លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​ទុក​ចិត្ដ​ព្រះ​យេហូវ៉ា​ដើម្បី​ទទួល​ជីវិត!

ចូរ​ទុក​ចិត្ដ​ព្រះ​យេហូវ៉ា​ដើម្បី​ទទួល​ជីវិត!

​«​ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ដ កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ​»។—សុភាសិត ៣:៥

ចម្រៀង​លេខ: ៣,

១. ហេតុ​អ្វី​យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ?

យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ។ ប្រហែល​ជា​ជីវិត​របស់​យើង​ពោរ​ពេញ​ទៅ​ដោយ​ការ​ព្រួយ​បារម្ភ ការ​ខក​ចិត្ដ និង​ការ​ខ្វល់​ខ្វាយ។ យើង​ប្រហែល​ជា​រង​ទុក្ខ​ដោយ​សារ​យើង​មាន​ជំងឺ ភាព​ចាស់​ជរា ឬ​ដោយ​សារ​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​យើង​បាន​ស្លាប់។ ក្នុង​ចំណោម​យើង មាន​បង​ប្អូន​ខ្លះ​បាន​ត្រូវ​គេ​ធ្វើ​បាប។ ម្យ៉ាង​ទៀត មនុស្ស​នៅ​ជុំ​វិញ​យើង​កាន់​តែ​ឃោរ​ឃៅ​ទៅ​ៗ។ ការ​«​លំបាក​»​ទាំង​នេះ បង្ហាញ​ថា​យើង​កំពុង​រស់​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ ហើយ​ថា​ជា​រៀង​រាល់​ថ្ងៃ​ពិភព​លោក​ថ្មី​គឺ​កាន់​តែ​ជិត​ដល់​ហើយ។ (​ធីម៉ូថេ​ទី២ ៣:១​) ប៉ុន្ដែ ប្រហែល​ជា​យើង​បាន​រង់​ចាំ​យូរ​មក​ហើយ ដើម្បី​ឲ្យ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​បាន​សម្រេច ហើយ​យើង​ប្រហែល​ជា​ជួប​ប្រទះ​ការ​ពិបាក​កាន់​តែ​ច្រើន​ឡើង​ៗ។ ដូច្នេះ តើ​យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ពី​ណា?

២, ៣. (​ក​) តើ​យើង​ដឹង​អ្វី​ខ្លះ​អំពី​ហាបាគុក? (​ខ​) ហេតុ​អ្វី​យើង​នឹង​ពិចារណា​អំពី​សៀវភៅ​ហាបាគុក?

សូម​យើង​ពិចារណា​សៀវភៅ​ហាបាគុក​ដើម្បី​រក​ចម្លើយ​ចំពោះ​សំណួរ​នេះ។ ទោះ​ជា​បទ​គម្ពីរ​មិន​ផ្ដល់​ឲ្យ​យើង​នូវ​ព័ត៌មាន​ល្អិត​ល្អន់​អំពី​ជីវិត​របស់​ហាបាគុក​ក្ដី សៀវភៅ​ដែល​គាត់​បាន​សរសេរ​គឺ​ពិត​ជា​គួរ​ឲ្យ​លើក​ទឹក​ចិត្ដ។ ឈ្មោះ​របស់​ហាបាគុក​ទំនង​ជា​មាន​ន័យ​ថា ​«​ឱបយ៉ាង​កក់​ក្ដៅ​»។ នេះ​អាច​សំដៅ​លើ​របៀប​ដែល​ព្រះ​យេហូវ៉ា​សម្រាល​ទុក្ខ​យើង ហាក់​ដូច​ជា​លោក​ឱប​យើង​យ៉ាង​កក់​ក្ដៅ ពោល​គឺ​បីបម​ថ្នាក់​ថ្នម​យើង។ ឬ​នេះ​ក៏​អាច​សំដៅ​ទៅ​លើ​របៀប​ដែល​យើង​តោង​ព្រះ​យេហូវ៉ា​យ៉ាង​ជាប់។ ហាបាគុក​បាន​និយាយ​ជា​មួយ​នឹង​ព្រះ ហើយ​បាន​សួរ​លោក​នូវ​សំណួរ​មួយ​ចំនួន។ ព្រះ​យេហូវ៉ា​បាន​ប្រើ​សកម្មពល​របស់​លោក ដើម្បី​ដឹក​នាំ​ហាបាគុក​ឲ្យ​កត់​ទុក​ការ​សន្ទនា​នេះ ដោយ​សារ​លោក​ដឹង​ថា​នេះ​នឹង​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍។—ហាបាគុក ២:២

គម្ពីរ​មិន​បាន​ប្រាប់​យើង​អ្វី​ទៀត​អំពី​ហាបាគុក​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ទេ ក្រៅ​ពី​ការ​សន្ទនា​នេះ​រវាង​ព្រះ​យេហូវ៉ា​នឹង គាត់។ ប៉ុន្ដែ សៀវភៅ​ដែល​គាត់​បាន​សរសេរ​គឺ​ជា​ផ្នែក​មួយ​នៃ​«​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​ទុក​ជា​មុន​»​ក្នុង​បណ្ដាំ​របស់​ព្រះ ​«​ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម តាម​រយៈ​ការ​ស៊ូ​ទ្រាំ​របស់​យើង និង​ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ​»។ (​រ៉ូម ១៥:៤​) តើ​សៀវភៅ​ហាបាគុក​អាច​ជួយ​យើង​ម្នាក់​ៗ​យ៉ាង​ដូច​ម្ដេច? សៀវភៅ​នេះ​អាច​ជួយ​យើង​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ការ​ទុក​ចិត្ដ​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត ទំនាយ​របស់​ហាបាគុក​ពង្រឹង​ទំនុក​ចិត្ដ​របស់​យើង​ថា​យើង​អាច​មាន​សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ ទោះ​ជា​យើង​មាន​បញ្ហា​ឬ​ទុក្ខ​លំបាក​អ្វី​ក៏​ដោយ។

ចូរ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា

៤. ហេតុ​អ្វី​ហាបាគុក​ខ្វល់​ចិត្ដ?

សូម​អាន ហាបាគុក ១:២, ៣ហាបាគុក​បាន​រស់​នៅ​សម័យ​មួយ​ដ៏​ពិបាក​ណាស់។ មនុស្ស​ដែល​នៅ​ជុំ​វិញ​គាត់​គឺ​អាក្រក់​និង​ឃោរ​ឃៅ ហើយ​នេះ​បាន​ធ្វើ​ឲ្យ​គាត់​ឈឺ​ចិត្ដ​ជា​ខ្លាំង។ នៅ​គ្រប់​ទី​កន្លែង គាត់​បាន​ឃើញ​ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ដ​យ៉ាង​ឃោរ​ឃៅ​និង​អយុត្ដិធម៌​ចំពោះ​គ្នា។ ហាបាគុក​បាន​ឆ្ងល់​ថា ‹តើ​នៅ​ពេល​ណា​នឹង​លែង​មាន​អំពើ​ទុច្ចរិត​ទៀត? ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ទុក​ពេល​យូរ​ម៉្លេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ?›។ គាត់​មិន​ដឹង​ថា​គួរ​ធ្វើ​អ្វី​ទេ។ ដូច្នេះ គាត់​បាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ចាត់​វិធានការ។ ហាបាគុក​ប្រហែល​ជា​បាន​ចាប់​ផ្ដើម​គិត​ថា​ព្រះ​យេហូវ៉ា​លែង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​រាស្ដ្រ​របស់​លោក ឬ​ថា​លោក​នឹង​មិន​ចាត់​វិធានការ​ឡើយ។ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​ឬ​ទេ?

យើង​មិន​ត្រូវ​ខ្លាច​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​ទុក្ខ​កង្វល់​ឬ​ការ​សង្ស័យ​របស់​យើង

៥. តើ​យើង​អាច​រៀន​អ្វី​ពី​សៀវភៅ​ហាបាគុក? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

តើ​ហាបាគុក​បាន​សួរ​សំណួរ​ទាំង​នេះ​ដោយ​សារ​គាត់​លែង​ទុក​ចិត្ដ​ព្រះ​យេហូវ៉ា​និង​សេចក្ដី​សន្យា​របស់​លោក​ឬ? មិន​មែន​ទេ! ហាបាគុក​បាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​គាត់​និង​ការ​សង្ស័យ​ដែល​គាត់​មាន ហើយ​នេះ​បង្ហាញ​ថា​គាត់​មិន​បាន​អស់​សង្ឃឹម​ទេ ប៉ុន្ដែ​នៅ​តែ​ទុក​ចិត្ដ​លោក។ ហាបាគុក​ពិត​ជា​បាន​ព្រួយ​បារម្ភ។ គាត់​ក៏​មិន​យល់​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​រង់​ចាំ​ដើម្បី​ចាត់​វិធានការ និង​អំពី​មូលហេតុ​ដែល​លោក​អនុញ្ញាត​ឲ្យ​គាត់​រង​ទុក្ខ​ជា​ខ្លាំង​ឡើយ។ ការ​ដែល​ព្រះ​យេហូវ៉ា​ដឹក​នាំ​ហាបាគុក​ឲ្យ​សរសេរ​អំពី​ទុក្ខ​កង្វល់​របស់​គាត់ នោះ​បង្រៀន​យើង​នូវ​មេ​រៀន​ដ៏​សំខាន់​មួយ។ យើង​មិន​ត្រូវ​ខ្លាច​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​ទុក្ខ​កង្វល់​ឬ​ការ​សង្ស័យ​របស់​យើង​ទេ។ ដោយ​សេចក្ដី​សប្បុរស លោក​អញ្ជើញ​យើង​ឲ្យ​អធិដ្ឋាន​និង​ប្រាប់​លោក​អស់​ពី​ចិត្ដ​អំពី​អារម្មណ៍​របស់​យើង។ (​ទំនុក​តម្កើង ៥០:១៥; ៦២:៨​) សុភាសិត ៣:៥​លើក​ទឹក​ចិត្ដ​យើង​ទាំង​អស់​គ្នា​ថា​៖ ​«​ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ដ កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ​»។ ហាបាគុក​បាន​ធ្វើ​តាម​ពាក្យ​ទាំង​នេះ​ក្នុង​ជីវិត​របស់​គាត់។

៦. ហេតុ​អ្វី​ការ​អធិដ្ឋាន​គឺ​សំខាន់?

ហាបាគុក​បាន​ទុក​ចិត្ដ​ព្រះ​យេហូវ៉ា​ដែល​ជា​មិត្ដ​សម្លាញ់​និង​ជា​បិតា​របស់​គាត់ ហើយ​គាត់​បាន​ចាត់​វិធានការ​ដើម្បី​ចូល​ទៅ​ជិត​លោក។ ទោះ​ជា​ហាបាគុក​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​របស់​គាត់​ក្ដី គាត់​មិន​បាន​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នោះ​ដោយខ្លួន​ឯង​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​អធិដ្ឋាន​អំពី​អារម្មណ៍​និង​ការ​ខ្វល់​ខ្វាយ​របស់​គាត់។ នេះ​ជា​គំរូ​ល្អ​សម្រាប់​យើង។ ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ដែល​ស្តាប់​សេចក្ដី​អធិដ្ឋាន អញ្ជើញ​យើង​ឲ្យ​បង្ហាញ​ថា​យើង​ទុក​ចិត្ដ​លោក​ដោយ​អធិដ្ឋាន​និង​ប្រាប់​លោក​អំពី​ទុក្ខ​កង្វល់​របស់​យើង។ (​ទំនុក​តម្កើង ៦៥:២​) ពេល​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​នឹង​សេចក្ដី​អធិដ្ឋាន​របស់​យើង។ យើង​នឹង​មាន​អារម្មណ៍​ថា​លោក​កំពុង​ឱប​យើង​យ៉ាង​កក់​ក្ដៅ ពេល​លោក​សម្រាល​ទុក្ខ​និង​ណែនាំ​យើង។ (​ទំនុក​តម្កើង ៧៣:២៣, ២៤​) លោក​នឹង​ជួយ​យើង​ឲ្យ​យល់​អំពី​ទស្សនៈ​របស់​លោក​ចំពោះ​ស្ថានភាព​របស់​យើង ទោះ​ជា​យើង​រង​ទុក្ខ​លំបាក​យ៉ាង​ណា​ក្ដី។ ការ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​គឺ​ជា​របៀប​ដ៏​ល្អ​បំផុត​មួយ​ដែល​យើង​បង្ហាញ​ថា​យើង​ទុក​ចិត្ដ​លោក។

ចូរ​ស្តាប់​ព្រះ​យេហូវ៉ា

៧. តើ​ព្រះ​យេហូវ៉ា​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​ហាបាគុក​បាន​ប្រាប់​លោក​អំពី​កង្វល់​របស់​គាត់?

សូម​អាន ហាបាគុក ១:៥​-​៧ក្រោយ​ពី​ហាបាគុក​បាន​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​កង្វល់​របស់​គាត់ គាត់​ប្រហែល​ជា​បាន​ឆ្ងល់​ថា​តើ​ព្រះ​យេហូវ៉ា​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា។ ក្នុង​នាម​ជា​ឪ​ពុក​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​បាន​យល់​អំពី​អារម្មណ៍​របស់​ហាបាគុក។ លោក​ដឹង​ថា​ហាបាគុក​រង​ទុក្ខ ហើយ​កំពុង​អង្វរ​សុំ​លោក​ឲ្យ​ជួយ។ ដូច្នេះ ព្រះ​យេហូវ៉ា​មិន​បាន​ស្ដី​បន្ទោស​ហាបាគុក​ទេ ប៉ុន្ដែ​លោក​បាន​ប្រាប់​គាត់​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើ​មិន​យូរ​ទៀត​ចំពោះ​ជន​ជាតិ​យូដា​ដែល​មិន​ស្មោះ​ត្រង់។ តាម​ពិត ហាបាគុក​ប្រហែល​ជា​មនុស្ស​ដំបូង​បង្អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ថា​ការ​ដាក់​ទោស​ចំពោះ​ជន​ជាតិ​យូដា​ទាំង​នោះ​គឺ​ជិត​មក​ដល់។

៨. ហេតុ​អ្វី​ការ​តប​ឆ្លើយ​របស់​ព្រះ​យេហូវ៉ា​មិន​ដូច​អ្វី​ដែល​ហាបាគុក​បាន​រំពឹង​ទុក?

ព្រះ​យេហូវ៉ា​បាន​ពន្យល់​ហាបាគុក​ថា​លោក​បាន​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ចាត់​វិធានការ។ លោក​នឹង​ដាក់​ទោស​បណ្ដា​ជន​នៃ​ស្រុក​យូដា​ដែល​ប្រព្រឹត្ដ​អំពើ​អាក្រក់​និង​ឃោរ​ឃៅ។ ដោយ​មាន​ប្រសាសន៍​ថា​នេះ​នឹង​កើត​ឡើង​«​នៅ​ក្នុង​ជំនាន់​របស់​ឯង​»​ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​ការ​វិនិច្ឆ័យ​នេះ​នឹង​មក​កាល​ដែល​ហាបាគុក​ឬ​ពួក​អ៊ីស្រាអែល​ដែល​នៅ​ជុំ​វិញ​គាត់​នៅ​តែ​មាន​ជីវិត​រស់​នៅ។ ការ​តប​ឆ្លើយ​របស់​ព្រះ​យេហូវ៉ា​មិន​ដូច​អ្វី​ដែល​ហាបាគុក​បាន​រំពឹង​ទុក​ទាល់​តែ​សោះ។ ពួក​ខាល់ដេ​ឬ​ពួក​បាប៊ីឡូន​គឺ​ជា​មនុស្ស​ឃោរ​ឃៅ​ក្រៃ​លែង។ ពួក​គេ​ឃោរ​ឃៅ​ជាង​ជន​ជាតិ​អ៊ីស្រាអែល​ជា​អ្នក​ដែល​ដឹង​អំពី​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ប្រើ​ប្រជា​ជាតិ​ដែល​ឃោរ​ឃៅ​នេះ ដែល​គោរព​បូជា​ព្រះ​មិន​ពិត​ឲ្យ​ដាក់​ទោស​រាស្ដ្រ​របស់​លោក? នេះ​នឹង​ធ្វើ​ឲ្យ​ជន​ជាតិ​យូដា​កាន់​តែ​រង​ទុក្ខ​ថែម​ទៀត។ * (​សូម​មើល​កំណត់​សម្គាល់​) តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​បើ​អ្នក​ជា​ហាបាគុក?

៩. តើ​ហាបាគុក​បាន​សួរ​សំណួរ​អ្វី​ទៀត?

សូម​អាន ហាបាគុក ១:១២​-​១៤, ១៧ * (​សូម​មើល​កំណត់​សម្គាល់​) ទោះ​ជា​ហាបាគុក​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រើ​ពួក​បាប៊ីឡូន​ដើម្បី​ដាក់​ទោស​មនុស្ស​អាក្រក់​ដែល​នៅ​ជុំ​វិញ​គាត់​ក្ដី គាត់​នៅ​តែ​ច្របូក​ច្របល់​ក្នុង​ចិត្ដ។ ប៉ុន្ដែ​គាត់​មាន​ចិត្ដ​រាប​ទាប​និង​តាំង​ចិត្ដ​បន្ដ​ទុក​ចិត្ដ​ព្រះ​យេហូវ៉ា។ តាម​ការ​ពិត គាត់​បាន​និយាយ​ថា​ព្រះ​យេហូវ៉ា​នៅ​តែ​ជា​«​ថ្ម​ដា​»​របស់​គាត់។ (​ចោទិយកថា ៣២:៤; អេសាយ ២៦:៤​) ហាបាគុក​បាន​ជឿ​ជាក់​ថា​ព្រះ​គឺ​សប្បុរស​និង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ដូច្នេះ​គាត់​មិន​ខ្លាច​សួរ​ព្រះ​យេហូវ៉ា​នូវ​សំណួរ​ខ្លះ​ៗ​ថែម​ទៀត​ដូច​ជា​៖ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​ស្ថានភាព​នៅ​ស្រុក​យូដា​កាន់​តែ​អាក្រក់​ទៅ​និង​ឲ្យ​រាស្ដ្រ​របស់​លោក​រង​ទុក្ខ​ថែម​ទៀត? ហេតុ​អ្វី​លោក​មិន​ចាត់​វិធានការ​ភ្លាម​ៗ​? ហេតុ​អ្វី​ព្រះ​ដែល​មាន​ឫទ្ធា​នុភាព​ខ្លាំង​ក្លា​បំផុត‹នៅ​ស្ងៀម› ហើយ​បណ្ដោយ​ឲ្យមាន​មនុស្ស​អាក្រក់​នៅ​គ្រប់​ទី​កន្លែង? ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដ៏​បរិសុទ្ធ​»​ ហើយ​លោក​«​មាន​ព្រះ​នេត្រ​បរិសុទ្ធ​ក្រៃ​លែង នឹង​ទត​មើល​ការ​អាក្រក់​មិន​បាន​»​ ដូច្នេះ​ហេតុ​អ្វី​លោក​អនុញ្ញាត​ឲ្យ​អ្វី​ៗ​ទាំង​នោះ​កើត​ឡើង?

១០. ហេតុ​អ្វី​ពេល​ខ្លះ​យើង​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​ហាបាគុក?

១០ ពេល​ខ្លះ​យើង​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​ហាបាគុក។ យើង​ស្តាប់​ព្រះ​យេហូវ៉ា ទុក​ចិត្ដ​លោក អាន​និង​សិក្សា​បណ្ដាំ​របស់​លោក ហើយ​នេះ​ពង្រឹង​សេចក្ដី​សង្ឃឹម​របស់​យើង។ យើង​ក៏​ឮ​អំពី​សេចក្ដី​សន្យា​របស់​លោក​ពេល​យើង​ស្តាប់​អ្វី​ដែល​អង្គ​ការ​របស់​លោក​បង្រៀន​យើង។ ប៉ុន្ដែ យើង​ប្រហែល​ជា​នៅ​តែ​ឆ្ងល់​ថា ‹តើ​ពេល​ណា​យើង​នឹង​លែង​រង​ទុក្ខ​លំបាក​ទៀត?›។ យើង​អាច​ទាញ​យក​មេ​រៀន​ពី​អ្វី​ដែល​ហាបាគុក​បាន​ធ្វើ​បន្ទាប់​មក។

ចូរ​រង់​ចាំ​ឲ្យ​ព្រះ​យេហូវ៉ា​ចាត់​វិធានការ

១១. តើ​ហាបាគុក​បាន​តាំង​ចិត្ដ​ធ្វើ​អ្វី?

១១ សូម​អាន ហាបាគុក ២:១ * (​សូម​អាន​ពី​កំណត់​សម្គាល់​) ការ​សន្ទនា​របស់​ហាបាគុក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា បាន​ធ្វើ​ឲ្យ​គាត់​មាន​សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ ហើយ​បាន​ធ្វើ​ឲ្យ​គាត់​តាំង​ចិត្ដ​រង់​ចាំ​ឲ្យ​ព្រះ​យេហូវ៉ា​ចាត់​វិធានការ។ ហាបាគុក​បាន​និយាយ​ម្ដង​ទៀត​អំពី​ការ​តាំង​ចិត្ដ​របស់​គាត់ ដោយ​និយាយ​ថា​៖ ‹ខ្ញុំ​រង់​ចាំ​ថ្ងៃ​វេទនា​ដោយ​អំណត់›។ (​ហាបាគុក ៣:១៦​) អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ឯ​ទៀត​របស់​ព្រះ ក៏​បាន​បន្ដ​រង់​ចាំ​ដោយ​ចិត្ដ​អត់​ធ្មត់​ឲ្យ​ព្រះ​យេហូវ៉ា​ចាត់​វិធានការ។ គំរូ​របស់​ពួក​គេ​លើក​ទឹក​ចិត្ដ​យើង ដោយ​សារ​នេះ​បង្ហាញ​ថា​យើង​ក៏​អាច​ធ្វើ​ដូច​ពួក​គេ​ដែរ។—មីកា ៧:៧; យ៉ាកុប ៥:៧, ៨

យើង​គួរ​រង់​ចាំ​ដោយ​អត់​ធ្មត់​ឲ្យ​ព្រះ​យេហូវ៉ា​ចាត់​វិធានការ ហើយ​ទុក​ចិត្ដ​ថា​លោក​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្រាល​ឡើង​វិញ​នៅ​ពេល​ដែល​លោក​គិត​ថា​ល្អ​បំផុត

១២. តើ​យើង​អាច​រៀន​អ្វី​ពី​ហាបាគុក?

១២ តើ​យើង​អាច​រៀន​អ្វី​ពី​ការ​តាំង​ចិត្ដ​របស់​ហាបាគុក? ទី១ យើង​មិន​ត្រូវ​ឈប់​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ទោះ​ជា​យើង​មាន​បញ្ហា​ណា​ក៏​ដោយ។ ទី២ យើង​ត្រូវ​ធ្វើ​តាម​អ្វី​ដែល​ព្រះ​យេហូវ៉ា​ប្រាប់​យើង​តាម​រយៈ​គម្ពីរ​និង​អង្គ​ការ​របស់​លោក។ ទី៣ យើង​គួរ​រង់​ចាំ​ដោយ​អត់​ធ្មត់​ឲ្យ​ព្រះ​យេហូវ៉ា​ចាត់​វិធានការ ហើយ​ទុក​ចិត្ដ​ថា​លោក​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្រាល​ឡើង​វិញ​នៅ​ពេល​ដែល​លោក​គិត​ថា​ល្អ​បំផុត។ បើ​យើង​យក​តម្រាប់​ហាបាគុក យើង​នឹង​មាន​សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ​និង​អាច​បន្ដ​ស៊ូ​ទ្រាំ​បាន។ សេចក្ដី​សង្ឃឹម​របស់​យើង​នឹង​ជួយ​យើង​ឲ្យ​មាន​ចិត្ដ​អត់​ធ្មត់​និង​មាន​ចិត្ដ​សប្បាយ​រីក​រាយ ទោះ​ជា​យើង​មាន​បញ្ហា​អ្វី​ក៏​ដោយ។ យើង​មាន​ទំនុក​ចិត្ដ​ថា​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​នឹង​ចាត់​វិធានការ​ជា​មិន​ខាន។—រ៉ូម ១២:១២

១៣. តើ​ព្រះ​យេហូវ៉ា​បាន​សម្រាល​ទុក្ខ​ហាបាគុក​តាម​របៀប​ណា?

១៣ សូម​អាន ហាបាគុក ២:៣យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​នឹង​ការ​សម្រេច​ចិត្ដ​របស់​ហាបាគុក​ក្នុង​ការ​រង់​ចាំ​ឲ្យ​លោក​ចាត់​វិធានការ។ ព្រះ​ដែល​មាន​ឫទ្ធា​នុភាព​ខ្លាំង​ក្លា​បំផុត​បាន​ដឹង​ច្បាស់​អំពី​អ្វី​ដែល​ហាបាគុក​កំពុង​រង​ទុក្ខ ដូច្នេះ​លោក​បាន​សម្រាល​ទុក្ខ​អ្នក​ប្រកាស​ទំនាយ​នោះ ហើយ​បាន​ពង្រឹង​ទំនុក​ចិត្ដ​របស់​គាត់​ថា​លោក​នឹង​តប​ឆ្លើយ​ចំពោះ​សំណួរ​ដ៏​ស្មោះ​របស់​គាត់។ មិន​យូរ​ទៀត ហាបាគុក​នឹង​មាន​អារម្មណ៍​ធូរ​ស្រាល​ពី​ការ​ខ្វល់​ខ្វាយ​ទាំង​អស់​ដែល​គាត់​មាន។ នេះ​គឺ​ហាក់​ដូច​ជា​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ហាបាគុក​ថា ​«​ចូរ​អត់​ធ្មត់ ហើយ​ទុក​ចិត្ដ​ខ្ញុំ​ចុះ។ ខ្ញុំ​នឹង​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក ទោះ​ជា​មើល​ទៅ​យូរ​ក៏​ដោយ​»។ ព្រះ​យេហូវ៉ា​បាន​រំលឹក​ហាបាគុក​ថា​លោក​បាន​សម្រេច​ចិត្ដ​រួច​ហើយ​អំពី​ពេល​ណា​ដែល​លោកនឹង​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​របស់​លោក​បាន​សម្រេច។ ដូច្នេះ លោក​បាន​លើក​ទឹក​ចិត្ដ​ហាបាគុក​ឲ្យ​បន្ដ​រង់​ចាំ។ នៅ​ទី​បំផុត អ្នក​ប្រកាស​ទំនាយ​នោះ​មិន​ខក​ចិត្ដ​ឡើយ។

ហេតុ​អ្វី​យើង​តាំង​ចិត្ដ​ខំ​អស់​ពី​សមត្ថភាព​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា? (​សូម​មើល​វគ្គ​១៤​)

១៤. តើ​យើង​គួរ​តាំង​ចិត្ដ​ធ្វើ​អ្វី​ពេល​យើង​រង​ទុក្ខ​លំបាក?

១៤ យើង​ក៏​ត្រូវ​រង់​ចាំ​ឲ្យ​ព្រះ​យេហូវ៉ា​ចាត់​វិធានការ ហើយ​ក៏​ត្រូវ​ស្តាប់​យ៉ាង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អ្វី​ដែល​លោក​ប្រាប់​យើង​ដែរ។ យ៉ាង​នេះ យើង​នឹង​មាន​ទំនុក​ចិត្ដ​និង​មាន​សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ ទោះ​ជា​យើង​រង​ទុក្ខ​លំបាក​ណា​ក៏​ដោយ។ លោក​យេស៊ូ​បាន​លើក​ទឹក​ចិត្ដ​យើង​មិន​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​«​ពេល​វេលា​និង​គ្រា​កំណត់​»​ដែល​ព្រះ​មិន​បាន​ប្រាប់​យើង​នោះ​ទេ។ (​សកម្មភាព ១:៧​) យើង​ត្រូវ​មាន​ទំនុក​ចិត្ដ​ថា​ព្រះ​យេហូវ៉ា​ដឹង​ថា​ពេល​ណា​ជា​ពេល​ដ៏​ល្អ​បំផុត​ដើម្បី​ចាត់​វិធានការ។ ដូច្នេះ យើង​មិន​គួរ​ឈប់​ព្យាយាម​ឡើយ តែ​យើង​គួរ​មាន​ចិត្ដ​រាប​ទាប​និង​ចិត្ដ​អត់​ធ្មត់ ហើយ​មាន​ជំនឿ​លើ​ព្រះ។ ម្យ៉ាង​ទៀត កាល​ដែល​យើង​រង់​ចាំ យើង​គួរ​ប្រើ​ពេល​វេលា​របស់​យើង​ដោយ​ឈ្លាស​វៃ ហើយ​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​សមត្ថភាព។—ម៉ាកុស ១៣:៣៥​-​៣៧; កាឡាទី ៦:៩

ព្រះ​យេហូវ៉ា​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​ពួក​អ្នក​ដែល​ទុក​ចិត្ដ​លោក

១៥, ១៦. (​ក​) តើ​សៀវភៅ​ហាបាគុក​មាន​សេចក្ដី​សន្យា​អ្វី? (​ខ​) តើ​យើង​អាច​រៀន​អ្វី​ពី​សេចក្ដី​សន្យា​ទាំង​នេះ?

១៥ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​៖ ​«​មនុស្ស​សុចរិត​នឹង​រស់​នៅ​ដោយ​សារ​សេចក្ដី​ជំនឿ​របស់​ខ្លួន​»​ ហើយ​«​មនុស្ស​នឹង​ស្គាល់​ដល់​សិរី​ល្អ​នៃ​ព្រះ​យេហូវ៉ា​នៅ​ពេញ​លើ​ផែន​ដី​»។ (​ហាបាគុក ២:៤, ១៤​) ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ដ​អត់​ធ្មត់​និង​ទុក​ចិត្ដ​លោក។

១៦ សេចក្ដី​សន្យា​នៅ​ហាបាគុក ២:៤ គឺ​សំខាន់​ដល់​ម៉្លេះ​បាន​ជា​សាវ័ក​ប៉ូល​បាន​ដក​ស្រង់​ពី​បទ​គម្ពីរ​នេះ​បី​ដង​ក្នុង​សំបុត្ររបស់​គាត់! (​រ៉ូម ១:១៧; កាឡាទី ៣:១១; ហេប្រឺ ១០:៣៨​) យើង​អាច​ជឿ​ជាក់​ថា​ទោះ​ជា​យើង​រង​ទុក្ខ​លំបាក​អ្វី​ក៏​ដោយ បើ​យើង​ទុក​ចិត្ដ​ព្រះ​យេហូវ៉ា យើង​នឹង​ឃើញ​សេចក្ដី​សន្យា​របស់​លោក​ក្លាយ​ទៅ​ជា​ការ​ពិត។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​សង្ឃឹម​របស់​យើង​សម្រាប់​ថ្ងៃ​អនាគត។

១៧. បើ​យើង​ទុក​ចិត្ដ​ព្រះ​យេហូវ៉ា តើ​លោក​សន្យា​ថា​លោក​នឹង​ធ្វើ​អ្វី​សម្រាប់​យើង?

១៧ សៀវភៅ​ហាបាគុក​មាន​មេ​រៀន​ដ៏​សំខាន់​សម្រាប់​យើង​ទាំង​អស់​គ្នា​ដែល​កំពុង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។ ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​មនុស្ស​សុចរិត​ដែល​ទុក​ចិត្ដ​លោក។ ដូច្នេះ សូម​យើង​បន្ដ​ពង្រឹង​ទំនុក​ចិត្ដ​របស់​យើង​លើ​ព្រះ ទោះ​ជា​យើង​ព្រួយ​បារម្ភ​និង​មាន​បញ្ហា​អ្វី​ក៏​ដោយ។ អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ហាបាគុក ពង្រឹង​ទំនុក​ចិត្ដ​យើង​ថា​លោក​នឹង​គាំ​ទ្រ​យើង ហើយ​សង្គ្រោះ​យើង។ លោក​បាន​កំណត់​រួច​ហើយ​នូវ​ពេល​វេលា​ដែល​រាជាណាចក្រ​របស់​លោក​នឹង​គ្រប់​គ្រង​លើ​ផែន​ដី។ ដោយ​សេចក្ដី​សប្បុរស លោក​សុំ​យើង​ឲ្យ​ទុក​ចិត្ដ​លោក និង​រង់​ចាំ​ដោយ​ចិត្ដ​អត់​ធ្មត់​សម្រាប់​ពេល​នោះ។ ពេល​រាជាណាចក្រ​នោះ​គ្រប់​គ្រង ផែន​ដី​នឹង​ពេញ​ទៅ​ដោយ​ពួក​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ហើយ​ពួក​គេ​នឹង​មាន​សុភមង្គល​និង​សេចក្ដី​សុខ​សាន្ដ។—ម៉ាថាយ ៥:៥; ហេប្រឺ ១០:៣៦​-​៣៩

ចូរ​ទុក​ចិត្ដ​ព្រះ​យេហូវ៉ា​ដើម្បី​មាន​អំណរ

១៨. តើ​ពាក្យ​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ហាបាគុក?

១៨ សូម​អាន ហាបាគុក ៣:១៦​-​១៩អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ហាបាគុក មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​គាត់។ ហាបាគុក​បាន​រំពឹង​គិត​អំពី​អ្វី​ៗ​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​រាស្ដ្រ​របស់​លោក​នៅ​អតីតកាល។ នេះ​បាន​ពង្រឹង​ទំនុក​ចិត្ដ​របស់​គាត់​ទៅ​លើ​ព្រះ​យេហូវ៉ា។ គាត់​ក៏​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ចាត់​វិធានការ​នៅ​ពេល​ឆាប់​ៗ​! នេះ​បាន​សម្រាល​ទុក្ខ​អ្នក​ប្រកាស​ទំនាយ​នោះ ទោះ​ជា​គាត់​ដឹង​ថា​គាត់​ប្រហែល​ជា​នឹង​ត្រូវ​រង​ទុក្ខ​អស់​មួយ​រយៈ​ពេល​ទៀត​ក្ដី។ ហាបាគុក​លែង​មាន​ការ​សង្ស័យ​ទៀត។ តែ​គាត់​មាន​ទំនុក​ចិត្ដ​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​គាត់។ តាម​ពិត ក្នុង​បទ​គម្ពីរ​ទាំង​មូល អ្វី​ដែល​គាត់​និយាយ​ក្នុង​ខ​១៨ ប្រហែល​ជា​ពាក្យ​សម្ដី​ដែល​បញ្ជាក់​អំពី​ទំនុក​ចិត្ដ​ខ្លាំង​បំផុត។ បណ្ឌិត​ខ្លះ​គិត​ថា​ខ​នេះ​មាន​ន័យ​ថា​«​ខ្ញុំ​លោត​កញ្ឆេង​ដោយ​មាន​អំណរ​ក្នុង​លោក​ម្ចាស់ ខ្ញុំ​នឹង​បង្វិល​ខ្លួន​យ៉ាង​សប្បាយ​រីក​រាយ​ចំពោះ​ព្រះ​»។ នេះ​ជា​មេ​រៀន​ដ៏​សំខាន់​សម្រាប់​យើង​ទាំង​អស់​គ្នា! ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ផ្ដល់​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​ដល់​យើង​សម្រាប់​ថ្ងៃ​អនាគត​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ពង្រឹង​ទំនុក​ចិត្ដ​របស់​យើង​ដែរ​ថា នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ លោក​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ទាំង​នោះ​បាន​សម្រេច។

១៩. តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​ការ​សម្រាល​ទុក្ខ​ពី​ព្រះ​យេហូវ៉ា​ដូច​ហាបាគុក?

១៩ មេ​រៀន​ដ៏​សំខាន់​ដែល​យើង​រៀន​ពី​សៀវភៅ​ហាបាគុក​គឺ ចូរ​ទុក​ចិត្ដ​ព្រះ​យេហូវ៉ា។ (​ហាបាគុក ២:៤​) ដើម្បី​បន្ដ​ទុក​ចិត្ដ​ព្រះ​យេហូវ៉ា យើង​ត្រូវ​ពង្រឹង​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​លោក។ ដូច្នេះ​យើង​ត្រូវ​ធ្វើ​អ្វី​មួយ​ចំនួន​ដូច​ត​ទៅ​នេះ​៖ (​១​) បន្ដ​អធិដ្ឋាន​ដោយ​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​ការ​ព្រួយ​បារម្ភ​និង​ទុក្ខ​កង្វល់​ទាំង​អស់​ដែល​យើង​មាន។ (​២​) ស្តាប់​ដោយ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ប្រាប់​យើង​ក្នុង​បណ្ដាំ​របស់​លោក ហើយ​ធ្វើ​តាម​ការ​ណែនាំ​ដែល​លោក​ផ្ដល់​ឲ្យ​យើង​តាម​រយៈ​អង្គ​ការ​របស់​លោក។ (​៣​) រក្សា​ភាព​ស្មោះ​ត្រង់​និង​មាន​ចិត្ដ​អត់​ធ្មត់​កាល​ដែល​យើង​រង់​ចាំ​ឲ្យ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​បាន​សម្រេច។ នេះ​ជា​អ្វី​ដែល​ហាបាគុក​បាន​ធ្វើ។ ទោះ​ជា​គាត់​ពិបាក​ចិត្ដ​យ៉ាង​ខ្លាំង​ពេល​គាត់​ចាប់​ផ្ដើម​សន្ទនា​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ក្ដី នៅ​ទី​បំផុត​គាត់​បាន​ទទួល​ការ​លើក​ទឹក​ចិត្ដ​និង​មាន​អំណរ! បើ​យើង​យក​តម្រាប់​ហាបាគុក យើង​ក៏​នឹង​ទទួល​ការ​សម្រាល​ទុក្ខ​ពី​ការ​ឱប​យ៉ាង​កក់​ក្ដៅ​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​ដែរ។ ក្នុង​ពិភព​លោក​ដ៏​អាក្រក់​នេះ យើង​មិន​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ដ៏​ល្អ​ប្រសើរ​ជាង​នោះ​ទេ។

^ វគ្គ 8 ហាបាគុក ១:៥​ប្រើ​ពាក្យ​«​ឯង​រាល់​គ្នា​»​ដែល​បង្ហាញ​ថា​ការ​បំផ្លាញ​ចោល​នេះ​នឹង​មាន​ឥទ្ធិពល​លើ​បណ្ដា​ជន​ទាំង​អស់​នៃ​ស្រុក​យូដា។

^ វគ្គ 9 ហាបាគុក ១:១២(​ព.ថ.​)ចែង​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ទូល​បង្គំ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ទូល​បង្គំ​អើយ តើ​ទ្រង់​មិន​គង់​នៅ​តាំង​ពី​អស់​កល្ប​រៀង​មក​ទេ​ឬ​អី ទ្រង់​នឹង​មិន​ស្លាប់​ទេ ឱ​ព្រះ​យេហូវ៉ា​អើយ ទ្រង់​បាន​ដំ​រូ​វ​ទុក​គេ​ឲ្យ​ត្រូវ​ជំនុំ​ជំ​រះ ហើយ​ឱ​ថ្ម​ដា​អើយ ទ្រង់​បាន​តាំង​គេ​ឡើង ដើម្បី​វាយ​ផ្ចាល​»។

^ វគ្គ 11 ហាបាគុក ២:១(​ព.ថ.​)ចែង​ថា​៖ ​«​ខ្ញុំ​នឹង​នៅ​ត្រង់​ទី​ចាំ​យាម ខ្ញុំ​នឹង​ឡើង​ទៅ​លើ​ប៉ម ហើយ​ខំ​មើល​ទៅ ដើម្បី​ឲ្យ​ដឹង​ជា​ទ្រង់​នឹង​មាន​បន្ទូល​មក​ដូច​ម្ដេច ហើយ​ថា​ខ្ញុំ​នឹង​ឆ្លើយ​យ៉ាង​ណា​ពេល​ខ្ញុំ​បាន​ត្រូវ​កែ​តម្រង់​»។