លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣៤

ការ​សម្រប​ខ្លួន​ពេល​មិន​អាច​បន្ត​បំពេញ​ឯកសិទ្ធិ

ការ​សម្រប​ខ្លួន​ពេល​មិន​អាច​បន្ត​បំពេញ​ឯកសិទ្ធិ

​«​ព្រះ​មិន​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​នោះ​ទេ ដោយ​បំភ្លេច​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ និង​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់​គ្នា​បាន​បង្ហាញ​ចំពោះ​នាម​របស់​លោក​»។—ហេ. ៦:១០

ចម្រៀង​លេខ​៣៨ លោក​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា

សេចក្ដី​សង្ខេប *

១​-​៣. តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​អ្នក​បម្រើ​ពេញ​ពេល​ប្រហែល​ជា​ត្រូវ​ផ្លាស់​ប្ដូរ​ភារកិច្ច?

បង​ប្រុស​រ៉ូបឺត​និង​បង​ស្រី​មេរី​ចូ រៀប​រាប់​ថា​៖ ​«​ក្រោយ​ពី​យើង​បាន​បម្រើ​ជា​សាសនទូត​អស់​រយៈ​ពេល​២១​ឆ្នាំ ឪ​ពុក​ម្ដាយ​ទាំង​សង​ខាង​របស់​យើង​ដែល​មាន​វ័យ​ចាស់​បាន​ឈឺ។ យើង​ចង់​ថែ​រក្សា​ពួក​គាត់។ ប៉ុន្តែ យើង​នៅ​តែ​ពិបាក​ចិត្ត​ដែល​ត្រូវ​ចាក​ចេញ​ពី​កន្លែង​ដែល​យើង​ចាត់​ទុក​ថា​ជា​ស្រុក​កំណើត​របស់​យើង​»។

បង​ប្រុស​វីល្លាម​និង​បង​ស្រី​ធែរី​និយាយ​ថា​៖ ​«​ពេល​យើង​ដឹង​ថា​យើង​មិន​អាច​បន្ត​បំពេញ​កិច្ច​បម្រើ​របស់​យើង​ទៀត​ដោយ​សារ​បញ្ហា​សុខភាព យើង​បាន​យំ។ ការ​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​ក្រៅ​ដែល​ជា​គោល​បំណង​ក្នុង​ជីវិត​របស់​យើង​បាន​ត្រូវ​បញ្ចប់​»។

បង​ប្រុស​អាឡិកសី​និយាយ​ថា​៖ ​«​ខ្ញុំ​បម្រើ​នៅ​ការិយាល័យ​សាខា​មួយ ហើយ​យើង​ដឹង​រួច​ហើយ​ថា​ពួក​អ្នក​ប្រឆាំង​ចង់​បិទ​ការិយាល័យ​សាខា​នោះ។ ប៉ុន្តែ​ពេល​នោះ​បាន​កើត​ឡើង ហើយ​យើង​ត្រូវ​ចាក​ចេញ​ពី​បេតអែល យើង​នៅ​តែ​តក់​ស្លុត​»។

៤. តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

មួយ​វិញ​ទៀត បង​ប្អូន​ជា​ច្រើន​ដែល​បម្រើ​ពេញ​ពេល រួម​ទាំង​សមាជិក​បេតអែល​បាន​ទទួល​ភារកិច្ច​ថ្មី។ * នេះ​អាច​ជា​អ្វី​ដែល​ពិបាក​ខ្លាំង​ណាស់​សម្រាប់​បង​ប្អូន​ដ៏​ស្មោះ​ត្រង់​ទាំង​នោះ ពេល​ពួក​គេ​មិន​អាច​បំពេញ​ឯកសិទ្ធិ​ដែល​ខ្លួន​ពិត​ជា​ស្រឡាញ់។ តើ​អ្វី​អាច​ជួយ​ពួក​គេ​ឲ្យ​សម្រប​ខ្លួន​ទៅ​តាម​ការ​ផ្លាស់​ប្ដូរ​នោះ? តើ​អ្នក​អាច​ជួយ​ពួក​គេ​យ៉ាង​ដូច​ម្ដេច? ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​នឹង​ជួយ​យើង​ទាំង​អស់​គ្នា​ឲ្យ​សម្រប​ខ្លួន​ទៅ​តាម​ការ​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត។

របៀប​សម្រប​ខ្លួន​ទៅ​តាម​ការ​ផ្លាស់​ប្ដូរ

ហេតុ​អ្វី​ប្រហែល​ជា​ពិបាក​ឲ្យ​អ្នក​បម្រើ​ពេញ​ពេល​ចាក​ចេញ​ពី​ភារកិច្ច​របស់​ខ្លួន? (​សូម​មើល​វគ្គ​៥​) *

៥. តើ​ការ​ផ្លាស់​ប្ដូរ​ភារកិច្ច​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

ទោះ​ជា​យើង​បម្រើ​នៅ​បេតអែល​ឬ​ជា​អ្នក​បម្រើ​ពេញ​ពេល​ខាង​អ្វី​ផ្សេង​ទៀត​ក្ដី យើងមាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​និង​កន្លែង​ដែល​យើង​បំពេញ​កិច្ច​បម្រើ។ ដូច្នេះ បើ​យើង​ត្រូវ​ចាក​ចេញ​ដោយ​សារ​មូលហេតុ​ណា​មួយ នោះ​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត។ យើង​នឹក​បង​ប្អូន ហើយ​យើង​ក៏​បារម្ភ​អំពី​ពួក​គេ​ដែរ ជា​ពិសេស​បើ​យើង​ត្រូវ​ចាក​ចេញ​ដោយ​សារ​ការ​បៀត​បៀន។ (​ម៉ាថ. ១០:២៣; ២កូ. ១១:២៨, ២៩​) ម្យ៉ាង​ទៀត ការ​ផ្លាស់​ប្ដូរ​ភារកិច្ច​ឬ​សូម្បី​តែ​ការ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ក៏​ជា​អ្វី​ដែល​ពិបាក​ដោយ​សារ​យើង​ត្រូវ​សម្រប​ខ្លួន​ទៅ​តាម​វប្បធម៌​ថ្មី។ បង​ប្រុស​រ៉ូបឺត​និង​បង​មេរី​ចូ​និយាយ​ថា​៖ ​«​យើង​លែង​សូវ​ស៊ាំ​នឹង​វប្បធម៌​របស់​យើង​ទៀត ហើយ​សូម្បី​តែ​យើង​ផ្សព្វ​ផ្សាយ​ដោយ​ប្រើ​ភាសា​កំណើត​របស់​ខ្លួន ក៏​យើង​មាន​អារម្មណ៍​ថា​យើង​ដូច​ជា​ជន​បរទេស ទោះ​ជា​តាម​ការ​ពិត​យើង​ស្នាក់​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​ក៏​ដោយ​»។ ពេល​ភារកិច្ច​របស់​បង​ប្អូន​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ ភ្លាម​ៗ​ពួក​គេ​ប្រហែល​ជា​ប្រឈម​មុខ​នឹង​បញ្ហា​ខាង​លុយ​កាក់​ដែល​ពួក​គេ​មិន​បាន​រំពឹង​ទុក។ ពួក​គេ​ប្រហែល​ជា​ខ្វល់​ខ្វាយ​និង​ធ្លាក់​ទឹក​ចិត្ត។ តើ​អ្វី​អាច​ជួយ​ពួក​គេ?

គឺ​សំខាន់​ចាំ​បាច់​ដែល​យើង​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ហើយ​ទុក​ចិត្ត​លោក (​សូម​មើល​វគ្គ​៦​-​៧​) *

៦. តើ​យើង​អាច​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

ចូរ​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា។ (​យ៉ា. ៤:៨​) តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​ទុក​ចិត្ត​លោក​ជា​«​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​»។ (​ទំនុក. ៦៥:២​) ទំនុក​តម្កើង ៦២:៨​ចែង​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ប្លុង​ចិត្ត​នៅ​ចំពោះ​ទ្រង់​»។ ព្រះ​យេហូវ៉ា​អាច​«​ធ្វើ​ហួស​ពី​អ្វី​ៗ​ទាំង​អស់​ដែល​យើង​សុំ​ឬ​គិត​ឃើញ​»។ (​អេភ. ៣:២០​) លោក​មិន​គ្រាន់​តែ​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​អធិដ្ឋាន​សុំ​ប៉ុណ្ណោះ​ទេ តែ​លោក​ប្រហែល​ជា​ធ្វើ​អ្វី​ដែល​យើង​មិន​បាន​រំពឹង​ទុក​ឬ​អ្វី​ដែល​ហួស​ពី​ការ​នឹក​ស្មាន ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​យើង។

៧. (​ក​) តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​បន្ត​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា? (​ខ​) យោង​ទៅ​តាម​ហេប្រឺ ៦:១០​-​១២ តើ​យើង​នឹង​ទទួល​លទ្ធផល​អ្វី​ពេល​យើង​នៅ​តែ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់?

ដើម្បី​បន្ត​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា ចូរ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​និង​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​បាន​អាន។ បង​ប្រុស​ម្នាក់​ដែល​ធ្លាប់​បម្រើ​ជា​សាសនទូត​និយាយ​ថា​៖ ​«​ពេល​មាន​ការ​ផ្លាស់​ប្ដូរ​ចំពោះ​ភារកិច្ច​របស់​អ្នក សូម​បន្ត​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​និង​រៀប​ចំ​សម្រាប់​កិច្ច​ប្រជុំ​ជា​រៀង​រាល់​សប្ដាហ៍ ដូច​ដែល​អ្នក​ធ្លាប់​ធ្វើ​ពី​មុន​»។ ម្យ៉ាង​ទៀត សូម​បន្ត​ខំ​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ក្រុម​ជំនុំ​ថ្មី។ ព្រះ​យេហូវ៉ា​នឹក​ចាំ​ពួក​អ្នក​ដែល​នៅ​តែ​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់ ទោះ​ជា​ពួក​គេ​មិន​អាច​ធ្វើ​ច្រើន​ដូច​ពី​មុន​ក៏​ដោយ។—សូម​អាន ហេប្រឺ ៦:១០​-​១២

៨. តើ​យ៉ូហាន​ទី១ ២:១៥​-​១៧​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច​ដើម្បី​រក្សា​ជីវិត​ឲ្យ​សាមញ្ញ?

ចូរ​រក្សា​ជីវិត​ឲ្យ​សាមញ្ញ។ សូម​កុំ​ឲ្យ​ការ​ខ្វល់​ខ្វាយ​របស់​ពិភព​លោក​សាថាន​បញ្ឈប់​អ្នក​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា​ឡើយ។ (​ម៉ាថ. ១៣:២២​) ចូរ​កុំ​ធ្វើ​តាម​ការ​បង្ខិត​បង្ខំ​ដែល​មក​ពី​ពិភព​លោក ឬពី​មិត្ត​ភក្ដិ​និង​សាច់​ញាតិ​ដែល​មាន​បំណង​ចិត្ត​ល្អ ឲ្យ​ស្វែង​រក​ទ្រព្យ​សម្បត្ដិ​ក្នុង​របៀប​របប​ពិភព​លោក​របស់​សាថាន។ (​សូម​អាន យ៉ូហាន​ទី១ ២:១៥​-​១៧) ចូរ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ដែល​សន្យា​ថា​លោក​នឹង​ជួយ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​យើង​ខាង​ជំនឿ ខាង​ផ្លូវ​ចិត្ត និង​ខាង​រូប​កាយ​«​នៅ​ពេល​ដែល​យើង​ត្រូវ​ការ​»។—ហេ. ៤:១៦; ១៣:៥, ៦

៩. យោង​ទៅ​តាម​សុភាសិត ២២:៣, ហេតុ​អ្វី​ការ​ជៀស​វាង​ពី​ការ​ជំពាក់​បំណុល​គឺ​សំខាន់​ចាំ​បាច់? តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ?

ចូរ​ជៀស​វាង​ពី​ការ​ជំពាក់​បំណុល​ដែល​មិន​ចាំ​បាច់។ (​សូម​អាន សុភាសិត ២២:៣, ) ការ​រើ​ទៅ​កន្លែង​ថ្មី​អាច​តម្រូវ​ឲ្យ​យើង​ចំណាយ​លុយ​ច្រើន ហើយ​ស្រួល​ឲ្យ​យើង​ជំពាក់​បំណុល​គេ។ ដើម្បី​កុំ​ឲ្យ​ជំពាក់​បំណុល​ច្រើន សូម​ប្រុង​ប្រយ័ត្ន​ពី​ការ​ខ្ចី​លុយ​ដើម្បី​ទិញ​អ្វី​ដែល​មិន​ត្រូវ​ការ។ ប៉ុន្តែ ពេល​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​នាំ​ឲ្យ​តាន​តឹង​ចិត្ត ដូច​ជា​ពេល​យើង​ថែ​រក្សា​បុគ្គល​ជា​ទី​ស្រឡាញ់​ដែល​ឈឺ​ជា​ដើម យើង​ប្រហែល​ជា​ពិបាក​ធ្វើ​ការ​សម្រេច​ចិត្ត​ឈ្លាស​វៃ​អំពី​ការ​ខ្ចី​លុយ។ ក្នុង​ស្ថានភាព​បែប​នេះ សូម​ចាំ​ថា‹សេចក្ដី​អធិដ្ឋាន​និង​ការ​អង្វរ​សុំ› អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ។ ព្រះ​យេហូវ៉ា​អាច​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ដោយ​ជួយ​អ្នក​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ដែល​នឹង​«​ការ​ពារ​ចិត្ត​និង​សមត្ថភាព​រិះ​គិត​របស់​អ្នក​»​ និង​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត។—ភី. ៤:៦, ៧; ១ពេ. ៥:៧

១០. តើ​យើង​អាច​មាន​មិត្ត​ភក្ដិ​ថ្មី​តាម​របៀប​ណា?

១០ ចូរ​រក្សា​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ។ សូម​ប្រាប់​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ ជា​ពិសេស​ពួក​អ្នក​ដែល​ធ្លាប់​ជួប​ស្ថានភាព​ស្រដៀង​នឹង​អ្នក អំពី​អារម្មណ៍​និង​បទ​ពិសោធន៍​ដែល​អ្នក​មាន។ ដោយ​ធ្វើ​ដូច្នេះ អ្នក​អាច​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង។ (​សាស្ដ. ៤:៩, ១០​) មិត្ត​ដែល​អ្នក​មាន​ក្នុង​កិច្ច​បម្រើ​ពី​មុន នឹង​នៅ​តែ​ជា​មិត្ត​ភក្ដិ​របស់​អ្នក។ តែ​ឥឡូវ ក្នុង​ភារកិច្ច​ថ្មី អ្នក​ត្រូវ​ស្វែង​រក​មិត្ត​ភក្ដិ​ថ្មី។ តើ​អ្នក​អាច​រក​មិត្ត​ថ្មី​តាម​របៀប​ណា? សូម​ចាំ​ថា​ដើម្បី​មាន​មិត្ត​ភក្ដិ អ្នក​ត្រូវ​ធ្វើ​ជា​មនុស្ស​រួស​រាយ​រាក់​ទាក់។ សូម​ប្រាប់​អ្នក​ឯ​ទៀត​អំពី​បទ​ពិសោធន៍​ល្អ​ៗ​ដែល​អ្នក​មាន​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ដើម្បី​ឲ្យ​ពួក​គេ​ឃើញ​ថា​អ្នក​មាន​អំណរ។ ទោះ​ជា​បង​ប្អូន​ខ្លះ​ក្នុង​ក្រុម​ជំនុំ​មិន​យល់​អំពី​មូលហេតុ​ដែល​អ្នក​ស្រឡាញ់​កិច្ច​បម្រើ​ពេញ​ពេល​ក៏​ដោយ បង​ប្អូន​ខ្លះ​ទៀត​ប្រហែល​ជា​ចង់​ដឹង​ថែម​ទៀត ហើយ​ទៅ​ជា​មិត្ត​ភក្ដិ​ល្អ​របស់​អ្នក។ ប៉ុន្តែ សូម​ប្រុង​ប្រយ័ត្ន កុំ​និយាយ​ច្រើន​ពេក​អំពី​ខ្លួន​អ្នក​ឬ​អំពី​អ្វី​ដែល​អ្នក​បាន​សម្រេច​ក្នុង​កិច្ច​បម្រើ​ព្រះ ហើយ​កុំ​និយាយ​ច្រើន​ពេក​អំពី​អារម្មណ៍​មិន​ល្អ​ដែល​អ្នក​មាន។

១១. តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​បន្ត​មាន​សុភមង្គល​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍?

១១ បើ​អ្នក​ត្រូវ​ចាក​ចេញ​ពី​ឯកសិទ្ធិ​របស់​អ្នក ដោយ​សារ​គូ​របស់​អ្នក​មាន​បញ្ហា​សុខភាព សូម​កុំ​បន្ទោស​គាត់​ឡើយ។ បើ​អ្នក​ផ្ទាល់​មាន​បញ្ហា​សុខភាព​វិញ សូម​កុំ​បន្ទោស​ខ្លួន​ថា​អ្នក​បាន​ធ្វើ​ឲ្យ​គូ​របស់​អ្នក​ខក​ចិត្ត។ សូម​ចាំ​ថា​អ្នក​ជា​«​សាច់​ឈាម​តែ​មួយ​»​ ហើយ​អ្នក​បាន​សន្យា​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ថា​អ្នក​នឹង​ថែ​រក្សា​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​ជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។ (​ម៉ាថ. ១៩:៥, ៦​) បើ​អ្នក​បាន​ចាក​ចេញ​ពី​ឯកសិទ្ធិ​ដោយ​សារ​អ្នក​មាន​ផ្ទៃ​ពោះ​ដោយ​មិនបាន​ព្រៀង​ទុក សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​កូន​របស់​អ្នក​ដឹង​ថា​គាត់​គឺ​សំខាន់​ជាង​ឯកសិទ្ធិ​ដែល​អ្នក​ធ្លាប់​មាន។ សូម​ពង្រឹង​ទំនុក​ចិត្ត​កូន​របស់​អ្នក​ថា​អ្នក​ចាត់​ទុក​គាត់​ជា​«​រង្វាន់​»​ដែល​មក​ពី​ព្រះ។ (​ទំនុក. ១២៧:៣​-​៥​) ម្យ៉ាង​ទៀត សូម​ប្រាប់​គាត់​អំពី​បទ​ពិសោធន៍​ល្អ​ៗ​ដែល​អ្នក​ធ្លាប់​មាន។ ដោយ​ធ្វើ​ដូច្នេះ អ្នក​អាច​ជំរុញ​ចិត្ត​កូន​របស់​អ្នក​ឲ្យ​ប្រើ​ជីវិត​របស់​គាត់​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ដែល​នាំ​ឲ្យ​មាន​អំណរ ដូច​ដែល​អ្នក​ធ្លាប់​ធ្វើ​ដែរ។

របៀប​ដែល​អ្នក​ឯ​ទៀត​អាច​ជួយ

១២. (​ក​) តើ​តាម​របៀប​ណា​យើង​អាច​ជួយ​បង​ប្អូន​ដែល​បម្រើ​ពេញ​ពេល​ឲ្យ​បន្ត​បំពេញ​ភារកិច្ច? (​ខ​) តើ​យើង​អាច​ជួយ​ពួក​គេ​ឲ្យ​សម្រប​ខ្លួន​ទៅ​តាម​ស្ថានភាព​ថ្មី​យ៉ាង​ដូច​ម្ដេច?

១២ ក្រុម​ជំនុំ​និង​បង​ប្អូន​ជា​ច្រើន​កំពុង​ជួយ​ពួក​អ្នក​ដែល​បម្រើ​ពេញ​ពេល ឲ្យ​នៅ​តែ​អាច​បំពេញ​ឯកសិទ្ធិ​របស់​ពួក​គេ។ បង​ប្អូន​ទាំង​នោះ​ធ្វើ​ដូច្នេះ ដោយ​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ​ឲ្យ​បន្ត​ក្នុង​កិច្ច​ការ​ដែល​ពួក​គេ​កំពុង​ធ្វើ និង​ដោយ​ផ្ដល់​អ្វី​ៗ​ដែល​ពួក​គេ​ត្រូវ​ការ​ទាំង​ខាង​លុយ​កាក់​ទាំង​ខាង​សម្ភារ ឬ​ដោយ​ជួយ​មើល​ថែ​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ​ដែល​រស់​នៅ​ស្រុក​កំណើត។ (​កាឡ. ៦:២​) បើ​អ្នក​បម្រើ​ពេញ​ពេល​បាន​ទទួល​ភារកិច្ច​ថ្មី​ឲ្យ​មក​បម្រើ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក សូម​កុំ​គិត​ថា​ការ​ផ្លាស់​ប្ដូរ​ទាំង​នេះ​គឺ​ដោយ​សារ​ពួក​គេ​មិន​បាន​សម្រេច​កិច្ច​ការ​យ៉ាង​ល្អ ឬ​បាន​ទទួល​ការ​ប្រៀន​ប្រដៅ​ឡើយ។ * ផ្ទុយ​ទៅ​វិញ សូម​ជួយ​ពួក​គេ​ឲ្យ​សម្រប​ខ្លួន​ទៅ​តាម​ស្ថានភាព​ថ្មី។ សូម​ស្វាគមន៍​ពួក​គេ​យ៉ាង​កក់​ក្ដៅ ហើយ​សរសើរ​ពួក​គេ​ចំពោះ​កិច្ច​ការ​ដែល​ពួក​គេ​បាន​ធ្វើ ទោះ​ជា​ឥឡូវ​នេះ​ពួក​គេ​ប្រហែល​ជា​មិន​អាច​ធ្វើ​ច្រើន ដោយ​សារ​មាន​បញ្ហា​សុខភាព​ក្ដី។ សូម​ចំណាយ​ពេល​ជា​មួយ​នឹង​ពួក​គេ​ដើម្បី​ស្គាល់​ពួក​គេ ហើយ​ក្រេប​យក​ចំណេះ​ដឹង​ពី​ពួក​គេ បទ​ពិសោធន៍ និង​ការ​បង្ហាត់​បង្រៀន​ជា​ច្រើន​ដែល​ពួក​គេ​បាន​ទទួល។

១៣. តើ​យើង​អាច​ជួយ​បង​ប្អូន​ដែល​បាន​ផ្លាស់​ប្ដូរ​ភារកិច្ច​តាម​របៀប​ណា?

១៣ នៅ​ដើម​ដំបូង បង​ប្អូន​ដែល​ផ្លាស់​ប្ដូរ​ភារកិច្ច ប្រហែល​ជាត្រូវ​ការ​ឲ្យ​យើង​ជួយ​ពួក​គេ​រក​ផ្ទះ មធ្យោបាយ​ធ្វើ​ដំណើរ ការ​ងារ និង​អ្វី​ផ្សេង​ទៀត។ ពួក​គេ​ក៏​ប្រហែល​ជា​ត្រូវ​ដឹង​ព័ត៌មាន​ថ្មី​ៗ​អំពី​ជីវិត​ប្រចាំ​ថ្ងៃ ដូច​ជា​ការ​បង់​ពន្ធ​និង​ការ​ធានា​រ៉ាប់​រង​ជា​ដើម។ តែ​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​ខ្លាំង​បំផុត​គឺ​មិន​មែន​ការ​អាណិត​ទេ គឺ​ការ​យល់​អារម្មណ៍​របស់​ពួក​គេ​វិញ។ ពួក​គេ​ប្រហែល​ជា​ពិបាក​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​របស់​ខ្លួន​ឬ​របស់​សាច់​ញាតិ។ ពួក​គេ​ប្រហែល​ជា​កើត​ទុក្ខ​ដោយ​សារ​មនុស្ស​ជា​ទី​ស្រឡាញ់​បាន​ស្លាប់។ * ម្យ៉ាង​ទៀត ទោះ​ជា​ពួក​គេ​មិន​ប្រាប់​ក្ដី ពួក​គេ​ប្រហែល​ជា​ពិបាក​ចិត្ត​ជា​ខ្លាំង ដោយ​សារ​ពួក​គេ​នឹក​មិត្ត​ភក្ដិ​នៅ​កន្លែង​ដែល​ពួក​គេ​ធ្លាប់​បម្រើ​ជា​មួយ​គ្នា។ ពួក​គេ​ត្រូវ​ការ​ពេល​ដើម្បី​យក​ឈ្នះ​អារម្មណ៍​ទាំង​នេះ ដែល​អាច​ជា​អារម្មណ៍​ច្របូក​ច្របល់។

១៤. តើ​បង​ប្អូន​នៅ​ក្រុម​ជំនុំ​បាន​ជួយ​បង​ស្រី​ម្នាក់​ឲ្យ​សម្រប​ខ្លួន​ទៅ​តាម​ភារកិច្ច​ថ្មី​យ៉ាង​ដូច​ម្ដេច?

១៤ ទម្រាំ​ដល់​ពេល​នោះ ជំនួយ​ដែល​អ្នក​ផ្ដល់​ឲ្យ និង​គំរូ​របស់​អ្នក អាច​ជួយ​ពួក​គេ​ឲ្យ​ចេះ​សម្រប​ខ្លួន​នឹង​កាលៈទេសៈ​ថ្មី។ បង​ស្រី​ម្នាក់​ដែល​ធ្លាប់​បម្រើ​នៅ​ប្រទេស​ក្រៅ​អស់​ជា​ច្រើន​ឆ្នាំ និយាយ​ថា​៖ ​«​ពី​មុន ខ្ញុំ​ធ្លាប់​បង្រៀន​សិស្ស​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ តែ​ពេល​ភារកិច្ច​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ ខ្ញុំ​មិន​សូវ​មាន​ឱកាស​បង្ហាញ​វីដេអូ​ឬ​អាន​បទ​គម្ពីរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ទេ។ ប៉ុន្តែ​បង​ប្អូន​នៅ​ក្រុម​ជំនុំ​ថ្មី​របស់​ខ្ញុំ បាន​អញ្ជើញ​ខ្ញុំ​ទៅ​ការ​ត្រឡប់​ទៅ​ជួប​និង​បង្រៀន​សិស្ស​គម្ពីរ​ជា​មួយ​នឹង​ពួក​គេ។ ពេល​ខ្ញុំ​ឃើញ​បង​ប្អូន​ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង​និង​ចិត្ត​ក្លាហាន​បង្រៀន​សិស្ស​គម្ពីរ​ដែល​រីក​ចម្រើន នោះ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​ទស្សនៈ​ត្រឹម​ត្រូវ។ ខ្ញុំ​ក៏​បាន​រៀន​អំពី​របៀប​ចាប់​ផ្ដើម​ការ​សន្ទនា​ក្នុង​តំបន់​ផ្សាយ​ថ្មី​ដែរ។ អ្វី​ទាំង​អស់​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​អំណរ​ឡើង​វិញ​»។

ចូរ​បន្ត​ខំ​ប្រឹង​អស់​ពី​សមត្ថភាព!

សូម​ស្វែង​រក​វិធី​ដើម្បី​បង្កើន​កិច្ច​បម្រើ​ផ្សាយ​នៅ​តំបន់​ផ្សាយ​របស់​អ្នក (​សូម​មើល​វគ្គ​១៥​-​១៦​) *

១៥. តើ​តាម​របៀប​ណា​អ្នក​អាច​មាន​លទ្ធផល​ល្អ​ក្នុង​ការ​បំពេញ​ឯកសិទ្ធិ​ថ្មី?

១៥ អ្នក​អាច​មាន​លទ្ធផល​ល្អ​ក្នុង​ការ​បំពេញ​ឯកសិទ្ធិ​ថ្មី។ សូម​កុំ​គិត​ថា​ការ​ផ្លាស់​ប្ដូរ​នោះ​គឺ​ដោយ​សារ​អ្នក​មិន​បាន​សម្រេច​កិច្ច​ការ​យ៉ាង​ល្អ ឬ​ថា​អ្នក​មិន​សូវ​មាន​តម្លៃ​ដូច​ពី​មុន​ឡើយ។ សូម​គិត​អំពី​របៀប​ផ្សេង​ៗ​ដែល​ព្រះ​យេហូវ៉ា​កំពុង​ជួយ​អ្នក​នៅ​ឥឡូវ​នេះ ហើយ​សូម​បន្ត​ផ្សព្វ​ផ្សាយ។ សូម​យក​តម្រាប់​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​នៅ​សតវត្សរ៍​ទី១។ ទោះ​ជា​ពួក​គេ​នៅ​កន្លែង​ណា​ក៏​ដោយ ពួក​គេ​«​បាន​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ក្នុង​ស្រុក ដោយ​ប្រកាស​ដំណឹង​ល្អ​អំពី​បណ្ដាំ​របស់​ព្រះ​»។ (​សកម្ម. ៨:១,​) បើ​អ្នក​បន្ត​ផ្សព្វផ្សាយ នោះ​អ្នក​អាច​ទទួល​លទ្ធផល​ល្អ។ ជា​ឧទាហរណ៍ អ្នក​ត្រួស​ត្រាយ​ដែល​បាន​ត្រូវ​គេ​បណ្ដេញ​ពី​ប្រទេស​មួយ បាន​រើ​ទៅ​ប្រទេស​ជិត​ខាង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ចំពោះ​ភាសា​ដែល​ពួក​គេ​ចេះ​ផង​ដែរ។ ក្នុង​អំឡុង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ចាប់​ផ្ដើម​មាន​ក្រុម​ថ្មី​ៗ​នៅ​ទី​នោះ ហើយ​ក្រុម​ទាំង​នោះ​បាន​រីក​ចម្រើន​យ៉ាង​លឿន។

១៦. តើ​តាម​របៀប​ណា​អ្នក​អាច​មាន​អំណរ​ក្នុង​ភារកិច្ច​ថ្មី?

១៦ ​«​សេចក្ដី​អំណរ​របស់​ព្រះ​យេហូវ៉ា​ជា​កំឡាំង​នៃ​អ្នក​រាល់​គ្នា​»។ (​នេហ. ៨:១០​) ប្រភព​នៃ​អំណរ​របស់​យើង​គួរ​តែ​មក​ពី​ព្រះ​យេហូវ៉ា មិន​មែន​មក​ពី​ឯកសិទ្ធិ​របស់​យើង​នោះ​ទេ ទោះ​ជា​យើង​ស្រឡាញ់​ភារកិច្ច​នោះ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ ដូច្នេះ សូម​បន្ត​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ដោយ​ពឹង​ផ្អែក​លើ​លោក​ដើម្បី​មាន​ប្រាជ្ញា ទទួល​ការ​ណែនាំ និង​ជំនួយ។ សូម​ចាំ​ថា​អ្នក​ស្រឡាញ់​ភារកិច្ច​ដែល​អ្នក​ធ្លាប់​មាន​ពី​មុន ដោយ​សារ​អ្នក​ខំ​អស់​ពី​ចិត្ត​ដើម្បី​ជួយ​មនុស្ស​នៅ​ទី​នោះ។ សូម​ខំ​អស់​ពី​ចិត្ត​ក្នុង​ការ​បំពេញ​ភារកិច្ច​ថ្មី​ដែល​អ្នក​មាន ហើយ​សូម​កត់​សម្គាល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​ស្រឡាញ់​ភារកិច្ច​ថ្មី​នេះ​ដែរ។—សាស្ដ. ៧:១០

១៧. តើ​យើង​ត្រូវ​ចាំ​ចំណុច​អ្វី​ស្តី​អំពី​ឯកសិទ្ធិ​ដែល​យើង​មាន​នៅ​ឥឡូវ​នេះ?

១៧ យើង​ត្រូវ​ចាំ​ថា​កិច្ច​បម្រើ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​មាន​ជា​រៀង​រហូត តែ​ឯកសិទ្ធិ​ដែល​យើង​មាន​នៅ​ឥឡូវ​នេះ​គឺ​បណ្ដោះ​អាសន្ន។ នៅ​ក្នុង​ពិភព​លោក​ថ្មី យើង​ទាំង​អស់​គ្នា​ប្រហែល​ជា​នឹង​ផ្លាស់​ប្ដូរ​ឯកសិទ្ធិ។ បង​ប្រុស​អាឡិកសី​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ដើម​អត្ថបទ ជឿ​ជាក់​ថា​បទ​ពិសោធន៍​ដែល​គាត់​មាន​នៅ​ឥឡូវ​នេះ ជួយ​គាត់​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្លាស់​ប្ដូរ​នៅ​ថ្ងៃ​អនាគត។ បង​អាឡិកសី​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ពិត ហើយ​ថា​ពិភព​លោក​ថ្មី​នឹង​មាន​ពិត​ប្រាកដ​មែន តែ​មើល​ទៅ​ទាំង​ពីរ​នោះ​ដូច​ជា​នៅ​ឆ្ងាយ​បន្ដិច​សម្រាប់​ខ្ញុំ។ ប៉ុន្តែ​ឥឡូវ ខ្ញុំ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​ថា​ពិភព​លោក​ថ្មី​គឺ​ជិត​មក​ដល់​ហើយ​»។ (​សកម្ម. ២:២៥​) ទោះ​ជា​យើង​មាន​ឯកសិទ្ធិ​ណា​ក៏​ដោយ សូម​ឲ្យ​យើង​បន្ត​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ លោក​នឹង​មិន​ចាក​ចេញ​ពី​យើង​ឡើយ តែ​លោក​នឹង​ជួយ​យើង​ឲ្យ​មាន​អំណរ​ពេល​យើង​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ក្នុង​កិច្ច​បម្រើ​លោក ទោះ​ជា​យើង​បម្រើ​នៅ​កន្លែង​ណា​ក៏​ដោយ។—អេ. ៤១:១៣

ចម្រៀង​លេខ​៩០ ចូរ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក

^ វគ្គ 5 ជួន​កាល បង​ប្អូន​ដែល​បម្រើ​ពេញ​ពេល​ប្រហែល​ជា​មិន​អាច​បន្ត​បំពេញ​ឯកសិទ្ធិ ឬ​ពួក​គេ​ប្រហែល​ជា​ទទួល​ភារកិច្ច​ថ្មី។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ការ​ពិបាក​ដែល​ពួក​គេ​ជួប​ប្រទះ ហើយ​អំពី​អ្វី​ដែល​អាច​ជួយ​ពួក​គេ​ឲ្យ​សម្រប​ខ្លួន​ទៅ​តាម​ស្ថានភាព​ថ្មី។ យើង​ក៏​នឹង​ពិចារណា​អំពី​អ្វី​ដែល​អ្នក​ឯ​ទៀត​អាច​ធ្វើ​ដើម្បី​លើក​ទឹក​ចិត្ត​និង​ជួយ​ពួក​គេ ព្រម​ទាំង​គោល​ការណ៍​ដែល​អាច​ជួយ​យើង​ទាំង​អស់​គ្នា​ពេល​ប្រឈម​មុខ​នឹង​ការ​ផ្លាស់​ប្ដូរ។

^ វគ្គ 4 ស្រដៀង​គ្នា​ដែរ ពេល​បង​ប្រុស​ៗ​ជា​ច្រើន​ដែល​មាន​ភារកិច្ច​ក្នុង​អង្គ​ការ​របស់​ព្រះ ដល់​អាយុ​ដែល​បាន​ត្រូវ​កំណត់ ពួក​គេ​បាន​ប្រគល់​ភារកិច្ច​របស់​ខ្លួន​ឲ្យ​បង​ប្អូន​ប្រុស​វ័យ​ក្មេង​ជាង។ សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ចូរ​រក្សា​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត ទោះ​ជា​ស្ថានភាព​របស់​អ្នក​ផ្លាស់​ប្ដូរ​»​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​តុលា ឆ្នាំ​២០១៨។

^ វគ្គ 12 ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ដែល​ពួក​គេ​ធ្លាប់​បម្រើ គួរ​តែ​សរសេរ​សំបុត្រ​ណែនាំ​ឲ្យ​ស្គាល់​ទៅ​ក្រុម​ជំនុំ​ថ្មី​របស់​ពួក​គេ​ឲ្យ​បាន​លឿន​បំផុត ដើម្បី​កុំ​ឲ្យ​ពន្យារ​ពេល​ក្នុង​ការ​បន្ត​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ជា​អ្នក​ចាស់​ទុំ ឬ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។

^ វគ្គ 13 សូម​មើល​ទស្សនាវដ្ដី​ភ្ញាក់​រឭក! លេខ​៣ ឆ្នាំ​២០១៨ ដែល​មាន​ចំណង​ជើង​ថា ​«​ជំនួយ​សម្រាប់​អ្នក​ដែល​កើត​ទុក្ខ​»។

^ វគ្គ 57 ការ​ពណ៌នា​អំពី​រូប​ភាព: ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ត្រូវ​ឈប់​បម្រើ​ជា​សាសនទូត​នៅ​ប្រទេស​ក្រៅ លា​បង​ប្អូន​ដែល​នៅ​ក្រុម​ជំនុំ​របស់​ពួក​គេ​ទាំង​ទឹក​ភ្នែក។

^ វគ្គ 59 ការ​ពណ៌នា​អំពី​រូប​ភាព: ពេល​នៅ​ប្រទេស​កំណើត​របស់​ពួក​គេ ប្ដី​ប្រពន្ធ​នោះ​បន្ត​អធិដ្ឋាន​ឥត​ឈប់​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​យក​ឈ្នះ​ការ​ពិបាក​ដែល​ពួក​គេ​មាន។

^ វគ្គ 61 ការ​ពណ៌នា​អំពី​រូប​ភាព: ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ប្ដី​ប្រពន្ធ​នោះ​បាន​ចាប់​ផ្ដើម​បម្រើ​ពេញ​ពេល​ម្ដង​ទៀត។ ពួក​គេ​ប្រើ​ភាសា​ដែល​ពួក​គេ​ធ្លាប់​រៀន​កាល​ដែល​ពួក​គេ​បម្រើ​ជា​សាសនទូត ដើម្បី​ផ្សាយ​ដំណឹង​ល្អ​ដល់​ជន​អន្ដោប្រវេសន៍​ដែល​រស់​នៅ​តំបន់​ផ្សាយ​នៃ​ក្រុម​ជំនុំ​ថ្មី​របស់​ពួក​គេ។