លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​និយាយ​ការ​ពិត

ចូរ​និយាយ​ការ​ពិត

​«​[​ចូរ​]និយាយ​សេចក្ដី​ពិត​នឹង​អ្នក​ជិត​ខាង​ខ្លួន​»។—សាការី ៨:១៦

ចម្រៀង​លេខ: ៥៦, ១២៤

១, ២. តើ​មេ​កំណាច​បាន​ប្រើ​អ្វី​ដើម្បី​ធ្វើ​ឲ្យ​មនុស្សជាតិ​ឈឺ​ចាប់​ខ្លាំង​បំផុត?

ការ​បង្កើត​ខ្លះ​ៗ​របស់​មនុស្ស ដូច​ជា​ទូរស័ព្ទ អំពូល​ភ្លើង ឡាន និង​ទូ​ទឹក​ក​ក បាន​ធ្វើ​ឲ្យ​ជីវិត​របស់​មនុស្ស​ប្រសើរ​ជាង។ រីឯ​ការ​បង្កើត​ខ្លះ​ទៀត ដូច​ជា​រំសេវ គ្រាប់​មីន បារី និង​គ្រាប់​បែក​នុយក្លេអ៊ែរ បាន​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​កាន់​តែ​មាន​គ្រោះ​ថ្នាក់។ ប៉ុន្ដែ តាំង​ពី​យូរ​មុន​អ្វី​ៗ​ទាំង​នេះ មាន​អ្វី​មួយ​ទៀត​ដែល​បាន​ធ្វើ​ឲ្យ​មនុស្សជាតិ​ឈឺ​ចាប់​ខ្លាំង​បំផុត។ តើ​នោះ​ជា​អ្វី? ការ​កុហក! ការ​និយាយ​កុហក​គឺ​ជា​ការ​និយាយ​អ្វី​ដែល​យើង​ដឹង​ថា​មិន​មែន​ជា​ការ​ពិត ដើម្បី​បោក​ប្រាស់​ឬ​បោក​បញ្ឆោត​អ្នក​ណា​ម្នាក់។ តើ​អ្នក​ណា​បាន​កុហក​មុន​គេ​បង្អស់? គឺ​មេ​កំណាច! លោក​យេស៊ូ​គ្រិស្ដ​បាន​ហៅ​វា​ថា​«​ឪ​ពុក​នៃ​ការ​ភូត​ភរ​»។ (​សូម​អាន យ៉ូហាន ៨:៤៤) តើ​វា​បាន​កុហក​ជា​លើក​ដំបូង​នៅ​ពេល​ណា?

វា​បាន​ធ្វើ​ដូច្នេះ​នៅ​រាប់​ពាន់​ឆ្នាំ​មុន​នៅ​ក្នុង​សួន​អេដែន។ នៅ​ពេល​នោះ​អាដាម​និង​អេវ៉ា​មាន​ជីវិត​ដ៏​សប្បាយ​រីក​រាយ​ក្នុង​សួន​ឧទ្យាន​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​សម្រាប់​ពួក​គេ។ ព្រះ​បាន​ប្រាប់​ពួក​គេ​ថា បើ​ពួក​គេ​បរិភោគ​ផ្លែ​ពី​«​ដើម​ដឹង​ខុស​ត្រូវ​»​ ពួក​គេ​នឹង​ត្រូវ​ស្លាប់។ ទោះ​ជា​សាថាន​បាន​ដឹង​ដូច្នេះ​ក្ដី វា​បាន​ប្រើ​សត្វ​ពស់​ឲ្យ​ប្រាប់​អេវ៉ា​ថា​៖ ​«​អ្នក​មិន​ស្លាប់​ជា​ពិត​មែន​ទេ​»។ នោះ​គឺ​ជា​ការ​កុហក​ដំបូង​បង្អស់។ សាថាន​ក៏​បាន​និយាយ​ថា​៖ ​«​ព្រះ​ទ្រង់​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុស​ត្រូវ​ផង​»។—លោកុប្បត្ដិ ២:១៥​-​១៧; ៣:១​-​៥

៣. ហេតុ​អ្វី​ពាក្យ​កុហក​របស់​សាថាន​គឺ​អាក្រក់​ក្រៃ​លែង ហើយ​តើ​អ្វី​បាន​កើត​ឡើង​ដោយ​សារ​ពាក្យ​កុហក​នោះ?

ការ​កុហក​របស់​សាថាន​គឺ​ជា​ការ​កុហក​ដ៏​អាក្រក់​ក្រៃ​លែង ដោយ​សារ​វា​ដឹង​រួច​ហើយ​ថា​បើ​អេវ៉ា​ជឿ​វា ហើយ​បរិភោគ​ផ្លែ​ពី​ដើម​នោះ នាង​នឹង​ស្លាប់។ នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​មែន។ អេវ៉ា​និង​អាដាម​មិន​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ទេ ហើយ​ទី​បំផុត​ពួក​គេ​បាន​ស្លាប់។ (​លោកុប្បត្ដិ ៣:៦; ៥:៥​) លើស​ពី​នេះ​ទៅ​ទៀត ដោយ​សារភាព​ខុស​ឆ្គង​របស់​អាដាម ​«​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល​ដល់​មនុស្ស​ទាំង​អស់​»។ តាម​ការ​ពិត ​«​សេចក្ដី​ស្លាប់​បាន​គ្រប់​គ្រង​ជា​ស្ដេច . . . សូម្បី​តែ​លើ​អ្នក​ដែល​មិន​បាន​ធ្វើ​ខុស​ដូច​បទ​រំលង​របស់​អាដាម​»។ (​រ៉ូម ៥:១២, ១៤​) នេះ​ជា​មូលហេតុ​ដែល​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​មិន​អាច​រស់​ជា​រៀង​រហូត​ដូច​គោល​បំណង​របស់​ព្រះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​រស់​បាន​តែ​ប្រហែល​ជា​«​៧០​ឆ្នាំ​ទេ ឬ​បើ​មាន​កំឡាំង​ច្រើន នោះ​បាន​ដល់​៨០​ឆ្នាំ​ប៉ុណ្ណោះ​»​ ហើយ​ជីវិត​របស់​យើង​គឺ​«​សុទ្ធតែ​ជា​ការ​នឿយ​លំបាក នឹង​សេចក្ដី​ទុក្ខ​ព្រួយ​»។ (​ទំនុក​តម្កើង ៩០:១០​) អ្វី​ៗ​ទាំង​អស់​នេះ​បាន​កើត​ឡើង​ដោយ​សារ​តែ​ពាក្យ​កុហក​របស់​សាថាន!

៤. (​ក​) តើ​យើង​ត្រូវ​ដឹង​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ? (​ខ​) យោង​ទៅ​តាម​ទំនុក​តម្កើង ១៥:១, ២ តើ​អ្នក​ណា​អាច​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​យេហូវ៉ា?

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​សាថាន​ថា វា​«​មិន​បាន​នៅ​ជាប់​នឹង​សេចក្ដី​ពិត​ឡើយ ពី​ព្រោះ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ទេ​»។ សាថាន​មិន​បាន​ផ្លាស់​ប្ដូរ​ឡើយ។ វា​នៅ​តែ​«​បំភាន់​ពិភព​លោក​ទាំង​មូល​»​ដោយ​ពាក្យ​កុហក​របស់​វា។ (​ការ​បើក​បង្ហាញ ១២:៩​) ប៉ុន្ដែ​យើង​មិន​ចង់​ឲ្យ​សាថាន​បំភាន់​យើង​ឡើយ។ ដូច្នេះ​យើង​ត្រូវ​ដឹង​ចម្លើយ​ចំពោះ​សំណួរ​បី។ តើ​សាថាន​កំពុង​បំភាន់​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ​តាម​របៀប​ណា? ហេតុ​អ្វី​មនុស្ស​និយាយ​កុហក? តើ​តាម​របៀប​យើង​អាច​និយាយ​ការ​ពិត​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​គ្រប់​ពេល​ដើម្បី​កុំ​ឲ្យ​យើង​បាត់​បង់​ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដូច​ដែល​អាដាម​និង​អេវ៉ា​បាន​បាត់​បង់?—សូម​អាន ទំនុក​តម្កើង ១៥:១, ២

របៀប​ដែល​សាថាន​កំពុង​បំភាន់​មនុស្ស

៥. តើ​សាថាន​កំពុង​បំភាន់​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ​តាម​របៀប​ណា?

យើង​អាច​ជៀស​វាង​ពី​ការ​បោក​បញ្ឆោត​របស់​សាថាន​បាន។ សាវ័ក​ប៉ូល​បាន​និយាយ​ថា​៖ ​«​មិន​មែន​យើង​មិន​ដឹង​អំពី​កលល្បិច​ទាំង​ប៉ុន្មាន​របស់​សាថាន​នោះ​ទេ​»។ (​កូរិនថូស​ទី២ ២:១១​) យើង​ដឹង​ថា​សាថាន​គ្រប់​គ្រង​ពិភព​លោក​ទាំង​មូល​ដែល​រួម​បញ្ចូល​សាសនា​មិន​ពិត រដ្ឋាភិបាល​ពុក​រលួយ និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ដ៏​លោភ​លន់។ (​យ៉ូហាន​ទី១ ៥:១៩​) ដូច្នេះ យើង​មិន​ភ្ញាក់​ផ្អើល​ទេ​ដែល​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​មនុស្ស​ឲ្យ​ពួក​គេ​«​និយាយ​កុហក​»។ (​ធីម៉ូថេ​ទី១ ៤:១, ២​) ជា​ឧទាហរណ៍ អ្នក​ជំនួញ​ខ្លះ​ប្រើ​ពាក្យ​កុហក​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ពួក​គេ​ដើម្បី​លក់​ផលិតផល​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់ ឬ​ដើម្បី​បោក​យក​លុយ​របស់​អ្នក​ឯ​ទៀត។

៦, ៧. (​ក​) ហេតុ​អ្វី​គឺ​ជា​ការ​អាក្រក់​ក្រៃ​លែង ពេល​ពួក​អ្នក​ដឹក​នាំ​សាសនា​និយាយ​កុហក? (​ខ​) តើ​អ្នក​ធ្លាប់​ឮ​ការ​កុហក​អ្វី​ខ្លះ​ពី​ពួក​អ្នក​ដឹក​នាំ​សាសនា?

អ្វី​មួយ​ដែល​អាក្រក់​ក្រៃ​លែង គឺ​ការ​កុហក​ដែល​មក​ពី​ពួក​អ្នក​ដឹក​នាំ​សាសនា។ ហេតុ​អ្វី? ពី​ព្រោះ​បើ​បុគ្គល​ណា​ម្នាក់​ជឿ​លើ​សេចក្ដី​បង្រៀន​មិន​ពិត​របស់​ពួក​គេ ហើយ​ធ្វើ​អ្វី​ដែល​ព្រះ​ស្អប់ បុគ្គល​នោះ​អាច​បាត់​បង់​ឱកាស​រស់​ជា​រៀង​រហូត។ (​ហូសេ ៤:៩​) លោក​យេស៊ូ​ដឹង​ថា​ពួក​អ្នក​ដឹក​នាំ​សាសនា​នៅ​សម័យ​លោក​កំពុង​បោក​បញ្ឆោត​មនុស្ស។ លោក​បាន​ប្រាប់​ពួក​គេ​ដោយ​ចិត្ដ​ក្លាហាន​ថា​៖ ​«​ពួក​ផារិស៊ី​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ជា​មនុស្ស​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​នឹង​ត្រូវ​វេទនា! ពី​ព្រោះ​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​និង​តាម​ផ្លូវ​គោក ដើម្បី​នាំ​មនុស្ស​តែ​ម្នាក់​ឲ្យ​ចូល​សាសនា​យូដា រួច​ពេល​ដែល​អ្នក​នោះ​ដូរ​សាសនា​ហើយ អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​គាត់គួរ​នឹង​ទៅ​ជ្រលង​ភ្នំ​ហ៊ីណុំ​»​ ពោល​គឺ​ការ​បំផ្លាញ​ចោល​ជា​រៀង​រហូត។ (​ម៉ាថាយ ២៣:១៥; កំ.ស.​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​ពួក​អ្នក​ដឹក​នាំ​សាសនា​មិន​ពិត​ទាំង​នោះ គឺ​ដូច​ឪ​ពុក​របស់​ពួក​គេ​ដែល​ជា​«​ឃាតករ​»​ ពោល​គឺ​មេ​កំណាច។—យ៉ូហាន ៨:៤៤

នៅ​សម័យ​យើង​ក៏​មាន​ពួក​អ្នក​ដឹក​នាំ​សាសនា​ជា​ច្រើន​ដែរ។ ពួក​គេ​ប្រហែល​ជា​បាន​ត្រូវ​គេ​ហៅ​ថា​លោក​ឪ​ពុក គ្រូ​គង្វាល បូជា​ចារ្យ ឬ​ងារ​ផ្សេង​ទៀត។ ដូច​ពួក​ផារិស៊ី ពួក​គេ​មិន​បង្រៀន​សេចក្ដី​ពិត​ពី​បណ្ដាំ​របស់​ព្រះ​ទេ តែ​បាន​«​ប្ដូរ​សេចក្ដី​ពិត​អំពី​ព្រះ​យក​សេចក្ដី​ភូត​ភរ​»​វិញ។ (​រ៉ូម ១:១៨, ២៥​) ការ​កុហក​របស់​ពួក​គេ​មាន​ដូច​ជា​៖ មនុស្ស​មាន​ព្រលឹង​អមតៈ ការ​ចាប់​ជាតិ ព្រះ​ទទួល​ស្គាល់​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា និង​បើ​គ្រាន់​តែ​ទទួល​ការ​ជ្រមុជ​ទឹក នោះ​នឹង​ទទួល​សេចក្ដី​សង្គ្រោះ ទោះ​ជា​ធ្វើ​អំពើ​អាក្រក់​ណា​ក៏​ដោយ។

៨. តើ​មិន​យូរ​ទៀត​ពួក​អ្នក​នយោបាយ​នឹង​កុហក​អំពី​អ្វី? ប៉ុន្ដែ​តើ​យើង​គួរ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​រឿង​នេះ?

អ្នក​នយោបាយ​ក៏​បាន​ប្រើ​ពាក្យ​កុហក​ដើម្បី​បោក​បញ្ឆោត​មនុស្ស។ មិន​យូរ​ទៀត ពួក​គេ​នឹង​ប្រើ​ពាក្យ​កុហក​ដ៏​ធំ​បំផុត​មួយ ដោយ​និយាយ​ថា​ពួក​គេ​បាន​នាំ​មក​នូវ​«​សន្ដិ​ភាព​និង​សន្ដិ​សុខ​»​ដល់​ពិភព​លោក​នេះ។ ប៉ុន្ដែ​ពេល​នោះ​«​ស្រាប់​តែ​សេចក្ដី​ហិន​វិនាស​នឹង​កើត​មាន​ដល់​ពួក​គេ​ភ្លាម​»។ ដូច្នេះ យើង​មិន​គួរ​ជឿ​ពួក​អ្នក​នយោបាយ​ទាំង​នោះ​ដែល​និយាយ​ថា​ស្ថានភាព​ពិភព​លោក​គឺ​ប្រសើរ​ឡើង​ទេ។ យើង​«​ដឹង​ច្បាស់​ថា ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ដូច​ជា​ចោរ​មក​នៅ​ពេល​យប់​»។—ថែស្សាឡូនិច​ទី១ ៥:១​-​៤

មូលហេតុ​ដែល​មនុស្ស​និយាយ​កុហក

៩, ១០. (​ក​) ហេតុ​អ្វី​មនុស្ស​និយាយ​កុហក ហើយ​តើ​នេះ​នាំ​ឲ្យ​មាន​ផល​វិបាក​អ្វី? (​ខ​) តើ​យើង​គួរ​ចាំ​អ្វី​អំពី​ព្រះ​យេហូវ៉ា?

សព្វ​ថ្ងៃ​នេះ មិន​គ្រាន់​តែ​មនុស្ស​ដែល​មាន​អំណាច​ប៉ុណ្ណោះ​ទេ ដែល​កុហក។ អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា ​«​មូលហេតុ​ដែល​យើង​និយាយ​កុហក​»​ រៀប​រាប់​ថា​៖ ​«​ការ​កុហក​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស​ដែល​មាន​តាំង​ពី​យូរ​ណាស់​មក​ហើយ​»។ (​Why We Lie​) បើ​និយាយ​ម្យ៉ាង​ទៀត មនុស្ស​គិត​ថា​ការ​និយាយ​កុហក​គឺ​ជា​រឿង​ធម្មតា​និង​ជា​ធម្មជាតិ​របស់​មនុស្ស។ មនុស្ស​ច្រើន​តែ​កុហក​ដើម្បី​ការ​ពារ​ខ្លួន ប្រហែល​ជា​ដើម្បី​លាក់​បាំង​កំហុស​ឬ​បទ​ឧក្រិដ្ឋ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ដ។ ពួក​គេ​ក៏​កុហក​ដើម្បី​បាន​លុយ​ឬ​ដើម្បី​រក​ប្រយោជន៍​សម្រាប់​ខ្លួន​តាម​របៀប​ផ្សេង​ៗ​ទៀត។ អត្ថបទ​នោះ​ក៏​រៀប​រាប់​ដែរ​ថា​មនុស្ស​ខ្លះ​មិន​ខ្វល់​ថា​គេ​កុហក​ចំពោះ​អ្នក​ណា​ទេ ទោះ​ជា​«​មនុស្ស​ដែល​គេ​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក អ្នក​រួម​ការ​ងារ មិត្ដ​ភក្ដិ និង​មនុស្ស​ជា​ទី​ស្រឡាញ់​»​ក្ដី។

ពេល​មនុស្ស​និយាយ​កុហក ពួក​គេ​អាច​បោក​បញ្ឆោត​មនុស្ស​ឯ​ទៀត​បាន ប៉ុន្ដែ​ពួក​គេ​មិន​អាច​បោក​បញ្ឆោត​ព្រះ​យេហូវ៉ា​បាន​ទេ

១០ តើ​ការ​កុហក​ទាំង​នោះ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី? មនុស្ស​លែង​ទុក​ចិត្ដ​គ្នា ហើយ​បង្ខូច​ទំនាក់​ទំនង​រវាង​គ្នា​នឹង​គ្នា។ ជា​ឧទាហរណ៍ សូម​ស្រមៃ​គិត​អំពី​ការ​ឈឺ​ចាប់​របស់​ប្ដី​ដ៏​ស្មោះ​ត្រង់​ម្នាក់​ពេល​គាត់​ដឹង​ថា​ប្រពន្ធ​របស់​គាត់​បាន​ផិត​ក្បត់​គាត់ ហើយ​ក្រោយ​មក​នាង​បាន​កុហក​គាត់​ដើម្បី​លាក់​បាំង​នូវ​អ្វី​ដែល​នាង​បាន​ប្រព្រឹត្ដ។ ឬ​សូម​ស្រមៃ​គិត​អំពី​ប្ដី​ម្នាក់ ពេល​នៅ​ផ្ទះ​គាត់​ធ្វើ​បាប​ប្រពន្ធ​និង​កូន ប៉ុន្ដែ​ពេល​នៅ​ចំពោះ​មុខ​អ្នក​ឯ​ទៀត គាត់​ធ្វើ​ពុត​ជា​ស្រឡាញ់​និង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ប្រពន្ធ​កូន។ មនុស្ស​បែប​នេះ​អាច​បោក​បញ្ឆោត​មនុស្ស​ឯ​ទៀត​បាន ប៉ុន្ដែ​យើង​គួរ​ចាំ​ថា​ពួក​គេ​មិន​អាច​បោក​បញ្ឆោត​ព្រះ​យេហូវ៉ា​បាន​ទេ។ គម្ពីរ​ចែង​ថា​៖ ​«​អ្វី​ៗ​ទាំង​អស់​នៅ​ចំហ​និង​មិន​កំបាំង​»​ពី​លោក។—ហេប្រឺ ៤:១៣

១១. តើ​យើង​ទាញ​យក​មេ​រៀន​អ្វី​ពី​គំរូ​អាក្រក់​របស់​អាណានាស​និង​សាភីរ៉ា? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

១១ ក្នុង​គម្ពីរ មាន​គំរូ​របស់​ប្ដី​ប្រពន្ធ​គ្រិស្ដ​សាសនិក​មួយ​គូ​ដែល​បាន​កុហក​ព្រះ​ដោយ​សារ​ពួក​គេ​បាន​ទទួល​ឥទ្ធិពល​ពី​សាថាន។ អាណានាស​និង​សាភីរ៉ា​បាន​ព្យាយាម​បោក​បញ្ឆោត​ពួក​សាវ័ក។ ពួក​គេ​បាន​លក់​ដី​របស់​ពួក​គេ ហើយ​បន្ទាប់​មក​ពួក​គេ​បាន​យក​ប្រាក់​តែ​មួយ​ចំណែក​ទៅ​ឲ្យ​ពួក​សាវ័ក។ អាណានាស​និង​សាភីរ៉ា​ចង់​ឲ្យ​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ស្ងើច​សរសើរ​ពួក​គេ ដូច្នេះ​ពួក​គេ​បាន​ប្រាប់​ពួក​សាវ័ក​ថា​ពួក​គេ​បាន​ឲ្យ​ប្រាក់​ទាំង​អស់។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​បាន​ដឹង​ថា​ពួក​គេ​និយាយ​កុហក ហើយ​លោក​បាន​ដាក់​ទោស​ពួក​គេ។—សកម្មភាព ៥:១​-​១០

១២. តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​ពួក​អ្នក​ដែល​កុហក​ក្នុង​បំណង​ធ្វើ​បាប​អ្នក​ឯ​ទៀត ហើយ​ដែល​មិន​ប្រែ​ចិត្ដ? ហេតុ​អ្វី?

១២ តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​មនុស្ស​ដែល​និយាយ​កុហក? អស់​អ្នក​ដែល​និយាយ​កុហក​ក្នុង​បំណង​ធ្វើ​បាប​អ្នក​ឯ​ទៀត ហើយ​ដែល​មិន​ប្រែ​ចិត្ដ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​«​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​»​ដូច​សាថាន​ដែរ។ នេះ​មាន​ន័យ​ថា ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល​ជា​រៀង​រហូត។ (​ការ​បើក​បង្ហាញ ២០:១០; ២១:៨; ទំនុក​តម្កើង ៥:៦​) ហេតុ​អ្វី? ពី​ព្រោះ​ចំពោះ​ព្រះ​យេហូវ៉ា​ពួក​អ្នក​កុហក​ទាំង​នោះ​គឺ​ដូច​គ្នា​នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ដ​ដូច​«​ពួក​ឆ្កែ​»​ ពោល​គឺ​ពួក​អ្នក​ដែល​ប្រព្រឹត្ដ​អ្វី​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​តាម​ទស្សនៈ​របស់​លោក។—ការ​បើក​បង្ហាញ ២២:១៥

១៣. តើ​យើង​ដឹង​អ្វី​អំពី​ព្រះ​យេហូវ៉ា ហើយ​តើ​នេះ​ជំរុញ​ចិត្ដ​យើង​ឲ្យ​ធ្វើ​អ្វី?

១៣ យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​«​មិន​មែន​ជា​មនុស្ស ទ្រង់​មិន​ចេះ​កុហក​ឡើយ​»​ ហើយ​ថា​«​ព្រះ​មិន​អាច​កុហក​បាន​»។ (​ជន​គណនា ២៣:១៩; ហេប្រឺ ៦:១៨​) ​«​ព្រះ​យេហូវ៉ា​ទ្រង់​ស្អប់ . . . អណ្ដាត​ភូត​ភរ​»។ (​សុភាសិត ៦:១៦, ១៧​) បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ យើង​ត្រូវ​និយាយ​ការ​ពិត។ ដូច្នេះ យើង​មិន​«​កុហក​គ្នា​ឡើយ​»។—កូឡុស ៣:៩

យើង​«​និយាយ​សេចក្ដី​ពិត​»​

១៤. (​ក​) តើ​អ្វី​ធ្វើ​ឲ្យ​គ្រិស្ដ​សាសនិក​ពិត​ខុស​ពី​មនុស្ស​ដែល​កាន់​សាសនា​មិន​ពិត? (​ខ​) សូម​ពន្យល់​គោល​ការណ៍​គម្ពីរ​ដែល​មាន​នៅ​លូកា ៦:៤៥

១៤ តើ​អ្វី​ជា​របៀប​មួយ​ដែល​គ្រិស្ដ​សាសនិក​ពិត​ខុស​ពី​មនុស្ស​ដែល​កាន់​សាសនា​មិន​ពិត? យើង​«​និយាយ​សេចក្ដី​ពិត​»។ (​សូម​អាន សាការី ៨:១៦, ១៧) ប៉ូល​បាន​និយាយ​ថា​៖ ​«​យើង​បង្ហាញ​ឲ្យ​ឃើញ​ថា​យើង​ជា​អ្នក​បម្រើ​របស់​ព្រះ . . . ដោយ​និយាយ​សេចក្ដី​ពិត​»។ (​កូរិនថូស​ទី២ ៦:៤,​) ម្យ៉ាង​ទៀត លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​មនុស្ស​«​និយាយ​អ្វី​ដែល​មាន​ពោរ​ពេញ​នៅ​ក្នុង​ចិត្ដ​»។ (​លូកា ៦:៤៥​) នេះ​មាន​ន័យ​ថា​មនុស្ស​ទៀង​ត្រង់​នឹង​និយាយ​ការ​ពិត។ គាត់​នឹង​និយាយ​ការ​ពិត​ទៅ​កាន់​អ្នក​ដែល​គាត់​មិន​ធ្លាប់​ស្គាល់ អ្នក​រួម​ការ​ងារ មិត្ដ​ភក្ដិ និង​មនុស្ស​ជា​ទី​ស្រឡាញ់។ សូម​យើង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​ថា​យើង​ព្យាយាម​ធ្វើ​ជា​មនុស្ស​ទៀង​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់។

តើ​អ្នក​ឃើញ​ថា​ប្អូន​ស្រី​វ័យ​ក្មេង​នេះ​មាន​បញ្ហា​ឬ​ទេ? (​សូម​មើល​វគ្គ​១៥, ១៦​)

១៥. (​ក​) ហេតុ​អ្វី​ការ​មាន​របៀប​រស់​នៅ​ដែល​មាន​មុខ​ពីរ​គឺ​ជា​អ្វី​ដ៏​អាក្រក់? (​ខ​) តើ​អ្វី​អាច​ជួយ​ប្អូន​ៗ​វ័យ​ក្មេង​ឲ្យ​យក​ឈ្នះ​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​គ្នា? (​សូម​មើល​កំណត់​សម្គាល់​)

១៥ បើ​អ្នក​ជា​មនុស្ស​វ័យ​ក្មេង អ្នក​ប្រហែល​ជា​ចង់​ឲ្យ​មនុស្ស​ស្រករ​អ្នក​រាប់​អាន​អ្នក។ ប៉ុន្ដែ ដោយ​សារ​បំណង​ចិត្ដ​បែប​នេះ ប្អូន​ៗ​វ័យ​ក្មេង​ខ្លះ​កំពុង​រស់​នៅ​ជា​មនុស្ស​ដែល​មាន​មុខ​ពីរ។ ពួក​គេ​ធ្វើ​ពុត​ជា​មនុស្ស​ដែល​ស្អាត​ស្អំ​ខាង​សីលធម៌​ពេល​ដែល​ពួក​គេ​នៅ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​និង​ក្រុម​ជំនុំ ប៉ុន្ដែ​ពួក​គេ​ប្រព្រឹត្ដ​ខុស​គ្នា​ស្រឡះ​ពេល​ពួក​គេ​នៅ​ជា​មួយ​នឹង​មនុស្ស​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា ឬ​ពេល​ដែល​ពួក​គេ​ប្រើ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា។ ពួក​គេ​ប្រហែល​ជា​ប្រើ​ពាក្យ​អសុរោះ ស្លៀក​ពាក់​មិន​សម​រម្យ ស្តាប់​បទ​ចម្រៀង​ដែល​ស្មោក​គ្រោក ស្រវឹង​ស្រា ប្រើ​ប្រាស់​គ្រឿង​ញៀន មាន​ទំនាក់​ទំនង​ស្នេហា​លួច​លាក់​ដែល​មិន​សម​រម្យ ឬ​ប្រព្រឹត្ដ​អ្វី​ៗ​ផ្សេង​ទៀត​ដែល​អាក្រក់។ ពួក​គេ​កំពុង​កុហក​ព្រះ​យេហូវ៉ា បង​ប្អូន​រួម​ជំនឿ និង​ឪ​ពុក​ម្ដាយ​របស់​ពួក​គេ។ (​ទំនុក​តម្កើង ២៦:៤, ៥​) ប៉ុន្ដែ ព្រះ​យេហូវ៉ា​ដឹង​បើ​យើង​អះអាង​ថា​ខ្លួន​ជា​អ្នក​គោរព​ប្រណិប័តន៍​លោក តែ​ក្រោយ​មក​បែរ​ជា​ធ្វើ​អ្វី​ដែល​លោក​ស្អប់​ទៅ​វិញ។ (​ម៉ាកុស ៧:៦​) គឺ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់​ដែល​យើង​ធ្វើ​តាម​អ្វី​ដែល​សុភាសិត​មួយ​បាន​ចែង ដែល​ថា​៖ ​«​កុំ​បើក​ឲ្យ​ចិត្ដ​ច្រណែន​នឹង​មនុស្ស​មាន​បាប​ឡើយ ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា​ជា​ដរាប​រាល់​ថ្ងៃ​»​ * (​សូម​មើល​កំណត់​សម្គាល់​)។—សុភាសិត ២៣:១៧

១៦. ស្ដី​អំពី​ការ​ដាក់​ពាក្យ​សុំ​ចូល​បម្រើ​ពេញ​ពេល តើ​យើង​គួរ​ឆ្លើយ​សំណួរ​យ៉ាង​ដូច​ម្ដេច?

១៦ បើ​អ្នក​ចង់​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ឬ​ចាប់​ផ្ដើម​កិច្ច​បម្រើ​ពេញ​ពេល​ពិសេស ដូច​ជា​កិច្ច​បម្រើ​នៅ​បេតអែល​ជា​ដើម អ្នក​ត្រូវ​បំពេញ​ពាក្យ​សុំ​ចូល​បម្រើ​កិច្ច​ការ​នោះ។ គឺ​សំខាន់​ណាស់​ដែល​អ្នក​ផ្ដល់​ចម្លើយ​ដ៏​ពិត​ត្រង់​ចំពោះ​សំណួរ​អំពី​សុខភាព​របស់​អ្នក ការ​កម្សាន្ដ​ដែល​អ្នក​ជ្រើស​រើស និង​សីលធម៌​របស់​អ្នក។ (​ហេប្រឺ ១៣:១៨​) ប៉ុន្ដែ ចុះ​យ៉ាង​ណា​បើ​អ្នក​បាន​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់ ឬ​បាន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ផ្ដន្ទា​ទោស ហើយ​អ្នក​មិន​បាន​និយាយ​ជា​មួយ​នឹង​អ្នក​ចាស់​ទុំ​អំពី​រឿង​នេះ? ចូរ​សុំ​ជំនួយ​ពី​ពួក​គេ ដើម្បី​អ្នក​អាច​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស។—រ៉ូម ៩:១; កាឡាទី ៦:១

១៧. តើ​យើង​គួរ​ធ្វើ​អ្វី​ពេល​ពួក​អ្នក​ប្រឆាំង​សួរ​ចម្លើយ​អំពី​បង​ប្អូន​របស់​យើង?

១៧ តើ​អ្នក​គួរ​ធ្វើ​អ្វី បើ​កិច្ច​ការ​របស់​យើង​បាន​ត្រូវ​ដាក់​បម្រាម​នៅ​កន្លែង​ដែល​អ្នក​រស់​នៅ ហើយ​រដ្ឋាភិបាល​ចាប់​ខ្លួនអ្នក ព្រម​ទាំង​សួរ​ចម្លើយ​អំពី​បង​ប្អូន​របស់​អ្នក? តើ​អ្នក​គួរ​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​អ្នក​ដឹង​ឬ​ទេ? តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ពេល​ដែល​អភិបាលជន​ជាតិ​រ៉ូម​បាន​សួរ​ចម្លើយ​លោក? លោក​យេស៊ូ​បាន​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ដែល​ថា​៖ ​«​មាន​ពេល​ដែល​គួរ​នៅ​ស្ងៀម ហើយ​ពេល​សំ​រាប់​និយាយ​»​ ដូច្នេះ​នៅ​ពេល​ខ្លះ​លោក​មិន​បាន​និយាយ​អ្វី​ទេ! (​សាស្តា ៣:១, ៧; ម៉ាថាយ ២៧:១១​-​១៤​) បើ​យើង​ស្ថិត​ក្នុង​ស្ថានភាព​ស្រដៀង​នឹង​នេះ យើង​ត្រូវ​ចេះ​ពិចារណា ហើយ​ប្រុង​ប្រយ័ត្ន​ដើម្បី​មិន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​បង​ប្អូន​របស់​យើង។—សុភាសិត ១០:១៩; ១១:១២

តើ​អ្នក​អាច​សម្រេច​ចិត្ដ​យ៉ាង​ដូច​ម្ដេច​អំពី​ពេល​ដែល​ត្រូវ​នៅ​ស្ងៀម និង​ពេល​ដែល​ត្រូវ​ប្រាប់​ការ​ពិត​ទាំង​អស់? (​សូម​មើល​វគ្គ​១៧, ១៨​)

១៨. តើ​យើង​ត្រូវ​ធ្វើ​អ្វី​បើ​ពួក​អ្នក​ចាស់​ទុំ​សួរ​យើង​អំពី​បង​ប្អូន​របស់​យើង?

១៨ ចុះ​បើ​បុគ្គល​ណា​ម្នាក់​នៅ​ក្នុង​ក្រុម​ជំនុំ​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ហើយ​អ្នក​ដឹង​អំពី​រឿង​នោះ? ពួក​អ្នក​ចាស់​ទុំ​មាន​ភារកិច្ច​រក្សា​ក្រុម​ជំនុំ​ឲ្យ​នៅ​ស្អាត​ស្អំ​ខាង​សីលធម៌ ដូច្នេះ​ពួក​គេ​ប្រហែល​ជា​សួរ​អ្នក​អំពី​អ្វី​ដែល​អ្នក​បាន​ដឹង។ តើ​អ្នក​នឹង​ធ្វើ​អ្វី ជា​ពិសេស​បើ​បុគ្គល​នោះ​ជា​មិត្ដ​ជិត​ស្និទ្ធ​ឬ​ជា​សាច់​ញាតិ​របស់​អ្នក? គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​ពោល​ពាក្យ​ពិត នោះ​រមែង​សំ​ដែង​ចេញ​នូវ​សេចក្ដី​សុចរិត​»។ (​សុភាសិត ១២:១៧; ២១:២៨​) ដូច្នេះ អ្នក​ត្រូវ​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​នូវ​អ្វី​ទាំង​អស់​ដែល​អ្នក​ដឹង​អំពី​រឿង​នោះ​ដោយ​ឥត​លាក់​លៀម។ ពួក​អ្នក​ចាស់​ទុំ​មាន​សិទ្ធិ​ដឹង​អំពី​ការ​ពិត ដើម្បី​ពួក​គេ​អាច​ស្វែង​រក​វិធី​ដ៏​ល្អ​បំផុត​សម្រាប់​ជួយ​បុគ្គល​នោះ​ឲ្យ​មាន​ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឡើង​វិញ។—យ៉ាកុប ៥:១៤, ១៥

១៩. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

១៩ ដាវីឌ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ទ្រង់​ប្រាថ្នា​ចង់​បាន​សេចក្ដី​ពិត​នៅ​ចំណែក​ខាង​ក្នុង​»។ (​ទំនុក​តម្កើង ៥១:៦​) ដាវីឌ​បាន​ដឹង​ថា​អ្វី​ដ៏​សំខាន់​គឺ​អ្វី​ដែល​នៅ​ក្នុង​ចិត្ដ។ នៅ​គ្រប់​ពេល​វេលា គ្រិស្ដ​សាសនិក​ពិត​«​និយាយ​សេចក្ដី​ពិត​»។ របៀប​មួយ​ទៀត​ដើម្បី​បង្ហាញ​ថា​យើង​ខុស​ពី​មនុស្ស​ដែល​កាន់​សាសនា​មិន​ពិត គឺ​ដោយ​បង្រៀន​សេចក្ដី​ពិត​ពី​គម្ពីរ។ នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

^ វគ្គ 15 សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ប្អូន​ៗ​វ័យ​ក្មេង ចូរ​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​អាយុ​ស្រករ​ប្អូន​»​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ទំព័រ​១៤​-​១៨។