លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣

ព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យតម្លៃចំពោះអ្នក!

ព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យតម្លៃចំពោះអ្នក!

«នៅ​ពេល​ណា​យើង​រង​ទុក្ខ​វេទនា ព្រះ​អង្គ​តែង​តែ​នឹក​ដល់​យើង»។—ទំ​ន. [ទំនុក.] ១៣៦:២៣, ខ.ស.

ចម្រៀង​លេខ​៣៣ ចូរ​ផ្ទេរ​បន្ទុក​ទៅ​លើ​ព្រះ​យេហូវ៉ា

សេចក្ដី​សង្ខេប *

១​-​២. តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជា​ច្រើន​ជួប​ប្រទះ​នឹង​ស្ថានភាព​អ្វី​ខ្លះ ហើយ​តើ​នោះ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ពួក​គេ?

សូម​ពិចារណា​អំពី​ឧទាហរណ៍​បី​ដូច​ត​ទៅ​នេះ៖ ប្អូន​ប្រុស​ម្នាក់​បាន​ត្រូវ​គ្រូ​ពេទ្យ​ពិនិត្យ​ឃើញ​ថា​គាត់​មាន​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​គាត់​កាន់​តែ​ខ្សោយ​កម្លាំង។ មួយ​ទៀត បង​ប្រុស​ម្នាក់​ដែល​មាន​វ័យ​កណ្ដាល​បាន​បាត់​បង់​ការ​ងារ ហើយ​ទោះ​ជា​គាត់​បាន​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ក្ដី គាត់​នៅ​តែ​មិន​អាច​រក​ការ​ងារ​ថ្មី​បាន។ មួយ​វិញ​ទៀត បង​ស្រី​វ័យ​ចាស់​ដ៏​ស្មោះ​ត្រង់​ម្នាក់​មិន​អាច​ធ្វើ​អ្វី​ច្រើន​ដូច​ដែល​គាត់​ធ្លាប់​ធ្វើ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ទៀត​ឡើយ។

បើ​អ្នក​មាន​បញ្ហា​ណា​មួយ​ដែល​ស្រដៀង​នឹង​នេះ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​អ្នក​គ្មាន​តម្លៃ​ទៀត​ទេ។ ស្ថានភាព​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​លែង​មាន​អំណរ លែង​ឲ្យ​តម្លៃ​ចំពោះ​ខ្លួន​ឯង និង​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​របស់​អ្នក​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។

៣. តើ​សាថាន​និង​ពួក​អ្នក​ដែល​ទទួល​ឥទ្ធិពល​ពី​វា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ជីវិត​មនុស្ស?

ពិភព​លោក​នេះ​មាន​ទស្សនៈ​ដូច​សាថាន​ចំពោះ​ជីវិត​មនុស្ស។ សាថាន​តែង​តែ​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ហាក់​ដូច​ជា​ពួក​គេ​មិន​មាន​តម្លៃ។ វា​គ្មាន​ចិត្ត​អាណិត​មេត្ដា​ទេ ពេល​វា​បាន​ប្រាប់​អេវ៉ា​ថា​គាត់​នឹង​មាន​សេរី​ភាព​បើ​ឈប់​ស្ដាប់​បង្គាប់​ព្រះ ទោះ​ជា​វា​ដឹង​ថា​ការ​មិន​ស្ដាប់​បង្គាប់​ព្រះ​នាំ​ឲ្យ​ត្រូវ​ស្លាប់​ក៏​ដោយ។ សាថាន​តែង​តែ​កាន់​កាប់​លើ​ប្រព័ន្ធ​ពាណិជ្ជកម្ម នយោបាយ និង​សាសនា​របស់​ពិភព​លោក​នេះ។ ដូច្នេះ យើង​មិន​ភ្ញាក់​ផ្អើល​ទេ​ដែល​អ្នក​ជំនួញ អ្នក​នយោបាយ និង​អ្នក​ដឹក​នាំ​សាសនា​ជា​ច្រើន​ក៏​មិន​ឲ្យ​តម្លៃ​ចំពោះ​ជីវិត​មនុស្ស ហើយ​មិន​ខ្វល់​អំពី​អារម្មណ៍​របស់​អ្នក​ឯ​ទៀត​ឡើយ។

៤. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ខុស​ពី​សាថាន ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ដឹង​ថា​យើង​មាន​តម្លៃ ហើយ​លោក​គាំ​ទ្រ​យើង​ពេល​យើង​ប្រឈម​មុខ​នឹង​ស្ថានភាព​ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ។ (ទំនុក. ១៣៦:២៣; រ៉ូម ១២:៣) ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​យើង​ក្នុង​ស្ថានភាព​ដូច​ត​ទៅ​នេះ៖ (១) ពេល​យើង​មាន​ជំងឺ (២) ពេល​យើង​មាន​បញ្ហា​លុយ​កាក់ ហើយ​(៣) ពេល​ភាព​ចាស់​ជរា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​យើង​លែង​អាច​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​មុន​ដំបូង សូម​យើង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​ម្នាក់ៗ​អាច​មាន​ទំនុក​ចិត្ត​ថា​យើង​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា។

ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​យើង

៥. ចំពោះ​អ្នក តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ទៅ​លើ​មនុស្ស?

ទោះ​ជា​យើង​បាន​ត្រូវ​បង្កើត​មក​ពី​ធូលី​ដី​ក៏​ដោយ យើង​មាន​តម្លៃ​ជាង​ដី​ឆ្ងាយ​ណាស់។ (លោ. ២:៧) សូម​ពិចារណា​អំពី​មូលហេតុ​ខ្លះ​ដែល​យើង​ដឹង​ថា​យើង​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា។ លោក​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​សមត្ថភាព​បង្ហាញ​គុណ​សម្បត្ដិ​ដូច​លោក។ (លោ. ១:២៧) ដោយ​ធ្វើ​ដូច្នេះ លោក​បាន​ឲ្យ​មនុស្ស​មាន​ឋានៈ​ប្រសើរ​ជាង​អ្វី​ផ្សេង​ទៀត​ទាំង​អស់​ដែល​លោក​បាន​បង្កើត​នៅ​ផែន​ដី ហើយ​លោក​ឲ្យ​យើង​មើល​ការ​ខុស​ត្រូវ​លើ​ផែន​ដី និង​មាន​អំណាច​លើ​សត្វ​ទាំង​ឡាយ។—ទំនុក. ៨:៤​-​៨

៦. តើ​ភ័ស្តុតាង​អ្វី​ទៀត​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ?

សូម្បី​តែ​ក្រោយ​ពី​អាដាម​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ក៏​ព្រះ​យេហូវ៉ា​នៅ​តែ​ឲ្យ​តម្លៃ​ចំពោះ​មនុស្សជាតិ។ លោក​ឲ្យ​តម្លៃ​ចំពោះ​យើង​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​លោក​បាន​ឲ្យ​លោក​យេស៊ូ​ដែល​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក ជា​ថ្លៃ​លោះ​សម្រាប់​ការ​ខុស​ឆ្គង​របស់​យើង។ (១យ៉ូន. ៤:៩, ១០) តាម​រយៈ​ថ្លៃ​លោះ ព្រះ​យេហូវ៉ា​នឹង​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នូវ​ពួក​អ្នក​ដែល​បាន​ស្លាប់​ដោយ​ព្រោះ​អំពើ​ខុស​ឆ្គង​របស់​អាដាម ពោល​គឺ​«មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត»។ (សកម្ម. ២៤:១៥) បណ្ដាំ​របស់​លោក​បង្ហាញ​ថា​យើង​មាន​តម្លៃ​ចំពោះ​លោក ទោះ​បី​ជា​យើង​មាន​ជំងឺ ឬ​មាន​បញ្ហា​លុយ​កាក់ ឬ​ក៏​មាន​វ័យ​ចាស់​ក្ដី។—សកម្ម. ១០:៣៤, ៣៥

៧. តើ​មាន​មូលហេតុ​ណា​ទៀត​ដែល​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ជឿ​ថា​លោក​ឲ្យ​តម្លៃ​ចំពោះ​ពួក​គេ?

យើង​មាន​មូលហេតុ​ថែម​ទៀត​ដើម្បី​ជឿ​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​យើង។ លោក​បាន​ទាញ​នាំ​យើង​មក​ឯ​លោក ហើយ​លោក​កត់​សម្គាល់​អំពី​ប្រតិកម្ម​របស់​យើង​ពេល​ឮ​ដំណឹង​ល្អ។ (យ៉ូន. ៦:​៤៤) កាល​ដែល​យើង​ចាប់​ផ្ដើម​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា នោះ​លោក​កាន់​តែ​ចូល​មក​ជិត​យើង​ដែរ។ (យ៉ា. ៤:៨) ព្រះ​យេហូវ៉ា​ក៏​ចំណាយ​ពេល​និង​កម្លាំង​ដើម្បី​អប់រំ​យើង នេះ​បង្ហាញ​ថា​យើង​មាន​តម្លៃ​ចំពោះ​លោក។ លោក​ស្គាល់​ថា​យើង​ជា​មនុស្ស​បែប​ណា​នៅ​ឥឡូវ​នេះ ហើយ​ថា​យើង​អាច​ក្លាយ​ទៅ​ជា​មនុស្ស​បែប​ណា​នៅ​ថ្ងៃ​ខាង​មុខ។ ម្យ៉ាង​ទៀត លោក​ប្រៀន​ប្រដៅ​យើង​ដោយ​សារ​លោក​ស្រឡាញ់​យើង។ (សុភ. ៣:១១, ១២) នេះ​ជា​ភ័ស្តុតាង​ដ៏​អស្ចារ្យ​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​យើង!

៨. តើ​ពាក្យ​នៅ​ទំនុក​តម្កើង ១៨:២៧​-​២៩ អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ទស្សនៈ​របស់​យើង​ចំពោះ​បញ្ហា?

អ្នក​ខ្លះ​ចាត់​ទុក​ថា​ស្តេច​ដាវីឌ​ជា​មនុស្ស​គ្មាន​តម្លៃ ប៉ុន្តែ​គាត់​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​និង​គាំ​ទ្រ​គាត់។ ការ​ដឹង​ដូច្នេះ​មាន​ឥទ្ធិពល​លើ​ទស្សនៈ​របស់​ដាវីឌ​ចំពោះ​ស្ថានភាព​របស់​គាត់។ (២សាំ. ១៦:៥​-​៧) ពេល​យើង​មាន​អារម្មណ៍​តាន​តឹង​ចិត្ត​ឬ​ជួប​ការ​ពិបាក ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ផ្សេង​អំពី​ស្ថានភាព​នោះ ហើយ​លោក​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ឧបសគ្គ​ណា​ក៏​ដោយ។ (សូម​អាន ទំនុក​តម្កើង ១៨:២៧​-​២៩) ពេល​យើង​មាន​ការ​គាំ​ទ្រ​ពី​ព្រះ​យេហូវ៉ា នោះ​គ្មាន​អ្វី​អាច​បញ្ឈប់​យើង​មិន​ឲ្យ​បម្រើ​លោក​ដោយ​មាន​អំណរ​បាន​ឡើយ។ (រ៉ូម ៨:៣១) ឥឡូវ សូម​យើង​ពិចារណា​អំពី​ស្ថានភាព​បី​ដែល​យើង​ត្រូវ​នឹក​ចាំ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​និង​ឲ្យ​តម្លៃ​ចំពោះ​យើង។

ពេល​មាន​ជំងឺ

ការ​អាន​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​អារម្មណ៍​មិន​ល្អ​ដែល​មក​ពី​ជំងឺ (សូម​មើល​វគ្គ​៩​-​១២)

៩. តើ​ជំងឺ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ទស្សនៈ​របស់​យើង​ចំពោះ​ខ្លួន​ឯង?

ជំងឺ​អាច​មាន​ឥទ្ធិពល​លើ​ផ្លូវ​ចិត្ត​របស់​យើង ហើយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​យើង​លែង​មាន​តម្លៃ​ចំពោះ​អ្នក​ឯ​ទៀត។ យើង​ប្រហែល​ជា​ខ្មាស​ពេល​អ្នក​ឯ​ទៀត​កត់​សម្គាល់​ឃើញ​ថា​យើង​មិន​អាច​ធ្វើ​អ្វី​ណា​មួយ ឬ​ពេល​យើង​ត្រូវ​ពឹង​ពាក់​អ្នក​ឯ​ទៀត​ឲ្យ​ជួយ។ ទោះ​ជា​មនុស្ស​ឯ​ទៀត​មិន​ដឹង​ថា​យើង​ឈឺ​ក៏​ដោយ យើង​ប្រហែល​ជា​ត្រូវ​យក​ឈ្នះ​អារម្មណ៍​តូច​ចិត្ត​ដោយ​សារ​យើង​មិន​អាច​ធ្វើ​អ្វី​ខ្លះ​ដែល​យើង​ធ្លាប់​ធ្វើ។ នៅ​គ្រា​ពិបាក​ដូច​នេះ ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ត​យើង។ តើ​តាម​របៀប​ណា?

១០. យោង​ទៅ​តាម​សុភាសិត ១២:២៥ តើ​អ្វី​អាច​ជួយ​យើង​ពេល​យើង​ឈឺ?

១០ ពេល​យើង​ឈឺ «ពាក្យ​ល្អ​១​ម៉ាត់»​អាច​លើក​ទឹក​ចិត្ត​យើង។ (សូម​អាន សុភាសិត ១២:២៥) ក្នុង​គម្ពីរ ព្រះ​យេហូវ៉ា​បាន​រក្សា​ទុក​ពាក្យ​ល្អ​ដែល​រំលឹក​យើង​ថា​យើង​សំខាន់​ចំពោះ​លោក ទោះ​ជា​យើង​មាន​ជំងឺ​ក៏​ដោយ។ (ទំនុក. ៣១:១៩; ៤១:៣) បើ​យើង​អាន​ខ​គម្ពីរ​ទាំង​នោះ ហើយ​ថែម​ទាំង​អាន​ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​អារម្មណ៍​មិន​ត្រឹម​ត្រូវ​ដែល​មក​ពី​ជំងឺ​របស់​យើង។

១១. តើ​បង​ប្រុស​ម្នាក់​បាន​ទទួល​ជំនួយ​អ្វី​ពី​ព្រះ​យេហូវ៉ា?

១១ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ប្រុស​ហូហេ។ កាល​ដែល​គាត់​ជា​បុរស​វ័យ​ក្មេង គាត់​បាន​កើត​ជំងឺ​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​ធ្លាក់​ខ្លួន​ខ្សោយ​យ៉ាង​លឿន ហើយ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​អស់​តម្លៃ។ បង​ហូហេ​និយាយ​ថា៖ «ខ្ញុំ​មិន​បាន​ត្រៀម​ចិត្ត​ថា​ជំងឺ​នោះ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចាប់​ឬ​ខ្មាស​គេ​យ៉ាង​ណា​ទេ ដោយ​សារ​ឥទ្ធិពល​ពី​ជំងឺ​ដែល​នាំ​ឲ្យ​អ្នក​ឯ​ទៀត​សម្លឹង​មើល​ខ្ញុំ។ កាល​ដែល​ជំងឺ​របស់​ខ្ញុំ​កាន់​តែ​យ៉ាប់​យ៉ឺន​ទៅ ខ្ញុំ​បាន​គិត​អំពី​អ្វី​ដែល​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​ឈឺ​ចិត្ត​គ្រាំ​ទ្រូង ហើយ​ខ្ញុំ​បាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ខ្ញុំ»។ តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​យ៉ាង​ដូច​ម្ដេច? គាត់​រៀប​រាប់​ថា៖ «ដោយ​ព្រោះ​ខ្ញុំ​ពិបាក​ផ្ចង់​អារម្មណ៍ ខ្ញុំ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ឲ្យ​អាន​ប៉ុន្មាន​ខ​ពី​សៀវភៅ​ទំនុក​តម្កើង​ដែល​បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក​បម្រើ​លោក។ ខ្ញុំ​បាន​អាន​បទ​គម្ពីរ​ទាំង​នោះ​ម្ដង​ហើយ​ម្ដង​ទៀត​រាល់​ថ្ងៃ ហើយ​ខ្ញុំ​ឃើញ​ថា​នោះ​បាន​សម្រាល​ទុក្ខ​និង​ពង្រឹង​ទំនុក​ចិត្ត​ខ្ញុំ។ ក្រោយ​មក អ្នក​ឯ​ទៀត​បាន​ចាប់​ផ្ដើម​ឃើញ​ថា​ខ្ញុំ​ញញឹម​ច្រើន​ជាង​មុន។ ពួក​គេ​ថែម​ទាំង​និយាយ​ថា​ទស្សនៈ​ដែល​ខ្ញុំ​មាន​ចំពោះ​ខ្លួន​ឯង លើក​ទឹក​ចិត្ត​ពួក​គេ។ ខ្ញុំ​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ! លោក​បាន​ជួយ​ខ្ញុំ​ឲ្យ​កែ​ប្រែ​ទស្សនៈ​របស់​ខ្ញុំ​ចំពោះ​ខ្លួន​ឯង។ ខ្ញុំ​ចាប់​ផ្ដើម​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​បណ្ដាំ​របស់​ព្រះ​ចែង​អំពី​ទស្សនៈ​ដែល​លោក​មាន​ចំពោះ​ខ្ញុំ ទោះ​ជា​ខ្ញុំ​ឈឺ​ក្ដី​»។

១២. ពេល​មាន​ជំងឺ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា?

១២ បើ​អ្នក​មាន​ជំងឺ សូម​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ដឹង​អំពី​អ្វី​ដែល​អ្នក​កំពុង​ឆ្លង​កាត់។ សូម​អង្វរ​សុំ​លោក​ឲ្យ​ជួយ​អ្នក​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ស្ថានភាព​របស់​អ្នក។ បន្ទាប់​មក សូម​ស្វែង​រក​ពី​គម្ពីរ​នូវ​ពាក្យ​ល្អ​ដែល​ព្រះ​យេហូវ៉ា​បាន​រក្សា​ទុក​សម្រាប់​អ្នក។ សូម​ផ្ដោត​អារម្មណ៍​លើ​បទ​គម្ពីរ​ដែល​បង្ហាញ​ថា​លោក​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​បម្រើ​លោក។ កាល​ដែល​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​ឃើញ​ថា​ព្រះ​យេហូវ៉ា​មាន​ចិត្ត​សប្បុរស​ចំពោះ​អស់​អ្នក​ដែល​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់។—ទំនុក. ៨៤:១១

ពេល​មាន​បញ្ហា​លុយ​កាក់

ការ​នឹក​ចាំ​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ថា​លោក​នឹង​ផ្គត់​ផ្គង់​យើង ជួយ​យើង​ពេល​យើង​ពិបាក​រក​ការ​ងារ​ធ្វើ (សូម​មើល​វគ្គ​១៣​-​១៥)

១៣. តើ​ការ​បាត់​បង់​ការ​ងារ​អាច​ធ្វើ​ឲ្យ​ប្រមុខ​គ្រួសារ​មាន​អារម្មណ៍​យ៉ាង​ណា?

១៣ ប្រមុខ​ក្រុម​គ្រួសារ​ម្នាក់ៗ​ចង់​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​គាត់។ ឧបមា​ថា​បង​ប្រុស​ម្នាក់​ដែល​ជា​ប្រមុខ​គ្រួសារ​មិន​បាន​ធ្វើ​ខុស​អ្វី​សោះ​ក្នុង​ការ​ងារ ប៉ុន្តែ​គាត់​បាន​បាត់​បង់​ការ​ងារ​នោះ។ ទោះ​ជា​គាត់​បាន​ខំ​ព្យាយាម​រក​ការ​ងារ​ថ្មី​ក្ដី គាត់​រក​មិន​បាន​ឡើយ។ ក្នុង​ស្ថានភាព​នោះ គាត់​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​ប្រយោជន៍។ តើ​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​អាច​ជួយ​គាត់​យ៉ាង​ណា?

១៤. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ធ្វើ​តាម​ពាក្យ​សន្យា​របស់​លោក?

១៤ ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​តាម​ពាក្យ​សន្យា​របស់​លោក។ (យ៉ូស. ២១:៤៥; ២៣:១៤) លោក​ធ្វើ​ដូច្នេះ ដោយ​សារ​មូលហេតុ​មួយ​ចំនួន។ មូលហេតុ​មួយ​គឺ​នេះ​ជាប់​ទាក់​ទង​នឹង​នាម​ឬ​កេរ្ដិ៍​ឈ្មោះ​របស់​លោក។ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​លោក​នឹង​ថែ​រក្សា​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​លោក ហើយ​លោក​មាន​អារម្មណ៍​ថា​លោក​ត្រូវ​តែ​ធ្វើ​តាម​ពាក្យ​សន្យា​នោះ។ (ទំនុក. ៣១:១​-​៣) បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​ដឹង​ថា​យើង​នឹង​ឈឺ​ចិត្ត បើ​លោក​មិន​ថែ​រក្សា​ពួក​អ្នក​ដែល​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក ដែល​រួម​ទាំង​យើង។ លោក​សន្យា​ថា​លោក​នឹង​ផ្ដល់​ឲ្យ​យើង​អ្វីៗ​ដែល​យើង​ត្រូវ​ការ​ដើម្បី​រស់​នៅ និង​ដើម្បី​បន្ត​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់ ហើយ​ថា​គ្មាន​អ្វី​អាច​រា​រាំង​លោក​មិន​ឲ្យ​ធ្វើ​តាម​ពាក្យ​សន្យា​នោះ​ឡើយ!—ម៉ាថ. ៦:៣០​-​៣៣; ២៤:៤៥

១៥. (ក) តើ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១​ជួប​ប្រទះ​ការ​ពិបាក​អ្វី? (ខ) តើ​ទំនុក​តម្កើង ៣៧:១៨, ១៩​ផ្ដល់​ទំនុក​ចិត្ត​អ្វី?

១៥ ពេល​យើង​ចាំ​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​តាម​ពាក្យ​សន្យា​របស់​លោក យើង​អាច​ប្រឈម​មុខ​នឹង​ការ​ពិបាក​ខាង​លុយ​កាក់​ដោយ​ដឹង​ថា​លោក​នឹង​ជួយ​យើង។ សូម​គិត​អំពី​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១។ ពេល​ក្រុម​ជំនុំ​នៅ​ក្រុង​យេរូសាឡិម​មាន​ការ​បៀត​បៀន​យ៉ាង​ខ្លាំង «ពួក​អ្នក​កាន់​តាម​ទាំង​ឡាយ លើក​លែង​តែ​ពួក​សាវ័ក បាន​ត្រូវ​ខ្ចាត់​ខ្ចាយ»។ (សកម្ម. ៨:១) ពេល​នោះ ពួក​គេ​ប្រាកដ​ជា​បាន​ជួប​បញ្ហា​លុយ​កាក់។ គ្រិស្ត​សាសនិក​នៅ​ទី​នោះ​ទំនង​ជា​បាន​បាត់​បង់​ផ្ទះ​សម្បែង ការ​ងារ ឬ​មុខ​របរ​របស់​ពួក​គេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​បោះ​បង់​ចោល​ពួក​គេ​ទេ ហើយ​ពួក​គេ​ក៏​មិន​បាន​បាត់​បង់​អំណរ​ដែរ។ (សកម្ម. ៨:៤; ហេ. ១៣:៥, ៦; យ៉ា. ១:២, ៣) ព្រះ​យេហូវ៉ា​បាន​ផ្គត់​ផ្គង់​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​ទាំង​នោះ ហើយ​លោក​ក៏​នឹង​ផ្គត់​ផ្គង់​យើង​ដែរ។—សូម​អាន ទំនុក​តម្កើង ៣៧:១៨, ១៩

ពេល​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ដែល​មក​ពី​ភាព​ចាស់​ជរា

ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​យើង​អាច​ធ្វើ​ទោះ​ជា​ពេល​យើង​មាន​វ័យ​ចាស់​ក្ដី នឹង​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​យើង​និង​កិច្ច​បម្រើ​ស្មោះ​ត្រង់​របស់​យើង (សូម​មើល​វគ្គ​១៦​-​១៨)

១៦. តើ​អ្វី​អាច​ធ្វើ​ឲ្យ​យើង​គិត​ថា​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ប្រហែល​ជា​លែង​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា?

១៦ កាល​ដែល​យើង​ចាស់​ទៅៗ យើង​ប្រហែល​ជា​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​យើង​មិន​មាន​អ្វី​ច្រើន​ជូន​ទៅ​ព្រះ​យេហូវ៉ា​ទេ។ ពេល​ស្តេច​ដាវីឌ​កាន់​តែ​ចាស់ គាត់​ក៏​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​គ្នា​ដែរ។ (ទំនុក. ៧១:៩) តើ​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

១៧. តើ​យើង​អាច​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​ស្រី​ម្នាក់​ឈ្មោះ​ចេរី?

១៧ សូម​ពិចារណា​គំរូ​របស់​បង​ស្រី​ម្នាក់​ឈ្មោះ​ចេរី។ គាត់​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ទៅ​សាល​ប្រជុំ​ដើម្បី​ចូល​រួម​វគ្គ​បង្ហាត់​បង្រៀន​ផ្នែក​ថែ​ទាំ​អគារ​ដែល​បាន​ត្រូវ​ប្រើ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ប៉ុន្តែ​គាត់​មិន​ចង់​ទៅ​ទេ។ គាត់​និយាយ​ថា៖ «ខ្ញុំ​ចាស់​ហើយ។ ខ្ញុំ​ជា​ស្ត្រី​មេ​ម៉ាយ​ទៀត ហើយ​ខ្ញុំ​គ្មាន​ជំនាញ​ណា​មួយ​ដែល​ព្រះ​យេហូវ៉ា​អាច​ប្រើ​បាន​ឡើយ។ ខ្ញុំ​គ្មាន​ប្រយោជន៍​ទេ»។ នៅ​យប់​មុន​វគ្គ​បង្ហាត់​បង្រៀន​នោះ គាត់​បាន​អធិដ្ឋាន​អស់​ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា។ ស្អែក​ឡើង​ពេល​គាត់​ទៅ​ដល់​សាល​ប្រជុំ គាត់​នៅ​តែ​ឆ្ងល់​ថា​គាត់​គួរ​មក​ឬ​យ៉ាង​ណា។ ក្នុង​អំឡុង​វគ្គ​បង្ហាត់​បង្រៀន​នោះ អ្នក​ថ្លែង​ម្នាក់​បាន​លើក​ឡើង​ថា​ជំនាញ​សំខាន់​បំផុត​របស់​យើង​គឺ​ការ​សុខ​ចិត្ត​ឲ្យ​ព្រះ​យេហូវ៉ា​បង្រៀន។ បង​ចេរី​នឹក​ចាំ​ថា «ខ្ញុំ​បាន​និយាយ​ក្នុង​ចិត្ត​ថា ‹ជំនាញ​នោះ​ខ្ញុំ​មាន!›។ ខ្ញុំ​បាន​យំ​ពេល​ដែល​ខ្ញុំ​ឃើញ​ថា​ព្រះ​យេហូវ៉ា​កំពុង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ។ លោក​បាន​ពង្រឹង​ទំនុក​ចិត្ត​ខ្ញុំ​ថា តាម​ពិត​ខ្ញុំ​មាន​អ្វី​ដែល​មាន​តម្លៃ​ដើម្បី​ជូន​លោក ហើយ​ថា​លោក​ពេញ​ចិត្ត​បង្រៀន​ខ្ញុំ!»។ ពេល​គិត​អំពី​កាល​នោះ បង​ចេរី​និយាយ​ថា៖ «ខ្ញុំ​បាន​ចូល​ទៅ​ទទួល​ការ​បង្ហាត់​បង្រៀន​នោះ​ទាំង​មាន​អារម្មណ៍​ភ័យ​ខ្លាច ធ្លាក់​ទឹក​ចិត្ត ហើយ​ថា​ខ្លួន​គ្មាន​តម្លៃ។ ប៉ុន្តែ​ខ្ញុំ​បាន​ចេញ​មក​វិញ​ទាំង​មាន​ទំនុក​ចិត្ត ទទួល​ការ​លើក​ទឹក​ចិត្ត ហើយ​ថា​ខ្លួន​មាន​តម្លៃ!»។

១៨. តើ​គម្ពីរ​បង្ហាញ​យ៉ាង​ណា​ថា​ព្រះ​យេហូវ៉ា​នៅ​តែ​ឲ្យ​តម្លៃ​ចំពោះ​ការ​គោរព​ប្រណិប័តន៍​របស់​យើង កាល​ដែល​យើង​កាន់​តែ​ចាស់​ទៅៗ?

១៨ កាល​ដែល​យើង​កាន់​តែ​ចាស់​ទៅៗ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នៅ​តែ​មាន​កិច្ច​ការ​ឲ្យ​យើង​ធ្វើ។ (ទំនុក. ៩២:១២​-​១៥) លោក​យេស៊ូ​បាន​បង្រៀន​យើង​ថា ទោះ​ជា​ចំពោះ​យើង​អ្វី​ដែល​យើង​អាច​ធ្វើ​មើល​ទៅ​មិន​សូវ​សំខាន់​ក្ដី ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ណា​ក៏​ដោយ​ដែល​យើង​ធ្វើ​ក្នុង​កិច្ច​បម្រើ​លោក។ (លូក. ២១:២​-​៤) ដូច្នេះ សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន។ ជា​ឧទាហរណ៍ អ្នក​អាច​និយាយ​អំពី​ព្រះ​យេហូវ៉ា អធិដ្ឋាន​ឲ្យ​បង​ប្អូន និង​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ។ ព្រះ​យេហូវ៉ា​ចាត់​ទុក​អ្នក​ថា​ជា​អ្នក​រួម​ការ​ងារ​ជា​មួយ​នឹង​លោក មិន​មែន​ដោយ​សារ​អ្វី​ដែល​អ្នក​អាច​សម្រេច​ទេ តែ​ដោយ​សារ​អ្នក​ស្ដាប់​បង្គាប់​លោក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។—១កូ. ៣:៥​-​៩

១៩. តើ​រ៉ូម ៨:៣៨, ៣៩​ផ្ដល់​ទំនុក​ចិត្ត​អ្វី​ដល់​យើង?

១៩ យើង​សប្បាយ​រីក​រាយ​ដែល​យើង​អាច​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​ពិត​ជា​ឲ្យ​តម្លៃ​ចំពោះ​ពួក​អ្នក​ដែល​បម្រើ​លោក! លោក​បាន​បង្កើត​យើង​ឲ្យ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក ហើយ​ការ​គោរព​ប្រណិប័តន៍​ពិត​ធ្វើ​ឲ្យ​យើង​ស្កប់​ចិត្ត​នឹង​ជីវិត។ (បប. ៤:​១១) ទោះ​ជា​ពិភព​លោក​ប្រហែល​ជា​ចាត់​ទុក​យើង​ថា​គ្មាន​ប្រយោជន៍​ក៏​ដោយ ព្រះ​យេហូវ៉ា​មិន​អៀន​ខ្មាស​ដោយ​សារ​យើង​នោះ​ទេ។ (ហេ. ១១:១៦, ៣៨) ពេល​យើង​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​ជំងឺ ឬ​បញ្ហា​លុយ​កាក់ ឬ​ក៏​ភាព​វ័យ​ចាស់ សូម​យើង​ចាំ​ថា​គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ដែល​បិតា​នៅ​ស្ថាន​សួគ៌​មាន​ចំពោះ​យើង​ឡើយ។—សូម​អាន រ៉ូម ៨:៣៨, ៣៩

^ វគ្គ 5 តើ​អ្នក​ធ្លាប់​ជួប​ស្ថានភាព​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ​ឬ​ទេ? អត្ថបទ​នេះ​នឹង​រំលឹក​អ្នក​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ខ្លាំង​យ៉ាង​ណា​ចំពោះ​អ្នក។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​នៅ​តែ​អាច​ឲ្យ​តម្លៃ​ចំពោះ​ខ្លួន​ឯង មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ក្នុង​ជីវិត​របស់​យើង​ក្ដី។

ចម្រៀង​លេខ​៣០ បិតា​ខ្ញុំ​ជា​ព្រះ​និង​ជា​មិត្ត​របស់​ខ្ញុំ