លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​អ្នក​យល់​ថា​អ្នក​ត្រូវ​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត​ឬ​ទេ?

តើ​អ្នក​យល់​ថា​អ្នក​ត្រូវ​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត​ឬ​ទេ?

​«​អញ​ឲ្យ​លទ្ធិ​[​ការ​ណែនាំ​]​ដ៏​ល្អ​ដល់​ឯង​រាល់​គ្នា​»។—សុភាសិត ៤:២

ចម្រៀង​លេខ: ៤៥, ៤៤

១, ២​. ហេតុ​អ្វី​យើង​ត្រូវ​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ទទួល​ភារកិច្ច​ក្នុង​ការ​បម្រើ​ព្រះ?

លោក​យេស៊ូ​បាន​ខំ​ប្រឹង​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ។ លោក​ក៏​បាន​ចំណាយ​ពេល​ច្រើន​ដើម្បី​បង្ហាត់​បង្រៀន​អ្នក​កាន់​តាម​លោក​ដែរ។ លោក​បាន​បង្ហាញ​ពួក​គាត់​អំពី​របៀប​បង្រៀន​និង​របៀប​ថែ​រក្សា​រាស្ដ្រ​របស់​ព្រះ។ អ្នក​កាន់​តាម​លោក​បាន​រៀន​ប្រព្រឹត្ដ​ដូច​គង្វាល​ដែល​ថែ​រក្សា​ចៀម​របស់​ពួក​គេ។ (​ម៉ាថាយ ១០:៥​-​៧​) ភីលីព​ក៏​ជាប់​រវល់​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ដែរ ប៉ុន្ដែ​គាត់​ក៏​បាន​បង្ហាត់​បង្រៀន​កូន​ស្រី​ៗ​របស់​គាត់​ឲ្យ​ធ្វើ​កិច្ច​ការ​នោះ។ (​សកម្មភាព ២១:៨, ៩​) ដូច​គ្នា​ដែរ​នៅ​សព្វ​ថ្ងៃ​នេះ យើង​ត្រូវ​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត។ ហេតុ​អ្វី?

នៅ​ក្រុម​ជំនុំ​ទូ​ទាំង​ពិភព​លោក មាន​អ្នក​ថ្មី​ជា​ច្រើន​នាក់​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក។ បុគ្គល​ទាំង​នេះ​ត្រូវ​ការ​ការ​បង្ហាត់​បង្រៀន។ យើង​ត្រូវ​ជួយ​ពួក​គេ​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​ការ​អាន​និង​ការ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន​គឺ​ជា​ការ​ល្អ​សម្រាប់​ពួក​គេ។ ម្យ៉ាង​ទៀត យើង​ក៏​ត្រូវ​បង្ហាត់​បង្រៀន​ពួក​គេ​ឲ្យ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​ដំណឹង​ល្អ។ បង​ប្អូន​ប្រុស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ពេល​ថ្មី​ៗ​នេះ​ត្រូវ​ការ​ការ​បង្ហាត់​បង្រៀន​ដើម្បី​ក្រោយ​មក ពួក​គេ​អាច​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​និង​អ្នក​ចាស់​ទុំ។ សមាជិក​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​អាច​ធ្វើ​អ្វី​ៗ​ជា​ច្រើន​ដើម្បី​ជួយ​អ្នក​ដែល​ថ្មី​ជាង។—សុភាសិត ៤:២

ចូរ​បង្រៀន​អ្នក​ថ្មី​អំពី​របៀប​សិក្សា​គម្ពីរ

៣, ៤​. (​ក​) តើ​ប៉ូល​បាន​បញ្ជាក់​ថា​ការ​សិក្សា​គម្ពីរ​និង​លទ្ធផល​ល្អ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ដូច​ម្ដេច? (​ខ​) មុន​យើង​លើក​ទឹក​ចិត្ដ​សិស្ស​គម្ពីរ​ឲ្យ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន តើ​យើង​ត្រូវ​ធ្វើ​អ្វី?

អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ត្រូវ​អាន​និង​សិក្សា​គម្ពីរ​ដើម្បី​រៀន​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ។ សាវ័ក​ប៉ូល​បាន​ពន្យល់​ចំណុច​នេះ​ដល់​បង​ប្អូន​រួម​ជំនឿ​របស់​គាត់​នៅ​ក្រុង​កូឡុស ពេល​គាត់​បាន​និយាយ​ថា​៖ ​«​យើង​បាន​អធិដ្ឋាន​ឥត​ឈប់​ឲ្យ​អ្នក​រាល់​គ្នា ដោយ​សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពោរ​ពេញ​ទៅ​ដោយ​ចំណេះ​ត្រឹម​ត្រូវ​អំពី​បំណង​ប្រាថ្នា​របស់​លោក​»។ ហេតុ​អ្វី​ការ​អាន​និង​ការ​សិក្សា​គម្ពីរ​គឺ​សំខាន់​ណាស់​សម្រាប់​ពួក​គេ? ពី​ព្រោះ​នេះ​នឹង​ផ្ដល់​ប្រាជ្ញា​ឲ្យ​ពួក​គេ ហើយ​ជួយ​ពួក​គេ​ឲ្យ​យល់​អំពី​របៀប​ដែល​ពួក​គេ​អាច​«​ប្រព្រឹត្ដ​សម​នឹង​ព្រះ​យេហូវ៉ា ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ដ​ទាំង​ស្រុង​»។ នេះ​ក៏​នឹង​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​«​គ្រប់​ការ​ល្អ​ទាំង​អស់​»​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​គេ​ធ្វើ ជា​ពិសេស​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ (​កូឡុស ១:៩, ១០​) ដូច្នេះ បើ​យើង​កំពុង​សិក្សា​គម្ពីរ​ជា​មួយ​នឹង​បុគ្គល​ណា​ម្នាក់ យើង​ត្រូវ​ជួយ​គាត់​ឲ្យ​យល់​ថា​ការ​អាន​និង​ការ​សិក្សា​គម្ពីរ​ជា​ទៀង​ទាត់​អាច​ជួយ​គាត់​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា។

បើ​យើង​មិន​សិក្សា​គម្ពីរ​ខ្លួន​ឯង យើង​មិន​អាច​ជួយ​សិស្ស​គម្ពីរ​របស់​យើង​ឲ្យ​យល់​តម្លៃ​នៃ​ការ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន​បាន​ទេ។ តាម​ពិត បើ​យើង​អាន​គម្ពីរ​និង​រំពឹង​គិត​ជា​ទៀង​ទាត់​អំពី​អ្វី​ដែល​យើង​បាន​អាន នេះ​នឹង​ជួយ​យើង​ក្នុង​ជីវិត​របស់​យើង​និង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ជា​ឧទាហរណ៍ ពេល​យើង​ផ្សព្វ​ផ្សាយ ហើយ​បុគ្គល​ម្នាក់​សួរ​យើង​នូវ​សំណួរ​ដ៏​ពិបាក យើង​នឹង​អាច​ប្រើ​គម្ពីរ​ដើម្បី​ឆ្លើយ ឬ​ពេល​យើង​អាន​អំពី​របៀប​ដែល​លោក​យេស៊ូ ប៉ូល និង​អ្នក​ឯ​ទៀត​មិន​បាន​ឈប់​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ យើង​នឹង​ទទួល​ការ​លើក​ទឹក​ចិត្ដ ហើយ​បន្ដ​ផ្សព្វ​ផ្សាយ​សូម្បី​តែ​នៅ​ពេល​ពិបាក​ក្ដី។ ម្យ៉ាង​ទៀត ពេល​យើង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​យើង​បាន​រៀន​ពី​ការ​សិក្សា​ផ្ទាល់​ខ្លួន​របស់​យើង ហើយ​របៀប​ដែល​ការ​សិក្សា​នេះ​បាន​ជួយ​យើង យើង​ប្រហែល​ជា​នឹង​លើក​ទឹក​ចិត្ដ​ពួក​គេ​ឲ្យ​សិក្សា​គម្ពីរ​កាន់​តែ​ស៊ី​ជម្រៅ​ដើម្បី​ពួក​គេ​ក៏​អាច​ទទួល​ប្រយោជន៍​ស្រដៀង​គ្នា​ដែរ។

៥​. សូម​ឲ្យ​យោបល់​អំពី​របៀប​ដែល​យើង​អាច​ជួយ​អ្នក​ថ្មី​ឲ្យ​មាន​កាល​វិភាគ​សិក្សា​ផ្ទាល់​ខ្លួន។

អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​តាម​របៀប​ណា​ខ្ញុំ​អាច​បង្ហាត់​បង្រៀន​សិស្ស​គម្ពីរ​របស់​ខ្ញុំ​ឲ្យ​សិក្សា​គម្ពីរ​ជា​ទៀង​ទាត់?›។ ប្រហែល​ជា​អ្នក​អាច​បង្ហាញ​គាត់​អំពី​របៀប​ដែល​គាត់​អាច​រៀប​ចំ​ព័ត៌មាន​ក្នុង​សៀវភៅ​ដែល​អ្នក​កំពុង​សិក្សា​ជា​មួយ​នឹង​គាត់។ អ្នក​អាច​ផ្ដល់​យោបល់​គាត់​ឲ្យ​បើក​មើល​បទ​គម្ពីរ​ដែល​មាន​ក្នុង​ព័ត៌មាន​នោះ ហើយ​អាន​ព័ត៌មាន​ដែល​ទាក់​ទង​ក្នុង​ការ​ពន្យល់​បន្ថែម​នៃ​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? បន្ទាប់​មក អ្នក​អាច​បង្ហាញ​គាត់​អំពី​របៀប​រៀប​ចំ​សម្រាប់​កិច្ច​ប្រជុំ​ដើម្បី​គាត់​អាច​ឆ្លើយ។ សូម​លើក​ទឹក​ចិត្ដ​គាត់​ឲ្យ​អាន​ទស្សនាវដ្ដី​ប៉ម​យាម​គ្រប់​លេខ។ ម្យ៉ាង​ទៀត អ្នក​អាច​បង្ហាញ​គាត់​អំពី​របៀប​រក​ចម្លើយ​ចំពោះសំណួរ​អំពី​គម្ពីរ ដោយ​ប្រើ​សៀវភៅ​ជំនួយ​ស្រាវ​ជ្រាវ ឬ​បណ្ណាល័យ​អ៊ីនធឺណិត​របស់​ប៉ម​យាម​ជា​ដើម។ ពេល​គាត់​សាកល្បង​វិធី​សិក្សា​ផ្ទាល់​ខ្លួន​ទាំង​នេះ គាត់​នឹង​ទំនង​ជា​ចូល​ចិត្ដ​ការ​សិក្សា​ផ្ទាល់​ខ្លួន ហើយ​ចង់​រៀន​ថែម​ទៀត។

៦​. (​ក​) តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​សិស្ស​គម្ពីរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​អស់​ពី​ចិត្ដ​ចំពោះ​គម្ពីរ? (​ខ​) បើ​សិស្ស​គម្ពីរ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​គម្ពីរ តើ​គាត់​ទំនង​ជា​នឹង​ធ្វើ​អ្វី?

ពេល​យើង​សិក្សា​ជា​មួយ​នឹង​អ្នក​ណា​ម្នាក់ យើង​ចង់​ឲ្យ​គាត់​ទទួល​ស្គាល់​ថា​គម្ពីរ​មាន​តម្លៃ ដោយ​សារ​គម្ពីរ​ជួយ​គាត់​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់​ជាង។ ជា​ជាង​បង្ខំ​គាត់​ឲ្យ​សិក្សា យើង​អាច​បង្ហាញ​គាត់​អំពី​របៀប​ដែល​គាត់​អាច​ចូល​ចិត្ដ​សិក្សា។ កាល​ដែល​គាត់​រៀន​កាន់​តែ​ច្រើន​ពី​គម្ពីរ គាត់​នឹង​កាន់​តែ​មាន​អារម្មណ៍​ដូច​អ្នក​តែង​ទំនុក​តម្កើង​ដែល​បាន​ច្រៀង​ថា​៖ ​«​ដែល​ទូល​បង្គំ​ចូល​ទៅ​ជិត​ព្រះ នោះ​ជា​ការ​ល្អ​ដល់​ទូល​បង្គំ។ ទូល​បង្គំ​បាន​យក​ព្រះ​អម្ចាស់​យេហូវ៉ា​ទុក​ជា​ទី​ពឹង​ហើយ​»។ (​ទំនុក​តម្កើង ៧៣:២៨​) សកម្មពល​របស់​ព្រះ​យេហូវ៉ា​ប្រាកដ​ជា​នឹង​ជួយ​បុគ្គល​ដែល​ចង់​ចូល​ទៅ​ជិត​លោក។

ចូរ​បង្ហាត់​បង្រៀន​អ្នក​ថ្មី​ឲ្យ​ផ្សព្វ​ផ្សាយ​និង​បង្រៀន

៧​. តើ​លោក​យេស៊ូ​បាន​បង្ហាត់​បង្រៀន​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

យើង​អាច​រៀន​ច្រើន​ពី​របៀប​ដែល​លោក​យេស៊ូ​បាន​បង្ហាត់​បង្រៀន​ពួក​សាវ័ក​របស់​លោក។ លោក​យេស៊ូ​បាន​ឲ្យ​ពួក​គាត់​ទៅ​ជា​មួយ​នឹង​លោក​ពេល​លោក​ទៅ​ផ្សព្វ​ផ្សាយ ហើយ​ពួក​គាត់​បាន​មើល​របៀប​ដែល​លោក​បង្រៀន​មនុស្ស។ លោក​ក៏​បាន​ឲ្យ​ការ​ណែនាំ​ជាក់​លាក់​អំពី​របៀប​ដែល​ពួក​គាត់​គួរ​ផ្សព្វ​ផ្សាយ។ (​ម៉ាថាយ ជំពូក​១០​) [១] (​សូម​មើល​កំណត់​នៅ​ចុង​អត្ថបទ​) ក្នុង​រយៈ​ពេល​ដ៏​ខ្លី ពួក​សាវ័ក​បាន​រៀន​ពី​លោក​យេស៊ូ​អំពី​របៀប​បង្រៀន​សេចក្ដី​ពិត​ដល់​មនុស្ស។ (​ម៉ាថាយ ១១:១​) សូម​យើង​ពិចារណា​អ្វី​ពីរ​យ៉ាង​ដែល​យើង​អាច​បង្ហាត់​បង្រៀន​អ្នក​ថ្មី​ឲ្យ​ធ្វើ​ពេល​ពួក​គាត់​បំពេញ​កិច្ច​បម្រើ​ផ្សាយ។

៨, ៩​. (​ក​) ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ តើ​លោក​បាន​និយាយ​ជា​មួយ​បុគ្គល​ម្នាក់​ៗ​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​តាម​របៀប​ណា​យើង​អាច​ជួយ​អ្នក​ផ្សាយ​ថ្មី​ឲ្យ​និយាយ​ជា​មួយ​នឹង​មនុស្ស​ដូច​លោក​យេស៊ូ?

ចូរ​មាន​ការ​សន្ទនា​ជា​មួយ​នឹង​មនុស្ស។ លោក​យេស៊ូ​មិន​តែង​តែ​និយាយ​ជា​មួយ​នឹង​មនុស្ស​ជា​ក្រុម​ទេ។ លោក​ច្រើន​តែ​និយាយ​ជា​មួយ​នឹង​បុគ្គល​ម្នាក់​ៗ ហើយ​លោក​បាន​និយាយ​ជា​មួយ​ពួក​គេ​យ៉ាង​រួស​រាយ​រាក់​ទាក់។ ជា​ឧទាហរណ៍ លោក​មាន​ការ​សន្ទនា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​មួយ​នឹង​ស្ដ្រី​ម្នាក់​ដែល​មក​ដង​ទឹក​អណ្ដូង​ដែល​នៅ​ជិត​ក្រុង​ស៊ីខា។ (​យ៉ូហាន ៤:៥​-​៣០​) លោក​យេស៊ូ​ក៏​បាន​និយាយ​ជា​មួយ​នឹង​ម៉ាថាយ​លេវី​ដែល​ជា​អ្នក​យក​ពន្ធ ហើយ​បាន​អញ្ជើញ​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក។ ម៉ាថាយ​បាន​យល់​ព្រម ហើយ​ក្រោយ​មក​គាត់​បាន​អញ្ជើញ​លោក​យេស៊ូ​និង​អ្នក​ឯ​ទៀត​ឲ្យ​បរិភោគ​អាហារ​នៅ​ផ្ទះ​របស់​គាត់។ នៅ​ទី​នោះ លោក​យេស៊ូ​បាន​និយាយ​ជា​មួយ​នឹង​មនុស្ស​ជា​ច្រើន។—ម៉ាថាយ ៩:៩; លូកា ៥:២៧​-​៣៩

ពេល​យើង​និយាយ​ទៅ​កាន់​មនុស្ស​ដោយ​រាក់​ទាក់​និង​ដោយ​ស្លូតបូត ពួក​គេ​នឹង​ទំនង​ជា​ចង់​ស្តាប់​យើង​ជាង

លោក​យេស៊ូ​ក៏​បាន​និយាយ​យ៉ាង​រាក់​ទាក់​ដល់​ណាថាណែល​ដែរ ទោះ​ជា​ណាថាណែល​បាន​និយាយ​មិន​ល្អ​អំពី​មនុស្ស​ដែល​មក​ពី​ក្រុង​ណាសារ៉ែត​ក៏​ដោយ។ ដោយ​សារ​លោក​យេស៊ូ​បាន​និយាយ​ជា​មួយ​នឹង​គាត់​យ៉ាង​រាក់​ទាក់ នោះ​ណាថាណែល​បាន​កែ​ប្រែ​ទស្សនៈ​របស់​គាត់​ចំពោះ​លោក​យេស៊ូ​ដែល​មក​ពី​ក្រុង​ណាសារ៉ែត។ ម្យ៉ាង​ទៀត ណាថាណែល​ចង់រៀន​ថែម​ទៀត​ពី​លោក​យេស៊ូ។ (​យ៉ូហាន ១:៤៦​-​៥១​) យើង​រៀន​ពី​គំរូ​របស់​លោក​យេស៊ូ​ថា​ពេល​យើង​និយាយ​ទៅ​កាន់​មនុស្ស​ដោយ​រាក់​ទាក់​និង​ដោយ​ស្លូតបូត ពួក​គេ​នឹង​ទំនង​ជា​ចង់​ស្តាប់​យើង​ជាង។  [២] (​សូម​មើល​កំណត់​នៅ​ចុង​អត្ថបទ​) ពេល​យើង​បង្ហាត់​បង្រៀន​អ្នក​ថ្មី​ឲ្យ​និយាយ​តាម​របៀប​នេះ ពួក​គេ​នឹង​ចូល​ចិត្ដ​កិច្ច​បម្រើ​ផ្សាយ​ជាង។

១០​-​១២​. (​ក​) ពេល​មនុស្ស​ចាប់​អារម្មណ៍​ដំណឹង​ល្អ តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី? (​ខ​) តើ​តាម​របៀប​ណា​យើង​អាច​ជួយ​អ្នក​ផ្សាយ​ថ្មី​ឲ្យ​បង្កើន​សមត្ថភាព​ជា​អ្នក​បង្រៀន​សេចក្ដី​ពិត​ពី​គម្ពីរ?

១០ ចូរ​បង្រៀន​ពួក​អ្នក​ដែល​ចង់​ស្តាប់។ លោក​យេស៊ូ​ជាប់​រវល់​ណាស់ ដោយ​សារ​លោក​មាន​ពេល​តែ​បន្ដិច​ដើម្បី​សម្រេច​កិច្ច​បម្រើ​របស់​លោក។ ប៉ុន្ដែ​ពេល​មនុស្ស​ចង់​ស្តាប់​លោក លោក​បាន​ចំណាយ​ពេល​ជា​មួយ​នឹង​ពួក​គេ ហើយ​បាន​បង្រៀន​ពួក​គេ​នូវ​អ្វី​ជា​ច្រើន។ ជា​ឧទាហរណ៍ ថ្ងៃ​មួយ​បណ្ដា​ជន​បាន​ជួប​ជុំ​គ្នា​នៅ​ឆ្នេរ​សមុទ្រ​ដើម្បី​ស្តាប់​លោក​យេស៊ូ។ ដូច្នេះ​លោក​យេស៊ូ​បាន​ចុះ​ទូក​ជា​មួយ​នឹង​ពេត្រុស ហើយ​បាន​បង្រៀន​មនុស្ស​ពី​ទូក​នោះ។ ក្រោយ​មក លោក​ចង់​បង្រៀន​ពេត្រុស​មេ​រៀន​មួយ​ដែរ។ លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ដោយ​ធ្វើ​ឲ្យ​មាន​ត្រី​ជា​ច្រើន​ដើម្បី​ឲ្យ​ពេត្រុស​ចាប់។ លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពេត្រុស​ថា​៖ ​«​ចាប់​តាំង​ពី​ឥឡូវ​នេះ​ទៅ អ្នក​នឹង​នេសាទ​មនុស្ស​វិញ​»។ ភ្លាម​ៗ​នោះ​ពេត្រុស​និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​គាត់​បាន‹អុំទូក​ទាំង​នោះ​ទៅ​លើ​គោក​វិញ រួច​ទុក​អ្វី​ៗ​ទាំង​អស់​ចោល ហើយ​ទៅ​តាម​លោក​យេស៊ូ›។—លូកា ៥:១​-​១១

១១ នីកូដេម​ក៏​ចង់​រៀន​ថែម​ទៀត​ពី​លោក​យេស៊ូ​ដែរ។ ប៉ុន្ដែ​ដោយ​សារ​នីកូដេម​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ គាត់​ភ័យ​ខ្លាច​អំពី​អ្វី​ដែល​អ្នក​ឯ​ទៀត​នឹង​និយាយ​បើ​ពួក​គេ​ឃើញ​គាត់​និយាយ​ជា​មួយ​នឹង​លោក​យេស៊ូ។ ដូច្នេះ គាត់​បាន​ទៅ​ជួប​លោក​យេស៊ូ​នៅ​ពេល​យប់។ លោក​យេស៊ូ​មិន​បាន​ឲ្យ​គាត់​ទៅ​វិញ​ទេ ប៉ុន្ដែ​លោក​បាន​ចំណាយ​ពេល​ជា​មួយ​នឹង​គាត់ ហើយ​បាន​ពន្យល់​សេចក្ដី​ពិត​ដ៏​សំខាន់​ដល់​គាត់។ (​យ៉ូហាន ៣:១, ២​) លោក​យេស៊ូ​តែង​តែ​ពេញ​ចិត្ដ​ចំណាយ​ពេល​ដើម្បី​បង្រៀន​មនុស្ស​អំពី​សេចក្ដី​ពិត ហើយ​ពង្រឹង​ជំនឿ​របស់​ពួក​គេ។ ស្រដៀង​គ្នា​ដែរ យើង​ត្រូវ​សុខ​ចិត្ដ​ទៅ​ជួប​មនុស្ស​នៅ​ពេល​ដែល​ល្អ​សម្រាប់​ពួក​គេ ហើយ​យើង​ត្រូវ​ចំណាយ​ពេល​ជា​មួយ​នឹង​ពួក​គេ​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​យល់​គម្ពីរ។

១២ ពេល​យើង​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​អ្នក​ថ្មី យើង​អាច​បង្រៀន​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​ជួប​អ្នក​ណា​ដែល​មើល​ទៅ​ដូច​ជា​ចង់​និយាយ​ជា​មួយ​នឹង​ពួក​គេ​ម្ដង​ទៀត។ យើង​ក៏​អាច​អញ្ជើញ​អ្នក​ថ្មី​ឲ្យ​ទៅ​ជា​មួយ​នឹង​យើង​ពេល​យើង​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​និង​ការ​សិក្សា​គម្ពីរ។ តាម​វិធី​នេះ ពួក​គេ​នឹង​រៀន​អំពី​របៀប​បង្រៀន​អ្នក​ឯ​ទៀត ហើយ​នឹង​ឃើញ​ថា​ការ​ជួយ​មនុស្ស​បែប​នេះ​ឲ្យ​រៀន​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​សប្បាយ​យ៉ាង​ណា។ យ៉ាង​នោះ អ្នក​ថ្មី​ទាំង​នេះ​នឹង​រំភើប​ចិត្ដ​ទៅ​ជួប​មនុស្ស​ម្ដង​ទៀត ហើយ​សិក្សា​គម្ពីរ​ជា​មួយ​នឹង​ពួក​គេ។ អ្នក​ថ្មី​ក៏​នឹង​រៀន​ឲ្យ​មាន​ចិត្ដ​អត់​ធ្មត់​និង​មិន​ឆាប់​ឈប់​ព្យាយាម ពេល​ពួក​គេ​មិន​អាច​ជួប​មនុស្ស​នៅ​ផ្ទះ​ម្ដង​ទៀត (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ គាត់​មិន​បាន​ឈប់​ព្យាយាម​ឡើយ​»​)។—កាឡាទី ៥:២២

ចូរ​បង្ហាត់​បង្រៀន​អ្នក​ថ្មី​ឲ្យ​បម្រើ​បង​ប្អូន​រួម​ជំនឿ

១៣, ១៤​. (​ក​) តើ​អ្នក​គិត​យ៉ាង​ណា​អំពី​គំរូ​ក្នុង​គម្ពីរ​ស្ដី​អំពី​ពួក​អ្នក​ដែល​បាន​ធ្វើ​ការ​លះ​បង់​ជា​ច្រើន​ដើម្បី​អ្នក​ឯ​ទៀត? (​ខ​) តើ​តាម​របៀប​ណា​អ្នក​អាច​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ថ្មី​និង​ប្អូន​ៗ​វ័យ​ក្មេង​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន?

១៣ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​បម្រើ​លោក​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​បង​ប្អូន ហើយ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក។ (​សូម​អាន លូកា ២២:២៤​-​២៧; ពេត្រុស​ទី១ ១:២២) គម្ពីរ​ពន្យល់​ថា​លោក​យេស៊ូ​បាន​ប្រគល់​អ្វី​ៗ​ទាំង​អស់ រួម​ទាំង​ជីវិត​របស់​លោក​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ (​ម៉ាថាយ ២០:២៨​) ដ័រកាស​បាន​«​ធ្វើ​អំពើ​ល្អ​ជា​បរិបូរ​និង​ធ្វើ​ទាន​ជា​ច្រើន​»។ (​សកម្មភាព ៩:៣៦, ៣៩​) ម៉ារៀ​«​បាន​ធ្វើ​ការ​ជា​ច្រើន​យ៉ាង​នឿយ​ហត់​»​ដើម្បី​បង​ប្អូន​រួម​ជំនឿ​នៅ​ក្រុង​រ៉ូម។ (​រ៉ូម ១៦:៦​) តើ​តាម​របៀប​ណា​យើង​អាច​ជួយ​អ្នក​ថ្មី​ឲ្យ​យល់​ថា​ការ​ធ្វើ​ល្អ​ចំពោះ​បង​ប្អូន​រួម​ជំនឿ​គឺ​សំខាន់​ណាស់?

ចូរ​បង្ហាត់​បង្រៀន​អ្នក​ថ្មី​ឲ្យ​ស្រឡាញ់​និង​បម្រើ​បង​ប្អូន​ឯ​ទៀត (​សូម​មើល​វគ្គ​១៣, ១៤​)

១៤ យើង​អាច​អញ្ជើញ​អ្នក​ថ្មី​ឲ្យ​ទៅ​ជា​មួយ​នឹង​យើង​ពេល​យើង​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​ដែល​ឈឺ​ឬ​ដែល​មាន​វ័យ​ចាស់។ ម្យ៉ាង​ទៀត ពេល​ឪ​ពុក​ម្ដាយ​ទៅ​លេង​បង​ប្អូន​ទាំង​នេះ ពួក​គេ​អាច​យក​កូន​ទៅ​ជា​មួយ​បើ​សមរម្យ។ បើ​អ្នក​ចាស់​ទុំ​ត្រូវ​ផ្ដល់​អាហារ​ឲ្យ​បង​ប្អូន​ដែល​មាន​វ័យ​ចាស់ ឬ​ជួស​ជុល​អ្វី​ផ្សេង​ៗ​ក្នុង​ផ្ទះ​របស់​ពួក​គាត់ គាត់​អាច​អញ្ជើញ​ប្អូន​ៗ​វ័យ​ក្មេង​ឬ​អ្នក​ថ្មី​ឲ្យ​ជួយ​ធ្វើ​ការ​ជា​មួយ​នឹង​គាត់។ ពេល​មនុស្ស​វ័យ​ក្មេង​និង​អ្នក​ថ្មី​ឃើញ​របៀប​ដែល​បង​ប្អូន​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ពួក​គេ​នឹង​រៀន​ធ្វើ​ដូច្នេះ​ដែរ។ ជា​ឧទាហរណ៍ ពេល​ដែល​អ្នក​ចាស់​ទុំ​ម្នាក់​បាន​ផ្សព្វ​ផ្សាយ​នៅ​ជនបទ គាត់​បាន​ទៅ​លេង​បង​ប្អូន​ដែល​រស់​នៅ​ទី​នោះ​ជា​ទៀង​ទាត់​ដើម្បី​សួរ​សុខ​ទុក្ខ​ពួក​គេ។ ប្អូន​ប្រុស​វ័យ​ក្មេង​ម្នាក់​ដែល​ច្រើន​តែ​បាន​ទៅ​ជា​មួយ​គាត់ បាន​រៀន​ពី​គំរូ​ដ៏​ល្អ​របស់​អ្នក​ចាស់​ទុំ​នោះ​ឲ្យ​ចេះ​គិត​អំពី​អ្វី​ដែល​គាត់​អាច​ធ្វើ​ដើម្បី​ជួយ​បង​ប្អូន​ឯ​ទៀត។—រ៉ូម ១២:១០

១៥​. ហេតុ​អ្វី​គឺ​សំខាន់​ដែល​អ្នក​ចាស់​ទុំ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​បុរស​ក្នុង​ក្រុម​ជំនុំ?

១៥ ព្រះ​យេហូវ៉ា​បាន​ប្រគល់​ភារកិច្ច​ឲ្យ​បុរស​ដើម្បី​បង្រៀន​បណ្ដាំ​របស់​លោក​ដល់​ក្រុម​ជំនុំ។ ដូច្នេះ​គឺ​សំខាន់​ឲ្យ​បង​ប្អូន​ប្រុស​រៀន​អំពី​របៀប​បង្រៀន​យ៉ាង​ល្អ​ពេល​ពួក​គាត់​ថ្លែង​សុន្ទរកថា។ បើ​អ្នក​ជា​អ្នក​ចាស់​ទុំ អ្នក​ប្រហែល​ជា​អាច​ស្តាប់​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ម្នាក់​ពេល​គាត់​ហាត់​សុន្ទរកថា​របស់​គាត់ ហើយ​ជួយ​គាត់​ឲ្យ​រីក​ចម្រើន  [៣] (​សូម​មើល​កំណត់​នៅ​ចុង​អត្ថបទ​)។—នេហេមា ៨:៨

១៦, ១៧​. (​ក​) តើ​តាម​របៀប​ណា​ប៉ូល​បាន​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ការ​រីក​ចម្រើន​របស់​ធីម៉ូថេ? (​ខ​) តើ​តាម​របៀប​ណា​អ្នក​ចាស់​ទុំ​អាច​បង្ហាត់​បង្រៀន​បុគ្គល​ដែល​អាច​ក្លាយ​ទៅ​ជា​គង្វាល​នៃ​ក្រុម​ជំនុំ​ដោយ​មាន​ប្រសិទ្ធភាព?

១៦ ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក​មាន​សេចក្ដី​ត្រូវ​ការ​ដើម្បី​បង្ហាត់​បង្រៀន​បង​ប្អូន​ប្រុស​កាន់​តែ​ច្រើន​នាក់​ឲ្យ​ក្លាយ​ទៅ​ជា​គង្វាល។ ប៉ូល​បាន​បង្ហាត់​បង្រៀន​ធីម៉ូថេ ហើយ​បាន​លើក​ទឹក​ចិត្ដ​គាត់​ឲ្យ​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត។ ប៉ូល​បាន​និយាយ​ថា​៖ ​«​ចូរ​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង​ៗ ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​ដែល​មក​ពី​ការ​រួប​រួម​ជា​មួយ​នឹង​គ្រិស្ដ​យេស៊ូ ហើយ​សេចក្ដី​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​ដោយ​មាន​ការ​បញ្ជាក់​របស់​សាក្សី​ជា​ច្រើន ចូរ​ផ្ញើ​ទុក​នឹង​បុរស​ស្មោះ​ត្រង់ រួច​ពួក​គាត់​នឹង​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​បង្រៀន​សេចក្ដី​នោះ​ដល់​អ្នក​ឯ​ទៀត​»។ (​ធីម៉ូថេ​ទី២ ២:១, ២​) ធីម៉ូថេ​បាន​រៀន​អ្វី​ជា​ច្រើន​ពី​ប៉ូល​ដែល​ជា​អ្នក​ចាស់​ទុំ​និង​ជា​សាវ័ក ដូច​ជា​របៀប​ដែល​គាត់​អាច​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ហើយ​របៀប​ជួយ​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ។—ធីម៉ូថេ​ទី២ ៣:១០​-​១២

១៧ ប៉ូល​បាន​ចំណាយ​ពេល​ច្រើន​ជា​មួយ​នឹង​ធីម៉ូថេ ដោយ​សារ​គាត់​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​ធីម៉ូថេ​បាន​ត្រូវ​បង្ហាត់​បង្រៀន​យ៉ាង​ល្អ។ (​សកម្មភាព ១៦:១​-​៥​) អ្នក​ចាស់​ទុំ​អាច​យក​តម្រាប់​ប៉ូល​ដោយ​ឲ្យ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ដែលមាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ទៅ​ជា​មួយ​គាត់​នៅ​ពេល​ខ្លះ ពេល​ដែល​គាត់​ទៅ​ពង្រឹង​កម្លាំង​ចិត្ដ​បង​ប្អូន​ក្នុង​នាម​ជា​គង្វាល។ តាម​របៀប​នេះ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​នឹង​រៀន​ពី​ពួក​អ្នក​ចាស់​ទុំ​អំពី​របៀប​បង្រៀន​អ្នក​ឯ​ទៀត របៀប​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ចិត្ដ​អត់​ធ្មត់ ហើយ​របៀប​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ពេល​ថែ​រក្សា​ហ្វូង​ចៀម​របស់​លោក។—ពេត្រុស​ទី១ ៥:២

ការ​បង្ហាត់​បង្រៀន​គឺ​សំខាន់

១៨​. ហេតុ​អ្វី​ការ​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​គួរ​ជា​អ្វី​ដ៏​សំខាន់​សម្រាប់​យើង?

១៨ នៅ​គ្រា​ចុង​បញ្ចប់​នេះ អ្នក​ថ្មី​ជា​ច្រើន​នាក់​ត្រូវ​ការ​ការ​បង្ហាត់​បង្រៀន​ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ បង​ប្អូន​ប្រុស​ក៏​ត្រូវ​រៀន​ឲ្យ​ចេះ​ថែ​រក្សា​ក្រុម​ជំនុំ​ដែរ។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​បម្រើ​ទាំង​អស់​របស់​លោក​ទទួល​ការ​បង្ហាត់​បង្រៀន​យ៉ាង​ល្អ ហើយ​លោក​បាន​ផ្ដល់​ឯកសិទ្ធិ​ឲ្យ​យើង​ជួយ​អ្នក​ដែល​ថ្មី​ជាង។ ដូច្នេះ គឺ​សំខាន់​ដែល​យើង​ខំ​ប្រឹង​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត ដូច​លោក​យេស៊ូ​និង​ប៉ូល​បាន​ធ្វើ។ យើង​ត្រូវ​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​បាន​ច្រើន​បំផុត ដោយ​សារ​មុន​ទី​បញ្ចប់​មក​ដល់​នៅ​តែ​មាន​អ្វី​ជា​ច្រើន​ទៀត​ដែល​យើង​ត្រូវ​ធ្វើ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។

១៩​. ហេតុ​អ្វី​អ្នក​គួរ​ជឿ​ជាក់​ថា​ការ​ខំ​ប្រឹង​ព្យាយាម​របស់​អ្នក​ដើម្បី​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​នឹង​មាន​ជោគ​ជ័យ?

១៩ ការ​បង្ហាត់​បង្រៀន​អ្នក​ថ្មី​ត្រូវ​ការ​ពេល​វេលា​និង​ការ​ខំ​ប្រឹង។ ប៉ុន្ដែ​យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​នឹង​ជួយ​យើង​ឲ្យ​ដឹង​អំពី​របៀប​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត​តាម​វិធី​ដ៏​ល្អ​បំផុត។ យើង​នឹង​អរ​សប្បាយ​ពេល​យើង​ឃើញ​ពួក​អ្នក​ដែល​យើង​បាន​បង្ហាត់​បង្រៀន​«​កំពុង​ធ្វើ​ការ​នឿយ​ហត់ ហើយ​ខំ​ប្រឹង​ព្យាយាម​»​ក្នុង​ក្រុម​ជំនុំ ឬ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ (​ធីម៉ូថេ​ទី១ ៤:១០​) នៅ​ដំណាល​គ្នា​នោះ យើង​ត្រូវ​បន្ដ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា មាន​គុណ​សម្បត្ដិ​ជា​គ្រិស្ដ​សាសនិក​កាន់​តែ​ល្អ​ប្រសើរ ហើយ​ចូល​កាន់​តែ​ជិត​លោក។

^ [​១​] (​វគ្គ​៧​) ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ដូច​ត​ទៅ​នេះ​៖ (​១​) ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ (​២​) ពឹង​ផ្អែក​លើ​ព្រះ​ឲ្យ​ផ្ដល់​អាហារ​និង​សម្លៀក​បំពាក់​ដែល​ពួក​គេ​ត្រូវ​ការ (​៣​) ជៀស​វាង​ជជែក​តវ៉ា​ជា​មួយ​មនុស្ស (​៤​) ទុក​ចិត្ដ​ព្រះ​ពេល​មនុស្ស​បៀត​បៀន​ពួក​គេ ហើយ(​៥​) មិន​ភ័យ​ខ្លាច​ចំពោះ​អ្វី​ដែល​មនុស្ស​អាច​ធ្វើ​ដល់​ពួក​គេ។

^ [​២​] (​វគ្គ​៩​) កិច្ច​បម្រើ​ព្រះ ខែ​កក្កដា ឆ្នាំ​២០១៤ ទំព័រ​១ មាន​ការ​ណែនាំ​ល្អ​អំពី​របៀប​និយាយ​ទៅ​កាន់​មនុស្ស​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

^ [​៣​] (​វគ្គ​១៥​) ចំណុច​ហាត់​រៀន​ទី​៨ ទី​៩ និង​ទី​១២​នៃ​កូន​សៀវភៅ​វិធី​បង្កើន​សមត្ថភាព​និយាយ​និង​បង្រៀន ពន្យល់​អំពី​វិធី​ដែល​បង​ប្អូន​ប្រុស​អាច​រីក​ចម្រើន​ក្នុង​របៀប​ដែល​ពួក​គេ​ថ្លែង​សុន្ទរកថា​ក្នុង​ក្រុម​ជំនុំ។