រទេះនិងមកុដដែលការពារអ្នក
«ការនេះនឹងកើតមកមែន បើឯងរាល់គ្នាព្យាយាមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង»។—សាការី ៦:១៥
ចម្រៀងលេខ: ១៧, ១៣៦
១, ២. ពេលអ្វីដែលសាការីបានឃើញក្នុងគំនិតនៅលើកទី៧បានត្រូវបញ្ចប់ តើជនជាតិយូដានៅក្រុងយេរូសាឡិមមានស្ថានភាពបែបណា?
ពេលអ្វីដែលបានត្រូវបើកបង្ហាញឲ្យសាការីឃើញក្នុងគំនិតនៅលើកទី៧បានត្រូវបញ្ចប់ មានអ្វីជាច្រើនដែលគាត់ត្រូវគិតពិចារណា។ សេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថាលោកនឹងដាក់ទោសមនុស្សមិនទៀងត្រង់ច្បាស់ជាបានពង្រឹងកម្លាំងចិត្ដគាត់។ ប៉ុន្ដែគ្មានអ្វីដែលបានផ្លាស់ប្ដូរទេ។ មនុស្សជាច្រើននៅតែមិនទៀងត្រង់និងប្រព្រឹត្ដអំពើអាក្រក់ ហើយកិច្ចការសាងសង់វិហារនៅក្រុងយេរូសាឡិមមិនទាន់បានបង្ហើយនៅឡើយ។ ហេតុអ្វីភ្លាមៗជនជាតិយូដាបានបោះបង់កិច្ចការដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យពួកគេ? តើពួកគេបានត្រឡប់ទៅក្រុងយេរូសាឡិមវិញដើម្បីតែធ្វើឲ្យជីវិតរបស់ពួកគេប្រសើរជាងឬទេ?
២ សាការីបានដឹងថាជនជាតិយូដាដែលបានត្រឡប់ទៅក្រុងយេរូសាឡិមគឺជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ពួកគេគឺជាបុគ្គលដែល«ព្រះបានបណ្ដាលចិត្ដ»ឲ្យចាកចេញពីផ្ទះនិងមុខរបររបស់ពួកគេនៅបាប៊ីឡូន។ (អែសរ៉ា ១:២, ៣, ៥) ពួកគេបានចាកចេញពីកន្លែងដែលពួកគេបានស្គាល់ច្បាស់ ហើយបានទៅរស់នៅទឹកដីដែលពួកគេភាគច្រើនមិនដែលឃើញ។ ការសង់វិហាររបស់ព្រះយេហូវ៉ាឡើងវិញគឺសំខាន់ណាស់ចំពោះជនជាតិយូដា ទាំងនោះ រហូតដល់ពួកគេបានសុខចិត្ដធ្វើដំណើរតាមផ្លូវរដិបរដុបនិងដែលអាចមានគ្រោះថ្នាក់អស់ប្រហែលជា១.៦០០គីឡូម៉ែត្រ (១.០០០ម៉ៃល៍)។
៣, ៤. តើជនជាតិយូដាដែលបានត្រឡប់ទៅក្រុងយេរូសាឡិមវិញជួបប្រទះនឹងការពិបាកអ្វីខ្លះ?
៣ សូមស្រមៃគិតអំពីការធ្វើដំណើរដ៏វែងឆ្ងាយពីបាប៊ីឡូនទៅក្រុងយេរូសាឡិម។ បណ្ដាជនមានពេលច្រើនដើម្បីគិតនិងនិយាយអំពីទីលំនៅថ្មីរបស់ពួកគេ។ មនុស្សវ័យចាស់បានប្រាប់ពួកគេអំពីក្រុងយេរូសាឡិមនិងវិហារដ៏សែនស្អាតដែលធ្លាប់មាននៅទីនោះ។ (អែសរ៉ា ៣:១២) បើអ្នកបានធ្វើដំណើរជាមួយនឹងពួកគេ តើអ្នកមានអារម្មណ៍យ៉ាងណាពេលដែលអ្នកបានឃើញក្រុងយេរូសាឡិមជាលើកដំបូង? តើអ្នកនឹងសោកស្តាយដោយឃើញអគារបាក់បែកដែលមានស្មៅដុះពីលើ ហើយកំពែងក្រុងបាក់បែកដែលមានប្រហោងធំៗនៅទ្វារក្រុងនិងនៅកន្លែងដែលធ្លាប់មានប៉មឬទេ? អ្នកប្រហែលជាប្រៀបធៀបកំពែងក្រុងបាក់បែកទាំងនោះទៅនឹងកំពែងធំដ៏រឹងមាំរបស់ក្រុងបាប៊ីឡូន។ ប៉ុន្ដែជនជាតិយូដាមិនបានធ្លាក់ទឹកចិត្ដទេ។ ហេតុអ្វី? ពីព្រោះក្នុងអំឡុងពេលធ្វើដំណើរដ៏វែងឆ្ងាយរបស់ពួកគេ ព្រះយេហូវ៉ាបានការពារនិងជួយពួកគេ។ ពេលពួកគេទៅដល់ក្រុងយេរូសាឡិម ពួកគេបានសង់ទីបូជាមួយនៅកន្លែងដែលធ្លាប់មានវិហារ ហើយបានចាប់ផ្ដើមជូនគ្រឿងបូជាទៅព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ។ (អែសរ៉ា ៣:១, ២) នៅពេលនោះ ពួកគេរំភើបចិត្ដនិងមានចិត្ដខ្នះខ្នែង។ មើលទៅគ្មានអ្វីដែលអាចធ្វើឲ្យពួកគេធ្លាក់ទឹកចិត្ដបានទេ។
៤ ដំណាលគ្នានឹងការសាងសង់វិហារឡើងវិញ ជនជាតិយូដាក៏ត្រូវសង់ផ្ទះរបស់ខ្លួននិងក្រុងឡើងវិញ ហើយពួកគេត្រូវធ្វើស្រែដើម្បីចិញ្ចឹមក្រុមគ្រួសាររបស់ពួកគេដែរ។ (អែសរ៉ា ២:៧០) មើលទៅពួកគេមានកិច្ចការជាច្រើនដែលត្រូវធ្វើ។ មិនយូរក្រោយមក សត្រូវរបស់ពួកគេបានព្យាយាមបញ្ឈប់ពួកគេ។ អស់១៥ឆ្នាំជនជាតិយូដាបានទទួលការប្រឆាំងបែបនេះ ហើយបន្ដិចម្ដងៗពួកគេបានធ្លាក់ទឹកចិត្ដ។ (អែសរ៉ា ៤:១-៤) មានបញ្ហាមួយទៀតនៅឆ្នាំ៥២២មុន គ.ស. គឺស្ដេចពើស៊ីបានបញ្ជាឲ្យបញ្ឈប់កិច្ចការសាងសង់ទាំងអស់នៅក្រុងយេរូសាឡិម។ តាមមើលទៅក្រុងនោះនឹងមិនអាចត្រូវសាងសង់ឡើងវិញបានទេ។—អែសរ៉ា ៤:២១-២៤
៥. តើព្រះយេហូវ៉ាបានជួយរាស្ដ្ររបស់លោកយ៉ាងដូចម្ដេច?
៥ ព្រះយេហូវ៉ាដឹងថារាស្ដ្ររបស់លោកត្រូវការកម្លាំងចិត្ដនិងចិត្ដក្លាហាន។ លោកបានបើកបង្ហាញឲ្យសាការីឃើញអ្វីមួយក្នុងគំនិតនៅលើកចុងក្រោយ ដើម្បីពង្រឹងទំនុកចិត្ដរបស់រាស្ដ្រលោកថាលោកស្រឡាញ់ពួកគេនិងឲ្យតម្លៃទៅលើការខំប្រឹងរបស់ពួកគេក្នុងការបម្រើលោក។ លោកបានសន្យាថាលោកនឹងការពារពួកគេ បើពួកគេចាប់ផ្ដើមធ្វើឡើងវិញនូវកិច្ចការដែលលោកបានផ្ដល់ឲ្យពួកគេ។ ស្ដីអំពីការសាងសង់វិហារ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «ការនេះនឹងកើតមកមែន បើឯងរាល់គ្នាព្យាយាមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង»។—សាការី ៦:១៥
កងទ័ពទេវតា
៦. (ក) នៅដើមដំបូង តើសាការីបានឃើញអ្វីក្នុងគំនិតរបស់គាត់នៅលើកទី៨? (សូមមើលរូបភាពនៅដើមអត្ថបទ) (ខ) ហេតុអ្វីសេះទាំងនោះមានសម្បុរខុសគ្នា?
៦ អ្វីដែលសាការីបានឃើញក្នុងគំនិតនៅលើកទី៨ដែលជាលើកចុងក្រោយ ប្រហែលជាបានពង្រឹងជំនឿរបស់ជនជាតិយូដាជាងអ្វីៗដែលគាត់បានឃើញក្នុងគំនិតពីមុនទៅទៀត។ (សូមអាន សាការី ៦:១-៣) សូមព្យាយាមស្រមៃគិតអំពីអ្វីដែលសាការីបានឃើញ។ មានភ្នំស្ពាន់ពីរ ហើយមានសេះអូសរទេះបួនដែល«ចេញពីកណ្ដាលភ្នំ២»នោះមក។ * (សូមមើលកំណត់សម្គាល់) សេះទាំងនោះមានសម្បុរផ្សេងៗពីគ្នា។ នេះជួយឲ្យយើងដឹងអំពីតួនាទីរបស់អ្នកបររទេះ។ សាការីបានសួរថា៖ «ទាំងអស់នេះតើជាអ្វី?»។ (សាការី ៦:៤) នេះជាប់ទាក់ទងនឹងយើង ដូច្នេះយើងក៏ចង់ដឹងដែរ។
៧, ៨. (ក) តើភ្នំទាំងពីរជាតំណាងអ្វី? (ខ) ហេតុអ្វីភ្នំទាំងនោះធ្វើពីស្ពាន់?
ដានីយ៉ែល ២:៣៥, ៤៥) តាំងពីពេលដែលលោកយេស៊ូបានចាប់ផ្ដើមគ្រប់គ្រងជាស្ដេចនៅឆ្នាំ១៩១៤ ភ្នំទាំងពីរនេះមានតួនាទីដ៏ពិសេសក្នុងការធ្វើឲ្យគោលបំណងរបស់ព្រះសម្រាប់ផែនដីបានសម្រេច។
៧ ក្នុងគម្ពីរ ភ្នំអាចជាតំណាងរាជាណាចក្រឬរដ្ឋាភិបាល។ ភ្នំដែលសាការីបានឃើញក្នុងគំនិតគឺស្រដៀងនឹងភ្នំពីរដែលមានក្នុងទំនាយរបស់ដានីយ៉ែល។ ភ្នំមួយជាតំណាងការគ្រប់គ្រងជារៀងរហូតរបស់ព្រះយេហូវ៉ាលើសកលលោកទាំងមូល ភ្នំមួយទៀតជាតំណាងរាជាណាចក្រមេស្ស៊ីដែលមានលោកយេស៊ូជាស្ដេច។ (ព្រះយេហូវ៉ានៅតែប្រើទេវតារបស់លោកដើម្បីការពារនិងពង្រឹងកម្លាំងចិត្ដរបស់រាស្ដ្រលោក
៨ ហេតុអ្វីភ្នំទាំងនោះធ្វើពីស្ពាន់? ស្ពាន់គឺជាអ្វីដែលមានតម្លៃ ហើយភ្លឺរលោង។ ព្រះយេហូវ៉ាបានប្រាប់ជនជាតិអ៊ីស្រាអែលឲ្យប្រើស្ពាន់ពេលដែលពួកគេបានសង់ត្រសាល និងនៅពេលក្រោយមកពេលដែលពួកគេបានសង់វិហារនៅក្រុងយេរូសាឡិម។ (និក្ខមនំ ២៧:១-៣; ពង្សាវតារក្សត្រទី១ ៧:១៣-១៦) * (សូមមើលកំណត់សម្គាល់) ការដែលភ្នំទាំងពីរនេះបានធ្វើពីស្ពាន់ បញ្ជាក់ថាការគ្រប់គ្រងរបស់ព្រះយេហូវ៉ានិងរាជាណាចក្រមេស្ស៊ីគឺជាអ្វីដែលល្អប្រសើរ ដែលនឹងធ្វើឲ្យមនុស្សជាតិមានសុវត្ថិភាពនិងនាំឲ្យពួកគេទទួលពរជាច្រើន។
៩. តើរទេះដែលមានសេះអូសនិងអ្នកបររទេះនោះជាតំណាងអ្វី ហើយតើពួកគេមានតួនាទីអ្វី?
៩ តើរទេះដែលមានសេះអូសនិងអ្នកបររទេះនោះជាតំណាងអ្វី? គឺទេវតាដែលទំនងជាបានបែងចែកជាក្រុមៗ។ (សូមអាន សាការី ៦:៥-៨) ពួកគេចេញពី«ចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល»ដោយមានភារកិច្ចដ៏ពិសេស។ ទេវតាទាំងនោះបានត្រូវចាត់ឲ្យទៅកន្លែងផ្សេងៗដើម្បីការពាររាស្ដ្ររបស់ព្រះ ជាពិសេសការពារពួកគេពីបាប៊ីឡូនដែលជា«ស្រុកនៅទិសខាងជើង»។ តាមរយៈអ្វីនេះដែលសាការីបានឃើញក្នុងគំនិត ព្រះយេហូវ៉ាបានឲ្យរាស្ដ្ររបស់លោកដឹងថាពួកគេនឹងមិនត្រូវធ្វើជាខ្ញុំបម្រើនៅបាប៊ីឡូនម្ដងទៀតទេ។ សូមស្រមៃគិតថានេះបានសម្រាលទុក្ខអ្នកសង់វិហារនៅសម័យសាការីខ្លាំងយ៉ាងណា! ពួកគេបានដឹងថាសត្រូវរបស់ពួកគេមិនអាចបញ្ឈប់ពួកគេបានឡើយ។
១០. តើទំនាយរបស់សាការីអំពីរទេះដែលមានសេះអូសនិងអ្នកបររទេះនោះអាចជួយយើងយ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ?
១០ សព្វថ្ងៃនេះ ព្រះយេហូវ៉ានៅតែប្រើទេវតារបស់លោកដើម្បីការពារនិងពង្រឹងកម្លាំងចិត្ដរបស់រាស្ដ្រលោក។ (ម៉ាឡាគី ៣:៦; ហេប្រឺ ១:៧, ១៤) តាំងពីឆ្នាំ១៩១៩ ពេលដែលរាស្ដ្ររបស់ព្រះយេហូវ៉ាបានត្រូវដោះលែងក្នុងន័យធៀបពីបាប៊ីឡូនដ៏ខ្លាំងក្លា សត្រូវរបស់ពួកគេបានព្យាយាមរកវិធីផ្សេងៗដើម្បីមិនឲ្យការគោរពប្រណិប័តន៍ពិតរីកចម្រើន។ (ការបើកបង្ហាញ ១៨:៤) ប៉ុន្ដែសត្រូវទាំងនេះមិនអាចធ្វើដូច្នេះបានឡើយ។ ដោយសារទេវតាការពារអង្គការរបស់ព្រះយេហូវ៉ា យើងមិនត្រូវភ័យខ្លាចថារាស្ដ្ររបស់លោកនឹងទៅជាឈ្លើយនៃសាសនាមិនពិតម្ដងទៀតទេ។ (ទំនុកតម្កើង ៣៤:៧) ផ្ទុយទៅវិញ យើងនឹងមានចិត្ដសប្បាយ ហើយជាប់រវល់ជានិច្ចក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ទំនាយរបស់សាការីជួយយើងឲ្យយល់ថាយើងមានសុវត្ថិភាពនិងទទួលការការពារពីភ្នំទាំងពីរនោះ។
១១. ហេតុអ្វីយើងមិនត្រូវខ្លាចការវាយប្រហារលើរាស្ដ្ររបស់ព្រះ?
១១ មិនយូរទៀត រដ្ឋាភិបាលនានាក្នុងពិភពលោករបស់សាថាននឹងរួបរួមគ្នាដើម្បីព្យាយាមបំផ្លាញរាស្ដ្ររបស់ព្រះ។ (អេសេគាល ៣៨:២, ១០-១២; ដានីយ៉ែល ១១:៤០, ៤៤, ៤៥; ការបើកបង្ហាញ ១៩:១៩) ក្នុងទំនាយរបស់អេសេគាល រដ្ឋាភិបាលទាំងនោះប្រៀបដូចជាពពកដែលនៅពាសពេញផែនដី។ ពួកគេជិះសេះ ហើយមកវាយប្រហាររាស្ដ្ររបស់ព្រះទាំងមានកំហឹងជាខ្លាំង។ (អេសេគាល ៣៨:១៥, ១៦) * (សូមមើលកំណត់សម្គាល់) តើយើងគួរខ្លាចពួកគេឬទេ? មិនមែនទេ! យើងមានកងទ័ពរបស់ព្រះយេហូវ៉ានៅខាងយើង។ ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង ទេវតារបស់ព្រះយេហូវ៉ានឹងការពាររាស្ដ្ររបស់លោក ហើយនឹងបំផ្លាញអស់អ្នកដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ (ថែស្សាឡូនិចទី២ ១:៧, ៨) នោះពិតជាថ្ងៃដ៏អស្ចារ្យមែន! ប៉ុន្ដែ តើអ្នកណានឹងនាំមុខកងទ័ពស្ថានសួគ៌របស់ព្រះយេហូវ៉ា?
ព្រះយេហូវ៉ាតែងតាំងបុគ្គលមួយរូបដែលជាស្ដេចនិងជាសង្ឃ
១២, ១៣. (ក) តើព្រះយេហូវ៉ាបានប្រាប់សាការីឲ្យធ្វើអ្វីក្រោយមក? (ខ) ហេតុអ្វីយើងដឹងថាបុរសដែលបានត្រូវហៅថាពន្លកជាតំណាងលោកយេស៊ូគ្រិស្ដ?
១២ គ្មានអ្នកណាទៀតបានឃើញអ្វីដែលសាការីបានឃើញក្នុងគំនិតទាំង៨ដងនោះទេ។ ប៉ុន្ដែ ក្រោយមកគាត់បានធ្វើអ្វីដែលអ្នកឯទៀតអាចមើលឃើញ ហើយដែលនឹងលើកទឹកចិត្ដពួកអ្នកដែលសង់វិហាររបស់ព្រះ។ (សូមអាន សាការី ៦:៩-១២) ព្រះយេហូវ៉ាបានប្រាប់សាការីឲ្យប្រមូលប្រាក់និងមាសពីបុរសបីនាក់ដែលបានមកពីបាប៊ីឡូន ឈ្មោះហេលដាយ ថូប៊ីយ៉ា និងយេដាយ៉ា ហើយប្រើប្រាក់និងមាសនោះដើម្បីធ្វើ«មកុដ»។ (សាការី ៦:១១) តើមកុដនេះគឺសម្រាប់សូរ៉ូបាបិលដែលជាអភិបាលនៅទីនោះ ដែលមកពីកុលសម្ព័ន្ធយូដានិងដែលជាកូនចៅរបស់ដាវីឌឬទេ? មិនមែនទេ។ ព្រះ យេហូវ៉ាបានប្រាប់សាការីឲ្យបំពាក់មកុដលើក្បាលរបស់យេសួរដែលជាសម្ដេចសង្ឃ។ នេះប្រាកដជាបានធ្វើឲ្យអ្នកដែលឃើញរឿងនេះភ្ញាក់ផ្អើល។
១៣ តើការបំពាក់មកុដឲ្យសម្ដេចសង្ឃយេសួរមានន័យថាគាត់ជាស្ដេចឬទេ? មិនមែនទេ។ យេសួរមិនមែនជាកូនចៅរបស់ដាវីឌឡើយ ដូច្នេះគាត់មិនមានសិទ្ធិធ្វើជាស្ដេចទេ។ ការបំពាក់មកុដឲ្យគាត់ជាតំណាងអ្វីដែលនឹងកើតឡើងនៅពេលអនាគតចំពោះបុគ្គលមួយរូបដែលជាស្ដេចនិងជាសង្ឃជារៀងរហូត ដែលបានត្រូវហៅថា «លំពង់»ឬពន្លក។ គម្ពីរពន្យល់ថាពន្លកនោះគឺជាលោកយេស៊ូគ្រិស្ដ * (សូមមើលកំណត់សម្គាល់)។—អេសាយ ១១:១; ម៉ាថាយ ២:២៣
១៤. តើលោកយេស៊ូធ្វើអ្វីក្នុងនាមជាស្ដេចនិងសម្ដេចសង្ឃ?
១៤ លោកយេស៊ូគឺជាស្ដេចនិងជាសម្ដេចសង្ឃ។ លោកនាំមុខកងទ័ពទេវតារបស់ព្រះយេហូវ៉ា ហើយខំធ្វើឲ្យរាស្ដ្ររបស់ព្រះមានសេចក្ដីសុខសាន្ដក្នុងចិត្ដ ទោះជាពួកគេនៅក្នុងពិភពលោកដ៏ឃោរឃៅនេះក៏ដោយ។ (យេរេមា ២៣:៥, ៦) មិនយូរទៀត គ្រិស្ដនឹងច្បាំងឈ្នះប្រជាជាតិនានា កាលដែលលោកគាំទ្រការគ្រប់គ្រងរបស់ព្រះយេហូវ៉ានិងការពាររាស្ដ្ររបស់ព្រះ។ (ការបើកបង្ហាញ ១៧:១២-១៤; ១៩:១១, ១៤, ១៥) ប៉ុន្ដែមុនពេលនោះមកដល់ លោកយេស៊ូឬពន្លក មានកិច្ចការដ៏ធំដែលលោកត្រូវធ្វើ។
លោកនឹងសង់វិហារ
១៥, ១៦. (ក) នៅសព្វថ្ងៃនេះ តើរាស្ដ្ររបស់ព្រះបានត្រូវសម្រិតសម្រាំងនិងរៀបចំឡើងវិញយ៉ាងដូចម្ដេច? តើអ្នកណាបានធ្វើអ្វីទាំងនោះ? (ខ) តើផែនដីនឹងមានស្ថានភាពបែបណានៅដំណាច់១.០០០ឆ្នាំនៃការគ្រប់គ្រងរបស់គ្រិស្ដ?
១៥ លោកយេស៊ូជាស្ដេចនិងជាសម្ដេចសង្ឃ ហើយលោកក៏មានភារកិច្ច«សង់ព្រះវិហារនៃព្រះយេហូវ៉ា»ដែរ។ (សូមអាន សាការី ៦:១៣) នៅឆ្នាំ១៩១៩ លោកបានធ្វើកិច្ចការសាងសង់នេះដោយរំដោះរាស្ដ្ររបស់ព្រះចេញពីឥទ្ធិពលនៃបាប៊ីឡូនដ៏ខ្លាំងក្លាដែលជាសាសនាមិនពិត។ លោកយេស៊ូបានរៀបចំក្រុមជំនុំឡើងវិញ និងបានតែងតាំង«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ បុរសដែលបានត្រូវរើសតាំងមួយក្រុមនេះកំពុងនាំមុខក្នុងការគោរពប្រណិប័តន៍ពិតនៅផែនដី។ របៀបរៀបចំសម្រាប់ការគោរពប្រណិប័តន៍ពិតនេះគឺប្រៀបដូចជាវិហារនៃព្រះយេហូវ៉ា។ (ម៉ាថាយ ២៤:៤៥) លោកយេស៊ូក៏សម្រិតសម្រាំងរាស្ដ្ររបស់ព្រះ ហើយជួយពួកគេឲ្យគោរពប្រណិប័តន៍ព្រះតាមរបៀបដ៏ស្អាតស្អំដែរ។—ម៉ាឡាគី ៣:១-៣
១៦ លោកយេស៊ូនិងពួក១៤៤.០០០នាក់ដែលធ្វើជាស្ដេចនិងជាសង្ឃជាមួយនឹងលោកនឹងគ្រប់គ្រងសម្រាប់១.០០០ឆ្នាំ។ ក្នុងអំឡុងពេលនោះ បុគ្គលទាំងនោះនឹងជួយមនុស្សស្មោះត្រង់ឲ្យទៅជាមនុស្សល្អឥតខ្ចោះ។ ពេលស្ដេចនិងសង្ឃទាំងនោះបានបង្ហើយកិច្ចការនេះ នឹងមានតែអ្នកគោរពប្រណិប័តន៍ពិតរបស់ព្រះយេហូវ៉ាប៉ុណ្ណោះនៅផែនដី។ នៅទីបំផុត នឹងមានការគោរពប្រណិប័តន៍ពិតយ៉ាងពេញលេញឡើងវិញ!
ចូរចូលរួមក្នុងកិច្ចការសាងសង់
១៧. តើព្រះយេហូវ៉ាបានពង្រឹងទំនុកចិត្ដរបស់ជនជាតិយូដាយ៉ាងដូចម្ដេច? តើពាក្យរបស់លោកមានឥទ្ធិពលយ៉ាងណាទៅលើពួកគេ?
១៧ តើដំណឹងដែលសាការីបានប្រកាសមានឥទ្ធិពលយ៉ាងណាទៅលើជនជាតិយូដានៅសម័យនោះ? ព្រះយេហូវ៉ាបានសន្យាថាលោកនឹងជួយនិងការពារពួកគេដើម្បីពួកគេអាចបង្ហើយកិច្ចការសាងសង់វិហារ។ សេចក្ដីសន្យានោះផ្ដល់សេចក្ដីសង្ឃឹមដល់ពួកគេ។ ប៉ុន្ដែ ពួកគេប្រហែលជានៅតែបានឆ្ងល់ថា តើតាមរបៀបណាមនុស្សតិចអាចធ្វើកិច្ចការដ៏ច្រើនទាំងនោះបាន? ដូច្នេះ សាការីបានប្រាប់ពួកគេអំពីអ្វីដែលនឹងធ្វើឲ្យពួកគេលែងភ័យខ្លាចនិងលែងសង្ស័យ។ ក្រៅពីបុគ្គលដែលបានមកជួយ ដូចជាហេលដាយ ថូប៊ីយ៉ា និងយេដាយ៉ា ព្រះយេហូវ៉ាបានមានប្រសាសន៍ថានឹងមានមនុស្សជាច្រើនទៀតដែលនឹង«មកជួយស្អាងព្រះវិហារនៃព្រះយេហូវ៉ាឡើងដែរ»។ (សូមអាន សាការី ៦:១៥) ជនជាតិយូដាជឿជាក់ថាព្រះយេហូវ៉ាកំពុងគាំទ្រកិច្ចការរបស់ពួកគេ។ ហេតុនេះហើយ ពួកគេបានចាប់ផ្ដើមសង់វិហារឡើងវិញដោយចិត្ដក្លាហាន ទោះជាស្ដេចពើស៊ីបានដាក់បម្រាមលើកិច្ចការនោះក៏ដោយ។ បម្រាមនោះប្រៀបដូចជាភ្នំដ៏ធំមួយនៅខាងមុខពួកគេ ប៉ុន្ដែមិនយូរក្រោយមក ព្រះយេហូវ៉ាបានដកភ្នំនោះចេញ ហើយវិហារបានត្រូវសាងសង់រួចរាល់នៅឆ្នាំ៥១៥មុន គ.ស.។ (អែសរ៉ា ៦:២២; សាការី ៤:៦, ៧) ប៉ុន្ដែ ប្រសាសន៍របស់ព្រះយេហូវ៉ាក៏រៀបរាប់អំពីអ្វីដ៏អស្ចារ្យជាងនេះដែលកំពុងកើតឡើងនៅសព្វថ្ងៃនេះ។
១៨. តើសាការី ៦:១៥កំពុងក្លាយជាការពិតយ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ?
១៨ សព្វថ្ងៃនេះ មានមនុស្សរាប់លាននាក់ដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ពួកគេសប្បាយចិត្ដជូន«ទ្រព្យសម្បត្ដិ»របស់ពួកគេដល់លោក។ នេះរួមបញ្ចូលពេលវេលា កម្លាំង និងធនធានរបស់ពួកគេ។ តាមរបៀបនេះ ពួកគេគាំទ្រការគោរពប្រណិប័តន៍ពិត។ (សុភាសិត ៣:៩) យើងអាចប្រាកដថាព្រះយេហូវ៉ាឲ្យតម្លៃចំពោះការគាំទ្រយ៉ាងស្មោះត្រង់របស់យើង។ សូមចាំថាសាការីបានយកប្រាក់និងមាសដែលហេលដាយ ថូប៊ីយ៉ា និងយេដាយ៉ាបានឲ្យ ទៅធ្វើជាមកុដ។ មកុដនោះគឺ«ជាទីរំឭក»អំពីការរួមចំណែករបស់ពួកគេក្នុងការគោរពប្រណិប័តន៍ពិត។ (សាការី ៦:១៤) ព្រះយេហូវ៉ានឹងមិនភ្លេចកិច្ចការដែលយើងធ្វើនិងសេចក្ដីស្រឡាញ់ដែលយើងបង្ហាញចំពោះលោកទេ។—ហេប្រឺ ៦:១០
យើងសប្បាយរីករាយដែលយើងជាសមាជិកអង្គការមួយដែលមានស្ថិរភាព នៅគង់វង្សជារៀងរហូត និងទទួលការការពារពីព្រះ
១៩. តើអ្វីដែលសាការីបានឃើញក្នុងគំនិតគួរមានឥទ្ធិពលយ៉ាងណាមកលើយើង?
១៩ នៅគ្រាចុងក្រោយបង្អស់នេះ រាស្ដ្ររបស់ព្រះយេហូវ៉ាបានសម្រេចកិច្ចការជាច្រើន។ កិច្ចការទាំងនេះអាចសម្រេចបាន ដោយសារព្រះយេហូវ៉ាបានឲ្យពរនិងដោយសារការដឹកនាំរបស់គ្រិស្ដ។ យើងសប្បាយរីករាយដែលយើងជាសមាជិកអង្គការមួយដែលមានស្ថិរភាព នៅគង់វង្សជារៀងរហូត និងទទួលការការពារពីព្រះ ហើយយើងដឹងថាគោលបំណងរបស់ព្រះយេហូវ៉ាចំពោះការគោរពប្រណិប័តន៍ពិតនឹងបានសម្រេច។ ដូច្នេះ ចូរឲ្យតម្លៃចំពោះឯកសិទ្ធិរួបរួមជាមួយនឹងរាស្ដ្ររបស់ព្រះយេហូវ៉ា ហើយ«ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង»។ យ៉ាងនេះអ្នកអាចទទួលការការពារពីស្ដេចនិងសម្ដេចសង្ឃរបស់យើង និងពីពួកទេវតា។ ចូរខំអស់ពីសមត្ថភាពដើម្បីគាំទ្រការគោរពប្រណិប័តន៍ពិត។ ដោយធ្វើដូច្នេះ ព្រះយេហូវ៉ានឹងការពារអ្នកនៅក្នុងអំឡុងគ្រាចុងក្រោយនៃរបៀបរបបពិភពលោកនេះ ហើយជារៀងរហូត!
^ វគ្គ 6 យោងទៅតាមគម្ពីរដែលបានបោះពុម្ពដោយសមាគមព្រះគម្ពីរកម្ពុជា ភ្នំនៅសាការី ៦:១ជាភ្នំលង្ហិន។ ប៉ុន្ដែក្នុងភាសាដើម ខគម្ពីរនេះបានសរសេរថាភ្នំទាំងពីរនេះជាភ្នំស្ពាន់។
^ វគ្គ 8 បទគម្ពីរនៅនិក្ខមនំ ២៧:១-៣ និងពង្សាវតារក្សត្រទី១ ៧:១៣-១៦ជាភាសាដើមបានសំដៅលើស្ពាន់ មិនមែនលង្ហិនទេ។
^ វគ្គ 11 ដើម្បីទទួលព័ត៌មានបន្ថែម សូមមើល«សំណួរពីអ្នកអាន»ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ ទំព័រ២៧-២៨។
^ វគ្គ 13 ពាក្យ«អ្នកស្រុកណាសារ៉ែត»មកពីពាក្យភាសាហេប្រឺ«លំពង់»ឬពន្លក។