លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

​«​ទូល​បង្គំ​នឹង​ដើរ​ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់​»​

​«​ទូល​បង្គំ​នឹង​ដើរ​ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់​»​

​«​ឱ​ព្រះ​យេហូវ៉ា​អើយ សូម​បង្រៀន​ទូល​បង្គំ​ឲ្យ​ស្គាល់​ផ្លូវ​នៃ​ទ្រង់ ទូល​បង្គំ​នឹង​ដើរ​ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់​»។—ទំនុក​តម្កើង ៨៦:១១

ចម្រៀង​លេខ: ៣១, ៧២

១​-​៣. (​ក​) តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​សេចក្ដី​ពិត​ពី​គម្ពីរ? សូម​លើក​ឧទាហរណ៍។ (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ទិញ​អ្វី​មួយ​ពី​ផ្សារ ហើយ​បន្ទាប់​មក​ប្ដូរ​យក​អ្វី​ផ្សេង ឬ​ប្ដូរ​យក​លុយ​មក​វិញ។ នេះ​កើត​ឡើង​កាន់​តែ​ច្រើន​ពេល​ពួក​គេ​ទិញ​អ្វី​មួយ​តាម​អ៊ីនធឺណិត។ ពេល​យក​អ្វី​នោះ​ដល់​ផ្ទះ ពួក​គេ​ប្រហែល​ជា​លែង​ចូល​ចិត្ដ​ឬ​ឃើញ​ថា​អ្វី​នោះ​ខូច។

យើង​នឹង​មិន​ធ្វើ​ដូច្នេះ​ចំពោះ​សេចក្ដី​ពិត​ពី​គម្ពីរ​ទេ។ ក្រោយ​ពី​យើង​បាន​«​ទិញ​»​សេចក្ដី​ពិត យើង​មិន​ចង់​«​លក់​»​វា​ទៅ​វិញ ពោល​គឺ​ពេល​យើង​បាន​រៀន​សេចក្ដី​ពិត យើង​មិន​ចង់​បោះ​បង់​ចោល​សេចក្ដី​ពិត​នោះ​ទេ។ (​សូម​អាន សុភាសិត ២៣:២៣; ធីម៉ូថេ​ទី១ ២:៤​) ដូច​ដែល​យើង​បាន​ពិចារណា​ក្នុង​អត្ថបទ​មុន យើង​បាន​ចំណាយ​ពេល​ជា​ច្រើន​ដើម្បី​រៀន​សេចក្ដី​ពិត។ យើង​ក៏​ប្រហែល​ជា​បាន​លះ​បង់​អាជីព​មួយ​ដែល​មាន​ប្រាក់​ខែ​ច្រើន។ ម្យ៉ាង​ទៀត ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ប្រហែល​ជា​បាន​ផ្លាស់​ប្ដូរ យើង​ប្រហែល​ជា​បាន​ផ្លាស់​ប្ដូរ​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ដ​របស់​យើង ឬ​ឈប់​ធ្វើ​តាម​ទំនៀម​ទម្លាប់​និង​អ្វី​ផ្សេង​ៗ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ដ។ ប៉ុន្ដែ យើង​ជឿ​ជាក់​ថា​អ្វី​ដែល​យើង​បាន​លះ​បង់​គឺ​មិន​មាន​តម្លៃ​ស្មើ​នឹង​ពរ​ដែល​យើង​ទទួល​ពី​ការ​ស្គាល់​សេចក្ដី​ពិត​ឡើយ។

លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​មួយ​អំពី​អ្នក​ធ្វើ​ដំណើរ​ជួញ​ដូរ​ម្នាក់​ដែល​រក​គជ់​ខ្យង​ដ៏​ល្អ​វិសេស។ ពេល​បុរស​នោះ​រក​ឃើញ​គជ់​ខ្យង​មួយ​ដែល​មាន​តម្លៃ​ខ្ពស់ គាត់​ចេញ​ទៅ​លក់​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន​ភ្លាម ហើយ​ទិញ​គជ់​ខ្យង​នោះ។ គជ់​ខ្យង​នោះ​ជា​តំណាង​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​របស់​ព្រះ។ តាម​ឧទាហរណ៍​នេះ លោក​យេស៊ូ​បាន​បង្ហាញ​ថា​សេចក្ដី​ពិត​មាន​តម្លៃ​ខ្ពស់​ចំពោះ​ពួក​អ្នក​ដែល​ស្វែង​រក​វា។ (​ម៉ាថាយ ១៣:៤៥, ៤៦​) នៅ​ដំបូង​ពេល​យើង​បាន​រៀន​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​របស់​ព្រះ និង​សេចក្ដី​បង្រៀន​ឯ​ទៀត​ដែល​មាន​នៅ​ក្នុង​គម្ពីរ យើង​ក៏​សុខ​ចិត្ដ​លះ​បង់​អ្វី​ណា​ក៏​ដោយ​ដើម្បី​បាន​សេចក្ដី​ពិត​នោះ។ បើ​យើង​បន្ដ​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​ពិត យើង​នឹង​មិន​បោះ​បង់​វា​ចោល​ទេ។ ប៉ុន្ដែ​គួរ​ឲ្យ​ស្តាយ​ណាស់ រាស្ដ្រ​ខ្លះ​របស់​ព្រះ​លែង​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​ពិត ហើយ​បាន​ចាក​ចេញ​ពី​អង្គ​ការ​របស់​លោក។ យើង​មិន​ចង់​ធ្វើ​ដូច្នេះ​ឡើយ! យើង​ត្រូវ​ធ្វើ​តាម​យោបល់​ក្នុង​គម្ពីរ​ដែល​ឲ្យ​យើង​«​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​»​ឬ​បន្ដ​ដើរ​ក្នុង​សេចក្ដី​ពិត។ (​សូម​អាន យ៉ូហាន​ទី៣ ២​-​៤) នេះ​មាន​ន័យ​ថា​យើង​ចាត់​ទុក​សេចក្ដី​ពិត​ថា​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត ហើយ​បង្ហាញ​ទស្សនៈ​នេះ​តាម​របៀប​រស់​នៅ​របស់​យើង។ ប៉ុន្ដែ ហេតុ​អ្វី​អ្នក​ខ្លះ​«​លក់​»​ឬ​ចាក​ចេញ​ពី​សេចក្ដី​ពិត ហើយ​តើ​ពួក​គេ​ធ្វើ​ដូច្នេះ​តាម​របៀប​ណា? តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​មិន​ធ្វើ​ដូច​ពួក​គេ? តើ​យើង​អាច​តាំង​ចិត្ដ​កាន់​តែ​ខ្លាំង​ដើម្បី​«​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​»​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​អ្នក​ខ្លះ​«​លក់​»​សេចក្ដី​ពិត ហើយ​តើ​ពួក​គេ​ធ្វើ​ដូច្នេះ​តាម​របៀប​ណា?

៤. នៅ​សម័យ​លោក​យេស៊ូ ហេតុ​អ្វី​អ្នក​ខ្លះ​លែង​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត?

នៅ​សម័យ​លោក​យេស៊ូ អ្នក​ខ្លះ​ដែល​បាន​ទទួល​យក​សេចក្ដី​ពិត​មិន​បាន​បន្ដ​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​នោះ​ទេ។ ជា​ឧទាហរណ៍ ក្រោយ​ពី​លោក​យេស៊ូ​ធ្វើ​អព្ភូតហេតុ​មួយ​ដោយ​ផ្ដល់​អាហារ​ដល់​មនុស្ស​មួយ​ក្រុម​ធំ មនុស្ស​ទាំង​នោះ​បាន​ទៅ​តាម​លោក​ដល់​ត្រើយ​ម្ខាង​នៃ​សមុទ្រ​កាលីឡេ។ ប៉ុន្ដែ​ក្រោយ​មក ពាក្យ​សម្ដី​របស់​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ទាស់​ចិត្ដ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បរិភោគ​សាច់​របស់​កូន​មនុស្ស ហើយ​មិន​ផឹក​ឈាម​របស់​លោក នោះ​អ្នក​រាល់​គ្នា​គ្មាន​ជីវិត​ក្នុង​ខ្លួន​ឡើយ​»។ ជា​ជាង​សុំ​លោក​យេស៊ូ​ឲ្យ​ពន្យល់​អត្ថន័យ​នៃ​ពាក្យ​នេះ ពួក​គេ​បាន​និយាយ​ថា​៖ ​«​សម្ដី​នេះ​គួរ​ឲ្យ​ទាស់​ចិត្ដ​ណាស់ តើ​អ្នក​ណា​អាច​ស្តាប់​បាន?​»។ ជា​លទ្ធផល ​«​ពួក​អ្នក​កាន់​តាម​ជា​ច្រើន​របស់​លោក​បាន​ត្រឡប់​ទៅ​ប្រកប​កិច្ច​ការ​ពី​មុន លែង​ចង់​តាម​លោក​ត​ទៅ​ទៀត​»។—យ៉ូហាន ៦:៥៣​-​៦៦

៥, ៦. (​ក​) នៅ​សព្វ​ថ្ងៃ​នេះ ហេតុ​អ្វី​អ្នក​ខ្លះ​បាន​ថយ​ចេញ​ពី​សេចក្ដី​ពិត? (​ខ​) តើ​ការ​រសាត់​ចេញ​ពី​សេចក្ដី​ពិត​អាច​កើត​ឡើង​តាម​របៀប​ណា?

គួរ​ឲ្យ​ស្តាយ​ណាស់ នៅ​សព្វ​ថ្ងៃ​នេះ អ្នក​ខ្លះ​ក៏​បាន​ចាក​ចេញ​ពី​សេចក្ដី​ពិត។ ហេតុ​អ្វី? អ្នក​ខ្លះ​បាន​ជំពប់​ដួល​ដោយ​សារ​ការ​យល់​ដឹង​ថ្មី​អំពី​បទ​គម្ពីរ​ណា​មួយ ឬ​ក៏​ពាក្យ​សម្ដី​ឬ​ការ​ប្រព្រឹត្ដ​របស់​បង​ប្រុស​ណា​ម្នាក់​ដែល​មាន​ភារកិច្ច​ក្នុង​អង្គ​ការ​របស់​ព្រះ។ អ្នក​ខ្លះ​ទៀត​មិន​ពេញ​ចិត្ដ​ពេល​បង​ប្អូន​ណា​ម្នាក់​ឲ្យ​ឱវាទ​ពី​គម្ពីរ ឬ​ពួក​គេ​បាន​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​ជា​មួយ​នឹង​បង​ប្អូន​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ។ ម្យ៉ាង​ទៀត អ្នក​ឯ​ទៀត​បាន​ជឿ​តាម​សេចក្ដី​បង្រៀន​មិន​ពិត​ពី​ពួក​អ្នក​ក្បត់​ជំនឿ និង​ពួក​អ្នក​ដែល​និយាយ​កុហក​អំពី​យើង។ នេះ​ជា​មូលហេតុ​មួយ​ចំនួន​ដែល​អ្នក​ខ្លះ​បាន​ថយ​ចេញ​ពី​ព្រះ​យេហូវ៉ា​និង​ក្រុម​ជំនុំ​ដោយ​ចេតនា។ (​ហេប្រឺ ៣:១២​-​១៤​) ជា​ការ​ល្អ​ប្រសើរ​ជាង បើ​អ្នក​ទាំង​នោះ​បាន​ទុក​ចិត្ដ​លោក​យេស៊ូ​ដូច​ដែល​ពេត្រុស​បាន​ធ្វើ! ពេល​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​ដែល​ស្តាប់​លោក​យេស៊ូ បាន​ទាស់​ចិត្ដ​ដោយ​សារ​ពាក្យ​សម្ដី​របស់​លោក លោក​យេស៊ូ​បាន​សួរ​ពួក​សាវ័ក​ថា​តើ​ពួក​គេ​ចង់​ទៅ​ដែរ​ឬ។ ពេត្រុស​បាន​ឆ្លើយ​ថា​៖ ​«​លោក​ម្ចាស់ តើ​យើង​នឹង​ទៅ​ឯ​អ្នក​ណា​វិញ? ប្រសាសន៍​របស់​លោក​នាំ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។—យ៉ូហាន ៦:៦៧​-​៦៩

នៅ​សព្វ​ថ្ងៃ​នេះ អ្នក​ខ្លះ​ទៀត​បាន​រសាត់​ចេញ​ពី​សេចក្ដី​ពិត​បន្ដិច​ម្ដង​ៗ។ ពួក​គេ​ប្រហែល​ជា​ថែម​ទាំង​មិន​បាន​ដឹង​ថា​ខ្លួន​កំពុង​រសាត់​ចេញ​ពី​សេចក្ដី​ពិត​ទេ។ បុគ្គល​ដែល​រសាត់​ចេញ​ពី​សេចក្ដី​ពិត​បន្ដិច​ម្ដង​ៗ​គឺ​ស្រដៀង​នឹង​ទូក​មួយ​ដែល​រសាត់​ចេញ​ពី​ច្រាំង​ទន្លេ។ គម្ពីរ​ព្រមាន​យើង​ឲ្យ​ប្រយ័ត្ន ដើម្បី​«​កុំ​ឲ្យ​យើង​រសាត់​ចេញ​ពី​ជំនឿ​»។ (​ហេប្រឺ ២:១​) តាម​ធម្មតា អ្នក​ដែល​រសាត់​ចេញ​ពី​សេចក្ដី​ពិត​មិន​ធ្វើ​ដូច្នេះ​ដោយ​ចេតនា​ទេ។ ប៉ុន្ដែ គាត់​បណ្ដោយ​ឲ្យ​ចំណង​មិត្ដភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ទៅ​ជា​ខ្សោយ ហើយ​យូរ​ៗ​ទៅ​គាត់​អាច​បាត់​បង់​ចំណង​មិត្ដភាព​នោះ។ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​នេះ​នឹង​មិន​កើត​ឡើង​ចំពោះ​យើង?

តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​មិន​លក់​សេចក្ដី​ពិត?

៧. តើ​អ្វី​នឹង​ជួយ​យើង​មិន​ឲ្យ​លក់​សេចក្ដី​ពិត?

យើង​មិន​អាច​សម្រេច​ចិត្ដ​ថា​យើង​នឹង​ទទួល​យក​សេចក្ដី​បង្រៀន​ខ្លះ ហើយ​មិន​ទទួល​យក​សេចក្ដី​បង្រៀន​ខ្លះ​ទេ

ដើម្បី​បន្ដ​ដើរ​តាម​ឬ​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត យើង​ត្រូវ​ទទួល​យក​និង​ធ្វើ​តាម​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍។ យើង​ត្រូវ​ចាត់​ទុក​ថា​សេចក្ដី​ពិត​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង ហើយ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ក្នុង​គ្រប់​ការ​ទាំង​អស់។ ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​ស្ដេច​ដាវីឌ គាត់​បាន​សន្យា​នឹង​ព្រះ​យេហូវ៉ា​ថា​៖ ​«​ទូល​បង្គំ​នឹង​ដើរ​ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់​»។ (​ទំនុក​តម្កើង ៨៦:១១, យើង​កែ​ជា​អក្សរ​ដិត​) ដាវីឌ​បាន​តាំង​ចិត្ដ​បន្ដ​ដើរ​ក្នុង​សេចក្ដី​ពិត ហើយ​យើង​ក៏​ត្រូវ​តាំង​ចិត្ដ​ដូច​គាត់​ដែរ។ បើ​យើង​មិន​ធ្វើ​ដូច្នេះ​ទេ យើង​ប្រហែល​ជា​នឹង​ចាប់​ផ្ដើម​គិត​អំពី​អ្វី​ៗ​ដែល​យើង​បាន​លះ​បង់​ដើម្បី​ទទួល​សេចក្ដី​ពិត ហើយ​យើង​ប្រហែល​ជា​នឹង​ចង់​ស្វែង​រក​អ្វី​នោះ​ម្ដង​ទៀត។ ប៉ុន្ដែ យើង​មិន​អាច​សម្រេច​ចិត្ដ​ថា​យើង​នឹង​ទទួល​យក​សេចក្ដី​បង្រៀន​ខ្លះ ហើយ​មិន​ទទួល​យក​សេចក្ដី​បង្រៀន​ខ្លះ​ទេ។ ក្នុង​អត្ថបទ​មុន យើង​បាន​ពិចារណា​អំពី​អ្វី​ប្រាំ​យ៉ាង​ដែល​យើង​ប្រហែល​ជា​បាន​លះ​បង់​ដើម្បី​រៀន​និង​ធ្វើ​តាម​សេចក្ដី​ពិត។ ឥឡូវ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​នឹង​មិន​ស្វែង​រក​ម្ដង​ទៀត​នូវ​អ្វី​ៗ​ដែល​យើង​បាន​លះ​បង់​នោះ​ទេ។—ម៉ាថាយ ៦:១៩

៨. តើ​របៀប​ដែល​គ្រិស្ដ​សាសនិក​ម្នាក់​ប្រើ​ពេល​វេលា​របស់​គាត់​អាច​នាំ​ឲ្យ​គាត់​រសាត់​ចេញ​ពី​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍​មួយ។

ពេល​វេលា: ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​មិន​រសាត់​ចេញ​ពី​សេចក្ដី​ពិត យើង​ត្រូវ​បន្ដ​ប្រើ​ពេល​វេលា​យ៉ាង​ឈ្លាស​វៃ។ បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​ទេ យើង​ប្រហែល​ជា​នឹង​ចំណាយ​ពេល​ច្រើន​ពេក​ទៅ​លើ​ការ​កម្សាន្ដ និង​ការ​មើល​អ៊ីនធឺណិត​ឬ​ទូរទស្សន៍។ ទោះ​ជា​អ្វី​ទាំង​នោះ​ប្រហែល​ជា​មិន​ខុស​ក្ដី យើង​ប្រហែល​ជា​ចាប់​ផ្ដើម​ប្រើ​ពេល​វេលា​ដែល​យើង​ធ្លាប់​ប្រើ​ក្នុង​ការ​សិក្សា​និង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដើម្បី​ធ្វើ​អ្វី​ទាំង​នោះ។ អ្វី​មួយ​ស្រដៀង​នឹង​នេះ​បាន​កើត​ឡើង​ចំពោះ​បង​ស្រី​អេមម៉ា។ * (​សូម​មើល​កំណត់​សម្គាល់​) តាំង​ពី​គាត់​នៅ​ក្មេង គាត់​ចូល​ចិត្ដ​សត្វ​សេះ ហើយ​ឆ្លៀត​ពេល​ជិះ​វា​នៅ​ពេល​ណា​ដែល​គាត់​អាច​ធ្វើ​បាន។ ប៉ុន្ដែ គាត់​ចាប់​ផ្ដើម​មាន​អារម្មណ៍​មិន​ស្រួល​ដោយ​សារ​គាត់​ចំណាយ​ពេល​ច្រើន​ទៅ​លើ​ការ​ជិះ​សេះ ហើយ​គាត់​សម្រេច​ចិត្ដ​ធ្វើ​ការ​កែ​ប្រែ​ចំពោះ​អ្វី​ដែល​គាត់​ចាត់​ទុក​ថា​សំខាន់។ បង​អេមម៉ា​ក៏​បាន​រៀន​ពី​បទ​ពិសោធន៍​របស់​បង​ស្រី​ខូរី វ៉េល ដែល​ជា​បង​ស្រី​ម្នាក់​ដែល​ធ្លាប់​ជិះ​សេះ​ប្រកួត​គ្នា។ * (​សូម​មើល​កំណត់​សម្គាល់​) ឥឡូវ បងអេមម៉ា​មាន​ពេល​វេលា​ច្រើន​ជាង​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា ហើយ​គាត់​ក៏​មាន​ពេល​ច្រើន​ជាង​ក្នុង​ការ​សេពគប់​ជា​មួយ​នឹង​មិត្ដ​ភក្ដិ​និង​ក្រុម​គ្រួសារ​របស់​គាត់​ដែល​ជា​អ្នក​បម្រើ​ព្រះ​ដែរ។ គាត់​មាន​អារម្មណ៍​ថា​គាត់​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​ជាង ហើយ​ក៏​សប្បាយ​ចិត្ដ​ដែល​គាត់​ប្រើ​ពេល​វេលា​យ៉ាង​ឈ្លាស​វៃ។

៩. តើ​ទ្រព្យ​សម្បត្ដិ​អាច​ទៅ​ជា​អ្វី​ដ៏​សំខាន់​ពេក​តាម​របៀប​ណា?

ទ្រព្យ​សម្បត្ដិ: ដើម្បី​បន្ដ​ដើរ​ក្នុង​សេចក្ដី​ពិត យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ទ្រព្យ​សម្បត្ដិ​ទៅ​ជា​អ្វី​ដែល​សំខាន់​ពេក​ចំពោះ​យើង​ឡើយ។ ពេល​យើង​បាន​រៀន​សេចក្ដី​ពិត យើង​បាន​ទទួល​ស្គាល់​ថា​ការ​បម្រើ​ព្រះ​យេហូវ៉ា​គឺ​សំខាន់​ជាង​ទ្រព្យ​សម្បត្ដិ​ឆ្ងាយ​ណាស់ ហើយ​យើង​បាន​សុខ​ចិត្ដ​លះ​បង់​របស់​ទាំង​នោះ​ដើម្បី​បាន​សេចក្ដី​ពិត។ ប៉ុន្ដែ​យូរ​ៗ​ទៅ យើង​ប្រហែល​ជា​ឃើញ​ថា​អ្នក​ឯ​ទៀត​ទិញ​គ្រឿង​អេឡិចត្រូនិក​ថ្មី​ៗ ឬ​ទិញ​អ្វី​ផ្សេង​ទៀត ហើយ​យើង​ប្រហែល​ជា​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​យើង​ខក​ខាន​ទទួល​ប្រយោជន៍​ដូច​គេ។ យើង​ប្រហែល​ជា​លែង​ស្កប់​ចិត្ដ​នឹង​អ្វី​ដែល​យើង​មាន ហើយ​ចាប់​ផ្ដើម​ផ្ដោត​អារម្មណ៍​ច្រើន​ជាង​ទៅ​លើ​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ ជា​ជាង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា។ នេះ​រំលឹក​យើង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ដេម៉ាស។ គាត់​ស្រឡាញ់​«​របៀប​របប​ពិភព​លោក​នា​បច្ចុប្បន្ន​នេះ​»​ រហូត​ដល់​គាត់​បាន​បោះ​បង់​ចោល​ភារកិច្ច​ដែល​គាត់​មាន​ជា​មួយ​នឹង​សាវ័ក​ប៉ូល។ (​ធីម៉ូថេ​ទី២ ៤:១០​) ប្រហែល​ជា​ដេម៉ាស​ស្រឡាញ់​ទ្រព្យ​សម្បត្ដិ​ច្រើន​ជាង​ការ​បម្រើ​ព្រះ ឬ​គាត់​ប្រហែល​ជា​លែង​ចង់​ធ្វើ​ការ​លះ​បង់​ដើម្បី​បម្រើ​ជា​មួយ​នឹង​ប៉ូល។ តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី? ប្រហែល​ជា​យើង​ធ្លាប់​ស្រឡាញ់​ទ្រព្យ​សម្បត្ដិ ហើយ​បើ​យើង​មិន​ប្រុង​ប្រយ័ត្ន យើង​ប្រហែល​ជា​នឹង​ចាប់​ផ្ដើម​ស្រឡាញ់​អ្វី​ទាំង​នោះ​ម្ដង​ទៀត​កាន់​តែ​ខ្លាំង​ឡើង​ៗ រហូត​ដល់​យើង​បាត់​បង់​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​សេចក្ដី​ពិត។

១០. តើ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ទទួល​ឥទ្ធិពល​ពី​អ្នក​ណា?

១០ ទំនាក់​ទំនង​ជា​មួយ​នឹង​អ្នក​ឯ​ទៀត: ដើម្បី​បន្ដ​ដើរ​ក្នុង​សេចក្ដី​ពិត យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ពួក​អ្នក​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា​ជះ​ឥទ្ធិពល​មក​លើ​យើង​ទេ។ ពេល​យើង​បាន​រៀន​សេចក្ដី​ពិត ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​មិត្ដ​ភក្ដិ​និង​ក្រុម​គ្រួសារ​របស់​យើង​ដែល​មិន​មែន​ជា​សាក្សី​បាន​ផ្លាស់​ប្ដូរ។ ប្រហែល​ជា​ពួក​គេ​ខ្លះ​បាន​គោរព​សិទ្ធិ​របស់​យើង​ក្នុង​ការ​ជ្រើស​រើស​សាសនា​ថ្មី រីឯ​អ្នក​ខ្លះ​ទៀត​ប្រហែល​ជា​បាន​ប្រឆាំង​យើង។ (​ពេត្រុស​ទី១ ៤:៤​) ពិត​មែន​ថា​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ចុះ​សម្រុង​ជា​មួយ​នឹង​សមាជិក​ក្រុម​គ្រួសារ​របស់​យើង ហើយ​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​ពួក​គេ តែ​យើង​មិន​អាច​ព្រងើយ​កន្ដើយ​នឹង​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ពេញ​ចិត្ដ​នោះ​ទេ។ ម្យ៉ាង​ទៀត យើង​រៀន​ពី​កូរិនថូស​ទី១ ១៥:៣៣​ថា​មិត្ដ​ជិត​ស្និទ្ធ​របស់​យើង​គួរ​តែ​ជា​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។

១១. តើ​យើង​អាច​ជៀស​វាង​ពី​គំនិត​និង​ការ​ប្រព្រឹត្ដ​មិន​ស្អាត​ស្អំ​យ៉ាង​ដូច​ម្ដេច?

១១ គំនិត​និង​ការ​ប្រព្រឹត្ដ​មិន​ស្អាត​ស្អំ: ដើម្បី​ដើរ​ក្នុង​សេចក្ដី​ពិត យើង​ត្រូវ​ធ្វើ​ជា​មនុស្ស​បរិសុទ្ធ​ឬ​ស្អាត​ស្អំ​តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា។ (​អេសាយ ៣៥:៨; សូម​អាន ពេត្រុស​ទី១ ១:១៤​-​១៦) ពេល​យើង​បាន​រៀន​សេចក្ដី​ពិត យើង​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ៗ​ក្នុង​ជីវិត​របស់​យើង​ដើម្បី​ធ្វើ​តាម​ខ្នាត​តម្រា​ពី​គម្ពីរ។ អ្នក​ខ្លះ​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ធំ​ណាស់។ ប៉ុន្ដែ យើង​នៅ​តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​ថា​យើង​មិន​ប្ដូរ​របៀប​រស់​នៅ​ដ៏​ស្អាត​ស្អំ​របស់​យើង​ជា​មួយ​នឹង​របៀប​រស់​នៅ​ដែល​ប្រាស​ចាក​សីលធម៌​ឡើយ។ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​តយុទ្ធ​នឹង​បំណង​ចិត្ដ​ឲ្យ​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌? ចូរ​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​ដើម្បី​យើង​អាច​ធ្វើ​ជា​មនុស្ស​បរិសុទ្ធ។ លោក​បាន​ផ្ដល់​ជីវិត​ដ៏​ថ្លៃ​វិសេស​របស់​បុត្រ​ជា​ទី​ស្រឡាញ់ ពោល​គឺ​លោក​យេស៊ូ​គ្រិស្ដ! (​ពេត្រុស​ទី១ ១:១៨, ១៩​) ដើម្បី​ជួយ​យើង​ឲ្យ​រក្សា​ខ្លួន​ជា​មនុស្ស​ស្អាត​ស្អំ​តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា យើង​ត្រូវ​ចាំ​ជា​និច្ច​ថា​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​មាន​តម្លៃ​វិសេស​ណាស់។

១២, ១៣. (​ក​) ហេតុ​អ្វី​យើង​គួរ​តែ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​បុណ្យ​ផ្សេង​ៗ​? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​ឥឡូវ​នេះ?

១២ ទំនៀម​ទម្លាប់​ដែល​ព្រះ​មិន​ពេញ​ចិត្ដ: សមាជិក​ក្រុម​គ្រួសារ អ្នក​រួម​ការ​ងារ និង​សិស្ស​រួម​ថ្នាក់ ប្រហែល​ជា​ព្យាយាម​បង្ខិត​បង្ខំ​យើង​ឲ្យ​ចូល​រួម​ធ្វើ​បុណ្យ​ផ្សេង​ៗ​ជា​មួយ​នឹង​ពួក​គេ។ តើ​អ្វី​អាច​ជួយ​យើង​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ឲ្យ​ចូល​រួម​ក្នុង​ទំនៀម​ទម្លាប់​និង​បុណ្យ​ផ្សេង​ៗ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ដ? យើង​ត្រូវ​យល់​ច្បាស់​និង​ចាំ​ជា​និច្ច​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ដ​ចំពោះ​ទំនៀម​ទម្លាប់​និង​បុណ្យ​ទាំង​នោះ។ យើង​អាច​ធ្វើ​ការ​ស្រាវ​ជ្រាវ​ក្នុង​សៀវភៅ​របស់​យើង​ដើម្បី​រំលឹក​យើង​អំពី​ដើម​កំណើត​នៃ​បុណ្យ​ផ្សេង​ៗ។ ពេល​យើង​រំពឹង​គិត​អំពី​មូលហេតុ​ផ្សេង​ៗ​ពី​គម្ពីរ​ដែល​យើង​មិន​ធ្វើ​បុណ្យ​ទាំង​នោះ យើង​ជឿ​ជាក់​ថា​យើង​កំពុង​ដើរ​តាម​ផ្លូវ​មួយ​ដែល​«​លោក​ម្ចាស់​ពេញ​ចិត្ដ​»។ (​អេភេសូរ ៥:១០​) បើ​យើង​ទុក​ចិត្ដ​ព្រះ​យេហូវ៉ា​និង​បណ្ដាំ​របស់​លោក យើង​នឹង​មិន​ភ័យ​ខ្លាច​ចំពោះ​ទស្សនៈ​របស់​មនុស្ស​ឯ​ទៀត​ទេ។—សុភាសិត ២៩:២៥

១៣ យើង​សង្ឃឹម​ថា​យើង​នឹង​បន្ដ​ដើរ​ក្នុង​សេចក្ដី​ពិត​ជា​រៀង​រហូត។ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​តាំង​ចិត្ដ​កាន់​តែ​ខ្លាំង​ដើម្បី​ដើរ​ក្នុង​សេចក្ដី​ពិត​ជា​និច្ច? មាន​អ្វី​បី​យ៉ាង​ដែល​យើង​អាច​ធ្វើ។

ចូរ​តាំង​ចិត្ដ​កាន់​តែ​ខ្លាំង​ដើម្បី​ដើរ​ក្នុង​សេចក្ដី​ពិត

១៤. (​ក​) តើ​ការ​បន្ដ​សិក្សា​គម្ពីរ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ឲ្យ​តាំង​ចិត្ដ​មិន​ចាក​ចេញ​ពី​សេចក្ដី​ពិត? (​ខ​) ហេតុ​អ្វី​យើង​ត្រូវ​ការ​ប្រាជ្ញា ការ​ប្រៀន​ប្រដៅ និង​ការ​យល់​ដឹង?

១៤ ទី១ ចូរ​បន្ដ​សិក្សា​គម្ពីរ ហើយ​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​អ្វី​ដែល​អ្នក​បាន​រៀន។ សូម​លៃ​ទុក​ពេល​ជា​ទៀង​ទាត់​ដើម្បី​ធ្វើ​ដូច្នេះ។ កាល​ដែល​អ្នក​កាន់​តែ​សិក្សា អ្នក​នឹង​កាន់​តែ​ស្រឡាញ់​សេចក្ដី​ពិត ហើយ​តាំង​ចិត្ដ​មិន​ចាក​ចេញ​ពី​សេចក្ដី​ពិត​នេះ​ឡើយ។ សុភាសិត ២៣:២៣​ប្រាប់​យើង​ឲ្យ​«​ទិញ​សេចក្ដី​ពិត​»​ ហើយ​ក៏​ទិញ​«​ប្រាជ្ញា សេចក្ដី​ដំបូន្មាន នឹង​យោបល់​»​ឬ​ការ​យល់​ដឹង។ ការ​ស្គាល់​សេចក្ដី​ពិត​ពី​គម្ពីរ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ យើង​ត្រូវ​ធ្វើ​តាម​សេចក្ដី​ពិត​នោះ​ក្នុង​ជីវិត​របស់​យើង។ ពេល​យើង​មាន​ការ​យល់​ដឹង យើង​បន្ថែម​អ្វី​ថ្មី​ៗ​ដែល​យើង​បាន​រៀន​ទៅ​លើ​អ្វី​ដែល​យើង​ដឹង​រួច​ហើយ។ ប្រាជ្ញា​ជំរុញ​ចិត្ដ​យើង​ឲ្យ​ប្រព្រឹត្ដ​តាម​អ្វី​ដែល​យើង​ដឹង។ ជួន​កាល សេចក្ដី​ដំបូន្មាន​ឬ​ការ​ប្រៀន​ប្រដៅ​ពី​សេចក្ដី​ពិត​បង្ហាញ​យើង​ថា មាន​អ្វី​ផ្សេង​ៗ​ដែល​យើង​ត្រូវ​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត។ យើង​ត្រូវ​ឆាប់​ធ្វើ​តាម​ការ​ប្រៀន​ប្រដៅ​នោះ ដែល​គម្ពីរ​ចែង​ថា​មាន​តម្លៃ​ជាង​ប្រាក់។—សុភាសិត ៨:១០

១៥. តើ​តាម​របៀប​ណា​សេចក្ដី​ពិត​ការ​ពារ​យើង​ដូច​ខ្សែ​ក្រវាត់?

១៥ ទី២ ចូរ​តាំង​ចិត្ដ​ធ្វើ​តាម​សេចក្ដី​ពិត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក។ គម្ពីរ​ប្រដូច​សេចក្ដី​ពិត​ទៅ​នឹង​ខ្សែ​ក្រវាត់​របស់​ទាហាន។ (​អេភេសូរ ៦:១៤​) នៅ​សម័យ​គម្ពីរ​ក្នុង​ពេល​ធ្វើ​សង្គ្រាម ខ្សែ​ក្រវាត់​អប​ចង្កេះ​ដើម្បី​ការ​ពារ​ទាហាន។ ប៉ុន្ដែ​វា​ត្រូវ​តែ​តឹង​ជាប់​ចង្កេះ​របស់​គាត់។ បើ​វា​រលុង វា​នឹង​មិន​អប​ចង្កេះ​ឬ​ការ​ពារ​គាត់​ទេ។ តើ​សេចក្ដី​ពិត​ការ​ពារ​យើង​ដូច​ខ្សែ​ក្រវាត់​យ៉ាង​ដូច​ម្ដេច? បើ​យើង​រក្សា​ខ្លួន​ឲ្យ​នៅ​ជាប់​នឹង​សេចក្ដី​ពិត​ពី​គម្ពីរ​ជា​និច្ច នេះ​នឹង​ការ​ពារ​យើង​ពី​ការ​មាន​របៀប​គិត​គូរ​ដែល​ខុស ហើយ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ដ​ល្អ។ ពេល​យើង​មាន​បញ្ហា​ធ្ងន់​ធ្ងរ ឬ​មាន​បំណង​ចិត្ដ​ធ្វើអ្វី​ដែល​ខុស សេចក្ដី​ពិត​ពី​គម្ពីរ​នឹង​ជួយ​យើង​ឲ្យ​តាំង​ចិត្ដ​កាន់​តែ​ខ្លាំង​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ ដូច​ទាហាន​មិន​ដែល​ចូល​ធ្វើ​សង្គ្រាម​ដោយ​មិន​ពាក់​ខ្សែ​ក្រវាត់​របស់​គាត់​ទេ យើង​ក៏​នឹង​មិន​ចាក​ចេញ​ពី​សេចក្ដី​ពិត​ដែរ។ យើង​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​ធ្វើ​តាម​សេចក្ដី​ពិត​ពី​គម្ពីរ​ក្នុង​គ្រប់​ការ​ទាំង​អស់។ ទាហាន​ក៏​សៀត​ដាវ​ជាប់​នឹង​ខ្សែ​ក្រវាត់។ សូម​យើង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដែល​ស្រដៀង​នឹង​នេះ។

១៦. តើ​ការ​បង្រៀន​សេចក្ដី​ពិត​ជួយ​យើង​យ៉ាង​ណា​ដើម្បី​បន្ដ​ដើរ​ក្នុង​សេចក្ដី​ពិត?

១៦ ទី៣ ចូរ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត​ពី​គម្ពីរ​ឲ្យ​បាន​ច្រើន​បំផុត។ គម្ពីរ​បាន​ត្រូវ​ប្រដូច​នឹង​ដាវ។ ដូច​ទាហាន​ដ៏​ពូកែ​ម្នាក់​កាន់​ដាវ​ឲ្យ​ជាប់ យើង​ត្រូវ​កាន់​ខ្ជាប់​នូវ​បណ្ដាំ​របស់​ព្រះ។ (​អេភេសូរ ៦:១៧​) យើង​ទាំង​អស់​គ្នា​អាច​ទៅ​ជា​អ្នក​បង្រៀន​សេចក្ដី​ពិត​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង ដើម្បី​យើង​អាច​«​បង្រៀន​និង​ពន្យល់​បណ្ដាំ​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ​»។ (​ធីម៉ូថេ​ទី២ ២:១៥​) ពេល​យើង​ប្រើ​គម្ពីរ​ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត យើង​ស្គាល់​សេចក្ដី​ពិត​កាន់​តែ​ច្រើន ហើយ​ក៏​ស្រឡាញ់​សេចក្ដី​ពិត​ខ្លាំង​ឡើង​ៗ។ ម្យ៉ាង​ទៀត យើង​តាំង​ចិត្ដ​កាន់​តែ​ខ្លាំង​ដើម្បី​បន្ដ​ដើរ​ក្នុង​សេចក្ដី​ពិត។

សេចក្ដី​ពិត​គឺ​ជា​អំណោយ​មួយ​ដ៏​មាន​តម្លៃ​វិសេស​ពី​ព្រះ​យេហូវ៉ា

១៧. ហេតុ​អ្វី​សេចក្ដី​ពិត​មាន​តម្លៃ​ចំពោះ​អ្នក?

១៧ សេចក្ដី​ពិត​គឺ​ជា​អំណោយ​មួយ​ដ៏​មាន​តម្លៃ​វិសេស​ពី​ព្រះ​យេហូវ៉ា។ ដោយ​សារ​សេចក្ដី​ពិត​នេះ យើង​អាច​មាន​ចំណង​មិត្ដភាព​ជា​មួយ​នឹង​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌។ គ្មាន​អ្វី​ដែល​មាន​តម្លៃ​វិសេស​ជាង​នេះ​ទេ។ ព្រះ​យេហូវ៉ា​បាន​បង្រៀន​យើង​នូវ​អ្វី​ៗ​ជា​ច្រើន​រួច​ហើយ ប៉ុន្ដែ​នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ! លោក​សន្យា​ថា​លោក​នឹង​បន្ដ​បង្រៀន​យើង​ជា​រៀង​រហូត។ ដូច្នេះ ចូរ​ចាត់​ទុក​ថា​សេចក្ដី​ពិត​មាន​តម្លៃ​ដូច​គជ់​ខ្យង​ដ៏​ថ្លៃ​វិសេស។ ចូរ​បន្ដ​«​ទិញ​សេចក្ដី​ពិត​ចុះ កុំ​ឲ្យ​លក់​ចេញ​ឡើយ​»។ យ៉ាង​នេះ​ដូច​ដាវីឌ អ្នក​នឹង​ធ្វើ​តាម​ពាក្យ​សន្យា​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ទូល​បង្គំ​នឹង​ដើរ​ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់​»។—ទំនុក​តម្កើង ៨៦:១១

^ វគ្គ 8 ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 8 សូម​មើល​JW​ទូរទស្សន៍ រួច​ចុច​បទ​សម្ភាសន៍​និង​បទ​ពិសោធន៍ ▸ សេចក្ដី​ពិត​កែ​ប្រែ​ជីវិត។