រយោជន៍។ យើង​កាន់​តែ​ចេះ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ក្នុង​ជីវិត។ សំខាន់​បំផុត យើង​ចូល​កាន់​តែ​ជិត​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌។ យើង​សប្បាយ​រីក​រាយ​ណាស់ ដោយ​ដឹង​ថា​ទោះ​ជា​លោក​ជា​«​ព្រះ​ដ៏​ជា​ធំ ហើយ​ខ្ពស់​បំផុត​»​ក៏​ដោយ លោក​ស្រឡាញ់​និង​ឲ្យ​តម្លៃ​ចំពោះ​អ្នក​បម្រើ​របស់​លោក​ដែល​មាន​ចិត្ត​រាប​ទាប!—អេ. ៥៧:១៥

ចម្រៀង​លេខ​៤៥ ការ​រំពឹង​គិត​ក្នុង​ចិត្ត

^ វគ្គ 5 គុណ​សម្បត្ដិ​ដ៏​សំខាន់​បំផុត​មួយ​ដែល​យើង​ត្រូវ​មាន​គឺ​ចិត្ត​រាប​ទាប។ តើ​ចិត្ត​រាប​ទាប​គឺ​ជា​អ្វី? ហេតុ​អ្វី​យើង​គួរ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​រាប​ទាប? ហេតុ​អ្វី​យើង​ប្រហែល​ជា​ពិបាក​រក្សា​ចិត្ត​រាប​ទាប​ពេល​ស្ថានភាព​របស់​យើង​ផ្លាស់​ប្ដូរ? ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ចម្លើយ​ចំពោះ​សំណួរ​ដ៏​សំខាន់​ទាំង​នេះ។

^ វគ្គ 51 ការ​ពណ៌នា​អំពី​រូប​ភាព: កាល​ដែល​នៅ​ផ្ទះ​របស់​បង​ប្រុស​ម្នាក់ សាវ័ក​ប៉ូល​បង្ហាញ​ចិត្ត​រាប​ទាប​ដោយ​សេពគប់​យ៉ាង​រីក​រាយ​ជា​មួយ​នឹង​បង​ប្អូន​ឯ​ទៀត រួម​ទាំង​ប្អូន​ៗ​វ័យ​ក្មេង​ដែរ។

^ វគ្គ 55 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​ម្នាក់​ព្រម​ទទួល​ឱវាទ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ពី​បង​ប្រុស​ដែល​មាន​វ័យ​ក្មេង​ជាង​គាត់។

^ វគ្គ 57 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​វ័យ​ចាស់​មិន​ច្រណែន​នឹង​បង​ប្រុស​វ័យ​ក្មេង​ជាង​ដែល​បាន​ទទួល​ឯកសិទ្ធិ​ក្នុង​ក្រុម​ជំនុំ។