លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ឪ​ពុក​ម្ដាយ​ទាំង​ឡាយ តើ​អ្នក​កំពុង​ជួយ​កូន​របស់​អ្នក​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ?

ឪ​ពុក​ម្ដាយ​ទាំង​ឡាយ តើ​អ្នក​កំពុង​ជួយ​កូន​របស់​អ្នក​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ?

​«​ហេតុ​អ្វី​បាន​ជា​អ្នក​កំពុង​បង្អង់​ដូច្នេះ? ចូរ​ក្រោក​ឡើង ទៅ​ទទួល​ការ​ជ្រមុជ​ទឹក​»។—សកម្មភាព ២២:១៦

ចម្រៀង​លេខ: ៥១, ១៣៥

១. មុន​កូន​ទទួល​ការ​ជ្រមុជ​ទឹក តើ​ឪ​ពុក​ម្ដាយ​ដែល​ជា​គ្រិស្ដ​សាសនិក​ពិត​ចង់​ធ្វើ​ឲ្យ​ប្រាកដ​អំពី​អ្វី?

បង​ស្រី​ប្លសិម ប្រាណ្ដ​បាន​រៀប​រាប់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ពេល​ដែល​គាត់​សម្រេច​ចិត្ដ​ថា​គាត់​ចង់​ទទួល​ការ​ជ្រមុជ​ទឹក។ គាត់​និយាយ​ថា​៖ ​«​អស់​ជា​ច្រើន​ខែ ខ្ញុំ​បាន​ប្រាប់​ឪ​ពុក​ម្ដាយ​ខ្ញុំ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ខ្ញុំ​ចង់​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ពួក​គាត់​ច្រើន​តែ​បាន​និយាយ​ជា​មួយ​ខ្ញុំ​អំពី​រឿង​នេះ។ ពួក​គាត់​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​ខ្ញុំ​ដឹង​ថា​នេះ​ជា​ការ​សម្រេច​ចិត្ដ​ដ៏​សំខាន់​ណាស់។ ខ្ញុំ​បាន​សម្រេច​អ្វី​ដ៏​អស្ចារ្យ​នេះ​ក្នុង​ជីវិត​របស់​ខ្ញុំ នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​១៩៣៤​»។ នៅ​សព្វ​ថ្ងៃ​នេះ​ដែរ ឪ​ពុក​ម្ដាយ​ចង់​ជួយ​កូន​ៗ​របស់​ពួក​គេ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ឈ្លាស​វៃ។ បើ​កូន​រង់​ចាំ​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​គ្មាន​មូលហេតុ​ត្រឹម​ត្រូវ នោះ​អាច​បង្ខូច​ចំណង​មិត្ដភាព​របស់​កូន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (​យ៉ាកុប ៤:១៧​) មុន​កូន​របស់​ពួក​គេ​ទទួល​ការ​ជ្រមុជ​ទឹក ឪ​ពុក​ម្ដាយ​ដែល​មាន​ប្រាជ្ញា​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​កូន​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ជា​អ្នក​កាន់​តាម​គ្រិស្ដ។

២. (​ក​) តើ​មាន​បញ្ហា​អ្វី​ដែល​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ខ្លះ​បាន​ឃើញ? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​ក្នុង​អត្ថបទ​នេះ?

អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ខ្លះ​បាន​ឃើញ​ថា​ប្អូន​ៗ​វ័យ​ក្មេង​ជា​ច្រើន​នាក់ ដែល​មានអាយុ​ប្រហែល​ជា​ជិត​២០​ឆ្នាំ​ឬ​២០​ឆ្នាំ​ប្លាយ មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក ទោះ​ជា​ពួក​គេ​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ក្នុង​សេចក្ដី​ពិត​ក៏​ដោយ។ តាម​ធម្មតា ប្អូន​ៗ​វ័យ​ក្មេង​ទាំង​នោះ​ទៅ​កិច្ច​ប្រជុំ ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​ចាត់​ទុក​ខ្លួន​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ប៉ុន្ដែ​ដោយ​សារ​មូលហេតុ​ណា​មួយ ពួក​គេ​មិន​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក​ទេ។ ជួន​កាល នេះ​គឺ​ដោយ​សារ​ឪ​ពុក​ម្ដាយ​របស់​ពួក​គេ​គិត​ថា​កូន​មិន​ទាន់​មាន​អាយុ​និង​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ការ​ព្រួយ​បារម្ភ​បួន​ដែល​បាន​រា​រាំង​ឪ​ពុក​ម្ដាយ​ខ្លះ​ពី​ការ​លើក​ទឹក​ចិត្ដ​កូន​របស់​ពួក​គេ​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក។

តើ​កូន​របស់​ខ្ញុំ​ក្មេង​ពេក​ឬ​ទេ?

៣. តើ​ឪ​ពុក​ម្ដាយ​របស់​បង​ប្លសិម​បាន​ព្រួយ​បារម្ភ​អំពី​អ្វី?

ឪ​ពុក​ម្ដាយ​របស់​បង​ប្លសិម​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​វគ្គ​ទី១ បាន​បារម្ភ​ថា​តើ​គាត់​មាន​អាយុ​គ្រប់​គ្រាន់​ឬ​យ៉ាង​ណា​ដើម្បី​យល់​អត្ថន័យ​នៃ​ការ​ជ្រមុជ​ទឹក ហើយ​យល់​ថា​នោះ​គឺ​សំខាន់​ណាស់។ តើ​តាម​របៀប​ណា​ឪ​ពុក​ម្ដាយ​អាច​ដឹង​ថា​កូន​របស់​ពួក​គេ​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា?

៤. តើ​បង្គាប់​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ២៨:១៩, ២០ អាច​ជួយ​ឪ​ពុក​ម្ដាយ​យ៉ាង​ដូច​ម្ដេច​នៅ​សព្វ​ថ្ងៃ​នេះ?

សូម​អាន ម៉ាថាយ ២៨:១៩, ២០គម្ពីរ​មិន​បាន​ចែង​ថា​មាន​ការ​កំណត់​អាយុ​សម្រាប់​បុគ្គល​ណា​ម្នាក់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ទេ។ ប៉ុន្ដែ ជា​ការ​ល្អ​ដែល​ឪ​ពុក​ម្ដាយ​គិត​យ៉ាង​ដិត​ដល់​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​នៅ​ម៉ាថាយ ២៨:១៩​ដែល​ថា​៖ ‹ចូរ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម›។ ពាក្យ​ទាំង​នេះ​មាន​ន័យ​ថា បង្រៀន​បុគ្គល​ណា​ម្នាក់​ដោយ​មាន​គោល​ដៅ​ជួយ​គាត់​ឲ្យ​ក្លាយ​ទៅ​ជា​សិស្ស​ឬ​ទៅ​ជា​អ្នក​កាន់​តាម។ អ្នក​កាន់​តាម​លោក​យេស៊ូ​គឺ​ជា​បុគ្គល​ដែល​រៀន​និង​យល់​អ្វី​ដែល​លោក​បាន​បង្រៀន ហើយ​ដែល​ចង់​ស្តាប់​បង្គាប់​លោក។ ដូច្នេះ តាំង​ពី​ពេល​ដែល​កូន​ៗ​កើត​មក ឪ​ពុក​ម្ដាយ​គួរ​បង្រៀន​ពួក​គេ​ដោយ​មាន​គោល​ដៅ​ជួយ​ពួក​គេ​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ដ។ ពិត​មែន​ថា​ទារក​មិន​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក តែ​គម្ពីរ​បង្ហាញ​ថា​សូម្បី​តែ​កូន​ក្មេង​ក៏​អាច​យល់​និង​ស្រឡាញ់​សេចក្ដី​ពិត​ក្នុង​គម្ពីរ។

៥, ៦. (​ក​) តើ​ការ​រៀប​រាប់​ក្នុង​គម្ពីរ​អំពី​ធីម៉ូថេ​នាំ​ឲ្យ​យើង​សន្និដ្ឋាន​យ៉ាង​ណា​អំពី​ការ​ជ្រមុជ​ទឹក​របស់​គាត់? (​ខ​) តើ​អ្វី​ជា​របៀប​ដ៏​ល្អ​បំផុត​ដែល​ឪ​ពុក​ម្ដាយ​អាច​ជួយ​កូន?

ធីម៉ូថេ​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​លោក​យេស៊ូ​ដែល​បាន​សម្រេច​ចិត្ដ​បម្រើ​ព្រះ​យេហូវ៉ា​ពេល​ដែល​គាត់​នៅ​ក្មេង។ សាវ័ក​ប៉ូល​បាន​និយាយ​ថា​ធីម៉ូថេ​បាន​ចាប់​ផ្ដើម​រៀន​សេចក្ដី​ពិត​ពី​បណ្ដាំ​របស់​ព្រះ​តាំង​ពី​គាត់​«​ជា​ទារក​នៅ​ឡើយ​»។ ឪ​ពុក​របស់​ធីម៉ូថេ​មិន​មែន​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ទេ តែ​ម្ដាយ​និង​យាយ​របស់​ធីម៉ូថេ​បាន​ជួយ​គាត់​ឲ្យ​ស្រឡាញ់​បណ្ដាំ​របស់​ព្រះ។ ម៉្លោះ​ហើយ គាត់​មាន​ជំនឿ​មាំ​មួន។ (​ធីម៉ូថេ​ទី២ ១:៥; ៣:១៤, ១៥​) គាត់​ប្រហែល​ជា​មាន​អាយុ​ជិត​២០​ឆ្នាំ​ឬ​២០​ឆ្នាំ​ប្លាយ ពេល​គាត់​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ភារកិច្ច​ពិសេស​ក្នុង​ក្រុម​ជំនុំ។—សកម្មភាព ១៦:១​-​៣

កូន​ម្នាក់​ៗ​គឺ​ខុស​ៗ​គ្នា។ ពួក​គេ​ក៏​មាន​ភាព​ចាស់​ទុំ​នៅ​អាយុ​ខុស​ៗ​គ្នា​ដែរ។ កូន​ខ្លះ​យល់​សេចក្ដី​ពិត ចេះ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ឈ្លាស​វៃ ហើយ​ចង់​ទទួល​ការ​ជ្រមុជ​ទឹក​ពេល​ដែល​ពួក​គេ​នៅ​វ័យ​ក្មេង។ កូន​ខ្លះ​ទៀត ប្រហែល​ជា​មិន​ធ្វើ​ដូច្នេះ​រហូត​ដល់​ពួក​គេ​មាន​អាយុ​ច្រើន​ជាង​នោះ​បន្ដិច។ ឪ​ពុក​ម្ដាយ​ដែល​មាន​ប្រាជ្ញា​មិន​បង្ខំ​កូន​របស់​ពួក​គេ​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ជួយ​កូន​ម្នាក់​ៗ​ឲ្យ​រីក​ចម្រើន​តាម​សមត្ថភាព​របស់​កូន។ ឪ​ពុក​ម្ដាយ​សប្បាយ​ចិត្ដ​ពេល​កូន​ធ្វើ​តាម​ពាក្យ​នៅ​សុភាសិត ២៧:១១។ (​សូម​អាន​) ប៉ុន្ដែ ពួក​គេ​ត្រូវ​ចាំ​ថា​គោល​ដៅ​របស់​ពួក​គេ​គឺ​ជួយ​កូន​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ ដោយ​យល់​ដូច្នេះ ពួក​គេ​គួរ​សួរ​ខ្លួន​ថា ‹តើ​កូន​របស់​ខ្ញុំ​មាន​ចំណេះ​គ្រប់​គ្រាន់​ដើម្បី​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ?›។

តើ​កូន​របស់​ខ្ញុំ​មាន​ចំណេះ​គ្រប់​គ្រាន់​ឬ​ទេ?

៧. តើ​បុគ្គល​ម្នាក់​ត្រូវ​ស្គាល់​ចំណុច​ល្អិត​ល្អន់​ទាំង​អស់​នៃ​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​មុន​គាត់​អាច​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? សូម​ពន្យល់។

អ្នក​កាន់​តាម​ម្នាក់​ៗ​របស់​គ្រិស្ដ​ត្រូវ​បន្ដ​រៀន សូម្បី​តែ​ក្រោយ​ពី​ពេល​ដែល​ពួក​គេ​បាន​ទទួល​ការ​ជ្រមុជ​ទឹក

កាល​ដែល​ឪ​ពុក​ម្ដាយ​បង្រៀន​កូន ពួក​គេ​ជួយ​កូន​ឲ្យ​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់។ ចំណេះ​នេះ​នឹង​ជំរុញ​ចិត្ដ​កូន​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ។ ប៉ុន្ដែ នេះ​មិន​មាន​ន័យ​ថា​កូន​ត្រូវ​ស្គាល់​ព័ត៌មាន​ទាំង​អស់​អំពី​សេចក្ដី​បង្រៀន​នីមួយ​ៗ​ក្នុង​គម្ពីរ​មុន​ដែល​គាត់​អាច​ប្រគល់​ខ្លួន​និង​ទទួល​ការ​ជ្រមុជ​ទឹក​ទេ។ អ្នក​កាន់​តាម​ម្នាក់​ៗ​របស់​គ្រិស្ដ​ត្រូវ​បន្ដ​រៀន សូម្បី​តែ​ក្រោយ​ពី​ពេល​ដែល​ពួក​គេ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ (​សូម​អាន កូឡុស ១:៩, ១០) ដូច្នេះ តើ​បុគ្គល​ណា​ម្នាក់​ត្រូវ​មាន​ចំណេះ​ច្រើន​យ៉ាង​ណា​មុន​គាត់​អាច​ទទួល​ការ​ជ្រមុជ​ទឹក?

៨, ៩. តើ​អ្វី​បាន​កើត​ឡើង​ដល់​អ្នក​យាម​គុក​នៅ​ក្រុង​ភីលីព ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​គាត់?

បទ​ពិសោធន៍​របស់​ក្រុម​គ្រួសារ​មួយ​នៅ​អតីតកាល​អាច​ជួយ​ឪ​ពុក​ម្ដាយ​នៅ​សព្វ​ថ្ងៃ​នេះ។ (​សកម្មភាព ១៦:២៥​-​៣៣​) នៅ​ឆ្នាំ​៥០ គ.ស. ប៉ូល​បាន​ទៅ​ក្រុង​ភីលីព​ក្នុង​ដំណើរ​លើក​ទី២​របស់​គាត់​ជា​សាសនា​ទូត។ នៅ​ពេល​ដែល​គាត់​នៅ​ទី​នោះ គាត់​និង​ស៊ីឡាស​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត ចាប់​ខ្លួន ហើយ​បញ្ជូន​ទៅ​គុក។ ក្នុង​អំឡុង​យប់​នោះ មាន​រញ្ជួយ​ដី​ដ៏​ខ្លាំង​ដែល​បាន​ធ្វើ​ឲ្យ​ទ្វារ​គុក​ទាំង​អស់​របើក​ឡើង។ អ្នក​យាម​គុក​បាន​គិត​ថា​អ្នក​ទោស​ទាំង​អស់​បាន​រត់​គេច​ខ្លួន ហេតុ​នេះ​គាត់​ចង់​សម្លាប់​ខ្លួន។ ប៉ុន្ដែ ប៉ូល​បាន​ឃាត់​គាត់។ បន្ទាប់​មក​ប៉ូល​និង​ស៊ីឡាស​បាន​បង្រៀន​អ្នក​យាម​គុក​នោះ​និង​ក្រុម​គ្រួសារ​របស់​គាត់​នូវ​សេចក្ដី​ពិត​អំពី​លោក​យេស៊ូ។ ពួក​គេ​ជឿ​អ្វី​ដែល​ពួក​គេ​បាន​រៀន​អំពី​លោក​យេស៊ូ ហើយ​បាន​ទទួល​ស្គាល់​ថា​គឺ​សំខាន់​ណាស់​ឲ្យ​ពួក​គេ​ស្តាប់​បង្គាប់​លោក។ ដូច្នេះ ពួក​គេ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ភ្លាម​ៗ។ តើ​យើង​អាច​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​ពួក​គេ?

អ្នក​យាម​គុក​ប្រហែល​ជា​ទាហាន​រ៉ូម​ម្នាក់​ដែល​បាន​ចូល​និវត្ដន៍។ គាត់​មិន​ស្គាល់​បណ្ដាំ​របស់​ព្រះ​ទេ។ ដូច្នេះ​ដើម្បី​ទៅ​ជា​គ្រិស្ដ​សាសនិក គាត់​ត្រូវ​រៀន​សេចក្ដី​ពិត​បឋម​ៗ​ពី​គម្ពីរ យល់​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​អ្នក​បម្រើ​របស់​លោក ហើយ​គាត់​ត្រូវ​មាន​ចិត្ដ​ចង់​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ។ អ្វី​ដែល​គាត់​បាន​រៀន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​នោះ​បាន​ជំរុញ​ចិត្ដ​គាត់​ឲ្យ​ចង់​ទទួល​ការ​ជ្រមុជ​ទឹក។ គាត់​ច្បាស់​ជា​បាន​បន្ដ​រៀន​ថែម​ទៀត​ក្រោយ​ពី​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ដូច្នេះ ពេល​កូន​ប្រាប់​អ្នក​ថា​កូន​ចង់​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​សារ​កូន​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ចង់​ស្តាប់​បង្គាប់​លោក តើ​អ្នក​អាច​ធ្វើ​អ្វី? អ្នក​ប្រហែល​ជា​នឹង​ឲ្យ​គាត់​ទៅ​និយាយ​ជា​មួយ​នឹង​អ្នក​ចាស់​ទុំ​ដើម្បី​ពួក​គាត់​អាច​សម្រេច​ចិត្ដ​ថា​គាត់​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ឬ​យ៉ាង​ណា​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក។ * (​សូម​មើល​កំណត់​សម្គាល់​) ដូច​គ្រិស្ដ​សាសនិក​ទាំង​អស់​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក គាត់​នឹង​បន្ដ​រៀន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា​អស់​មួយ​ជីវិត​របស់​គាត់ ថែម​ទាំង​ជា​រៀង​រហូត។—រ៉ូម ១១:៣៣, ៣៤

តើ​អ្វី​គឺ​ជា​ការ​អប់រំ​ដ៏​ល្អ​បំផុត​សម្រាប់​កូន​របស់​ខ្ញុំ?

១០, ១១. (​ក​) តើ​ឪ​ពុក​ម្ដាយ​ខ្លះ​មាន​ទស្សនៈ​បែប​ណា? (​ខ​) តើ​អ្វី​ពិត​ជា​ការពារ​កូន?

១០ ឪ​ពុក​ម្ដាយ​ខ្លះ​គិត​ថា​គឺ​ជា​ការ​ល្អ​ឲ្យ​កូន​ទទួល​ការ​អប់រំ​ខ្ពស់​និង​មាន​ការ​ងារ​ល្អ​ជា​មុន​សិន ទើប​ឲ្យ​កូន​ទទួល​ការជ្រមុជ​ទឹក។ ឪ​ពុក​ម្ដាយ​ទាំង​នេះ​ប្រហែល​ជា​មាន​បំណង​ល្អ តែ​ពួក​គេ​គួរ​សួរ​ខ្លួន​ឯង​ថា ‹តើ​នេះ​នឹង​ជួយ​កូន​របស់​ខ្ញុំ​ឲ្យ​ទទួល​ជោគ​ជ័យ​ពិត​ប្រាកដ​ក្នុង​ជីវិត​ឬ​ទេ? តើ​នេះ​សម​ស្រប​តាម​អ្វី​ដែល​យើង​រៀន​ពី​គម្ពីរ​ឬ​ទេ? តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ប្រើ​ជីវិត​របស់​យើង​យ៉ាង​ដូច​ម្ដេច?›។—សូម​អាន សាស្តា ១២:១

១១ គឺ​សំខាន់​ឲ្យ​យើង​ចាំ​ថា​ពិភព​លោក​នេះ​និង​អ្វី​ៗ​ដែល​នៅ​ក្នុង​ពិភព​លោក​នេះ​គឺ​ប្រឆាំង​នឹង​គោល​បំណង​និង​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា។ (​យ៉ាកុប ៤:៧, ៨; យ៉ូហាន​ទី១ ២:១៥​-​១៧; ៥:១៩​) ចំណង​មិត្ដភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​គឺ​ជា​អ្វី​ដែល​ការពារ​កូន​យ៉ាង​ល្អ​បំផុត​ពី​សាថាន ពិភព​លោក​នេះ និង​របៀប​គិត​គូរ​ដ៏​អាក្រក់​របស់​ពិភព​លោក។ បើ​ឪ​ពុក​ម្ដាយ​ចាត់​ទុក​ការ​អប់រំ​និង​ការ​ងារ​ល្អ​ថា​សំខាន់​បំផុត​ក្នុង​ជីវិត នោះ​កូន​របស់​ពួក​គេ​ទំនង​ជា​នឹង​គិត​ថា​អ្វី​ៗ​ក្នុង​ពិភព​លោក​នេះ​គឺ​សំខាន់​ជាង​ចំណង​មិត្ដភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ នេះ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ ក្នុង​នាម​ជា​ឪ​ពុក​ម្ដាយ​ដែល​ស្រឡាញ់​កូន តើ​អ្នក​ពិត​ជា​ចង់​ឲ្យ​ពិភព​លោក​នេះ​បង្រៀន​កូន​របស់​អ្នក​អំពី​អ្វី​ដែល​គេ​គិត​ថា​នឹង​នាំ​ឲ្យ​កូន​សប្បាយ​ឬ​ទេ? របៀប​តែ​មួយ​គត់​ដើម្បី​មាន​អំណរ​ពិត​ប្រាកដ​និង​មាន​ជោគ​ជ័យ​គឺ​ដោយ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។—សូម​អាន ទំនុក​តម្កើង ១:២, ៣

ចុះ​បើ​កូន​របស់​ខ្ញុំ​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង?

១២. ហេតុ​អ្វី​ឪ​ពុក​ម្ដាយ​ខ្លះ​មាន​ទស្សនៈ​ថា​គឺ​ជា​ការ​ល្អ​ប្រសើរ​ឲ្យ​កូន​របស់​ពួក​គេ​ពន្យារ​ពេល​ទទួល​ការ​ជ្រមុជ​ទឹក?

១២ ម្ដាយ​ម្នាក់​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​គាត់​មិន​ចង់​ឲ្យ​កូន​ស្រី​របស់​គាត់​ទទួល​ការ​ជ្រមុជ​ទឹក។ គាត់​និយាយ​ថា​៖ ​«​មូលហេតុ​សំខាន់​ចម្បង​គឺ​ដោយ​សារ​ខ្ញុំ​បារម្ភ​ហួស​ហេតុ​ពេក​ថា​កូន​ខ្ញុំ​នឹង​ត្រូវ​បណ្ដាច់​មិត្ដភាព​»។ ដូច​បង​ស្រី​នោះ ឪ​ពុក​ម្ដាយ​ខ្លះ​មាន​អារម្មណ៍​ថា​គឺ​ជា​ការ​ល្អ​ប្រសើរ​ឲ្យ​រង់​ចាំ​រហូត​ដល់​កូន​ចាស់​ចិត្ដ​ចាស់​គំនិត​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ដ​ត្រឹម​ត្រូវ​និង​មិន​ធ្វើ​អ្វី​ផ្ដេស​ផ្ដាស។ (​លោកុប្បត្ដិ ៨:២១; សុភាសិត ២២:១៥​) ឪ​ពុក​ម្ដាយ​ទាំង​នោះ​ប្រហែល​ជា​មាន​ទស្សនៈ​ថា​បើ​កូន​របស់​ពួក​គេ​មិន​បាន​ទទួល​ការ​ជ្រមុជ​ទឹក កូន​ក៏​មិន​អាច​ត្រូវ​បណ្ដាច់​មិត្ដភាព​ដែរ។ ប៉ុន្ដែ ហេតុ​អ្វី​ទស្សនៈ​នេះ​គឺ​មិន​ត្រឹម​ត្រូវ?—យ៉ាកុប ១:២២

១៣. បើ​បុគ្គល​ម្នាក់​មិន​ទទួល​ការ​ជ្រមុជ​ទឹក តើ​នេះ​មាន​ន័យ​ថា​គាត់​មិន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា​ឬ​ទេ? សូម​ពន្យល់។

១៣ ពិត​មែន​ថា​ឪ​ពុក​ម្ដាយ​មិន​ចង់​ឲ្យ​កូន​ទទួល​ការ​ជ្រមុជទឹក​មុន​ដែល​គាត់​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ប្រគល់​ជីវិត​របស់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា តែ​គឺ​ជា​ការ​យល់​ច្រឡំ​បើ​មាន​ទស្សនៈ​ថា​កូន​មិន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា​រហូត​ដល់​គាត់​ទទួល​ការ​ជ្រមុជ​ទឹក។ កូន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​ពេល​ដែល​គាត់​ដឹង​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​ខុស​និង​អ្វី​ដែល​លោក​ចាត់​ទុក​ថា​ត្រូវ។ (​សូម​អាន យ៉ាកុប ៤:១៧) ឪ​ពុក​ម្ដាយ​ដែល​មាន​ប្រាជ្ញា​មិន​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​កូន​គិត​ថា​កូន​មិន​គួរ​ទទួល​ការ​ជ្រមុជ​ទឹក​ទេ។ សូម្បី​តែ​ពេល​ដែល​កូន​នៅ​ក្មេង​ក្ដី ពួក​គេ​បង្រៀន​កូន​ឲ្យ​ស្រឡាញ់​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​ត្រឹម​ត្រូវ ហើយ​ស្អប់​អ្វី​ដែល​លោក​ចាត់​ទុក​ថា​ខុស ដូច​ដែល​ពួក​គេ​ធ្វើ​ដែរ។ (​លូកា ៦:៤០​) សេចក្ដី​ស្រឡាញ់​ដែល​កូន​មាន​ចំពោះ​ព្រះ​យេហូវ៉ា​នឹង​ការពារ​កូន​មិន​ឲ្យ​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ដោយ​សារ​កូន​ចង់​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​ត្រឹម​ត្រូវ។—អេសាយ ៣៥:៨

អ្នក​ឯ​ទៀត​អាច​ជួយ

១៤. តើ​អ្នក​ចាស់​ទុំ​អាច​គាំ​ទ្រ​ឪ​ពុក​ម្ដាយ​យ៉ាង​ដូច​ម្ដេច?

១៤ អ្នក​ចាស់​ទុំ​អាច​គាំ​ទ្រ​ឪ​ពុក​ម្ដាយ​ដោយ​និយាយ​ល្អ​ៗ​អំពី​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ បង​ស្រី​ម្នាក់​ចាំ​ថា​បង​ប្រុស​រ៉ាសិល​បាន​និយាយ​ជា​មួយ​នឹង​គាត់​ពេល​គាត់​អាយុ​៦​ឆ្នាំ។ បង​ស្រី​នោះ​និយាយ​ថា​៖ ​«​គាត់​បាន​ចំណាយ​ពេល​និយាយ​ជា​មួយ​ខ្ញុំ​១៥​នាទី​អំពី​គោល​ដៅ​របស់​ខ្ញុំ​ក្នុង​កិច្ច​បម្រើ​ព្រះ​»។ តើ​ការ​សន្ទនា​នោះ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី? បង​ស្រី​នោះ​បាន​ទៅ​ជា​អ្នក​ត្រួស​ត្រាយ ហើយ​គាត់​បាន​ត្រួស​ត្រាយ​អស់​រយៈ​ពេល​ជាង​៧០​ឆ្នាំ! យើង​ឃើញ​ច្បាស់​ថា ពាក្យ​សម្ដី​ល្អ​និង​ការ​លើក​ទឹក​ចិត្ដ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស​ម្នាក់​អស់​មួយ​ជីវិត​របស់​គាត់។ (​សុភាសិត ២៥:១១​) អ្នក​ចាស់​ទុំ​ក៏​អាច​អញ្ជើញ​ឪ​ពុក​ម្ដាយ​និង​កូន​របស់​ពួក​គេ​ឲ្យ​ជួយ​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​នៅ​សាល​ប្រជុំ។ អ្នក​ចាស់​ទុំ​អាច​សុំ​កូន​ក្មេង​ឲ្យ​ធ្វើ​អ្វី​ដែល​សម​នឹង​អាយុ​និង​សមត្ថភាព​របស់​ពួក​គេ។

១៥. តើ​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​អាច​ជួយ​ប្អូន​ៗ​វ័យ​ក្មេង​យ៉ាង​ដូច​ម្ដេច?

១៥ តើ​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​អាច​ជួយ​យ៉ាង​ម្ដេច? ដោយ​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ប្អូន​ៗ​វ័យ​ក្មេង​តាម​របៀប​ដ៏​សម​រម្យ។ ជា​ឧទាហរណ៍ អ្នក​អាច​សង្កេត​មើល​ការ​ប្រព្រឹត្ដ​របស់​ប្អូន​ៗ​ឲ្យ​ដឹង​ថា​ពួក​គេ​កំពុង​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ឬ​យ៉ាង​ណា។ តើ​មាន​ប្អូន​ណា​ម្នាក់​បាន​ឆ្លើយ​ល្អ​នៅ​កិច្ច​ប្រជុំ​ឬ​ទេ? ឬ​តើ​គាត់​មាន​ផ្នែក​ណា​មួយ​ក្នុង​កិច្ច​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ដ​សាសនិក​ឬ​ទេ? តើ​គាត់​បាន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ណា​ម្នាក់​នៅ​សាលា​ឬ​ទេ? ឬ​តើ​គាត់​បាន​ធ្វើ​អ្វីដែល​ត្រឹម​ត្រូវ​ទោះ​ជា​គាត់​មាន​ចិត្ដ​ចង់​ធ្វើ​ខុស​ក៏​ដោយ? បើ​ដូច្នេះ សូម​ប្រាប់​គាត់​ថា​គាត់​បាន​ធ្វើ​ល្អ​ណាស់! យើង​អាច​មាន​គោល​ដៅ​និយាយ​ជា​មួយ​នឹង​ប្អូន​ៗ​វ័យ​ក្មេង​មុន​និង​ក្រោយ​កិច្ច​ប្រជុំ។ ពេល​យើង​ធ្វើ​ដូច្នេះ កូន​ក្មេង​នឹង​មាន​អារម្មណ៍​ថា​ពួក​គេ​រួម​ចំណែក​ក្នុង​«​ពួក​ជំនុំ​ធំ​»។—ទំនុក​តម្កើង ៣៥:១៨

ចូរ​ជួយ​កូន​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក

១៦, ១៧. (​ក​) ហេតុ​អ្វី​ការ​ទទួល​ការ​ជ្រមុជ​ទឹក​គឺ​សំខាន់? (​ខ​) តើ​ឪ​ពុក​ម្ដាយ​ជា​គ្រិស្ដ​សាសនិក​ពិត​អាច​មាន​អំណរ​ដោយ​សារ​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

១៦ ឯកសិទ្ធិ​ដ៏​ធំ​បំផុត​មួយ​ដែល​ឪ​ពុក​ម្ដាយ​មាន​គឺ​ការ​បង្រៀន​កូន​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ (​ទំនុក​តម្កើង ១២៧:៣; អេភេសូរ ៦:៤​) ក្នុង​ប្រជា​ជាតិ​អ៊ីស្រាអែល​កូន​បាន​ត្រូវ​ប្រគល់​ជូន​ព្រះ​យេហូវ៉ា​ពេល​ដែល​ពួក​គេ​កើត​មក។ ប៉ុន្ដែ កូន​របស់​យើង​គឺ​មិន​ដូច​គ្នា​ទេ។ ទោះ​ជា​ឪ​ពុក​ម្ដាយ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​សេចក្ដី​ពិត​ក្ដី នេះ​មិន​មាន​ន័យ​ថា​កូន​របស់​ពួក​គេ​នឹង​ធ្វើ​ដូច្នេះ​ឡើយ។ ចាប់​ពី​ថ្ងៃ​ដែល​កូន​កើត​មក ឪ​ពុក​ម្ដាយ​ត្រូវ​មាន​គោល​ដៅ​ជួយ​កូន​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ ប្រគល់​ខ្លួន​ជូន​ព្រះ និង​ទទួល​ការ​ជ្រមុជ​ទឹក។ គ្មាន​អ្វី​សំខាន់​ជាង​នេះ​ទេ។ ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ការ​ជ្រមុជ​ទឹក និង​ការ​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់ នឹង​បើក​ឱកាស​ឲ្យ​បុគ្គល​ដែល​បាន​ធ្វើ​អ្វី​ទាំង​នេះ​ទទួល​សេចក្ដី​សង្គ្រោះ​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។—ម៉ាថាយ ២៤:១៣

ឪ​ពុក​ម្ដាយ​ត្រូវ​មាន​គោល​ដៅ​ជួយ​កូន ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ (​សូម​មើល​វគ្គ​១៦, ១៧​)

១៧ ពេល​ដែល​បង​ប្លសិម ប្រាណ្ដ​ចង់​ទទួល​ការ​ជ្រមុជ​ទឹក ឪ​ពុក​ម្ដាយ​របស់​គាត់​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​គាត់​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់។ ពេល​ពួក​គាត់​ឃើញ​ថា​កូន​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ហើយ នោះ​ពួក​គាត់​បាន​គាំ​ទ្រ​ការ​សម្រេច​ចិត្ដ​របស់​កូន។ បង​ប្លសិម​បាន​ពន្យល់​អំពី​អ្វី​ដែល​ឪ​ពុក​របស់​គាត់​បាន​ធ្វើ​នៅ​យប់​មុន​ដែល​គាត់​ទទួល​ការ​ជ្រមុជ​ទឹក។ គាត់​និយាយ​ថា​៖ ​«​ប៉ា​ឲ្យ​យើង​ទាំង​អស់​គ្នា​លុត​ជង្គង់​ចុះ រួច​មក​គាត់​បាន​អធិដ្ឋាន។ គាត់​ប្រាប់​ព្រះ​យេហូវ៉ា​ថា​គាត់​សប្បាយ​ចិត្ដ​ដែល​កូន​ស្រី​របស់​គាត់​បាន​សម្រេច​ចិត្ដ​ប្រគល់​ជីវិត​ជូន​លោក​»។ ជាង​៦០​ឆ្នាំ​ក្រោយ​មក បង​ប្លសិម​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​មិន​ភ្លេច​យប់​នោះ អស់​មួយ​ជីវិត​របស់​ខ្ញុំ!​»។ ឪ​ពុក​ម្ដាយ​ទាំង​ឡាយ សូម​ឲ្យ​អ្នក​មាន​អំណរ​និង​ស្កប់​ចិត្ដ ពេល​ដែល​អ្នក​ឃើញ​កូន​របស់​អ្នក​ប្រគល់​ខ្លួន​និង​ទទួល​ការ​ជ្រមុជ​ទឹក​ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា។

^ វគ្គ 9 ឪ​ពុក​ម្ដាយ​អាច​និយាយ​ជា​មួយ​នឹង​កូន​អំពី​ព័ត៌មាន​ក្នុង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ហេតុ​អ្វី​អ្នក​គួរ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា?​»​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១០ ទំព័រ​៩​-​១៣ និង​«​ប្រអប់​សំណួរ​»​ នៅ​ក្នុងកិច្ច​បម្រើ​ព្រះ ខែ​មេសា ឆ្នាំ​២០១១ ទំព័រ​២