លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

តើ​នរណា​ជា​ភ្នាក់ងារ​រក្សា​វិហារ​របស់​សាសនា​យូដា? តើ​ពួក​គេ​មាន​ភារកិច្ច​អ្វី?

ក្នុង​ចំណោម​ពួក​លេវីដែល​មិន​មែន​ជា​សង្ឃ អ្នក​ខ្លះ​បំពេញ​ភារកិច្ច​ដែល​ស្រដៀង​នឹង​ប៉ូលិស។ ភារកិច្ច​នេះ​នៅ​ក្រោម​បង្គាប់​របស់​មេ​កង​រក្សា​វិហារ។ អ្នក​និពន្ធ​ជន​ជាតិ​យូដា​ម្នាក់​ឈ្មោះ​ភីឡូ បាន​រៀប​រាប់​អំពី​ភារកិច្ច​របស់​ភ្នាក់ងារ​ទាំង​នេះ​ថា​៖ ​«​ពួក​លេវី​ខ្លះ​ទាំង​នេះ គឺ​ជា​អ្នក​យាម​ទ្វារ​នៅ​ច្រក​ចូល​វិហារ។ អ្នក​ខ្លះ​ទៀត​ជា​អ្នក​យាម​នៅ​មុខ​វិហារ។ ពួក​គេ​ធ្វើ​ឲ្យ​ប្រាកដ​ថា​បុគ្គល​ដែល​គ្មាន​សិទ្ធិ​ស្រប​ច្បាប់​មិន​បាន​ចូល​ក្នុង​វិហារ ទោះ​ជា​ដោយ​ចេតនា​ឬ​អចេតនា​ក្ដី។ ភ្នាក់ងារ​ខ្លះ​ដើរ​ក្រវែល​ជុំ​វិញ​វិហារ​ដើម្បី​ការ​ពារ​វិញ។ ពួក​គេ​ដាក់​វេន​គ្នា​ធ្វើ​ការ​នៅ​ពេល​ថ្ងៃ​និង​ពេល​យប់​»។

ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​អាច​សុំ​ភ្នាក់ងារ​ទាំង​នោះ​ឲ្យ​ជួយ​ពួក​គេ។ រដ្ឋាភិបាល​រ៉ូម​អនុញ្ញាត​ឲ្យ​តែ​ក្រុម​ភ្នាក់ងារ​របស់​សាសនា​យូដា​មួយ​នេះ​ប៉ុណ្ណោះ មាន​ប្រដាប់​អាវុធ។

បណ្ឌិត​គម្ពីរ​ម្នាក់​ឈ្មោះ​យ៉ូអាឃីម យេរេមាស រៀប​រាប់​ថា​៖ ​«​នៅ​ពេល​លោក​យេស៊ូ​បាន​ត្រូវ​ចាប់​ខ្លួន លោក​បាន​មាន​ប្រសាសន៍​ថា​លោក​ធ្លាប់​បង្រៀន​នៅ​ក្នុង​វិហារ​រៀង​រាល់​ថ្ងៃ តែ​គ្មាន​អ្នក​ណា​មក​ចាប់​លោក​ឡើយ។ (​ម៉ាថ. ២៦:៥៥​) ពាក្យ​ស្តី​បន្ទោស​នេះ​របស់​លោក​យេស៊ូ​អាច​យល់​កាន់​តែ​ច្បាស់​បាន បើ​អ្នក​ដែល​មក​ចាប់​លោក​គឺ​ជា​ភ្នាក់ងារ​រក្សា​វិហារ​»។ បណ្ឌិត​ដដែល​នោះ​គិត​ថា​ពួក​អ្នក​ដែល​បាន​ត្រូវ​បញ្ជូន​ឲ្យ​មក​ចាប់​លោក​យេស៊ូ​នៅ​លើក​មុន​នោះ ក៏​ជា​ភ្នាក់ងារ​រក្សា​វិហារ​ដែរ។ (​យ៉ូន. ៧:៣២, ៤៥, ៤៦​) ក្រោយ​មក ភ្នាក់ងារ​រក្សា​វិហារ​និង​មេ​កង​របស់​ពួក​គេ បាន​ត្រូវ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​បញ្ជូន​ឲ្យ​ទៅ​ចាប់​ពួក​សាវ័ក​របស់​លោក​យេស៊ូ​មក​ឲ្យ​ពួក​គេ ហើយ​ពួក​អ្នក​ទាំង​នោះ​ក៏​ទំនង​ជា​អ្នក​ដែល​បាន​ចាប់​ប៉ូល​អូស​ទៅ​ក្រៅ​វិហារ​ដែរ។—សកម្ម. ៤:១​-​៣; ៥:១៧​-​២៧; ២១:២៧​-​៣០