កុំវិនិច្ឆ័យអ្នកឯទៀតដោយមើលតែសម្បកក្រៅ
«ឈប់វិនិច្ឆ័យដោយមើលតែសម្បកក្រៅប៉ុណ្ណោះ ប៉ុន្ដែចូរវិនិច្ឆ័យដោយសេចក្ដីសុចរិតវិញ»។—យ៉ូហាន ៧:២៤
១. តើអេសាយបានប្រកាសអ្វីទុកជាមុនអំពីលោកយេស៊ូ ហើយហេតុអ្វីទំនាយនេះលើកទឹកចិត្ដយើង?
ទំនាយរបស់អេសាយអំពីលោកយេស៊ូគ្រិស្ដលើកទឹកចិត្ដយើង ហើយផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹម។ អេសាយបានប្រកាសទុកជាមុនថា លោកយេស៊ូនឹង«ជំនុំជំរះ មិនមែនតាមភ្នែកមើលឃើញ ឬសំរេចសេចក្ដីតាមត្រចៀកស្តាប់ឮ» តែលោកនឹង«ជំនុំជំរះពួកទាល់ក្រដោយសេចក្ដីសុចរិត»។ (អេសាយ ១១:៣, ៤) ហេតុអ្វីនេះលើកទឹកចិត្ដយើង? ពីព្រោះយើងរស់នៅក្នុងពិភពលោកដែលពោរពេញទៅដោយការរើសអើង ហើយមនុស្សក្នុងពិភពលោកនេះវិនិច្ឆ័យគ្នាទៅវិញទៅមកដោយមើលតែសម្បកក្រៅប៉ុណ្ណោះ។ យើងពិតជាត្រូវការលោកយេស៊ូដែលជាចៅក្រមដ៏ល្អឥតខ្ចោះ ដែលនឹងមិនវិនិច្ឆ័យយើងដោយមើលតែសម្បកក្រៅទេ!
២. តើលោកយេស៊ូបានបង្គាប់យើងឲ្យធ្វើអ្វី ហើយតើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
២ ជារៀងរាល់ថ្ងៃ យើងវាយតម្លៃអ្នកឯទៀត។ ប៉ុន្ដែខុសពីលោកយេស៊ូ យើងជាមនុស្សមិនល្អឥតខ្ចោះ ដូច្នេះទស្សនៈរបស់យើងក៏មិនល្អឥតខ្ចោះដែរ។ យើងស្រួលទទួលឥទ្ធិពលពីអ្វីដែលយើងមើលឃើញ។ ប៉ុន្ដែលោកយេស៊ូបានបង្គាប់ថា៖ «ឈប់វិនិច្ឆ័យដោយមើលតែសម្បកក្រៅប៉ុណ្ណោះ ប៉ុន្ដែចូរវិនិច្ឆ័យដោយសេចក្ដីសុចរិតវិញ»។ (យ៉ូហាន ) ដូច្នេះ លោកយេស៊ូចង់ឲ្យយើងមានទស្សនៈដូចលោកដែលឲ្យយើងមិនវិនិច្ឆ័យអ្នកឯទៀតដោយមើលតែសម្បកក្រៅ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីបីយ៉ាងដែលអាចមានឥទ្ធិពលលើទស្សនៈរបស់យើង ពោលគឺជាតិសាសន៍ ទ្រព្យសម្បត្ដិ និងអាយុ។ ក្នុងស្ថានភាពនីមួយៗយើងនឹងរៀនអំពីរបៀបដែលយើងអាចធ្វើតាមបង្គាប់របស់លោកយេស៊ូ ដែលឲ្យយើងមិនវិនិច្ឆ័យអ្នកឯទៀតដោយមើលតែសម្បកក្រៅ។ ៧:២៤
កុំវិនិច្ឆ័យអ្នកឯទៀតដោយមើលជាតិសាសន៍របស់ពួកគេ
៣, ៤. (ក) ហេតុអ្វីពេត្រុសបានផ្លាស់ប្ដូរទស្សនៈរបស់គាត់ចំពោះអ្នកដែលមិនមែនជាជនជាតិយូដា? (សូមមើលរូបភាពនៅដើមអត្ថបទ) (ខ) តើព្រះយេហូវ៉ាបានបង្រៀនពេត្រុសអំពីការយល់ដឹងថ្មីអ្វី?
៣ សូមស្រមៃគិតអំពីអារម្មណ៍របស់សាវ័កពេត្រុស ពេលដែលគាត់បានត្រូវសុំឲ្យទៅផ្ទះរបស់កូនេលាសដែលមិនមែនជាជនជាតិយូដា នៅក្រុងសេសារៀ។ (សកម្មភាព ១០:១៧-២៩) តាំងពីក្មេងមក ពេត្រុសគិតថាបុគ្គលដែលមិនមែនជាជនជាតិយូដាគឺមិនស្អាត។ ប៉ុន្ដែមានអ្វីមួយចំនួនបានកើតឡើងដែលធ្វើឲ្យគាត់មានទស្សនៈផ្សេង។ ជាឧទាហរណ៍ ព្រះបានបើកបង្ហាញឲ្យគាត់ឃើញអ្វីមួយក្នុងគំនិត។ (សកម្មភាព ១០:៩-១៦) ក្នុងការបើកបង្ហាញនោះ ពេត្រុសបានឃើញអ្វីមួយដែលមើលទៅដូចជាផ្ទាំងក្រណាត់ធំមួយដែលចុះពីស្ថានសួគ៌ ហើយក្នុងនោះមានសត្វដែលជនជាតិយូដាចាត់ទុកថាមិនស្អាត។ រួចមក មានសំឡេងមួយបន្លឺទៅកាន់គាត់ថា៖ «ពេត្រុស! ចូរក្រោកឡើង សម្លាប់ហើយបរិភោគទៅ!»។ ពេត្រុសបានបដិសេធយ៉ាងម៉ឺងម៉ាត់។ ក្រោយមក សំឡេងនោះបន្លឺទៅគាត់ថា៖ «ឈប់ហៅអ្វីៗដែលព្រះបានសម្អាត ថាមិនស្អាត»។ បន្ទាប់ពីឃើញអ្វីទាំងនោះ ពេត្រុសមិនទាន់យល់នូវអ្វីដែលសំឡេងនោះចង់ប្រាប់គាត់ទេ។ រំពេចនោះ ពួកបុរសដែលកូនេលាសបានចាត់ឲ្យមករកពេត្រុសបានមកដល់។ សកម្មពលបរិសុទ្ធបានប្រាប់ពេត្រុសឲ្យទៅផ្ទះរបស់កូនេលាស ដូច្នេះគាត់បានទៅជាមួយនឹងបុរសទាំងនោះ។
៤ បើពេត្រុសបានវិនិច្ឆ័យ«ដោយមើលតែសម្បកក្រៅប៉ុណ្ណោះ» គាត់នឹងមិនទៅផ្ទះរបស់កូនេលាសទេ។ ជនជាតិយូដាមិនទៅផ្ទះរបស់ជនជាតិដទៃឡើយ។ ដូច្នេះ ហេតុអ្វីពេត្រុសបានទៅ? ទោះជាគាត់បានរើសអើងចំពោះបុគ្គលដែលមិនមែនជាជនជាតិយូដាក្ដី ទស្សនៈរបស់គាត់បានផ្លាស់ប្ដូរដោយសារអ្វីដែលបានត្រូវបើកបង្ហាញឲ្យគាត់ឃើញក្នុងគំនិត និងដោយសារការណែនាំពីសកម្មពលបរិសុទ្ធ។ ក្រោយពីពេត្រុសបានស្តាប់អ្វីដែលកូនេលាសរៀបរាប់ គាត់បាននិយាយថា៖ «ខ្ញុំយល់ឃើញច្បាស់ថា ព្រះមិនរើសមុខទេ តែនៅគ្រប់ជាតិសាសន៍ លោកពេញចិត្ដនឹងអ្នកណាដែលកោតខ្លាចលោកហើយប្រព្រឹត្ដអំពើសុចរិត»។ (សកម្មភាព ១០:៣៤, ៣៥) ការយល់ដឹងថ្មីនេះបានធ្វើឲ្យពេត្រុសរំភើបចិត្ដ ហើយនេះក៏នឹងមានឥទ្ធិពលលើគ្រិស្ដសាសនិកទាំងអស់ដែរ។ តើតាមរបៀបណា?
ទោះជាយើងប្រហែលជាគិតថាយើងមិនរើសមុខក្ដី តើយើងប្រហែលជានៅតែមានការរើសអើងខ្លះៗក្នុងចិត្ដឬទេ?
៥. (ក) តើព្រះយេហូវ៉ាចង់ឲ្យគ្រិស្ដសាសនិកទាំងអស់យល់អំពីអ្វី? (ខ) ទោះជាយើងស្គាល់សេចក្ដីពិតក្ដី តើយើងប្រហែលជានៅតែមានអារម្មណ៍បែបណា?
៥ ព្រះយេហូវ៉ាបានប្រើពេត្រុសដើម្បីជួយគ្រិស្ដសាសនិកឯទៀតឲ្យយល់ថាលោកមិនរើសមុខឡើយ។ ចំពោះព្រះយេហូវ៉ាពូជសាសន៍ សញ្ជាតិ កុលសម្ព័ន្ធ ឬភាសារបស់យើងគឺមិនសំខាន់ទេ។ ដរាបណាយើងកោតខ្លាចលោក ហើយធ្វើអ្វីដែលត្រឹមត្រូវ ដរាបនោះព្រះពេញចិត្ដនឹងយើង។ (កាឡាទី ៣:២៦-២៨; ការបើកបង្ហាញ ៧:៩, ១០) អ្នកទំនងជា ដឹងចំណុចនេះរួចហើយ។ ប៉ុន្ដែ ចុះបើអ្នកធំឡើងនៅក្នុងប្រទេស ឬក្នុងក្រុមគ្រួសារដែលធ្លាប់តែរើសអើង? ទោះជាអ្នកប្រហែលជាគិតថាអ្នកមិនរើសមុខក្ដី តើអ្នកប្រហែលជានៅតែមានការរើសអើងខ្លះៗក្នុងចិត្ដឬទេ? សូម្បីតែក្រោយពីពេត្រុសបានជួយអ្នកឯទៀតឲ្យដឹងថាព្រះមិនរើសមុខ គាត់នៅតែបានប្រព្រឹត្ដដោយការរើសអើង។ (កាឡាទី ២:១១-១៤) ដូច្នេះ តើតាមរបៀបណាយើងអាចធ្វើតាមបង្គាប់របស់លោកយេស៊ូដែលឲ្យយើងមិនវិនិច្ឆ័យអ្នកឯទៀតដោយមើលតែសម្បកក្រៅ?
៦. (ក) តើអ្វីអាចជួយយើងឲ្យលះចោលការរើសអើង? (ខ) តើរបាយការណ៍របស់បងប្រុសម្នាក់បានបង្ហាញអ្វីអំពីគាត់?
៦ ដើម្បីដឹងថាយើងនៅតែមានការរើសអើងខ្លះនៅក្នុងចិត្ដឬយ៉ាងណា យើងត្រូវពិនិត្យពិចារណាអំពីខ្លួនឯង។ យើងត្រូវប្រៀបធៀបចិត្ដគំនិតរបស់យើងទៅនឹងអ្វីដែលយើងរៀនពីបណ្ដាំរបស់ព្រះ។ (ទំនុកតម្កើង ១១៩:១០៥) ម្យ៉ាងទៀត យើងក៏អាចសួរមិត្ដភក្ដិណាម្នាក់។ គាត់ប្រហែលជានឹងកត់សម្គាល់ការរើសអើងណាដែលយើងមាន ហើយដែលយើងពិបាកសម្គាល់ដោយខ្លួនឯង។ (កាឡាទី ២:១១, ១៤) យើងប្រហែលជាស៊ាំនឹងអារម្មណ៍បែបនេះរហូតដល់យើងមិនទាំងដឹងថាយើងមានការរើសអើងទេ! នេះគឺជាអ្វីដែលបានកើតឡើងចំពោះបងប្រុសម្នាក់ដែលមានមុខងារក្នុងអង្គការព្រះយេហូវ៉ា។ គាត់បានសរសេររបាយការណ៍មួយទៅការិយាល័យសាខាអំពីប្ដីប្រពន្ធមួយគូដែលបម្រើពេញពេលយ៉ាងខ្នះខ្នែង។ ប្ដីនោះមកពីជនជាតិមួយដែលមនុស្សជាច្រើនមើលងាយ។ បងប្រុសដែលមានភារកិច្ចនោះបានសរសេរអ្វីល្អៗជាច្រើនអំពីប្ដីនោះ ប៉ុន្ដែគាត់ក៏បន្ថែមថា៖ «ទោះជាបងប្រុសនេះជា[ជនជាតិនេះ]ក្ដី សុជីវធម៌និងរបៀបរស់នៅរបស់គាត់ ជួយអ្នកឯទៀតឲ្យយល់ថាអ្នកដែលជា[ជនជាតិនេះ]មិនតែងតែមានរបៀបរស់នៅមិនស្អាតឬអន់ជាង ដូចដែលជនជាតិ[នោះ]មានជាទូទៅទេ»។ តើយើងអាចទាញយកមេរៀនអ្វី? ទោះជាយើងមានមុខងារអ្វីឬភារកិច្ចច្រើនយ៉ាងណាក៏ដោយក្នុងអង្គការរបស់ព្រះយេហូវ៉ា យើងត្រូវពិនិត្យពិចារណាអំពីខ្លួនយើង ហើយសុខចិត្ដទទួលជំនួយដើម្បីឲ្យយើងអាចសម្គាល់ការរើសអើងណាក៏ដោយដែលយើងប្រហែលជានៅតែមាន។ តើយើងអាចធ្វើអ្វីទៀត?
៧. តើយើងអាចបង្ហាញយ៉ាងណាថាយើងកំពុង«បើកចិត្ដឲ្យទូលាយ»?
៧ បើយើង«បើកចិត្ដឲ្យទូលាយ» យើងនឹងជំនួសការរើសអើងដោយសេចក្ដីស្រឡាញ់។ (កូរិនថូសទី២ ៦:១១-១៣) តើអ្នកចូលចិត្ដសេពគប់តែជាមួយនឹងអ្នកដែលមានពូជសាសន៍ សញ្ជាតិ កុលសម្ព័ន្ធ ឬភាសាដូចអ្នកឬទេ? បើដូច្នេះ សូមព្យាយាមសេពគប់ជាមួយនឹងអ្នកឯទៀតដែរ។ អ្នកអាចអញ្ជើញបងប្អូនដែលមានជាតិសាសន៍ផ្សេងៗឲ្យផ្សព្វផ្សាយជាមួយនឹងអ្នក ឬអ្នកអាចអញ្ជើញពួកគេឲ្យមកផ្ទះរបស់អ្នកដើម្បីបរិភោគអាហារឬដើម្បីជួបជុំគ្នា។ (សកម្មភាព ១៦:១៤, ១៥) យូរៗទៅ ចិត្ដរបស់អ្នកនឹងពោរពេញទៅដោយសេចក្ដីស្រឡាញ់រហូតដល់លែងមានការរើសអើងនៅក្នុងចិត្ដទៀត។ ឥឡូវសូមយើងពិចារណាអំពីរបៀបមួយទៀតដែលយើងប្រហែលជានឹងវិនិច្ឆ័យអ្នកឯទៀត«ដោយមើលតែសម្បកក្រៅប៉ុណ្ណោះ»។
កុំវិនិច្ឆ័យអ្នកឯទៀតដោយមើលទ្រព្យសម្បត្ដិរបស់ពួកគេ
៨. តើយើងអាចរៀនអ្វីពីលេវីវិន័យ ១៩:១៥អំពីឥទ្ធិពលដែលទ្រព្យសម្បត្ដិអាចមានលើទស្សនៈរបស់យើងចំពោះអ្នកឯទៀត?
៨ ទស្សនៈរបស់យើងចំពោះអ្នកឯទៀតប្រហែលជាអាស្រ័យទៅលើពួកគេជាអ្នកមានឬអ្នកក្រ។ លេវីវិន័យ ១៩:១៥ចែងថា៖ «[អ្នក]មិនត្រូវយល់មុខខាងឯអ្នកតូច ឬខ្លាច អ្នកធំដែរគឺត្រូវឲ្យជំនុំជំរះអ្នកជិតខាងឯងដោយសុចរិតវិញ»។ តើភាពក្រីក្រឬភាពមានបានរបស់អ្នកឯទៀតអាចមានឥទ្ធិពលយ៉ាងណាទៅលើទស្សនៈរបស់យើងចំពោះពួកគេ?
៩. តើសាឡូម៉ូនបានសរសេរអំពីការពិតដ៏គួរឲ្យសោកស្តាយអ្វី? តើនេះបង្រៀនយើងអ្វី?
៩ ក្រោមការដឹកនាំរបស់ព្រះ សាឡូម៉ូនបានសរសេរអំពីការពិតដ៏គួរឲ្យសោកស្តាយនេះថា៖ «មនុស្សក្រជាទីស្អប់ខ្ពើមដល់ទាំងអ្នកជិតខាងខ្លួនផង តែឯអ្នកមានវិញ គេមានមិត្រសំឡាញ់ច្រើន»។ (សុភាសិត ១៤:២០) តើនេះបង្រៀនយើងអ្វី? បើយើងមិនប្រុងប្រយ័ត្នទេ យើងប្រហែលជានឹងចង់ធ្វើជាមិត្ដភក្ដិជាមួយនឹងបងប្អូនដែលជាអ្នកមាន មិនមែនជាមួយនឹងអ្នកក្រ។ ហេតុអ្វីការវិនិច្ឆ័យមនុស្សដោយមើលទ្រព្យសម្បត្ដិរបស់ពួកគេគឺជាអ្វីដែលនាំឲ្យមានគ្រោះថ្នាក់?
១០. តើយ៉ាកុបបានព្រមានគ្រិស្ដសាសនិកអំពីបញ្ហាអ្វី?
១០ បើយើងវិនិច្ឆ័យបងប្អូនអាស្រ័យទៅលើពួកគេជាអ្នកមានឬអ្នកក្រ នោះយើងអាចធ្វើឲ្យមានការបែកបាក់ក្នុងក្រុមជំនុំ។ នេះបានកើតឡើងនៅក្នុងក្រុងជំនុំខ្លះនាសតវត្សរ៍ទី១ ហើយយ៉ាកុបបានព្រមានគ្រិស្ដសាសនិកទាំងនោះអំពីរឿងនេះ។ (សូមអាន យ៉ាកុប ២:១-៤) យើងមិនត្រូវអនុញ្ញាតឲ្យមានការបែកបាក់គ្នានៅក្នុងក្រុមជំនុំឡើយ។ ដូច្នេះ តើតាមរបៀបណាយើងអាចជៀសវាងពីការវិនិច្ឆ័យមនុស្សដោយមើលទ្រព្យសម្បត្ដិរបស់ពួកគេ?
យើងត្រូវសុខចិត្ដទទួលជំនួយដោយចិត្ដរាបទាប ដើម្បីឲ្យយើងអាចសម្គាល់ការរើសអើងណាក៏ដោយដែលយើងប្រហែលជានៅតែមាន
១១. តើចំណងមិត្ដភាពរបស់បុគ្គលម្នាក់ជាមួយនឹងព្រះយេហូវ៉ាជាប់ទាក់ទងនឹងទ្រព្យសម្បត្ដិរបស់គាត់ឬទេ? សូមពន្យល់។
១១ យើងត្រូវមានទស្សនៈដូចព្រះយេហូវ៉ាចំពោះបងប្អូនរបស់យើង។ ព្រះយេហូវ៉ាមិនរាប់បុគ្គលណាម្នាក់ថាមានតម្លៃចំពោះលោកដោយសារគាត់ជាអ្នកមានឬជាអ្នកក្រទេ។ ចំណងមិត្ដភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាមិនជាប់ទាក់ទងទាល់តែសោះនឹងលុយឬទ្រព្យសម្បត្ដិដែលយើងមាន។ ពិតមែនថាលោកយេស៊ូបានមានប្រសាសន៍ថា៖ «អ្នកមាននឹងពិបាកចូលទៅក្នុងរាជាណាចក្រស្ថានសួគ៌ណាស់» តែលោកមិនបានមានប្រសាសន៍ថានេះមិនអាចកើតឡើងចំពោះអ្នកមានឡើយ។ (ម៉ាថាយ ១៩:២៣) លោកយេស៊ូក៏បានមានប្រសាសន៍ថា៖ «អ្នក រាល់គ្នាជាអ្នកក្រីក្រ មានសុភមង្គលហើយ! ពីព្រោះរាជាណាចក្ររបស់ព្រះជារបស់អ្នករាល់គ្នា»។ (លូកា ៦:២០) ប៉ុន្ដែ នេះមិនមានន័យថាអ្នកក្រទាំងអស់នឹងស្តាប់តាមលោកយេស៊ូ ហើយទទួលពរដ៏ពិសេសទេ។ មនុស្សក្រីក្រជាច្រើននាក់មិនបានទៅជាអ្នកកាន់តាមលោកយេស៊ូឡើយ។ ចំណុចសំខាន់គឺយើងមិនអាចវិនិច្ឆ័យចំណងមិត្ដភាពរបស់បុគ្គលណាម្នាក់ជាមួយនឹងព្រះយេហូវ៉ា ដោយមើលទ្រព្យសម្បត្ដិរបស់គាត់ទេ។
១២. តើបទគម្ពីរបង្រៀនអ្វីចំពោះអ្នកមាននិងអ្នកក្រ?
១២ ក្នុងចំណោមរាស្ដ្ររបស់ព្រះយេហូវ៉ាមានបងប្អូនដែលជាអ្នកមាននិងជាអ្នកក្រ។ ប៉ុន្ដែ ពួកគេទាំងអស់គ្នាស្រឡាញ់ព្រះយេហូវ៉ា ហើយបម្រើលោកដោយអស់ពីចិត្ដ។ បទគម្ពីរប្រាប់អ្នកមានថា៖ ‹ចូរមានសង្ឃឹម មិនមែនលើទ្រព្យដែលមិនទៀង តែមានសង្ឃឹមលើព្រះ›។ (សូមអាន ធីម៉ូថេទី១ ៦:១៧-១៩) បណ្ដាំរបស់ព្រះក៏ព្រមានអ្នកបម្រើទាំងអស់របស់ព្រះយេហូវ៉ា ទាំងអ្នកមានទាំងអ្នកក្រថា ការស្រឡាញ់ប្រាក់គឺនាំឲ្យមានគ្រោះថ្នាក់។ (ធីម៉ូថេទី១ ៦:៩, ១០) ពេលយើងមានទស្សនៈដូចព្រះយេហូវ៉ាចំពោះបងប្អូនរបស់យើង យើងនឹងមិនវិនិច្ឆ័យពួកគេដោយមើលអ្វីដែលពួកគេមានឬមិនមានទេ។ ប៉ុន្ដែ ចុះយ៉ាងណាអំពីអាយុរបស់បុគ្គលណាម្នាក់វិញ? តើនេះជាមូលហេតុឲ្យយើងវិនិច្ឆ័យអ្នកឯទៀតឬទេ?
កុំវិនិច្ឆ័យអ្នកឯទៀតដោយមើលអាយុរបស់ពួកគេ
១៣. តើយើងរៀនអ្វីពីគម្ពីរអំពីការបង្ហាញការគោរពចំពោះមនុស្សវ័យចាស់?
១៣ គម្ពីរប្រាប់ជាច្រើនដងថាយើងត្រូវគោរពមនុស្សវ័យចាស់។ លេវីវិន័យ ១៩:៣២ចែងថា៖ «ត្រូវឲ្យឯងក្រោកឡើងឈរនៅមុខមនុស្សចាស់សក់ស ត្រូវគោរពដល់មនុស្សមានវ័យចំរើន ហើយត្រូវកោតខ្លាចដល់ព្រះនៃឯងដែរ»។ សុភាសិត ១៦:៣១ចែងថា៖ «សក់ស្កូវ បើឃើញនៅក្នុងផ្លូវសុចរិត នោះជាមកុដនៃកិត្ដិសព្ទ»។ ប៉ូលបានប្រាប់ធីម៉ូថេថា៖ «កុំរិះគន់បុរសវ័យចាស់» ប៉ុន្ដែប្រព្រឹត្ដទៅលើពួកគេដូចជាឪពុក។ (ធីម៉ូថេទី១ ៥:១, ២) ទោះជាធីម៉ូថេមានអំណាចមួយកម្រិតទៅលើបងប្រុសដែលមានវ័យចាស់ជាងគាត់ក្ដី គាត់ត្រូវបង្ហាញចិត្ដអាណិតមេត្ដានិងគោរពពួកគេជានិច្ច។
១៤. តើយើងប្រហែលជានឹងត្រូវកែតម្រង់បុគ្គលណាម្នាក់ដែលចាស់ជាងយើងនៅពេលណា?
១៤ តើយើងគួរធ្វើអ្វីបើបងប្អូនវ័យចាស់ណាម្នាក់ប្រព្រឹត្ដអំពើខុសឆ្គងដោយចេតនា ឬលើកស្ទួយអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ដ? ព្រះយេហូវ៉ានឹងមិនលើកលែងឲ្យអ្នកដែលប្រព្រឹត្ដអំពើខុសឆ្គងដោយចេតនាទេ ទោះជាបុគ្គលនោះមានវ័យចាស់និងជាអ្នកដែលបងប្អូនជាច្រើនគោរពក៏ដោយ។ សូមកត់សម្គាល់គោលការណ៍នៅអេសេគាល ៩:៥, ៦ដែលចែងថា៖ «ចូរឯងរាល់គ្នាដើរបង្ហូតទីក្រុងតាមអ្នក១នោះ ហើយប្រហារទៅ . . . ត្រូវឲ្យសំឡាប់ទាំងពួកចាស់ ពួកកំឡោះ ពួកក្រមុំ ពួកក្មេង នឹងពួកស្រីៗឲ្យអស់រលីងទៅ»។ យើងក៏ឃើញគោលការណ៍ដែលស្រដៀងនឹងនេះនៅយេរេមា ៦:១១, ១២ដែរ។ ដូច្នេះ អ្វីដែលសំខាន់បំផុតគឺយើងគោរពព្រះយេហូវ៉ាដែលជា«ព្រះដ៏មានព្រះជន្មពីចាស់បុរាណ»។ (ដានីយ៉ែល ៧:៩, ១០, ១៣, ១៤) បើយើងធ្វើដូច្នេះ យើងនឹងមិនខ្លាចកែតម្រង់បុគ្គលណាម្នាក់ពេលដែលគាត់ត្រូវការការកែតម្រង់ទេ ទោះជាគាត់មានវ័យណាក៏ដោយ។—កាឡាទី ៦:១
១៥. តើយើងរៀនអ្វីពីសាវ័កប៉ូលអំពីការគោរពចំពោះបងប្អូនវ័យក្មេង?
១៥ តើយើងគួរមានទស្សនៈយ៉ាងណាចំពោះបងប្អូនប្រុសវ័យក្មេងក្នុងក្រុមជំនុំ? តើពួកគេសមនឹងទទួលការគោរពឬទេ? ប៉ូលបានសរសេរទៅធីម៉ូថេថា៖ «កុំឲ្យអ្នកណាមើលងាយអ្នកដោយសារអ្នកនៅក្មេងឡើយ។ ផ្ទុយទៅវិញ ក្នុងការនិយាយ ការប្រព្រឹត្ដ សេចក្ដីស្រឡាញ់ ជំនឿ និងសេចក្ដីបរិសុទ្ធ ចូរធ្វើជាគំរូល្អដល់ពួកអ្នកស្មោះត្រង់»។ (ធីម៉ូថេទី១ ៤:១២) ពេលប៉ូលបានសរសេរសំបុត្រនេះ ធីម៉ូថេប្រហែលជាមានអាយុ៣០ឆ្នាំ ប៉ុន្ដែប៉ូលបានឲ្យគាត់នូវភារកិច្ចដ៏សំខាន់ណាស់។ តើយើងអាចទាញយកមេរៀនអ្វី? យើងមិនគួរវិនិច្ឆ័យបងប្អូនប្រុសដែលមានវ័យក្មេងជាងយើង ដោយមើលអាយុរបស់ពួកគេទេ។ សូមគិតអំពីលោកយេស៊ូ លោកមានអាយុត្រឹមតែ៣៣ឆ្នាំប៉ុណ្ណោះ តែលោកបានសម្រេចអ្វីៗជាច្រើនក្នុងជីវិតរបស់លោក!
១៦, ១៧. (ក) ដើម្បីសម្រេចចិត្ដថាបងប្រុសណាម្នាក់មានគុណសម្បត្ដិគ្រប់គ្រាន់អាចធ្វើជាជំនួយការខាងកិច្ចបម្រើឬជាអ្នកចាស់ទុំ តើពួកអ្នកចាស់ទុំពឹងផ្អែកទៅលើអ្វី? (ខ) តើវប្បធម៌ឬទស្សនៈផ្ទាល់ខ្លួនអាចខុសពីអ្វីដែលគម្ពីរចែងយ៉ាងដូចម្ដេច?
១៦ ក្នុងវប្បធម៌ខ្លះ មនុស្សមិនគោរពបុរសវ័យក្មេងទេ។ ហេតុនេះ អ្នកចាស់ទុំខ្លះប្រហែលជាមិនលើកឈ្មោះបុរសវ័យក្មេងណាម្នាក់ឲ្យបម្រើជាជំនួយការខាងកិច្ចបម្រើ ឬជាអ្នកចាស់ទុំ ទោះជាគាត់មានគុណសម្បត្ដិគ្រប់គ្រាន់ក៏ដោយ។ ប៉ុន្ដែ គម្ពីរមិនចែងថាមានការកំណត់អាយុសម្រាប់បងប្រុសដែលអាចតែងតាំងជាជំនួយការខាងកិច្ចបម្រើ ឬជាអ្នកចាស់ទុំឡើយ។ (ធីម៉ូថេទី១ ៣:១-១០, ១២, ១៣; ទីតុស ១:៥-៩) បើអ្នកចាស់ទុំបង្កើតច្បាប់អំពីរឿងនេះដោយសារវប្បធម៌របស់គាត់ គាត់មិនធ្វើតាមបណ្ដាំរបស់ព្រះទេ។ អ្នកចាស់ទុំមិនគួរវិនិច្ឆ័យបុរសវ័យក្មេងតាមវប្បធម៌ ឬតាមទស្សនៈផ្ទាល់ខ្លួនឡើយ ប៉ុន្ដែតាមខ្នាតតម្រាក្នុងបណ្ដាំរបស់ព្រះ។—ធីម៉ូថេទី២ ៣:១៦, ១៧
១៧ បើអ្នកចាស់ទុំមិនធ្វើតាមខ្នាតតម្រាពីគម្ពីរចំពោះការតែងតាំងជំនួយការខាងកិច្ចបម្រើឬអ្នកចាស់ទុំ ពួកគេប្រហែលជានឹងមិនតែងតាំងបុរសម្នាក់ដែលតាមពិតមានគុណសម្បត្ដិគ្រប់គ្រាន់។ ជាឧទាហរណ៍នៅប្រទេសមួយ ជំនួយការខាងកិច្ចបម្រើម្នាក់មានភារកិច្ចដ៏សំខាន់ ហើយគាត់បានបំពេញភារកិច្ចនោះយ៉ាងល្អ។ មួយវិញទៀត ពួកអ្នកចាស់ទុំទទួលស្គាល់ថាគាត់មានគុណសម្បត្ដិគ្រប់គ្រាន់ស្របតាមគម្ពីរដើម្បីធ្វើជាអ្នកចាស់ទុំ។ ប៉ុន្ដែ អ្នកចាស់ទុំមួយចំនួនដែលមានវ័យចាស់បាននិយាយថាគាត់មើលទៅក្មេងពេកដើម្បីធ្វើជាអ្នកចាស់ទុំ ដូច្នេះពួកគេមិនបានលើកឈ្មោះគាត់ឡើយ។ គួរឲ្យស្តាយណាស់ បងប្រុសនេះមិនបានត្រូវតែងតាំងទេ ហើយនេះគឺដោយសារតែសម្បកក្រៅរបស់គាត់ប៉ុណ្ណោះ។ តាមមើលទៅនៅប្រទេសជាច្រើន ទស្សនៈបែបនេះគឺមានជាទូទៅ។ គឺសំខាន់ណាស់ដែលយើងពឹងផ្អែកលើគម្ពីរ ជាជាងលើវប្បធម៌ឬទស្សនៈរបស់ខ្លួន។ យ៉ាងនេះ យើងនឹងធ្វើតាមបង្គាប់របស់លោកយេស៊ូដែលឲ្យយើងឈប់វិនិច្ឆ័យអ្នកឯទៀតដោយមើលសម្បកក្រៅរបស់ពួកគេ។
ចូរវិនិច្ឆ័យដោយសេចក្ដីសុចរិត
១៨, ១៩. តើអ្វីនឹងជួយយើងឲ្យមានទស្សនៈដូចព្រះយេហូវ៉ាចំពោះបងប្អូនរបស់យើង?
១៨ យើងជាមនុស្សមិនល្អឥតខ្ចោះ ប៉ុន្ដែយើងនៅតែអាចរៀនឲ្យមានទស្សនៈដូចព្រះយេហូវ៉ាដោយមិនរើសអើងអ្នកឯទៀត។ (សកម្មភាព ១០:៣៤, ៣៥) ដូច្នេះ យើងត្រូវយកចិត្ដទុកដាក់ជានិច្ចចំពោះការរំលឹកពីបណ្ដាំរបស់ព្រះ។ ពេលយើងធ្វើតាមការរំលឹកទាំងនោះ យើងធ្វើតាមបង្គាប់របស់លោកយេស៊ូដែលឲ្យយើង«ឈប់វិនិច្ឆ័យដោយមើលតែសម្បកក្រៅប៉ុណ្ណោះ»។—យ៉ូហាន ៧:២៤
១៩ មិនយូរទៀត លោកយេស៊ូគ្រិស្ដដែលជាស្ដេចរបស់យើងនឹងវិនិច្ឆ័យមនុស្សទាំងអស់។ ការវិនិច្ឆ័យរបស់លោកនឹងមានមូលដ្ឋានលើខ្នាតតម្រាដ៏សុចរិតរបស់ព្រះ មិនមែនទៅលើអ្វីដែលលោកមើលឃើញឬស្តាប់ឮទេ។ (អេសាយ ១១:៣, ៤) យើងពិតជាទន្ទឹងរង់ចាំគ្រាដ៏អស្ចារ្យនោះ!