តើអ្នកមានរបៀបគិតគូរដូចព្រះយេហូវ៉ាឬទេ?
«ចូរទទួលការកែប្រែទាំងស្រុង ដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នករាល់គ្នា»។—រ៉ូម ១២:២
១, ២. តើយើងរៀនអ្វីកាលដែលយើងបន្ដរីកចម្រើនក្នុងសេចក្ដីពិត? សូមលើកឧទាហរណ៍មួយ។
សូមស្រមៃគិតថាបុគ្គលម្នាក់ឲ្យអំណោយដល់ក្មេងតូចម្នាក់។ ឪពុកម្ដាយរបស់ក្មេងនោះបង្គាប់ថា «សូមអរគុណគាត់»។ មូលហេតុចម្បងដែលកូននិយាយពាក្យអរគុណ គឺដោយសារឪពុកម្ដាយបង្គាប់គាត់។ ប៉ុន្ដែ កាលដែលកូននោះធំឡើង គាត់ចាប់ផ្ដើមយល់អំពីមូលហេតុដែលឪពុកម្ដាយរបស់គាត់គិតថាគឺសំខាន់ឲ្យបង្ហាញអំណរគុណពេលដែលអ្នកឯទៀតប្រព្រឹត្ដដោយសប្បុរសចំពោះគាត់។ យូរៗទៅ គាត់រៀនឲ្យចេះមានចិត្ដកតញ្ញូ ហើយនេះជំរុញចិត្ដគាត់ឲ្យអរគុណអ្នកឯទៀតដោយមិនចាំបាច់មានអ្នកណាប្រាប់គាត់ទេ។
២ អ្វីមួយស្រដៀងនឹងនេះបានកើតឡើងចំពោះយើង។ ពេលយើងចាប់ផ្ដើមរៀនសេចក្ដីពិត យើងបានរៀនថាការធ្វើតាមតម្រូវការដ៏ចាំបាច់របស់ព្រះយេហូវ៉ាគឺសំខាន់ណាស់។ ប៉ុន្ដែ កាលដែលយើងបន្ដរីកចម្រើន យើងរៀនថែមទៀតអំពីគំនិតរបស់លោក ពោលគឺអ្វីដែលលោកចូលចិត្ដ អ្វីដែលលោកមិនចូលចិត្ដ និងទស្សនៈរបស់លោកចំពោះរឿងផ្សេងៗ។ ពេលយើងអនុញ្ញាតឲ្យរបៀបគិតគូររបស់ព្រះយេហូវ៉ាមានឥទ្ធិពលលើការសម្រេចចិត្ដផ្ទាល់ខ្លួន និងការប្រព្រឹត្ដរបស់យើង នោះយើងមានរបៀបគិតគូរដូចព្រះយេហូវ៉ា។
៣. ហេតុអ្វីការមានរបៀបគិតគូរដូចព្រះយេហូវ៉ាប្រហែលជាពិបាកចំពោះយើង?
៣ ទោះជាយើងសប្បាយរៀនឲ្យមានរបៀបគិតគូរដូចព្រះយេហូវ៉ាក្ដី ជួនកាលយើងពិបាកមានរបៀបគិតគូរដូចលោក ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ។ ជាឧទាហរណ៍ យើងដឹងថាព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះទ្រព្យសម្បត្ដិ ភាពស្អាតស្អំខាងសីលធម៌ កិច្ចបម្រើផ្សាយ ការចាក់បញ្ចូលឈាម និងរឿងផ្សេងទៀត។ ប៉ុន្ដែ យើងប្រហែលជាពិបាកយល់អំពីមូលហេតុដែលលោកមានទស្សនៈបែបនោះ។ ដូច្នេះ តើយើងអាចរៀនឲ្យមានរបៀបគិតគូរដូចព្រះយេហូវ៉ាឲ្យកាន់តែច្រើនយ៉ាងដូចម្ដេច? តើនេះនឹងជួយយើងយ៉ាងណាឲ្យធ្វើអ្វីដែលត្រឹមត្រូវនៅឥឡូវនេះនិងនៅពេលអនាគត?
របៀបដែលយើងអាចមានរបៀបគិតគូរដូចព្រះ
៤. តើការផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់យើងមានន័យយ៉ាងណា?
៤ សូមអាន រ៉ូម ១២:២។ នៅខនេះ សាវ័កប៉ូលបានរៀបរាប់អំពីអ្វីដែលយើងត្រូវធ្វើដើម្បីរៀនឲ្យមានរបៀបគិតគូរដូចព្រះយេហូវ៉ា។ គាត់បាននិយាយថា៖ «ឈប់យកតម្រាប់តាមរបៀបរបបពិភពលោកនេះ»។ ដូចយើងបានរៀនក្នុងអត្ថបទមុន នេះមានន័យថាយើងមិនព្រមទទួលទស្សនៈនិងចិត្ដគំនិតរបស់ពិភពលោកនេះទេ។ ប៉ុន្ដែ ប៉ូលក៏បាននិយាយថាយើងត្រូវផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់យើង។ នេះមានន័យថាយើងត្រូវសិក្សាបណ្ដាំរបស់ព្រះ យល់អំពីគំនិតរបស់លោក រំពឹងគិតអំពីគំនិតទាំងនោះ និងខំព្យាយាមឲ្យមានរបៀបគិតគូរដូចលោក។
៥. សូមពន្យល់អំពីភាពខុសគ្នារវាងការអាននិងការសិក្សា។
៥ ការសិក្សាមិនគ្រាន់តែជាការអានព័ត៌មានលឿនៗ ឬការគូសចម្លើយចំពោះសំណួរផ្សេងៗប៉ុណ្ណោះទេ។ ពេលយើងសិក្សា យើងគិតអំពីអ្វីដែលព័ត៌មាននោះបង្រៀនយើងអំពីព្រះយេហូវ៉ា អ្វីដែលលោកបានធ្វើ និងរបៀបគិតគូររបស់លោក។ យើងខំយល់អំពីមូលហេតុដែលព្រះយេហូវ៉ាប្រាប់យើងឲ្យធ្វើអ្វីមួយនិងឲ្យជៀសវាងពីអ្វីមួយ។ យើងក៏ពិចារណាអំពីអ្វីដែលយើងត្រូវផ្លាស់ប្ដូរក្នុងជីវិតនិងក្នុងរបៀបគិតគូររបស់យើង។ ពិតមែនថាយើងប្រហែលជាមិនអាចរំពឹងគិតអំពីចំណុចទាំងអស់នេះនៅរាល់ដងដែលយើងសិក្សាទេ ប៉ុន្ដែគឺជាការល្អដែលរាល់ដងពេលយើងសិក្សា យើងចំណាយពេលប្រហែលជាពាក់កណ្ដាល ដើម្បីរំពឹងគិតអំពីអ្វីដែលយើងបានអាននិងសិក្សានោះ។—ទំនុកតម្កើង ១១៩:៩៧; ធីម៉ូថេទី១ ៤:១៥
៦. តើអ្វីកើតឡើងពេលយើងរំពឹងគិតអំពីបណ្ដាំរបស់ព្រះ?
៦ ពេលយើងរំពឹងគិតជាទៀងទាត់អំពីបណ្ដាំរបស់ព្រះ មានអ្វីដ៏អស្ចារ្យកើតឡើង។ យើង‹ពិសោធមើលដោយខ្លួនយើង›ឬធ្វើឲ្យខ្លួនជឿជាក់ថា គំនិតរបស់ព្រះយេហូវ៉ាគឺល្អឥតខ្ចោះ។ យើងចាប់ផ្ដើមយល់អំពីទស្សនៈរបស់លោកចំពោះរឿងផ្សេងៗ ហើយយូរៗទៅ យើងយល់ស្របនឹងទស្សនៈរបស់លោក។ ដូច្នេះ យើងផ្លាស់ប្ដូររបៀបគិតគូររបស់យើង ហើយចាប់ផ្ដើមមានរបៀបគិតគូរថ្មី។ បន្ដិចម្ដងៗ យើងមានគំនិតដូចព្រះយេហូវ៉ា។
គំនិតរបស់យើងមានឥទ្ធិពលទៅលើការប្រព្រឹត្ដរបស់យើង
៧, ៨. (ក) តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះទ្រព្យសម្បត្ដិ? (សូមមើលរូបភាពនៅដើមអត្ថបទ) (ខ) បើយើងមានទស្សនៈដូចព្រះយេហូវ៉ាចំពោះទ្រព្យសម្បត្ដិ តើយើងនឹងចាត់ទុកអ្វីថាសំខាន់បំផុតជានិច្ច?
៧ គំនិតរបស់យើងមានឥទ្ធិពលទៅលើការប្រព្រឹត្ដរបស់យើង។ (ម៉ាកុស ៧:២១-២៣; យ៉ាកុប ២:១៧) សូមពិចារណាអំពីឧទាហរណ៍ខ្លះៗដែលបង្ហាញយ៉ាងច្បាស់អំពីចំណុចនេះ។ ទី១ នៅក្នុងកំណត់ហេតុអំពីកំណើតរបស់លោកយេស៊ូ យើងអាចឃើញយ៉ាងច្បាស់អំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះទ្រព្យសម្បត្ដិ។ ព្រះបានជ្រើសរើសយ៉ូសែបនិងម៉ារៀដោយផ្ទាល់ ដើម្បីចិញ្ចឹមអប់រំបុត្ររបស់លោក ទោះជាពួកគេមិនមែនជាអ្នកមានក្ដី។ (លេវីវិន័យ ១២:៨; លូកា ២:២៤) ពេលលោកយេស៊ូបានកើតមក ម៉ារៀបាន‹ផ្ដេកលោកក្នុងស្នូក ពីព្រោះផ្ទះសម្នាក់អស់បន្ទប់ហើយ›។ (លូកា ២:៧) ព្រះយេហូវ៉ាអាចធ្វើឲ្យប្រាកដថាលោកយេស៊ូកើតនៅកន្លែងដែលល្អប្រសើរជាងនោះ បើលោកចង់ធ្វើដូច្នេះ។ ប៉ុន្ដែ លោកចង់ឲ្យលោកយេស៊ូធំឡើងក្នុងក្រុមគ្រួសារមួយដែលចាត់ទុកការគោរពប្រណិប័តន៍ព្រះថាសំខាន់បំផុត។ នោះគឺជាអ្វីដ៏សំខាន់បំផុតចំពោះព្រះយេហូវ៉ា។
៨ កំណត់ហេតុនេះអំពីកំណើតលោកយេស៊ូ បង្រៀនយើងអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះទ្រព្យសម្បត្ដិ។ ឪពុកម្ដាយខ្លះចង់ឲ្យកូនមានរបស់ល្អៗ ទោះជានេះធ្វើឲ្យចំណងមិត្ដភាពរបស់កូនជាមួយនឹងព្រះយេហូវ៉ាចុះខ្សោយក៏ដោយ។ ប៉ុន្ដែ យើងអាចឃើញច្បាស់ថា ព្រះយេហូវ៉ាចាត់ទុកថាចំណងមិត្ដភាពរបស់យើងជាមួយនឹងលោកគឺជាអ្វីដ៏សំខាន់បំផុត។ តើអ្នកមានទស្សនៈដូចព្រះយេហូវ៉ាចំពោះរឿងនេះឬទេ? តើការប្រព្រឹត្ដរបស់អ្នកបង្ហាញយ៉ាងណា?—សូមអាន ហេប្រឺ ១៣:៥
៩, ១០. ស្ដីអំពីការបណ្ដាលឲ្យអ្នកឯទៀតជំពប់ដួល តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាយើងមានទស្សនៈដូចព្រះយេហូវ៉ា?
៩ ឧទាហរណ៍ទី២គឺអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះបុគ្គលដែលបណ្ដាលឲ្យអ្នកឯទៀតជំពប់ដួល ពោលគឺគាត់ធ្វើឲ្យអ្នកឯទៀតប្រព្រឹត្ដអំពើខុសឆ្គង ឬឈប់បម្រើព្រះយេហូវ៉ា។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «អ្នកណាដែលបណ្ដាលឲ្យអ្នកតូចបែបនេះដែលជឿជំពប់ដួល គឺល្អជាងបើយកថ្មត្បាល់កិនយ៉ាងធំមួយចងជាប់ករបស់អ្នកនោះ ហើយយកទៅចោលក្នុងសមុទ្រ»។ (ម៉ាកុស ៩:៤២) ពាក្យទាំងនេះគឺធ្ងន់ណាស់! យើងដឹងថាលោកយេស៊ូគឺដូចបិតាលោកបេះបិទ។ ដូច្នេះ យើងអាចប្រាកដថាព្រះយេហូវ៉ាមិនពេញចិត្ដពេលបុគ្គលណាម្នាក់ធ្វើឲ្យអ្នកកាន់តាមម្នាក់របស់លោកយេស៊ូជំពប់ដួល។—យ៉ូហាន ១៤:៩
១០ តើយើងមានទស្សនៈដូចព្រះយេហូវ៉ានិងលោកយេស៊ូចំពោះការធ្វើឲ្យអ្នកឯទៀតជំពប់ដួលឬទេ? តើការប្រព្រឹត្ដរបស់យើងបង្ហាញយ៉ាងណា? ជាឧទាហរណ៍ យើងប្រហែលជាចូលចិត្ដម៉ូដសម្លៀកបំពាក់និងរបៀបសម្អិតសម្អាងខ្លួនណាមួយ។ ប៉ុន្ដែ តើយើងនឹងធ្វើអ្វីបើការសម្រេចចិត្ដរបស់យើងធ្វើឲ្យបងប្អូនខ្លះក្នុងក្រុមជំនុំទើសចិត្ដ ឬនាំឲ្យអ្នកឯទៀតមានគំនិតប្រាសចាកសីលធម៌? តើសេចក្ដីស្រឡាញ់របស់យើងចំពោះបងប្អូននឹងជំរុញចិត្ដយើងឲ្យលះបង់ចំណង់ចំណូលចិត្ដរបស់ខ្លួនឬទេ?—ធីម៉ូថេទី១ ២:៩, ១០
១១, ១២. តើការរៀនឲ្យចេះទប់ចិត្ដនិងការចេះស្អប់អ្វីដែលព្រះយេហូវ៉ាស្អប់នឹងការពារយើងពីអំពើអាក្រក់យ៉ាងដូចម្ដេច?
១១ ឧទាហរណ៍ទី៣គឺព្រះយេហូវ៉ាស្អប់អំពើទុច្ចរិត។ (អេសាយ ៦១:៨) លោកដឹងថាដោយសារយើងមានភាពខុសឆ្គង យើងពិបាកធ្វើអ្វីដែលត្រឹមត្រូវនៅពេលខ្លះ ប៉ុន្ដែលោកចង់ឲ្យយើងស្អប់អ្វីដែលអាក្រក់ ដូចដែលលោកស្អប់។ (សូមអាន ទំនុកតម្កើង ៩៧:១០) ការរំពឹងគិតអំពីមូលហេតុដែលព្រះយេហូវ៉ាស្អប់អំពើអាក្រក់នឹងជួយយើងឲ្យមានទស្សនៈដូចលោក ហើយនឹងផ្ដល់កម្លាំងឲ្យយើងមិនព្រមធ្វើអ្វីដែលអាក្រក់។
ការប្រព្រឹត្ដខ្លះគឺខុស ទោះជាគម្ពីរមិនបានប្រាប់ចំៗអំពីអ្វីទាំងនោះក្ដី
១២ បើយើងរៀនឲ្យចេះស្អប់អ្វីដែលអាក្រក់ នេះនឹងជួយយើងឲ្យទទួលស្គាល់ថាការប្រព្រឹត្ដខ្លះគឺខុស ទោះជាគម្ពីរមិនបានប្រាប់ចំៗអំពីអ្វីទាំងនោះក្ដី។ ជាឧទាហរណ៍ ប្រភេទមួយនៃការប្រព្រឹត្ដអំពើប្រាសចាកសីលធម៌គឺរបៀបរាំម្យ៉ាងដែលចាប់ផ្ដើមមានកាន់តែច្រើនឡើងៗនៅក្នុងពិភពលោកសព្វថ្ងៃនេះ។ មនុស្សខ្លះគិតថាការរាំប្រភេទនេះគឺមិនដូចគ្នា * (សូមមើលកំណត់សម្គាល់) ប៉ុន្ដែ តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះរឿងនេះ? សូមចាំថាព្រះយេហូវ៉ាស្អប់អំពើអាក្រក់គ្រប់បែបយ៉ាង។ ដូច្នេះ សូមយើងនៅឆ្ងាយពីអំពើអាក្រក់ទាំងអស់ ដោយរៀនឲ្យចេះទប់ចិត្ដនិងស្អប់អ្វីដែលព្រះយេហូវ៉ាស្អប់។—រ៉ូម ១២:៩
នឹងការរួមភេទទេ ដូច្នេះពួកគេគិតថានោះគឺមិនអាក្រក់ឡើយ។សូមគិតនៅឥឡូវនេះអំពីអ្វីដែលអ្នកនឹងធ្វើនៅពេលអនាគត
១៣. ដើម្បីធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃនៅពេលអនាគត ហេតុអ្វីយើងគួរគិតនៅឥឡូវនេះអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះរឿងផ្សេងៗ?
១៣ ពេលយើងសិក្សា យើងគួរគិតអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះរឿងផ្សេងៗ ដោយសារនេះអាចជួយយើងឲ្យធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃ។ យ៉ាងនេះ បើយើងស្ថិតនៅក្នុងស្ថានភាពណាមួយដែលយើងត្រូវធ្វើការសម្រេចចិត្ដភ្លាមៗ យើងនឹងមិនតក់ស្លុតឡើយ។ (សុភាសិត ២២:៣) សូមយើងពិចារណាឧទាហរណ៍មួយចំនួនពីគម្ពីរ។
១៤. តើយើងរៀនអ្វីពីចម្លើយរបស់យ៉ូសែបទៅកាន់ប្រពន្ធរបស់ប៉ូទីផារ?
១៤ ពេលប្រពន្ធរបស់ប៉ូទីផារខំល្បួងលួងលោមយ៉ូសែបឲ្យរួមដំណេកជាមួយនឹងនាង យ៉ូសែបបានបដិសេធភ្លាមៗ។ យ៉ូសែបប្រាកដជាបានរំពឹងគិតអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះអាពាហ៍ពិពាហ៍។ (សូមអាន លោកុប្បត្ដិ ៣៩:៨, ៩) យ៉ូសែបបានប្រាប់ប្រពន្ធរបស់ប៉ូទីផារថា៖ «ធ្វើដូចម្ដេចឲ្យខ្ញុំប្រព្រឹត្ដការដែលអាក្រក់យ៉ាងធំនេះទៅបាន? ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះផង»។ ពាក្យសម្ដីរបស់គាត់បង្ហាញថាគាត់មានទស្សនៈដូចព្រះយេហូវ៉ា។ ចុះយ៉ាងណាយើងវិញ? តើអ្នកនឹងធ្វើអ្វីបើបុគ្គលដែលរួមការងារជាមួយនឹងអ្នកចាប់ផ្ដើមចែចង់អ្នក? ឬចុះបើបុគ្គលណាម្នាក់ផ្ញើសារជាអក្សរ ឬរូបភាពអាសអាភាសតាមទូរសព្ទដៃ? * (សូមមើលកំណត់សម្គាល់) ការរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ាគឺស្រួលជាង បើយើងបានស្វែងយល់និងទទួលយកទស្សនៈរបស់ព្រះយេហូវ៉ាចំពោះរឿងបែបនេះ ហើយបើយើងបានធ្វើការសម្រេចចិត្ដរួចហើយអំពីអ្វីដែលយើងនឹងធ្វើ។
១៥. ដូចដែលជនជាតិហេប្រឺបីនាក់បានធ្វើ តើយើងអាចរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៥ ម្យ៉ាងទៀត សូមពិចារណាអំពីគំរូរបស់ជនជាតិហេប្រឺបីនាក់ដែលបានត្រូវគេស្គាល់ថាជាសាដ្រាក់ មែសាក់ និងអ័បេឌនេកោ។ ពេលស្ដេចនេប៊ូក្នេសាបានបង្គាប់ពួកគាត់ឲ្យគោរពបូជារូបសំណាកមាសដែលគាត់បានធ្វើ ពួកគាត់បានបដិសេធយ៉ាងម៉ឺងម៉ាត់។ ចម្លើយដ៏ច្បាស់របស់ពួកគាត់ទៅកាន់ស្ដេចនោះ បានបង្ហាញថាពួកគាត់បានគិតរួចហើយអំពីអ្វីដែលអាចកើតឡើង បើពួកគាត់រក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ (និក្ខមនំ ២០:៤, ៥; ដានីយ៉ែល ៣:៤-៦, ១២, ១៦-១៨) ចុះយ៉ាងណានៅសព្វថ្ងៃនេះ? តើអ្នកនឹងធ្វើអ្វីបើចៅហ្វាយរបស់អ្នកសុំអ្នកឲ្យចូលលុយសម្រាប់ពិធីបុណ្យមួយដែលទាក់ទងនឹងសាសនាមិនពិត? ជាជាងរង់ចាំរហូតដល់មានរឿងបែបនេះកើតឡើង គឺជាការល្អដែលយើងរំពឹងគិតនៅឥឡូវនេះអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះ រឿងបែបនោះ។ យ៉ាងនេះ គឺស្រួលជាងឲ្យយើងប្រព្រឹត្ដនិងនិយាយអ្វីដែលត្រឹមត្រូវ ដូចដែលជនជាតិហេប្រឺបីនាក់នោះបានធ្វើ។
១៦. តើការយល់ច្បាស់អំពីរបៀបគិតគូររបស់ព្រះយេហូវ៉ាអាចជួយយើងឲ្យត្រៀមខ្លួនយ៉ាងដូចម្ដេចសម្រាប់ពេលមានរឿងអាសន្នខាងសុខភាព?
១៦ ការរំពឹងគិតអំពីរបៀបគិតគូររបស់ព្រះយេហូវ៉ាក៏អាចជួយយើងឲ្យរក្សាភក្ដីភាពចំពោះលោក បើយើងមានរឿងអាសន្នខាងសុខភាព។ យើងតាំងចិត្ដមិនព្រមចាក់បញ្ចូលឈាមសុទ្ធ ឬសមាសធាតុសំខាន់ៗទាំងបួននៃឈាមទេ។ (សកម្មភាព ១៥:២៨, ២៩) ប៉ុន្ដែ មានវិធីព្យាបាលខ្លះដែលទាក់ទងនឹងការប្រើឈាមដែលតម្រូវឲ្យគ្រិស្ដសាសនិកម្នាក់ៗធ្វើការសម្រេចចិត្ដផ្ទាល់ខ្លួន ដោយមានមូលដ្ឋានលើគោលការណ៍គម្ពីរ។ តើពេលណាជាពេលល្អបំផុតដើម្បីធ្វើការសម្រេចចិត្ដនេះ? ឧបមាថាយើងនៅមន្ទីរពេទ្យ ប្រហែលជាកំពុងឈឺចាប់ ហើយគេចង់ឲ្យយើងធ្វើការសម្រេចចិត្ដភ្លាមៗអំពីវិធីព្យាបាលណាមួយ តើនេះជាពេលល្អបំផុតដើម្បីធ្វើការសម្រេចចិត្ដនេះឬទេ? ច្បាស់ជាមិនមែនទេ។ តាមពិត ឥឡូវនេះគឺជាពេលដ៏ល្អបំផុតដើម្បីធ្វើការស្រាវជ្រាវ បំពេញលិខិតដែលមានសុពលភាពតាមច្បាប់ដែលបញ្ជាក់អំពីបំណងចិត្ដរបស់យើង និងនិយាយជាមួយនឹងគ្រូពេទ្យ * (សូមមើលកំណត់សម្គាល់)។
១៧-១៩. ហេតុអ្វីគឺសំខាន់ដែលយើងរៀននៅឥឡូវនេះអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះរឿងផ្សេងៗ? សូមលើកឧទាហរណ៍មួយ។
១៧ សូមគិតអំពីការតបឆ្លើយរបស់លោកយេស៊ូចំពោះយោបល់មិនឈ្លាសវៃរបស់ពេត្រុស។ ពេត្រុសបាននិយាយថា៖ «លោកម្ចាស់ សូមអាណិតខ្លួនផង»។ លោកយេស៊ូច្បាស់ជាបានរំពឹងគិតច្រើនអំពីអ្វីដែលព្រះចង់ឲ្យលោកធ្វើ និងអំពីទំនាយផ្សេងៗអំពីជីវិតនិងការស្លាប់របស់លោកនៅផែនដី។ ចំណេះនេះបានជួយលោករក្សាខ្លួនឲ្យនៅស្មោះត្រង់ចំពោះព្រះយេហូវ៉ា ហើយប្រគល់ជីវិតលោកជាគ្រឿងបូជាសម្រាប់យើងទាំងអស់គ្នា។—សូមអាន ម៉ាថាយ ១៦:២១-២៣
១៨ សព្វថ្ងៃនេះ ព្រះចង់ឲ្យយើងធ្វើជាមិត្ដសម្លាញ់របស់លោក និងខំអស់ពីសមត្ថភាពដើម្បីផ្សព្វផ្សាយដំណឹងល្អ។ (ម៉ាថាយ ៦:៣៣; ២៨:១៩, ២០; យ៉ាកុប ៤:៨) ប៉ុន្ដែ មនុស្សខ្លះដែលមានបំណងចិត្ដល្អប្រហែលជានឹងព្យាយាមនិយាយអ្វីដែលធ្វើឲ្យយើងគិតថាយើងមិនគួរធ្វើអ្វីទាំងនោះទេ ដូចអ្វីដែលពេត្រុសបាននិយាយទៅកាន់លោកយេស៊ូដែរ។ ជាឧទាហរណ៍ ចៅហ្វាយរបស់អ្នកប្រហែលជានឹងឲ្យប្រាក់ខែច្រើនជាងដល់អ្នក ប៉ុន្ដែអ្នកដឹងថាអ្នកនឹងត្រូវធ្វើការច្រើនម៉ោងជាងនិងមិនសូវមានពេលដើម្បីចូលរួមកិច្ចប្រជុំឬផ្សព្វផ្សាយជាមួយនឹងក្រុមជំនុំ តើអ្នកនឹងធ្វើអ្វី? ឬបើអ្នកនៅរៀន ហើយគ្រូបង្រៀនផ្ដល់ឱកាសឲ្យអ្នកទទួលការអប់រំបន្ថែម តែនេះតម្រូវឲ្យអ្នករើចេញពីផ្ទះ តើអ្នកនឹងធ្វើអ្វី? បើនេះកើតឡើង តើអ្នកនឹងត្រូវអធិដ្ឋាន ធ្វើការស្រាវជ្រាវ និងនិយាយជាមួយនឹងសមាជិកក្រុមគ្រួសារ ឬពួកអ្នកចាស់ទុំមុននឹងអ្នកធ្វើការសម្រេចចិត្ដឬទេ? គឺជាការល្អប្រសើរជាងបើនៅឥឡូវនេះអ្នករៀនអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះរឿងទាំងនេះ ហើយខំមានគំនិតដូចលោក។ យ៉ាងនេះ បើគេស្នើសុំអ្នកឲ្យធ្វើអ្វីទាំងនោះ អ្នកប្រហែលជានឹងឃើញថាអ្នកមិនសូវចង់ធ្វើអ្វីទាំងនោះទេ។ អ្នកដឹងច្បាស់ថាអ្នកគួរធ្វើអ្វី ដោយសារអ្នកបានសម្រេចចិត្ដរួចហើយថាអ្នកនឹងផ្ដោតអារម្មណ៍ទៅលើការបម្រើព្រះយេហូវ៉ា។
១៩ អ្នកទំនងជាអាចគិតអំពីស្ថានភាពផ្សេងទៀតដែលប្រហែលជានឹងសាកល្បងភ្លាមៗនូវភក្ដីភាពរបស់អ្នកចំពោះព្រះយេហូវ៉ា។ យើងមិនអាចត្រៀមខ្លួនសម្រាប់ស្ថានភាពទាំងអស់ដែលនឹងកើតឡើងបានទេ។ ប៉ុន្ដែ បើយើងរំពឹងគិតអំពីរបៀបគិតគូររបស់ព្រះយេហូវ៉ាក្នុងអំឡុងការសិក្សាផ្ទាល់ខ្លួន យើងទំនងជានឹងចាំច្រើនជាងអំពីអ្វីដែលយើងបានរៀន ហើយដឹងអំពីរបៀបដែលយើងគួរអនុវត្ដអ្វីទាំងនោះក្នុងស្ថានភាពផ្សេងៗ។ ដូច្នេះពេលយើងសិក្សា សូមយើងស្វែងយល់អំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះរឿងផ្សេងៗ ខំមានរបៀបគិតគូរដូចលោក ហើយគិតអំពីរបៀបដែលទស្សនៈនេះនឹងជួយយើងឲ្យធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃនៅឥឡូវនេះនិងពេលអនាគត។
ទំនាក់ទំនងរវាងរបៀបគិតគូររបស់ព្រះយេហូវ៉ានិងអនាគតរបស់អ្នក
២០, ២១. (ក) ហេតុអ្វីសេរីភាពដែលយើងនឹងមានក្នុងពិភពលោកថ្មីនឹងនាំឲ្យយើងមានអំណរក្រៃលែង? (ខ) តើយើងអាចធ្វើអ្វីដើម្បីមានអំណរនៅឥឡូវនេះ?
២០ យើងទាំងអស់គ្នាទន្ទឹងរង់ចាំពិភពលោកថ្មី។ យើងភាគច្រើនមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតក្នុងសួនឧទ្យាននៅលើផែនដី។ នៅក្រោមការគ្រប់គ្រងនៃរាជាណាចក្រព្រះ យើងនឹងរួចផុតពីការឈឺចាប់និងទុក្ខវេទនាទាំងអស់ដែលយើងជួបប្រទះក្នុងរបៀបរបបពិភពលោកនេះ។ ម្យ៉ាងទៀត យើងនឹងនៅតែមានសេរីភាពធ្វើការសម្រេចចិត្ដដោយផ្អែកទៅលើចំណង់ចំណូលចិត្ដនិងបំណងប្រាថ្នារបស់យើង។
២១ ប៉ុន្ដែ នេះមិនមានន័យថាយើងនឹងមានសេរីភាពដែលគ្មានកម្រិតទេ។ មនុស្សដែលមានចិត្ដសុភាពរាបទាបនឹងនៅតែធ្វើការសម្រេចចិត្ដដោយផ្អែកទៅលើច្បាប់របស់ព្រះយេហូវ៉ានិងរបៀបគិតគូររបស់លោក។ នេះនឹងនាំឲ្យមានអំណរក្រៃលែងនិងមានសន្ដិភាពជាបរិបូរ។ (ទំនុកតម្កើង ៣៧:១១) ប៉ុន្ដែនៅឥឡូវនេះ យើងក៏អាចមានអំណរក្នុងជីវិតកាលដែលយើងមានរបៀបគិតគូរដូចព្រះយេហូវ៉ា។
^ វគ្គ 12 ការរាំបែបនោះគឺជាសកម្មភាពមួយដែលអ្នកសម្ដែងម្នាក់ដែលប្រហែលជាស្រាតពាក់កណ្ដាលខ្លួន រាំអង្គុយលើភ្លៅភ្ញៀវ ហើយធ្វើកាយវិការដែលហាក់ដូចជារួមភេទ។ អាស្រ័យទៅលើស្ថានភាពនីមួយៗ នេះអាចចាត់ទុកថាជាអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ និងតម្រូវឲ្យពួកអ្នកចាស់ទុំបង្កើតគណៈកម្មាធិការវិនិច្ឆ័យ។ គ្រិស្ដសាសនិកណាម្នាក់ដែលបានចូលរួមក្នុងសកម្មភាពបែបនេះគួរសុំជំនួយពីពួកអ្នកចាស់ទុំ។—យ៉ាកុប ៥:១៤, ១៥
^ វគ្គ 14 ការប្រើទូរស័ព្ទដៃដើម្បីផ្ញើសារជាអក្សរ រូបភាព ឬវីដេអូអាសអាភាសបានត្រូវហៅថាការផ្ញើសារក្នុងទម្រង់អាសអាភាស។ អាស្រ័យទៅលើអ្វីដែលបានកើតឡើងក្នុងករណីនេះ ប្រហែលជាពួកអ្នកចាស់ទុំនឹងត្រូវបង្កើតគណៈកម្មាធិការវិនិច្ឆ័យ។ ពួកអាជ្ញាធរធ្លាប់វិនិច្ឆ័យទោសយុវវ័យខ្លះថាជាអ្នកប្រព្រឹត្ដបទល្មើសខាងផ្លូវភេទ ដោយសារពួកគេបានផ្ញើសារក្នុងទម្រង់អាសអាភាស។ ដើម្បីរកព័ត៌មានថែមទៀត សូមចូលគេហទំព័រjw.org/km ហើយអានអត្ថបទដែលមានចំណងជើងថា «តើខ្ញុំគួរដឹងអ្វីខ្លះអំពីការផ្ញើរសារក្នុងទម្រង់អាសអាភាស?» (សូមចុច«សេចក្ដីបង្រៀនក្នុងគម្ពីរ» ▸ «យុវវ័យ»)។
^ វគ្គ 16 ដើម្បីរកព័ត៌មានថែមទៀតអំពីគោលការណ៍គម្ពីរដែលអាចជួយអ្នក សូមមើលសៀវភៅដូចជា«ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់» ទំព័រ២៤៦-២៤៩ជាដើម។