លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការ​បង្ហាញ​ភាព​ស្មោះ​ត្រង់​នាំ​ឲ្យ​ព្រះ​ពេញ​ចិត្ដ

ការ​បង្ហាញ​ភាព​ស្មោះ​ត្រង់​នាំ​ឲ្យ​ព្រះ​ពេញ​ចិត្ដ

​«​ចូរ​យក​តម្រាប់​តាម​ពួក​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ជា​មត៌ក​ដោយ​សារ​ជំនឿ​និង​ចិត្ដ​អត់​ធ្មត់​»។—ហេប្រឺ ៦:១២

ចម្រៀង​លេខ: ៣, ៥៤

១, ២​. តើ​យែបថា​និង​កូន​ស្រី​របស់​គាត់​ប្រឈម​មុខ​នឹង​ការ​ពិបាក​អ្វី?

ស្ដ្រី​វ័យ​ក្មេង​ម្នាក់​បាន​រត់​ទៅ​ជួប​ឪ​ពុក​របស់​នាង។ នាង​សប្បាយ​ចិត្ដ​យ៉ាង​ខ្លាំង​ដោយ​ឃើញ​ឪ​ពុក​នាង​ត្រឡប់​មក​ពី​ចម្បាំង​វិញ​ដោយ​សុវត្ថិភាព។ ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​របស់​គាត់​បាន​ធ្វើ​ឲ្យ​នាង​ច្រៀង​និង​រាំ​យ៉ាង​សប្បាយ​រីក​រាយ។ ប៉ុន្ដែ​អ្វី​ដែល​ឪ​ពុក​នាង​បាន​ធ្វើ​និង​និយាយ​ក្រោយ​មក ច្បាស់​ជា​បាន​នាំ​ឲ្យ​នាង​ភ្ញាក់​ផ្អើល។ គាត់​បាន​ហែក​អាវ​របស់​គាត់ ហើយ​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​វរ​ហើយ កូន​អើយ! ឯង​បាន​ធ្វើ​ឲ្យ​អញ​មាន​ចិត្ដ​ក្រាប​ចុះ[​ឬ​«​កើត​ទុក្ខ​»​]ជា​ខ្លាំង​ណាស់​»។ ក្រោយ​មក គាត់​បាន​ប្រាប់​នាង​ថា គាត់​បាន​ធ្វើ​សេចក្ដី​សន្យា​មួយ​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​នឹង​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​របស់​នាង​អស់​មួយ​ជីវិត។ សេចក្ដី​សន្យា​របស់​គាត់​មាន​ន័យ​ថា​នាង​នឹង​មិន​អាច​រៀប​ការ ឬ​មាន​កូន​ឡើយ។ ប៉ុន្ដែ ភ្លាម​ៗ​នោះ​នាង​បាន​តប​ឆ្លើយ​យ៉ាង​ល្អ​ដែល​លើក​ទឹក​ចិត្ដ​ឪ​ពុក​នាង​ឲ្យ​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា។ ចម្លើយ​របស់​នាង​បាន​បង្ហាញ​ថា​នាង​ទុក​ចិត្ដ​ទាំង​ស្រុង​ថា​អ្វី​ណា​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​សុំ​ពី​នាង​គឺ​មាន​ប្រយោជន៍​ចំពោះ​នាង។ (​ពួក​ចៅហ្វាយ [​វិរបុរស​] ១១:៣៤​-​៣៧; ខ.ស.​) ពេល​ដែល​ឪ​ពុក​នាង​បាន​ឃើញ​ជំនឿ​របស់​នាង គាត់​មាន​មោទនភាព​ណាស់​ចំពោះ​នាង ពី​ព្រោះ​គាត់​ដឹង​ថា​ដោយ​សារ​នាង​ព្រម​ធ្វើ​តាម នោះ​នឹង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​រីក​រាយ។

យែបថា​និង​កូន​ស្រី​របស់​គាត់​បាន​ទុក​ចិត្ដ​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​របៀប​ដែល​លោក​ប្រព្រឹត្ដ។ ពួក​គាត់​បាន​ស្មោះ​ត្រង់ សូម្បី​តែ​នៅ​ពេល​ដែល​មិន​សូវ​ងាយ​ស្រួល​សម្រាប់​ពួក​គាត់​ក្ដី។ ពួក​គាត់​ចង់​ទទួល​ការ​ពេញ​ចិត្ដ​ពី​ព្រះ​យេហូវ៉ា ហើយ​នេះ​ពិត​ជា​អ្វី​ដែល​សម​នឹង​ការ​លះ​បង់​ណា​ក៏​ដោយ​ដែល​ពួក​គាត់​បាន​ធ្វើ។

៣​. ហេតុ​អ្វី​គំរូ​របស់​យែបថា​និង​កូន​ស្រី​របស់​គាត់​អាច​ជួយ​យើង​នៅ​សព្វ​ថ្ងៃ​នេះ?

ការ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​មិន​តែង​តែ​ងាយ​ស្រួល​ទេ។ យើង​ត្រូវ​«​តស៊ូ​ដើម្បី​ការពារ​ជំនឿ​»។ (​យូដាស ៣​) ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ សូម​យើង​រៀន​អំពី​របៀប​ដែល​យែបថា​និង​កូន​ស្រី​របស់​គាត់​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ​ក្នុង​ជីវិត​របស់​ពួក​គាត់។ តើ​តាម​របៀប​ណា​ពួក​គាត់​បាន​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា?

ការ​រក្សា​ភាព​ស្មោះ​ត្រង់ ទោះ​ជា​មាន​ឥទ្ធិពល​ពី​ពិភព​លោក​នេះ​ក្ដី

៤, ៥​. (​ក​) តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​បង្គាប់​អ្វី​ដល់​ជន​ជាតិ​អ៊ីស្រាអែល ពេល​ដែល​ពួក​គេ​បាន​ចូល​ស្រុក​ដែល​លោក​បាន​សន្យា? (​ខ​) យោង​ទៅ​តាម​ទំនុក​តម្កើង ទំនុក​ទី​១០៦ តើ​អ្វី​បាន​កើត​ឡើង​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ដោយ​សារ​ពួក​គេ​មិន​បាន​ស្តាប់​បង្គាប់​ព្រះ?

ជា​រៀង​រាល់​ថ្ងៃ យែបថា​និង​កូន​ស្រី​របស់​គាត់​បាន​នឹក​ឃើញ​អំពី​លទ្ធផល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ទទួល​ពី​ការ​មិន​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ជិត​៣០០​ឆ្នាំ​មុន​សម័យ​យែបថា ព្រះ​យេហូវ៉ា​បាន​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​សម្លាប់​បុគ្គល​ទាំង​អស់​ដែល​គោរព​បូជា​ព្រះ​មិន​ពិត​នៅ​ក្នុង​ស្រុក​ដែល​លោក​បាន​សន្យា ប៉ុន្ដែ​ពួក​គេ​មិន​បាន​ធ្វើ​តាម​ឡើយ។ (​ចោទិយកថា ៧:១​-​៤​) ជន​ជាតិ​អ៊ីស្រាអែល​ជា​ច្រើន​នាក់​បាន​ចាប់​ផ្ដើម​ធ្វើ​តាម​ជន​ជាតិ​កាណាន​ដែល​ជា​អ្នក​គោរព​បូជា​ព្រះ​មិន​ពិត​និង​ដែល​មាន​របៀប​រស់​នៅ​ប្រាស​ចាក​សីលធម៌។—សូម​អាន ទំនុក​តម្កើង ១០៦:៣៤​-​៣៩

ដោយ​សារ​ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា នោះ​លោក​មិន​បាន​ការពារ​ពួក​គេ​ពី​សត្រូវ​របស់​ពួក​គេ​ឡើយ។ (​ពួក​ចៅហ្វាយ ២:១​-​៣, ១១​-​១៥; ទំនុក​តម្កើង ១០៦:៤០​-​៤៣​) ក្នុង​អំឡុង​ឆ្នាំ​ដ៏​ពិបាក​ទាំង​នោះ ក្រុម​គ្រួសារ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ច្បាស់​ជា​ពិបាក​រក្សា​ភាព​ស្មោះ​ត្រង់​នឹង​លោក​ណាស់។ ក៏​ប៉ុន្ដែ គម្ពីរ​បាន​រៀប​រាប់​ថា​មាន​បុគ្គល​ស្មោះ​ត្រង់​ដូច​ជា​យែបថា​និង​កូន​ស្រី​របស់​គាត់ អែ​ល​កាណា ហា​ណា និង​សាំយូអែល​ជា​ដើម។ ពួក​គេ​បាន​តាំង​ចិត្ដ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​រីក​រាយ។—សាំយូអែល​ទី១ ១:២០​-​២៨; ២:២៦

៦​. សព្វ​ថ្ងៃ​នេះ តើ​ពិភព​លោក​នេះ​មាន​ឥទ្ធិពល​បែប​ណា​លើ​មនុស្ស ហើយ​តើ​យើង​ត្រូវ​ធ្វើ​អ្វី?

នៅ​សម័យ​យើង​នេះ មនុស្ស​គិត​និង​ប្រព្រឹត្ដ​ដូច​ជន​ជាតិ​កាណាន​ដែរ។ ក្នុង​ជីវិត​របស់​ពួក​គេ ពួក​គេ​គិត​តែ​លុយ ការ​រួម​ភេទ និង​អំពើ​ឃោរ​ឃៅ។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ព្រមាន​ច្បាស់​លាស់​ដល់​យើង។ លោក​ចង់​ការពារ​យើង​ពី​ឥទ្ធិពល​ដ៏​អាក្រក់​ទាំង​នោះ​ដូច​ដែល​លោក​ចង់​ការពារ​ជន​ជាតិ​អ៊ីស្រាអែល។ តើ​យើង​នឹង​ទាញ​យក​មេ​រៀន​ពី​កំហុស​របស់​ពួក​គេ​ឬ​ទេ? (​កូរិនថូស​ទី១ ១០:៦​-​១១​) យើង​ត្រូវ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជៀស​វាង​ពី​របៀប​គិត​គូរ​របស់​ពិភព​លោក​នេះ។ (​រ៉ូម ១២:២​) តើ​យើង​នឹង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ដូច្នេះ​ឬ​ទេ?

យែបថា​បាន​រក្សា​ភាព​ស្មោះ​ត្រង់ ទោះ​ជា​ខក​ចិត្ដ​ក្ដី

៧​. (​ក​) តើ​បណ្ដា​ជន​បាន​ធ្វើ​អ្វី​ដល់​យែបថា? (​ខ​) តើ​យែបថា​បាន​ប្រព្រឹត្ដ​យ៉ាង​ដូច​ម្ដេច?

នៅ​សម័យ​យែបថា ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​ជិះ​ជាន់​ដោយ​ជន​ជាតិ​ភីលីស្ទីន​និង​ជន​ជាតិ​អាំម៉ូន ពី​ព្រោះ​ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា។ (​ពួក​ចៅហ្វាយ ១០:៧, ៨​) យែបថា​មិន​គ្រាន់​តែ​មាន​ការ​ពិបាក​ជា​មួយ​នឹង​ប្រទេស​ផ្សេង​ៗ​ដែល​ជា​សត្រូវ​ប៉ុណ្ណោះ​ទេ គាត់​ក៏​មាន​ការ​ពិបាក​ផ្សេង​ៗ​ដែរ​ជា​មួយ​នឹង​បង​ប្អូន​របស់​គាត់​និង​ពួក​អ្នក​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល។ ដោយ​សារ​បង​ប្អូន​របស់​គាត់​ច្រណែន​និង​ស្អប់​គាត់ នោះ​ពួក​គេ​បាន​បង្ខំ​គាត់ឲ្យ​ចាក​ចេញ​ពី​ទឹក​ដី​ដែល​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​គាត់។ (​ពួក​ចៅហ្វាយ ១១:១​-​៣​) យែបថា​មិន​ព្រម​អនុញ្ញាត​ឲ្យ​ការ​ប្រព្រឹត្ដ​ដែល​គ្មាន​មេត្ដា​របស់​ពួក​គេ​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ដ​គំនិត​របស់​គាត់​ឡើយ។ ហេតុ​អ្វី​យើង​ដឹង​ដូច្នេះ? ពី​ព្រោះ​ពេល​ដែល​ពួក​អ្នក​ចាស់​ទុំ​នៃ​ប្រជា​ជាតិ​អ៊ីស្រាអែល​បាន​អង្វរ​សុំ​គាត់​ឲ្យ​ជួយ​ពួក​គេ នោះ​គាត់​បាន​ធ្វើ​ភ្លាម​ៗ។ (​ពួក​ចៅហ្វាយ ១១:៤​-​១១​) តើ​អ្វី​ប្រហែល​ជា​បាន​ជំរុញ​ចិត្ដ​យែបថា​ឲ្យ​ប្រព្រឹត្ដ​បែប​នេះ?

៨, ៩​. (​ក​) តើ​គោល​ការណ៍​អ្វី​ក្នុង​ច្បាប់​ម៉ូសេ​ប្រហែល​ជា​បាន​ជួយ​យែបថា? (​ខ​) តើ​អ្វី​គឺ​សំខាន់​បំផុត​ចំពោះ​យែបថា?

យែបថា​ជា​អ្នក​ប្រយុទ្ធ​ដ៏​អង់អាច​ក្លាហាន ហើយ​គាត់​ស្គាល់​យ៉ាង​ច្បាស់​អំពី​ប្រវត្ដិសាស្ដ្រ​របស់​ជន​ជាតិ​អ៊ីស្រាអែល​និង​ច្បាប់​ម៉ូសេ។ របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ដ​ទៅ​លើ​រាស្ដ្រ​របស់​លោក​បង្រៀន​គាត់​អំពី​ខ្នាត​តម្រា​របស់​ព្រះ​ស្ដី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ (​ពួក​ចៅហ្វាយ ១១:១២​-​២៧​) យែបថា​បាន​ប្រើ​ចំណេះ​ដឹង​នេះ​ក្នុង​ជីវិត​របស់​គាត់​ពេល​ដែល​គាត់​ធ្វើ​ការ​សម្រេច​ចិត្ដ។ គាត់​បាន​ស្គាល់​ច្បាស់​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ចំពោះ​កំហឹង​និង​ការ​សង​សឹក និង​អំពី​របៀប​ដែល​ព្រះ​ចង់​ឲ្យ​រាស្ដ្រ​របស់​លោក​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ បន្ថែម​ទៅ​ទៀត ច្បាប់​ម៉ូសេ​បាន​បង្រៀន​គាត់​អំពី​របៀប​ប្រព្រឹត្ដ​ចំពោះ​អ្នក​ឯ​ទៀត សូម្បី​តែ​ពួក​អ្នក​ដែល​ស្អប់​គាត់​ក្ដី។—សូម​អាន និក្ខមនំ ២៣:៥; លេវីវិន័យ ១៩:១៧, ១៨

គំរូ​របស់​យ៉ូសែប​ទំនង​ជា​បាន​ជួយ​យែបថា។ យែបថា​ច្បាស់​ជា​បាន​រៀន​អំពី​របៀប​ដែល​យ៉ូសែប​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​បង​ប្អូន​របស់​គាត់ ទោះ​ជា​ពួក​គេ​ស្អប់​គាត់​ក្ដី។ (​លោកុប្បត្ដិ ៣៧:៤; ៤៥:៤, ៥​) ការ​ដែល​យែបថា​គិត​អំពី​គំរូ​នេះ នោះ​ប្រហែល​ជា​បាន​ជួយ​គាត់​ឲ្យ​ប្រព្រឹត្ដ​អ្វី​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ។ អ្វី​ដែល​បង​ប្អូន​របស់​យែបថា​បាន​ធ្វើ​ពិត​ជា​នាំ​ឲ្យ​គាត់​ឈឺ​ចិត្ដ។ ប៉ុន្ដែ ចំពោះ​យែបថា ការ​ច្បាំង​ដើម្បី​ការពារ​នាម​របស់​ព្រះ​យេហូវ៉ា​និង​រាស្ដ្រ​របស់​លោក​គឺ​សំខាន់​ជាង​អារម្មណ៍​របស់​គាត់។ (​ពួក​ចៅហ្វាយ ១១:៩​) គាត់​បាន​តាំង​ចិត្ដ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ ចិត្ដ​គំនិត​នេះ​បាន​នាំ​ឲ្យ​គាត់​និង​ជន​ជាតិ​អ៊ីស្រាអែល​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា។—ហេប្រឺ ១១:៣២, ៣៣

យើង​មិន​គួរ​អនុញ្ញាត​ឲ្យ​អារម្មណ៍​ឈឺ​ចាប់​របស់​យើង​រា​រាំង​យើង​មិន​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​ទេ

១០​. នៅ​សព្វ​ថ្ងៃ​នេះ តើ​តាម​របៀប​ណា​យើង​អាច​អនុញ្ញាត​ឲ្យ​គោល​ការណ៍​របស់​ព្រះ​ជួយ​យើង​ប្រព្រឹត្ដ​ដូច​ជា​គ្រិស្ដ​សាសនិក?

១០ តើ​យើង​នឹង​រៀន​ពី​គំរូ​របស់​យែបថា​ឬ​ទេ? បើ​បង​ប្អូន​រួម​ជំនឿ​របស់​យើង​ធ្វើ​ឲ្យ​យើង​ខក​ចិត្ដ ឬ​បើ​យើង​មាន​អារម្មណ៍​ថា​ពួក​គេ​ប្រព្រឹត្ដ​មិន​ល្អ​ចំពោះ​យើង តើ​យើង​នឹង​ធ្វើ​អ្វី? យើង​មិន​គួរ​អនុញ្ញាត​ឲ្យ​អារម្មណ៍​ឈឺ​ចាប់​របស់​យើង​រា​រាំង​យើង​មិន​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​ទេ។ សូម​កុំ​ឈប់​ចូល​រួម​កិច្ច​ប្រជុំ ឬ​ចំណាយ​ពេល​ជា​មួយ​នឹង​ក្រុម​ជំនុំ​ឡើយ។ សូម​ឲ្យ​យើង​យក​តម្រាប់​យែបថា ហើយ​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា។ នេះ​នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ស្ថានភាព​ពិបាក​ផ្សេង​ៗ ដើម្បី​យើង​ក៏​អាច​ធ្វើ​ជា​គំរូ​ល្អ​ដែរ។—រ៉ូម ១២:២០, ២១; កូឡុស ៣:១៣

ការ​លះ​បង់​ប្រយោជន៍​ខ្លួន​ដោយ​ស្ម័គ្រ​ពី​ចិត្ដ​បង្ហាញ​អំពី​ជំនឿ​របស់​យើង

១១, ១២​. តើ​យែបថា​បាន​ស្បថ​អ្វី ហើយ​តើ​នេះ​ជាប់​ទាក់​ទង​នឹង​អ្វី?

១១ យែបថា​បាន​ដឹង​ថា​គាត់​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​ដើម្បី​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​កណ្ដាប់​ដៃ​ជន​ជាតិ​អាំម៉ូន។ គាត់​បាន​សន្យា​នឹង​ព្រះ​យេហូវ៉ា​ថា បើ​លោក​ធ្វើ​ឲ្យ​គាត់​ឈ្នះ គាត់​នឹង​ជូន​លោក​នូវ​មនុស្ស​ដំបូង​ដែល​ចេញ​ពី​ផ្ទះ​ដើម្បី​ទទួល​គាត់ ពេល​គាត់​ត្រឡប់​មក​ពី​ចម្បាំង​វិញ​ឲ្យ​ធ្វើ​ជា​«​ដង្វាយដុត​»​ឬ​គ្រឿង​បូជា​ដុត។ (​ពួក​ចៅហ្វាយ ១១:៣០, ៣១​) តើ​នេះ​មាន​ន័យ​យ៉ាង​ណា?

១២ ព្រះ​យេហូវ៉ា​ស្អប់​គ្រឿង​បូជា​ដែល​ជា​មនុស្ស ដូច្នេះ​យើង​ដឹង​ថា​យែបថា​នឹង​មិន​ធ្វើ​គ្រឿង​បូជា​មែន​ទែន​ទេ។ (​ចោទិយកថា ១៨:៩, ១០​) ក្រោម​ច្បាប់​ម៉ូសេ គ្រឿង​បូជា​ដុត​គឺ​ជា​អំណោយ​ដ៏​ពិសេស​មួយ​ដែល​មនុស្ស​ម្នាក់​ជូន​ទៅ​ព្រះ​យេហូវ៉ា​ទាំង​ស្រុង។ ដូច្នេះ យែបថា​ចង់​មាន​ន័យ​ថា​បុគ្គល​ដែល​គាត់​នឹង​ជូន​ទៅ​ព្រះ​យេហូវ៉ា​នឹង​បម្រើ​នៅ​ឯ​ត្រសាល​អស់​មួយ​ជីវិត។ ព្រះ​យេហូវ៉ា​បាន​ស្តាប់​យែបថា ហើយ​បាន​ជួយ​គាត់​ឲ្យ​ទទួល​ជ័យ​ជម្នះ​ទាំង​ស្រុង។ (​ពួក​ចៅហ្វាយ ១១:៣២, ៣៣​) ប៉ុន្ដែ តើ​យែបថា​នឹង​ជូន​អ្នក​ណា​ទៅ​ព្រះ​យេហូវ៉ា​ជា​គ្រឿង​បូជា?

១៣, ១៤​. តើ​ពាក្យ​សម្ដី​របស់​យែបថា​នៅ​ពួក​ចៅហ្វាយ ១១:៣៥ បង្ហាញ​យ៉ាង​ណា​អំពី​ជំនឿ​របស់​គាត់?

១៣ សូម​គិត​អំពី​អ្វី​ដែល​បាន​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ។ ពេល​ដែល​យែបថា​ត្រឡប់​មក​ពី​ចម្បាំង​វិញ មនុស្ស​ដំបូង​ដែល​ចេញ​មក​ជួប​គាត់​គឺ​ជា​កូន​ស្រី​ជា​ទី​ស្រឡាញ់​ដែល​ជា​កូន​តែ​ម្នាក់​គត់​របស់​គាត់! តើ​យែបថា​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​គាត់​ឬ​ទេ? តើ​គាត់​នឹង​ជូន​កូន​ស្រី​របស់​គាត់​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​ឲ្យ​នាង​បម្រើ​នៅ​ឯ​ត្រសាល​អស់​មួយ​ជីវិត​ឬ​ទេ?

១៤ ម្ដង​នេះ​ទៀត គោល​ការណ៍​ក្នុង​ច្បាប់​របស់​ព្រះ​ច្បាស់​ជា​បាន​ជួយ​យែបថា​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ត្រឹម​ត្រូវ។ ប្រហែល​ជា​គាត់​បាន​នឹក​ចាំ​អំពី​ពាក្យ​នៅ​និក្ខមនំ ២៣:១៩ ដែល​ប្រាប់​រាស្ដ្រ​របស់​ព្រះ​ឲ្យ​សុខ​ចិត្ដ​ជូន​អ្វី​ដ៏​ល្អ​បំផុត​ទៅ​ព្រះ​យេហូវ៉ា។ ច្បាប់​របស់​ព្រះ​ក៏​បាន​ចែង​ដែរ​ថា ពេល​បុគ្គល​ម្នាក់​ស្បថ​នឹង​ព្រះ​យេហូវ៉ា ​«​អ្នក​នោះ​មិន​ត្រូវ​ក្បត់​ពាក្យ​ខ្លួន​ឡើយ គឺ​ត្រូវ​តែ​ធ្វើ​តាម​សំ​ដី​របស់​ខ្លួន​គ្រប់​ចំ​ពូក​»។ (​ជន​គណនា ៣០:២​) ហា​ណា​ដែល​ជា​អ្នក​ស្មោះ​ត្រង់​ទំនង​ជា​បាន​រស់​នៅ​ក្នុង​អំឡុង​សម័យ​យែបថា។ យែបថា​ត្រូវ​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​គាត់​ដូច​ហា​ណា​ដែរ ទោះ​ជា​គាត់​ដឹង​ថា​នេះ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​គាត់​និង​កូន​ស្រី​របស់​គាត់​ក៏​ដោយ។ ដោយ​សារ​កូន​ស្រី​របស់​គាត់​នឹង​បម្រើ​នៅ​ឯ​ត្រសាល នោះ​នាង​នឹង​មិន​អាច​រៀប​ការ​និង​មាន​កូន​ឡើយ។ ដូច្នេះ នឹង​គ្មាន​អ្នក​ណា​ម្នាក់​ស្នង​ត្រកូល​និង​ទទួល​ទឹក​ដី​ជាមត៌ក​ពី​យែបថា​ឡើយ។ (​ពួក​ចៅហ្វាយ ១១:៣៤​) ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ យែបថា​បាន​និយាយ​ថា​៖ ​«​អញ​បាន​មាន​វាចា​នឹង​ព្រះ​យេហូវ៉ា​ហើយ​នឹង​ថយ​មក​ក្រោយ​វិញ​ពុំ​បាន​ឡើយ​»។ (​ពួក​ចៅហ្វាយ ១១:៣៥​) ព្រះ​យេហូវ៉ា​បាន​ទទួល​យក​ការ​លះ​បង់​ដ៏​ធំ​ធេង​របស់​យែបថា ហើយ​លោក​បាន​ឲ្យ​ពរ​ដល់​គាត់។ បើ​អ្នក​ជា​យែបថា តើ​អ្នក​នឹង​នៅ​ស្មោះ​ត្រង់​ដូច​គាត់​ឬ​ទេ?

១៥​. តើ​យើង​ជា​ច្រើន​នាក់​បាន​ស្បថ​អ្វី ហើយ​តើ​តាម​របៀប​ណា​យើង​អាច​រក្សា​ភាព​ស្មោះ​ត្រង់?

១៥ ពេល​ដែល​យើង​ប្រគល់​ជីវិត​ជូន​ព្រះ​យេហូវ៉ា យើង​បាន​ស្បថ​ថា​យើង​នឹង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ។ យើង​បាន​ដឹង​ថា​នឹង​មិន​តែង​តែ​ងាយ​ស្រួល​ដើម្បី​ធ្វើ​តាម​សេចក្ដី​សន្យា​នោះ​ឡើយ។ ប៉ុន្ដែ តើ​យើង​ប្រព្រឹត្ដ​យ៉ាង​ណា​ពេល​ដែល​យើង​បាន​ត្រូវ​សុំ​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​យើង​មិន​ចូល​ចិត្ដ? បើ​យើង​យក​ឈ្នះ​អារម្មណ៍​របស់​យើង ហើយ​សុខ​ចិត្ដ​ស្តាប់​បង្គាប់​ព្រះ នោះ​យើង​បង្ហាញ​ថា​យើង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ខ្លួន។ ការ​លះ​បង់​របស់​យើង​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ដ តែ​ពរ​ពី​ព្រះ​យេហូវ៉ា​តែង​តែ​ច្រើន​ជាង​ការ​លះ​បង់​ទាំង​នោះ។ (​ម៉ាឡាគី ៣:១០​) ប៉ុន្ដែ ចុះ​យ៉ាង​ណា​កូន​ស្រី​របស់​យែបថា? តើ​នាង​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​សេចក្ដី​សន្យា​របស់​ឪ​ពុក​នាង?

តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ជំនឿ​ដូច​យែបថា​និង​កូន​ស្រី​របស់​គាត់? (​សូម​មើល​វគ្គ​១៦, ១៧​)

១៦​. តើ​កូន​ស្រី​របស់​យែបថា​បាន​តប​ឆ្លើយ​យ៉ាង​ណា​ចំពោះ​សេចក្ដី​សន្យា​របស់​ឪ​ពុក​នាង? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

១៦ ពាក្យ​ស្បថ​របស់​យែបថា​គឺ​ខុស​គ្នា​ពី​ពាក្យ​ស្បថ​របស់​ហា​ណា។ ហា​ណា​បាន​ស្បថ​ថា​នាង​នឹង​ជូន​សាំយូអែល​ដែល​ជា​កូន​ប្រុស​របស់​នាង​ឲ្យ​ទៅ​បម្រើ​នៅ​ឯ​ត្រសាល​ក្នុង​នាម​ជា​ណាសារ៉ែត​ម្នាក់។ (​សាំយូអែល​ទី១ ១:១១​) បុគ្គល​ដែល​ជា​ណាសារ៉ែត​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​រៀប​ការ​និង​មាន​កូន។ ប៉ុន្ដែ កូន​ស្រី​របស់​យែបថា​បាន​ត្រូវ​ជូន​ជា​«​ដង្វាយ​ដុត​»​ឬ​គ្រឿង​បូជា​ដុត​ទាំង​មូល ដូច្នេះ​នាង​នឹង​មិន​អាច​មាន​អំណរ​ដែល​មក​ពី​ការ​ធ្វើ​ជា​ប្រពន្ធ​និង​ម្ដាយ​ឡើយ។ (​ពួក​ចៅហ្វាយ ១១:៣៧​-​៤០​) សូម​គិត​អំពី​រឿង​នេះ! ដោយ​សារ​ឪ​ពុក​របស់​នាង​គឺ​ជា​អ្នក​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល នាង​ទំនង​ជា​អាច​រៀប​ការ​ជា​មួយ​នឹង​បុរស​ដ៏​ល្អ​បំផុត​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ។ ប៉ុន្ដែ នាង​នឹង​ទៅ​ជា​អ្នក​បម្រើ​ម្នាក់​នៅ​ត្រសាល។ តើ​ស្ដ្រី​វ័យ​ក្មេង​ម្នាក់​នេះ​បាន​តប​ឆ្លើយ​យ៉ាង​ណា? នាង​បាន​បង្ហាញ​ថា​កិច្ច​បម្រើ​របស់​ព្រះ​យេហូវ៉ា​គឺ​ជា​អ្វី​ដែល​សំខាន់​បំផុត ដោយ​និយាយ​ទៅ​កាន់​ឪ​ពុក​របស់​នាង​ថា​៖ ​«​សូម​ធ្វើ​ដល់​ខ្ញុំ​តាម​វាចា​ដែល​ចេញ​ពី​មាត់​នោះ​ចុះ​»។ (​ពួក​ចៅហ្វាយ ១១:៣៦​) ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា នាង​បាន​លះ​បង់​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​មនុស្ស​ទូ​ទៅ​មាន ពោល​គឺ​ការ​ចង់រៀប​ការ​និង​មាន​កូន។ តើ​តាម​របៀប​ណា​យើង​អាច​មាន​ចិត្ដ​គំនិត​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​ដូច​នាង?

ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា កូន​ស្រី​របស់​យែបថា​បាន​លះ​បង់​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​មនុស្ស​ទូ​ទៅ​មាន ពោល​គឺ​ការ​ចង់​រៀប​ការ​និង​មាន​កូន

១៧​. (​ក​) តើ​តាម​របៀប​ណា​យើង​អាច​មាន​ជំនឿ​ដូច​យែបថា​និង​កូន​ស្រី​របស់​គាត់? (​ខ​) តើ​ពាក្យ​នៅ​ហេប្រឺ ៦:១០​-​១២​លើក​ទឹក​ចិត្ដ​អ្នក​យ៉ាង​ណា​ឲ្យ​លះ​បង់​ប្រយោជន៍​ខ្លួន?

១៧ បុរស​និង​ស្ដ្រី​គ្រិស្ដ​សាសនិក​វ័យ​ក្មេង​រាប់​ពាន់​នាក់​សុខ​ចិត្ដ​មិន​រៀប​ការ ឬ​សម្រេច​ចិត្ដ​មិន​យក​កូន​នៅ​ឥឡូវ​នេះ។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​គេ​ចង់​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្រើន​ជាង។ ម្យ៉ាង​ទៀត បង​ប្អូន​ដែល​មាន​វ័យ​ចាស់​ជាង​ជា​ច្រើន​នាក់​ក៏​លះ​បង់​ពេល​វេលា​នៅ​ជា​មួយ​នឹង​កូន​ចៅ​របស់​ពួក​គាត់​ដែរ។ ពួក​គាត់​ប្រើ​ពេល​វេលា​និង​កម្លាំង​របស់​ពួក​គាត់​ដើម្បី​ព្រះ​យេហូវ៉ា។ ពួក​គាត់​ខ្លះ​ជួយ​ធ្វើ​កិច្ច​ការ​សាងសង់ ឬ​ចូល​រួម​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ ហើយ​រើ​ទៅ​ក្រុម​ជំនុំ​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង។ បង​ប្អូន​ខ្លះ​ទៀត​រៀប​ចំ​គម្រោង​ដើម្បី​បង្កើន​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ក្នុង​អំឡុង​រដូវ​ពិធី​រំលឹក។ លោក​នឹង​មិន​ភ្លេច​ការ​លះ​បង់​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ពួក​អ្នក​ដែល​ស្មោះ​ត្រង់​ទាំង​នេះ​ឡើយ។ (​សូម​អាន ហេប្រឺ ៦:១០​-​១២) ចុះ​យ៉ាង​ណា​អ្នក​វិញ? តើ​អ្នក​អាច​ធ្វើ​ការ​លះ​បង់​ផ្សេង​ៗ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ពេញ​លេញ​ជាង​ឬ​ទេ?

តើ​យើង​បាន​ទាញ​មេ​រៀន​អ្វី​ខ្លះ?

១៨, ១៩​. តើ​យើង​បាន​រៀន​អ្វី​ខ្លះ​ពី​កំណត់​ហេតុ​ក្នុង​គម្ពីរ​ស្ដី​អំពី​យែបថា​និង​កូន​ស្រី​របស់​គាត់ ហើយ​តើ​យើង​អាច​យក​តម្រាប់​ពួក​គាត់​យ៉ាង​ដូច​ម្ដេច?

១៨ តើ​អ្វី​បាន​ជួយ​យែបថា​ឲ្យ​យក​ឈ្នះ​ការ​ពិបាក​ជា​ច្រើន​ដែល​គាត់​បាន​ជួប​ប្រទះ? គាត់​បាន​ឲ្យ​ព្រះ​យេហូវ៉ា​ណែនាំ​គាត់​ពេល​គាត់​ធ្វើ​ការ​សម្រេច​ចិត្ដ​ផ្សេង​ៗ​ក្នុង​ជីវិត។ គាត់​សម្រេច​ចិត្ដ​មិន​ឲ្យ​មនុស្ស​នៅ​ជុំ​វិញ​គាត់​មាន​ឥទ្ធិពល​មក​លើ​គាត់​ឡើយ។ ម្យ៉ាង​ទៀត គាត់​បាន​រក្សា​ភាព​ស្មោះ​ត្រង់ សូម្បី​តែ​ពេល​អ្នក​ឯ​ទៀត​បាន​ធ្វើ​ឲ្យ​គាត់​ខក​ចិត្ដ​ក្ដី។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​យែបថា​និង​កូន​ស្រី​របស់​គាត់​ដោយ​សារ​ការ​លះ​បង់​ដោយ​ស្ម័គ្រ​ពី​ចិត្ដ​របស់​ពួក​គាត់ ហើយ​លោក​បាន​ប្រើ​ពួក​គាត់​ទាំង​ពីរ​នាក់​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា។ សូម្បី​តែ​នៅ​ពេល​ដែល​អ្នក​ឯ​ទៀត​ឈប់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ក្ដី យែបថា​និង​កូន​ស្រី​របស់​គាត់​នៅ​តែ​រក្សា​ភាព​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា។

១៩ គម្ពីរ​ចែង​ថា​៖ ​«​ចូរ​យក​តម្រាប់​តាម​ពួក​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ជា​មត៌ក​ដោយ​សារ​ជំនឿ​និង​ចិត្ដ​អត់​ធ្មត់​»។ (​ហេប្រឺ ៦:១២​) សូម​យើង​យក​តម្រាប់​យែបថា​និង​កូន​ស្រី​របស់​គាត់ ដោយ​ដឹង​ថា​ពេល​ដែល​យើង​រក្សា​ភាព​ស្មោះ​ត្រង់ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ដល់​យើង។