លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៤

ការវាយប្រហារពីទិសខាងជើង!

ការវាយប្រហារពីទិសខាងជើង!

​«​មាន​ជាតិ​១​ឡើង​មក​លើ​ស្រុក​អញ​»។—យ៉ូល. ១:៦

ចម្រៀង​លេខ​៩៥ ពន្លឺ​សេចក្ដី​ពិត​កាន់​តែ​ភ្លឺ​ឡើង

សេចក្ដី​សង្ខេប *

១. តើ​បង​រ៉ាសិល​និង​ក្រុម​ដែល​សិក្សា​បណ្ដាំ​របស់​ព្រះ​មាន​របៀប​សិក្សា​បែប​ណា ហើយ​ហេតុ​អ្វី​របៀប​នេះ​មាន​ប្រយោជន៍?

ជាង​មួយ​រយ​ឆ្នាំ​មុន បង​ប្រុស​ឆាល ថេស រ៉ាសិល និង​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់ ដែល​ជា​មនុស្ស​មួយ​ក្រុម​តូច​ដែល​សិក្សា​បណ្ដាំ​របស់​ព្រះ បាន​ចាប់​ផ្ដើម​ជួប​ជុំ​គ្នា។ ពួកគេចង់​ព្យាយាម​ស្វែង​យល់​អ្វី​ដែល​គម្ពីរ​ពិត​ជា​បង្រៀន​អំពី​ព្រះ​យេហូវ៉ា លោក​យេស៊ូ​គ្រិស្ត ស្ថានភាព​មនុស្ស​ស្លាប់ និង​ថ្លៃ​លោះ។ របៀប​ដែល​ពួក​គេ​សិក្សា​គម្ពីរ​គឺ​មិន​ស្មុគ​ស្មាញ​ទេ។ បុគ្គល​ម្នាក់​លើក​សំណួរ​មួយ​ឡើង រួច​មក​ពួក​គេ​ជា​ក្រុម​បាន​ពិចារណា​គ្រប់​ទាំង​ខ​គម្ពីរ​ដែល​ជាប់​ទាក់​ទង​នឹង​ប្រធានបទ​នោះ។ ចុង​ក្រោយ ពួក​គេ​បាន​កត់​ទុក​អំពី​អ្វី​ដែល​ពួក​គេ​បាន​រក​ឃើញ​ពី​ការ​ស្រាវ​ជ្រាវ។ ព្រះ​យេហូវ៉ា​បាន​ជួយ​បុរស​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​ទាំង​នោះ​ឲ្យ​រក​ឃើញ​សេចក្ដី​បង្រៀន​សំខាន់​ៗ​ជា​ច្រើន​ដែល​យើង​នៅ​សព្វ​ថ្ងៃ​នេះ​នៅ​តែ​ឲ្យ​តម្លៃ។

២. ពេល​យើង​ព្យាយាម​យល់​ទំនាយ​ក្នុង​គម្ពីរ តើ​អ្វី​អាច​នាំ​ឲ្យ​យើង​សន្និដ្ឋាន​ខុស?

ប៉ុន្តែ​មិន​យូរ​ក្រោយ​មក ក្រុម​សិក្សា​គម្ពីរ​នោះ​បាន​ឃើញ​ថា​ការ​យល់​ទំនាយ​ក្នុង​គម្ពីរ​គឺ​ពិបាក​ជាង​ការ​យល់​សេចក្ដី​បង្រៀន​បឋម​ៗ​ពី​គម្ពីរ។ ហេតុ​អ្វី? មូលហេតុ​មួយ​គឺ តាម​ធម្មតា​យើង​អាច​យល់​ទំនាយ​ក្នុង​គម្ពីរ​ច្បាស់​ជាង នៅ​ពេល​ដែល​ទំនាយ​នោះ​កំពុង​ក្លាយ​ជា​ការ​ពិត ឬ​ក្រោយ​ពី​បាន​សម្រេច។ ប៉ុន្តែ មាន​មូលហេតុ​មួយ​ទៀត គឺ​ដើម្បី​យល់​ទំនាយ​ណា​មួយ​ឲ្យ​បាន​ត្រឹម​ត្រូវ ជា​ធម្មតា​យើង​ត្រូវ​ពិចារណា​ទំនាយ​នោះ​ទាំង​មូល។ បើ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​តែ​ចំណុច​មួយ​នៃ​ទំនាយ ហើយ​មិន​គិត​អំពី​ចំណុច​ផ្សេង​ទៀត​ពី​ទំនាយ​នោះ យើង​អាច​សន្និដ្ឋាន​ខុស។ តាម​មើល​ទៅ​នេះ​បាន​កើត​ឡើង​ចំពោះ​ទំនាយ​មួយ​ក្នុង​សៀវភៅ​យ៉ូអែល។ សូម​យើង​ពិចារណា​ឡើង​វិញ​អំពី​ទំនាយ​នោះ និង​មូលហេតុ​ដែល​យើង​ត្រូវ​កែ​តម្រូវ​ការ​យល់​ដឹង​របស់​យើង។

៣​-​៤. តើ​យើង​បាន​យល់​យ៉ាង​ណា​អំពី​ទំនាយ​នៅ​យ៉ូអែល ២:៧​-​៩?

សូម​អាន យ៉ូអែល ២:៧​-​៩យ៉ូអែល​បាន​ប្រាប់​ទុក​ជា​មុន​ថា​កណ្ដូប​មួយ​ហ្វូង​ធំ​នឹង​បំផ្លាញ​ស្រុក​អ៊ីស្រាអែល។ កណ្ដូប​ទាំង​នោះ​មាន​ធ្មេញ​និង​ថ្គាម​ដូច​តោ ហើយ​ពួក​វា​ស៊ី​តិណជាតិ​ទាំង​អស់​ក្នុង​ស្រុក​នោះ។ (​យ៉ូល. ១:៤,​) អស់​ជា​ច្រើន​ឆ្នាំ យើង​បាន​យល់​ថា ទំនាយ​នេះ​ប្រាប់​ទុក​ជា​មុន​ថា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បន្ត​ផ្សព្វ​ផ្សាយ​ដូច​ជា​ហ្វូង​កណ្ដូប​ដែល​មិន​អាច​បញ្ឈប់​បាន។ យើង​ក៏​បាន​យល់​ថា​សកម្មភាព​នោះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​«​ស្រុក​»​ ឬ​លើ​មនុស្ស​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ពួក​អ្នក​ដឹក​នាំ​សាសនា។ *

បើ​យើង​អាន​តែ​យ៉ូអែល ២:៧​-​៩​ប៉ុណ្ណោះ ការ​ពន្យល់​នោះ​មើល​ទៅ​ត្រឹម​ត្រូវ។ ប៉ុន្តែ ពេល​យើង​ពិចារណា​យ៉ាង​ហ្មត់​ចត់​អំពី​ទំនាយ​នោះ​ទាំង​មូល យើង​ឃើញ​ថា​យើង​ត្រូវ​កែ​តម្រូវ​ការ​យល់​ដឹង​នោះ។ សូម​យើង​ពិចារណា​មូលហេតុ​បួន​យ៉ាង​ដែល​យើង​ត្រូវ​ធ្វើ​ដូច្នេះ។

មូលហេតុ​បួន​យ៉ាង​ដែល​នាំ​ឲ្យ​មាន​ការ​កែ​តម្រូវ

៥​-​៦. តើ​មាន​សំណួរ​អ្វី​ពេល​យើង​អាន (​ក​) យ៉ូអែល ២:២០? (​ខ​) យ៉ូអែល ២:២៥?

មូលហេតុ​ទី១ សូម​កត់​សម្គាល់​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ស្ដី​អំពី​ហ្វូង​កណ្ដូប ដែល​ថា​៖ ​«​អញ​នឹង​កំចាត់​ពល​ទ័ព​ពី​ទិស​ខាង​ជើង​[​គឺ​កណ្ដូប​]​ឲ្យ​ឆ្ងាយ​ចេញពី​ឯង​ទៅ​»។ (​យ៉ូល. ២:២០, យើង​កែ​ជា​អក្សរ​ទ្រេត​និង​ដិត​) បើ​កណ្ដូប​ជា​តំណាង​សាក្សីព្រះ​យេហូវ៉ា​ដែល​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ ឲ្យ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​មនុស្ស​ទៅ​ជា​អ្នក​កាន់​តាម​លោក ហេតុ​អ្វី​ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​កំចាត់​ពួក​គេ? (​អេស. ៣៣:៧​-​៩; ម៉ាថ. ២៨:១៩, ២០​) ព្រះ​យេហូវ៉ា​ច្បាស់​ជា​មិន​កំចាត់​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក​ទេ តែ​លោក​កំពុង​កំចាត់​អ្វី​មួយ​ឬ​អ្នក​ណា​ដែល​ប្រឆាំង​នឹង​រាស្ត្រ​របស់​លោក។

មូលហេតុ​ទី២ សូម​ពិចារណា​អំពី​អ្វី​ដែល​បាន​ត្រូវ​ចែង​នៅ​យ៉ូអែល ២:២៥។ នៅ​ខ​នោះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អញ​នឹង​សងបំពេញ​ឆ្នាំ​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ស៊ី​បង្ខូច​ដោយ​កណ្ដូប ចង្រិត ដង្កូវ នឹង​ក្រា គឺ​ជា​កង​ទ័ព​ធំ​របស់​អញ ដែល​អញ​បាន​ចាត់​ប្រើ​មក​កណ្ដាល​ឯង​រាល់​គ្នា​នោះ​»។ សូម​កត់​សម្គាល់​ថា ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​«​សង​»​ចំពោះ​ការ​ខូច​ខាត​ដែល​កណ្ដូប​បាន​បំផ្លាញ។ បើ​កណ្ដូប​ជា​តំណាង​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ នោះ​មាន​ន័យ​ថា​ដំណឹង​ដែល​ពួក​គេ​ប្រកាស​ផ្សាយ​នាំ​ឲ្យ​ខូច​ខាត។ ប៉ុន្តែ ដំណឹង​នោះ​អាច​សង្គ្រោះ​ជីវិត ហើយ​អាច​ជំរុញ​ចិត្ត​មនុស្ស​អាក្រក់​ឲ្យ​ប្រែ​ចិត្ត។ (​អេស. ៣៣:៨, ១៩​) នេះ​ពិត​ជា​ឱកាស​ដ៏​ល្អ​មែន​សម្រាប់​ពួក​គេ!

៧. នៅ​យ៉ូអែល ២:២៨, ២៩ តើ​ពាក្យ​«​ក្រោយ​គ្រា​នោះ​»​ជួយ​យើង​ឲ្យ​យល់​យ៉ាង​ណា?

សូម​អាន យ៉ូអែល ២:២៨, ២៩មូលហេតុ​ទី៣ គឺ​លំដាប់​ពេល​អំពី​ព្រឹត្តិ​ការណ៍​នៃ​ទំនាយ​នោះ។ តើ​អ្នក​កត់​សម្គាល់​ឬ​ទេ​ថា ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹ក្រោយ​គ្រា​នោះ អញ​នឹង​ចាក់​វិញ្ញាណ​របស់​អញ› ពោល​គឺ​ក្រោយ​ពី​កណ្ដូប​បាន​សម្រេច​កិច្ច​ការ​ដែល​ពួក​វា​បាន​ទទួល? បើ​កណ្ដូប​គឺ​ជា​អ្នក​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ចាក់​សកម្មពល​របស់​លោក​លើ​ពួក​គេ​ក្រោយ​ពីពួក​គេ​បំពេញ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​ពួក​គេ? តាម​ការ​ពិត បើ​គ្មាន​ជំនួយ​ពី​សកម្មពល​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​ទេ ពួក​គេ​មិន​អាច​បន្ត​ផ្សព្វ​ផ្សាយ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ឡើយ ទោះ​ជា​មាន​ការ​បៀត​បៀន ហើយ​ថែម​ទាំង​មាន​បម្រាម​លើ​កិច្ច​ការ​របស់​ពួក​គេ​ក្ដី។

បង​ប្រុស​ចូសេហ្វ រ៉ូធើហ្វឺត និង​អ្នក​បម្រើ​ឯ​ទៀត​ដែល​បាន​ត្រូវ​រើស​តាំង បាន​ប្រកាស​ផ្សាយ​យ៉ាង​អង់អាច​អំពី​ការ​វិនិច្ឆ័យ​ទោស​របស់​ព្រះ​ចំពោះ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ (​សូម​មើល​វគ្គ​៨​)

៨. តើ​កណ្ដូប​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ការ​បើក​បង្ហាញ ៩:១​-​១១ ជា​តំណាង​អ្នក​ណា? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

សូម​អាន ការ​បើក​បង្ហាញ ៩:១​-​១១ឥឡូវ សូម​យើង​ពិចារណា​មូលហេតុ​ទី៤។ ពី​មុន​យើង​យល់​ថា​ហ្វូង​កណ្ដូប​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​សៀវភៅ​យ៉ូអែល​ជា​តំណាង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង ដោយ​សារ​ទំនាយ​នោះ​គឺ​ស្រដៀង​នឹង​ទំនាយ​មួយ​នៅ​សៀវភៅ​ការ​បើក​បង្ហាញ។ ទំនាយ​នេះ​រៀប​រាប់​អំពី​កណ្ដូប​មួយ​ហ្វូង​ដែល​មាន​មុខ​ដូច​មុខ​មនុស្ស ហើយ​«​មាន​អ្វី​ដែល​មើល​ទៅ​ដូច​មកុដ​មាស​»​នៅ​លើ​ក្បាល​របស់​ពួក​វា។ (​បប. ៩:៧​) ពួក​វា​ធ្វើ​ទារុណកម្ម​ដល់​«​មនុស្ស​[​សត្រូវ​របស់​ព្រះ​]​ដែល​មិន​មាន​ត្រា​របស់​ព្រះ​នៅ​ថ្ងាស​ពួក​គេ​»​អស់​ប្រាំ​ខែ ដែល​ជា​រយៈ​ពេល​នៃ​អាយុជីវិត​ជា​មធ្យម​របស់​កណ្ដូប។ (​បប. ៩:៤, ៥​) តាម​មើល​ទៅ នេះ​រៀប​រាប់​អំពី​ពួក​អ្នក​បម្រើ​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង។ ពួក​គេ​ប្រកាស​ដោយ​ចិត្ត​អង់អាច​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ​ចំពោះ​របៀប​របប​ពិភព​លោក​ដ៏​ទុច្ចរិត​នេះ ហើយ​នោះ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​នៅ​ខាង​ពិភព​លោក​មិន​ស្រណុក​ក្នុង​ចិត្ត​សោះ។

៩. តើ​មាន​ចំណុច​ស្រដៀង​គ្នា​អ្វី​រវាង​កណ្ដូប​ដែល​យ៉ូអែល​បាន​ឃើញ​និង​កណ្ដូប​ដែល​បាន​ត្រូវ​រៀប​រាប់​ដោយ​យ៉ូហាន?

មាន​ចំណុច​ស្រដៀង​គ្នា​រវាង​ទំនាយ​នៅ​សៀវភៅ​ការ​បើក​បង្ហាញ​និង​ទំនាយ​នៅ​សៀវភៅ​យ៉ូអែល។ ប៉ុន្តែ មាន​ចំណុច​សំខាន់​ៗ​ដែល​ខុស​គ្នា។ សូម​គិត​ទៅ​មើល ក្នុង​ទំនាយ​យ៉ូអែល កណ្ដូប​បំផ្លាញ​តិណជាតិ។ (​យ៉ូល. ១:៤, ៦, ៧​) ផ្ទុយ​ទៅ​វិញ តាម​រយៈ​អ្វី​ដែល​ព្រះ​បើក​បង្ហាញ​ឲ្យ​យ៉ូហាន​ឃើញ​ក្នុង​គំនិត កណ្ដូប​«​បាន​ត្រូវ​ប្រាប់​មិន​ឲ្យ​បង្ខូច​តិណជាតិ​ណា​នៅ​ផែន​ដី​»។ (​បប. ៩:៤​) កណ្ដូប​ដែល​យ៉ូអែល​បាន​ឃើញ​គឺ​មក​ពី​ទិស​ខាង​ជើង។ (​យ៉ូល. ២:២០​) រីឯ​កណ្ដូប​ដែល​យ៉ូហាន​បាន​ឃើញ​គឺ​ចេញ​ពី​ទី​ជ្រៅ​បំផុត​មួយ។ (​បប. ៩:២, ៣​) កណ្ដូប​ក្នុង​សៀវភៅ​យ៉ូអែល​បាន​ត្រូវ​កំចាត់​ចេញ។ ចំណែក​កណ្ដូប​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ មិន​បាន​ត្រូវ​កំចាត់​ចេញ​ទេ តែ​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​បង្ហើយ​កិច្ច​ការ​របស់​ពួក​វា។ គ្មាន​អ្វី​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ពួក​វា​ឡើយ។—សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ទំនាយ​អំពី​កណ្ដូប មាន​លក្ខណៈ​ស្រដៀង​គ្នា ប៉ុន្តែ​ខុស​គ្នា​»​

១០. សូម​ឲ្យ​ឧទាហរណ៍​ពី​គម្ពីរ​ដែល​បង្ហាញ​ថា​កណ្ដូប​ដែល​បាន​រៀប​រាប់​ដោយ​យ៉ូអែល​និង​យ៉ូហាន​អាច​ជា​តំណាង​អ្វី​ដែល​ខុស​គ្នា។

១០ ភាព​ខុស​គ្នា​រវាង​ទំនាយ​ទាំង​ពីរ​នោះ​នាំ​ឲ្យ​យើង​យល់​ថា​ទំនាយ​ទាំង​នោះ​មិន​ជាប់​ទាក់​ទង​គ្នា​ទេ។ ដូច្នេះ តើ​នេះ​មាន​ន័យ​ថា​កណ្ដូប​ដែល​បាន​រៀប​រាប់​ដោយ​យ៉ូអែល​មិន​ដូច​កណ្ដូប​នៅ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ​ឬ? មែន​ហើយ។ ក្នុង​គម្ពីរ ជួន​កាល​អ្វី​មួយ​អាច​មាន​អត្ថន័យ​ផ្សេង​ៗ​ទៅ​តាម​កាលៈទេសៈ។ ជា​ឧទាហរណ៍ នៅ​ការ​បើក​បង្ហាញ ៥:៥ លោក​យេស៊ូ​បាន​ត្រូវ​ហៅ​ថា​«​តោ​ពី​កុលសម្ព័ន្ធ​យូដា​»​ រីឯ​នៅ​ពេត្រុស​ទី១ ៥:៨ មេ​កំណាច​បាន​ត្រូវ​រៀប​រាប់​ជា​«​តោ​ដែល​កំពុង​គ្រហឹម​»។ សរុប​មក មូលហេតុ​ទាំង​បួន​និង​ភាព​ខុស​គ្នា​ដែល​យើង​ទើប​តែ​បាន​ពិចារណា បង្ហាញ​ថា​យើង​ត្រូវ​ស្វែង​រក​ការ​ពន្យល់​ផ្សេង​ទៀត​អំពី​ទំនាយ​របស់​យ៉ូអែល។ តើ​ការ​ពន្យល់​នោះ​ជា​អ្វី?

តើ​ទំនាយ​នេះ​មាន​ន័យ​យ៉ាង​ណា?

១១. តើ​យ៉ូអែល ១:៦ និង២:១, ៨, ១១ ធ្វើ​ឲ្យ​យើង​យល់​យ៉ាង​ណា​អំពី​កណ្ដូប?

១១ ពេល​យើង​ពិចារណា​ខ​គម្ពីរ​ផ្សេង​ទៀត​ក្នុង​ទំនាយ​របស់​យ៉ូអែល យើង​យល់​ថា​ទំនាយ​នោះ​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​អំពី​ការ​វាយ​ប្រហារ​ពី​កង​ទ័ព។ (​យ៉ូល. ១:៦; ២:១, ៨, ១១​) ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​ប្រើ​«​កង​ទ័ព​ធំ​»​របស់​លោក (​ពោល​គឺ​ទាហាន​ជន​ជាតិ​បាប៊ីឡូន​) ដើម្បី​ដាក់​ទោស​ជន​ជាតិ​អ៊ីស្រាអែល​ដែល​មិន​ស្ដាប់​បង្គាប់។ (​យ៉ូល. ២:២៥​) កង​ទ័ព​ដែល​លុក​លុយ​បាន​ត្រូវ​ហៅ​យ៉ាង​ត្រឹម​ត្រូវ​ថា​«​ពល​ទ័ព​ពី​ទិស​ខាង​ជើង​»​ ពី​ព្រោះ​ជន​ជាតិ​បាប៊ីឡូន​វាយលុក​ស្រុក​អ៊ីស្រាអែល​ពី​ទិស​ខាង​ជើង។ (​យ៉ូល. ២:២០​) កង​ទ័ព​នោះ​គឺ​ប្រៀប​ដូច​ជា​ហ្វូង​កណ្ដូប​ដែល​មាន​របៀប​រៀប​រយ។ យ៉ូអែល​បាន​និយាយ​អំពី​ពួក​គេ​ថា​៖ ​«​[​ទាហាន​]​ទាំង​អស់​ដើរ​តាម​ជួរ​រៀង​ខ្លួន . . . ពេញ​ក្នុង​ទីក្រុង ក៏​រត់​នៅ​លើ​កំផែង ហើយ​ឡើង​ទៅ​លើ​ផ្ទះ​ទាំង​ប៉ុន្មាន គេ​ចូល​តាម​បង្អួច​ដូច​ជា​ចោរ​»។ (​យ៉ូល. ២:៨, ៩​) តើ​អ្នក​អាច​ស្រមៃ​ឃើញ​នេះ​ឬ​ទេ? មាន​ទាហាន​នៅ​គ្រប់​ទី​កន្លែង។ គ្មាន​កន្លែង​ណា​ដែល​អាច​លាក់​ខ្លួន។ គ្មាន​អ្នក​ណា​អាច​គេច​ផុត​ពី​កង​ទ័ព​បាប៊ីឡូន​ឡើយ!

១២. តើ​ទំនាយ​របស់​យ៉ូអែល​អំពី​កណ្ដូប​បាន​ត្រូវ​សម្រេច​យ៉ាង​ដូច​ម្ដេច?

១២ ដូច​កណ្ដូប ជន​ជាតិ​បាប៊ីឡូន​(​ឬ​ជន​ជាតិ​ខាល់ដេ​) បាន​វាយលុក​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ៦០​៧ មុន គ.ស.។ គម្ពីរ​រៀប​រាប់​ថា​៖ ​«​ស្ដេច​ពួក​ខាល់ដេ . . . បាន​សំឡាប់​ពួក​កំឡោះ​ៗ​របស់​គេ​ដោយ​ដាវ . . . ឥត​មាន​មេត្តា​ករុណា​ដល់​ទោះ​ទាំង​កំឡោះ ក្រមុំ ចាស់​ទុំ ឬ​សក់​ស្កូវ​ណា​ឡើយ។ ទ្រង់​បាន​ប្រគល់​គេ​ទាំង​អស់​ទៅ​ក្នុង​កណ្ដាប់​ព្រះ​ហស្ត​នៃ​ស្ដេច​នោះ។ គេ​ដុត​ព្រះ​វិហារ​នៃ​ព្រះ​បង់ ហើយ​រំលំ​កំផែង​ក្រុង​យេរូសាឡិម ក៏​ដុត​អស់​ទាំង​ព្រះ​រាជដំណាក់ ហើយ​បំផ្លាញ​គ្រឿង​ប្រដាប់​មាន​ដំឡៃ នៅ​ក្នុង​ដំណាក់​ទាំង​នោះ​ដែរ​»។ (​២រប. ៣៦:១៧, ១៩, យើង​កែ​ជា​អក្សរ​ដិត​និង​ទ្រេត​) ក្រោយ​ជន​ជាតិ​បាប៊ីឡូន​បាន​វាយលុក​និង​បំផ្លាញ​ស្រុក​នោះ បណ្ដា​ជន​អាច​ត្រឹម​តែ​និយាយ​ថា​៖ ​«​[​ស្រុក​នេះ​]​បាន​ចោល​ស្ងាត់​ហើយ ឥត​មាន​មនុស្ស​ឬ​សត្វ​នៅ​ទៀត​ឡើយ គឺ​បាន​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខាល់ដេ​»។—យេ. ៣២:៤៣

១៣. សូម​ពន្យល់​អំពី​អត្ថន័យ​នៃ​យេរេមា ១៦:១៦, ១៨

១៣ ប្រហែល​ជា​២០០​ឆ្នាំ​ក្រោយ​ពី​ទំនាយ​របស់​យ៉ូអែល​បាន​ត្រូវ​កត់​ទុក ព្រះ​យេហូវ៉ា​បាន​ប្រើ​យេរេមា​ឲ្យ​ប្រកាស​ទុក​ជា​មុន​អំពី​អ្វី​ផ្សេង​ទៀត​ដែល​ទាក់​ទង​នឹង​ការ​វាយ​ប្រហារ​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា​ពួក​អ្នក​លុក​លុយ​នឹង​ទៅ​គ្រប់​ច្រក​ល្ហក​ដើម្បីស្វែង​រក​ជន​ជាតិ​អ៊ីស្រាអែល​ដែល​បាន​ធ្វើ​អ្វី​អាក្រក់ ហើយ​ចាប់​ខ្លួន​ពួក​គេ​ទាំង​អស់។ ​«​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា​៖ ‹មើល អញ​នឹង​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​ពួក​នេសាទ​ជា​ច្រើន​មក អ្នក​ទាំង​នោះ​នឹង​បង់​សំណាញ់​ប្រមូល​គេ។ លំដាប់​នោះ​អញ​នឹង​ចាត់​ឲ្យ​ទៅ​ហៅ​ពួក​ព្រាន​ជា​ច្រើន​មក អ្នក​ទាំង​នោះ​នឹង​ដេញ​ចាប់​គេ​នៅ​លើ​គ្រប់​ទាំង​ភ្នំ​ធំ នឹង​ភ្នំ​តូច ហើយ​នៅ​ក្រហែង​ថ្ម​ទាំង​ប៉ុន្មាន​ផង។ . . . អញ​នឹង​សង​អំពើ​ទុច្ចរិត​នឹង​អំពើ​បាប​របស់​គេ​១​ជា​២›​»។ ម្ល៉ោះ​ហើយ ទោះ​ជា​ជន​ជាតិ​អ៊ីស្រាអែល​ដែល​មិន​បាន​ប្រែ​ចិត្ត​ទៅ​កន្លែង​ណា​ក៏​ដោយ មិន​ថា​នៅ​មហា​សមុទ្រ ឬ​ព្រៃ​ស្ដុក​ក្ដី ក៏​ពួក​គេ​មិន​អាច​លាក់​ខ្លួន​ពី​ជន​ជាតិ​បាប៊ីឡូន​បាន​ឡើយ។—យេ. ១៦:១៦, ១៨

ការ​ស្ថាបនា​ឡើង​វិញ

១៤. តើ​បទ​គម្ពីរ​នៅ​យ៉ូអែល ២:២៨, ២៩ បាន​សម្រេច​នៅ​ពេល​ណា?

១៤ គួរ​ឲ្យ​ចាប់​អារម្មណ៍ យ៉ូអែល​នាំ​ដំណឹង​អំពី​ការ​ស្ថាបនា​ឡើង​វិញ។ ស្រុក​នោះ​នឹង​សម្បូរ​ភោគ​ផល​ម្ដង​ទៀត។ (​យ៉ូល. ២:២៣​-​២៦​) នឹង​មាន​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​យ៉ាង​បរិបូរ។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹អញ​នឹង​ចាក់​វិញ្ញាណ​របស់​អញ​ទៅ​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​ស្រី​របស់​ឯង​នឹង​ទាយ។ អញ​នឹង​ចាក់​វិញ្ញាណ​របស់​អញ​ទៅ​លើ​ទាំង​ពួក​ទាសា​ទាសី​ដែរ›។ (​យ៉ូល. ២:២៨, ២៩​) ព្រះ​មិន​បាន​ចាក់​សកម្មពល​របស់​លោក​ទៅ​លើ​ជន​ជាតិ​អ៊ីស្រាអែល​ភ្លាម​ៗ​ក្រោយ​ពី​ពួក​គេ​ត្រឡប់​ពី​ស្រុក​បាប៊ីឡូន​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ​ឡើយ។ ផ្ទុយ​ទៅ​វិញ នេះ​បាន​កើត​ឡើង​រាប់​រយ​ឆ្នាំ​ក្រោយ​មក នៅ​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ៣៣ គ.ស.។ តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច?

១៥. យោង​ទៅ​តាម​សកម្មភាព ២:១៦, ១៧ តើ​ពេត្រុស​បាន​ផ្លាស់​ប្ដូរ​ពាក្យ​អ្វី​នៅ​បទ​គម្ពីរ​យ៉ូអែល ២:២៨ ហើយ​តើ​នេះ​បង្ហាញ​អំពី​អ្វី?

១៥ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ សាវ័ក​ពេត្រុស​បាន​និយាយ​ថា​បទ​គម្ពីរ​នៅ​យ៉ូអែល ២:២៨, ២៩ សំដៅ​លើ​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​បាន​កើត​ឡើង​នៅ​បុណ្យ​ថ្ងៃ​ទី៥០​នោះ។ ប្រហែល​ជា​ម៉ោង​៩​នៅ​ព្រឹក​នោះ ព្រះ​បាន​ចាក់​សកម្មពល​បរិសុទ្ធ​របស់​លោក ហើយ​ពួក​អ្នក​ដែល​បាន​ទទួល​សកម្មពល​នោះ​បាន​ចាប់​ផ្ដើម​និយាយ​«​អំពី​ការ​ដ៏​រុង​រឿង​របស់​ព្រះ​»។ (​សកម្ម. ២:១១​) ក្រោម​ការ​ដឹក​នាំ​ពី​ព្រះ ពេត្រុស​បាន​ផ្លាស់​ប្ដូរ​ពាក្យ​បន្តិច​បន្តួច​ពេល​គាត់​ដក​ស្រង់​ទំនាយ​របស់​យ៉ូអែល។ តើ​អ្នក​បាន​កត់​សម្គាល់​ឃើញ​ពាក្យ​ដែល​គាត់​បាន​ផ្លាស់​ប្ដូរ​ឬ​ទេ? (​សូម​អាន សកម្មភាព ២:១៦, ១៧) ពេត្រុស​មិន​បាន​ប្រើ​ពាក្យ​«​ក្រោយ​គ្រា​នោះ​»​ ដូច​ក្នុង​ទំនាយ​របស់​យ៉ូអែល​ទេ ប៉ុន្តែ​គាត់​បាន​និយាយ​ថា​៖ ​«​នៅ​គ្រា​ចុង​ក្រោយ​»​ ពោល​គឺ​គ្រា​ចុង​ក្រោយ​នៃ​របៀប​របប​យូដា។ នៅ​គ្រា​នោះ ព្រះ​បាន​ចាក់​សកម្មពល​របស់​លោក​ទៅ​លើ​«​មនុស្ស​គ្រប់​ប្រភេទ​»។ នេះ​បង្ហាញ​ថា​មាន​រយៈ​ពេល​ជា​យូរ​ដែល​បាន​កន្លង​ទៅ​មុន​ទំនាយ​របស់​យ៉ូអែល​បាន​ត្រូវ​សម្រេច។

១៦. តើ​សកម្មពល​របស់​ព្រះ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នៅ​សតវត្សរ៍​ទី១ ហើយ​ចុះ​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ​វិញ?

១៦ ក្រោយ​ពី​ព្រះ​បាន​ចាក់​សកម្មពល​បរិសុទ្ធ​របស់​លោក​ទៅ​លើ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១ ពួក​គេ​បាន​ចាប់​ផ្ដើម​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដែល​ក្រោយ​មក​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទូ​ទាំង​ពិភព​លោក។ ពេល​ដែល​សាវ័ក​ប៉ូល​បាន​សរសេរ​សំបុត្រ​របស់​គាត់​ទៅ​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូឡុស ប្រហែល​ជា​នៅ​ឆ្នាំ៦១ គ.ស. គាត់​អាច​រៀប​រាប់​ថា​ដំណឹង​ល្អ​បាន​ត្រូវ​ប្រកាស​«​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​នៅ​ក្រោម​មេឃ​»។ (​កូឡ. ១:២៣​) នៅ​សម័យ​របស់​ប៉ូល ​«​មនុស្ស​ទាំង​អស់​»​គឺ​សំដៅ​ទៅ​លើ​មនុស្ស​ដែល​ប៉ូល​និង​អ្នក​ឯ​ទៀត​អាច​ជួប។ ដោយ​មាន​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា កិច្ច​ការ​ផ្សព្វ​ផ្សាយ​បាន​រីក​ចម្រើន​នៅ​សម័យ​របស់​យើង ​«​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែន​ដី​»​!—សកម្ម. ១៣:៤៧; សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ‹ អញ​នឹង​ចាក់​វិញ្ញាណ​របស់​អញ›។

តើ​អ្វី​បាន​ផ្លាស់​ប្ដូរ?

១៧. តើ​ការ​យល់​ដឹង​របស់​យើង​អំពី​ទំនាយ​របស់​យ៉ូអែល​ស្ដី​អំពី​កណ្ដូប​បាន​ត្រូវ​កែ​តម្រូវ​យ៉ាង​ដូច​ម្ដេច?

១៧ តើ​អ្វី​បាន​ផ្លាស់​ប្ដូរ? ឥឡូវ ការ​យល់​ដឹង​របស់​យើង​គឺ​ត្រឹម​ត្រូវ​ជាង​អំពី​ទំនាយ​នៅ​យ៉ូអែល ២:៧​-​៩។ បើ​និយាយ​ឲ្យ​ស្រួល​យល់ ខ​គម្ពីរ​ទាំង​នេះ​មិន​មែន​សំដៅ​ទៅ​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង​របស់​យើង​ទេ តែ​សំដៅ​ទៅ​លើ​សកម្មភាព​របស់​កង​ទ័ព​បាប៊ីឡូន​ដែល​បាន​វាយលុក​ក្រុង​យេរូសាឡិម នៅ​ឆ្នាំ៦០​៧ មុន​គ.ស.។

១៨. តើ​អ្វី​មិន​បាន​ផ្លាស់​ប្ដូរ​អំពី​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា?

១៨ តើ​អ្វី​មិន​បាន​ផ្លាស់​ប្ដូរ? រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បន្ត​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​គ្រប់​ទី​កន្លែង ដោយ​ប្រើ​គ្រប់​វិធី។ (​ម៉ាថ. ២៤:១៤​) គ្មាន​បម្រាម​ពី​រដ្ឋាភិបាល​ណា​ដែល​អាច​រា​រាំង​យើង​មិន​ឲ្យ​ផ្សព្វ​ផ្សាយ​បាន​ឡើយ។ ម្យ៉ាង​ទៀត ដោយ​សារ​ពរ​ពី​ព្រះ​យេហូវ៉ា យើង​អាច​ផ្សព្វ​ផ្សាយ​យ៉ាង​ក្លាហាន​អំពី​ដំណឹង​ល្អ​នៃ​រាជាណាចក្រ​ព្រះ​ជាង​ពេល​មុន​ៗ​ទៅ​ទៀត! ដោយ​ចិត្ត​រាប​ទាប យើង​បន្ត​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​យើង​យល់​ទំនាយ​ក្នុង​គម្ពីរ ដោយ​សារ​យើង​មាន​ទំនុក​ចិត្ត​ថា​ពេល​ដែល​សម​ត្រឹម​ត្រូវ លោក​នឹង​ណែនាំ​យើង​ឲ្យ​«​យល់​សេចក្ដី​ពិត​យ៉ាង​ពេញ​លេញ​»​!—យ៉ូន. ១៦:១៣

ចម្រៀង​លេខ​៩៧ ជីវិត​ពឹង​ពាក់​លើ​បណ្ដាំ​ព្រះ

^ វគ្គ 5 អស់​ជា​ច្រើន​ឆ្នាំ យើង​បាន​ជឿ​ថា​ទំនាយ​នៅ​ក្នុង​សៀវភៅ​យ៉ូអែល​ជំពូក​ទី១​និង​ទី២ ប្រាប់​ទុក​ជា​មុន​អំពី​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែ មាន​មូលហេតុ​បួន​យ៉ាង​ដែល​យើង​ត្រូវកែ​តម្រូវ​ការ​យល់​ដឹង​របស់​យើង​អំពី​ជំពូក​ទាំង​នេះ។ តើ​មូលហេតុ​ទាំង​នោះ​ជា​អ្វី?

^ វគ្គ 3 ជា​ឧទាហរណ៍ សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​សត្វ​ដែល​បង្ហាញ​ពី​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ២០០៩ វ. ១៤​-​១៦។