លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គុណ​សម្បត្ដិ​មួយ​ដែល​មក​ពី​ព្រះ​ដែល​មាន​តម្លៃ​ជាង​ពេជ្រ

គុណ​សម្បត្ដិ​មួយ​ដែល​មក​ពី​ព្រះ​ដែល​មាន​តម្លៃ​ជាង​ពេជ្រ

មនុស្ស​ចាត់​ទុក​ពេជ្រ​ជា​ត្បូង​ដ៏​មាន​តម្លៃ​ណាស់។ ពេជ្រ​ខ្លះ​មាន​តម្លៃ​រាប់​លាន​ដុល្លារ។ ប៉ុន្ដែ តើ​មាន​អ្វី​ដែល​ព្រះ​ចាត់​ទុក​ថា​មាន​តម្លៃ​ជាង​ពេជ្រ​ឬ​ត្បូង​ឯ​ទៀត​ឬ​ទេ?

នៅ​ប្រទេស​អាមេនី បង​ស្រី​ហាយហ្គានូហ្ស​ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក បាន​រើស​បាន​លិខិត​ឆ្លង​ដែន​មួយ​នៅ​ជិត​ផ្ទះ​របស់​គាត់។ នៅ​ក្នុង​លិខិត​ឆ្លង​ដែន​នោះ​មាន​កាត​ឥណ​ពន្ធ​ខ្លះ​និង​លុយ​ជា​ច្រើន។ គាត់​បាន​ប្រាប់​ប្ដី​របស់​គាត់​ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក​ដែរ​អំពី​អ្វី​ដែល​គាត់​បាន​រើស​បាន។

ប្ដី​ប្រពន្ធ​នេះ​មាន​បញ្ហា​យ៉ាង​ខ្លាំង​ខាង​លុយ​កាក់ ហើយ​បាន​ជំពាក់​បំណុល​គេ។ ប៉ុន្ដែ ពួក​គាត់​បាន​សម្រេច​ចិត្ដ​យក​លុយ​ទាំង​នោះ​ទៅ​តាម​អាសយដ្ឋាន​ដែល​នៅ​លើ​លិខិត​ឆ្លង​ដែន​នោះ។ បុរស​ដែល​បាត់​របស់​នោះ​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ហើយ​ក្រុម​គ្រួសារ​របស់​គាត់​ក៏​ដូច្នេះ​ដែរ។ បង​ហាយហ្គានូហ្ស​និង​ប្ដី​របស់​គាត់​បាន​ពន្យល់​ថា​ពួក​គាត់​ទៀង​ត្រង់ ដោយ​សារ​ពួក​គាត់​បាន​ធ្វើ​តាម​អ្វី​ដែល​ពួក​គាត់​បាន​រៀន​ពី​គម្ពីរ។ ក្រោយ​មក ពួក​គាត់​បាន​ប្រើ​ឱកាស​នោះ​ដើម្បី​ប្រាប់​អំពី​សាក្សី​ព្រះ​យេហូវ៉ា ហើយ​ដើម្បី​ផ្ដល់​សៀវភៅ​ខ្លះ​របស់​យើង​ឲ្យ​ក្រុម​គ្រួសារ​នោះ។

ក្រុម​គ្រួសារ​នោះ​ចង់​ឲ្យ​លុយ​ខ្លះ​ជា​រង្វាន់​ដល់​បង​ហាយហ្គានូហ្ស តែ​គាត់​មិន​ព្រម​យក​លុយ​នោះ​ទេ។ នៅ​ថ្ងៃ​បន្ទាប់ ប្រពន្ធ​របស់​បុរស​នោះ​បាន​មក​លេង​ផ្ទះ​បង​ហាយហ្គានូហ្ស​និង​ប្ដី​របស់​គាត់ ហើយ​បាន​ទទូច​ឲ្យ​បង​ហាយហ្គានូហ្ស​ព្រម​ទទួល​យក​ចិញ្ចៀន​ពេជ្រ​មួយ​វង់ ដើម្បី​បង្ហាញ​ចិត្ដ​កតញ្ញូ​យ៉ាង​ខ្លាំង​របស់​នាង។

ដូច​ក្រុម​គ្រួសារ​នោះ មនុស្ស​ជា​ច្រើន​នឹង​ភ្ញាក់​ផ្អើល​ចំពោះ​ភាព​ទៀង​ត្រង់​របស់​បង​ហាយហ្គានូហ្ស​និង​ប្ដី​របស់​គាត់។ ប៉ុន្ដែ តើ​ព្រះ​យេហូវ៉ា​ភ្ញាក់​ផ្អើល​ឬ​ទេ? តើ​លោក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ភាព​ទៀង​ត្រង់​របស់​ពួក​គាត់? តើ​ភាព​ទៀង​ត្រង់​របស់​ពួក​គាត់​មាន​ប្រយោជន៍​ឬ​ទេ?

គុណ​សម្បត្ដិ​ដែល​មាន​តម្លៃ​ជាង​វត្ថុ​ទ្រព្យ

ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​មិន​ពិបាក​ឆ្លើយ​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដឹង​ថា​ការ​មាន​គុណ​សម្បត្ដិ​ដូច​លោក​គឺ​មាន​តម្លៃ​ជាង​ពេជ្រ មាស ឬ​វត្ថុ​ទ្រព្យ​ឯ​ទៀត។ មែន​ហើយ អ្វី​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​មាន​តម្លៃ​គឺ​ខុស​គ្នា​ពី​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​ចាត់​ទុក​ថា​មាន​តម្លៃ។ (​អេសាយ ៥៥:៨, ៩​) ម្យ៉ាង​ទៀត អ្នក​បម្រើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​ថា​ការ​ខំ​ប្រឹង​របស់​ពួក​គេ​ដើម្បី​មាន​គុណ​សម្បត្ដិ​ដូច​លោក​គឺ​មាន​តម្លៃ​ណាស់។

យើង​អាច​ឃើញ​ចំណុច​នេះ​ពី​អ្វី​ដែល​គម្ពីរ​ចែង​អំពី​សមត្ថភាព​វែក​ញែក​និង​ប្រាជ្ញា។ សុភាសិត ៣:១៣​-​១៥ ចែង​ថា​៖ ​«​សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្នក​ណា​ដែល​ខំ​ប្រឹង ទាល់​តែ​បាន​យោបល់ ដ្បិត​ការ​ដែល​បាន នោះ​វិសេស​ជាង​បាន​ប្រាក់​ទៅ​ទៀត ហើយ​កំរៃ​អំពី​នោះ​មក​ក៏​ប្រសើរ​ជាង​មាស​សុទ្ធ​ផង។ ប្រាជ្ញា​នោះ​មាន​ដំឡៃ​ជា​ជាង​ត្បូង​ទទឹម ឥត​មាន​របស់​ណា​ដែល​ចិត្ដ​ឯង​ប្រាថ្នា​ចង់​បាន ដែល​នឹង​យក​ទៅ​ផ្ទឹម​ឲ្យ​ស្មើ​បាន​ឡើយ​»។ យើង​ឃើញ​ច្បាស់​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​គុណ​សម្បត្ដិ​បែប​នេះ​ច្រើន​ជាង​ទ្រព្យ​សម្បត្ដិ​ណា​ក៏​ដោយ។

ចុះ​យ៉ាង​ណា​ភាព​ទៀង​ត្រង់​វិញ?

ព្រះ​យេហូវ៉ា​គឺ​ជា​បុគ្គល​ដែល​ទៀង​ត្រង់។ លោក​«​មិន​អាច​កុហក​»។ (​ទីតុស ១:២​) ម្យ៉ាង​ទៀត នៅ​សត​វត្ស​ទី១ លោក​បាន​ដឹក​នាំ​សាវ័ក​ប៉ូល​ឲ្យ​សរសេរ​ទៅ​គ្រិស្ដ​សាសនិកជន​ជាតិ​ហេប្រឺ​ថា​៖ ​«​ចូរ​បន្ដ​អធិដ្ឋាន​ឲ្យ​យើង ព្រោះ​យើង​ជឿ​ជាក់​ថា​ចិត្ដ​របស់​យើង​នឹង​វិនិច្ឆ័យ​យើង​ថា​គ្មាន​ទោស ព្រោះ​យើង​ចង់​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់​»។—ហេប្រឺ ១៣:១៨

លោក​យេស៊ូ​គ្រិស្ដ​បាន​ទុក​គំរូ​ល្អ​ស្ដី​អំពី​ភាព​ទៀង​ត្រង់។ ជា​ឧទាហរណ៍ ពេល​សម្ដេច​សង្ឃ​ឈ្មោះ​កៃផាស​បាន​និយាយ​ថា​៖ ​«​ដោយ​យក​ព្រះ​ដែល​មាន​ជីវិត​ជា​សាក្សី ចូរ​ស្បថ​ថា​អ្នក​នឹង​និយាយ​ការ​ពិត ហើយ​ប្រាប់​យើង​ថា តើ​អ្នក​ជា​គ្រិស្ដ ជា​បុត្រ​របស់​ព្រះ​ឬ​មិន​មែន!​»។ លោក​យេស៊ូ​គឺ​ជា​បុគ្គល​ទៀង​ត្រង់ ដូច្នេះ​លោក​បាន​ប្រាប់​ថា​លោក​ជា​មេស្ស៊ី។ លោក​បាន​និយាយ​ការ​ពិត ទោះ​ជា​លោក​ដឹង​ថា​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​អាច​ចោទ​ប្រកាន់​ថា​លោក​ជា​អ្នក​ប្រមាថ​ព្រះ ហើយ​ថា​នេះ​អាច​នាំ​ឲ្យ​គេ​ប្រហារ​ជីវិត​លោក​ក្ដី។—ម៉ាថាយ ២៦:៦៣​-​៦៧

ចុះ​យ៉ាង​ណា​យើង​វិញ? បើ​យើង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​យើង​អាច​ទទួល​ទ្រព្យ​សម្បត្ដិ​ដោយ​មិន​ប្រាប់​អ្នក​ណា​ម្នាក់​អំពី​ហេតុ​ការណ៍​ពិត​ទាំង​អស់ ឬ​ដោយ​គ្រាន់​តែ​ផ្លាស់​ប្ដូរ​ហេតុ​ការណ៍​ពិត​ខ្លះ តើ​យើង​នឹង​នៅ​តែ​មាន​ភាព​ទៀង​ត្រង់​ឬ​ទេ?

ការ​បង្ហាញ​ភាព​ទៀង​ត្រង់​គឺ​មិន​ស្រួល​ទេ

នៅ​គ្រា​ចុង​ក្រោយ​នេះ មនុស្ស​ជា​ច្រើន​«​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់​»​ ដូច្នេះ​យើង​អាច​ពិបាក​មាន​ភាព​ទៀង​ត្រង់។ (​ធីម៉ូថេ​ទី២ ៣:២​) ពេល​មាន​វិបត្ដិ​សេដ្ឋកិច្ច ឬ​ពេល​ពិបាក​រក​ការ​ងារ​ធ្វើ មនុស្ស​ជា​ច្រើន​គិត​ថា​ការ​លួច ការ​ក្លែង​បន្លំ ឬ​ការ​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​មិន​ទៀង​ត្រង់ គឺ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។ គំនិត​បែប​នេះ​មាន​ជា​ទូ​ទៅ​ដែល​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា​វិធី​តែ​មួយ​គត់​ដើម្បី​ទទួល​ទ្រព្យ​សម្បត្ដិ​គឺ​ដោយ​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់។ សូម្បី​តែ​គ្រិស្ដ​សាសនិក​ខ្លះ​ក៏​បាន​ធ្វើ​ការ​សម្រេច​ចិត្ដ​មិន​ល្អ​ដែរ ហើយ​ដើម្បី​«​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន​»​ពួក​គេ​បាន​ធ្វើ​អ្វី​មួយ​ដែល​នាំ​ឲ្យ​ពួក​គេ​បាត់​បង់​កេរ្ដិ៍​ឈ្មោះ​ល្អ​ក្នុង​ក្រុម​ជំនុំ។—ធីម៉ូថេ​ទី១ ៣:៨; ទីតុស ១:៧

ប៉ុន្ដែ គ្រិស្ដ​សាសនិក​ភាគ​ច្រើន​យក​តម្រាប់​លោក​យេស៊ូ។ ពួក​គេ​យល់​ថា​ការ​មាន​គុណ​សម្បត្ដិ​ដូច​ព្រះ​គឺ​សំខាន់​ជាង​ទ្រព្យ​សម្បត្ដិ​ណា​ទាំង​អស់ ឬ​ប្រយោជន៍​ឯ​ទៀត។ នេះ​ជា​មូលហេតុ​ដែល​គ្រិស្ដ​សាសនិក​វ័យ​ក្មេង​មិន​បន្លំ​ដើម្បី​ទទួល​បាន​ពិន្ទុ​ល្អ​នៅ​ឯ​សាលា។ (​សុភាសិត ២០:២៣​) ភាព​ទៀង​ត្រង់​ប្រហែល​ជា​មិន​តែង​តែ​នាំ​ឲ្យ​ទទួល​រង្វាន់​ដូច​បង​ហាយហ្គានូហ្ស​ទេ។ ក៏​ប៉ុន្ដែ ភាព​ទៀង​ត្រង់​ជា​អ្វី​ដែល​ព្រះ​ប្រាប់​ថា​គឺ​ត្រឹម​ត្រូវ ហើយ​នោះ​ធ្វើ​ឲ្យ​យើង​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស ដែល​ជា​អ្វី​មួយ​ដែល​មាន​តម្លៃ​ពិត​ប្រាកដ។

គំរូ​របស់​បង​ប្រុស​ហ្គាហ្គិក​បង្ហាញ​ដូច្នេះ។ គាត់​និយាយ​ថា​៖ ​«​មុន​ក្លាយ​ទៅ​ជា​គ្រិស្ដ​សាសនិក​ម្នាក់ ខ្ញុំ​បាន​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​ដ៏​ធំ​មួយ​ដែល​ម្ចាស់​ក្រុម​ហ៊ុន​គេច​វេះ​ពី​ការ​បង់​ពន្ធ​ដោយ​រាយ​ការណ៍​តែ​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ​នៃ​ប្រាក់​ចំណេញ​របស់​ក្រុម​ហ៊ុន។ ក្នុង​នាម​ជា​នាយក​គ្រប់​គ្រង គេ​តម្រូវ​ឲ្យ​ខ្ញុំ​មក​សម្រប​សម្រួល​ជា​មួយ​នឹង​ភ្នាក់ងារ​ខាង​ពន្ធដារ​ដោយ​សូក​ប៉ាន់​គាត់​ដើម្បី​លាក់​ការ​ក្លែង​បន្លំ​របស់​ក្រុម​ហ៊ុន។ នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កេរ្ដិ៍​ឈ្មោះ​ជា​មនុស្ស​មិន​ទៀង​ត្រង់។ ពេល​ខ្ញុំ​បាន​រៀន​សេចក្ដី​ពិត ខ្ញុំ​មិន​ព្រម​បន្ដ​ធ្វើ​ដូច្នេះ​ទៀត​ទេ ទោះ​ជា​ខ្ញុំ​ទទួល​បាន​ប្រាក់​ខែ​ច្រើន​ពី​ការ​ងារ​នោះ​ក្ដី តែ​ខ្ញុំ​បាន​បើក​មុខ​ជំនួញ​ផ្ទាល់​ខ្លួន។ ម្យ៉ាង​ទៀត តាំង​ពី​ថ្ងៃ​ដំបូង ខ្ញុំ​បាន​ចុះ​ឈ្មោះ​ក្រុម​ហ៊ុន​របស់​ខ្ញុំ​តាម​ផ្លូវ​ច្បាប់ ហើយ​បាន​បង់​ពន្ធ​ត្រឹម​ត្រូវ​»។—កូរិនថូស​ទី២ ៨:២១

បង​ហ្គាហ្គិក​និយាយ​ថា​៖ ​«​ប្រាក់​ចំណូល​របស់​ខ្ញុំ​បាន​ថយ​ចុះ​ប្រហែល​ជា​ពាក់​កណ្ដាល ដូច្នេះ​ខ្ញុំ​ពិបាក​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​របស់​ខ្ញុំ។ ក៏​ប៉ុន្ដែ ឥឡូវ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីក​រាយ​ជាង។ ខ្ញុំ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា។ ខ្ញុំ​ជា​គំរូ​ល្អ​ដល់​កូន​ប្រុស​ពីរ​នាក់​របស់​ខ្ញុំ ហើយ​ខ្ញុំ​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ឯកសិទ្ធិ​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ។ សព្វ​ថ្ងៃ​នេះ​ខ្ញុំ​មាន​កេរ្ដិ៍​ឈ្មោះ​ជា​បុរស​ទៀង​ត្រង់​ម្នាក់​ចំពោះ​អ្នក​ត្រួត​ពិនិត្យ​ពន្ធដារ និង​អ្នក​ផ្សេង​ទៀត​ដែល​ខ្ញុំ​ធ្វើ​មុខ​ជំនួញ​ជា​មួយ​»។

ព្រះ​យេហូវ៉ា​ជួយ​យើង

ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​អ្នក​ដែល​នាំ​ឲ្យ​លោក​ទទួល​ការ​សរសើរ​តម្កើង ដោយ​សារ​ពួក​គេ​ប្រព្រឹត្ដ​ទៀង​ត្រង់​ដែល​ជា​គុណ​សម្បត្ដិ​ដ៏​អស្ចារ្យ​មួយ​របស់​ព្រះ។ (​ទីតុស ២:១០​) ម្យ៉ាង​ទៀត ពេល​យើង​ធ្វើ​ដូច្នេះ លោក​សន្យា​ថា​នឹង​ជួយ​យើង។ លោក​បាន​ដឹក​នាំ​ស្ដេច​ដាវីឌ​ឲ្យ​សរសេរ​ថា​៖ ​«​យើង​ពី​ដើម​នៅ​ក្មេង ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​មនុស្ស​សុចរិត​ត្រូវ​លះ​បង់​ចោល ឬ​ពូជ​ពង្ស​គេ​សូម​ទាន​អាហារ​ឡើយ​»។—ទំនុក​តម្កើង ៣៧:២៥

បទ​ពិសោធន៍​របស់​រូថ​ដែល​ជា​មនុស្ស​ស្មោះ​ត្រង់​បង្ហាញ​ដូច្នេះ។ ជា​ជាង​ចាក​ចេញ​ពី​ន៉ាអូមី​ជា​ម្ដាយ​ក្មេក​ដែល​មាន​វ័យ​ចាស់ រូថ​បាន​នៅ​ជាប់​នឹង​គាត់។ រូថ​បាន​រើ​ទៅ​ស្រុក​អ៊ីស្រាអែល​ជា​កន្លែង​ដែល​នាង​អាច​គោរព​ប្រណិប័តន៍​ព្រះ​ពិត។ (​នាង​រស់ ១:១៦, ១៧​) នាង​ជា​មនុស្ស​ទៀង​ត្រង់ ហើយ​ខំ​ព្យាយាម​រើស​សន្សំ​ផល​ដំណាំ ដោយ​ធ្វើ​តាម​ការ​រៀប​ចំ​ក្នុង​ច្បាប់​ម៉ូសេ​សម្រាប់​អ្នក​ក្រី​ក្រ។ ម្យ៉ាង​ទៀត ស្រដៀង​នឹង​បទ​ពិសោធន៍​របស់​ដាវីឌ​ក្រោយ​មក ព្រះ​យេហូវ៉ា​មិន​ដែល​បោះ​បង់​រូថ​និង​ន៉ាអូមី​ទេ។ (​នាង​រស់ ២:២​-​១៨​) ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ផ្គត់​ផ្គង់​រូថ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​បាន​ជ្រើស​រើស​នាង​ឲ្យ​ធ្វើ​ជា​វង្ស​ត្រកូល​របស់​ស្ដេច​ដាវីឌ​និង​ថែម​ទាំង​របស់​មេស្ស៊ី​ដែល​លោក​បាន​សន្យា!—នាង​រស់ ៤:១៣​-​១៧; ម៉ាថាយ ១:៥, ១៦

អ្នក​បម្រើ​ខ្លះ​របស់​ព្រះ​យេហូវ៉ា​ប្រហែល​ជា​ពិបាក​រក​លុយ​គ្រប់​គ្រាន់​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​សំខាន់​ចាំ​បាច់​របស់​ពួក​គេ។ ប៉ុន្ដែ ជា​ជាង​ព្យាយាម​ស្វែង​រក​វិធី​ដោះ​ស្រាយ​ដែល​ងាយ​ស្រួល​តែ​មិន​ទៀង​ត្រង់ ពួក​គេ​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​ហ្មត់​ចត់។ ដោយ​ធ្វើ​ដូច្នេះ នោះ​ពួក​គេ​បង្ហាញ​ថា​គុណ​សម្បត្ដិ​ដ៏​អស្ចារ្យ​របស់​ព្រះ​រួម​ទាំង​ភាព​ទៀង​ត្រង់ គឺ​ជា​អ្វី​ដែល​មាន​តម្លៃ​ជាង​វត្ថុ​ទ្រព្យ​ឯ​ទៀត។—សុភាសិត ១២:២៤; អេភេសូរ ៤:២៨

ដូច​រូថ​ដែរ គ្រិស្ដ​សាសនិក​នៅ​ទូ​ទាំង​ពិភព​លោក​បាន​បង្ហាញ​ជំនឿ​ថា​ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​ជួយ​ពួក​គេ។ ពួក​គេ​ទុក​ចិត្ដ​ទាំង​ស្រុង​ទៅ​លើ​លោក​ដែល​បាន​សន្យា​ថា​៖ ​«​ខ្ញុំ​ប្រាកដ​ជា​មិន​ចាក​ចេញ​ពី​អ្នក​ឡើយ ក៏​ប្រាកដ​ជា​មិន​បោះ​បង់​ចោល​អ្នក​ដែរ​»។ (​ហេប្រឺ ១៣:៥​) ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​លោក​អាច ហើយ​ក៏​នឹង​ជួយ​ពួក​អ្នក​ដែល​ទៀង​ត្រង់​គ្រប់​ពេល​វេលា។ លោក​តែង​តែ​រក្សា​ពាក្យ​សន្យា​របស់​លោក​ដើម្បី​ផ្ដល់​ឲ្យ​អ្នក​បម្រើ​លោក​នូវ​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​ជា​ចាំ​បាច់។—ម៉ាថាយ ៦:៣៣

មែន​ហើយ មនុស្ស​ឲ្យ​តម្លៃ​ទៅ​លើ​ពេជ្រ​និង​វត្ថុ​ទ្រព្យ​ឯ​ទៀត។ ប៉ុន្ដែ យើង​អាច​ប្រាកដ​ថា​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​ឲ្យ​តម្លៃ​ចំពោះ​ភាព​ទៀង​ត្រង់​និង​គុណ​សម្បត្ដិ​ល្អ​ជា​ច្រើន​ទៀត​របស់​យើង ជាង​ត្បូង​ណា​ទាំង​អស់!

ពេល​យើង​ទៀង​ត្រង់ យើង​អាច​និយាយ​ដោយ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស​ទៅ​កាន់​មនុស្ស​ក្នុង​កិច្ច​បម្រើ​ផ្សាយ