លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤៥

របៀប​ដែល​សកម្មពល​បរិសុទ្ធ​ជួយ​យើង

របៀប​ដែល​សកម្មពល​បរិសុទ្ធ​ជួយ​យើង

​«​ខ្ញុំ​មាន​កម្លាំង​សម្រាប់​អ្វី​ៗ​ទាំង​អស់ ដោយ​សារ​លោក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​»។—ភី. ៤:១៣

ចម្រៀង​លេខ​១០៤ ឫទ្ធា​នុភាព​បរិសុទ្ធ​ជា​អំណោយ​ពី​ព្រះ

សេចក្ដី​សង្ខេប *

១​-​២. (​ក​) តើ​អ្វី​ជួយ​យើង​ឲ្យ​បន្ត​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ? សូម​ពន្យល់។ (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

«ពេល​ខ្ញុំ​គិត​អំពី​ទុក្ខ​លំបាក​ដែល​ខ្ញុំ​ឆ្លង​កាត់ ខ្ញុំ​ដឹង​ថា​ខ្ញុំ​មិន​អាច​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​នោះ​ដោយ​ខ្លួន​ឯង​បាន​ទេ​»។ តើ​អ្នក​ធ្លាប់​និយាយ​បែប​នេះ​ឬ​ទេ? យើង​ជា​ច្រើន​នាក់​ធ្លាប់​និយាយ​ដូច្នេះ។ នេះ​ប្រហែល​ជា​ដោយ​សារ​អ្នក​បាន​ស៊ូ​ទ្រាំ​នឹង​ជំងឺ​ធ្ងន់​ធ្ងរ ឬ​មាន​បុគ្គល​ជា​ទី​ស្រឡាញ់​ស្លាប់។ ពេល​ដែល​អ្នក​គិត​អំពី​ទុក្ខ​លំបាក​នោះ អ្នក​មាន​អារម្មណ៍​ថា​អ្នក​អាច​ស៊ូ​ទ្រាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បាន ដោយ​សារ​តែ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​អ្នក​នូវ​«​ឫទ្ធា​នុភាព​ដែល​លើស​ពី​ធម្មតា​»។—២កូ. ៤:៧​-​៩

យើង​ក៏​ត្រូវ​ពឹង​ផ្អែក​លើ​សកម្មពល​បរិសុទ្ធ​ដើម្បី​ជួយ​យើង​ឲ្យ​ទប់​ទល់​នឹង​ឥទ្ធិពល​របស់​ពិភព​លោក​ដ៏​អាក្រក់​នេះ។ (​១យ៉ូន. ៥:១៩​) បន្ថែម​ទៅ​ទៀត យើង​ត្រូវ​តយុទ្ធ​នឹង​«​ពួក​វិញ្ញាណ​ទុច្ចរិត​»។ (​អេភ. ៦:១២​) ឥឡូវ យើង​នឹង​ពិចារណា​អំពី​របៀប​ពីរ​យ៉ាង​ដែល​សកម្មពល​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​នឹង​បញ្ហា​ទាំង​នេះ។ បន្ទាប់​មក យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ទទួល​ប្រយោជន៍​ពេញ​លេញ​ពី​សកម្មពល​បរិសុទ្ធ។

សកម្មពល​បរិសុទ្ធ​ផ្ដល់​កម្លាំង​ឲ្យ​យើង

៣. តើ​អ្វី​ជា​របៀប​មួយ​ដែល​ព្រះ​យេហូវ៉ា​ជួយ​យើង​តាម​រយៈ​សកម្មពល​បរិសុទ្ធ?

សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ជួយ​យើង ដោយ​ផ្ដល់​កម្លាំង​ឲ្យ​យើង​ដើម្បី​បំពេញ​ភារកិច្ច​របស់​យើង ទោះ​ជា​យើង​មាន​ទុក្ខ​លំបាក​ក្ដី។ ដោយ​សារ​សាវ័ក​ប៉ូល​បាន​ពឹង​ផ្អែក​ទៅ​លើ​«​ឫទ្ធា​នុភាព​របស់​គ្រិស្ត​»​ នោះ​គាត់​អាច​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​បាន ទោះ​ជា​គាត់​មាន​ទុក្ខ​លំបាក​ក៏​ដោយ។ (​២កូ. ១២:៩​) ក្នុង​អំឡុង​ពេល​ប៉ូល​ធ្វើ​ដំណើរ​ជា​សា​ស​ទូត​លើក​ទី២ គាត់​មិន​គ្រាន់​តែ​ចំណាយ​ពេល​ច្រើន​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​ក៏​បាន​ធ្វើ​ការ​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​ដែរ។ គាត់​បាន​ស្នាក់​នៅ​ផ្ទះ​របស់​អាគីឡា​និង​ព្រីស៊ីល នា​ក្រុង​កូរិនថូស។ ពួក​គាត់​ជា​អ្នក​ធ្វើ​ត្រសាល។ ប៉ូល​ក៏​ជា​អ្នក​ធ្វើ​ត្រសាល​ដែរ ហើយ​ថ្ងៃ​ខ្លះ​គាត់​បាន​ធ្វើ​ការ​ជា​មួយ​នឹង​ពួកគាត់។ (​សកម្ម. ១៨:១​-​៤​) សកម្មពល​បរិសុទ្ធ​បាន​ផ្ដល់​កម្លាំង​ឲ្យ​ប៉ូល​ធ្វើ​ការ​ផង និង​បំពេញ​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់​ផង។

៤. យោង​ទៅ​តាម​កូរិនថូស​ទី២ ១២:៧​ខ​-​៩ តើ​ប៉ូល​ត្រូវ​ប្រឈម​មុខ​នឹង​អ្វី?

សូម​អាន កូរិនថូស​ទី២ ១២:៧​ខ​-​៩ក្នុង​ខ​គម្ពីរ​នេះ ពេល​ដែល​ប៉ូល​បាន​និយាយ​ថា​គាត់​មាន​«​បន្លា​មួយ​ក្នុង​សាច់​ឈាម​»​ តើ​គាត់​ចង់​មាន​ន័យ​យ៉ាង​ណា? បើ​អ្នក​មាន​បន្លា​មុត​ជាប់​សាច់ អ្នក​នឹង​ឈឺ​ចាប់​ជា​ខ្លាំង។ ដូច្នេះ ប៉ូល​កំពុង​និយាយ​ថា​គាត់​បាន​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ដែល​នាំ​ឲ្យ​គាត់​ឈឺ​ចាប់។ គាត់​បាន​ហៅ​ទុក្ខ​លំបាក​នេះ​ថា​«​ទេវតា​មួយ​របស់​សាថាន​»​ ដែល​«​ទះ​»​គាត់​ជា​និច្ច។ សាថាន​ឬ​វិញ្ញាណ​កំណាច​របស់​វា ប្រហែល​ជា​មិន​បាន​ធ្វើ​ឲ្យ​ប៉ូល​មាន​បញ្ហា ដែល​ហាក់​ដូច​ជា​បន្លា​មួយ​ក្នុង​សាច់​ឈាម​គាត់​នោះ​ទេ។ ប៉ុន្តែ ពេល​ដែល​ពួក​វិញ្ញាណ​ទុច្ចរិត​នោះ​បាន​កត់​សម្គាល់​ឃើញ​«​បន្លា​»​ ពួក​វា​ប្រហែល​ជា​បាន​ព្យាយាម​រុញ​បន្លា​នោះ​ឲ្យ​ចូល​ជ្រៅ​ជាង ក្នុង​ន័យ​ថា​ធ្វើ​ឲ្យ​ប៉ូល​កាន់​តែ​ឈឺ​ចាប់។ តើ​ប៉ូល​បាន​ធ្វើ​អ្វី?

៥. តើ​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិដ្ឋាន​របស់​ប៉ូល​យ៉ាង​ដូច​ម្ដេច?

ដំបូង ប៉ូល​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ដក​«​បន្លា​»​នោះ​ចេញ។ គាត់​បាន​សារភាព​ថា​៖ ​«​ខ្ញុំ​បាន​អង្វរ​លោក​ម្ចាស់[​យេហូវ៉ា​]បី​ដង . . . ដើម្បី​ឲ្យ​លោក​ដក​បន្លា​នេះ​ចេញ​»។ ក៏​ប៉ុន្តែ ទោះ​ជា​ប៉ូល​បាន​អធិដ្ឋាន​ក្ដី បន្លា​នោះ​នៅ​តែ​ជាប់​ក្នុង​សាច់​ឈាម​គាត់។ តើ​នេះ​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​មិន​បាន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិដ្ឋាន​របស់​ប៉ូល​ឬ​ទេ? មិន​មែន​ទេ។ លោក​បាន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិដ្ឋាន​របស់​គាត់​មែន។ ព្រះ​យេហូវ៉ា​មិន​បាន​ដក​បញ្ហា​នោះ​ចេញ​ទេ ប៉ុន្តែ​លោក​បាន​ផ្ដល់​កម្លាំង​ឲ្យ​ប៉ូល​ស៊ូ​ទ្រាំ​នឹង​បញ្ហា​នោះ។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ឫទ្ធា​នុភាព​របស់​ខ្ញុំ​បាន​ពេញ​លក្ខណៈ​ពេល​ដែល​អ្នក​ទន់​ខ្សោយ​»។ (​២កូ. ១២:៨, ៩​) ម្យ៉ាង​ទៀត ដោយ​មាន​ជំនួយ​ពី​ព្រះ ប៉ូល​អាច​រក្សា​អំណរ​របស់​គាត់​និង​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត!—ភី. ៤:៤​-​៧

៦. (​ក​) តើ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​តប​ឆ្លើយ​នឹង​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​តាម​របៀប​ណា? (​ខ​) តើ​សេចក្ដី​សន្យា​អ្វី​ពី​បទ​គម្ពីរ​ក្នុង​វគ្គ​នេះ​ផ្ដល់​កម្លាំង​ឲ្យ​អ្នក?

ដូច​ប៉ូល តើ​អ្នក​ធ្លាប់​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ដក​បញ្ហា​របស់​អ្នក​ចេញ​ឬ​ទេ? អ្នក​ប្រហែល​ជា​បាន​អធិដ្ឋាន​អង្វរ​សុំ​យ៉ាង​ស្មោះ​អំពី​បញ្ហា​នោះ​អស់​ជា​ច្រើន​ដង ប៉ុន្តែ​បញ្ហា​នោះ​នៅ​តែ​ដដែល ឬ​ថែម​ទាំង​កាន់​តែ​អាក្រក់​ទៅ​ៗ។ តើ​អ្នក​បាន​ព្រួយ​បារម្ភ​ថា ព្រះ​យេហូវ៉ា​ប្រហែល​ជា​មិន​ពេញ​ចិត្ត​នឹង​អ្នក​ឬ​ទេ? បើ​ដូច្នេះ សូម​នឹក​ចាំ​អំពី​គំរូ​របស់​ប៉ូល។ ដូច​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិដ្ឋាន​របស់​គាត់ នោះ​លោក​ក៏​ប្រាកដ​ជា​នឹង​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ដែរ! ព្រះ​យេហូវ៉ា​ប្រហែល​ជា​មិន​ដក​បញ្ហា​របស់​អ្នក​ចេញ​ឡើយ។ ប៉ុន្តែ តាម​រយៈ​សកម្មពល​បរិសុទ្ធ លោក​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​កម្លាំង​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក។ (​ទំនុក. ៦១:៣, ៤​) អ្នក​ប្រហែល​ជា​ត្រូវ​គេ​«​ផ្ដួល​ដល់​ដី​»​ ប៉ុន្តែ​ព្រះ​យេហូវ៉ា​នឹង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ។—២កូ. ៤:៨, ៩; ភី. ៤:១៣

សកម្មពល​បរិសុទ្ធ​ជួយ​យើង​ឲ្យ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា

៧​-​៨. (​ក​) តើ​សកម្មពល​បរិសុទ្ធ​ដូច​ខ្យល់​ត្រង់​ណា? (​ខ​) តើ​ពេត្រុស​បាន​រៀប​រាប់​យ៉ាង​ដូច​ម្ដេច​អំពី​របៀប​ដែល​សកម្មពល​បរិសុទ្ធ​ដឹក​នាំ?

តើ​របៀប​មួយ​ទៀត​ដែល​សកម្មពល​បរិសុទ្ធ​ជួយ​យើង​គឺ​ជា​អ្វី? យើង​អាច​ប្រៀប​ប្រដូច​សកម្មពល​បរិសុទ្ធ​ទៅ​នឹង​ខ្យល់។ ខ្យល់​អាច​បក់​នាំ​សំពៅ​ទៅ​តាម​ទិស​ដៅ​ដែល​គេ​ចង់​ទៅ ទោះ​ជា​សមុទ្រ​មាន​ព្យុះ​ក៏​ដោយ។ ស្រដៀង​គ្នា​ដែរ សកម្មពល​បរិសុទ្ធ​ជួយ​យើង​ឲ្យ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា រហូត​ដល់​ពិភព​លោក​ថ្មី​ដែល​ព្រះ​បាន​សន្យា ទោះ​ជា​យើង​មាន​បញ្ហា​ក្ដី។

សាវ័ក​ពេត្រុស​ដឹង​ច្បាស់​អំពី​ការ​ធ្វើ​ដំណើរ​តាម​សមុទ្រ ដោយ​សារ​គាត់​ជា​អ្នក​នេសាទ។ ហេតុ​នេះ​ហើយ ពេល​ដែល​គាត់​រៀប​រាប់​អំពី​របៀប​ដែល​សកម្មពល​បរិសុទ្ធ​ដឹក​នាំ គាត់​បាន​ប្រើ​ពាក្យ​មួយ​ដែល​មើល​ទៅ​ជាប់​ទាក់​ទង​នឹង​ការ​ធ្វើ​ដំណើរ​តាម​ទូក។ គាត់​បាន​សរសេរ​ថា​៖ ​«​ទំនាយ​មិន​ដែល​កើត​ចេញ​ពី​បំណង​ប្រាថ្នា​របស់​មនុស្ស​ទេ តែ​មនុស្ស​បាន​និយាយ​អ្វី​ដែល​មក​ពី​ព្រះ ដោយ​មាន​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​ពួក​គេ​»។ ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ដឹក​នាំ​»​មាន​ន័យ​ត្រង់​ថា​«​ជំរុញ​ឬ​នាំ​ទៅ​»។—២ពេ. ១:២១

៩. ពេល​ពេត្រុស​បាន​សរសេរ​ថា​សកម្មពល​បរិសុទ្ធ​បាន​«​ដឹក​នាំ​»​អ្នក​សរសេរ​គម្ពីរ តើ​គាត់​ចង់​ឲ្យ​មនុស្ស​គិត​អំពី​អ្វី?

តើ​ពេត្រុស​ចង់​ឲ្យ​មនុស្ស​គិត​អំពី​អ្វី​ពេល​គាត់​ប្រើ​ពាក្យ​«​ដឹក​នាំ​»​ឬ​នាំ​ទៅ? លូកា​ដែល​ជា​អ្នក​សរសេរ​សៀវភៅ​សកម្មភាព បាន​ប្រើពាក្យ​ភាសា​ក្រិច​ដែល​ស្រដៀង​នឹង​នេះ ដើម្បី​រៀប​រាប់​អំពី​សំពៅ​ដែល​«​បណ្ដោយ​ទៅ​តាម​ខ្យល់​»។ (​សកម្ម. ២៧:១៥​) បណ្ឌិត​ម្នាក់​ខាង​គម្ពីរ​បាន​និយាយ​ថា ពេល​ដែល​ពេត្រុស​បាន​សរសេរ​ថា​សកម្មពល​បរិសុទ្ធ​«​ដឹក​នាំ​»​អ្នក​សរសេរ​គម្ពីរ ពេត្រុស​បាន​ប្រើ​ពាក្យ​ដែល​ធ្វើ​ឲ្យ​មនុស្ស​គិត​អំពី​ការ​ធ្វើ​ដំណើរ​តាម​ទូក។ នេះ​គឺ​ហាក់​ដូច​ជា​ពេត្រុស​បាន​និយាយ​ថា ដូច​ខ្យល់​បក់​នាំ​សំពៅ​ទៅ​តាម​ទិស​ដៅ​របស់​វា នោះ​សកម្មពល​បរិសុទ្ធ​បាន​ដឹក​នាំ​ពួក​អ្នក​សរសេរ​គម្ពីរ​ឲ្យ​សម្រេច​កិច្ច​ការ​របស់​ពួក​គេ។ បណ្ឌិត​ដដែល​នោះ​បាន​និយាយ​ថា អ្នក​សរសេរ​គម្ពីរ​គឺ​ប្រៀប​ដូច​ជា​សំពៅ​ដែល​បាន​ត្រូវ​ទម្លាក់​ក្ដោង ក្នុង​ន័យ​ថា​ពួក​គេ​បាន​ត្រៀម​ខ្លួន​ធ្វើ​កិច្ច​ការ​ដែល​សកម្មពល​បរិសុទ្ធ​បាន​ដឹក​នាំ​ពួក​គេ​ឲ្យ​ធ្វើ។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដែល​លោក​ត្រូវ​ធ្វើ ពោល​គឺ​លោក​ផ្ដល់​«​ខ្យល់​»​ ឬ​សកម្មពល​បរិសុទ្ធ។ អ្នក​សរសេរ​គម្ពីរ​បាន​ធ្វើ​កិច្ច​ការ​ដែល​ពួក​គេ​បាន​ទទួល។ ពួក​គេ​បាន​ធ្វើ​តាម​ការ​ណែនាំ​ដែល​មក​ពី​សកម្មពល​នោះ។

ចំណុច​ទី១: ចូរ​ចូល​រួម​ជា​ទៀង​ទាត់​ក្នុង​សកម្មភាព​ដែល​ទាក់​ទង​នឹង​កិច្ច​បម្រើ​ព្រះ

ចំណុច​ទី២: ចូរ​ធ្វើ​កិច្ច​ការ​ទាំង​នោះ​ដោយ​អស់​ពី​សមត្ថភាព (​សូម​មើល​វគ្គ​១១​) *

១០​-​១១. ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​សកម្មពល​បរិសុទ្ធ​កំពុង​ដឹក​នាំ​យើង តើ​យើង​ត្រូវ​ធ្វើ​តាម​ចំណុច​ពីរ​យ៉ាង​អ្វី? សូម​លើក​ឧទាហរណ៍។

១០ នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​លែង​ប្រើ​សកម្មពល​បរិសុទ្ធ​របស់​លោក ដើម្បី​ដឹក​នាំ​មនុស្ស​ឲ្យ​សរសេរ​សៀវភៅ​គម្ពីរ​ទៀត​ហើយ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​នៅ​តែ​ប្រើ​សកម្មពល​បរិសុទ្ធ​ដើម្បី​ដឹក​នាំ​រាស្ត្រ​របស់​លោក។ ព្រះ​យេហូវ៉ា​នៅ​តែ​ធ្វើ​អ្វី​ដែល​លោក​ត្រូវ​ធ្វើ។ តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​សកម្មពល​បរិសុទ្ធ​កំពុង​ដឹក​នាំ​យើង? យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​បន្ត​ធ្វើ​កិច្ច​ការ​ដែល​យើង​បាន​ទទួល។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

១១ សូម​គិត​អំពី​ឧទាហរណ៍​នេះ។ ដើម្បី​ទទួល​ប្រយោជន៍​ពី​ខ្យល់ អ្នក​បើក​ទូក​ក្ដោង​ត្រូវ​ធ្វើ​អ្វី​ពីរ​យ៉ាង។ ទី១ គាត់​ត្រូវ​តម្រង់​ទូក​ទៅ​កន្លែង​ដែល​មាន​ខ្យល់​បក់។ បើ​អ្នក​បើក​ទូក​ក្ដោង​ទុក​ទូក​នៅ​កំពង់​ផែ​ដែល​ឆ្ងាយ​ពី​កន្លែង​ដែល​មាន​ខ្យល់​បក់ នោះ​ទូក​របស់​គាត់​នឹង​មិន​ទៅ​ណា​ទេ។ ទី២ គាត់​ត្រូវ​លា​ក្ដោង​ឲ្យ​អស់។ ទោះ​ជា​ខ្យល់​បក់​យ៉ាង​ណា​ក្ដី បើ​មិន​លា​ក្ដោង​ឲ្យ​ចំ​ទិស​ដែល​មាន​ខ្យល់​ទេ នោះ​វា​មិន​ទៅ​មុខ​ឡើយ។ ស្រដៀង​គ្នា​ដែរ យើង​អាច​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​បាន លុះ​ត្រា​តែ​យើង​មាន​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ។ ដើម្បី​ទទួល​ប្រយោជន៍​ពី​សកម្មពល​នោះ យើង​ត្រូវ​ធ្វើ​អ្វី​ពីរ​យ៉ាង។ ទី១ យើង​ត្រូវ​ចូល​រួម​ក្នុង​សកម្មភាព​ផ្សេង​ៗ​ដែល​ជួយ​យើង​ឲ្យ​ទទួល​សកម្មពល​របស់​ព្រះ។ ទី២ យើង​ត្រូវ​ធ្វើ​អ្វី​ៗ​ទាំង​នេះ​ដោយ​អស់​ពី​សមត្ថភាព។ (​ទំនុក. ១១៩:៣២​) ពេល​យើង​ធ្វើ​តាម​អ្វី​ទាំង​ពីរនេះ សកម្មពល​បរិសុទ្ធ​នឹង​ផ្ដល់​កម្លាំង​ឲ្យ​យើង​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ រហូត​ដល់​យើង​ចូល​ពិភព​លោក​ថ្មី​របស់​ព្រះ។

១២. នៅ​ឥឡូវ​នេះ តើ​យើង​នឹង​ពិចារណា​អំពី​អ្វី?

១២ មក​ដល់​ត្រឹម​នេះ យើង​បាន​ពិចារណា​អំពី​របៀប​ពីរ​យ៉ាង​ដែល​សកម្មពល​បរិសុទ្ធ​ជួយ​យើង។ សកម្មពល​បរិសុទ្ធ​ផ្ដល់​កម្លាំង​ឲ្យ​យើង ហើយ​ជួយ​យើង​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​កាល​ដែល​យើង​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក។ សកម្មពល​បរិសុទ្ធ​ក៏​ដឹក​នាំ​និង​ជួយ​យើង​ឲ្យ​ធ្វើ​កិច្ច​ការ​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ ហើយ​នេះ​នាំ​ឲ្យ​យើង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ នៅ​ឥឡូវ​នេះ យើង​នឹង​ពិចារណា​អំពី​អ្វី​បួន​យ៉ាង​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ទទួល​ប្រយោជន៍​ពេញ​លេញ​ពី​សកម្មពល​បរិសុទ្ធ។

របៀប​ទទួល​ប្រយោជន៍​ពេញ​លេញ​ពី​សកម្មពល​បរិសុទ្ធ

១៣. យោង​ទៅ​តាម​ធីម៉ូថេ​ទី២ ៣:១៦, ១៧ តើ​បទ​គម្ពីរ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​យើង ប៉ុន្តែ​តើ​យើង​ត្រូវ​ធ្វើ​អ្វី?

១៣ ទី១ ចូរ​សិក្សា​បណ្ដាំ​របស់​ព្រះ។ (​សូម​អាន ធីម៉ូថេ​ទី២ ៣:១៦, ១៧) ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​»​ មាន​ន័យ​ត្រង់​ថា​«​ព្រះ​បញ្ចេញ​ដង្ហើម​»។ ព្រះ​បាន​ប្រើ​សកម្មពល​របស់​លោក ដើម្បី​បញ្ចូល​គំនិត​របស់​លោក​ទៅ​ក្នុង​គំនិត​របស់​អ្នក​សរសេរ​គម្ពីរ។ ពេល​យើង​អាន​គម្ពីរ​និង​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​អាន នោះ​ការ​ណែនាំ​របស់​ព្រះ​ចូល​ក្នុង​ចិត្ត​និង​គំនិត​របស់​យើង។ ការ​ណែនាំ​ទាំង​នោះ​ជំរុញ​ចិត្ត​យើង​ឲ្យ​មាន​របៀប​រស់​នៅ​ដែល​ព្រះ​ពេញ​ចិត្ត។ (​ហេ. ៤:១២​) ប៉ុន្តែ ដើម្បី​ទទួល​ប្រយោជន៍​ពេញ​លេញ​ពី​សកម្មពល​បរិសុទ្ធ យើង​ត្រូវ​លៃ​ទុក​ពេល​ដើម្បី​សិក្សា​គម្ពីរ​ជា​ទៀង​ទាត់ ហើយ​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​អ្វី​ដែល​យើង​អាន។ យ៉ាង​នេះ បណ្ដាំ​របស់​ព្រះ​នឹង​មាន​ឥទ្ធិពល​លើ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​យើង។

១៤. (​ក​) ហេតុ​អ្វី​យើង​អាច​និយាយ​ថា​កិច្ច​ប្រជុំ​របស់​យើង​មាន​សកម្មពល​បរិសុទ្ធ? (​ខ​) តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ទទួល​ប្រយោជន៍​ពេញ​លេញ​ពី​សកម្មពល​បរិសុទ្ធ​នៅ​ឯ​កិច្ច​ប្រជុំ?

១៤ ទី២ ចូរ​គោរព​ប្រណិប័តន៍​ព្រះ​ជា​មួយ​គ្នា។ (​ទំនុក. ២២:២២​) ក្នុង​ន័យ​ម្យ៉ាង កិច្ច​ប្រជុំ​របស់​យើង​ជា​គ្រិស្ត​សាសនិក​ពិត​គឺ​ប្រៀប​ដូច​ជា​កន្លែង​ដែល​មាន​ខ្យល់​បក់។ នៅ​កិច្ច​ប្រជុំ​មាន​សកម្មពល​របស់​ព្រះ​យេហូវ៉ា។ (​បប. ២:២៩​) ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ? ពី​ព្រោះ​ពេល​យើង​ជួប​ជុំ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ យើង​អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ យើង​ច្រៀង​ចម្រៀង​រាជាណាចក្រ​ដែល​មាន​មូលដ្ឋាន​លើ​បណ្ដាំ​របស់​ព្រះ ហើយ​យើង​ស្ដាប់​ការ​ណែនាំ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ដែល​ថ្លែង​ដោយ​បង​ប្រុស​ៗ​ដែល​បាន​ត្រូវ​តែង​តាំង​ដោយ​សកម្មពល​បរិសុទ្ធ។ ម្យ៉ាង​ទៀត សកម្មពល​បរិសុទ្ធ​នោះ​ក៏​ជួយ​បង​ប្អូន​ស្រី​ឲ្យ​រៀប​ចំ​និង​បំពេញ​ផ្នែក​របស់​ពួក​គេ។ ប៉ុន្តែ ដើម្បី​ទទួល​ប្រយោជន៍​ពេញ​លេញ​ពី​សកម្មពល​បរិសុទ្ធ យើង​ត្រូវ​រៀប​ចំ​ដើម្បី​ឆ្លើយ​នៅ​កិច្ច​ប្រជុំ។ យ៉ាង​នេះ ដូច​ទូក​ដែល​លា​ក្ដោង យើង​នឹង​ទទួល​ប្រយោជន៍​ពី​សកម្មពល​បរិសុទ្ធ​ដោយ​ចូល​រួម​កិច្ច​ប្រជុំ។

១៥. តើ​សកម្មពល​បរិសុទ្ធ​រួម​ចំណែក​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

១៥ ទី៣ ចូរ​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ ពេល​ដែល​យើង​ប្រើ​គម្ពីរ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន យើង​អនុញ្ញាត​ឲ្យ​សកម្មពល​បរិសុទ្ធ​ជួយ​យើង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។ (​រ៉ូម ១៥:១៨, ១៩​) ប៉ុន្តែ ដើម្បី​ទទួល​ប្រយោជន៍​ពេញ​លេញ​ពី​សកម្មពល​របស់​ព្រះ អ្នក​ត្រូវ​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់ ហើយ​ប្រើ​គម្ពីរ​នៅ​ពេល​ណា​ដែល​អាច​ធ្វើ​បាន។ របៀប​មួយ​ដែល​អ្នក​អាច​កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សន្ទនា​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ពេល​អ្នក​ផ្សព្វ​ផ្សាយ គឺ​ដោយ​ប្រើ​ការ​សន្ទនា​គំរូ​ពី​កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ។

១៦. ដើម្បី​ទទួល​សកម្មពល​បរិសុទ្ធ តើ​យើង​អាច​ធ្វើ​អ្វី?

១៦ ទី​៤ ចូរ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ (​ម៉ាថ. ៧:៧​-​១១; លូក. ១១:១៣​) ដើម្បី​ទទួល​សកម្មពល​បរិសុទ្ធ យើង​អាច​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ផ្ទាល់។ ទោះ​ជា​ពេល​យើង​ជាប់​គុក​ក្ដី ហើយ​សូម្បី​តែ​សាថាន ក៏​មិន​អាច​បញ្ឈប់​យើង​មិន​ឲ្យ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ឬ​រា​រាំង​យើង​មិន​ឲ្យ​ទទួល​សកម្មពល​របស់​ព្រះ​បាន​ឡើយ។ (​យ៉ា. ១:១៧​) តើ​យើង​គួរ​អធិដ្ឋាន​យ៉ាង​ដូច​ម្ដេច ដើម្បី​ទទួល​ប្រយោជន៍​ពេញ​លេញ​ពី​សកម្មពល​បរិសុទ្ធ? ដើម្បី​ឆ្លើយ​សំណួរ​នេះ សូម​យើង​ពិចារណា​អំពី​ការ​អធិដ្ឋាន​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ ដោយ​គិតអំពី​ឧទាហរណ៍​មួយ​ដែល​មាន​តែ​នៅ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ដែល​រៀប​រាប់​ដោយ​លូកា​ប៉ុណ្ណោះ។ *

ចូរ​តស៊ូ​ក្នុង​ការ​អធិដ្ឋាន

១៧. ស្តី​អំពី​សេចក្ដី​អធិដ្ឋាន តើ​យើង​អាច​រៀន​អ្វី​ពី​ឧទាហរណ៍​របស់​លោក​យេស៊ូ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​លូកា ១១:៥​-​៩, ១៣?

១៧ សូម​អាន លូកា ១១:៥​-​៩, ១៣ឧទាហរណ៍​របស់​លោក​យេស៊ូ​បង្ហាញ​អំពី​របៀប​ដែល​យើង​គួរ​អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ។ បុរស​ក្នុង​ឧទាហរណ៍​នោះ​បាន​ទទួល​អ្វី​ដែល​គាត់​ត្រូវ​ការ ដោយ​សារ​គាត់​បាន​«​ទទូច​សុំ​ឥត​ខ្លាច​ចិត្ត​»។ គាត់​មិន​ខ្លាច​សុំ​ជំនួយ​ពី​មិត្ត​ភក្ដិ​របស់​គាត់​ទេ ទោះ​ជា​នៅ​ពេល​យប់​ជ្រៅ​ក្ដី។ (​លូក. ១១:៨​) * តើ​ប្រសាសន៍​របស់​លោក​យេស៊ូ​អំពី​ឧទាហរណ៍​នេះ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​សេចក្ដី​អធិដ្ឋាន? លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​សុំ​ឥត​ឈប់ នោះ​អ្នក​នឹង​ទទួល ចូរ​រក​ឥត​ឈប់ នោះ​អ្នក​នឹង​រក​ឃើញ ចូរ​គោះ​ទ្វារ​ឥត​ឈប់ នោះ​ទ្វារ​នឹង​ត្រូវ​បើក​ឲ្យ​»។ ដូច្នេះ តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី? ដើម្បី​ទទួល​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ យើង​ត្រូវ​តស៊ូ​ក្នុង​ការ​អធិដ្ឋាន​សុំ​សកម្មពល។

១៨. យោង​ទៅ​តាម​ឧទាហរណ៍​របស់​លោក​យេស៊ូ ហេតុ​អ្វី​យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​សកម្មពល​បរិសុទ្ធ​ឲ្យ​យើង?

១៨ ឧទាហរណ៍​របស់​លោក​យេស៊ូ​ក៏​ជួយ​យើង​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​សកម្មពល​បរិសុទ្ធ​ឲ្យ​យើង។ បុរស​ក្នុង​ឧទាហរណ៍​នោះ​ចង់​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ភ្ញៀវ​របស់​គាត់។ គាត់​មាន​អារម្មណ៍​ថា​គាត់​ត្រូវ​ផ្ដល់​អាហារ​ដល់​ភ្ញៀវ​ដែល​មក​នៅ​ពេល​យប់ ប៉ុន្តែ​គាត់​គ្មាន​អ្វី​ឲ្យ​អ្នក​នោះ​ទេ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​អ្នក​ជិត​ខាង​បាន​ឲ្យ​នំ​ប៉័ង​ដល់​បុរស​នោះ ពី​ព្រោះ​គាត់​បាន​ទទូច​សុំ​ឥត​ខ្លាច​ចិត្ត។ តើ​លោក​យេស៊ូ​កំពុង​បង្រៀន​ចំណុច​អ្វី? បើ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​សុខ​ចិត្ត​ជួយ​អ្នក​ជិត​ខាង​ដែល​ទទូច​សុំ​ជំនួយ នោះ​យើង​អាច​ប្រាកដ​ថា​បិតា​ដ៏​សប្បុរស​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​នឹង​ជួយ​ពួក​អ្នក​ដែល​បន្ត​សុំ​សកម្មពល​បរិសុទ្ធ​ពី​លោក! ដូច្នេះ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​តប​ឆ្លើយ ពេល​ដែល​យើង​អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ។—ទំនុក. ១០:១៧; ៦៦:១៩

១៩. ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ថា​យើង​អាច​ស៊ូ​ទ្រាំ​បាន?

១៩ យើង​អាច​ជឿ​ជាក់​ថា​ទោះ​ជា​សាថាន​វាយ​ប្រហារ​យើង​ឥត​ឈប់​ក៏​ដោយ យើង​អាច​ស៊ូ​ទ្រាំ​បាន។ ហេតុ​អ្វី? ពី​ព្រោះ​សកម្មពល​បរិសុទ្ធ​ជួយ​យើង​តាម​របៀប​ពីរ​យ៉ាង។ ទី១ សកម្មពល​បរិសុទ្ធ​ផ្ដល់​ឲ្យ​យើង​នូវ​កម្លាំង​ដែល​យើង​ត្រូវ​ការ ដើម្បី​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ផ្សេង​ៗ។ ទី២ សកម្មពល​បរិសុទ្ធ​គឺ​ជា​ឫទ្ធា​នុភាព​មួយ​ដែល​ជំរុញ​ចិត្ត​យើង​ឲ្យ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា រហូត​ដល់​យើង​ចូល​ពិភព​លោក​ថ្មី​របស់​លោក។ សូម​ឲ្យ​យើង​តាំង​ចិត្ត​ទទួល​ប្រយោជន៍​ពេញ​លេញ​ពី​ជំនួយ​ដែល​មក​ពី​សកម្មពល​បរិសុទ្ធ!

ចម្រៀង​លេខ​៤១ សូម​លោក​ស្ដាប់​ខ្ញុំ​អធិដ្ឋាន

^ វគ្គ 5 អត្ថបទ​នេះ​ពន្យល់​អំពី​របៀប​ដែល​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ផ្សេង​ៗ។ ក្នុង​អត្ថបទ​នេះ យើង​ក៏​នឹង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ទទួល​ប្រយោជន៍​ពេញ​លេញ​ពី​សកម្មពល​បរិសុទ្ធ។

^ វគ្គ 16 ក្នុង​ចំណោម​បុគ្គល​ឯ​ទៀត​ដែល​បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ លូកា​បញ្ជាក់​ច្រើន​ជាង​គេ​ថា​សេចក្ដី​អធិដ្ឋាន​គឺ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ជីវិត​របស់​លោក​យេស៊ូ។—លូក. ៣:២១; ៥:១៦; ៦:១២; ៩:១៨, ២៨, ២៩; ១៨:១; ២២:៤១, ៤៤

^ វគ្គ 17 សូម​មើល​ការ​ពន្យល់​បន្ថែម ​«​ទទូច​សុំ​ឥត​ខ្លាច​ចិត្ត​»​ក្នុង​ឯកសារ​យោង​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ ខែ​កក្កដា ឆ្នាំ​២០១៨ ទំព័រ​៤។

^ វគ្គ 60 ការពណ៌នាអំពីរូបភាព: ចំណុចទី១: បងប្អូនទៅដល់សាលប្រជុំ។ ដោយជួបជុំជាមួយបងប្អូនរួមជំនឿ ពួកគេកំពុងចូលរួមក្នុងសកម្មភាពដែលជួយពួកគេឲ្យទទួលសកម្មពលរបស់ព្រះយេហូវ៉ា។ ចំណុចទី២: ពួកគេបានរៀបចំ ហើយឆ្លើយនៅកិច្ចប្រជុំ។ យើងក៏អាចធ្វើតាមចំណុចទាំងពីរនេះ ពេលយើងបំពេញសកម្មភាពឯទៀតដែលយើងបានពិចារណាក្នុងអត្ថបទនេះគឺ៖ ការសិក្សាបណ្ដាំរបស់ព្រះ ការចូលរួមក្នុងកិច្ចការផ្សព្វផ្សាយ និងការអធិដ្ឋានទៅព្រះយេហូវ៉ា។