អត្ថបទសិក្សា ៥០
ព្រះយេហូវ៉ារំដោះអ្នកឲ្យមានសេរីភាព
«ត្រូវឲ្យឯងរាល់គ្នា . . . ប្រកាសប្រាប់សេចក្ដីប្រោសលែងបាវបំរើដល់មនុស្សទាំងអស់នៅពេញក្នុងស្រុក»។—លេវី. ២៥:១០
ចម្រៀងលេខ២២ សូមឲ្យរាជាណាចក្រព្រះមកដល់!
សេចក្ដីសង្ខេប *
១-២. (ក) តើមនុស្សខ្លះធ្វើពិធីបុណ្យខួបអ្វី? (សូមមើលប្រអប់ដែលមានចំណងជើងថា « តើឆ្នាំសោមនស្សគឺជាអ្វី?») (ខ) នៅលូកា ៤:១៦-១៨ តើលោកយេស៊ូបានមានប្រសាសន៍អំពីអ្វី?
នៅប្រទេសខ្លះ គេរៀបចំពិធីបុណ្យខួបនៃការគ្រប់គ្រង៥០ឆ្នាំរបស់ស្តេចឬមហាក្សត្រី។ គេប្រហែលជាធ្វើពិធីបុណ្យនេះមួយថ្ងៃ មួយសប្ដាហ៍ ឬយូរជាងនេះ ប៉ុន្តែនៅទីបំផុតពិធីបុណ្យនោះបានត្រូវបញ្ចប់ ហើយក្រោយមកពួកគេភ្លេចភ្លាមៗអំពីអំណរដែលគេមានពេលធ្វើពិធីនោះ។
២ យើងនឹងពិចារណាអំពីពិធីមួយដែលប្រសើរជាងពិធីបុណ្យនោះ ហើយដែលថែមទាំងប្រសើរជាងឆ្នាំសោមនស្សដែលជាពិធីបុណ្យរយៈពេលមួយឆ្នាំដែលធ្វើឡើង៥០ឆ្នាំម្ដង នៅអ៊ីស្រាអែលសម័យបុរាណ។ ឆ្នាំសោមនស្សនោះបានផ្ដល់សេរីភាពឲ្យជនជាតិអ៊ីស្រាអែល។ ហេតុអ្វីយើងគួរពិចារណាអំពីឆ្នាំសោមនស្ស? ពីព្រោះឆ្នាំសោមនស្សនៅអ៊ីស្រាអែលរំលឹកយើងអំពីការរៀបចំដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានធ្វើសម្រាប់យើង។ ការរៀបចំនោះនឹងនាំឲ្យយើងមានសេរីភាពជារៀងរហូត ហើយក៏ផ្ដល់ប្រយោជន៍ឲ្យយើងនៅឥឡូវនេះ។ លោកយេស៊ូបានមានប្រសាសន៍អំពីសេរីភាពដ៏អស្ចារ្យនេះ។—សូមអាន លូកា ៤:១៦-១៨
៣. យោងទៅតាមលេវីវិន័យ ២៥:៨-១២ តើជនជាតិអ៊ីស្រាអែលបានទទួលប្រយោជន៍យ៉ាងណាពីឆ្នាំសោមនស្ស?
៣ យើងអាចយល់ច្បាស់ជាងអំពីអត្ថន័យនៃប្រសាសន៍របស់លោកអំពីសេរីភាព ដោយពិចារណាជាមុនសិនអំពីឆ្នាំសោមនស្សដែលព្រះបានរៀបចំសម្រាប់រាស្ត្ររបស់លោកនៅសម័យបុរាណ។ ព្រះយេហូវ៉ាបានប្រាប់ជនជាតិអ៊ីស្រាអែលថា៖ «ត្រូវឲ្យឯងរាល់គ្នាញែកឆ្នាំទី៥០នោះទុកជាបរិសុទ្ធ ព្រមទាំងប្រកាសប្រាប់សេចក្ដីប្រោសលែងបាវបំរើដល់មនុស្សទាំងអស់នៅពេញក្នុងស្រុកផង។ ឆ្នាំនោះជាឆ្នាំសោមនស្សដល់ឯងរាល់គ្នាដែលឯងនឹងត្រឡប់ទៅនៅឯដីរបស់ឯងរាល់គ្នារៀងខ្លួនបាន ហើយនឹងត្រឡប់ទៅនៅនឹងញាតិសន្ដានរបស់ខ្លួនវិញ»។ (សូមអាន លេវីវិន័យ ២៥:៨-១២) ក្នុងអត្ថបទមុន យើងបានពិចារណាអំពីប្រយោជន៍ដែលជនជាតិអ៊ីស្រាអែលបានទទួលពីថ្ងៃឈប់សម្រាកប្រចាំសប្ដាហ៍។ ប៉ុន្តែ តើជនជាតិ អ៊ីស្រាអែលបានទទួលប្រយោជន៍យ៉ាងណាពីឆ្នាំសោមនស្ស? សូមគិតអំពីឧទាហរណ៍មួយ។ សូមស្រមៃគិតថាជនជាតិអ៊ីស្រាអែលម្នាក់បានជំពាក់បំណុលយ៉ាងច្រើន ហើយត្រូវលក់ដីរបស់គាត់ដើម្បីសងបំណុលនោះ។ ក្នុងអំឡុងឆ្នាំសោមនស្ស គាត់ទទួលដីរបស់គាត់មកវិញ។ ដូច្នេះ ម្ចាស់ដីនោះអាច‹ត្រឡប់ទៅនៅឯដីរបស់គាត់› ហើយក្រោយមកកូនរបស់គាត់នឹងទទួលដីនោះជាមត៌ក។ ឧទាហរណ៍មួយទៀត បុរសម្នាក់ប្រហែលជាបានជំពាក់បំណុលគេយ៉ាងច្រើន រហូតដល់គាត់ត្រូវលក់ខ្លួន ឬកូនម្នាក់របស់គាត់ឲ្យធ្វើជាខ្ញុំបម្រើដើម្បីសងបំណុលនោះ។ ក្នុងអំឡុងឆ្នាំសោមនស្ស ខ្ញុំបម្រើនោះអាច«ត្រឡប់ទៅនៅនឹងញាតិសន្ដានរបស់ខ្លួនវិញ»។ ដូច្នេះ គ្មានអ្នកណានឹងធ្វើជាខ្ញុំបម្រើជារៀងរហូតនោះទេ។ ការរៀបចំនេះបង្ហាញថាព្រះយេហូវ៉ាពិតជាយកចិត្តទុកដាក់ចំពោះរាស្ត្ររបស់លោកមែន!
៤-៥. នៅសព្វថ្ងៃនេះ ហេតុអ្វីគឺសំខាន់ដែលយើងចាប់អារម្មណ៍អំពីឆ្នាំសោមនស្សរបស់ជនជាតិអ៊ីស្រាអែល?
៤ តើមានប្រយោជន៍អ្វីទៀតពីឆ្នាំសោមនស្ស? ព្រះយេហូវ៉ាបានពន្យល់ថា៖ «នឹងគ្មានអ្នកទាល់ក្រនៅជាមួយនឹងឯងឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងប្រទានពរដល់ឯង នៅក្នុងស្រុកដែលទ្រង់ប្រទានមកឲ្យឯងចាប់យកជាមរដកនោះជាមិនខាន»។ (ចោ. ១៥:៤) នេះគឺខុសគ្នាស្រឡះពីអ្វីដែលកើតឡើងនៅសព្វថ្ងៃនេះ! ពីព្រោះយើងច្រើនតែឃើញថាអ្នកមានកាន់តែមានទៅ ហើយអ្នកក្រកាន់តែក្រទៅ។
៥ ក្នុងនាមជាគ្រិស្តសាសនិក យើងមិននៅក្រោមច្បាប់ម៉ូសេទេ។ នេះមានន័យថាយើងមិនធ្វើតាមច្បាប់ឆ្នាំសោមនស្សអំពីការរំដោះខ្ញុំបម្រើ ការរួចបំណុល និងការអនុញ្ញាតឲ្យមនុស្សត្រឡប់ទៅរស់នៅក្នុងទឹកដីរបស់ក្រុមគ្រួសារពួកគេវិញឡើយ។ (រ៉ូម ៧:៤; ១០:៤; អេភ. ២:១៥) ប៉ុន្តែ ហេតុអ្វីគឺសំខាន់ដែលយើងចាប់អារម្មណ៍អំពីឆ្នាំសោមនស្ស? ពីព្រោះនេះរំលឹកយើងអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើសម្រាប់យើងដើម្បីរំដោះយើងឲ្យរួចពីការខុសឆ្គង។
លោកយេស៊ូបានប្រកាសអំពីការរំដោះ
៦. តើមនុស្សត្រូវការការរំដោះឲ្យរួចពីអ្វី?
៦ យើងទាំងអស់គ្នាត្រូវការការរំដោះ ពីព្រោះយើងជាខ្ញុំបម្រើនៃការខុសឆ្គងដែលជាម្ចាស់ដ៏សាហាវឃោរឃៅ។ ដោយសារយើងមានភាពខុសឆ្គង នោះយើងកាន់តែចាស់ទៅៗ ឈឺ និងស្លាប់។ មនុស្សជាច្រើនអាចឃើញថានេះជាការពិត ពេលដែលពួកគេឆ្លុះកញ្ចក់ ឬទៅជួបគ្រូពេទ្យដើម្បីព្យាបាលជំងឺ។ យើងក៏ធ្លាក់ទឹកចិត្តដែរ ពេលយើងប្រព្រឹត្តអំពើខុសឆ្គង។ សាវ័កប៉ូលបាននិយាយរ៉ូម ៧:២៣, ២៤
ថាគាត់បានត្រូវនាំទៅជា«ឈ្លើយក្រោមអំណាចច្បាប់នៃភាពខុសឆ្គង ដែលនៅក្នុងអវយវៈរបស់[គាត់]»។ គាត់បន្ថែមថា៖ «ពិបាកចិត្តណាស់ខ្ញុំ! តើអ្នកណានឹងសង្គ្រោះខ្ញុំពីរូបកាយដែលកំពុងនាំឲ្យខ្ញុំស្លាប់របៀបនេះ?»។—៧. តើអេសាយបានប្រាប់អ្វីទុកជាមុនអំពីសេរីភាព?
៧ គួរឲ្យសប្បាយណាស់ ព្រះបានរៀបចំវិធីមួយដើម្បីយើងអាចទទួលសេចក្ដីសង្គ្រោះ ឬដើម្បីរំដោះយើងឲ្យរួចពីការខុសឆ្គង។ យើងអាចទទួលសេរីភាពនេះបានដោយសារលោកយេស៊ូ។ ជាង៧០០ឆ្នាំមុនពេលដែលលោកយេស៊ូមកផែនដី អេសាយដែលជាអ្នកប្រកាសទំនាយបានប្រាប់ទុកជាមុនថានៅពេលក្រោយមកមនុស្សនឹងមានសេរីភាពដ៏អស្ចារ្យ។ សេរីភាពដ៏អស្ចារ្យនោះនឹងសម្រេចអ្វីដែលប្រសើរជាងឆ្ងាយណាស់ បើប្រៀបធៀបនឹងសេរីភាពដែលជនជាតិអ៊ីស្រាអែលបានទទួលក្នុងអំឡុងឆ្នាំសោមនស្ស។ គាត់បានសរសេរថា៖ «ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ។ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង នឹងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ»។ (អេ. ៦១:១) តើទំនាយនេះសំដៅលើអ្នកណា?
៨. តើទំនាយរបស់អេសាយអំពីការរំដោះសំដៅលើអ្នកណា?
៨ ទំនាយដ៏សំខាន់នោះអំពីការរំដោះ បានចាប់ផ្ដើមក្លាយទៅជាការពិតក្រោយពីលោកយេស៊ូបានចាប់ផ្ដើមកិច្ចបម្រើរបស់លោក។ ពេលដែលលោកបានទៅសាលាប្រជុំនៅក្រុងណាសារ៉ែតដែលជាស្រុកកំណើតរបស់លោក លោកយេស៊ូបានអានទំនាយនោះក្នុងសៀវភៅអេសាយ ឲ្យជនជាតិយូដាដែលជួបជុំគ្នានៅទីនោះស្ដាប់។ លោកយេស៊ូបានបង្ហាញថាពាក្យក្នុងទំនាយនោះសំដៅលើលោក ដែលថា៖ «សកម្មពលរបស់ព្រះយេហូវ៉ាសណ្ឋិតលើខ្ញុំ ពីព្រោះលោកបានរើសតាំងខ្ញុំដើម្បីប្រកាសដំណឹងល្អដល់អ្នកក្រីក្រ ក៏បានចាត់ខ្ញុំឲ្យផ្សព្វផ្សាយប្រាប់អ្នកដែលជាប់ជាឈ្លើយអំពីការដោះលែង ប្រាប់អ្នកដែលងងឹតភ្នែកអំពីការមើលឃើញឡើងវិញ ហើយរំដោះអស់អ្នកដែលត្រូវគេជិះជាន់ ថែមទាំងផ្សព្វផ្សាយអំពីឆ្នាំដែលព្រះយេហូវ៉ាពេញចិត្ត»។ (លូក. ៤:១៦-១៩) តើលោកយេស៊ូបានសម្រេចទំនាយនោះយ៉ាងដូចម្ដេច?
មនុស្សដំបូងដែលបានត្រូវរំដោះ
៩. តើមនុស្សជាច្រើននៅសម័យលោកយេស៊ូចង់មានសេរីភាពពីអ្វី?
៩ នៅសម័យលោកយេស៊ូ មនុស្សចាប់ផ្ដើមមានសេរីភាពដែលអេសាយបានប្រកាសទុកជាមុន និងដែលលោកយេស៊ូបានអាន។ លោកយេស៊ូបានបញ្ជាក់អំពីរឿងនេះ ពេលលោកបានប្រកាសថា៖ «បទគម្ពីរដែលអ្នកទើបតែស្ដាប់ បានសម្រេចនៅថ្ងៃនេះ»។ (លូក. ៤:២១) មនុស្សជាច្រើនដែលបានឮអំពីអ្វីដែលលោកយេស៊ូអាន ទំនងជាសង្ឃឹមថាពួកគេនឹងត្រូវរំដោះពីការគ្រប់គ្រងរបស់រដ្ឋាភិបាលរ៉ូម។ ពួកគេប្រហែលជាមានអារម្មណ៍ដូចបុរសពីរនាក់ដែលបាននិយាយថា៖ «យើងបានសង្ឃឹមថា បុរសនេះជាអ្នកដែលត្រូវសង្គ្រោះអ៊ីស្រាអែល»។ (លូក. ២៤:១៣, ២១) ប៉ុន្តែ យើងដឹង ថាលោកយេស៊ូមិនលើកទឹកចិត្តអ្នកកាន់តាមលោកឲ្យបះបោរប្រឆាំងនឹងការគ្រប់គ្រងដ៏គ្មានមេត្ដារបស់រ៉ូមទេ។ ផ្ទុយទៅវិញ លោកបានប្រាប់ពួកគេថា៖ «អ្វីដែលជារបស់សេសារ ចូរសងសេសារវិញ»។ (ម៉ាថ. ២២:២១) ដូច្នេះ តើលោកយេស៊ូបានរំដោះមនុស្សនៅពេលនោះយ៉ាងដូចម្ដេច?
១០. តើលោកយេស៊ូបានរំដោះមនុស្សឲ្យរួចពីអ្វី?
១០ បុត្ររបស់ព្រះបានមកដើម្បីជួយរំដោះមនុស្សពីអ្វីពីរយ៉ាង។ ទី១ លោកយេស៊ូបានជួយរំដោះមនុស្សឲ្យរួចពីសេចក្ដីបង្រៀនមិនពិតរបស់ពួកអ្នកដឹកនាំសាសនា។ ជនជាតិយូដាជាច្រើននាក់នៅសម័យនោះបានត្រូវគេបង្ខំឲ្យធ្វើតាមទំនៀមទម្លាប់និងជំនឿមិនពិតរបស់មនុស្ស។ (ម៉ាថ. ៥:៣១-៣៧; ១៥:១-១១) តាមពិត បុគ្គលដែលអះអាងថាពួកគេកំពុងជួយអ្នកឯទៀតឲ្យបម្រើព្រះ មិនបម្រើព្រះតាមរបៀបត្រឹមត្រូវទេ គឺហាក់ដូចជាពួកគេជាមនុស្សងងឹតភ្នែក។ ម្យ៉ាងទៀត ពួកគេបានបដិសេធមិនទទួលស្គាល់មេស្ស៊ីនិងសេចក្ដីពិតដែលលោកបានបង្រៀន ដូច្នេះពួកគេមិនស្គាល់ព្រះឡើយ គឺហាក់ដូចជាពួកគេនៅតែងងឹតភ្នែក ហើយមិនបានទទួលការអភ័យទោសចំពោះការខុសឆ្គងទេ។ (យ៉ូន. ៩:១, ១៤-១៦, ៣៥-៤១) តាមរយៈសេចក្ដីពិតដែលលោកយេស៊ូបានបង្រៀននិងគំរូល្អរបស់លោក លោកបានបង្ហាញមនុស្សដែលមានចិត្តរាបទាបអំពីរបៀបដែលពួកគេអាចរំដោះខ្លួនពីសេចក្ដីបង្រៀនមិនពិត។—ម៉ាក. ១:២២; ២:២៣–៣:៥
១១. តើរបៀបទីពីរដែលលោកយេស៊ូបានរំដោះមនុស្សឲ្យមានសេរីភាពគឺជាអ្វី?
១១ ទី២ លោកយេស៊ូបានរំដោះមនុស្សពីការធ្វើជាខ្ញុំបម្រើនៃភាពខុសឆ្គង។ ដោយមានមូលដ្ឋានលើគ្រឿងបូជារបស់លោកយេស៊ូ ព្រះអាចអភ័យទោសចំពោះការខុសឆ្គងរបស់ពួកអ្នកដែលបង្ហាញជំនឿ និងព្រមទទួលថ្លៃលោះដែលលោកបានផ្ដល់ឲ្យ។ (ហេ. ១០:១២-១៨) លោកយេស៊ូបានមានប្រសាសន៍ថា៖ «ប្រសិនបើបុត្រនោះរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព អ្នករាល់គ្នាមានសេរីភាពពិតមែន»។ (យ៉ូន. ៨:៣៦) សេរីភាពនោះគឺប្រសើរជាងសេរីភាពដែលជនជាតិអ៊ីស្រាអែលបានទទួលក្នុងអំឡុងឆ្នាំសោមនស្ស! ជាឧទាហរណ៍ បុរសម្នាក់ដែលបានត្រូវរំដោះឲ្យមានសេរីភាពក្នុងអំឡុងឆ្នាំសោមនស្ស ប្រហែលជាទៅជាខ្ញុំបម្រើម្ដងទៀត ហើយនៅទីបំផុតគាត់ស្លាប់។ ប៉ុន្តែ សេរីភាពដែលលោកយេស៊ូផ្ដល់ឲ្យនឹងស្ថិតស្ថេរជារៀងរហូត។
១២. តើអ្នកណាជាបុគ្គលដំបូងដែលបានទទួលប្រយោជន៍ពីការរំដោះដែលលោកយេស៊ូបានប្រកាស?
១២ នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ព្រះយេហូវ៉ាបានរើសតាំងពួកសាវ័កនិងបុរសស្ត្រីដ៏ស្មោះត្រង់ឯទៀតដោយសកម្មពលបរិសុទ្ធ។ លោកបានទទួលពួកគេជាកូនរបស់លោក ដើម្បីនៅថ្ងៃអនាគតពួកគេនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ ហើយគ្រប់គ្រងជាមួយនឹងលោកយេស៊ូ។ (រ៉ូម ៨:២, ១៥-១៧) ពួកអ្នកទាំងនេះជាបុគ្គលដំបូងដែលទទួលប្រយោជន៍ពីការរំដោះដែលលោកយេស៊ូបានប្រកាសនៅសាលាប្រជុំក្នុងក្រុងណាសារ៉ែត។ បុរស ស្ត្រីទាំងនោះលែងធ្វើជាខ្ញុំបម្រើនៃសេចក្ដីបង្រៀនមិនពិតនិងទំនៀមទម្លាប់របស់ពួកអ្នកដឹកនាំសាសនាយូដា ដែលមិនស្របតាមបណ្ដាំរបស់ព្រះ។ ព្រះក៏បានចាត់ទុកថាពួកគេបានត្រូវរំដោះពីការខុសឆ្គងដែលនាំឲ្យស្លាប់។ ឆ្នាំសោមនស្សរបស់គ្រិស្តសាសនិកបានចាប់ផ្ដើមពេលដែលព្រះបានរើសតាំងពួកអ្នកកាន់តាមគ្រិស្តនៅឆ្នាំ៣៣ គ.ស. ហើយនឹងចប់នៅដំណាច់ការគ្រប់គ្រងមួយពាន់ឆ្នាំរបស់លោកយេស៊ូ។ តើអ្វីនឹងត្រូវសម្រេចនៅពេលនោះ?
សេរីភាពសម្រាប់មនុស្សរាប់លាននាក់ទៀត
១៣-១៤. ក្រៅពីគ្រិស្តសាសនិកដែលបានត្រូវរើសតាំង តើអ្នកណាអាចទទួលសេរីភាពដែលលោកយេស៊ូបានប្រកាស?
១៣ នៅសព្វថ្ងៃនេះ មនុស្សរាប់លាននាក់ដែលមានចិត្តស្មោះដែលមកពីគ្រប់ប្រជាជាតិគឺជា«ចៀមឯទៀត»។ (យ៉ូន. ១០:១៦) ព្រះមិនបានជ្រើសរើសពួកគេឲ្យគ្រប់គ្រងជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌ឡើយ។ តែគម្ពីរចែងថាពួកគេមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅលើផែនដី។ តើអ្នកមានសេចក្ដីសង្ឃឹមនេះឬទេ?
១៤ សូម្បីតែនៅឥឡូវនេះក៏អ្នកកំពុងទទួលប្រយោជន៍មួយចំនួនដូចពួកអ្នកដែលបានត្រូវរើសតាំង។ ដោយសារអ្នកមានជំនឿលើឈាមរបស់លោកយេស៊ូ អ្នកអាចសុំព្រះឲ្យអភ័យទោសចំពោះការខុសឆ្គងរបស់អ្នក។ ម្ល៉ោះហើយ អ្នកអាចទទួលការពេញចិត្តពីព្រះ ហើយនោះធ្វើឲ្យអ្នកមានសេចក្ដីសុខសាន្តក្នុងចិត្ត។ (អេភ. ១:៧; បប. ៧:១៤, ១៥) សូមគិតផងដែរ អំពីពរដែលអ្នកទទួលដោយសារអ្នកបានត្រូវរំដោះពីសេចក្ដីបង្រៀនមិនពិត។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។ (យ៉ូន. ៨:៣២) យើងពិតជាសប្បាយចិត្តណាស់ដែលយើងមានសេរីភាពបែបនេះ!
១៥. តើយើងអាចរំពឹងថាយើងនឹងទទួលសេរីភាពនិងពរបែបណានៅថ្ងៃអនាគត?
បប. ៧:៩, ១៤) មនុស្សច្រើនសន្ធឹកនឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយនឹងមានឱកាសរំដោះឲ្យរួចពីការអាក្រក់ទាំងអស់ដែលមកពីអំពើខុសឆ្គងរបស់អាដាម។—សកម្ម. ២៤:១៥
១៥ អ្នកអាចរំពឹងថាអ្នកនឹងទទួលសេរីភាពដ៏អស្ចារ្យជាង។ នៅឆាប់ៗខាងមុខនេះ លោកយេស៊ូនឹងបំផ្លាញសាសនាមិនពិតនិងរដ្ឋាភិបាលដ៏អាក្រក់។ ព្រះនឹងការពារ«មនុស្សមួយក្រុមធំ»ដែលបម្រើលោក ហើយក្រោយមកលោកនឹងឲ្យពរពួកគេនៅក្នុងសួនឧទ្យានលើផែនដី។ (១៦. នៅថ្ងៃអនាគត តើមនុស្សជាតិនឹងទទួលសេរីភាពដ៏អស្ចារ្យអ្វី?
១៦ ក្នុងអំឡុងការគ្រប់គ្រងមួយពាន់ឆ្នាំ លោកយេស៊ូនិងពួកអ្នកដែលគ្រប់គ្រងជាមួយលោកនឹងជួយមនុស្សជាតិឲ្យមានសុខភាពល្អប្រពៃ ព្រមទាំងមានចំណងមិត្តភាពល្អឥតខ្ចោះជាមួយនឹងព្រះ។ ដូចជនជាតិអ៊ីស្រាអែលបានត្រូវរំដោះឲ្យមានសេរីភាពនៅឆ្នាំសោមនស្ស មនុស្សនឹងមានសេរីភាពដ៏ល្អប្រសើរបំផុតក្នុងអំឡុងការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្ត។ ជាលទ្ធផល មនុស្សទាំងអស់ដែលបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់នឹងទៅជាមនុស្សល្អឥតខ្ចោះ ហើយនឹងត្រូវរំដោះពីការខុសឆ្គង។
១៧. តើអេសាយ ៦៥:២១-២៣ប្រាប់ទុកជាមុនយ៉ាងណាអំពីជីវិតដែលរាស្ត្ររបស់ព្រះនឹងមាននៅថ្ងៃអនាគត? (សូមមើលរូបភាពនៅក្រប)
១៧ ទំនាយមួយដែលរៀបរាប់អំពីជីវិតនៅលើផែនដីនាពេលអនាគត គឺនៅអេសាយ ៦៥:២១-២៣។ (សូមអាន) យើងនឹងមិនខ្ជិល ហើយមិនមែនពុំធ្វើអ្វីសោះនោះទេ។ ផ្ទុយទៅវិញ គម្ពីរបញ្ជាក់ថារាស្ត្ររបស់ព្រះនៅពេលនោះនឹងធ្វើកិច្ចការដែលមានប្រយោជន៍និងដែលធ្វើឲ្យស្កប់ចិត្ត។ បន្ទាប់ពីការគ្រប់គ្រងមួយពាន់ឆ្នាំ យើងអាចប្រាកដថា«អ្វីៗដែលព្រះបានបង្កើតក៏នឹងត្រូវរំដោះឲ្យរួចពីចំណងនៃការខូចរលួយ ដើម្បីមានសេរីភាពរុងរឿងជាកូនព្រះ»។—រ៉ូម ៨:២១
១៨. ហេតុអ្វីយើងអាចជឿថាយើងនឹងមានអនាគតដ៏ត្រចះត្រចង់?
១៨ ដូចដែលព្រះយេហូវ៉ាបានរៀបចំឲ្យជនជាតិអ៊ីស្រាអែលមានតុល្យភាពចំពោះការងារនិងការសម្រាក នោះលោកនឹងធ្វើដូចគ្នាចំពោះរាស្ត្ររបស់លោកដែលនៅក្រោមការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្ត។ យើងពិតជានឹងមានពេលសម្រាប់សកម្មភាពផ្សេងៗដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះ។ គន្លឹះដែលនាំឲ្យមានសុភមង្គលនៅសព្វថ្ងៃនេះគឺការគោរពប្រណិប័តន៍ព្រះ ហើយនៅពិភពលោកថ្មីយើងច្បាស់ជានឹងមានពេលដើម្បីធ្វើដូច្នោះ។ មនុស្សស្មោះត្រង់ទាំងអស់នឹងអរសប្បាយក្នុងអំឡុងការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្ត ដោយសារយើងទាំងអស់គ្នានឹងមានកិច្ចការដែលគាប់ចិត្ត ហើយក៏នឹងបម្រើព្រះ។
ចម្រៀងលេខ១៤២ ចូររក្សាសេចក្ដីសង្ឃឹមជានិច្ច
^ វគ្គ 5 ព្រះយេហូវ៉ាបានរៀបចំវិធីមួយដើម្បីរំដោះជនជាតិអ៊ីស្រាអែលឲ្យមានសេរីភាព។ វិធីនោះបានត្រូវហៅថាឆ្នាំសោមនស្ស។ គ្រិស្តសាសនិកពិតមិននៅក្រោមច្បាប់ម៉ូសេទេ ប៉ុន្តែគឺសំខាន់ឲ្យយើងរៀនអំពីឆ្នាំនោះ។ ក្នុងអត្ថបទនេះ យើងនឹងរៀនអំពីរបៀបដែលឆ្នាំសោមនស្សនៅអ៊ីស្រាអែលសម័យបុរាណរំលឹកយើងអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើសម្រាប់យើង និងរបៀបដែលយើងអាចទទួលប្រយោជន៍ពីអ្វីនោះ។
^ វគ្គ 61 ការពណ៌នាអំពីរូបភាព: ក្នុងអំឡុងឆ្នាំសោមនស្ស បុរសដែលជាខ្ញុំបម្រើបានត្រូវរំដោះឲ្យមានសេរីភាព ហើយអាចត្រឡប់ទៅជួបជុំក្រុមគ្រួសាររបស់ពួកគេ និងអាចរស់នៅលើទឹកដីរបស់ពួកគេវិញ។